ជំពូក ១៩
ធាតុរបស់គោញីពណ៌ទង់ដែង
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនថា៖ ២ «នេះជាវិន័យដែលព្រះអម្ចាស់ បានបង្គាប់ទុកដូចតទៅ: ចូរប្រាប់ជនជាតិអ៊ីស្រាអែលអោយនាំគោញីពណ៌ទង់ដែងមួយមកអោយអ្នក គោនោះត្រូវតែល្អឥតខ្ចោះ ហើយក៏មិនដែលមាននរណាទឹមនៅឡើយ។ 3 ចូរប្រគល់គោញីនេះអោយបូជាចារ្យអេឡាសារ។ គាត់នឹងនាំវាចេញទៅក្រៅជំរំ ហើយអោយគេសម្លាប់វានៅចំពោះមុខគាត់។ 4 បូជាចារ្យអេឡាសារត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយប្រោះឈាមនោះប្រាំពីរដងនៅមុខពន្លាជួបព្រះអម្ចាស់។ 5 ត្រូវដុតគោញីនោះនៅចំពោះមុខអេឡាសារ គឺដុតទាំងស្បែក ទាំងសាច់ ទាំងឈាម និងគ្រឿងក្នុងទាំងអស់។ 6 បូជាចារ្យត្រូវយកឈើតាត្រៅ មែកហ៊ីសុប និងរោមចៀមជ្រលក់ពណ៌ក្រហម បោះទៅក្នុងភ្លើងដែលគេដុតគោញីនោះ។ 7 បូជាចារ្យត្រូវបោក សម្លៀកបំពាក់ និងយកទឹកមកលុបលាងកាយរបស់ខ្លួន។ បន្ទាប់មក បូជាចារ្យវិលចូលជំរំវិញ តែគាត់នៅសៅហ្មងរហូតទល់ល្ងាច។ 8 រីឯអ្នកដុតគោញីនោះ ក៏ត្រូវបោកសម្លៀកបំពាក់ និងយកទឹកមកលុបលាងរូបកាយរបស់ខ្លួនដែរ តែគាត់នៅសៅហ្មង រហូតទល់ល្ងាច។9 ត្រូវអោយបុរសម្នាក់ ដែលមិនសៅហ្មង រើសធាតុរបស់គោញីនោះទុកនៅខាងក្រៅជំរំ ត្រង់កន្លែងមួយបរិសុទ្ធ។ ត្រូវរក្សាធាតុនោះទុក ដើម្បីសហគមន៍អ៊ីស្រាអែលយកទៅលាយធ្វើជាទឹក សំរាប់ពិធីជំរះកាយអោយបរិសុទ្ធ។ ពិធីនេះដូចជាយញ្ញបូជារំដោះបាបដែរ។ 10 អ្នករើសធាតុរបស់គោ ញីត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគេនៅសៅហ្មងដូច្នេះ រហូតទល់ល្ងាច។ នេះជាច្បាប់ដែលជនជាតិអ៊ីស្រាអែល និងជនបរទេសរស់នៅក្នុងចំណោមពួកគេ ត្រូវប្រតិបត្តិតាមរហូតតទៅ។
វិន័យស្ដីអំពីពិធីជំរះកាយ
11 អ្នកណាប៉ះពាល់សាកសពរបស់មនុស្សណាម្នាក់ អ្នកនោះត្រូវសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។ 12 គេត្រូវយកទឹកនេះ ធ្វើពិធីជំរះកាយនៅថ្ងៃទីបី ហើយគេនឹងបានបរិសុទ្ធនៅថ្ងៃទីប្រាំពីរ។ ប៉ុន្តែ ប្រសិនបើគេមិនធ្វើពិធីជំរះកាយនៅថ្ងៃទីបីទេ នៅថ្ងៃទីប្រាំពីរ គេមិនបានបរិសុទ្ធឡើយ។ 13 អ្នកណាប៉ះពាល់សាកសពរបស់មនុស្ស តែមិនធ្វើពិធីជំរះកាយទេ អ្នកនោះធ្វើអោយព្រះពន្លារបស់ព្រះអម្ចាស់ ទៅជាសៅហ្មង។ ត្រូវដកមនុស្សបែបនេះចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ដោយគេពុំបានយកទឹកសំរាប់ពិធីជំរះកាយអោយបរិសុទ្ធមកលាងខ្លួនទេ គេត្រូវនៅសៅហ្មងដូច្នេះ រហូតតទៅ។
14 នេះជា វិន័យស្ដីអំពីមនុស្សម្នាក់ដែលស្លាប់នៅក្នុងផ្ទះមួយ អស់អ្នកដែលចូលទៅក្នុងផ្ទះនោះ និងអស់អ្នកដែលស្ថិតនៅក្នុងផ្ទះនោះ នឹងត្រូវសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។ 15 រីឯភាជន៍ទាំងប៉ុន្មាននៅក្នុងផ្ទះដែលនៅចំហ ឥតមានគំរប នឹងក្លាយទៅជាសៅហ្មងដែរ។
16 អ្នកណា ប៉ះសាកសពដែលស្លាប់នៅទីវាល ស្លាប់ដោយមុខដាវ ឬស្លាប់តាមធម្មតា ឬក៏ប៉ះឆ្អឹង និងផ្នូរ អ្នកនោះត្រូវនៅសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។ 17 ដើម្បីជំរះអ្នក សៅហ្មងនោះអោយបរិសុទ្ធ គេត្រូវយកធាតុរបស់គោញី ដែលបានថ្វាយជាយញ្ញបូជារំដោះបាប មកដាក់ក្នុងភាជន៍មួយ រួចដងទឹកពីប្រភពទឹកមកចាក់ពីលើ។ 18 ត្រូវអោយបុរសម្នាក់ ដែលមិនសៅហ្មង យកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើផ្ទះ លើភាជន៍ទាំងអស់ លើមនុស្សទាំងអស់នៅក្នុងផ្ទះ ព្រមទាំងលើអស់អ្នកដែលបានប៉ះពាល់ឆ្អឹង ប៉ះពាល់សាកសព ដែលស្លាប់ដោយមុខដាវ ឬស្លាប់តាមធម្មតា ឬក៏ប៉ះពាល់ផ្នូរ។ 19 អ្នកដែលមិនសៅហ្មង ត្រូវប្រោះទឹកទៅលើអ្នកសៅហ្មងនៅថ្ងៃទីបី និងថ្ងៃទីប្រាំពីរ ហើយជំរះអ្នកនោះអោយបរិសុទ្ធនៅថ្ងៃទីប្រាំពីរ រួចគាត់ត្រូវបោកសម្លៀកបំពាក់ យកទឹកលុបលាងខ្លួន នោះគាត់នឹងបរិសុទ្ធនៅពេលល្ងាច។ 20 បើនរណាម្នាក់សៅហ្មង តែពុំធ្វើពិធីជំរះកាយអោយបរិសុទ្ធទេ នឹងត្រូវដកចេញពីចំណោមក្រុមជំនុំ ដ្បិតគេបានធ្វើអោយទីសក្ការៈរបស់ព្រះអម្ចាស់ទៅជាសៅហ្មង។ ដោយគេពុំបានយកទឹកសំរាប់ពិធីជំរះកាយអោយបរិសុទ្ធមកលាងខ្លួនទេនោះ គេត្រូវនៅសៅហ្មង។ 21 នេះជាច្បាប់ដែលពួក គេត្រូវប្រតិបត្តិតាមរហូតតទៅ គឺអ្នកដែលធ្វើពិធីប្រោះទឹកអោយគេ ត្រូវបោកសម្លៀកបំពាក់ ហើយអ្នកដែលប៉ះពាល់ទឹកសំរាប់ប្រោះលើអ្នកសៅហ្មង ក៏នឹងត្រូវសៅហ្មងរហូតដល់ល្ងាច។ 22 អ្វីៗដែលអ្នកសៅហ្មងប៉ះពាល់ ក៏ក្លាយទៅជាសៅហ្មងដែរ ហើយអ្នកដែលប៉ះពាល់របស់សៅហ្មង នឹងត្រូវសៅហ្មងរហូតទល់ល្ងាច»។