ជំពូក ១៧
ពានដាក់ភ្លើងរបស់បក្សពួកលោកកូរេ
1 (១៦.៣៦) ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2(៣៧) «ចូរប្រាប់អេឡាសារ ជាកូនរបស់លោកបូជាចារ្យអរ៉ុន អោយយកពានចេញពីក្នុងភ្លើង រួចយកទៅគោះភ្លើងចោលអោយឆ្ងាយ ដ្បិតពានទាំងនោះជាវត្ថុសក្ការៈ។ 3 (៣៨) ចូរយកពានរបស់អស់ អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយបាត់បង់ជីវិតនោះ ទៅដំជាបន្ទះលោហធាតុស្រោបអាសនៈ ទុកជាការព្រមានដល់កូនចៅអ៊ីស្រាអែល។ ពានទាំងនោះជាវត្ថុសក្ការៈ ព្រោះគេបានយកមកថ្វាយព្រះអម្ចាស់»។ 4 (៣៩) បូជាចារ្យអេឡាសារក៏យកពានលង្ហិន ដែលអស់អ្នកបាត់បង់ជីវិតនៅក្នុងភ្លើងយកមកថ្វាយនោះ ទៅដំជាបន្ទះស្រោបអាសនៈ 5(៤០) ទុកជាទីរំលឹកដល់ជនជាតិអ៊ីស្រាអែលថា ក្រៅពីពូជពង្សរបស់លោកអរ៉ុន គ្មាននរណាម្នាក់អាចចូលទៅដុតគ្រឿងក្រអូបថ្វាយព្រះអម្ចាស់ទេ។ អ្នកណាបំពាន អ្នកនោះត្រូវទទួលទោសដូចលោកកូរេ និងបក្សពួករបស់គាត់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មក តាមរយៈលោកម៉ូសេ។
ប្រជាជនទិតៀនលោកម៉ូសេ និងលោកអរ៉ុន
6(៤១) នៅថ្ងៃបន្ទាប់ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអរ៉ុនថា៖ «លោកទាំងពីរបានធ្វើអោយប្រជាជនរបស់ព្រះអម្ចាស់បាត់បង់ជីវិត!»។ 7(៤២) សហគមន៍លើកគ្នា ប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអរ៉ុន ប៉ុន្តែ ពេលពួកគេបែរមុខទៅរកពន្លាជួបព្រះអម្ចាស់ នោះស្រាប់តែមានពពក*គ្របបាំងពន្លា ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ក៏លេចមកដែរ 8(៤៣) លោកម៉ូសេ និងលោកអរ៉ុន នាំគ្នាទៅដល់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 9(៤៤) ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 10(៤៥) «ចូរដកខ្លួនចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកំទេចពួកគេអោយវិនាសសូន្យមួយរំពេច»។ លោកទាំងពីរក្រាបចុះ អោនមុខដល់ដី។
11(៤៦) លោកម៉ូសេមានប្រសាសន៍ ទៅកាន់លោកអរ៉ុនថា៖ «សូមបងយកភ្លើងពីអាសនៈដាក់ក្នុងពាន ព្រមទាំងដាក់គ្រឿងក្រអូបផង រួចប្រញាប់ទៅជួបសហគមន៍ ធ្វើពិធីរំដោះបាបអោយពួកគេទៅ ដ្បិតព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយគ្រោះកាចក៏ចាប់ផ្ដើមកើតមានដែរ»។ 12(៤៧) លោកអរ៉ុនក៏យកពាន តាមពាក្យរបស់លោកម៉ូសេ រួចលោករត់ទៅក្នុងអង្គប្រជុំ។ ពេលនោះ គ្រោះកាចក៏ចាប់ផ្ដើមកើតមានក្នុងចំណោមប្រជាជន។ លោកក៏ថ្វាយគ្រឿងក្រអូប ធ្វើពិធីរំដោះបាបអោយប្រជាជន។ 12(៤៨) លោកឈរនៅចន្លោះសាកសព និងអស់អ្នកដែលនៅរស់ ហើយគ្រោះកាចក៏ឈប់។ 14(៤៩) មានប្រជាជនមួយម៉ឺន បួនពាន់ប្រាំពីររយនាក់ស្លាប់ ដោយសារគ្រោះកាចនេះ ថែមពីលើចំនួនអស់អ្នកដែលស្លាប់នៅពេលលោកកូរេបះបោរ។ 15(៥០) លោកអរ៉ុនវិលទៅរកលោកម៉ូសេ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយគ្រោះកាចក៏ឈប់។
ដំបងរបស់លោកអរ៉ុន
16(១៧.១) ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 17(២) «ចូរបង្គាប់ជនជាតិ អ៊ីស្រាអែលអោយប្រាប់មេដឹកនាំកុលសម្ព័ន្ធរបស់ពួកគេ យកដំបងម្នាក់មួយៗមកអោយអ្នក គឺមានដំបងទាំងអស់ដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ត្រូវចារឈ្មោះកុលសម្ព័ន្ធរបស់ពួកគេលើដំបងនោះ។ 18(៣) ចូរចារឈ្មោះអរ៉ុនលើដំបងរបស់កុលសម្ព័ន្ធលេវី ដ្បិតមេដឹកនាំរបស់កុលសម្ព័ន្ធនីមួយៗត្រូវមានដំបងមួយ។ 19(៤) ចូរដាក់ដំបងទាំងនោះនៅពីមុខបន្ទះថ្មនៃសន្ធិសញ្ញា ក្នុងពន្លាជួបព្រះអម្ចាស់ ជាកន្លែងដែលយើងមកជួបអ្នករាល់គ្នា។ 20(៥) ដំបងរបស់អ្នកណាចេញ ផ្កា គឺអ្នកនោះហើយដែលយើងបានជ្រើសរើស។ យើងនឹងបញ្ឈប់ជនជាតិអ៊ីស្រាអែល លែងអោយរអ៊ូរទាំប្រឆាំងអ្នកទាំងពីរនៅចំពោះមុខយើងទៀត»។
21(៦) លោកម៉ូសេ នាំព្រះបន្ទូលនេះទៅប្រាប់ជនជាតិអ៊ីស្រាអែល ហើយពួកមេដឹកនាំទាំងអស់ក៏នាំគ្នាយកដំបងម្នាក់មួយៗមកជូនលោក គឺមានដំបងដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ដំបងរបស់លោកអរ៉ុនស្ថិតនៅកណ្ដាលដំបងរបស់ពួកគេ។ 22(៧) លោកម៉ូសេបានដាក់ដំបងទាំងនោះ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពន្លានៃសន្ធិសញ្ញា។ 23(៨) នៅថ្ងៃបន្ទាប់ ពេលលោកម៉ូសេចូលទៅក្នុងពន្លានៃសន្ធិសញ្ញា លោកឃើញដំបងរបស់លោកអរ៉ុន ដែលជាតំណាងកុលសម្ព័ន្ធលេវី មានពន្លក ចេញផ្កា ហើយមានទាំងផ្លែទៀតផង។ 24(៩) លោកម៉ូសេយកដំបងទាំងនោះចេញពីព្រះភក្ត្រព្រះអម្ចាស់ ទៅបង្ហាញជនជាតិអ៊ីស្រាអែល ហើយពួកគេយកដំបងរបស់ខ្លួនវិញ។
25(១០) ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកដំបងរបស់អរ៉ុនទៅដាក់នៅមុខបន្ទះថ្មនៃសន្ធិសញ្ញា រក្សាទុកជាទីសំគាល់ព្រមានពួកបះបោរ ដើម្បីបញ្ឈប់ពួកគេអោយលែងរអ៊ូរទាំ ហើយកុំអោយពួកគេត្រូវស្លាប់»។ 26(១១) លោកម៉ូសេធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។
27(១២) ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកម៉ូសេថា៖ «យើងខ្ញុំមុខជាផុតដង្ហើម វិនាសសូន្យទាំងអស់គ្នាមិនខាន! 28(១៣) ដ្បិតអ្នកដែលចូលជិតព្រះពន្លារបស់ព្រះអម្ចាស់ នឹងត្រូវស្លាប់។ តើយើងខ្ញុំនឹងត្រូវស្លាប់ទាំងអស់គ្នាឬ?»។