ជំពូក ១៦
ការបះបោររបស់លោកកូរេ ដាតាន និងអប៊ីរ៉ាម
1 លោកកូរេជាកូនរបស់លោក យីសារ ជាចៅរបស់លោកគើហាត់ ក្នុងកុលសម្ព័ន្ធលេវី បានចូលដៃជាមួយលោកដាតាន និងលោកអប៊ីរ៉ាម ដែលត្រូវជាកូនរបស់លោកអេលីយ៉ាប ព្រមទាំងលោកអុន ជាកូនរបស់លោកពេឡេត មកពីកុលសម្ព័ន្ធរូបេន។ 2 អ្នកទាំងនោះលើកគ្នា បះបោរប្រឆាំងនឹងលោកម៉ូសេ ដោយមានជនជាតិអ៊ីស្រាអែលពីររយហាសិបនាក់ ដែលសុទ្ធតែជាមេដឹកនាំ និងជាតំណាងសហគមន៍ ហើយជាអ្នកមានឈ្មោះល្បីជួយគាំទ្រផង។ 3 ពួកគេលើកគ្នាមក ប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអរ៉ុន ដោយពោលថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! សហគមន៍ទាំងមូលសុទ្ធតែជាប្រជាជនដ៏វិសុទ្ធ ព្រះអម្ចាស់គង់នៅជាមួយពួកគេទាំងអស់គ្នា ហេតុអ្វីបានជាពួកលោកតាំងខ្លួនជាអធិបតីលើប្រជាជនរបស់ព្រះអម្ចាស់ដូច្នេះ?»។
4 កាលលោកម៉ូសេឮដូច្នេះ លោកក៏ក្រាបចុះ អោនមុខដល់ដី។ 5 លោកមានប្រសាសន៍ទៅកាន់លោកកូរេ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ព្រឹកស្អែក ព្រះអម្ចាស់នឹងបង្ហាញអោយឃើញថា នរណាជាអ្នកបំរើរបស់ព្រះអង្គ នរណាជាមនុស្សដ៏វិសុទ្ធ ដែលអាចចូលទៅជិតព្រះអង្គ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសអោយចូលទៅជិតព្រះអង្គ។ 6 ចូរធ្វើដូចតទៅនេះ គឺលោកកូរេ និងអ្នកនៅជាមួយគាត់ ត្រូវយកពានមក 7 ហើយស្អែកពួកគេដាក់ភ្លើង និងគ្រឿងក្រអូបទៅក្នុងពានទាំងនោះ រួចនាំគ្នាចូលទៅជិតព្រះអម្ចាស់។ ព្រះអម្ចាស់ជ្រើសរើសអ្នកណា អ្នកនោះនឹងបានវិសុទ្ធ។ កូនចៅលោកលេវីអើយ អ្នករាល់គ្នាធ្វើជ្រុលពេកហើយ!»។
8 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកកូរេថា៖ «កូនចៅលោកលេវីអើយ ចូរនាំគ្នាស្ដាប់! 9 ព្រះរបស់ជនជាតិ អ៊ីស្រាអែលបានញែកអ្នករាល់គ្នាដាច់ឡែកពីសហគមន៍អ៊ីស្រាអែល ព្រះអង្គអោយអ្នករាល់គ្នានៅជិតព្រះអង្គ អោយអ្នករាល់គ្នាបំរើព្រះអង្គ នៅក្នុងព្រះពន្លារបស់ព្រះអម្ចាស់ និងអោយអ្នករាល់គ្នាបំពេញកិច្ចការក្នុងនាមសហគមន៍ទាំងមូល ប៉ុណ្ណឹងហើយនៅតែមិនល្មមទេឬ? 10 ព្រះអង្គអោយលោក និងបងប្អូនរបស់លោកទាំងអស់ ដែលជាកូនចៅលោកលេវី ចូលទៅជិតព្រះអង្គប៉ុណ្ណឹងហើយ អស់លោកបែរជាចង់បានមុខងារជាបូជាចារ្យថែមទៀត! 11 ហេតុនេះហើយបានជាលោក និងពួកអ្នកដែលនៅជាមួយលោក លើកគ្នាប្រឆាំងនឹងព្រះអម្ចាស់។ តើលោកអរ៉ុនជាអ្វី បានជាពួកលោករអ៊ូរទាំប្រឆាំងនឹងគាត់ដូច្នេះ?»។
12 លោកម៉ូសេចាត់អោយគេទៅហៅលោកដាតាន និងលោកអប៊ីរ៉ាម ជាកូនរបស់លោកអេលីយ៉ាប។ លោកទាំងពីរពោលថា៖ «ពួកយើងមិនទៅទេ! 13 លោកនាំពួកយើងចេញពី ស្រុកដ៏សម្បូណ៌សប្បាយ ដើម្បីអោយពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ តើនៅមិនទាន់ល្មមទេឬ បានជាលោកតាំងខ្លួនធ្វើជាមេដឹកនាំលើពួកយើងថែមទៀត?។ 14 លោកមិនបាននាំពួក យើងឆ្ពោះទៅកាន់ស្រុកដ៏សម្បូណ៌សប្បាយ ហើយលោកក៏មិនបានប្រគល់ស្រែចំការ ឬចំការទំពាំងបាយជូរមកយើងខ្ញុំ ទុកជាមត៌កដែរ តើលោកស្មានថាប្រជាជនទាំងនេះជាមនុស្សខ្វាក់ឬ? ពួកយើងមិនព្រមទៅទេ!»។ 15 លោកម៉ូសេខឹងយ៉ាងខ្លាំង លោកទូលព្រះអម្ចាស់ថា៖ «សូមកុំរវីរវល់នឹងតង្វាយរបស់ពួកគេឡើយ។ ទូលបង្គំមិនដែលយកអ្វីពីពួកគេទេ សូម្បីតែសត្វលាមួយក៏ទូលបង្គំមិនបានយកដែរ ទូលបង្គំពុំបានធ្វើអ្វីខុសចំពោះពួកគេទេ»។
ព្រះអម្ចាស់ដាក់ទោសលោកកូរេ និងបក្សពួករបស់គាត់
16 លោកម៉ូសេមានប្រសាសន៍ ទៅកាន់លោកកូរេថា៖ «ស្អែក សូមលោក និងអស់អ្នកដែលនៅជាមួយលោកចូលទៅបង្ហាញខ្លួននៅចំពោះព្រះភក្ត្រព្រះអម្ចាស់ជាមួយលោកអរ៉ុន 17 ម្នាក់ៗកាន់ពានដែលមានដាក់គ្រឿងក្រអូប គឺមានពានទាំងអស់ចំនួនពីររយហាសិប ហើយនាំគ្នាចូលទៅជិតព្រះអម្ចាស់។ រីឯលោកអរ៉ុន និងខ្លួនលោកផ្ទាល់ ក៏ត្រូវកាន់ពានមួយម្នាក់ដែរ»។ 18 ពួកគេក៏យកពាន ម្នាក់មួយៗមកដាក់ភ្លើង និងគ្រឿងក្រអូប ហើយនាំគ្នាទៅឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ជាមួយលោកម៉ូសេ និងលោកអរ៉ុន។ 19 លោកកូរេ ប្រមូលបក្សពួករបស់គាត់មកឈរទល់មុខនឹងលោកទាំងពីរ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ពេលនោះ សិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកអោយសហគមន៍ទាំងមូលឃើញ។ 20 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនថា៖ 21 «ចូរនាំគ្នាចាកចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកំទេចពួកគេអោយវិនាសសូន្យមួយរំពេច»។ 22 លោកទាំងពីរក្រាបចុះ អោនមុខដល់ដី ទូលថា៖ «ឱព្រះជាម្ចាស់អើយ ព្រះអង្គជាម្ចាស់នៃជីវិតសត្វលោកទាំងមូល! បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើព្រះអង្គគួរព្រះពិរោធនឹងសហគមន៍ទាំងមូលឬ?»។
23 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 24 «ចូរប្រាប់សហគមន៍អោយចេញឆ្ងាយពីទីលំនៅរបស់កូរេ ដាតាន និងអប៊ីរ៉ាម»។ 25 លោកម៉ូសេក្រោកឡើង ដើរទៅរកលោកដាតាន និងលោកអប៊ីរ៉ាម ដោយមានពួកព្រឹទ្ធាចារ្យដើរតាមក្រោយផង។ 26 លោកមានប្រសាសន៍ទៅ កាន់សហគមន៍ថា៖ «ចូរនាំគ្នាចេញអោយឆ្ងាយពីតង់ត៍របស់មនុស្សអាក្រក់ទាំងនេះ មិនត្រូវប៉ះពាល់អ្វីៗរបស់ពួកគេឡើយ ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់ពួកគេដែរ»។ 27 ប្រជាជនក៏ថយចេញ ឆ្ងាយពីទីលំនៅរបស់លោកកូរេ លោកដាតាន និងលោកអប៊ីរ៉ាម។ លោកដាតាន និងលោកអប៊ីរ៉ាម ចេញមកឈរនៅមាត់ទ្វារតង់ត៍របស់ខ្លួន ជាមួយប្រពន្ធ កូន និងចៅ។ 28 លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមុខជាទទួលស្គាល់ថា ព្រះអម្ចាស់បានចាត់ខ្ញុំអោយមកបំពេញកិច្ចការទាំងនេះ គឺខ្ញុំពុំបានធ្វើដោយចិត្តឯងទេ! 29 ប្រសិនបើអ្នកទាំងនេះស្លាប់តាមធម្មតា គឺប្រសិនបើពួកគេស្លាប់ដូចមនុស្សឯទៀតៗ នោះបានសេចក្ដីថា ព្រះអម្ចាស់ពុំបានចាត់ខ្ញុំអោយមកទេ។ 30 ផ្ទុយទៅវិញ ប្រសិនបើព្រះអម្ចាស់ ធ្វើកិច្ចការដ៏ចម្លែកអស្ចារ្យ គឺប្រសិនបើដីប្រេះចេញពីគ្នា លេបពួកគេ និងអ្វីៗដែលជាកម្មសិទ្ធិរបស់ពួកគេ ហើយពួកគេត្រូវចុះទាំងរស់ទៅស្ថានមនុស្សស្លាប់នោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ពួកគេពិតជាបានមាក់ងាយព្រះអម្ចាស់មែន»។
31 លោកម៉ូសេមានប្រសាសន៍មិនទាន់ផុតពីមាត់ផង ស្រាប់តែដីនៅពីក្រោមលោកដាតាន និងលោកអប៊ីរ៉ាម ក៏ប្រេះចេញពីគ្នា 32 ហើយលេបពួកគេ ព្រមទាំងក្រុមគ្រួសារ ជាមួយក្រុមគ្រួសាររបស់លោកកូរេ និងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេដែរ។ 33 ពួកគេចុះទាំងរស់ទៅ ស្ថានមនុស្សស្លាប់ ជាមួយអ្វីៗទាំងអស់ដែលគេមាន។ ដីបានគ្របពីលើពួកគេ អោយបាត់សូន្យពីចំណោមសហគមន៍។ 34 ពេលជនជាតិអ៊ីស្រាអែលទាំងមូល ដែលនៅជុំវិញ ឮសំរែករបស់ពួកគេ ក៏នាំគ្នារត់ចេញទៅ ព្រោះខ្លាចដីស្រូបខ្លួនដែរ។ 35 មានភ្លើងចេញមកពីព្រះអម្ចាស់ ឆេះកំទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅថ្វាយគ្រឿងក្រអូបនោះដែរ។