ជំពូក ១២

អ្នក​ស្រី​មៀរីយ៉ាម និង​លោក​អរ៉ុន នាំ​គ្នា​រអ៊ូរទាំ អ្នក​ស្រី​មៀរីយ៉ាម​កើត​ឃ្លង់

1 អ្នក​ស្រី​មៀរីយ៉ាម និង​លោក​អរ៉ុន​មាន​ប្រសាសន៍​ជំទាស់​នឹង​លោក​ម៉ូសេ ស្ដី​អំពី​ស្ត្រី​សាសន៍​គូស ដែល​លោក​បាន​យក​មក​ធ្វើ​ជា​ភរិយា។ 2 អ្នក​ទាំង​ពីរ​មាន​ប្រសាសន៍​ថា៖ «ព្រះអម្ចាស់​ពុំ​មែន​មាន​ព្រះបន្ទូល​មក​ម៉ូសេ​តែ​ប៉ុណ្ណោះ​ទេ គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ពួក​យើង​ដែរ!»។ ពេល​នោះ ព្រះអម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ​នេះ។ 3 លោក​ម៉ូសេ​សុភាព​រាបសា​ជាង​គេ​បំផុត ក្នុង​ចំណោម​មនុស្ស​នៅ​លើ​ផែនដី​នេះ។

4 រំពេច​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ លោក​អរ៉ុន និង​អ្នក​ស្រីមៀរីយ៉ាម​ថា៖ «ចូរ​អ្នក​ទាំង​បី​នាំ​គ្នា​ចេញ​ទៅ​ពន្លា​ជួប​ព្រះអម្ចាស់​ទៅ!»។ អ្នក​ទាំង​បី​ក៏​ចេញ​ទៅ​ទាំង​អស់​គ្នា។ 5 ព្រះអម្ចាស់​ យាង​ចុះ​មក​ជា​មួយ​ដុំ​ពពក* ហើយ​គង់​នៅ​មាត់​ទ្វារ​ពន្លា។ ព្រះអង្គ​ហៅ​លោក​អរ៉ុន និង​អ្នក​ស្រី​មៀរីយ៉ាម អ្នក​ទាំង​ពីរ​ក៏​ចូល​ទៅ​ជិត​ព្រះអង្គ។ 6 ព្រះអង្គ​មាន​ព្រះបន្ទូល​ ថា៖ «ចូរ​ស្ដាប់​ពាក្យ​យើង​អោយ​បាន​ជាក់​ច្បាស់! ពេល​ណា​មាន​ព្យាការី​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យើង​ជា​ព្រះអម្ចាស់ សំដែង​អោយ​ព្យាការី​នោះ​ស្គាល់​យើង តាម​រយៈ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ យើង​និយាយ​ទៅ​កាន់​គេ តាម​រយៈ​សុបិន​និមិត្ត។ 7 ចំណែក​ឯ​ម៉ូសេ ដែល​ជា​អ្នក​បំរើ​របស់​យើង​វិញ មិន​ដូច្នោះ​ទេ ម៉ូសេ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ដំណាក់​របស់​យើង​ទាំង​មូល។ 8 យើង​និយាយ​ទៅ​កាន់​ម៉ូសេ ដោយ​ផ្ទាល់​មាត់ យើង​សំដែង​អោយ​ម៉ូសេ​ឃើញ ដោយ​ឥត​ប្រើ​ប្រស្នា ហើយ​ម៉ូសេ​អាច​សម្លឹង​មើល​មក​យើង​បាន។ ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​មិន​កោត​ក្រែង និយាយ​ប្រឆាំង​នឹង​ម៉ូសេ​ជា​អ្នក​បំរើ​របស់​យើង​ដូច្នេះ?»។

9 ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​នឹង​អ្នក​ទាំង​ពីរ ហើយ​ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ទៅ។ 10 ពពក*​ក៏​រសាត់​ឡើង​ចាក​ ចេញ​ពី​ពន្លា​ដែរ។ ពេល​នោះ អ្នក​ស្រី​មៀរីយ៉ាម​ក៏​កើត​ឃ្លង់​ពេញ​ខ្លួន មាន​ពណ៌​ដូច​កប្បាស។ លោក​អរ៉ុន​បែរ​ទៅ​រក​អ្នក​ស្រីមៀរីយ៉ាម ឃើញ​គាត់​កើត​ឃ្លង់។ 11 លោក​ក៏​ពោល​ទៅ​កាន់​លោក ​ម៉ូសេ​ថា៖ «សូម​លោក​ប្អូន​ជា​ម្ចាស់ មេត្តា​យល់​អធ្យាស្រ័យ​ដល់​យើង​ទាំង​ពីរ​ផង។ យើង​ទាំង​ពីរ​បាន​ប្រព្រឹត្ត​លេលា និង​បាន​ប្រព្រឹត្ត​អំពើ​បាប! 12 សូម​កុំ​អោយ​មៀរីយ៉ាម​ដូច​កូន​ដែល​កើត​មក​ស្លាប់ មាន​ស្បែក​រយីករយាក​ដូច្នេះ​ឡើយ!»។ 13 លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ​អម្ចាស់​​ថា៖ «ឱ​ព្រះជាម្ចាស់​អើយ សូម​មេត្តា​ប្រោស​បង​មៀរីយ៉ាម​អោយ​ជា​ឡើង​វិញ​ផង!»។ 14 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​វិញ​ថា៖ «ប្រសិន​បើ​ឪពុក​របស់​គាត់​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​គាត់ តើ​គាត់​ត្រូវ​បាក់​មុខ​ចំនួន​ប្រាំពីរ​ថ្ងៃ​មែន ឬ​មិន​មែន? ដូច្នេះ ចូរ​បណ្ដេញ​គាត់​អោយ​ចេញ​ទៅ​នៅ​ខាង​ក្រៅ​ជំរំ ចំនួន​ប្រាំពីរ​ថ្ងៃ បន្ទាប់​មក ទើប​គាត់​អាច​វិល​មក​វិញ​បាន»។ 15 គេ​អោយ​អ្នក​ស្រី​ មៀរីយ៉ាម​នៅ​ខាង​ក្រៅ​ជំរំ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ពេល​នោះ ប្រជាជន​មិន​ចេញ​ដំណើរ​ទៅ​មុខ​ឡើយ គឺ​គេ​នៅ​រង់ចាំ​រហូត​ដល់​អ្នក​ស្រី​មៀរីយ៉ាម​អាច​វិល​ចូល​មក​ក្នុង​ជំរំ​វិញ។ 16 បន្ទាប់​មក ប្រជាជន​ចាក​ចេញ​ពី​ហាសេរ៉ូត ទៅ​បោះ​ជំរំ​នៅ​វាល​រហោស្ថាន​ប៉ារ៉ន។