ជំពូក ១៥

វិន័យ​អំពី​តង្វាយ​ម្សៅប្រេង និង​ស្រា​ទំ ពាំងបាយជូរ

1 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2 «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ:

កាល​ណា​ អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់​ប្រគល់​អោយ​អ្នក​រាល់​គ្នា​តាំង​ទី​លំនៅ 3 ហើយ​ពេល​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ​បូជា​ថ្វាយ​ព្រះអម្ចាស់ ទោះ​បី​ជា​តង្វាយ​ដុត​ទាំង​មូល​ក្ដី ឬ​យញ្ញ​បូជា​លា​បំណន់ តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត ឬ​តង្វាយ​សំរាប់​ពិធី​បុណ្យ​ដ៏​សំខាន់ៗ​ក្ដី នោះ​ត្រូវ​យក​គោ ឬ​ចៀម មក​ថ្វាយ ដើម្បី​អោយ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ 4 អ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ ត្រូវ​យក​ម្សៅ​បី​គីឡូ​ក្រាម លាយ​ជា​មួយ​ប្រេង​មួយ​លីត្រ​កន្លះ 5 និង​យក​ស្រា​ទំពាំងបាយជូរ​មួយ​លីត្រ​កន្លះ មក​ថ្វាយ​ជា​មួយ​កូន​ចៀម ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត ឬ​យញ្ញបូជា។ 6 ប្រសិន​បើ​អ្នក​ថ្វាយ​ចៀម​ឈ្មោល ត្រូវ​យក​ម្សៅ​ប្រាំ​មួយ​គីឡូ​ក្រាម លាយ​ជា​មួយ​ប្រេង​ពីរ​លីត្រ 7 និង​ស្រា​ទំពាំងបាយជូរ​ពីរ​លីត្រ មក​ថ្វាយ​ជា​មួយ ជា​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ 8 ប្រសិន​បើ​អ្នក​យក​គោ​បា​មក​ថ្វាយ​ព្រះអម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល ឬ​ជា​យញ្ញបូជា​លា​បំណន់​ក្ដី ឬ​ជា​យញ្ញបូជា​មេត្រីភាព​ក្ដី 9 ចូរ​យក​ម្សៅ​ប្រាំ​បួន​គីឡូ​ក្រាម លាយ​ជា​មួយ​ប្រេង​បី​លីត្រ មក​ថ្វាយ​ជា​មួយ​គោ​បា​នោះ 10 ហើយ​យក​ស្រា​ទំពាំងបាយជូរ​បី​លីត្រ​មក​ថ្វាយ​ជា​មួយ​ដែរ។ នេះ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។

11 ត្រូវ​ថ្វាយ​គោ​ឈ្មោល ចៀម​ឈ្មោល កូន​ចៀម ឬ​កូន​ពពែ​តាម​របៀប​នេះ។ 12 សត្វ​មាន​ចំនួន​ច្រើន​ប៉ុន​ណា តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ​សត្វ​ក៏​កើន​ឡើង​តាម​ចំនួន​នោះ​ដែរ។ 13 ជន​ជាតិ​អ៊ីស្រាអែល​ដែល ​ជាម្ចាស់​ស្រុក ត្រូវ​ធ្វើ​តាម​របៀប​ខាង​លើ នៅ​ពេល​ថ្វាយ​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ 14 ពេល​ជន​បរទេស​ដែល​មក​ រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ពេល​នេះ ឬ​អ្នក​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ច្រើន​តំណ​មក​ហើយ ចង់​ថ្វាយ​តង្វាយ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ គេ​ត្រូវ​ថ្វាយ​តាម​របៀប​ដូច​អ្នក​រាល់​គ្នា​ធ្វើ​ដែរ 15 គឺ​មាន​ក្បួន​តម្រា​តែ​មួយ សំរាប់​សហគមន៍​ទាំង​មូល ទោះ​បី​អ្នក​រាល់​គ្នា​ក្ដី ឬ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ក្ដី។ ត្រូវ​ធ្វើ​តាម​ក្បួន​តម្រា​នេះ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ គ្រប់​តំណ​ត​ទៅ ទោះ​បី​ជន​បរទេស​ក្ដី ឬ​អ្នក​រាល់​គ្នា​ក្ដី។ 16 មាន​វិន័យ​តែ​មួយ ច្បាប់​តែ​មួយ សំរាប់​អ្នក​រាល់​គ្នា និង​ជន​បរទេស ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា»។

វិន័យ​ស្ដី​អំពី​ផល​ដំបូង​បង្អស់

17 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 18 «ចូរ​ប្រាប់​ជន​ជាតិ​ អ៊ីស្រាអែល​ដូច​ត​ទៅ: កាល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់​ស្រុក​ដែល​យើង​នាំ​អ្នក​រាល់​គ្នា​អោយ​ចូល​ទៅ ​នៅ ហើយ​ពេល​អ្នក​រាល់​គ្នា​បាន​អាហារ​ពី​ស្រុក​នោះ​បរិភោគ 19 ត្រូវ​ញែក​មួយ​ចំណែក​ទុក​ជា​តង្វាយ​ថ្វាយ​ព្រះអម្ចាស់។ 20 ត្រូវ​ញែក​ម្សៅ​ដំបូង​ មួយ​ចំណែក​របស់​អ្នក​រាល់​គ្នា ធ្វើ​ជា​នំ​ថ្វាយ​ព្រះអម្ចាស់ ដូច​គេ​ញែក​ស្រូវ ដែល​ជា​ផល​ដំបូង នៅ​លាន​បោក​ស្រូវ​ដែរ។ 21 ត្រូវ​ញែក​ម្សៅ​ដំបូង ធ្វើ​នំ​ថ្វាយ​ព្រះអម្ចាស់ តាម​របៀប​នេះ​គ្រប់​តំណ​ត​ទៅ។

យញ្ញបូជា​លោះ​បាប​ដែល​ប្រព្រឹត្ត​ដោយ​អចេតនា

22 ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស ដោយ​អចេតនា គឺ​មិន​ប្រព្រឹត្ត​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ 23 ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បង្គាប់​មក​លោក​ម៉ូសេ ចាប់​ពី​ថ្ងៃ​ដែល​ព្រះអម្ចាស់​ប្រទាន​បទ​បញ្ជា​ពី​ដំបូង​ជា​រៀង​រហូត​មក 24 ប្រសិន​បើ​អ្នក​រាល់​ គ្នា​ប្រព្រឹត្ត​ខុស​ដោយ​អចេតនា ហើយ​សហគមន៍​មិន​បាន​ឃើញ​ទេ​នោះ សហគម​ន៍​​ទាំង​មូល​ត្រូវ​ថ្វាយ​គោ​ស្ទាវ​មួយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ស្រា​ទំពាំងបាយជូរ ស្រប​តាម​វិន័យ។ សហគមន៍​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​យញ្ញបូជា​រំដោះ​បាប​ដែរ។ 25 បូជា​ចារ្យ​ត្រូវ​ធ្វើ​ ពិធី​រំដោះ​បាប​សំរាប់​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល នោះ​ព្រះអម្ចាស់​នឹង​លើកលែង​ទោស​អោយ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា។ ពួក​គេ​ត្រូវ​យក​តង្វាយ​ដុត ព្រម​ទាំង​សត្វ​ដែល​ត្រូវ​ធ្វើ​យញ្ញបូជា មក​ថ្វាយ​ព្រះអម្ចាស់ សំរាប់​លុបលាង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​អចេតនា​នោះ។ 26 ព្រះអម្ចាស់​នឹង​អត់ទោស ​អោយ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ គឺ​ប្រជាជន​ទាំង​មូល ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា។

27 ប្រសិន​បើ​អ្នក​ណា​ម្នាក់ ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា អ្នក​នោះ​ត្រូវ​ថ្វាយ​ពពែ​ញី​មួយ​អាយុ​មួយ​ខួប ជា​យញ្ញបូជា​រំដោះ​បាប។ 28 បូជាចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ដោយ​មិន​ដឹង​ខ្លួន និង​ដោយ​អចេតនា នោះ​ព្រះជាម្ចាស់​នឹង​លើកលែង​ទោស​អោយ។ 29 វិន័យ​ស្ដី​ពី​អំពើ​បាប​ដែល​គេ​ប្រព្រឹត្ត​ដោយ​អចេតនា​នេះ ត្រូវ​អនុវត្ត​ដូច​គ្នា ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ជាម្ចាស់​ស្រុក និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ។

30 ផ្ទុយ​ទៅ​វិញ បើ​នរណា​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ស្រុក ឬ​ជន​បរទេស ប្រព្រឹត្ត​អំពើ​បាប ដោយ​ចេតនា​បាន​សេចក្ដី​ថា​គេ​ប្រមាថ​ព្រះអម្ចាស់។ ត្រូវ​ដក​មនុស្ស​ប្រភេទ​នេះ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន។ 31 គេ​បាន​មើលងាយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ហើយ​បំពាន​លើ​បទ​បញ្ជា​របស់​ព្រះអង្គ។ ត្រូវ​ដក​មនុស្ស​ប្រភេទ​នេះ​ចេញ អោយ​គេ​ទទួល​ទោស ព្រោះ​តែ​កំហុស​របស់​ខ្លួន»។

អ្នក​រំលោភ​លើ​ថ្ងៃ​សប្ប័ទ

32 ពេល​ជន​ជាតិ​អ៊ីស្រាអែល​ស្ថិត​នៅ​ក្នុង​វាល​រហោស្ថាន គេ​បាន​ឃើញ​បុរស​ម្នាក់​ដើរ​រើស​អុស នៅ​ថ្ងៃ​សប្ប័ទ*។ 33 អស់​អ្នក​ដែល​ឃើញ​បុរស​នោះ​រក​អុស បាន​នាំ​គាត់​យក​ទៅ​ជូន​លោក​ម៉ូសេ និង​លោក​អរ៉ុន ព្រម​ទាំង​សហគមន៍​ទាំង​មូល។ 34 គេ​បាន​ឃុំ​គាត់​ទុក ដ្បិត​គេ​ពុំ​ទាន់​ដឹង​ថា​ត្រូវ​ប្រព្រឹត្ត​ដូច​ម្ដេច​ចំពោះ​គាត់។ 35 ព្រះ​អម្ចាស់​ មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖ «មនុស្ស​នេះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ គឺ​អោយ​សហគមន៍​ទាំង​មូល​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់ នៅ​ខាង​ក្រៅ​ជំរំ»។ 36 សហគមន៍​ទាំង​មូល​ក៏​នាំ​បុរស​នោះ​ចេញ​ទៅ​ក្រៅ​ទីក្រុង ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់។ គាត់​ក៏​ស្លាប់ ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

រំយោល​នៅ​ជាយ​អាវ

37 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 38 «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​គ្រប់​ជំនាន់​អោយ​ធ្វើ​រំយោល​នៅ​ជាយ​អាវ​ ហើយ​ដេរ​បូ​ពណ៌​ស្វាយ​មួយ​ពី​លើ​រំយោល​នៅ​ជាយ​អាវ​ផង។ 39 អាវ​របស់​អ្នក​រាល់​ គ្នា​ត្រូវ​មាន​រំយោល ដូច្នេះ ពេល​ណា​អ្នក​រាល់​គ្នា​មើល​រំយោល នោះ​អ្នក​រាល់​គ្នា​នឹក​ឃើញវិន័យ​ទាំង​ប៉ុន្មាន​របស់​ព្រះអម្ចាស់​ ដែល​ត្រូវ​ប្រតិបត្តិ​តាម ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ធ្វើ​តាម​ចិត្ត​ប៉ងប្រាថ្នា និង​តណ្ហា​របស់​ខ្លួន ដែល​បណ្ដាល​អោយ​ក្បត់​ព្រះជាម្ចាស់ ទៅ​គោរព​ព្រះ​ក្លែងក្លាយ​ឡើយ។ 40 អ្នក​រាល់​គ្នា​នឹង​នឹកឃើញ​វិន័យ​របស់​យើង ហើយ​ប្រតិបត្តិ​តាម។ អ្នក​រាល់​គ្នា​នឹង​បាន​វិសុទ្ធ*​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា។ 41 យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។