ជំពូក ១១

ភ្លើង​របស់​ព្រះអម្ចាស់

1 ពេល​នោះ ប្រជាជន​នាំ​គ្នា​រអ៊ូរទាំ​ធ្វើ​អោយ​ទាស់​ព្រះហឫទ័យ​ព្រះអម្ចាស់។ ពេល​ឮ​ពួក​គេ​រអ៊ូរទាំ​ដូច្នេះ ព្រះអង្គ​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង។ ភ្លើង​របស់​ព្រះអម្ចាស់​ក៏​ឆាបឆេះ​នៅ​ជាយ​ជំរំ​របស់​ពួក​គេ។ 2 ប្រជាជន​នាំ​គ្នា​ស្រែក​សុំ​អោយ​លោក​ម៉ូសេ ទូលអង្វរ​ព្រះអម្ចាស់ ហើយ​ភ្លើង​ក៏​ស្ងប់​ទៅ​វិញ។ 3 គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «តាបេរ៉ា» ដ្បិត​ភ្លើង​របស់​ព្រះអម្ចាស់​បាន​ឆេះ​បំផ្លាញ​ពួក​គេ។

ប្រជាជន​ទាមទារ​សាច់​បរិភោគ

4 ថ្ងៃ​មួយ សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល មាន​ចិត្ត​លោភលន់ សូម្បី​តែ​ជន​ជាតិ​អ៊ីស្រាអែល​ក៏​នាំ​គ្នា​យំ ទាំង​ពោល​ថា៖ «តើ​នរណា​នឹង​អោយ​សាច់​ពួក​យើង​បរិភោគ? 5 ពួក​យើង​ធ្លាប់​បរិភោគ​ត្រី ឥត​គិត​ថ្លៃ នៅ​ស្រុក​អេស៊ីប ហើយ​ពួក​យើង​ក៏​ធ្លាប់​បរិភោគ​ត្រសក់ ឪឡឹក ស្លឹក​ខ្ទឹម ខ្ទឹម​ក្រហម ខ្ទឹម​ស​ដែរ ពួក​យើង​នឹក​ម្ហូប​អាហារ​ទាំង​នោះ​ណាស់! 6 ឥឡូវ​នេះ ពួក​យើង​បាក់​កម្លាំង គ្មាន​អ្វី​បរិភោគ គឺ​មាន​តែ​នំ​ម៉ាណា​ប៉ុណ្ណោះ!»។

7 នំ​ម៉ាណា​មាន​ភាព​ដូច​ជា​គ្រាប់​ល្ង ស និង​មាន​ពណ៌​ភ្លឺ​ថ្លា។ 8 ប្រជាជន​តែង​នាំ​គ្នា​ចេញ ​ទៅ​រើស​នំ​ម៉ាណា​នោះ យក​មក​កិន ឬ​បុក​នឹង​ត្បាល់ រួច​យក​ទៅ​ស្ងោរ ឬ​ធ្វើ​នំ​ក្រៀប។ នំ​ម៉ាណា​មាន​រសជាតិ​ដូច​នំ​ដែល​គេ​ចៀន​ជា​មួយ​ប្រេង។ 9 ពេល​ណា​សន្សើម​ធ្លាក់​មក​លើ​ជំរំ​នៅ​វេលា​យប់ នោះ​នំ​ម៉ាណា​ក៏​ធ្លាក់​មក​ជា​មួយ​ដែរ។

10 លោក​ម៉ូសេ​ បាន​ឮ​ប្រជាជន​យំ​សោក​នៅ​មាត់​ទ្វារ​ជំរំ​នៃ​អំបូរ​របស់​​​គេ​រៀងៗ​ខ្លួន។ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​នឹង​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​លោក​ម៉ូសេ​ក៏​អាក់អន់​ចិត្ត​ដែរ។ 11 លោក​ម៉ូសេ​ទូល​ព្រះអម្ចាស់​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ​ពិបាក​ចិត្ត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មិន​អាណិត​មេត្តា​ទូលបង្គំ? ហេតុ​អ្វី​បាន​ជា​អោយ​ទូលបង្គំ​ទទួល​បន្ទុក​លើ​ប្រជាជន​ទាំង​នេះ? 12 តើ​ទូលបង្គំ​ជា​អ្នក​ បង្កើត​ប្រជាជន​ទាំង​នេះ តើ​ទូលបង្គំ​ជា​ឪពុក​របស់​ពួក​គេ​ឬ បាន​ជា​ព្រះអង្គ​បង្គាប់​អោយ​ទូលបង្គំ​បី​បាច់​ថែរក្សា​ពួក​គេ ដូច​ម្ដាយ​ថែរក្សា​កូន រហូត​ទៅ​ដល់​ទឹក​ដី​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ដូនតា​របស់​ពួក​គេ​ថា នឹង​ប្រទាន​អោយ​ពួក​គេ? 13 តើ​ទូលបង្គំ​ទៅ​រក​សាច់ ​ឯ​ណា​មក​អោយ​ប្រជាជន​ទាំង​នេះ​បរិភោគ​បាន? ពួក​គេ​នាំ​គ្នា​យំ​សោក​ដាក់​ទូលបង្គំ ទទូច​ថា “សូម​រក​សាច់​មក​អោយ​ពួក​យើង​បរិភោគ!”។ 14 ទូលបង្គំ​ពុំ​អាច​មើល​ខុស​ត្រូវ​លើ​ប្រជាជន​នេះ​តែ​ម្នាក់​ឯង​ទេ ព្រោះ​ជា​បន្ទុក​ធ្ងន់​ពេក​សំរាប់​ទូលបង្គំ។ 15 ប្រសិន​បើ​ព្រះអង្គ​ ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដូច្នេះ សូម​មេត្តា​ដក​ជីវិត​ទូលបង្គំ​ទៅ។ ប្រសិន​បើ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ទូលបង្គំ សូម​កុំ​ទុក​អោយ​ទូលបង្គំ​ឃើញ​ទុក្ខ​វេទនា​បែប​នេះ​ឡើយ»។

16 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រមូល​ព្រឹទ្ធាចារ្យ​អ៊ីស្រាអែល​ចិតសិប​នាក់​អោយ​មក​ជួប​យើង គឺ​ព្រឹទ្ធាចារ្យ និង​មេ​ដឹក​នាំ ដែល​អ្នក​ស្គាល់​ច្បាស់​ថា​ពិត​ជា​ព្រឹទ្ធាចារ្យ និង​មេ​ដឹក​នាំ​របស់​ប្រជាជន​មែន។ ចូរ​នាំ​ពួក​គេ​មក​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​ឈរ​នៅ​ទី​នោះ​ជា​មួយ​អ្នក។ 17 យើង​នឹង​ចុះ​មក​និយាយ​ ជា​មួយ​អ្នក យើង​នឹង​យក​វិញ្ញាណ​ដែល​ស្ថិត​នៅ​ក្នុង​អ្នក ទៅ​ដាក់​ក្នុង​ពួក​គេ​ទាំង​អស់​គ្នា ដើម្បី​អោយ​ពួក​គេ​រំលែក​បន្ទុក ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ប្រជាជន​ជា​មួយ​អ្នក​ដែរ កុំ​អោយ​អ្នក​ទទួល​បន្ទុក​នេះ​តែ​ម្នាក់​ឯង។ 18 ចូរ​ប្រាប់​ប្រជាជន​ថា “ចូរ​នាំ​គ្នា​ញែក​ខ្លួន​អោយ​វិសុទ្ធ សំរាប់​ថ្ងៃ​ស្អែក ព្រោះ​អ្នក​រាល់​គ្នា​នឹង​មាន​សាច់​បរិភោគ។ អ្នក​រាល់​គ្នា​បាន​យំ​សោក​ដាក់​ព្រះអម្ចាស់​ថា: តើ​នរណា​នឹង​អោយ​សាច់​ពួក​យើង​បរិភោគ? នៅ​ស្រុក​អេស៊ីប​ពួក​យើង​សប្បាយ​ជាង។ ដូច្នេះ ព្រះអម្ចាស់​នឹង​ប្រទាន​សាច់​អោយ​អ្នក​រាល់​គ្នា​បរិភោគ។ 19 អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​នោះ តែ​មួយ​ថ្ងៃ ពីរ​ថ្ងៃ ប្រាំ​ថ្ងៃ ដប់​ថ្ងៃ ឬ​ម្ភៃ​ថ្ងៃ​ប៉ុណ្ណោះ​ទេ 20 អ្នក​រាល់​គ្នា​នឹង​បរិភោគ​ពេញ​មួយ​ខែ គឺ​រហូត​ទាល់​តែ​ឆ្អែតឆ្អន់ ហើយ​ជិនណាយ​ទៀត​ផង ដ្បិត​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះអម្ចាស់ ដែល​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​យំ​សោក​ដាក់​ព្រះអង្គ ទាំង​ពោល​ថា ហេតុ​អ្វី​បាន​ជា​ពួក​យើង​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?”»។

21 លោក​ ម៉ូសេ​ទូល​ថា៖ «កងទ័ព​ដែល​នៅ​ជា​មួយ​ទូលបង្គំ មាន​គ្នា​ទាំង​អស់​ប្រាំ​មួយ​សែន​នាក់ តើ​ព្រះអង្គ​ប្រទាន​សាច់​អោយ​ពួក​គេ​បរិភោគ ដល់​ទៅ​មួយ​ខែ ដូច​ម្ដេច​បាន! 22 ទោះ​បី​សម្លាប់​ហ្វូង​ ចៀម និង​ហ្វូង​គោ អោយ​ពួក​គេ​បរិភោគ ក៏​មិន​គ្រប់​គ្រាន់ ហើយ​ទោះ​បី​ទៅ​បង់​ត្រី​អោយ​អស់​ពី​សមុទ្រ​យក​មក​អោយ​ពួក​គេ​បរិភោគ ក៏​នៅ​តែ​មិន​គ្រប់​គ្រាន់​ដែរ»។ 23 ព្រះអម្ចាស់​ តប​មក​លោក​ម៉ូសេ​វិញ​ថា៖ «តើ​ដៃ​របស់​យើង​ខ្លី​ពេក មិន​អាច​ធ្វើ​អ្វី​កើត​ឬ? បន្តិច​ទៀត អ្នក​នឹង​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​សំរេច ឬ​ក៏​មិន​សំរេច»។

ព្រះជាម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​ដល់​ព្រឹទ្ធាចារ្យ​ទាំង​ចិតសិប​រូប

24 លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះពន្លា ហើយ​នាំ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅ​ប្រាប់​ប្រជាជន។ លោក​ប្រមូល​ព្រឹទ្ធាចារ្យ​ចិតសិប​រូប​ពី​ក្នុង​ចំណោម​ប្រជាជន ហើយ​នាំ​មក​ឈរ​នៅ​ជុំវិញ​ពន្លា។ 25 ព្រះអម្ចាស់​ យាង​ចុះ​មក​ក្នុង​ពពក រួច​សន្ទនា​ជា​មួយ​លោក។ ព្រះអង្គ​យក​វិញ្ញាណ​មួយ​ចំណែក​ពី​លោក ប្រគល់​ទៅ​អោយ​ព្រឹទ្ធាចារ្យ​ទាំង​ចិតសិប​រូប។ ពេល​ព្រះវិញ្ញាណ​យាង​មក​សណ្ឋិត​លើ​ពួក​គេ ពួក​គេ​ចាប់​ផ្ដើម​ថ្លែង​ព្រះបន្ទូល តែ​ថ្លែង​មិន​យូរ​ទេ។

26 មាន​ព្រឹទ្ធាចារ្យ​ពីរ​រូប ម្នាក់​ឈ្មោះ​អេលដាដ និង​ម្នាក់​ទៀត​ឈ្មោះ​ម៉េដាដ ស្ថិត​នៅ​ក្នុង​ជំរំ ហើយ​ព្រះវិញ្ញាណ​ក៏​បាន​គង់​ជា​មួយ​លោក​ទាំង​ពីរ​ដែរ។ លោក​ទាំង​ពីរ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ព្រឹទ្ធាចារ្យ តែ​ពុំ​បាន​ទៅ​ពន្លា​ជួប​ព្រះអម្ចាស់​ទេ លោក​ទាំង​ពីរ​នាំ​គ្នា​ថ្លែង​ព្រះបន្ទូល​នៅ​ក្នុង​ជំរំ។ 27 យុវជន​ម្នាក់​រត់​ទៅ​ជំរាប​លោក​ម៉ូសេ​ថា៖ «លោក​អេលដាដ និង​ម៉េដាដ កំពុង​តែ​ថ្លែង​ព្រះបន្ទូល​នៅ​ក្នុង​ជំរំ»។ 28 ពេល​នោះ លោក​យ៉ូស៊ូអា​ជា​កូន​របស់​លោក​នូន និង​ជា​សហការី​របស់​លោក​ម៉ូសេ តាំង​ពី​យុវវ័យ​មក​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ សូម​ឃាត់​លោក​ទាំង​ពីរ​ទៅ!»។ 29 លោក​ម៉ូសេ​តប​ថា៖ «តើ​អ្នក​មាន​ចិត្ត​ច្រណែន​ជំនួស​ខ្ញុំ​ឬ? សូម​អោយ​ប្រជារាស្ត្រ​របស់​ព្រះអម្ចាស់​ទៅ​ជា​ព្យាការី​ទាំង​អស់​គ្នា។ សូម​ព្រះអម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​របស់​ព្រះអង្គ អោយ​មក​សណ្ឋិត​លើ​ពួក​គេ​ទាំង​អស់​គ្នា!»។ 30 បន្ទាប់​មក លោក​ម៉ូសេ និង​ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​វិញ។

សត្វ​ក្រួច

31 ព្រះអម្ចាស់​ ធ្វើ​អោយ​ខ្យល់​បក់​ពី​សមុទ្រ នាំ​សត្វ​ក្រួច​អោយ​មក​ធ្លាក់​លើ​ជំរំ។ សត្វ​ក្រួច​ទាំង​នោះ​មាន​ពាសពេញ​ជុំវិញ​ជំរំ ចម្ងាយ​ផ្លូវ​ដើរ​ប្រមាណ​មួយ​ថ្ងៃ ហើយ​គរ​ពី​លើ​គ្នា កំពស់​ប្រមាណ​ពីរ​ហត្ថ។ 32 ក្នុង​អំឡុង​ពេល​ពេញ​ មួយ​ថ្ងៃ​មួយ​យប់​នោះ ហើយ​រហូត​ដល់​ថ្ងៃ​បន្ទាប់ ប្រជាជន​នាំ​គ្នា​ក្រោក​ឡើង រើស​សត្វ​ក្រួច។ ម្នាក់ៗ​រើស​បាន​យ៉ាង​ហោច​ណាស់​ដប់​បាវ។ ពួក​គេ​ហាល​សាច់​ក្រួច​នោះ​នៅ​ជុំវិញ​ជំរំ។ 33 ពេល​ពួក​គេ​ដាក់​សាច់​ក្រួច​ក្នុង​មាត់ ហើយ​មិន​ទាន់​ទំពា​ស្រួលបួល​ផង​នោះ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​នឹង​ប្រជាជន ព្រះអង្គ​ប្រហារ​ពួក​គេ ដោយ​ភយន្តរាយ​មួយ​ដ៏​ខ្លាំង។ 34 គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ ថា​គីប្រូត-ហាត់តាវ៉ា​ ព្រោះ​គេ​បាន​បញ្ចុះ​អស់​អ្នក​ដែល​មាន​ចិត្ត​លោភលន់ នៅ​ទី​នោះ។

35 បន្ទាប់​មក ប្រជាជន​ចេញ​ដំណើរ​ពី​គីប្រូត-ហាត់តាវ៉ា​ឆ្ពោះ​ទៅ​កាន់​ហាសេរ៉ូត ហើយ​បោះ​ជំរំ​នៅ​ទី​នោះ។