ជំពូក ៦
វិន័យស្ដីអំពីពួកណាសៀរ*
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើបុរស ឬស្ត្រីណាម្នាក់សំរេចចិត្តញែកខ្លួនជាអ្នកណាសៀរ*ថ្វាយព្រះអម្ចាស់ 3 អ្នកនោះត្រូវតមសុរា និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះធ្វើអំពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះធ្វើពីគ្រឿងស្រវឹងផ្សេងទៀត ហើយក៏មិនត្រូវផឹកទឹកទំពាំងបាយជូរ បរិភោគផ្លែទំពាំងបាយជូរស្រស់ ឬក្រៀមដែរ។ 4 ក្នុងពេលញែកខ្លួនជា អ្នកណាសៀរ គេមិនត្រូវបរិភោគអ្វីដែលជាផលរបស់ដើមទំពាំងបាយជូរឡើយ គឺសូម្បីតែគ្រាប់ ឬសំបករបស់ផ្លែទំពាំងបាយជូរ ក៏មិនត្រូវប៉ះពាល់ជាដាច់ខាត។ 5 ក្នុងពេលគេញែកខ្លួនជាអ្នកណាសៀរ មិនត្រូវកាត់សក់ឡើយ។ ក្នុងអំឡុងពេលគេញែកខ្លួនថ្វាយព្រះអម្ចាស់ គេជាមនុស្សដ៏វិសុទ្ធ គេត្រូវទុកអោយសក់ដុះវែងរហូតទាល់តែផុតចំនួនថ្ងៃ ដែលគេបានកំណត់ទុក។ 6 ក្នុងពេលគេញែកខ្លួនថ្វាយព្រះអម្ចាស់ គេមិនត្រូវចូលទៅជិតសាកសពឡើយ 7 សូម្បីតែសពឪពុកម្ដាយ និងបងប្អូនប្រុសស្រីរបស់ខ្លួន ក៏មិនត្រូវចូលទៅជិត នាំអោយខ្លួនសៅហ្មងដែរ ដ្បិតគេបានញែកខ្លួនថ្វាយព្រះអម្ចាស់ ដូចមានសក់របស់គេជាសញ្ញាសំគាល់ស្រាប់។ 8 ក្នុងអំឡុងពេលញែកខ្លួនជាអ្នកណាសៀរនោះ គេញែកខ្លួនជាវិសុទ្ធថ្វាយព្រះអម្ចាស់។
9 ប្រសិនបើមាននរណាម្នាក់ស្លាប់ភ្លាមៗ នៅក្បែរគាត់ ទោះបីគាត់ញែកខ្លួនថ្វាយព្រះអម្ចាស់ក្ដី ក៏គាត់ក្លាយទៅជាសៅហ្មងដែរ។ ដូច្នេះ គាត់ត្រូវកោរសក់នៅថ្ងៃជំរះខ្លួនអោយបរិសុទ្ធ គឺកោរសក់នៅថ្ងៃទីប្រាំពីរ។ 10 នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរ និងព្រាបជំទើរពីរ មកជូនបូជាចារ្យ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 11 បូជាចារ្យយកសត្វមួយ ធ្វើយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។ បន្ទាប់មក បូជាចារ្យធ្វើពិធីជំរះអ្នកនោះអោយរួចពីបាប ព្រោះតែបានប៉ះពាល់សាកសព។ ធ្វើដូច្នេះ នៅថ្ងៃនោះ អ្នកណាសៀរញែកខ្លួនជាសក្ការៈសាជាថ្មី។ 12 គាត់ត្រូវចាប់ផ្ដើមញែកខ្លួនថ្វាយព្រះអម្ចាស់ ដោយគិតពេលវេលាសាជាថ្មី គឺថ្វាយកូនចៀមមួយអាយុមួយខួប ជាតង្វាយសុំលើកលែងទោស។ ពេលវេលាពីមុនត្រូវចាត់ទុកជាអាសាបង់ ព្រោះគាត់បានក្លាយទៅជាសៅហ្មង ក្នុងអំឡុងដែលគាត់ញែកខ្លួនជាអ្នកណាសៀរកាលពីមុននោះ។
13 រីឯ វិន័យស្ដីអំពីអ្នកណាសៀរមានដូចតទៅ: នៅថ្ងៃគាត់បញ្ចប់ពេលកំណត់ដែលត្រូវញែកខ្លួនជាអ្នកណាសៀរហើយ គេនាំគាត់មកមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 14 គាត់ត្រូវយកកូនចៀមល្អឥតខ្ចោះមួយអាយុមួយខួប មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល កូនចៀមញីល្អឥតខ្ចោះមួយអាយុមួយខួប មកថ្វាយជាតង្វាយរំដោះបាប និងចៀមឈ្មោលល្អឥតខ្ចោះមួយ មកថ្វាយជាយញ្ញបូជាមេត្រីភាព។ 15 គាត់ក៏ត្រូវយកល្អី មួយដែលមានដាក់នំបុ័ងឥតមេ នំធ្វើពីម្សៅម៉ដ្ដលាយជាមួយប្រេង នំក្រៀបធ្វើពីម្សៅឥតមេលាបប្រេងពីលើ ព្រមទាំងតង្វាយម្សៅ និងស្រាទំពាំងបាយជូរ សំរាប់ច្រួចលើយញ្ញបូជា មកជាមួយផង។ 16 បូជាចារ្យយកតង្វាយទាំងនោះទៅថ្វាយព្រះអម្ចាស់ ព្រមទាំងថ្វាយយញ្ញបូជារំដោះបាប និងតង្វាយដុតទាំងមូល។ 17 លោកថ្វាយចៀមឈ្មោលទៅព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព ថែមពីលើល្អីនំបុ័ងឥតមេ។ បូជាចារ្យក៏ត្រូវថ្វាយតង្វាយម្សៅ និងធ្វើពិធីច្រួចស្រាទំពាំងបាយជូរដែរ។ 18 ពេលនោះ អ្នកណាសៀរត្រូវកោរសក់សក្ការៈរបស់ខ្លួន នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ រួចយកសក់សក្ការៈរបស់ខ្លួនទៅដុតក្នុងភ្លើងអាសនៈ ដែលគេថ្វាយយញ្ញបូជាមេត្រីភាព។ 19 បូជាចារ្យយកសាច់ចំឡក របស់ចៀមឈ្មោលដែលដុតចំអិនរួចហើយ ព្រមទាំងយកនំធ្វើពីម្សៅឥតមេ និងនំក្រៀបធ្វើពីម្សៅឥតមេពីក្នុងល្អីនោះ មកដាក់ក្នុងដៃអ្នកណាសៀរ ដែលទើបនឹងកោរសក់សក្ការៈ។ 20 បូជាចារ្យត្រូវធ្វើពិធីលើកតង្វាយនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ តង្វាយទាំងនោះត្រូវរាប់ជាសក្ការៈ ហើយញែកជូនបូជាចារ្យថែមពីលើសាច់ទ្រូង និងសាច់ភ្លៅ។ បន្ទាប់មក អ្នកណាសៀរអាចបរិភោគស្រាទំពាំងបាយជូរបាន។
21 នេះជាវិន័យស្ដីអំពីអ្នកដែលសំរេចចិត្តញែកខ្លួនជាអ្នកណាសៀរ ស្ដីអំពីតង្វាយដែលគេត្រូវថ្វាយព្រះអម្ចាស់ ក្នុងពេលញែកខ្លួនជាអ្នកណាសៀរ ប្រសិនបើគេមានលទ្ធភាពនោះ គេអាចថ្វាយតង្វាយផ្សេងទៀត។ គេត្រូវធ្វើតាមពាក្យដែលខ្លួនបានបន់ ស្របតាមវិន័យសំរាប់ពួកណាសៀរ»។
គំរូពាក្យជូនពរ
22 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 23 «ចូរប្រាប់អរ៉ុន និងកូនចៅរបស់គាត់ អោយជូនពរជនជាតិអ៊ីស្រាអែលដូចតទៅ:
24 “សូមព្រះអម្ចាស់ប្រទានពរ និងថែរក្សាអ្នក។
25 សូមព្រះអម្ចាស់ទតមកអ្នក
ដោយព្រះហឫទ័យមេត្តាករុណា
សូមព្រះអង្គប្រណីសន្ដោសអ្នក។
26 សូមព្រះអម្ចាស់សំដែងព្រះហឫទ័យសប្បុរស
ចំពោះអ្នក
និងប្រទានអោយអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត”។
27 ពេលពួកបូជាចារ្យអោយពរ ជនជាតិអ៊ីស្រាអែលក្នុងនាមយើងដូច្នេះ យើងនឹងអោយពរពួកគេ»។