ជំពូក ៤
មុខងាររបស់ក្រុមលេវី
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនថា៖ 2 «ក្នុងចំណោមកូនចៅលេវី ត្រូវធ្វើបញ្ជីរាយនាមកូនចៅគើហាត់ ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ 3 ហើយគិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបំរើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។
4 កូនចៅគើហាត់បំពេញមុខងារក្នុងពន្លាជួបព្រះអម្ចាស់ គឺពួកគេមើលខុសត្រូវលើវត្ថុដ៏សក្ការៈបំផុត។ 5 ពេលជនជាតិអ៊ីស្រាអែលត្រូវចេញដំណើរ អរ៉ុន និងកូនចៅរបស់គាត់ ត្រូវដោះវាំងននដែលខណ្ឌទីសក្ការៈបំផុត 6 យកទៅគ្របលើហិបនៃ សន្ធិសញ្ញា។ បន្ទាប់មក ពួកគេយកស្បែកផ្សោតគ្របពីលើ ហើយយកក្រណាត់ពណ៌ស្វាយមករុំពីលើមួយជាន់ទៀត រួចទើបស៊កឈើសំរាប់សែង។ 7 ពួកគេត្រូវយកក្រណាត់ ពណ៌ស្វាយមកក្រាលលើតុសំរាប់តម្កល់នំបុ័ង រួចយកចាន ពែង ចានគោម ព្រមទាំងថូសំរាប់ធ្វើពិធីច្រួចស្រា មកដាក់ពីលើ។ រីឯនំបុ័ងស្ថិតនៅលើតុនោះស្រាប់។ 8 បន្ទាប់មក ពួកគេក្រាលក្រណាត់ពណ៌ក្រហមទុំពីលើរបស់ទាំងនោះ ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសំរាប់សែង។ 9 ពួកគេត្រូវយកក្រណាត់ ពណ៌ស្វាយមករុំជើងចង្កៀងសំរាប់បំភ្លឺ ចង្កៀង ឃ្នាបប្រឆេះ ភាជន៍ដាក់កំទេច និងដបប្រេងទាំងប៉ុន្មាន សំរាប់ដុតចង្កៀងនោះ 10 ហើយយកស្បែកផ្សោតមក ខ្ចប់រួមជាមួយគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលត្រូវប្រើជាមួយរបស់ទាំងនោះ រួចយកទៅដាក់នៅលើប្រដាប់សំរាប់សែង។ 11 ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយក្រាលលើអាសនៈមាស ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសំរាប់សែង។ 12 ពួកគេត្រូវយកគ្រឿង បរិក្ខារទាំងប៉ុន្មានដែលប្រើប្រាស់ក្នុងទីសក្ការៈ មកខ្ចប់ក្នុងក្រណាត់ពណ៌ស្វាយមួយ ហើយយកស្បែកផ្សោតមករុំពីលើ រួចដាក់លើប្រដាប់សំរាប់ស្នែង។ 13 ពួកគេត្រូវយកផេះចេញពីអាសនៈ ហើយយកក្រណាត់ពណ៌ក្រហមក្រាលពីលើអាសនៈនោះ។ 14 បន្ទាប់មក ត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលប្រើប្រាស់ជាមួយអាសនៈនោះ គឺមានភាជន៍ដាក់រងើកភ្លើង សម ប្រដាប់ចូក ផើង និងគ្រឿងបរិក្ខារទាំងប៉ុន្មានទៀតសំរាប់អាសនៈ ដាក់ពីលើអាសនៈ ហើយយកស្បែកផ្សោតមករុំ រួចស៊កឈើសំរាប់សែង។ 15 នៅពេលលើកជំរំ កាលអរ៉ុន និងកូនចៅរបស់គាត់ រុំរបស់របរសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ ចប់សព្វគ្រប់ហើយ កូនចៅគើហាត់ត្រូវនាំគ្នាមកសែងរបស់ទាំងនោះ ប៉ុន្តែ ពួកគេមិនត្រូវប៉ះពាល់អ្វីៗដែលសក្ការៈឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់។ នេះជាភារកិច្ចរបស់កូនចៅគើហាត់នៅក្នុងពន្លាជួបព្រះអម្ចាស់។ 16 អេឡាសារជាកូនរបស់ បូជាចារ្យអរ៉ុន ទទួលខុសត្រូវលើប្រេងសំរាប់ចង្កៀង គ្រឿងក្រអូប តង្វាយម្សៅអចិន្ត្រៃយ៍ និងប្រេងសំរាប់ពិធីលាបប្រេង។ គាត់ក៏មើលខុសត្រូវលើព្រះពន្លាទាំងមូល និងអ្វីៗទាំងអស់នៅក្នុងព្រះពន្លា ព្រមទាំងទីសក្ការៈ និងគ្រឿងបរិក្ខារផ្សេងៗ នៅក្នុងទីសក្ការៈ»។
17 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ និងលោកអរ៉ុនថា៖ 18 «មិនត្រូវដកអំបូរគើហាត់ចេញពីកុលសម្ព័ន្ធលេវីឡើយ។ 19 ពេលណាអំបូរគើហាត់គេ ចូលមកជិតទីសក្ការៈបំផុត អរ៉ុន និងកូនចៅរបស់គាត់ត្រូវចាត់ចែងអោយពួកគេបំពេញមុខងារ និងភារកិច្ចរៀងៗខ្លួន ធ្វើដូច្នេះ ពួកគេនឹងរស់រានមានជីវិត ឥតស្លាប់ឡើយ។ 20 ពួកគេមិនត្រូវចូលទៅមើលគ្រឿងសក្ការៈជាដាច់ខាត សូម្បីតែមួយភ្លែតក៏មិនបានដែរ ក្រែងលោបាត់បង់ជីវិត»។
21 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ 22 «ចូរធ្វើបញ្ជីរាយនាមកូនចៅគែរសូន ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ។ 23 ចូរជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបំរើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ 24 អំបូរគែរសូនមានភារកិច្ចលីសែងគ្រឿងសម្ភារៈដូចតទៅ: 25 ពួកគេត្រូវសែង ក្រណាត់ព្រះពន្លា និងក្រណាត់ពន្លាជួបព្រះអម្ចាស់ ក្រណាត់សំរាប់គ្របពីលើ និងស្បែកផ្សោតសំរាប់រុំ ព្រមទាំងវាំងនននៅខាងមុខពន្លាជួបព្រះអម្ចាស់ 26 ក្រណាត់ដំបូលទីលាន វាំងននទ្វារចូលទីលាន ក្រណាត់នៅជុំវិញព្រះពន្លា និងអាសនៈខ្សែសន្ធឹង និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយ។ ពួកគេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតំរូវអោយធ្វើ។ 27 អរ៉ុន និងកូនចៅរបស់គាត់ ត្រូវចាត់ចែងអោយកូនចៅគែរសូនលីសែងសម្ភារៈទាំងអស់ គឺអោយពួកគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលខ្លួនត្រូវលី សែង។ 28 នេះហើយជាមុខងារដែល អំបូរគែរសូនត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់ ព្រមទាំងអ្វីៗទាំងអស់ដែលពួកគេមើលថែទាំ ក្រោមបញ្ជារបស់អ៊ីតាម៉ា ជាកូនរបស់បូជាចារ្យអរ៉ុន។
29 ចូរជំរឿនកូនចៅមេរ៉ារី តាមអំបូរ តាមគ្រួសាររបស់ពួកគេ។ 30 ត្រូវជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបំរើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ 31 ចំពោះកិច្ចការដែលពួក គេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់នោះ គឺមើលថែទាំបន្ទះក្ដាររបស់ព្រះពន្លា រនុក សសរ និងជើងសសរ 32 សសរ និងជើងសសរនៅជុំវិញទីលាន ចម្រឹង ខ្សែសន្ធឹង ព្រមទាំងគ្រឿងបរិក្ខារ និងអ្វីៗទាំងអស់ដែលប្រើប្រាស់ជាមួយ។ ត្រូវរាយមុខឈ្មោះរបស់ទាំងនោះ អោយពួកគេមើលថែទាំ។ 33 នេះហើយជាមុខងារដែល អំបូរមេរ៉ារីត្រូវបំពេញ គឺមុខងារទាំងអស់ដែលពួកគេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់ ក្រោមបញ្ជារបស់អ៊ីតាម៉ា ជាកូនរបស់បូជាចារ្យអរ៉ុន»។
34 លោកម៉ូសេ លោកអរ៉ុន និងមេដឹកនាំរបស់សហគមន៍ បានជំរឿនកូនចៅគើហាត់ តាមអំបូរ និងតាមគ្រួសាររបស់ពួកគេ 35 អស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំរើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ 36 ក្នុងអំបូរនេះមានចំនួនទាំងអស់ ២ ៧៥០នាក់។ 37 នេះជាចំនួនអស់អ្នក ដែលមកពីអំបូរគើហាត់ គឺអស់អ្នកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកម៉ូសេ និងលោកអរ៉ុន បានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
38 រីឯកូនចៅគែរសូនដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ 39 គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់ 40 ក្នុងអំបូរនេះមានចំនួនទាំងអស់ ២ ៦៣០ នាក់។ 41 នេះជាចំនួនអស់អ្នក ដែលមកពីអំបូរគែរសូន គឺអស់អ្នកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកម៉ូសេ និងលោកអរ៉ុនបានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មក។
42 អស់អ្នកក្នុងអំបូរមេរ៉ារីដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ 43 គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់ 44 ក្នុងអំបូរនេះមានចំនួនទាំងអស់ ៣ ២០០ នាក់។ 45 នេះហើយជាចំនួនអស់អ្នកដែលមកពីអំបូរមេរ៉ារី។ លោកម៉ូសេ និងលោកអរ៉ុន បានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
46 ពួកលេវីទាំងអស់ដែលលោកម៉ូសេ លោកអរ៉ុន និងមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល បានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ 47 ដោយគិតចាប់ពីអាយុ សាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបំរើការងារក្នុងពន្លាជួបព្រះអម្ចាស់ និងលីសែងសម្ភារៈ 48 ពួកគេមានចំនួនទាំងអស់ ៨ ៥៨០ នាក់។ 49 លោកម៉ូសេបង្គាប់អោយគេជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជារបស់ព្រះអម្ចាស់ ដោយបញ្ជាក់អោយម្នាក់ៗស្គាល់ភារកិច្ច និងសម្ភារៈដែលខ្លួនត្រូវសែង។ គេបានជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។