ជំពូក ១៥

អន់ទី‌យ៉ូគូស​ផ្ញើ​សារ​មក​ជូន​លោក​ស៊ីម៉ូន

1 ព្រះ‌បាទ​អន់ទី‌យ៉ូគូស ជា​បុត្រ​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស សរសេរ​រាជ‌សារ​មួយ​ច្បាប់​ពី​កោះ ផ្ញើ​មក​ជូន​លោក​ស៊ីម៉ូន ជា​មហា​បូជា‌ចារ្យ និង​ជា​មេ​ដឹក​នាំ​នៃ​ជន​ជាតិ​យូដា និង​ប្រជា‌ជាតិ​ទាំង​មូល។ 2 រាជ‌សារ​មាន​ចែង​ដូច​ត​ទៅ៖ «ព្រះ‌បាទ​អន់ទី‌យ៉ូគូស​សូម​ជម្រាប​មក​លោក​ស៊ីម៉ូន ជា​មហា​បូជា‌ចារ្យ និង​ជា​មេ​ដឹក​នាំ​ជន​ជាតិ​យូដា ព្រម​ទាំង​ប្រជា‌ជាតិ​យូដា សូម​ជ្រាប។ 3 ដោយ​មាន​ជន​អន្ធពាល​ដណ្ដើម​រាជា‌ណាចក្រ​របស់​អយ្យ‌កោ​យើង យើង​បាន​ទាម​ទារ​រាជ​អំណាច ហើយ​បាន​គ្រប់​គ្រង​រាជា‌ណាចក្រ​ដូច​ដើម​វិញ។ យើង​បាន​ជ្រើស‌រើស​កង‌ទ័ព​ជា​ច្រើន ហើយ​រៀប​ចំ​សំពៅ​ចម្បាំង 4 ក្នុង​គោល​បំណង​វាយ​ប្រហារ​យក​ស្រុក ហើយ​បណ្តេញ​អស់​អ្នក​ដែល​ធ្វើ​ឲ្យ​ស្រុក​របស់​យើង​អន្ត‌រាយ និង​បំផ្លាញ​ក្រុង​ជា​ច្រើន ក្នុង​រាជា‌ណាចក្រ​យើង។ 5 ឥឡូវ​នេះ យើង​សូម​បញ្ជាក់​ថា យើង​យល់​ព្រម​ធ្វើ​តាម​សេចក្ដី​សម្រេច​របស់​ស្ដេច​ទាំង​ប៉ុន្មាន ដែល​គ្រង​រាជ្យ​មុន​យើង គឺ​មិន​ទាម​ទារ​ពន្ធ​អាករ​ពី​អស់​លោក និង​សួយ​សារ​អាករ​ទាំង​ប៉ុន្មាន ដែល​អស់​លោក​ធ្លាប់​នាំ​មក​ថ្វាយ។ 6 យើង​អនុញ្ញាត​ឲ្យ​លោក​មាន​សិទ្ធិ​ធ្វើ​ប្រាក់​កាក់ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ស្រុក​របស់​យើង។ 7 ក្រុង​យេរូ‌សាឡឹម និង​ព្រះ‌វិហារ​មាន​សេរី‌ភាព មិន​បាច់​បង់​ពន្ធ។ គ្រឿង​សាស្រ្តា​វុធ​ទាំង​ប៉ុន្មាន​ដែល​លោក​រក​បាន បន្ទាយ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​សង់ និង​គ្រប់​គ្រង ស្ថិត​នៅ​ជា​កម្ម​សិទ្ធិ​របស់​លោក​រហូត​ត​រៀង​ទៅ។ 8 យើង​លុប​បំណុល​ទាំង​ប៉ុន្មាន ដែល​លោក​ជំពាក់​ឃ្លាំង​រាជ​ទ្រព្យ​នៅ​ពេល​នេះ ហើយ​នៅ​ពេល​អនាគត។ 9 នៅ​ពេល​យើង​កាន់​កាប់​អំណាច​ឡើង​វិញ យើង​នឹង​ផ្តល់​កិត្តិយស​ខ្ពង់​ខ្ពស់​ជូន​លោក ជូន​ប្រជា‌ជាតិ​របស់​លោក និង​ជូន​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម ឲ្យ​មនុស្ស​ក្នុង​ពិភព‌លោក​ទាំង​មូល​ទទួល​ស្គាល់»។

ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ឡោម​ព័ទ្ធ​លោក​ទ្រីផូន​នៅ​ដូរ៉ា

10 នៅ​ឆ្នាំ​១៧៤ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​យាង​ចូល​ដែន​ដី​នៃ​អយ្យ‌កោ​របស់​ខ្លួន។ កង‌ទ័ព​ទាំង​អស់​ចូល​រួម​ជា​មួយ​ស្ដេច ហើយ​មាន​ទ័ព​តែ​មួយ​ភាគ​តិច​ដែល​នៅ​ជា​មួយ​លោក​ទ្រីផូន។ 11 ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ដេញ​តាម​លោក​ទ្រីផូន ដែល​ភៀស​ខ្លួន​ទៅ​កាន់​ក្រុង​ដូរ៉ា នៅ​តាម​ឆ្នេរ​សមុទ្រ 12 ដ្បិត​គាត់​ដឹង​ច្បាស់​ថា គាត់​មុខ​ជា​ជួប​ប្រទះ​នឹង​គ្រោះ​កាច​មិន​ចេះ​ចប់ ហើយ​កង‌ទ័ព​ក៏​រត់​ចោល​គាត់​ដែរ។ 13 ព្រះ‌បាទ​អន់ទី‌យ៉ូគូស​បាន​នាំ​ទ័ព​ថ្មើរ​ជើង​មួយ​សែន​ពីរ‌ម៉ឺន​នាក់ និង​ទ័ព‌សេះ​ប្រាំបី‌ពាន់​នាក់ មក​បោះ​ទី​តាំង​មុខ​ក្រុង​ដូរ៉ា។ 14 ស្ដេច​ឡោម‌ទ័ព​ទីក្រុង ហើយ​សំពៅ​ចម្បាំង​ជា​ច្រើន​ក៏​ចត​នៅ​មុខ​ក្រុង។ ដោយ​កង‌ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​យ៉ាង​ជិត​គ្រប់​ទិស​ទី​ទាំង​អស់ គ្មាន​នរណា​ម្នាក់​អាច​ចេញ​ចូល​បាន​ឡើយ។

ទូត​របស់​ជន​ជាតិ​យូដា​វិល​ត្រឡប់​មក​ពី​ក្រុង​រ៉ូម

15 លោក​នូមេ‌នីយ៉ូស និង​អ្នក​ដែល​ទៅ​ជា​មួយ​ត្រឡប់​មក​ពី​ក្រុង​រ៉ូម ហើយ​នាំ​លិខិត​មក​ថ្វាយ​ស្ដេច និង​បណ្តា​ស្រុក​នានា។ លិខិត​មាន​ចែង​ដូច​ត​ទៅ៖ 16 «លោក​លូស៊ីយ៉ូស​ជា​ទេសា‌ភិបាល​ជន​ជាតិ​រ៉ូម៉ាំង សូម​ទូល​ថ្វាយ​ព្រះ‌បាទ​ផ្ទូលេមេ សូម​ជ្រាប។ 17 ទូត​នៃ​ជន​ជាតិ​យូដា ដែល​លោក​មហា​បូជា‌ចារ្យ​ស៊ីម៉ូន និង​ប្រជាជន​យូដា ចាត់​ឲ្យ​មក​ជួប​យើង​ខ្ញុំ។ អស់​លោក​មក​ក្នុង​ឋានៈ​ជា​មិត្ត​សម្លាញ់ និង​សម្ពន្ធ‌មិត្ត ដើម្បី​រឹត​ចំណង​មិត្ត‌ភាព និង​សម្ពន្ធ‌មិត្ត​ដូច​កាល​ពី​ដើម​ឡើង​វិញ។ 18 អស់​លោក​យក​ខែល​មាស មាន​ទម្ងន់​ប្រាំ‌រយ​គីឡូ‌ក្រាម​មក​ជា​មួយ​ផង។ 19 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​សម្រេច​ថា​នឹង​សរសេរ​លិខិត​នេះ​ទូល​ថ្វាយ​ស្ដេច ព្រម​ទាំង​ស្រុក​នានា កុំ​ឲ្យ​បង្ក​រឿង​ជា​មួយ​គេ កុំ​ច្បាំង​នឹង​ពួក​គេ ប្រឆាំង​នឹង​ក្រុង​នានា ឬ​ទឹក​ដី​របស់​ពួក​គេ​ដែរ កុំ​រួម​ដៃ​ជួយ​គាំ​ទ្រ​អ្នក​ដែល​វាយ​ប្រហារ​ពួក​គេ​ឡើយ។ 20 យើង​ខ្ញុំ​សុខ​ចិត្ត​ទទួល​យក​ខែល​របស់​ពួក​គេ។ 21 ដូច្នេះ ប្រសិន​បើ​មាន​ជន​ក្បត់​ណា​រត់​ភៀស​ខ្លួន​ពី​ស្រុក​យូដា មក​លាក់​ខ្លួន​លើ​ទឹក​ដី​របស់​ស្ដេច សូម​ចាប់​គេ​ប្រគល់​ជូន​លោក​មហា​បូជា‌ចារ្យ​ស៊ីម៉ូន ដើម្បី​ឲ្យ​លោក​ធ្វើ​ទោស​គេ​តាម​ច្បាប់»។
22 លោក​លូស៊ីយ៉ូស​សរសេរ​លិខិត​ផ្ញើ​ថ្វាយ​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ព្រះ‌បាទ​អាថាល ព្រះ‌បាទ​អារី‌យ៉ារ៉ាត និង​ព្រះ‌បាទ​អរសាស ព្រម​ទាំង​ស្រុក​នានា​គឺ 23 ស្រុក​សាមសាមេ​ជន​ជាតិ​ស្ប៉ាត កោះ​ដេឡូស ក្រុង​មីនដូស ក្រុង​ស៊ីស៊ីយ៉ូន ស្រុក​ការី កោះ​សាម៉ូស ស្រុក​ផាមភីលី ស្រុក​លីស៊ី ស្រុក​ហាលី‌កាណាស កោះ​រ៉ូដ ក្រុង​ផាសេ‌លីស កោះ​កូស ក្រុង​ស៊ីដេ កោះ​អារ៉ាដូស កោះ​គ័រទីន ក្រុង​គ្នីឌ កោះ​គីប្រុស ស្រុក​ស៊ីរ៉េន។ 24 លោក​ចម្លង​លិខិត​នេះ​ផ្ញើ​ជូន​លោក​ស៊ីម៉ូនជា​មហា​បូជា‌ចារ្យ​ដែរ។

ព្រះ‌បាទ​អន់ទី‌យ៉ូគូស​តវ៉ា​ប្រឆាំង​នឹង​លោក​ស៊ីម៉ូន

25 នៅ​គ្រា​នោះ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​ដូរ៉ា ដោយ​វាយ​ប្រហារ​ក្រុង​នេះ​ឥត​ឈប់​ឈរ ហើយ​ដំឡើង​គ្រឿង​សឹក​ដែរ។ កង‌ទ័ព​របស់​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ឡោម‌ព័ទ្ធ​ក្រុង​យ៉ាង​ជិត គ្មាន​នរណា​អាច​ចេញ​ចូល​ឡើយ។ 26 លោក​ស៊ីម៉ូន​ចាត់​ពល‌ទ័ព​ដ៏​ចំណាន​ពីរ‌ពាន់​នាក់ ឲ្យ​ទៅ​ជួយ​ប្រយុទ្ធ​ជា​មួយ​ស្ដេច ព្រម​ទាំង​បញ្ជូន​មាស​ប្រាក់ និង​គ្រឿង​បរិក្ខារ​ជា​ច្រើន។ 27 ប៉ុន្តែ​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​មិន​គ្រាន់​តែ​បដិសេធ​ពុំ​ព្រម​ទទួល​ពល‌ទ័ព និង​អំណោយ​ទាំង​នោះ​ទេ គឺ​បដិសេធ​កិច្ច​ព្រម​ព្រៀង ដែល​លោក​បាន​ចុះ​ជា​មួយ​លោក​ស៊ីម៉ូន កាល​ពី​មុន​ថែម​ទៀត។ ស្ដេច​ក៏​ដូរ​ព្រះ‌ហឫទ័យ​ក្នុង​ការ​ទាក់​ទង​ជា​មួយ​លោក​ស៊ីម៉ូន។ 28 ស្ដេច​ចាត់​លោក​អាថេណូ‌ប៊ីយូស​ជា​មន្ត្រី​ម្នាក់​ឲ្យ​ទៅ​ប្រាប់​លោក​ស៊ីម៉ូន​ថា៖ «អស់​លោក​កាន់​កាប់​ក្រុង​យ៉ូប៉េ ក្រុង​កាសារ៉ា និង​ក្រុង​យេរូ‌សាឡឹម ដែល​សុទ្ធ​តែ​ជា​ក្រុង​ក្នុង​រាជា‌ណាចក្រ​របស់​យើង។ 29 លោក​បាន​ធ្វើ​ឲ្យ​ទឹក​ដី​ទាំង​នោះ​ក្លាយ​ទៅ​ជា​វាល​រហោ​ស្ថាន លោក​ក៏​នាំ​គ្រោះ​កាច​ដល់​ស្រុក​នេះ​ទៀត​ដែរ។ លោក​ត្រួត​ត្រា​ស្រុក​ភូមិ​ជា​ច្រើន​នៃ​រាជា‌ណាចក្រ​របស់​យើង។ 30 ឥឡូវ​នេះ ត្រូវ​តែ​សង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​លោក​ដណ្ដើម​យក​នោះ​មក​យើង​វិញ ហើយ​ត្រូវ​បង់​ពន្ធ​អាករ សម្រាប់​កន្លែង​ដែល​លោក​យក​មក​កាន់​កាប់ ក្រៅ​ពី​ស្រុក​យូដា។
31 ប្រសិន​បើ​អស់​លោក​មិន​យល់​ព្រម​ទេ ចូរ​យក​ប្រាក់​មួយ‌ម៉ឺន​បី​ពាន់​គីឡូ‌ក្រាម មក​បង់​ពន្ធ​ជំនួស ហើយ​ប្រាក់​មួយ​ពាន់​គីឡូ‌ក្រាម​ទៀត បង់​សម្រាប់​ការ​ខូច​ខាត​ក្រុង​នានា និង​ពន្ធ​អាករ​សម្រាប់​ក្រុង​ទាំង​នោះ។ ប្រសិន​បើ​លោក​មិន​យល់​ព្រម​ទេ យើង​នឹង​ចេញ​ទៅ​ធ្វើ​សង្រ្គាម​ជា​មួយ​អស់​លោក»។
32 ពេល​លោក​មន្រ្តី​អាថេណូ‌ប៊ីយូស​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម លោក​ឃើញ​ភាព​រុង‌រឿង​យ៉ាង​អស្ចារ្យ​របស់​លោក​ស៊ីម៉ូន ទូ​ដែល​មាន​សុទ្ធ​តែ​ចាន​មាស និង​ប្រាក់ ព្រម​ទាំង​តុ​ទូ​ដ៏​ល្អ​ប្រណីត។ គាត់​ស្រឡាំង​កាំង ហើយ​យក​ពាក្យ​របស់​ស្ដេច​ទៅ​ប្រាប់​លោក​ស៊ីម៉ូន។ 33 លោក​ស៊ីម៉ូន​ឆ្លើយ​តប​ថា៖ «យើង​ខ្ញុំ​ពុំ​បាន​ដណ្ដើម​យក​ទឹក​ដី​បរទេស ឬ​ទឹក​ដី​ជា​កម្ម​សិទ្ធិ​របស់​អ្នក​ដទៃ​ឡើយ! តែ​ពួក​សត្រូវ​របស់​យើង​ខ្ញុំ​បាន​ដណ្ដើម​យក​ទឹក​ដី​ជា​មត៌ក​របស់​ដូន‌តា​យើង​ខ្ញុំ ដោយ​អយុត្តិ‌ធម៌​ទៅ​កាន់​កាប់​មួយ‌រយៈ ហើយ​យើង​គ្រាន់​តែ​ដណ្ដើម​យក​ទឹក​ដី​នេះ​មក​វិញ​ប៉ុណ្ណោះ។ 34 យើង​ខ្ញុំ​ឆ្លៀត​ឱកាស​ល្អ​ដើម្បី​ដណ្ដើម​យក​ទឹក​ដី ជា​មត៌ក​របស់​ដូន‌តា​យើង​ខ្ញុំ​មក​វិញ។ 35 ចំពោះ​ក្រុង​យ៉ូប៉េ និង​ក្រុង​កាសារ៉ា​ដែល​លោក​ទាម​ទារ​នោះ ក្រុង​ទាំង​ពីរ​នេះ​បាន​ធ្វើ​បាប​ប្រជាជន និង​ស្រុក​យើង​យ៉ាង​ខ្លាំង។ យើង​ខ្ញុំ​នឹង​ជូន​ប្រាក់​ចំនួន​ពីរ‌ពាន់​ប្រាំពីរ‌រយ​គីឡូ‌ក្រាម ថ្វាយ​ស្ដេច»។ លោក​អាថេណូ‌ប៊ីយូស ពុំ​ឆ្លើយ​តប​អ្វី​ឡើយ។ 36 លោក​ខឹង​ក្តៅ​ក្រហាយ​ត្រឡប់​ទៅ​គាល់​ព្រះ‌រាជា ទូល​ពាក្យ​ទាំង​ប៉ុន្មាន​របស់​លោក​ស៊ីម៉ូន​ថ្វាយ​ស្ដេច ព្រម​ទាំង​រាយ​ការណ៍​អំពី​ភាព​រុង‌រឿង​របស់​លោក​ស៊ីម៉ូន ដូច​លោក​បាន​ឃើញ​នោះ។ ព្រះ‌រាជា​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង។

ទេសា​ភិបាល​កិនដេបេ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជាជន​យូដា

37 លោក​ទ្រីផូន​ចុះ​សំពៅ ហើយ​រត់​ភៀស​ខ្លួន​ទៅ​ក្រុង​អ៊ូរថូ‌ស៊ីយ៉ា។ 38 ព្រះ‌បាទ​អន់ទី‌យ៉ូគូស​តែង​តាំង​លោក​កិន​ដេបេ​ធ្វើ​ជា​ទេសា​ភិបាល នៅ​តំបន់​ឆ្នេរ​សមុទ្រ ទាំង​ផ្តល់​ទ័ព​ថ្មើរ​ជើង និង​ទ័ព‌សេះ​ឲ្យ​លោក។ 39 ព្រះ‌រាជា​បញ្ជា​ឲ្យ​លោក​បោះ​ទ័ព​នៅ​ទល់​មុខ​ស្រុក​យូដា និង​សង់​ក្រុង​កេដ្រូន​ឡើង​វិញ ធ្វើ​ទ្វារ​ឲ្យ​មាំ ព្រម​ទាំង​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ប្រជាជន​យូដា។ ចំពោះ​ព្រះ‌រាជា​វិញ ព្រះ‌អង្គ ដេញ​លោក​ទ្រីផូន។ 40 លោក​កិនដេបេ​ទៅ​ដល់​ក្រុង​យ៉ាម‌នីយ៉ា ហើយ​ចាប់​ផ្ដើម ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជាជន​យូដា​ជា​ច្រើន ដោយ​ឈ្លាន​ពាន​ចូល​ស្រុក​យូដា ចាប់​ប្រជាជន​ធ្វើ​ជា​ឈ្លើយ និង​កាប់​សម្លាប់​ប្រជាជន​ទៀត​ផង។ 41 លោក​សង់​ក្រុង​កេដ្រូន​ឡើង​វិញ ដាក់​ទ័ព​ថ្មើរ​ជើង និង​ទ័ព‌សេះ​មួយ​ចំនួន​នៅ​ក្រុង​នេះ ដើម្បី​ងាយ​ស្រួល​ចេញ​ទៅ​វាយ​ប្រយុទ្ធ និង​យាម​ល្បាត​មើល​តាម​ផ្លូវ​ទៅ​កាន់​ស្រុក​យូដា តាម​រាជ‌បញ្ជា​របស់​ព្រះ‌មហា​ក្សត្រ។