ជំពូក ១០
ព្រះបាទអឡិចសង់បាឡាសតែងតាំងលោកយ៉ូណាថានជាមហាបូជាចារ្យ
1 នៅឆ្នាំ១៦០ ព្រះបាទអឡិចសង់អេពីផាន ជាបុត្រព្រះបាទអន់ទីយ៉ូគូស ធ្វើដំណើរតាមសំពៅ ហើយសំចតក្បែរក្រុងផ្ទោឡេម៉ៃស៍ រួចវាយដណ្ដើមយកក្រុងនោះ។ ប្រជាជនអបអរសាទរ ហើយតែងតាំង លោកជាស្ដេចរបស់ពួកគេផង។ 2 កាលព្រះបាទដេម៉េទ្រីយ៉ូសជ្រាបដំណឹងនេះ ព្រះអង្គប្រមូលកងទ័ពដែលមានកម្លាំងខ្លាំងក្លា ហើយយាងចេញទៅច្បាំងនឹងព្រះបាទអឡិចសង់នោះ។ 3 ព្រះបាទដេម៉េទ្រីយ៉ូសផ្ញើសារមួយច្បាប់ជូនលោកយ៉ូណាថានសុំសន្តិភាព ដោយសន្យាជាច្រើនជាមួយលោកផង។ 4 ព្រះរាជាឈ្វេងយល់ថា៖ «យើងត្រូវចុះសន្ធិសញ្ញាសន្តិភាពជាមួយពួកយូដាយ៉ាងប្រញាប់ ក្រែងពួកគេរួបរួមជាមួយព្រះបាទអឡិចសង់ប្រឆាំងនឹងយើង។ 5 នៅពេលនោះ លោកយ៉ូណាថានមុខជានឹកគិតពីទុក្ខវេទនាទាំងប៉ុន្មាន ដែលយើងបានធ្វើដល់លោក ដល់បងប្អូនលោក និងជនជាតិលោកមិនខាន»។ 6 ព្រះបាទដេម៉េទ្រីយ៉ូសអនុញ្ញាតឲ្យលោកយ៉ូណាថានកេណ្ឌទ័ព និងគ្រឿងសាស្រ្តាវុធ ព្រមទាំងធ្វើទៅជាសម្ពន្ធមិត្តរបស់ព្រះអង្គផង។ ព្រះរាជាចេញរាជបញ្ជាឲ្យដោះលែងអស់អ្នកដែលព្រះអង្គចាប់យកជាចំណាប់ខ្មាំង ហើយឃុំឃាំងក្នុងបន្ទាយក្រុងយេរូសាឡឹម ប្រគល់ឲ្យលោកយ៉ូណាថានវិញ។ 7 ពេលនោះ លោកយ៉ូណាថានអញ្ជើញទៅដល់ក្រុងយេរូសាឡឹម ហើយអានសារនៅចំពោះមុខប្រជាជនទាំងមូល និងឲ្យពលទាហាននៅក្នុងបន្ទាយស្តាប់។ 8 ពួកគេភ័យខ្លាចជាខ្លាំងដោយឮថា ព្រះករុណាអនុញ្ញាតឲ្យលោកយ៉ូណាថានប្រមូលកងទ័ព។ 9 ពួកទាហាននៅក្នុងបន្ទាយ ប្រគល់អ្នកដែលគេចាប់ទុកជាថ្នូរឲ្យទៅលោកយ៉ូណាថាន ហើយលោកក៏ប្រគល់ពួកគេ ឲ្យក្រុមគ្រួសាររបស់គេរៀងៗខ្លួនដែរ។ 10 លោកយ៉ូណាថានតាំងទីលំនៅក្នុងក្រុងយេរូសាឡឹម ហើយចាប់ផ្ដើមជួសជុល និងសង់ក្រុងនេះឡើងវិញ។ 11 លោកបង្គាប់ឲ្យមេជាងសង់កំពែង និងយកថ្មដាប់ធ្វើជាកំពែងការពារជុំវិញភ្នំស៊ីយ៉ូនផង។ ពួកមេជាងក៏ធ្វើតាមបញ្ជារបស់លោកដែរ។ 12 ពួកសាសន៍ដទៃដែលរស់នៅក្នុងក្រុងនានា ដែលលោកបាកឃីដែសបានសង់នោះ រត់បាត់អស់ទៅ 13 គឺពួកគេបោះបង់កន្លែងរបស់ខ្លួន ហើយវិលទៅកាន់ស្រុករៀងៗខ្លួនវិញ។ 14 ប៉ុន្តែ នៅក្រុងបេតសួរ គេទុកជនជាតិយូដាខ្លះដែលបោះបង់ចោលវិន័យ និងបទបញ្ជារបស់លោកម៉ូសេឲ្យនៅក្នុងក្រុង ព្រោះក្រុងនេះជាទីជម្រករបស់ពួកគេ។
15 ព្រះបាទអឡិចសង់ជ្រាបអំពីព្រះបន្ទូលសន្យារបស់ព្រះបាទដេម៉េទ្រីយ៉ូស ចំពោះលោកយ៉ូណាថាន។ មានគេទូលរៀបរាប់អំពីការធ្វើសង្គ្រាម និងសេចក្ដីអង់អាចក្លាហានរបស់លោកយ៉ូណាថាន និងបងប្អូនរបស់លោក ព្រមទាំងទុក្ខវេទនារបស់ពួកគេផង។ 16 ព្រះរាជាមានរាជឱង្ការថា៖ «យើងមិនអាចរកនរណាម្នាក់ដូចលោកយ៉ូណាថានទេ! យើងត្រូវតែចងមិត្តភាព និងចងសម្ពន្ធមិត្តជាមួយលោកចាប់ពីពេលនេះទៅ»។ 17 ព្រះរាជាសរសេររាជសារមួយច្បាប់ជូនលោកយ៉ូណាថាន មានសេចក្ដីដូចតទៅ៖18 «ព្រះបាទអឡិចសង់ជម្រាបមកលោកយ៉ូណាថាន ជាបងប្អូន សូមជ្រាប។ 19 យើងឮគេពោលថា លោកជាវីរជនមួយរូបប្រកបដោយសេចក្ដីក្លាហាន គួរធ្វើជាមិត្តរបស់យើង។ 20 ហេតុនេះហើយ តាំងពីថ្ងៃនេះ យើងតែងតាំងលោកឲ្យធ្វើជាមហាបូជាចារ្យ សម្រាប់ជាតិរបស់លោករហូតតទៅ។ យើងប្រគល់ឲ្យលោកមានឋានៈជាមិត្តរបស់ព្រះករុណាផងដែរ។ លោកត្រូវគាំទ្រយើង និងនៅជាមិត្តរបស់យើង កាន់តាមយើង»។ ព្រះរាជាប្រទានអាវធំពណ៌ក្រហម និងមកុដមាសឲ្យលោកផងដែរ។
21 លោកយ៉ូណាថានពាក់អាវដ៏សក្ការៈជាមហាបូជាចារ្យនៅថ្ងៃទី៧ ក្នុងឆ្នាំ ១៦០ គឺក្នុងឱកាសបុណ្យបារាំ។ លោកប្រមូលកងទ័ព ហើយផលិតគ្រឿងអាវុធជាច្រើន។
ព្រះបាទដេម៉េទ្រីយ៉ូសប្រទានអភ័យឯកសិទ្ធិដល់ជនជាតិយូដា
22 ពេលព្រះបាទដេម៉េទ្រីយ៉ូសជ្រាបរឿងនេះ ព្រះអង្គទាស់ព្រះហឫទ័យ ហើយមានរាជឱង្ការថា៖ 23 «តើយើងបានប្រព្រឹត្តអ្វីខុស ទើបព្រះបាទអឡិចសង់ទាក់ទាញជនជាតិយូដាឲ្យស្រលាញ់ និងគាំទ្រគេមុនយើងដូច្នេះ! 24 យើងនឹងផ្ញើសារមួយច្បាប់លើកទឹកចិត្តពួកគេ ដោយប្រទានឋានន្តរសក្តិដ៏ខ្ពង់ខ្ពស់ និងរាជអំណាចជាច្រើនដើម្បីឲ្យពួកគេគាំទ្រយើង!»។ 25 ព្រះបាទដេម៉េទ្រីយ៉ូសសរសេររាជ សារមានសេចក្ដីដូចតទៅ៖
«ព្រះបាទដេម៉េទ្រីយ៉ូសជម្រាបមកជនជាតិយូដា សូមជ្រាប! 26 យើងទទួលដំណឹងថា អស់លោកនៅតែគោរពសន្ធិសញ្ញាដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នា។ អស់លោកនៅតែជាមិត្តរបស់យើង ហើយក៏មិនបានចូលដៃជាមួយសត្រូវរបស់យើងដែរ។ ដូច្នេះ យើងមានអំណរជាខ្លាំង! 27 ប្រសិនបើអស់លោកនៅតែស្មោះត្រង់ចំពោះយើងតទៅទៀត យើងនឹងប្រទានរង្វាន់ដល់អស់លោក។ 28 យើងនឹងឈប់ឲ្យអស់លោកបង់ពន្ធអាករជាច្រើន ហើយយើងប្រទានអំណោយជាច្រើនថែមទៀតផង។ 29 តាំងពីថ្ងៃនេះតទៅ ប្រជាជាតិយូដាទាំងអស់ មិនត្រូវបង់ពន្ធអាករប្រចាំឆ្នាំ ពន្ធអំបិល ព្រមទាំងពន្ធមកុដមាសផង! 30 ម្យ៉ាងទៀត តាំងពីថ្ងៃនេះតទៅ យើងលែងទាមទារមួយភាគបីនៃភោគផលនានា និងពាក់កណ្តាលជាផ្លែឈើ ដែលអស់លោកត្រូវប្រគល់ឲ្យយើង។ យើងលែងទាមទារពន្ធទាំងនោះពីស្រុកយូដា និងតំបន់ទាំងបីនៃស្រុកសាម៉ារី ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា ព្រមទាំងស្រុកកាលីឡេផង។ 31 ក្រុងយេរូសាឡឹមនឹងទៅជាក្រុងដ៏វិសុទ្ធទាំងអ្នកក្រុង ទាំងអ្នកស្រុកទាំងប៉ុន្មាននៅជុំវិញក្រុងនោះ មិនត្រូវបង់ពន្ធដារ និងតង្វាយមួយភាគដប់នៃភោគផលឡើយ។ 32 យើងឈប់គ្រប់គ្រងបន្ទាយក្រុងយេរូសាឡឹម ហើយប្រគល់ក្រុងនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាបូជាចារ្យវិញ លោកអាចជ្រើសរើសកងទ័ពសម្រាប់ការពារក្រុងនេះផង។ 33 យើងនឹងដោះលែងជនជាតិយូដាទាំងប៉ុន្មាន ដែលគេចាប់យកទៅជាឈ្លើយនៅស្រុកយូដា ទោះបីនៅកន្លែងណាក៏ដោយ ក្នុងរាជាណាចក្ររបស់យើងឲ្យមានសេរីភាពដោយមិនបាច់បង់ថ្លៃលោះខ្លួនវិញទេ គឺពួកគេរួចពីពន្ធអាករ ទាំងខ្លួនគេ ទាំងសត្វរបស់គេផង។ 34 មិនត្រូវទារពន្ធដារ ឬបំណុលពីជនជាតិយូដាទាំងប៉ុន្មានដែលរស់នៅក្នុងរាជាណាចក្ររបស់យើង នៅថ្ងៃធ្វើ ពិធីទាំងឡាយ នៅថ្ងៃសប្ប័ទ ថ្ងៃបុណ្យដើមខែ ហើយនៅថ្ងៃបុណ្យដែលគេប្រារព្ធតាមពេលកំណត់ ក្នុងកំឡុងពេលបីថ្ងៃមុន និងបីថ្ងៃក្រោយផង។ 35 គ្មាននរណាម្នាក់មានសិទ្ធិទាមទារឲ្យគេបង់ប្រាក់ ឬធ្វើឲ្យគេបារម្ភអំពីរឿងអ្វីមួយនៅថ្ងៃទាំងនោះឡើយ។ 36 គេអាចកេណ្ឌប្រជាជនយូដារហូតដល់បីម៉ឺននាក់ ឲ្យចូលបម្រើកងទ័ពរបស់ព្រះរាជា ហើយពួកគេនឹងទទួលប្រាក់ខែ ដូចទាហានឯទៀត ក្នុងរាជាណាចក្រដែរ។ 37 ត្រូវចាត់ពួកគេខ្លះនៅក្នុងបន្ទាយដ៏សំខាន់ៗ ត្រូវតែងតាំងជនជាតិយូដាខ្លះទៀត ឲ្យបំពេញមុខងារគួរឲ្យទុកចិត្តក្នុងរាជាណាចក្រ។ ត្រូវជ្រើសរើសមេដឹកនាំ និងមន្ត្រីរបស់ពួកគេ ក្នុងចំណោមជនជាតិគេ ហើយគេមានសិទ្ធិគោរពវិន័យរបស់គេ ដូចព្រះរាជាបានចេញបញ្ជាសម្រាប់ស្រុកយូដា។ 38 ចំពោះអាណាខេត្តបីដែលជនជាតិយូដាដណ្ដើមយកពីស្រុកសាម៉ារី ចូរស្ថិតនៅចំណុះស្រុកយូដា និងជាស្រុកតែមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាបូជាចារ្យតែម្នាក់ប៉ុណ្ណោះ។
39 យើងប្រគល់ក្រុងផ្ទោឡេម៉ៃស៍ និងទឹកដីដែលជាប់នៅក្រុងនេះ ថ្វាយព្រះវិហារក្រុងយេរូសាឡឹម ដើម្បីយកបច្ច័យ សម្រាប់ចំណាយក្នុងពិធីបុណ្យ។ 40 រីឯយើងវិញ យើងសន្យាថានឹងឲ្យប្រាក់ចំនួនមួយម៉ឺនប្រាំពាន់ណែនជារៀងរាល់ឆ្នាំពីរាជទ្រព្យ តាមពន្ធដែលគេប្រមូលទុកនោះ។ 41 ម្យ៉ាងទៀត តាំងពីពេលនេះតទៅ រាជការនឹងផ្តល់ប្រាក់ ដើម្បីជុសជុលព្រះវិហារ ជាថ្នូរប្រាក់ទាំងប៉ុន្មានដែលពួកគេមិនបានបង់ពីឆ្នាំមុនៗមក 42 ហើយផ្តល់ប្រាក់ប្រាំពាន់ណែនទៀតដែលរាជការធ្លាប់ទាមទារពីបច្ច័យនៃព្រះវិហារជារៀងរាល់ឆ្នាំ មកក្រុមបូជាចារ្យដែលបំពេញការងាររបស់ខ្លួន។ 43 អស់អ្នកដែលរត់ទៅជ្រកនៅក្នុងព្រះវិហារយេរូសាឡឹម ឬក្នុងបរិវេណព្រះវិហារ ព្រោះមិនបានបង់ពន្ធដារ ឬ ព្រោះមូលហេតុផ្សេងៗទៀតនឹងបានរូចខ្លួន ហើយមានសេរីភាពនឹងថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួន ទោះនៅកន្លែងណាក៏ដោយ ក្នុងរាជាណាចក្ររបស់យើង។
44 ចំណែកឯប្រាក់ចំណាយក្នុងការសង់ ឬជួសជុលទីសក្ការៈ ត្រូវយកពីរាជទ្រព្យ។ 45 ប្រាក់ដែលត្រូវចំណាយសម្រាប់សង់ជញ្ជាំង និងកំពែងក្រុងយេរូសាឡឹម ឬកំពែងក្រុងផ្សេងៗនៅស្រុកយូដា ក៏ត្រូវយកពីរាជទ្រព្យដែរ»។
ព្រះបាទដេម៉េទ្រីយ៉ូសសោយទិវង្គត
46 ពេលលោកយ៉ូណាថាន និងប្រជាជន បានឮសេចក្ដីក្នុងរាជសារនោះ ពួកគេមិនព្រមជឿ និងចាប់អារម្មណ៍ទេ ព្រោះគេនៅតែនឹកឃើញពីអំពើអាក្រក់ទាំងប៉ុន្មាន ដែលព្រះបាទដេម៉េទ្រីយ៉ូសបានប្រព្រឹត្តនៅស្រុកអ៊ីស្រាអែល ហើយនឹកឃើញពីការជិះជាន់សង្កត់សង្កិនរបស់ស្ដេចទៅលើពួកគេ។ 47 ដូច្នេះ ពួកគេសម្រេចចិត្តគាំទ្រព្រះបាទអឡិចសង់ ព្រោះគេយល់ថា ព្រះបាទអឡិចសង់មានព្រះបន្ទូលមកគេដោយចង់បានសន្តិភាព ហើយពួកគេធ្វើសម្ពន្ធមិត្តរបស់ស្ដេចរហូត។ 48 ព្រះបាទអឡិចសង់ប្រមូលកងទ័ពជាច្រើន ហើយចេញទៅច្បាំងនឹងព្រះបាទដេម៉េទ្រីយ៉ូស។ 49 ប៉ុន្តែ នៅពេលដែលកងទ័ពនៃស្ដេចទាំងពីរប្រយុទ្ធគ្នា កងទ័ពរបស់ព្រះបាទអឡិចសង់នាំគ្នារត់។ ព្រះបាទដេម៉េទ្រីយ៉ូសដេញតាមពួកគេ ហើយក៏មានជ័យជម្នះលើកងទ័ពរបស់សត្រូវ 50 ព្រះអង្គប្រយុទ្ធយ៉ាងខ្លាំងរហូតដល់ពេលថ្ងៃលិច ប៉ុន្តែ ព្រះបាទដេម៉េទ្រីយ៉ូសក៏សោយទិវង្គតនៅថ្ងៃនោះទៅ។
ព្រះបាទអឡិចសង់បាឡាសចងសម្ពន្ធមិត្តជាមួយលោកយ៉ូណាថាន
51 ព្រះបាទអឡិចសង់ចាត់រាជទូតឲ្យនាំរាជសារទៅគាល់ព្រះបាទផ្ទូលេមេ ជាព្រះមហាក្សត្រស្រុកអេស៊ីប ដែលមានសេចក្ដីដូចតទៅ៖
52 យើងវិលត្រឡប់មកកាន់រាជាណាចក្ររបស់យើងវិញ គង់លើបល្ល័ង្កនៃអយ្យកោរបស់យើង ហើយកាន់អំណាច ព្រមទាំងកម្ទេចកងទ័ពដេម៉េទ្រីយ៉ូស។ យើងគ្រប់គ្រងស្រុករបស់យើងទាំងមូល។ 53 យើងច្បាំងនឹងព្រះបាទដេម៉េទ្រីយ៉ូស គឺកម្ទេចទាំងស្ដេច ទាំងកងទ័ព ហើយដណ្ដើមយករាជបល្ល័ង្កទៀតផង។ 54 ឥឡូវនេះ យើងសូមចងសម្ពន្ធមិត្តជាមួយព្រះករុណា មេត្តាប្រោសប្រណីលើករាជបុត្រីរបស់ព្រះករុណា ឲ្យធ្វើជាព្រះមហេសីរបស់យើង យើងក៏ទៅជាបុត្រសុណិសារបស់ព្រះអង្គដែរ។ យើងនឹងរៀបបណ្តាការថ្វាយព្រះករុណា និងព្រះនាង ឲ្យសក្តិសមនឹងឋានៈរបស់ព្រះករុណា»។
55 ព្រះបាទផ្ទូលេមេឆ្លើយតបថា៖ «សូមអបអរសាទរ ថ្ងៃដែលព្រះរាជាយាងត្រឡប់ចូលក្នុងស្រុកអយ្យកោរបស់ព្រះរាជាវិញ! សូមអបអរសាទរព្រះរាជាឡើងគង់លើរាជបល្ល័ង្កផង!។ 56 ឥឡូវនេះ យើងយល់ព្រមតាមសំណូមពរដែលព្រះរាជាបានសរសេរនោះ សូមព្រះរាជាយាងមកជួបយើងនៅក្រុងផ្ទោឡេម៉ៃស៍ ដើម្បីពិភាក្សាគ្នា។ យើងនឹងលើករាជបុត្រីរបស់យើងថ្វាយតាមសំណូមពរនោះ»។ 57 នៅឆ្នាំ ១៦២ ព្រះបាទផ្ទូលេមេ និងនាងក្លេអូប៉ាត្រជាបុត្រី យាងចេញពីស្រុកអេស៊ីប មកដល់ក្រុងផ្ទោឡេម៉ៃស៍។ 58 ព្រះបាទអឡិចសង់យាងចេញទៅទទួលព្រះបាទផ្ទូលេមេ។ ព្រះបាទផ្ទូលេមេក៏លើកព្រះនាងក្លេអូប៉ាត្រ ជាបុត្រីថ្វាយព្រះបាទអឡិចសង់ ហើយរៀបអភិសេកយ៉ាងឱឡារិក នៅក្រុងផ្ទោឡេម៉ៃស៍ តាមទំនៀមទម្លាប់របស់ព្រះមហាក្សត្រ។ 59 ព្រះបាទអឡិចសង់សរសេរលិខិតមួយច្បាប់ អញ្ជើញលោកយ៉ូណាថានឲ្យមកគាល់។ 60 លោកយ៉ូណាថានអញ្ជើញទៅកាន់ក្រុងផ្ទោឡេម៉ៃស៍យ៉ាងអធិកអធម ហើយលោកក៏ចូលទៅគាល់ស្ដេចទាំងពីរអង្គនៅក្រុងនោះ។ លោកនាំយកជំនូនជាច្រើន គឺប្រាក់ និងមាស ថ្វាយព្រះមហាក្សត្រ និងមន្ត្រីរបស់ស្ដេចទាំងពីរ ហើយបានគាប់ព្រះហឫទ័យព្រះមហាក្សត្រទាំងពីរអង្គនោះ។ 61 ប៉ុន្តែ នៅពេលនោះ មានជនពាលខ្លះដែលជាអ្នកបង្កភាពអន្តរាយដល់ប្រជាជនអ៊ីស្រាអែល ព្រួតដៃគ្នាប្រឆាំងនឹងលោកយ៉ូណាថាន ហើយនាំគ្នាចោទប្រកាន់លោកទៅព្រះមហាក្សត្រ។ ប៉ុន្តែ ព្រះបាទអឡិចសង់មិនយកព្រះហឫទ័យទុកដាក់នឹងសេចក្ដីចោទប្រកាន់នោះទេ។ 62 ព្រះរាជាបញ្ជាឲ្យផ្លាស់សម្លៀកបំពាក់របស់លោកយ៉ូណាថានចេញ និងបំពាក់អាវផាយពណ៌ស្វាយរបស់ស្ដេចវិញ។ 63 ព្រះរាជាប្រោសប្រទានឲ្យលោកយ៉ូណាថានអង្គុយនៅក្បែរព្រះអង្គ ហើយមានរាជឱង្ការប្រាប់នាម៉ឺនមន្ត្រីថា៖ «សូមនាំលោកយ៉ូណាថានទៅកណ្តាលទីក្រុង ហើយប្រកាសថា មិនអនុញ្ញាតឲ្យនរណាម្នាក់ប្តឹងលោកពីមូលហេតុណាមួយឡើយ! ឬសូមកុំឲ្យនរណាម្នាក់រករឿងលោក ដោយប្រការណាមួយឡើយ!»។ 64 ពេលជនពាលដែលចោទប្រកាន់លោកយ៉ូណាថានឃើញថា លោកទទួលកិត្តិយសតាមសេចក្ដីប្រកាសរបស់ព្រះមហាក្សត្របែបនេះ និងឃើញថាលោកពាក់អាវផាយពណ៌ស្វាយរបស់ស្ដេចដូច្នេះ ពួកគេក៏រត់បាត់អស់ទៅ។ 65 ព្រះមហាក្សត្រផ្តល់កិត្តិយសឲ្យលោកយ៉ូណាថាន ដោយចុះឈ្មោះលោកក្នុងចំណោមមិត្តភក្តិជិតដិតរបស់ស្ដេច ហើយតែងតាំងលោកជាមេដឹកនាំ និងជាទេសាភិបាលផង។ 66 លោកយ៉ូណាថានវិលត្រឡប់ទៅកាន់ក្រុងយេរូសាឡឹមវិញដោយសុខសាន្ត និងអំណរសប្បាយរីករាយ។
លោកយ៉ូណាថានមានជ័យជម្នះលើលោកអាប៉ូឡូនីយ៉ូស
67 នៅឆ្នាំ១៦៥ សម្ដេចដេម៉េទ្រីយ៉ូស ជាបុត្ររបស់ព្រះបាទដេម៉េទ្រីយ៉ូស យាងចាកចេញពីកោះក្រែត មកដល់ស្រុកស៊ីរី ជាទឹកដីរបស់ព្រះអយ្យកោសម្ដេច។ 68 ពេលព្រះបាទអឡិចសង់ជ្រាបដំណឹងនេះ ព្រះអង្គទាស់ព្រះហឫទ័យ ហើយយាងត្រឡប់ទៅកាន់ក្រុងអន់ទីយ៉ូកវិញ។ 69 ព្រះបាទដេម៉េទ្រីយ៉ូសតែងតាំងលោកអាប៉ូឡូនីយ៉ូស ធ្វើជាទេសាភិបាល ក្នុងស្រុកសេឡើស៊ីរី។ លោកអាប៉ូឡូនីយ៉ូសប្រមូលកងទ័ពជាច្រើន មកបោះទីតាំងនៅក្បែរក្រុងយ៉ាមនីយ៉ា ហើយចាត់គេឲ្យទៅជម្រាបលោកយ៉ូណាថាន ជាមហាបូជាចារ្យថា៖ 70 «មានតែលោកម្នាក់គត់ដែលប្រឆាំងនឹងយើង! គេចំអកដាក់យើង ហើយយើងត្រូវអាម៉ាស់ដោយសារតែលោក! ហេតុអ្វីបានជាលោកកាន់អំណាចនៅលើភ្នំនេះ ប្រឆាំងនឹងយើងដូច្នេះ? 71 ប្រសិនបើលោកជឿទុកចិត្តលើកងទ័ពរបស់លោកមែននោះ ចូរចេញមកវាលហើយប្រយុទ្ធនឹងយើង ដើម្បីសាកល្បងកម្លាំងគ្នា ដ្បិតយើងមានកម្លាំងពីក្រុងទាំងឡាយជាជំនួយ។ 72 ចូរស៊ើបសួរឲ្យច្បាស់ នោះលោកពិតជាដឹងថា តើយើងជានរណា ហើយនរណាខ្លះជាអ្នករួមតយុទ្ធជាមួយយើងដែរ។ គេតែងពោលថា អ្នករាល់គ្នាពុំអាចទប់ទល់នឹងកម្លាំងទ័ពរបស់យើងបានទេ ព្រោះដូនតារបស់អ្នកបានបរាជ័យពីរដងរួចទៅហើយនៅស្រុករបស់ខ្លួន។ 73 អ្នកពុំអាចទប់ទល់នឹងទ័ពសេះរបស់យើងបានទេ ហើយនៅទីវាលនោះជាកន្លែងគ្មានភ្នំ គ្មានផ្ទាំងថ្មលាក់ខ្លួន គ្មានទីរត់គេច គ្មានជម្រកភៀសខ្លួន អ្នកពុំអាចទប់ទល់នឹងកងទ័ពរបស់យើងដែលមានគ្នាច្រើនយ៉ាងនេះបានដែរ!»។ 74 ពេលលោកយ៉ូណាថានឮពាក្យរបស់លោកអាប៉ូឡូនីយ៉ូសដូច្នេះ លោកជ្រួលច្របល់ក្នុងចិត្តយ៉ាងខ្លាំង។ លោកជ្រើសរើសយកកងទ័ពមួយម៉ឺននាក់ ចេញពីក្រុងយេរូសាឡឹម។ លោកស៊ីម៉ូនជាបង ក៏នាំកងទ័ពទៅជួយលោកដែរ។ 75 លោកបោះទ័ពនៅខាងមុខក្រុងយ៉ូប៉េ។ ប្រជាជនបិទទ្វារក្រុងមិនព្រមឲ្យលោកចូលទេ ព្រោះមានកងទ័ពរបស់លោកអាប៉ូឡូនីយ៉ូសនៅក្នុងក្រុងនោះ។ លោកយ៉ូណាថានចាប់ផ្ដើមវាយសម្រុក។ 76 ពេលនោះ ប្រជាជននាំគ្នាភ័យខ្លាចក៏បើកទ្វារក្រុង ហើយលោកយ៉ូណាថានក៏ដណ្ដើមយកបានក្រុងយ៉ូប៉េមកគ្រប់គ្រង។ 77 កាលលោកអាប៉ូឡូនីយ៉ូសជ្រាបដំណឹងនេះ គាត់លើកទ័ពសេះចំនួនបីពាន់នាក់ និងកងទ័ពថ្មើរជើងជាច្រើន ធ្វើដំណើរតម្រង់ទៅក្រុងអាសូតូ ដូចជាមានបំណងកាត់ស្រុក។ ប៉ុន្តែ ពេលនោះ លោកចូលទៅក្នុងវាលដោយទុកចិត្តលើទ័ពសេះដ៏ច្រើនរបស់លោក។ 78 លោកយ៉ូណាថានដេញតាមគាត់នៅក្បែរក្រុងអាសូតូហើយកងទ័ពទាំងពីរប្រយុទ្ធគ្នា។ 79 លោកអាប៉ូឡូនីយ៉ូសបានទុកទ័ពសេះមួយពាន់នាក់ខាងក្រោយកងទ័ពរបស់លោកយ៉ូណាថាន។ 80 លោកយ៉ូណាថានដឹងពីគម្រោងការដែលគេពួនវាយស្ទាក់លោកពីក្រោយ។ ទ័ពសេះរបស់លោកអាប៉ូឡូនីយ៉ូស ឡោមព័ទ្ធកងទ័ពរបស់លោកយ៉ូណាថាន ហើយបាញ់ព្រួញលើកងទ័ពអ៊ីស្រាអែល តាំងពីព្រឹករហូតដល់ល្ងាច។ 81 ប៉ុន្តែ កងទ័ពរបស់លោកយ៉ូណាថានទប់ទល់យ៉ាងអង់អាច តាមបញ្ជារបស់លោក បណ្ដាលឲ្យសេះរបស់សត្រូវអស់កម្លាំងជាខ្លាំង។ 82 ពេលនោះ ស្រាប់តែលោកស៊ីម៉ូននាំកងទ័ពរបស់ខ្លួន វាយប្រហារកងទ័ពថ្មើរជើងរបស់សត្រូវ ក្នុងពេលសេះកំពុងតែអស់កម្លាំង ហើយលោកស៊ីម៉ូនវាយកម្ទេចកងទ័ពខ្មាំងដែលបាក់ទ័ពរត់អស់។ 83 ទ័ពសេះរត់ខ្ចាត់ខ្ចាយនៅតាមវាល។ ពលទាហានបាក់ទ័ព រត់មកដល់ក្រុងអាសូតូ ហើយចូលលាក់ខ្លួនក្នុងព្រះវិហាររបស់ព្រះដាកូន ជាទីសក្ការៈនៃព្រះរបស់គេ ដើម្បីឲ្យបានរួចជីវិត។ 84 លោកយ៉ូណាថានដុតក្រុងនោះ និងក្រុងដែលនៅជុំវិញចោល។ លោករឹបអូសយកជយភណ្ឌ ហើយដុតទីសក្ការៈរបស់ព្រះដាកូន ព្រមទាំងអស់អ្នកដែលចូលលាក់ខ្លួននៅទីនោះ។ 85 មានមនុស្សប្រមាណប្រាំបីពាន់នាក់ស្លាប់ដោយមុខដាវ ឬដោយភ្លើងនៅថ្ងៃនោះ។ 86 លោកយ៉ូណាថានចាកចេញពីនោះ ហើយបោះទីតាំងនៅក្បែរក្រុងអាស្កាឡូន។ ប្រជាជនចេញពីក្រុងមកទទួលស្វាគមន៍លោកយ៉ាងអធិកអធម។ 87 លោកយ៉ូណាថាន និងកងទ័ពត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ទាំងនាំយកជយភណ្ឌជាច្រើនទៅជាមួយផង។ 88 ពេលព្រះបាទអឡិចសង់ជ្រាបហេតុការណ៍ទាំងនោះ ព្រះអង្គប្រទានកិត្តិយសដ៏ខ្ពង់ខ្ពស់ឲ្យលោក យ៉ូណាថានថែមទៀត 89 គឺព្រះរាជាប្រទានក្លាស់មាសឲ្យលោក ដូចព្រះរាជាធ្លាប់ប្រទានឲ្យញាតិវង្សដែរ។ ស្ដេចក៏ប្រគល់ក្រុងអក្ការ៉ូន និងតំបន់ជុំវិញក្រុងនេះ ឲ្យលោកយ៉ូណាថានត្រួតត្រាដែរ។