ជំពូក ១៤
ការសរសើររបស់លោកស៊ីម៉ូន
1 នៅឆ្នាំ ១៧២ ព្រះបាទដេម៉េទ្រីយ៉ូសប្រមូលកងទ័ព ហើយយាងចេញទៅស្រុកម៉ែដ ដើម្បីស្វែងរកជំនួយសម្រាប់ធ្វើសង្រ្គាមនឹងលោកទ្រីផូន។ 2 ប៉ុន្តែ ព្រះបាទអរសាសជាស្ដេចស្រុកពែរ្ស និងស្រុកម៉ែដ ទទួលដំណឹងថា ព្រះបាទដេម៉េទ្រីយ៉ូសយាងចូលក្នុងដែនដីរបស់ខ្លួនដូច្នេះ ក៏ចាត់មេទ័ពម្នាក់ដើម្បីទៅចាប់ព្រះបាទដេម៉េទ្រីយ៉ូស យកមកទាំងរស់។ 3 មេទ័ពនោះចេញទៅវាយឈ្នះកងទ័ពរបស់ព្រះបាទដេម៉េទ្រីយ៉ូស ចាប់ស្ដេចបានទាំងរស់ ហើយនាំទៅថ្វាយព្រះបាទអរសាស។ ព្រះបាទអរសាស យកព្រះបាទដេម៉េទ្រីយ៉ូសទៅដាក់ក្នុងគុក។
4 ស្រុកយូដាប្រកបដោយសេចក្ដីសុខសាន្ត ក្នុងរជ្ជកាលរបស់លោកស៊ីម៉ូន។ លោកស្វះស្វែងរកប្រយោជន៍ដើម្បីជាតិ។ ប្រជាជនយូដាគោរពអំណាចលោក ហើយភាពរុងរឿងរបស់លោកកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។ 5 លោកបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បីល្បាញ ដោយដណ្ដើមយកបានក្រុងយ៉ូប៉េ។ លោកយកក្រុងនេះធ្វើជាកំពង់ផែសម្រាប់ស្រុកយូដា ព្រមទាំងបើកផ្លូវទាក់ទងនឹងកោះទាំងឡាយ។ 6 លោកវាតព្រំដែនស្រុករបស់លោក ហើយគ្រប់គ្រងស្រុកយូដាយ៉ាងម៉ឺងម៉ាត់។ 7 លោកប្រមូលជនជាតិយ៉ូដាជាច្រើនដែលជាប់ជាឈ្លើយ នាំត្រឡប់មកវិញ។ លោកវាយដណ្ដើមយកក្រុងកាសារ៉ា ក្រុងបេតសួរ និងបន្ទាយក្រុងយេរូសាឡឹម ហើយលុបបំបាត់អ្វីៗទាំងអស់ ដែលធ្វើឲ្យក្រុងទាំងបីនោះមានភាពសៅហ្មង។ គ្មាននរណាម្នាក់អាចតទល់ប្រឆាំងនឹងលោកឡើយ។ 8 ប្រជាជនធ្វើស្រែចម្ការរបស់ខ្លួនដោយសុខសាន្ត ដីផ្តល់ភោគផល ដំណាំដាំដុះក៏ផ្តល់ផ្លែផ្កាគួរឲ្យពេញចិត្ត។ 9 ចាស់ៗអង្គុយនៅតាមទីសាធារណៈ ពោលតែអំពីភាពចម្រុងចម្រើន។ ពួកយុវជនស្លៀកសម្លៀកបំពាក់ល្អប្រណីត និងប្រដាប់គ្រឿងសាស្រ្តាវុធយ៉ាងអង់អាច។ 10 លោកស៊ីម៉ូនផ្គត់ផ្គង់ ស្បៀងអាហារដល់ក្រុងនានា និងសង់កំពែងសម្រាប់ការពារក្រុងទាំងនោះ។ ដូច្នេះកិត្តិស័ព្ទដ៏រុងរឿងរបស់លោកល្បីសុសសាយគ្រប់ទិសទី រហូតដល់ទីដាច់ស្រយាលនៃផែនដី។ 11 លោកធ្វើឲ្យស្រុកមានសន្តិភាព ហើយប្រជាជនអ៊ីស្រាអែលមានអំណរសប្បាយជាខ្លាំង។ 12 ម្នាក់ៗអង្គុយក្រោមម្លប់ដើមទំពាំងបាយជូរ ឬក្រោមម្លប់ដើមស្វាយរបស់ខ្លួន ដោយគ្មាននរណាមកបំភ័យពួកគេឡើយ។ 13 ស្ដេចទាំងឡាយត្រូវបរាជ័យនៅសម័យនោះ។ 14 លោកជួយអ្នកតូចតាចទាំងប៉ុន្មាននៅក្នុងស្រុក។ លោកកាន់តាមវិន័យ ហើយបំបាត់ជនពាល និងមនុស្សអាក្រក់ទាំងអស់ចោល។ 15 លោកធ្វើឲ្យព្រះវិហារទទួលសិរីរុងរឿង ហើយថ្វាយគ្រឿងសក្ការៈជាច្រើនចំពោះព្រះដំណាក់ផង។
អ្នកនាំក្រុងស្ប៉ាតផ្ញើលិខិតជូនលោកស៊ីម៉ូន
16 នៅក្រុងរ៉ូមក៏ដូចជានៅក្រុងស្ប៉ាតដែរ គេទទួលដំណឹងថា លោកយ៉ូណាថានទទួលមរណភាព ពួកគេសោកស្តាយយ៉ាងខ្លាំង។ 17 ប៉ុន្តែ កាលពួកគេដឹងថា លោកស៊ីម៉ូនឡើងជាមហាបូជាចារ្យ ជំនួសប្អូន ហើយគ្រប់គ្រងស្រុក និងក្រុងទាំងប៉ុន្មាន 18 គេចារឹកសាជាថ្មីនូវសន្ធិសញ្ញា ស្តីអំពីមិត្តភាព និងសម្ពន្ធមិត្តនៅលើបន្ទះសង្ហិន ដូចគេបានចងពីមុនជាមួយលោកយូដា និងលោកយ៉ូណាថានជាប្អូនរបស់លោកដែរ។ 19 គេយកបន្ទះនេះមកអានជូនអង្គប្រជុំនៃប្រជាជនក្រុងយេរូសាឡឹមស្តាប់។ 20 លិខិតដែលប្រជាជនក្រុងស្ប៉ាតសរសេរផ្ញើមក មានសេចក្ដីដូចតទៅ៖ «អ្នកមុខអ្នកការក្រុងស្ប៉ាតសូមជម្រាបមកលោកស៊ីម៉ូន ជាមហាបូជាចារ្យ អស់លោកព្រឹទ្ធាចារ្យ អស់លោកបូជាចារ្យ និងប្រជាជនយូដាទាំងអស់សូមជ្រាប។ 21 ទូតដែលអស់លោកបានចាត់ឲ្យមកជួបប្រជាជនរបស់យើងខ្ញុំ បានរៀបរាប់ប្រាប់យើងខ្ញុំអំពីភាពរុងរឿង កិត្តិនាមរបស់អស់លោក។ យើងសូមស្វាគមន៍យ៉ាងរីករាយ ចំពោះកិច្ចការរបស់ទូតទាំងនោះ។ 22 យើងខ្ញុំបានកត់ត្រាសេចក្ដីប្រកាសរបស់ទូតទាំងនោះចំពោះយើងខ្ញុំ ទុកជាឯកសារក្នុងសៀវភៅនៃសេចក្ដីសម្រេចរបស់ប្រជាជន ដូចតទៅ៖ លោកនូមេនីយ៉ូស ជាកូនលោកអន់ទីយ៉ូគូស ហើយលោកអន់ទីប៉ាទែរ ជាកូនលោកយ៉ាសូន ជាទូតរបស់ប្រជាជនយូដា អញ្ជើញមកស្រុកយើងខ្ញុំ ដើម្បីរឹតចំណងមិត្តភាពជាមួយយើងខ្ញុំសាជាថ្មី។ 23 ប្រជាជនពេញចិត្តទទួលទូតទាំងនោះយ៉ាងឱឡារិក ហើយយកលិខិតនៃសេចក្ដីប្រកាស ទៅតម្កល់ទុកជាឯកសារសាធារណៈ ដើម្បីឲ្យប្រជាជនក្រុងស្ប៉ាតចងចាំ»។ លិខិតចម្លងនៃឯកសារនេះបានផ្ញើជូនលោកស៊ីម៉ូន ជាមហាបូជាចារ្យ។ 24 បន្ទាប់មក លោកស៊ីម៉ូនចាត់លោកនូមេនីយ៉ូសទៅក្រុងរ៉ូម ទាំងនាំយកខែលមាសដែលមានតម្លៃស្មើប្រាក់ប្រាំរយគីឡូក្រាម ជាអំណោយ ដើម្បីរឹតចំណងសម្ពន្ធមិត្តជាមួយជនជាតិរ៉ូមសាជាថ្មី។
ក្រឹត្យរបស់រដ្ឋសភាស្តីអំពីលោកស៊ីម៉ូនជាបូជាចារ្យ
25 ក្រោយពីជ្រាប ព្រឹត្តិការណ៍ទាំងនេះមក ប្រជាជនសួរគ្នាថា៖ «តើយើងមានអ្វីនឹងថ្លែងអំណរគុណចំពោះលោកស៊ីម៉ូន និងកូនរបស់លោក 26 ដ្បិតរូបលោក ទាំងប្អូនរបស់លោក និងក្រុមគ្រួសារលោក សុទ្ធតែតស៊ូយ៉ាងអង់អាចក្លាហាន។ លោកកាន់អាវុធបណ្តេញខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រាអែលចេញអស់ ហើយនាំប្រជាជនឲ្យមានសេរីភាពដែរ»។ ដូច្នេះ ពួកគេចារឹកសេចក្ដីលើបន្ទះលង្ហិន ជាប់នឹងស្តូបនៅលើភ្នំស៊ីយ៉ូន។ 27 សេចក្ដីចារឹកនោះមានដូចតទៅ៖ នៅថ្ងៃទី ១៨ ខែភទ្របទ ត្រូវនឹងខែអេលូស ឆ្នាំ ១៧២ គឺនៅឆ្នាំទីបីនៃរជ្ជកាលរបស់លោកស៊ីម៉ូនជាមហាបូជាចារ្យ 28 មានបើកអង្គប្រជុំមួយយ៉ាងធំ គឺមានអស់លោកបូជាចារ្យ ប្រជាជន អស់លោកមេដឹកនាំ និងអស់លោកព្រឹទ្ធាចារ្យក្នុងស្រុកចូលរួមផង។ នៅពេលនោះ គេប្រាប់យើងខ្ញុំថា 29 ពេលមាន សង្គ្រាមជាញឹកញាប់ក្នុងស្រុក លោកស៊ីម៉ូន ជាកូនរបស់លោកម៉ាថាធីយ៉ា ជាពូជពង្សរបស់កូនចៅលោកយ៉ូអារីប និងបងប្អូនរបស់លោក ស៊ូប្តូរជីវិតប្រយុទ្ធនឹងខ្មាំងសត្រូវរបស់ជាតិខ្លួន ដើម្បីការពារព្រះវិហារ និងធម្មវិន័យ។ អស់លោកនាំយកសិរីជោគជ័យដ៏រុងរឿងជូនជាតិរបស់ខ្លួន។ 30 លោកយ៉ូណាថានបានបង្រួបបង្រួមជាតិរបស់លោក ហើយធ្វើជាមហាបូជាចារ្យ រួចលាចាកលោកនេះទៅ។ 31 សត្រូវរបស់ជនជាតិយូដាមានបំណងឈ្លានពាន និងបំផ្លាញទឹកដីរបស់អស់លោក ព្រមទាំងដណ្ដើមយកព្រះវិហាររបស់អស់លោកផង។ 32 ពេលនោះលោកស៊ីម៉ូនងើបឡើង ហើយវាយប្រយុទ្ធដើម្បីជាតិរបស់លោក។ លោកចំណាយទ្រព្យសម្បត្តិផ្ទាល់របស់លោកយ៉ាងច្រើន សម្រាប់ទិញអាវុធ និងចែកបៀរវត្សដល់ពលទាហាននៃកងទ័ពជាតិទៀតផង។ 33 លោកសង់កំពែងការពារក្រុងនានានៅស្រុកយូដា ជាពិសេស ក្រុងបេតសួរដែលស្ថិតនៅតាមព្រំដែន និងឃ្លាំងអាវុធរបស់ខ្មាំងសត្រូវកាលពីមុននោះ។ លោកដាក់កងទ័ពយូដាក្នុងក្រុងនោះដែរ។ 34 លោកសង់កំពែងក្រុងយ៉ូប៉េដែលស្ថិតនៅតាមឆ្នេរសមុទ្រ ព្រមទាំងក្រុងកាសារ៉ា ដែលស្ថិតនៅក្បែរក្រុងអាសូត ជាក្រុងដែលខ្មាំងសត្រូវកាន់កាប់កាលពីដើម។ លោកឲ្យប្រជាជនយូដាតាំងទីលំនៅក្នុងក្រុង ហើយទុកស្បៀងគ្រប់បែបយ៉ាង ដែលប្រជាជនត្រូវការ។ 35 ប្រជាជនឃើញភាពស្មោះត្រង់របស់លោកស៊ីម៉ូន និងភាពរុងរឿងដែលលោកបានផ្តល់ជូនជាតិរបស់លោក។ គេតែងតាំងលោកឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ និងជាមហាបូជាចារ្យ ដើម្បីតបស្នងគុណចំពោះកិច្ចការទាំងប៉ុន្មាន ដែលលោកបានប្រព្រឹត្តដោយត្រឹមត្រូវ សុចរិត និងស្មោះត្រង់ចំពោះជាតិ និងប្រយោជន៍ប្រជាជនលោក។ 36 ពេលលោកស៊ីម៉ូនគ្រប់គ្រងស្រុកលោក បណ្តេញសាសន៍ដទៃចេញពីទឹកដី និងបុរីរបស់ព្រះបាទដាវីឌ នៅក្រុងយេរូសាឡឹម។ សាសន៍ដទៃទាំងនោះបានយកបុរីនោះធ្វើជាបន្ទាយ ហើយធ្លាប់ចេញពីបន្ទាយនេះ ដើម្បីធ្វើឲ្យទីលានព្រះវិហារមានសៅហ្មង និងបង្អាប់បង្ឱនភាពដ៏វិសុទ្ធនៃទីនោះផង។ 37 លោកតែងដាក់កងទ័ពយូដានៅទីនោះ ព្រមទាំងពង្រឹងបន្ទាយនេះឡើង ដើម្បីការពារសន្តិសុខក្នុងស្រុក និងក្រុងផង។ លោកសង់កំពែងក្រុងយេរូសាឡឹមឲ្យខ្ពស់ជាងពីមុនទៅទៀត។
38 ព្រះបាទដេម៉េទ្រីយ៉ូសទតឃើញដូច្នេះ ក៏បញ្ជាក់ថា លោកស៊ីម៉ូនបំពេញមុខងារជាមហាបូជាចារ្យ 39 ហើយព្រះអង្គតែងតាំងលោកស៊ីម៉ូន ជាសម្លាញ់របស់ស្ដេច ព្រមទាំងប្រទានកិត្តិយសដ៏ខ្ពង់ខ្ពស់ឲ្យលោកផង។ 40 ព្រះរាជាធ្វើដូច្នេះ ព្រោះព្រះអង្គជ្រាបថា ជនជាតិរ៉ូម៉ាំងធ្លាប់ចាត់ទុកជនជាតិយូដា ជាមិត្តសម្លាញ់ ជាសម្ពន្ធមិត្ត និងជាបងប្អូនរបស់ពួកគេ ហើយពួកគេបានទទួលទូតរបស់លោកស៊ីម៉ូនយ៉ាងឱឡារិកក្រៃលែង។ 41 ស្ដេចជ្រាបថា ជនជាតិយូដា និងអស់លោកបូជាចារ្យសម្រេចចិត្ត តែងតាំងលោកស៊ីម៉ូន ធ្វើជាមេដឹកនាំ និងជាមហាបូជាចារ្យរហូតតរៀងទៅ គឺរហូតដល់មានព្យាការីដ៏ស្មោះត្រង់ម្នាក់ងើបឡើង។ 42 ពួកគេក៏តែងតាំងលោកជាមេបញ្ជាការនៃកងទ័ពទាំងមូល និងជាអ្នកទទួលខុសត្រូវលើព្រះវិហារ មានបន្ទុកតែងតាំងមេការ មន្ត្រីរាជការក្នុងស្រុក ជាអ្នកទទួលខុសត្រូវលើគ្រឿងសាស្ត្រាវុធ និងបន្ទាយទាំងឡាយ។ លោកស៊ីម៉ូនជាអ្នកទទួលខុសត្រូវលើគ្រប់កិច្ចការក្នុងព្រះវិហារ។ 43 ប្រជាជនត្រូវតែធ្វើតាមបង្គាប់លោក ឯកសារជាផ្លូវការក្នុងស្រុកទាំងអស់ ត្រូវសរសេរក្នុងនាមរបស់លោក។ លោកមានសិទ្ធិពាក់អាវពណ៌ស្វាយរបស់ស្ដេច និងពាក់ក្លាស់មាសផង។ 44 គ្មាននរណាម្នាក់ក្នុងចំណោមប្រជាជន ឬក្នុងចំណោមបូជាចារ្យមានសិទ្ធិបដិសេធសេចក្ដីសម្រេចណាមួយ ឬប្រឆាំងនឹងបញ្ជារបស់លោក ឬកោះប្រជុំគ្នា ឬមានសិទ្ធិពាក់អាវពណ៌ស្វាយរបស់ស្ដេច និងពាក់ក្លាស់មាសឡើយ។ 45 នរណាម្នាក់បដិសេធសេចក្ដីសម្រេចណាមួយ ត្រូវទទួលទោស។ 46 ប្រជាជនទាំងអស់មូលមតិ និងផ្តល់សិទ្ធិទាំងនេះឲ្យលោកស៊ីម៉ូន។ 47 លោកស៊ីម៉ូនក៏យល់ព្រមទទួល ហើយសុខចិត្តបំពេញមុខងារជាមហាបូជាចារ្យ ជាមេបញ្ជាការ ព្រមទាំងជាមេដឹកនាំរបស់ជនជាតិយូដា និងបូជាចារ្យ គឺដឹកនាំមនុស្សទាំងអស់»។
48 ប្រជាជនសម្រេចថា ត្រូវចារសេចក្ដីនេះនៅលើបន្ទះលង្ហិន យកទៅតម្កល់ទុកក្នុងបរិវេណព្រះវិហារ ត្រង់កន្លែងដែលគេអាចឃើញច្បាស់ 49 ហើយចម្លងសេចក្ដីនេះយកទៅដាក់ក្នុងឃ្លាំងនៃព្រះវិហារ ដើម្បីឲ្យលោកស៊ីម៉ូន និងកូនចៅរបស់លោក អាចមើលឃើញផង។