ជំពូក ៦

1 ព្រះ‌បាទ​អន់ទី‌យ៉ូគូស ធ្វើ​ដំណើរ​យាង​ទៅ​មក​កាត់​តាម​ស្រុក​ខាង​ជើង ព្រះ‌អង្គ​បាន​ឮ​គេ​និយាយ​ថា នៅ​ស្រុក​ពែរ្ស​មាន​ក្រុង​មួយ​ឈ្មោះ អេលី‌ម៉ាអ៊ីស។ អ្នក​ក្រុង​នេះ​ល្បី​ថា សម្បូរ​មាស​ប្រាក់ និង​ភោគ​ទ្រព្យ​ជា​ច្រើន 2 គឺ​មាន​ខែល​ធ្វើ​ពី​មាស អាវ​ក្រោះ ព្រម​ទាំង​អាវុធ​ដែល​ព្រះ‌បាទ​អឡិច‌សង់ បាន​ទុក​ក្នុង​ទី​សក្ការៈ​នៃ​ក្រុង​នោះ​ជា​ដើម។ ព្រះ‌បាទ​អឡិច‌សង់ ជា​បុត្រ​របស់​ព្រះ‌បាទ​ភីលីព ជា​មហា​ក្សត្រ​របស់​ជន​ជាតិ​ម៉ាសេ‌ដូន ដែល​គ្រប់​គ្រង​លើ​ជន​ជាតិ​ក្រិក​មុន​គេ។ 3 ព្រះ‌បាទ អន់ទី‌យ៉ូគូស​យាង​ទៅ​ក្រុង​នោះ រិះ​រក​មធ្យោ‌បាយ​ដណ្ដើម​យក​ក្រុង​នេះ ដើម្បី​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ ប៉ុន្តែ​ត្រូវ​បរា‌ជ័យ ព្រោះ​អ្នក​ក្រុង​បាន​ដឹង​ពី​គម្រោង‌ការ​ជា​មុន។ 4 ពួក​គេ​លើក​គ្នា​មក​ប្រយុទ្ធ​នឹង​ស្ដេច​វិញ ហើយ​ស្ដេច​ក៏​បាក់​ទ័ព​យាង​ត្រឡប់​ទៅ​ស្រុក​បាប៊ីឡូន​ដោយ​អាម៉ាស់​ជា​ខ្លាំង។ 5 ពេល​ព្រះ‌រាជា​នៅ​ស្រុក​ពែរ្ស​នៅ​ឡើយ មាន​គេ​មក​ទូល​ថា កង‌ទ័ព​ដែល​ចេញ​ទៅ​វាយ​យក ស្រុក​យូដា​ទទួល​បរា‌ជ័យ 6 គឺ​ជន​ជាតិ​យូដា​វាយ​កម្ទេច​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ ដែល​លោក​មេ‌បញ្ជា​ការ លីស៊ី‌យ៉ា បាន​នាំ​ទៅ​វាយ​ស្រុក​នោះ​ថែម​ទៀត។ ជន​ជាតិ​យូដា​ក៏​រឹប​អូស​យក​គ្រឿង​សាស្ត្រា‌វុធ និង​ជយ‌ភណ្ឌ​គ្រប់​បែប​យ៉ាង ពី​កង‌ទ័ព​ដែល​ចាញ់។ ដូច្នេះ ពួក​គេ​មាន​កម្លាំង​ខ្លាំង​ជាង​ពី​មុន។ 7 ពួក​គេ​បាន​រំលំ​រូប​បដិមា​គួរ​ស្អប់​ខ្ពើម ដែល​ស្ដេច​បាន​តម្កល់​នៅ​លើ​អាសនៈ ក្នុង​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​បាន​សង់​កំពែង​យ៉ាង​ខ្ពស់ ជុំ​វិញ​ព្រះ‌វិហារ​ជា​ថ្មី​ឡើង​វិញ​ដូច​កាល​ពី​ដើម ហើយ​ក៏​សង់​កំពែង​ជុំ​វិញ​ក្រុង​បេត‌សួរ ដែល​ជា​ក្រុង​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ស្ដេច​ផ្ទាល់​ដែរ។ 8 កាល​ព្រះ‌រាជា​ជ្រាប​ដំណឹង​ទាំង​នោះ ក៏​ស្រឡាំង​កាំង ហើយ​រំជួល​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង។ ព្រះ‌អង្គ​ដួល​ទៅ​លើ​ក្រឡា‌បន្ទំ ហើយ​ប្រឈួន​ដោយ​ព្រួយ​ព្រះ‌ហឫទ័យ​ខ្លាំង​ពេក ព្រោះ​ហេតុ​ការណ៍​ទាំង​អស់​មិន​បាន​កើត​ឡើង​ស្រប​តាម​ព្រះ‌ហឫទ័យ​ឡើយ។ 9 ស្ដេច​ស្ថិត​នៅ​ក្នុង​សភាព​បែប​នេះ​ជា​យូរ​ថ្ងៃ ដ្បិត​ព្រះ‌អង្គ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ កាល​ព្រះ‌រាជា​យល់​ថា​ខ្លួន​ជិត​ចូល​ទិវង្គត 10 ស្ដេច​កោះ​ហៅ​មន្ត្រី​ទាំង​អស់​ឲ្យ​មក​ជួប​ប្រជុំ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​ផ្ទំ​មិន​លក់​ទេ ហើយ​តប់​ប្រមល់​ក្នុង​ព្រះ‌រាជ​ហឫទ័យ​ខ្លាំង​ណាស់ 11 យើង​សួរ​ខ្លួន​យើង​ផ្ទាល់​ថា ហេតុ​អ្វី​បាន​ជា​យើង​រង​ទុក្ខ​វេទនា​ដូច្នេះ? ក្នុង​ពេល​ដែល​យើង​មាន​អំណាច យើង​មាន​ព្រះ‌ហឫទ័យ​សប្បាយ​យ៉ាង​ក្រៃ​លែង ហើយ​មនុស្ស​ម្នា​ក៏​ស្រឡាញ់​យើង​ដែរ។ 12 ប៉ុន្តែ ឥឡូវ​នេះ យើង​នឹក​ឃើញ​ពី​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​យើង​រឹប​អូស​យក​គ្រឿង​មាស​ប្រាក់​ទាំង​ប៉ុន្មាន​ពី​ក្រុង​នោះ យើង​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​រង្គាល​ជន​ជាតិ​យូដា ដោយ​គ្មាន​មូល​ហេតុ។ 13 យើង​យល់​ថា យើង​កើត​ទុក្ខ​យ៉ាង​នេះ​បណ្ដាល​មក​ពី​អំពើ​អាក្រក់​ដែល​យើង​បាន​ប្រព្រឹត្ត​នៅ​ពេល​នោះ ហើយ​យើង​ត្រូវ​សោយ​ទិវង្គត​ដោយ​ព្រួយ​ព្រះ‌ហឫទ័យ នៅ​លើ​ទឹក​ដី​បរទេស​ទៀត​ផង!»។ 14 ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ហៅ​លោក​ភីលីព ជា​មន្ត្រី​ជំនិត​ម្នាក់ ហើយ​តែង​តាំង​លោក​ឲ្យ​គ្រប់​គ្រង​រាជា​ណា​ចក្រ​ទាំង​មូល។ 15 ព្រះ‌អង្គ​ក៏​ប្រទាន​មកុដ ព្រះ‌ភូសា និង​ត្រា​ឲ្យ​លោក​ទៀត​ផង ព្រម​ទាំង​ផ្ញើ​រាជ‌បុត្រ​ព្រះ‌នាម​អន់ទី‌យ៉ូគូស​ឲ្យ​លោក​ចិញ្ចឹម និង​អប់រំ ដើម្បី​ឲ្យ​រាជ‌បុត្រ​នេះ​ឡើង​សោយ‌រាជ្យ​នៅ​ពេល​ក្រោយ។ 16 ព្រះ‌បាទ​អន់ទី‌យ៉ូគូស​សោយ‌ទិវង្គត​នៅ​ទី​នោះ​ក្នុង​ឆ្នាំ​១៤៩។ 17 កាល​លោក​មេ​បញ្ជា​ការ​លីស៊ី‌យ៉ា​ទទួល​ដំណឹង​ថា ព្រះ‌បាទ​អន់ទី‌យ៉ូគូស​សោយ‌ទិវង្គត​ហើយ លោក​តែង​តាំង​ព្រះ‌បាទ​អន់ទី‌យ៉ូគូស ជា​បុត្រ​ដែល​លោក​បាន​អប់រំ​តាំង​ពី​រាជ​កុមារ​មក​នោះ ឲ្យ​ឡើង​ស្នង​រាជ្យ។ លោក​លីស៊ី‌យ៉ា ថ្វាយ​នាម​បុត្រ​នោះ​ថា ព្រះ‌បាទ​អឺប៉ា‌ទ័រ។

កង‌ទ័ព​យូដា​ឡោម‌ព័ទ្ធ​បន្ទាយ​យេរូ‌សាឡឹម

18 នៅ​គ្រា​ដដែល​នោះ សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​ស្នាក់​នៅ​ក្នុង​បន្ទាយ​ក្រុង​យេរូ‌សាឡឹម ឡោម‌ព័ទ្ធ​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​ជុំវិញ​ព្រះ‌វិហារ ទាំង​ហាម​ពួក​គេ​មិន​ឲ្យ​ចេញ​ចូល។ ពួក​គេ​រក​គ្រប់​ឱកាស​ទាំង​អស់ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជន​ជាតិ​អ៊ីស្រា‌អែល និង​ដើម្បី​ពង្រឹក​កម្លាំង​របស់​សាសន៍​ដទៃ។ 19 ពេល​នោះ លោក​យូដា​សម្រេច​ចិត្ត​កម្ទេច​ពួក​គេ។ លោក​កោះ​ហៅ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ ដើម្បី​មក​ឡោម‌ព័ទ្ធ​បន្ទាយ​នោះ។ 20 នៅ​ក្នុង​ឆ្នាំ​១៥០ ប្រជាជន​អ៊ីស្រា‌អែល​ប្រមូល​ផ្ដុំ​គ្នា​ឡោម‌ព័ទ្ធ​បន្ទាយ។ ពួក​គេ​ធ្វើ​ស្នា​ធំៗ និង​គ្រឿង​ចម្បាំង​ផ្សេងៗ​ទៀត​ផង។ 21 ប៉ុន្តែ មាន​សត្រូវ​ខ្លះ​រត់​ចេញ​រួច ហើយ​នាំ​គ្នា​ទៅ​គាល់​ព្រះ‌មហា​ក្សត្រ ដោយ​មាន​ជន​ជាតិ​អ៊ីស្រា‌អែល​ក្បត់​សាសនា​មួយ​ចំនួន​ទៅ​ជា​មួយ​ដែរ។ ពួក​គេ​ទូល​ស្ដេច​ថា៖ 22 «តើ​ព្រះ‌ករុណា​ចាំ​ដល់​ពេល​ណា​ទៀត ទើប​ព្រះ‌អង្គ​រក​យុត្តិ‌ធម៌ និង​សង​សឹក​ពួក​គេ​ឲ្យ​បង‌ប្អូន​របស់​ទូល​បង្គំ​នោះ?។ 23 ទូល​បង្គំ​យើង​ខ្ញុំ​តែង​តែ​បម្រើ​ព្រះ​បិតា​របស់​ព្រះ‌ករុណា ព្រម​ស្ដាប់​តាម​បញ្ជា និង​រាជ​ក្រឹត្យ​របស់​ព្រះ​ករុណា​ទៀត​ផង។ 24 ហេតុ​នេះ​ហើយ​បាន​ជា​ជន​រួម​ជាតិ​របស់​ទូល​បង្គំ​យើង​ខ្ញុំ​ឡោម‌ព័ទ្ធ​បន្ទាយ​នោះ ហើយ​ចាត់​ទុក​ទូល​បង្គំ​យើង​ខ្ញុំ​ជា​ជន​បរទេស។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​សម្លាប់​ពួក​ទូល​បង្គំ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​ទូល​បង្គំ​ទៀត​ផង។ 25 ពួក​គេ​មិន​គ្រាន់​តែ​វាយ​ទូល​បង្គំ​ប៉ុណ្ណោះ​ទេ គឺ​គេ​វាយ​យក​ស្រុក​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌ករុណា​ដែរ។ 26 ឥឡូវ​នេះ ពួក​គេ​ឡោម‌ព័ទ្ធ​បន្ទាយ​ក្រុង​យេរូ‌សាឡឹម ដើម្បី​កាន់​កាប់​បន្ទាយ​នោះ ព្រម​ទាំង​សង់​កំពែង​ការ‌ពារ​ព្រះ‌វិហារ និង​ស្រុក​បេត‌សួរ​ផង។ 27 ប្រសិន​បើ​ព្រះ‌ករុណា​មិន​ចេញ​ទៅ​វាយ​ពួក​គេ​យ៉ាង​ប្រញាប់​ទេ​នោះ ពួក​វា​មុខ​ជា​វាយ​លុក​លុយ​ត​ទៅ​ទៀត ហើយ​ព្រះ‌ករុណា​មិន​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ឡើយ»។

ការ​ប្រយុទ្ធ​នៅ​ភូមិ​បេតសា‌ការីយ៉ា

28 កាល​ព្រះ‌មហា​ក្សត្រ​ព្រះ‌អង្គ​ព្រះ​សណ្ដាប់​ដំណឹង​នេះ​ហើយ ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ហើយ​កោះ​ហៅ​អស់​លោក​មន្ត្រី មេទ័ព​ថ្មើរ​ជើង និង​អស់​លោក​មេទ័ព​មក​ប្រជុំ។ 29 ស្ដេច​ជួល​ពល‌ទាហាន​ពី​ស្រុក​ផ្សេងៗ និង​ពី​នាយ​សមុទ្រ​មក​ផង។ 30 ព្រះ‌រាជា​មាន​ទ័ព​ថ្មើរ​ជើង​ចំនួន​មួយ​សែន​នាក់ ទ័ព‌សេះ​ពីរ‌ម៉ឺន​នាក់ និង​ដំរី​ចំនួន​សាមសិប‌ពីរ​ក្បាល ដែល​គេ​បាន​បង្ហាត់​ហ្វឹក​ហ្វឺន​សម្រាប់​ច្បាំង។ 31 កង‌ទ័ព​នោះ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​អេដុម ហើយ​ឡោម‌ព័ទ្ធ​ក្រុង​បេតសួរ។ ពួក​គេ​វាយ​ក្រុង​នេះ​យ៉ាង​យូរ ទាំង​ប្រើ​គ្រឿង​ចម្បាំង​ជា​ច្រើន​ទៀត។ ប៉ុន្តែ អ្នក​ក្រុង​ដែល​ត្រូវ​គេ​ឡោម‌ព័ទ្ធ​នោះ​តែង​តែ​ចេញ​ពី​ក្រុង ទៅ​ដុត​គ្រឿង​ចម្បាំង​ទាំង​នោះ​ចោល ហើយ​ប្រយុទ្ធ​នឹង​សត្រូវ​ដោយ​ក្លាហាន​អង់​អាច។ 32 ពេល​នោះ លោក​យូដា​នាំ​កង‌ទ័ព​របស់​លោក ចេញ​ពី​បន្ទាយ​យេរូ‌សាឡឹម ហើយ​ទៅ​បោះ​ទី​តាំង​នៅ​ភូមិ​បេតសា‌ការីយ៉ា ទល់​មុខ​នឹង​ជំរំ​ទ័ព​របស់​ព្រះ‌មហា​ក្សត្រ។ 33 លុះ​ស្អែក​ឡើង ស្ដេច​តើន​ពី​ព្រលឹម ហើយ​បញ្ជា​កង‌ទ័ព​ទាំង​អស់​ឲ្យ​ចេញ​ទៅ​វាយ​បេត‌សា‌ការីយ៉ា។ ពល‌ទាហាន​ទាំង​អស់​នេះ រៀប​ចំ​ចេញ​ទៅ​ប្រយុទ្ធ​ដោយ​ផ្លុំ​ត្រែ​ផង។ 34 គេ​យក​ទឹក​ទំពាំង​បាយ​ជូរ និង​ទឹក​មន្ត​ឲ្យ​ដំរី​ឃើញ ដើម្បី​ជំរុញ​វា​ឲ្យ​ទៅ​ប្រយុទ្ធ។ 35 គេ​ដាក់​ដំរី​នៅ​តាម​ចន្លោះ​កង​នី‌មួយៗ គឺ​គេ​ដាក់​ពល‌ទាហាន​ចំនួន​មួយ‌ពាន់​នាក់​ប្រដាប់​ដោយ​អាវ​ក្រោះ និង​មួក​លង្ហិន ព្រម​ទាំង​ពល‌សេះ​ពិសេស​ប្រាំ‌រយ​នាក់ នៅ​សង​ខាង​ដំរី​នី‌មួយៗ​នោះ។ 36 ទ័ព‌សេះ​នោះ​មើល​ដំរី ហើយ​ដើរ​តាម​ជាប់​នឹង​ដំរី​ជា‌និច្ច មិន​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ឡើយ។ 37 នៅ​លើ​ខ្នង​ដំរី​នី‌មួយៗ​មាន​កែប​យ៉ាង​ធំ​មាំ​ធ្វើ​ពី​ឈើ ដែល​គេ​ចង​យ៉ាង​ជាប់​ទៅ​នឹង​ពោះ​វា។ កែប​នេះ​ជា​ជំនិះ​ដែល​មាន​មនុស្ស​បី​នាក់ និង​ហ្ម​ម្នាក់។ 38 ព្រះ‌មហា​ក្សត្រ​ដាក់​ទ័ព‌សេះ​ដែល​នៅ​សល់​សង​ខាង​ពល​ថ្មើរ​ជើង ដើម្បី​វាយ​លុក និង​ការ‌ពារ​ទ័ព​ថ្មើរ​ជើង។ 39 កាល​ព្រះ‌អាទិត្យ​រះ​មក ពន្លឺ​ក៏​ជះ​លើ​ខែល​មាស និង​ខែល​លង្ហិន បំភ្លឺ​ភ្នំ​ទាំង​ប៉ុន្មាន​ឲ្យ​ភ្លឺ​ដូច​ចន្លុះ​កំពុង​តែ​ឆេះ។ 40 ពល‌ទាហាន​មួយ​ក្រុម​របស់​ស្ដេច​ស្ថិត​នៅ​លើ​កំពូល​ភ្នំ ហើយ​មួយ​ក្រុម​ទៀត​នៅ​ជើង​ភ្នំ។ កង‌ទ័ព​នោះ​ចេញ​ទៅ​ប្រយុទ្ធ​ដោយ​មាន​របៀប​រៀប‌រយ និង​អង់​អាច​គ្មាន​ខ្លាច​អ្វី​ឡើយ។ 41 រីឯ​កង‌ទ័ព​អ៊ីស្រា‌អែល​វិញ គេ​ព្រួយ​បារម្ភ​ដោយ​ឮ​ស្នូរ​សន្ធឹក​កង‌ទ័ព​ដ៏​ច្រើន​យ៉ាង​នេះ និង​ស្នូរ​អាវុធ​ប៉ះ​ទង្គិច​គ្នា​ផង។ កង‌ទ័ព​នេះ​ពិត​ជា​ច្រើន​សន្ធឹក​សន្ធាប់ និង​ខ្លាំង​ក្លា​មែន។ 42 លោក​យូដា និង​កង‌ទ័ព​របស់​លោក​ចេញ​ទៅ​ប្រយុទ្ធ បាន​សម្លាប់​ពល‌ទាហាន​របស់​ស្ដេច ចំនួន​ប្រាំ‌មួយ‌រយ​នាក់​ភ្លាម។ 43 លោក​អេឡា‌សា ដែល​ហៅ​ថា​អវ៉ា‌រ៉ន់ ឃើញ​ដំរី​មួយ‌ពាក់​កែប និង​គ្រឿង​សឹក​របស់​ព្រះ‌រាជា ហើយ​មាន​មាឌ​ខ្ពស់​ជាង​ដំរី​ឯទៀត​ទាំង​អស់។ លោក​នឹក​គិត​ថា ស្ដេច​គង់​លើ​ដំរី​នោះ។ 44 លោក​សុខ‌ចិត្ត​បូជា​ជីវិត​ដើម្បី​សង្គ្រោះ​ប្រជាជន​របស់​ខ្លួន និង​ដើម្បី​មាន​កិត្តិ‌នាម​ល្បី‌ល្បាញ​អស់​កល្ប‌ជានិច្ច។ 45 លោក​រត់​យ៉ាង​អង់​អាច សំដៅ​ទៅ​ដំរី​ដែល​នៅ​កណ្ដាល​ទ័ព​ថ្មើរ​ជើង ទាំង​ប្រហារ​ជីវិត​ពល‌ទាហាន​នៅ​សង​ខាង ធ្វើ​ឲ្យ​ពួក​សត្រូវ​នាំគ្នា​គេច​ចេញ​ពី​មុខ​លោក។ 46 លោក​ចូល​ពី​ក្រោម​ពោះ​ដំរី​នោះ ហើយ​វាយ​ប្រហារ​ពី​ក្រោម ដំរី​ក៏​ដួល ហើយ​សង្កត់​លោក​អេឡា‌សារ​ដែល​នៅ​ពី​ក្រោម​ស្លាប់​នៅ​នឹង​កន្លែង។ 47 ជន​ជាតិ​យូដា​ឃើញ​កម្លាំង​ដ៏​ខ្លាំង​ក្លា​របស់​ស្ដេច​ដូច្នេះ ក៏​ដក​ទ័ព​ថយ​ក្រោយ។

ខ្មាំង​ឡោម‌ព័ទ្ធ​ក្រុង​បេតសួរ

48 កង‌ទ័ព​របស់​ស្ដេច​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​វាយ​កង‌ទ័ព​យូដា ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នានា​នៅ​ស្រុក​យូដា និង​ភ្នំ​ស៊ីយ៉ូន។ 49 ព្រះ‌រាជា​ប្រទាន​សន្តិ‌ភាព​ដល់​អ្នក​ក្រុង​បេតសួរ។ ពួក​គេ​ចាក​ចេញ​ពី​ទី​ក្រុង ដ្បិត​ពួក​គេ​គ្មាន​ស្បៀង​អាហារ ពុំ​អាច​ប្រយុទ្ធ​នឹង​កង‌ទ័ព​ដែល​ឡោម‌ព័ទ្ធ​នោះ​ឡើយ ដ្បិត​ឆ្នាំ​នេះ​ជា​ឆ្នាំ​សប្ប័ទ។ 50 ស្ដេច​ដណ្ដើម​យក​ក្រុង​បេតសួរ​មក​កាន់​កាប់ ហើយ​ដាក់​កង‌ទ័ព​នៅ​គ្រប់​គ្រង​ទៀត​ផង។ 51 បន្ទាប់​មក ព្រះ‌រាជា​ឡោម‌ព័ទ្ធ​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម​អស់​ពេល​ជា​យូរ​ថ្ងៃ ព្រម​ទាំង​ដំឡើង​គ្រឿង​ចម្បាំង​ផ្សេងៗ មាន​គ្រឿង​បាញ់​ថ្ម បាញ់​ភ្លើង បាញ់​ព្រួញ​ដង្ហក់​ជា​ដើម។ 52 កង‌ទ័ព​យូដា​ក៏​ដំឡើង​គ្រឿង​ចម្បាំង​ផ្សេង​ទៀត ដើម្បី​ទប់​ទល់​នឹង​គ្រឿង​សឹក​របស់​សត្រូវ​ដែរ ហើយ​ច្បាំង​ជា​មួយ​ពួក​ខ្មាំង​ជា​យូរ​ថ្ងៃ។ 53 ប៉ុន្តែ គ្មាន​ស្បៀង​អាហារ​ក្នុង​ឃ្លាំង​ទេ ព្រោះ​ឆ្នាំ​នោះ​ជា​ឆ្នាំ​សប្ប័ទ ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ទើប​នឹង​ត្រឡប់​មក​ស្រុក​យូដា​វិញ បាន​បរិភោគ​អាហារ​ដែល​ត្រៀម​ទុក​នោះ​អស់​ទៅ។ 54 ដូច្នេះ គេ​ទុក​កង‌ទ័ព​តែ​មួយ​ចំនួន​តូច​នៅ​ក្នុង​ព្រះ‌វិហារ ព្រោះ​ប្រជា‌ជន​ខ្វះ​ខាត និង​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង ប្រជាជន​ដទៃ​ទៀត​ក៏​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ដែរ។

ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ប្រទាន​សេរី‌ភាព​ខាង​សាសនា

55 លោក​លី‌ស៊ីយ៉ា​ជ្រាប​ថា កាល​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​មាន​ព្រះ‌ជន្ម​រស់​នៅ​ឡើយ ព្រះ‌អង្គ​បាន​ផ្ញើ បុត្រា​ឲ្យ​លោក​ភីលីព​អប់រំ ដើម្បី​ឡើង​គ្រង‌រាជ្យ។ 56 គាត់​ទទួល​ដំណឹង​ថា លោក​ភីលីព​ត្រឡប់​ពី​ស្រុក​ពែរ្ស និង​ស្រុក​ម៉ែដ​ជា​មួយ​កង‌ទ័ព​របស់​ស្ដេច ហើយ​បម្រុង​ត្រួត‌ត្រា​រាជា‌ណាចក្រ​ទៀត​ផង។ 57 កាល​លោក​លី‌ស៊ីយ៉ា​ជ្រាប​ដំណឹង​នេះ គាត់​រៀប​ចំ​ចេញ​ដំណើរ​ជា​ប្រញាប់។ គាត់​ទូល​ស្ដេច ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​មេ‌ទ័ព និង​ពល‌ទាហាន​ទាំង​អស់​ថា៖ «កម្លាំង​របស់​យើង​កាន់​តែ​ចុះ​ខ្សោយ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ស្បៀង​អាហារ​របស់​យើង​ក៏​កាន់​តែ​ខ្វះ​ខាត​យ៉ាង​ខ្លាំង​ដែរ។ រីឯ​កន្លែង​ដែល​យើង​ឡោម‌ព័ទ្ធ​នេះ​ក៏​រឹង​មាំ កិច្ច‌ការ​គ្រប់​គ្រង​រាជា​ណា​ចក្រ​ក៏​ធ្លាក់​លើ​យើង​ទាំង​ស្រុង​ដែរ។ 58 ដូច្នេះ ឥឡូវ​នេះ យើង​នាំ​គ្នា​ស្រុះ​ស្រួល​ជា​មួយ​ជន​ជាតិ​ទាំង​នោះ ហើយ​ចរចា​រក​សន្តិ‌ភាព​ជា​មួយ​ពួក​គេ និង​ជា​មួយ​ជន​ជាតិ​យូដា​ទាំង​មូល​ផង។ 59 យើង​គួរ​អនុញ្ញាត​ឲ្យ​គេ​រស់​នៅ​ស្រប តាម​ទំនៀម​ទម្លាប់​របស់​គេ​ដូច​កាល​ពី​មុន​ចុះ។ ពួក​គេ​ខឹង​ប្រទូស‌រ៉ាយ និង​បះ‌បោរ​ដូច្នេះ ព្រោះ​យើង​ហាម​ពួក​គេ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ពួក​គេ»។ 60 ស្ដេច​គាប់​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​នេះ ហើយ​ពួក​មេទ័ព​ក៏​ពេញ​ចិត្ត​ដែរ។ ដូច្នេះ លោក​លី‌ស៊ីយ៉ា​បញ្ជូន​គម្រោង​ការ​ចរចា​សុំ​សន្តិ‌ភាព​ជា​មួយ​ប្រជាជន​យូដា ហើយ​ជន​ជាតិ​យូដា​ក៏​យល់​ព្រម​នឹង​គម្រោង‌ការ​នេះ​ដែរ។ 61 ព្រះ‌រាជា និង​មេ‌ទ័ព​ទាំង​អស់​ស្បថ​ថា​នឹង​គោរព​សន្ធិ‌សញ្ញា​នេះ ហើយ​ចាក​ចេញ​ពី​បន្ទាយ​ទៅ។ 62 ព្រះ‌មហា​ក្សត្រ​យាង​ចូល​ទៅ​ដល់​ភ្នំ​ស៊ីយ៉ូន ហើយ​ទត​ឃើញ​កំពែង​ការ‌ពារ​កន្លែង​នោះ។ ព្រះ‌អង្គ​បាន​បំពាន​ព្រះ‌បន្ទូល​សម្បថ ហើយ​បញ្ជា​ឲ្យ​កម្ទេច​កំពែង​ដែល​នៅ​ជុំ​វិញ​ភ្នំ​នោះ​ចោល 63 រួច​យាង​ត្រឡប់​ទៅ​ក្រុង​អន់ទី‌យ៉ូក​វិញ​យ៉ាង​ប្រញាប់ ប៉ុន្តែ ក្រុង​អន់ទី‌យ៉ូក​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​ភីលីព​រួច​ទៅ​ហើយ។ ស្ដេច​វាយ​ដណ្ដើម​យក​ក្រុង​នោះ​មក​វិញ ដោយ​ប្រើ​កម្លាំង​ទ័ព។