ជំពូក ៥

លោក​យូដា​ច្បាំង​ជា​មួយ​ជន​ជាតិ​អេដុម និង​ជន​ជាតិ​អាំម៉ូន

1 ប្រជា‌ជាតិ​ដែល​រស់​នៅ​ជុំ​វិញ​ស្រុក​អ៊ីស្រា‌អែល​ជ្រាប​ថា ពួក​គេ​សង់​អាសនៈ និង​ជួស​ជុល​ទី​សក្ការៈ ឲ្យ​បាន​ដូច​កាល​ពី​មុន​ឡើង​វិញ។ 2 ពេល​នោះ ប្រជា‌ជាតិ​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង ហើយ​សម្រេច​ចិត្ត​នឹង​បំផ្លាញ​ពូជ​ពង្ស របស់​លោក​យ៉ាកុប ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ឲ្យ​ផុត​ពូជ។ ពួក​គេ​ចាប់​ផ្ដើម​កាប់​សម្លាប់​ប្រជាជន។ 3 លោក​យូដា​ចេញ​ទៅ​វាយ​ប្រហារ​កូន​ចៅ​របស់​លោក​អេសា‌អ៊ូ នៅ​ស្រុក​អេដុម និង​នៅ​ស្រុក​អាក្រា‌បាទែន ព្រោះ​ពួក​គេ​បិទ​ផ្លូវ​មិន​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​ចេញ​ចូល។ លោក​កម្ទេច​ពួក​គេ​ឲ្យ​បរា‌ជ័យ​យ៉ាង​ធ្ងន់​ធ្ងរ ព្រម​ទាំង​រឹប​អូស​យក​ជយ‌ភណ្ឌ​ពី​ពួក​គេ​ទៀត​ផង។
4 បន្ទាប់​មក លោក​នឹក​ចាំ​ពី​អំពើ​អាក្រក់​របស់​កូន​ចៅ​លោក​បាយ៉ាន។ ពួក​គេ​ចេះ​តែ​ពួន​ចាំ​ស្ទាក់​វាយ​ប្រជាជន​អ៊ីស្រា‌អែល ក្នុង​ពេល​ធ្វើ​ដំណើរ​ដូច​ជា​ដាក់​អន្ទាក់ និង​បង្ក​ឧបសគ្គ​ផ្សេងៗ។ 5 លោក​ឡោម‌ព័ទ្ធ​បន្ទាយ​របស់​ពួក​គេ ហើយ​ស្បថ​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​បំផ្លាញ​ពួក​គេ​ថ្វាយ​ព្រះ‌ជាម្ចាស់ គាត់​ដុត​បន្ទាយ​របស់​ពួក​គេ ព្រម​ទាំង​ដុត​អស់​អ្នក​ដែល​នៅ​ក្នុង​បន្ទាយ​ទាំង​នោះ​ដែរ។ 6 បន្ទាប់​មក លោក​ចេញ​ទៅ​វាយ​ជន​ជាតិ​អាំម៉ូន។ នៅ​ស្រុក​នោះ លោក​ជួប​ប្រយុទ្ធ​ជា​មួយ​កង‌ទ័ព​ដ៏​ខ្លាំង​ក្លា និង​មាន​គ្នា​យ៉ាង​ច្រើន ដែល​នៅ​ក្រោម​បញ្ជា​របស់​លោក​ធីម៉ូថេ។ 7 លោក​យូដា​ប្រយុទ្ធ​នឹង​ពួក​គេ​ជា​ច្រើន​លើក ទី​បំផុត លោក​ក៏​ទទួល​ជ័យ‌ជម្នះ​ដោយ​កម្ទេច​ពួក​គេ​អស់​ដែរ។ 8 លោក​វាយ​ដណ្ដើម​យក​ក្រុង​យ៉ាស៊ែរ និង​ភូមិ​ដែល​នៅ​ជុំ​វិញ​ក្រុង​នោះ រួច​លោក​វិល​ត្រឡប់​មក​ស្រុក​យូដា​វិញ។

ជន​ជាតិ​យូដា​នៅ​ស្រុក​កាឡាដ និង​ស្រុក​កាលីឡេ រង​ទុក្ខ​លំបាក

9 ប្រជា‌ជាតិ​នានា​ដែល​នៅ​ស្រុក​កាឡាដ ព្រួត​ដៃ​គ្នា​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​លើ​ទឹក​ដី​របស់​គេ ដើម្បី​លុប​បំបាត់​ពួក​គេ​ឲ្យ​អស់​ពូជ។ ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ទៅ​ជ្រក​នៅ​បន្ទាយ​ក្រុង​ដាថេ‌ម៉ា។ 10 ពួក​គេ​សរសេរ​លិខិត​ផ្ញើ​ទៅ​លោក​យូដា និង​បង‌ប្អូន​របស់​លោក​ដែល​មាន​សេចក្ដី​ដូច​ត​ទៅ៖ «ប្រជា‌ជាតិ​នានា​ព្រួត​ដៃ​គ្នា​ប្រឆាំង​នឹង​យើង បម្រុង​នឹង​បំផ្លាញ​ពួក​យើង​ឲ្យ​អស់ ដោយ​មាន​លោក​ធីម៉ូថេ ជា​មេ​បញ្ជា‌ការ​របស់​ពួក​គេ។ 11 ពួក​យើង​មក​ជ្រក​នៅ​ក្នុង​បន្ទាយ ប៉ុន្តែ ពួក​គេ​រៀប​ចំ​លើក​ទ័ព​មក​វាយ​បន្ទាយ​ដែល​យើង​កំពុង​តែ​ជ្រក​នោះ។ 12 ឥឡូវ​នេះ សូម​លោក​មេត្តា​មក​ជួយ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​ផង ដ្បិត​គ្នា​យើង​ជា​ច្រើន​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ!។ 13 ខ្មាំង​បាន​សម្លាប់​បង‌ប្អូន​យើង ដែល​រស់​នៅ ក្នុង​តំបន់​របស់​លោក​តូប៊ីត​អស់ ហើយ​ពួក​គេ​កៀរ ប្រពន្ធ​កូន​ចៅ​របស់​បង‌ប្អូន​យើង​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​បង‌ប្អូន​យើង​ផង។ មាន​កង‌ទ័ព​របស់​យើង ប្រហែល​មួយ​ពាន់​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ទី​នោះ»។
14 នៅ​ពេល​លោក​យូដា​កំពុង​អាន​លិខិត​នោះ ស្រាប់​តែ​មាន​អ្នក​នាំ​សារ​ម្នាក់​ផ្សេង​ទៀត​មក​ពី​ស្រុក​កាលីឡេ ដោយ​មាន​សម្លៀក​បំពាក់​រហែក នាំ​ដំណឹង​ដដែល​មក​ប្រាប់​ទៀត។ 15 ពួក​គេ​និយាយ​ថា៖ «កង‌ទ័ព​ក្រុង​ផ្ទោ‌ឡេម៉ៃស៍ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន រួម​ជា​មួយ​កង‌ទ័ព​ជន​ជាតិ​បរទេស​នៃ​ស្រុក​កាលីឡេ ដើម្បី​បំផ្លាញ​ពួក​យើង​ឲ្យ​ផុត​ពូជ​ហើយ!»។ 16 ពេល​លោក​យូដា និង​ប្រជាជន​បាន​ដឹង​ពី​ហេតុ​ការណ៍​ទាំង​នោះ គេ​កោះ​ហៅ​បើក​អង្គ​ប្រជុំ​យ៉ាង​ធំ ដើម្បី​ពិភាក្សា​គ្នា​អំពី​កិច្ច‌ការ​ដែល​គេ​ត្រូវ​ធ្វើ ដើម្បី​ជួយ​រំដោះ​បង‌ប្អូន​ដែល​ត្រូវ​ប្រជា‌ជាតិ​ដទៃ​សង្កត់​សង្កិន និង​វាយ​ប្រហារ។ 17 យូដា​មាន​ប្រសាសន៍ ទៅ​កាន់​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក​ថា៖ «សូម​បង​ជ្រើស‌រើស​ពល‌ទាហាន ហើយ​ចេញ​ដំណើរ​ទៅ​រំដោះ​បង‌ប្អូន ដែល​នៅ​ស្រុក​កាលីឡេ។ ចំណែក​ខ្ញុំ និង​ប្អូន​យ៉ូណាថាន ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​កាឡាដ»។ 18 លោក​យូដា​ទុក​លោក​យ៉ូសែប ជា​កូន​លោក​សាការី និង​លោក​អសា‌រីយ៉ា ជា​មេ​ដឹក​នាំ​ប្រជាជន ព្រម​ទាំង​កង‌ទ័ព​ដែល​នៅ​សល់​ឲ្យ​ការ‌ពារ​ស្រុក​យូដា។ 19 លោក​បញ្ជា​ទៅ​លោក​ទាំង​ពីរ​ថា៖ «ចូរ​គ្រប់‌គ្រង​ប្រជាជន! កុំ​ចេញ​ច្បាំង​ជា​មួយ​សាសន៍​ដទៃ​ឲ្យ​សោះ មុន​ពេល​យើង​វិល​ត្រឡប់​មក​វិញ!។ 20 លោក​ស៊ីម៉ូន​នាំ​ទ័ព​បី​ពាន់​នាក់​ចេញ​ដំណើរ​ទៅ​ស្រុក​កាលីឡេ ហើយ​លោក​យូដា នាំ​ទ័ព​ប្រាំបី‌ពាន់​នាក់ ដើម្បី​ចេញ​ទៅ​ស្រុក​កាឡាដ។

ចម្បាំង​នៅ​ស្រុក​កាលីឡេ និង​ស្រុក​កាឡាដ

21 លោក​ស៊ីម៉ូន​ទៅ​ដល់​ស្រុក​កាលីឡេ ហើយ​ចេញ​ប្រយុទ្ធ​ជា​ច្រើន​លើក ជា​មួយ​កង‌ទ័ព​សាសន៍​ដទៃ។ លោក​ទទួល​បាន​ជ័យ‌ជម្នះ ហើយ​កម្ទេច​ពួក​គេ​វិនាស​អស់។ 22 លោក​ដេញ​តាម​សម្លាប់​ពួក​គេ​រហូត​ដល់​ទ្វារ​ទីក្រុង​ផ្ទោ‌ឡេម៉ៃស៍។ លោក​ប្រហារ​ជីវិត​សាសន៍​ដទៃ​ប្រហែល​បី​ពាន់​នាក់ នៅ​លើ​សមរ‌ភូមិ និង​រឹប​អូស​យក​ជយ‌ភណ្ឌ​ពី​គេ​ផង។ 23 លោក​នាំ​ជន​ជាតិ​យូដា​ដែល​រស់​នៅ​ក្នុង​ស្រុក​កាលីឡេ និង​ស្រុក​អបា‌តា ជា​មួយ​ប្រពន្ធ​កូន​របស់​ពួក​គេ និង​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​មក​នៅ​ស្រុក​យូដា ទាំង​មាន​សេចក្ដី​ត្រេក​អរ​សប្បាយ​រីក​រាយ​យ៉ាង​ក្រៃ​លែង។
24 លោក​យូដា​ម៉ាកា‌បាយ និង​លោក​យ៉ូណាថាន ជា​ប្អូន​របស់​លោក ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​ធ្វើ​ដំណើរ​អស់‌រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ‌ស្ថាន។ 25 ពួក​គេ​ជួប​នឹង​ជន​ជាតិ​ណា‌បាតេ​ដែល​ទទួល​ពួក​គេយ៉ាង​រាក់​ទាក់ ហើយ​តំណាល​រៀប​រាប់​អំពី​ហេតុ​ការណ៍​ដែល​កើត​ឡើង ដល់​បង‌ប្អូន​របស់​ពួក​គេ​ដែល រស់​នៅ​ក្នុង​ស្រុក​កាឡាដ​នោះ។ 26 អ្នក​ទាំង​នោះ​ប្រាប់​ថា ខ្មាំង​ឡោម‌ព័ទ្ធ​ក្រុង​បូសូ‌រ៉ា ក្រុង​អាឡេ‌ម៉ា ក្រុង​ខាផូ ក្រុង​ម៉ាគេ និង​ក្រុង​ការណៃ​ដែល​សុទ្ធ​តែ​ជា​ក្រុង​ធំ និង​មាន​កំពែង​ផង។ 27 ខ្មាំង​ក៏​ឡោម‌ព័ទ្ធ​ក្រុង​ផ្សេងៗ​ទៀត​នៅ​ស្រុក​កាឡាដ ហើយ​មាន​គម្រោង​វាយ​ដណ្ដើម​ក្រុង​ទាំង​នោះ នៅ​ថ្ងៃ​ស្អែក និង​ប្រហារ​ជីវិត​ប្រជាជន​ដែល​រស់​នៅ​តាម​បន្ទាយ​ទាំង​នោះ ក្នុង‌រយៈ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ 28 ដូច្នេះ លោក​យូដា និង​កង‌ទ័ព​របស់​លោក ក៏​ដើរ​កាត់​តាម​វាល​រហោ‌ស្ថាន​ភ្លាម ឆ្ពោះ​ទៅ​កាន់​ក្រុង​បូសូរ៉ា។ លោក​វាយ​យក​ក្រុង​នោះ ហើយ​សម្លាប់​ប្រុសៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង ព្រម​ទាំង​រឹប​អូស​យក​ជយ‌ភណ្ឌ រួច​ដុត​ទីក្រុង​នោះ​ចោល។

29 បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ពី​ទី​នោះ​ទាំង​យប់ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ដាថេ‌ម៉ា។ 30 ពេល​ថ្ងៃ​រះ ពួក​គេ​ឃើញ​កង‌ទ័ព​ជា​ច្រើន​កំពុង​ដាក់​ជណ្ដើរ និង​រុញ​គ្រឿង​ប្រដាប់​ប្រដា​ចម្បាំង​ដើម្បី​វាយ​យក​ទីក្រុង។ ខ្មាំង​ចាប់​ផ្ដើម​វាយ​ក្រុង​នេះ។ 31 គ្រា​នោះ លោក​យូដា​សង្កេត​ឃើញ​ថា ការ​ប្រយុទ្ធ​ចាប់​ផ្ដើម ហើយ​លោក​ក៏​ឮ​សំឡេង​អ្នក​ក្រុង​លាន់​ឡើង ព្រម​ទាំង​មាន​ស្នូរ​ត្រែ និង​សម្រែក​ផង។ 32 លោក​យូដា មាន​ប្រសាសន៍​ទៅ​កាន់​កង‌ទ័ព​របស់​លោក​ថា៖ «ចូរ​ប្រយុទ្ធ​នៅ​ថ្ងៃ​នេះ ដើម្បី​បង‌ប្អូន​របស់​យើង!» 33 លោក​បែង​ចែក​ពល‌ទាហាន​ជា​បី​កង ទៅ​វាយ​ប្រហារ​សត្រូវ​ពី​ខាង​ក្រោយ។ កង‌ទ័ព​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​នាំ​គ្នា​ស្រែក​ទូល​អង្វរ​ព្រះ‌ជា​អម្ចាស់។ 34 គ្រា​នោះ កង‌ទ័ព​របស់​លោក​ធីម៉ូថេ​ដឹង​ថា លោក​យូដា​ម៉ាកា‌បាយ​មក​ដល់ ក៏​បាក់​ទ័ព​រត់​ខ្ចាត់‌ខ្ចាយ​ចេញ​បាត់​អស់។ លោក​យូដា​វាយ​ខ្មាំង​ឲ្យ​បរា‌ជ័យ យ៉ាង​ធ្ងន់ធ្ងរ និង​សម្លាប់​ពួក​គេ​អស់​ប្រមាណ​ជា​ប្រាំបី‌ពាន់​នាក់​នៅ​ថ្ងៃ​នោះ។ 35 បន្ទាប់​មក លោក​យូដា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​អា‌លេម៉ា វាយ​ដណ្ដើម​យក​ក្រុង​នោះ ហើយ​សម្លាប់​ប្រុសៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង ព្រម​ទាំង​រឹប​អូស​យក​ជយ‌ភណ្ឌ រួច​ដុត​ក្រុង​នេះ​ចោល។ 36 លោក​ចាក​ចេញ​ពី​ទី នោះ​ទៅ​វាយ​ដណ្ដើម​យក​ក្រុង​ខាស​ផូ ម៉ា‌កែដ បូ‌សូរ៉ា និង​ក្រុង​នានា​ក្នុង​ស្រុក​កាឡាដ។
37 ក្រោយ​ពី​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​មក លោក​ធី‌ម៉ូថេ​ប្រមូល​កង‌ទ័ព​ជា​ថ្មី​ទៀត និង​បោះ​ទ័ព​នៅ​ទល់​មុខ​ក្រុង​រ៉ាភូន ដែល​នៅ​ត្រើយ​ម្ខាង​នៃ​ជ្រោះ។ 38 លោក​យូដា​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប‌ការណ៍​នៅ​ជំរំ​ខ្មាំង ហើយ​គេ​ត្រឡប់​មក​វិញ​រាយ‌ការណ៍​ជូន​លោក​ថា៖ «ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​ជុំ​វិញ​យើង ចូល​រួម​ជា​មួយ​លោក​ធីម៉ូថេ ធ្វើ​ជា​កង‌ទ័ព​មួយ​យ៉ាង​ខ្លាំង 39 គេ​ជួល​ពួក​អារ៉ាប់​ឲ្យ​មក​ជួយ​ច្បាំង ហើយ​បោះ​ទ័ព​នៅ​ត្រើយ​ម្ខាង​ជ្រោះ ត្រៀម​ខ្លួន​មក​វាយ​ប្រហារ​លោក»។ ដូច្នេះ លោក​យូដា​លើក​ទ័ព​ទៅ​វាយ​ពួក​គេ 40 ហើយ​ក៏​មក​ដល់​ជិត​ជ្រោះ។ ពេល​នោះ លោក​ធីម៉ូថេ​ប្រាប់​មេទ័ព​របស់​គាត់​ថា៖ «ប្រសិន​បើ​លោក​យូដា​មក​ដល់​ទី​នេះ មុន​យើង​ឆ្លង​ទៅ​រក​គេ ពួក​យើង​មិន​អាច​ត​ទល់​នឹង​គេ​បាន​ឡើយ ដ្បិត​គេ​ងាយ​វាយ​យើង។ 41 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​លោក​ភ័យ​ខ្លាច ហើយ​បោះ​ទ័ព​នៅ​ត្រើយ​ម្ខាង​នោះ ពួក​យើង​នឹង​ឆ្លង​ទៅ​វាយ​ប្រហារ​ពួក​គេ ហើយ​ពេល​នោះ ពួក​យើង​នឹង​មាន​ជ័យ‌ជម្នះ​លើ​ពួក​គេ​ជា​ពុំ​ខាន!»។ 42 ពេល​លោក​យូដា​ឆ្លង​មក​ដល់​មាត់​ជ្រោះ លោក​ដាក់​មេ‌ទ័ព​តាម​បណ្ដោយ​មាត់​ជ្រោះ​ទាំង​បញ្ជា​ថា៖ «កុំ​ឲ្យ​នរណា​ម្នាក់​ស្នាក់​នៅ​ទី​នេះ​ឡើយ គឺ​ត្រូវ​ចេញ​ច្បាំង​ទាំង​អស់​គ្នា»។ 43 លោក​ឆ្លង​ជ្រោះ ទៅ​ប្រយុទ្ធ​នឹង​សត្រូវ​មុន​គេ​បង្អស់ ហើយ​កង‌ទ័ព​ទាំង​មូល​ក៏​ឆ្លង​តាម​ក្រោយ​ដែរ។ លោក​វាយ​កម្ទេច​កង‌ទ័ព​សាសន៍​ដទៃ​រហូត​ដល់​បាក់​ទ័ព ទាំង​បោះ​អាវុធ​ចោល រត់​គេច​ទៅ​កាន់​ទី​សក្ការៈ​នៅ​ក្រុង​ការណា‌អ៊ីន។ 44 កង‌ទ័ព​របស់​លោក​យូដា​វាយ​ដណ្ដើម​យក​ក្រុង​នោះ រួច​ដុត​កម្ទេច​ទី​សក្ការៈ និង​អស់​អ្នក​ដែល​រស់​នៅ​ទី​នោះ​ដែរ។ លោក​រំលំ​ក្រុង​ការណា‌អ៊ីន​ចោល។ តាំង​ពី​ពេល​នោះ​មក គ្មាន​កង‌ទ័ព​ណា​អាច​ទប់​ទល់​នឹង​លោក​យូដា​ឡើយ។

45 លោក​យូដា​ប្រមូល​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​ស្រុក​កាឡាដ ទាំង​អ្នក​តូច​ដល់​អ្នក​ធំ ដោយ​មាន​ប្រពន្ធ​កូន និង​ទ្រព្យ‌សម្បត្តិ​រួម​ជា​មួយ​ផង ហើយ​នាំ​គ្នា​ទៅ​ស្រុក​យូដា។ ពួក​គេ​មាន​គ្នា​ច្រើន​ណាស់។ 46 ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេផ្រូន ជា​ក្រុង​ដ៏​ធំ មាន​កំពែង​រឹង​មាំ​ទៀត​ផង។ ពួក​គេ​មិន​អាច​ធ្វើ​ដំណើរ​វាង​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ក្រុង​នេះ​បាន​ទេ ដូច្នេះ ពួក​គេ​ត្រូវ​តែ​ដើរ​តាម​កណ្ដាល​ក្រុង​នេះ។ 47 ប៉ុន្តែ អ្នក​ក្រុង​អេផ្រូន​មិន​ព្រម​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់ ក្រុង​របស់​គេ​ឡើយ ហើយ​ថែម​ទាំង​យក​ថ្ម មក​ឃាំង​មាត់​ទ្វារ​ក្រុង​ផង។ 48 លោក​យូដា​ចាត់​គេ​ឲ្យ​ទៅ​សុំ​ចរចា ដោយ​ប្រាប់​ថា៖ «យើង​ខ្ញុំ​សុំ​ផ្លូវ​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​របស់​អស់​លោក ដើម្បី​ទៅ​កាន់​ស្រុក​របស់​យើង​ខ្ញុំ។ យើង​ខ្ញុំ​មិន​ធ្វើ​បាប​អ្នក​រាល់​គ្នា​ទេ គឺ​គ្រាន់​តែ​សុំ​ផ្លូវ​ដើរ​កាត់​ប៉ុណ្ណោះ»។ 49 ពេល​នោះ លោក​យូដា​ចេញ​បញ្ជា​ទៅ​កង‌ទ័ព​ឲ្យ​ត្រៀម​ខ្លួន​ប្រយុទ្ធ​តាម​កន្លែង​រៀងៗ​ខ្លួន កង‌ទ័ព​ក៏​ត្រៀម​ខ្លួន​វាយ​ប្រហារ​ក្រុង​នេះ។ 50 លោក​យូដា​ប្រយុទ្ធ​អស់​មួយ​ថ្ងៃ​មួយ​យប់ ទើប​ដណ្ដើម​យក​ទីក្រុង​បាន។ 51 លោក​យូដា​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​ក្រុង​នោះ ដោយ​មុខ​ដាវ បំផ្លាញ​ក្រុង​ចោល រឹប​អូស​យក​ជយ‌ភណ្ឌ រួច​លោក និង​កង‌ទ័ព​ដើរ​កាត់​ក្រុង​នេះ ដោយ​ជាន់​សាក​សព​អ្នក​ក្រុង​នោះ​ទៀត​ផង។ 52 ពួក​គេ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​ដែល​នៅ​ទល់​មុខ​ក្រុង​បេត‌សាន។ 53 នៅ​តាម​ផ្លូវ លោក​យូដា​តែង​តែ​ទៅ​មក ព្រម​ទាំង​ប្រមូល​ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​យឺត ទាំង​លើក​ទឹក​ចិត្ត​ប្រជាជន រហូត​ទៅ​ដល់​ស្រុក​យូដា។ 54 ពួក​គេ​បាន​ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌យ៉ូន ទាំង​អរ‌សប្បាយ​ជា​ខ្លាំង ហើយ​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដ្បិត​ពួក​គេ​ត្រឡប់​មក​វិញ ដោយ​សេចក្ដី​សុខ​សាន្ត​គ្មាន​នរណា​ម្នាក់​បាត់​បង់​ជីវិត​ឡើយ។

ការ​តយុទ្ធ​នៅ​ស្រុក​អ៊ី‌ឌូមែ

55 ក្នុង​ពេល​ដែល​លោក​យូដា និង​លោក​យ៉ូណាថាន​នៅ​ស្រុក​កា‌ឡាដ លោក​ស៊ីម៉ូន​ជា​ប្អូន​របស់​គាត់ កំពុង​ប្រយុទ្ធ​នៅ​ក្រុង​ផ្ទោ‌ឡេ​ម៉ៃស៍ ក្នុង​ស្រុក​កាលីឡេ។ 56 លោក​យ៉ូសែប​ជា​កូន​របស់​លោក​សាការី និង​លោក​អសា‌រីយ៉ា ជា​មេទ័ព បាន​ទទួល​ដំណឹង​អំពី​ជ័យ‌ជម្នះ​ដ៏​អស្ចារ្យ​របស់​លោក​យូដា និង​លោក​យ៉ូណាថាន។ 57 លោក​ទាំង​ពីរ​ក៏​ពិ‌ភាក្សា​គ្នា​ថា៖ «យើង​នាំ​គ្នា​ចេញ​ទៅ​ប្រយុទ្ធ​ជាមួយ​សាសន៍​ដទៃ​ដែល​រស់​នៅ​ជុំ​វិញ​យើង​ទៅ! នោះ​យើង​មុខ​ជា​មាន​ឈ្មោះ​ល្បី​ដូច​គេ​មិន​ខាន!»។ 58 លោក​ទាំង​ពីរ​ក៏​បញ្ជា​ទៅ​កង‌ទ័ព ដែល​នៅ​ក្រោម​បង្គាប់​របស់​លោក ឲ្យ​ចេញ​ទៅ​វាយ​លុក​លុយ​ទីក្រុង​យ៉ាម‌នីយ៉ា។ 59 ឯ​លោក​គ័រ‌ស៊ីយ៉ាស និង​កង‌ទ័ព​របស់​លោក ក៏​ចេញ​ពី​ក្រុង​នោះ​ទៅ​ច្បាំង​ដែរ។ 60 ហើយ​ក៏​វាយ​ឈ្នះ​កង‌ទ័ព​របស់​លោក​យ៉ូ‌សែប និង​លោក​អសា‌រីយ៉ា ថែម​ទាំង​ដេញ​តាម​ប្រហារ​ពួក​គេ រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​យូដា​ទៀត​ផង។ នៅ​ថ្ងៃ​នោះ កង‌ទ័ព​អ៊ីស្រា‌អែល​ប្រមាណ​ពីរ‌ពាន់​នាក់ បាន​បាត់​បង់​ជីវិត​នៅ​លើ​សមរ‌ភូមិ។ 61 កង‌ទ័ព​អ៊ីស្រា‌អែល​បរា‌ជ័យ​ជា​ទម្ងន់ ព្រោះ​មេ‌ទ័ព​ទាំង​ពីរ​មិន​ស្ដាប់​លោក​យូដា និង​បង‌ប្អូន​របស់​លោក ដោយ​នឹក​ស្មាន​ថា​លោក​ទាំង​ពីរ​អាច​ធ្វើ​ការ​អស្ចារ្យ​ដែរ។ 62 ប៉ុន្តែ លោក​ទាំង​ពីរ​ពុំ​មែន​ជា​ពូជ​វីរ‌បុរស​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក​សង្គ្រោះ​ប្រជាជន​អ៊ីស្រា‌អែល​នោះ​ឡើយ។
63 លោក​យូដា និង​បង‌ប្អូន​របស់​លោក ជា​វីរ‌បុរស​ដ៏​អង់​អាច ប្រកប​ដោយ​ភាព​រុង‌រឿង​ថ្កើង​ថ្កាន ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល និង​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​ឮ​ឈ្មោះ​របស់​អស់​លោក។ 64 មនុស្ស​ម្នា​ប្រជ្រៀត​គ្នា​មក​សរ‌សើរ​អស់​លោក។ 65 បន្ទាប់​មក លោក​យូដា និង​បង‌ប្អូន ក៏​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ជន​ជាតិ​អេដុម ដែល​ស្ថិត​នៅ​តំបន់​ខាង​ត្បូង។ លោក​វាយ​ដណ្ដើម​យក​ក្រុង​អេ‌ប្រូន និង​ភូមិ​ដែល​នៅ​ជុំ​វិញ រំលំ​កំពែង​ក្រុង​នោះ ហើយ​ដុត​ប៉ម​ដែល​នៅ​លើ​កំពែង​ទៀត​ផង។ 66 បន្ទាប់​មក លោក​ចេញ​ដំណើរ ឆ្ពោះ​ទៅ​កាន់​ស្រុក​ភីលី‌ស្ទីន ហើយ​ដើរ​កាត់​ក្រុង​ម៉ារី‌សា។ 67 នៅ​ថ្ងៃ​នោះ អស់​លោក​បូជា‌ចារ្យ​ដែល​ចង់​សម្ដែង​ពី​សេចក្ដី​ក្លា‌ហាន​របស់​ខ្លួន នាំ​គ្នា​ចេញ​ទៅ​ច្បាំង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ត្រូវ​ស្លាប់​នៅ​លើ​សមរ‌ភូមិ។ 68 ក្រោយ​មក លោក​យូដា​ងាក​ទៅ​កាន់​ក្រុង​អសូ‌តូ នៅ​ក្នុង​ស្រុក​របស់​ជន​ជាតិ​ភីលី‌ស្ទីន។ លោក​បំផ្លិច​បំផ្លាញ​កន្លែង​ថ្វាយ​យញ្ញ‌បូជា​របស់​ពួក​គេ ដុត​រូប​បដិមា​នៃ​ព្រះ​របស់​ពួក​គេ ហើយ​រឹប​អូស​យក​ជយ‌ភណ្ឌ​ក្នុង​ក្រុង​ទាំង​នោះ វិល​ត្រឡប់​ទៅ​កាន់​ស្រុក​យូដា​វិញ។