ជំពូក ១២

លោក​យ៉ូណាថាន​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ជន​ជាតិ​រ៉ូម៉ាំង​សា​ជា​ថ្មី

1 លោក​យ៉ូណាថាន​ឃើញ​ថា​សភាព‌ការណ៍​ដំណើរ​ការ​ល្អ​សម្រាប់​គាត់ គាត់​ក៏​ជ្រើស‌រើស​ទូត​ចាត់​ឲ្យ​ទៅ​ក្រុង​រ៉ូម ដើម្បី​ចង​សម្ពន្ធ‌មិត្ត​ជាមួយ​ជន​ជាតិ​រ៉ូម៉ាំង​ជា​ថ្មី។ 2 លោក​សរសេរ​លិខិត​ដែល​មាន​សេចក្ដី​ដូច​គ្នា ផ្ញើ​ជូន​ក្រុង​ស្ប៉ាត និង​ក្រុង​ផ្សេងៗ​ទៀត​ដែរ។ 3 ទូត​ទាំង​នោះ​ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​រ៉ូម ហើយ​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ព្រឹទ្ធ‌សភា​ក្រុង​នោះ។ ពួក​គេ​មាន​ប្រសាសន៍​ថា៖ «លោក​មហា​បូជា‌ចារ្យ​យ៉ូណាថាន និង​ជន​ជាតិ​យូដា ចាត់​យើង​ខ្ញុំ​ឲ្យ​មក ដើម្បី​រឹត​ចំណង​មិត្ត‌ភាព និង​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ជន​ជាតិ​រ៉ូម៉ាំង​សា​ជា​ថ្មី ដូច​កាល​ពី​មុនៗ​មក»។ 4 ព្រឹទ្ធ​សភា​ចេញ​លិខិត​អនុញ្ញាត​ច្បាប់​ចំពោះ​ទូត​ទាំង​នោះ ដើម្បី​ឲ្យ​អ្នក​កាន់​អំណាច​ក្នុង​ស្រុក​នីមួយៗ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​របស់​ពួក​គេ វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ ដោយ​សុវត្ថិ​ភាព។
5 នេះ​ជា​សេចក្ដី​ក្នុង​លិខិត​ដែល​លោក​យ៉ូណាថាន​សរសេរ​ផ្ញើ​អ្នក​ក្រុង​ស្ប៉ាត៖ 6 «យើង យ៉ូណាថាន​ជា​មហា​បូជា‌ចារ្យ ព្រឹទ្ធ‌សភា​ជាតិ និង​អស់​លោក​បូជា‌ចារ្យ ព្រម​ទាំង​ប្រជាជន​យូដា​ទាំង​មូល ជម្រាប​មក​អ្នក​ក្រុង​ស្បាត​ជា​បង‌ប្អូន។ 7 កាល​ពី​ដើម ព្រះ‌បាទ​អារីយ៉ូស ដែល​គ្រង‌រាជ្យ​នៅ​ប្រទេស​របស់​បង‌ប្អូន បាន​សរសេរ​រាជ‌សារ​ផ្ញើ​ទៅ​លោក​មហា​បូជា‌ចារ្យ​អ៊ូនីយ៉ា​បញ្ជាក់​ថា ប្រជាជន​របស់​យើង​ទាំង​ពីរ​ជា​បង‌ប្អូន ដូច​លិខិត​ភ្ជាប់​មក​ជា​មួយ​នេះ​ជា​ភស្តុតាង​ស្រាប់។ 8 លោក​អូនីយ៉ា​ទទួល​រាជ‌ទូត​យ៉ាង​អធិក‌អធម ហើយ​ទទួល​រាជ‌សារ​ដែល​បញ្ជាក់​ច្បាស់​អំពី​សម្ពន្ធ‌មិត្ត និង​ចំណង​មិត្ត‌ភាព​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ 9 ចំពោះ​យើង​ខ្ញុំ ទោះ​បី​មិន​ត្រូវ​ការ​សេចក្ដី​ទាំង​នោះ​ក្ដី ក៏​ព្រះ‌គម្ពីរ​ដែល​យើង​កាន់ តែង​តែ​សម្រាល​ទុក្ខ​យើង​ខ្ញុំ។ 10 យើង​ខ្ញុំ​ក៏​សម្រេច​ចិត្ត ចាត់​ទូត​ឲ្យ​មក​ជួប​អស់​លោក ដើម្បី​រឹត​ចំណង​សម្ពន្ធ‌មិត្ត និង​មិត្ត‌ភាព​សា​ជា​ថ្មី ក្រែង​លោ​យើង​ខ្ញុំ​ត្រឡប់​ទៅ​ជា​ជន​បរទេស​សម្រាប់​អស់​លោក ព្រោះ​អស់​លោក​បាន​ចាត់​រាជ​ប្រតិភូ ឲ្យ​ទៅ​ជួប​យើង​ខ្ញុំ​ជា​យូរ​ឆ្នាំ​មក​ហើយ។ 11 យើង​ខ្ញុំ​តែង​តែ​នឹក​រលឹក​ដល់​អស់​លោក​ជា‌និច្ច ក្នុង​គ្រប់​ពិធី​បុណ្យ និង​នៅ​ថ្ងៃ​បុណ្យ​នានា ក្នុង​ពេល​ថ្វាយ​យញ្ញ‌បូជា និង​ក្នុង​ពេល​អង្វរ​ព្រះ‌ជាម្ចាស់។ នេះ​ជា​ការ​សមរម្យ​ណាស់​ចំពោះ​យើង​ជា​បង‌ប្អូន។ 12 យើង​ខ្ញុំ​មាន​អំណរ​ចំពោះ​ភាព​រុង‌រឿង​ថ្កុំ​ថ្កើង​របស់​អស់​លោក។ 13 រីឯ​យើង​ខ្ញុំ យើង​ខ្ញុំ​រង​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​សត្រូវ​មក​ច្បាំង​នឹង​យើង​ខ្ញុំ​ជា​ច្រើន​លើក ស្ដេច​ស្រុក​ជិត​ខាង​ក៏​បាន​មក​វាយ​ប្រហារ​យើង​ខ្ញុំ​ដែរ។ 14 ប៉ុន្តែ យើង​ខ្ញុំ​មិន​ចង់​រំខាន​អស់​លោក​សម្ពន្ធ‌មិត្ត និង​មិត្ត​ឯ​ទៀតៗ អំពី​សង្គ្រាម​ទាំង​នោះ​ទេ។ 15 មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​សង្គ្រោះ​យើង​ខ្ញុំ ព្រះ‌អង្គ​បាន​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ពួក​ខ្មាំង​ត្រូវ​ទទួល​ការ​អាម៉ាស់​វិញ។ 16 ហេតុ​នេះ យើង​ខ្ញុំ​ជ្រើស‌រើស​លោក​នូមេ‌នីយ៉ូស ជា​កូន​របស់​លោក​អន់ទី‌យ៉ូគូស និង​លោក​អន់ទី‌ប៉ាទែរ ជា​កូន​របស់​លោក​យ៉ាសូន រួច​ចាត់​ពួក​គេ​ឲ្យ​មក​ជួប​ជន​ជាតិ​រ៉ូម៉ាំង ដើម្បី​ចង​ចំណង​មិត្ត‌ភាព និង​ចង​សម្ពន្ធ‌មិត្ត​ដូច​កាល​ពី​មុន​ដែរ។ 17 យើង​ខ្ញុំ​បញ្ជា​ពួក​គេ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ជួប និង​សួរ​សុខ​ទុក្ខ​អស់​លោក ព្រម​ទាំង​យក​លិខិត​ស្តី​ពី​ការ​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​គ្នា និង​អំពី​ការ​រឹត​ចំណង​មិត្ត​ភាព​ជា​មួយ​បង‌ប្អូន​សា​ជា​ថ្មី​ទៀត ជូន​ចំពោះ​អស់​លោក។ 18 សូម​អស់​លោក​មេត្តា​តប​ឆ្លើយ​មក​យើង​ខ្ញុំតាម​សេចក្ដី​ស្នើរ​សុំ​នេះ​ផង»។
19 នេះ​ជា​សេចក្ដី​ក្នុង​លិខិត​ផ្ញើ​មក​លោក​អូនីយ៉ា៖ 20 «យើង​អារីយ៉ូស ជា​ស្ដេច​ក្រុង​ស្ប៉ាត ជម្រាប​មក​លោក​អូនីយ៉ា ជា​មហា​បូជា‌ចារ្យ សូម​ជ្រាប៖ 21 យើង​បាន​រក​ឃើញ​ឯក​សារ​ស្តី​អំពី​ជន​ជាតិ​ស្ប៉ាត និង​ជន​ជាតិ​យូដា បាន​បញ្ជាក់​ថា យើង​ទាំង​ពីរ​ជា​បង‌ប្អូន​នឹង​គ្នា គឺ​សុទ្ធ​តែ​ជា​ពូជ​ពង្ស​របស់​លោក​អប្រាហាំ​ដូច​គ្នា។ 22 ឥឡូវ​នេះ ដោយ​យើង​ដឹង​សេចក្ដី​ទាំង​នោះ ហើយ​យើង​យល់​ថា ជា​ការ​ប្រសើរ​ណាស់​ចំពោះ​យើង​ខ្ញុំ​សរសេរ​លិខិត​មក​សួរ​សុខ​ទុក្ខ​អស់​លោក។ 23 ចំពោះ​យើង​ខ្ញុំ យើង​ខ្ញុំ​សូម​ជម្រាប​អស់​លោក​ថា ហ្វូង​សត្វ​របស់​អស់​លោក ក៏​ដូច​ជា​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ទ្រព្យ‌សម្បត្តិ​របស់​អស់​លោក ក៏​ដូច​ជា​ទ្រព្រ​សម្បត្តិ​យើង​ខ្ញុំ​ដែរ។ ហេតុ​នេះ​ហើយ ទើប​យើង​សូម​ចេញ​បញ្ជា​ឲ្យ​គេ​មក​ជម្រាប​សេចក្ដី​ទាំង​នេះ​ដល់​អស់​លោក»។

លោក​យ៉ូណាថាន​ធ្វើ​សឹក​សង្គ្រាម​នៅ​ស្រុក​ស៊ីរី

24 លោក​យ៉ូណាថាន​ទទួល​ដំណឹង​ថា មេទ័ព​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​វិល​ត្រឡប់​មក​វិញ ដោយ​នាំ​កង‌ទ័ព​ច្រើន​ជាង​មុន​ទៅ​ទៀត មក​វាយ​ប្រហារ​លោក។ 25 លោក​យ៉ូណាថាន​ក៏​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ដើម្បី​ទៅ​ប្រយុទ្ធ​នឹង​ពួក​គេ​នៅ​តំបន់​ក្រុង​ហាម៉ាត កុំ​ឲ្យ​ពួក​គេ​ចូល​មក​ក្នុង​ស្រុក​យូដា។ 26 លោក​យ៉ូណាថាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប​យក​ការណ៍​ពី​ក្នុង​ជំរំ​របស់​សត្រូវ។ ពួក​គេ​មក​រាយ​ការណ៍​ប្រាប់​លោក​ថា កង​កម្លាំង​សត្រូវ​កំពុង​តែ​ត្រៀម​ខ្លួន​វាយ​ប្រហារ​កង‌ទ័ព​យូដា​នៅ​ពេល​យប់។ 27 ពេល​ថ្ងៃ​លិច លោក​យ៉ូណាថាន​បញ្ជា​ឲ្យ​កង‌ទ័ព​របស់​លោក​យាម​យ៉ាង​ប្រុង​ប្រយ័ត្ន ព្រម​ទាំង​កាន់​អាវុធ​រៀងៗ​ខ្លួន ត្រៀម​ប្រយុទ្ធ​ពេញ​មួយ​យប់​នោះ។ លោក​ក៏​ដាក់​ខ្សែ​ត្រៀម​ជុំ​វិញ​ទី​តាំង​កង‌ទ័ព​ដែរ។ 28 ពួក​សត្រូវ​ដឹង​ថា លោក​យ៉ូណាថាន និង​កង‌ទ័ព​របស់​លោក បាន​ត្រៀម​ខ្លួន​ចាំ​វាយ​ពួក​គេ គេ​មាន​ការ​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង គេ​ដុត​ភ្លើង​ចោល​ក្នុង​ជំរំ ពួក​គេ ហើយ​ភៀស​ខ្លួន​បាត់​អស់​ទៅ។ 29 លោក​យ៉ូណាថាន និង​កង‌ទ័ព​របស់​លោក ឃើញ​ភ្លើង​កំពុង​ឆេះ​នៅ​ក្នុង​ជំរំ​នោះ តែ​មិន​នឹក​ស្មាន​ថា ពួក​ខ្មាំង​រត់​បាត់​អស់​ទេ លុះ​ដល់​ព្រឹក​ស្អែក ទើប​ពួក​គេ​ដឹង។ 30 លោក​យ៉ូណាថាន​ដេញ​តាម​ពី​ក្រោយ​ពួក​គេ ក៏​ប៉ុន្តែ លោក​តាម​មិន​ទាន់ ព្រោះ​ពួក​គេ​ឆ្លង​ទន្លេ​អេលើថែរ​ផុត​ទៅ​ហើយ។ 31 ពេល​នោះ លោក​យ៉ូណាថាន​បែរ​ទៅ​វាយ​ប្រហារ​ជន​ជាតិ​អារ៉ាប់​ឈ្មោះ​សេបា‌ដេអាន។ លោក​វាយ​ឈ្នះ​ពួក​គេ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទុក​ជា​ជយ‌ភណ្ឌ​ទៀត​ផង។ 32 បន្ទាប់​មក លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ដាម៉ាស់ ហើយ​ដើរ​កាត់​តំបន់​ទាំង​មូល។ 33 នៅ​គ្រា​នោះ លោក​ស៊ីម៉ូន​ក៏​ចេញ​ទៅ​ធ្វើ​សង្គ្រាម រហូត​ដល់​ក្រុង​អាស្កាឡូន និង​ក្រុង​ដែល​នៅ​ជុំ​វិញ​មាន​សុទ្ធ​តែ​កំពែង រួច​ឆ្ពោះ​ទៅ​កាន់​ក្រុង​យ៉ូប៉េ ហើយ​កាន់​កាប់​ក្រុង​នោះ ដើម្បី​ការ‌ពារ​ទុក​ជា​មុន។ 34 លោក​ដាក់​កង‌ទ័ព​នៅ​ក្រុង​នោះ ព្រោះ​លោក​ជ្រាប​ថា អ្នក​ក្រុង​មាន​បំណង​ប្រគល់​ក្រុង​ដែល​មាន​កំពែង​នេះ ឲ្យ​កង‌ទ័ព​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស។

លោក​យ៉ូណាថាន​សង់​កំពែង​ក្រុង​យេរូ‌សាឡឹម

35 ពេល​លោក​យ៉ូណាថាន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ លោក​កោះ​ហៅ​ព្រឹទ្ធា‌ចារ្យ​នៃ​ប្រជាជន ហើយ​សម្រេច​ជា​មួយ​អស់​លោក​ថា​នឹង​សង់​ក្រុង​ដែល​មាន​កំពែង​ជា​ច្រើន ក្នុង​ស្រុក​យូដា 36 សង់​កំពែង​ក្រុង​យេរូ‌សាឡឹម​ឲ្យ​បាន​ខ្ពស់ ព្រម​ទាំង​សង់​ជញ្ជាំង​ដែល​ខ័ណ្ឌ​បន្ទាយ និង​ក្រុង​ឲ្យ​ដាច់​ពី​គ្នា។ ធ្វើ​ដូច្នេះ ពល‌ទាហាន​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​មិន​អាច​ចេញ​ចូល​លក់ ឬ​ទិញ​អីវ៉ាន់​បាន​ឡើយ។ 37 ប្រជាជន​ប្រមូល​គ្នា​សង់​ក្រុង​ឡើង​វិញ ដ្បិត​កំពែង​នៅ​ផ្នែក​ខាង​កើត​ក្រុង​រលំ​អស់​ទៅ​ហើយ។ គេ​ក៏​សង់​សង្កាត់​ដែល​មាន​ឈ្មោះ​ថា ខាផេ‌ណាថា ឡើង​វិញ​ដែរ។ 38 លោក​ស៊ីម៉ូន​សង់​ក្រុង​អាឌីដា ដែល​ស្ថិត​នៅ​ជើង​ភ្នំ​ឡើង​វិញ ព្រម​ទាំង​សង់​កំពែង​ការ‌ពារ​ក្រុង ដាក់​ទ្វារ និង​រនុក​ទៀត​ផង។

លោក​ទ្រីផូន​ចាប់​លោក​យ៉ូណាថាន

39 លោក​ទ្រីផូន​មាន​បំណង​តាំង​ខ្លួន​ជា​ស្ដេច​គ្រប់​គ្រង​លើ​ស្រុក​អាស៊ីរី​ទាំង​មូល ហើយ​ខិត​ខំ​ចាប់​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ធ្វើ​គុត។ 40 លោក​ខ្លាច​លោក​យ៉ូណាថាន មិន​បណ្តោយ​ឲ្យ​លោក​សម្រេច តាម​គម្រោង‌ការណ៍​នេះ ហើយ​ច្បាំង​នឹង​គាត់​វិញ។ ដូច្នេះ លោក​ទ្រីផូន រក​មធ្យោ​បាយ​ចាប់​លោក​យ៉ូណាថាន​យក​ទៅ​សម្លាប់។ លោក​ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​បេត‌សាន។ 41 ប៉ុន្តែ លោក​យ៉ូណាថាន និង​កង‌ទ័ព​ដ៏​ចំណាន​បួន‌ម៉ឺន​នាក់ ចេញ​មក​ជួប​លោក​ទ្រីផូន​នៅ​ក្រុង​បេត‌សាន។ 42 លោក​ទ្រីផូន​ឃើញ​ថា លោក​យ៉ូណាថាន​មាន​កង‌ទ័ព​ច្រើន​យ៉ាង​នេះ លោក​មិន​ហ៊ាន​ចាប់​លោក​យ៉ូណាថាន​ទេ 43 លោក​បែរ​ជា​ទទួល​លោក​យ៉ូណាថាន​យ៉ាង​អធិក​អធម ព្រម​ទាំង​បង្ហាញ​នាម៉ឺន​មន្ត្រី​របស់​លោក ឲ្យ​លោក​យ៉ូណាថាន​ស្គាល់ ព្រម​ទាំង​ជូន​អំណោយ​ជា​ច្រើន។ លោក​បញ្ជា​មន្ត្រី និង​កង‌ទ័ព ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​លោក​យ៉ូណាថាន ដូច​គេ​ធ្លាប់​ធ្វើ​តាម​បង្គាប់​របស់​លោក​ដែរ។ 44 លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូណាថាន​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​កង‌ទ័ព​មាន​ការ​នឿយ​ហត់​ដូច្នេះ? យើង​មិន​មែន​ជា​សត្រូវ​នឹង​គ្នា​ទេ! 45 សូម​បញ្ជា​ឲ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ!។ សូម​ជ្រើស‌រើស​កង‌ទ័ព​តែ​មួយ​ចំនួន​តូច ឲ្យ​ការ‌ពារ​លោក​បាន​ហើយ រួច​សូម​អញ្ជើញ​មក​ក្រុង​ផ្ទោឡេ‌មៃស៍​ជាមួយ​ខ្ញុំ។ ខ្ញុំ​នឹង​ប្រគល់​ក្រុង​នោះ និង​បន្ទាយ​ឯ​ទៀតៗ​ដែល​មាន​កំពែង​រឹង​មាំ ឲ្យ​លោក​កាន់​កាប់ ព្រម​ទាំង​ប្រគល់​កង‌ទ័ព​ដែល​នៅ​សេស​សល់ និង​នាម៉ឺន​មន្ត្រី​ផង រួច​ខ្ញុំ​វិញ​នឹង​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ព្រោះ​ខ្ញុំ​ចេញ​មក ដើម្បី​គោល​បំណង​នេះ​តែ​ប៉ុណ្ណោះ»។ 46 លោក​យ៉ូណាថាន​ក៏​ជឿ​ទុក​ចិត្ត​លើ​លោក​ទ្រីផូន ហើយ​ធ្វើ​តាម​ពាក្យ​លោក គឺ​គាត់​បញ្ជា​ឲ្យ​កង‌ទ័ព​របស់​គាត់​វិល​ត្រឡប់​ទៅ​ស្រុក​យ៉ូដា​វិញ។ 47 លោក​យ៉ូណាថាន​ទុក​កង‌ទ័ព​ចំនួន​បី​ពាន់​នាក់​នៅ​ជា​មួយ​គាត់ គឺ​ចំនួន​ពីរ‌ពាន់​នាក់​ឲ្យ​នៅ​ស្រុក​កាលីឡេ និង​មួយ​ពាន់​នាក់​ឲ្យ​ធ្វើ​ដំណើរ​ជា​មួយ​គាត់។ 48 ប៉ុន្តែ ពេល​លោក​យ៉ូណាថាន​ចូល​ដល់​ក្នុង​ក្រុង​ផ្ទោឡេ‌មៃស៍ អ្នក​ក្រុង​បិទ​ទ្វារ​ចាប់​លោក ហើយ​សម្លាប់​កង‌ទ័ព​ទាំង​អស់ ដែល​ចូល​មក​ជា​មួយ​លោក។ 49 លោក​ទ្រីផូន​ចាត់​ទ័ព​ថ្មើរ​ជើង ព្រម​ទាំង​ទ័ព‌សេះ​ទៅ​ស្រុក​កាលីឡេ និង​ក្នុង​វាល​ទំនាប​អ៊ីស្រា‌អែល ដើម្បី​សម្លាប់​បក្ស​ពួក​របស់​លោក​យ៉ូណាថាន​ឲ្យ​អស់។ 50 អ្នក​ទាំង​នោះ​ដឹង​ថា គេ​ចាប់​លោក​យ៉ូណាថាន ព្រម​ទាំង​ទ័ព​ដែល​នៅ​ជា​មួយ​យក​ទៅ​សម្លាប់។ ដូច្នេះ ពួក​ដែល​នៅ​សេស​សល់​បាន​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រយុទ្ធ។ 51 កង‌ទ័ព​សត្រូវ​ដែល​ដេញ​តាម​ពួក​គេ​ឃើញ​ថា បក្ស​ពួក​របស់​លោក​យ៉ូណាថាន​ប្រយុទ្ធ​ដោយ​ប្តូរ​ជីវិត​ដូច្នេះ ពួក​គេ​ក៏​ថយ​ក្រោយ​វិញ។ 52 កង‌ទ័ព​យូដា​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ដោយ​សុវត្ថិ‌ភាព។ ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ​លោក​យ៉ូណាថាន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក។ ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង។ 53 ពេល​នោះ ប្រជាជន​ដែល​នៅ​ជុំ​វិញ​ស្រុក​យូដា​បម្រុង​កម្ទេច​ពូជ​សាសន៍​របស់​គេ ដោយ​ពោល​ថា៖ «ពួក​គេ​គ្មាន​មេ​ដឹក​នាំ គ្មាន​នរណា​គាំ​ទ្រ​ទេ។ យើង​នាំ​គ្នា​វាយ​ប្រហារ​គេ​ឥឡូវ​នេះ! យើង​នឹង​បំបាត់​ឈ្មោះ​គេ​ឲ្យ​ផុត​ពី​ផែន​ដី មិន​ឲ្យ​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត​ឡើយ»។