ជំពូក ៧

ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ឡើង​សោយ‌រាជ្យ

1 នៅ​ឆ្នាំ ១៥១ ព្រះ‌អង្គម្ចាស់​ដេម៉េ‌ទ្រីយ៉ូស ជា​បុត្រ​របស់​ព្រះ‌បាទ​សេលើ‌គូស រត់​ចេញ​ពី​ក្រុង​រ៉ូម ទាំង​នាំ​ពល‌ទាហាន​មួយ​ក្រុម​តូច​មក​ជា​មួយ​ផង។ ព្រះ‌អម្ចាស់​យាង​ទៅ​គង់​ក្នុង​ក្រុង​មួយ​នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ប្រកាស​ខ្លួន​ជា​ស្ដេច​សោយ‌រាជ្យ។ 2 ពេល​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​យាង​ចូល​ទៅ​រាជ​វាំង​របស់​អយ្យ‌កោ​កង‌ទ័ព​បាន​ចាប់​ព្រះ​បាទ​អន់​ទី‌យ៉ូគូស និង​លោក​លី‌ស៊ីយ៉ា​បម្រុង​នឹង​បញ្ជូន​មក​ថ្វាយ​ស្ដេច។ 3 ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ជ្រាប​ដំណឹង​នេះ​ហើយ ក៏​មាន​រាជ‌ឱង្ការ​ថា៖ «យើង​មិន​ចង់​ឃើញ​មុខ​ពួក​គេ​ទេ!»។ 4 ដូច្នេះ កង‌ទ័ព​ប្រហារ​ជីវិត​លោក​ទាំង​ពីរ ហើយ​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ក៏​ឡើង​សោយ‌រាជ្យ។ 5 នៅ​គ្រា​នោះ ជន‌ពាល​ក្បត់​សាសនា ដែល​រស់​នៅ​ស្រុក​អ៊ីស្រា‌អែល​មួយ​ចំនួន ចូល​មក​គាល់​ស្ដេច ដោយ​មាន​លោក​អាល‌គីម​ជា​អ្នក​នាំ​មុខ​គេ។ លោក​អាល‌គីម​នោះ​មាន​ចិត្ត​លោភ​លន់ ចង់​បាន​មុខ​ងារ​ជា​មហា​បូជា‌ចារ្យ។ 6 ពួក​គេ​ក៏​និយាយ​មួល​បង្កាច់​ប្រជាជន​របស់​ខ្លួន ដោយ​ទូល​ស្ដេច​ថា៖ «លោក​យូដា និង​បង‌ប្អូន​គាត់ បាន​សម្លាប់​អស់​អ្នក​ដែល​គាំ​ទ្រ​ស្ដេច ហើយ​បណ្ដេញ​ទូល​បង្គំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​ទៀត​ផង។ 7 ហេតុ​នេះ សូម​ព្រះ‌ករុណា​ចាត់​មនុស្ស​ម្នាក់​ដែល​គួរ​ទុក​ចិត្ត ឲ្យ​ទៅ​ពិនិត្យ​មើល​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​លោក​យូដា​បាន​បំផ្លាញ​នៅ​លើ​ទឹក​ដី​របស់​ទូល​បង្គំ​យើង​ខ្ញុំ និង​ក្នុង​ស្រុក​ព្រះ‌ករុណា។ សូម​ព្រះ‌អង្គ​ដាក់​ទោស​លោក​យូដា បង‌ប្អូន​គាត់ និង​បក្ស​ពួក​ដែល​ជួយ​គេ​ផង»។

បេសក‌កម្ម​របស់​លោក​បាកឃីដែស

8 ព្រះ‌មហា​ក្សត្រ​ជ្រើស‌រើស​លោក​បាកឃី‌ដែស ជា​មន្ត្រី​ជំនិត ដែល​ត្រួត​លើ​ស្រុក​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត។ លោក​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ក្នុង​រាជា‌ណាចក្រ ហើយ​ស្មោះ‌ត្រង់​ចំពោះ​ស្ដេច។ 9 ព្រះ‌រាជា​ចាត់​លោក​ឲ្យ​ទៅ​ជា​មួយ​ជន‌ពាល​អាល‌គីម។ ព្រះ‌អង្គ​ក៏​តែង​តាំង​លោក​អាល‌គីម​ឲ្យ​បំពេញ​មុខ​ងារ​ជា​មហា​បូជា‌ចារ្យ ហើយ​បញ្ជា​ឲ្យ​លោក​អាល‌គីម​ធ្វើ​បាប​ជន​ជាតិ​យូដា ដើម្បី​សង​សឹក។ 10 លោក​ទាំង​ពីរ​ចេញ​ដំណើរ​ដោយ​នាំ​កង‌ទ័ព​ជា​ច្រើន​ទៅ​ជា​មួយ​ផង។ លុះ​មក​ដល់​ស្រុក​យូដា គេ​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​លោក​យូដា និង​បង‌ប្អូន​លោក ដើម្បី​ចចារ​សុំ​សន្តិ‌ភាព ក្នុង​គោល​បំណង​បញ្ឆោត​អស់​លោក។ 11 ប៉ុន្តែ ជន​ជាតិ​យូដា​ឃើញ​ថា លោក​ទាំង​ពីរ​មក​ស្រុក​គេ​ទាំង​នាំ​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ​មក​ជា​មួយ​ផង​នោះ គេ​ក៏​មិន​ជឿ​ទុក​ចិត្ត​លើ​កិច្ច​ចរចា​របស់​លោក​ទាំង​ពីរ​ទេ។ 12 ប៉ុន្តែ មាន​គណៈ‌កម្មការ​ធម្មា‌ចារ្យ​ទៅ​ជួប​ជុំ​នៅ​ផ្ទះ​លោក​អាល‌គីម និង​លោក​បាកឃី‌ដែស ដើម្បី​ចរចា​ស្វែង​រក​សន្តិ‌ភាព​ដ៏​ត្រឹម​ត្រូវ។ 13 ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ពួក​ហាស្ស៊ី‌ឌីម​សុខ​ចិត្ត​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ‌ភាព​មុន​គេ។ 14 ពួក​ហាស្ស៊ី‌ឌីម​នោះ​និយាយ​ថា៖ «លោក​អាល‌គីម​ដែល​មក​ជា​មួយ​កង‌ទ័ព​របស់​ស្ដេច ជា​បូជា‌ចារ្យ​ម្នាក់​ក្នុង​វង្ស​ត្រកូល​លោក​អរ៉ុន! លោក​មុខ​ជា​មិន​ប្រព្រឹត្ត​អំពើ​ទុច្ច‌រិត​ចំពោះ​ពួក​យើង​ទេ!»។ 15 លោក​អាល‌គីម​ចេះ​តែ​ពោល​ជា​មួយ​គេ​អំពី​សន្តិ‌ភាព ហើយ​អះ​អាង​ដោយ​ស្បថ​ថា៖ «យើង​នឹង​មិន​ធ្វើ​បាប​អ្វី​ចំពោះ​បង‌ប្អូន ឬ​ចំពោះ​មិត្ត​ភក្ដិ​របស់​បង‌ប្អូន​ឡើយ!»។ 16 ពួក​គេ​ជឿ​ទុក​ចិត្ត​ពាក្យ​សម្ដី​ផ្អែម​ល្ហែម​របស់​លោក​អាល‌គីម។ ប៉ុន្តែ លោក​អាល‌គីម​ចាប់​ពួក​ហាស្ស៊ី‌ឌីម​ចំនួន​ហុក‌សិប​នាក់ យក​ទៅ​ប្រហារ​ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖ 17 «ពួក​គេ​បាន​បង្ហូរ​ឈាម​អ្នក​បម្រើ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ទុក​សាក​សព​ចោល​ពាស​ពេញ​នៅ​ជុំវិញ​ក្រុង​យេរូ‌សាឡឹម។ គ្មាន​នរណា​ម្នាក់​យក​សាក​សព​របស់​គេ​ទៅ​បញ្ចុះ​ឡើយ»។ 18 ពេល​នោះ ប្រជាជន​ទាំង​អស់​ជ្រួល​ច្របល់ និង​ភ័យ​ខ្លាច ហើយ​និយាយ​ថា៖ «ពួក​នេះ​ជា​មនុស្ស​កុហក​បោក​ប្រាស់ ប្រព្រឹត្ត​អំពើ​ទុច្ច‌រិត គេ​មិន​គោរព​កិច្ច​ព្រម​ព្រៀង និង​បំពាន​សម្បថ​របស់​គេ​ហើយ»។ 19 រីឯ​លោក​បាកឃីដែស​វិញ លោក​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ទៅ​បោះ​ទ័ព​នៅ​ក្រុង​បេត‌សែត។ លោក​បញ្ជា​ឲ្យ​គេ​ទៅ​ចាប់​ជន​ជាតិ​យូដា​ជា​ច្រើន ដែល​ចូល​ខាង​លោក និង​ប្រជាជន​ខ្លះ​យក​ទៅ​កាត់​ក ហើយ​យក​សាក​សព​របស់​ពួក​គេ ទៅ​បោះ​ចោល​ក្នុង​អណ្តូង​ដ៏​ជ្រៅ​មួយ។ 20 លោក​ប្រគល់​អាណា​ខេត្ត​នេះ​ឲ្យ​លោក​អាល‌គីម​កាន់​កាប់ ព្រម​ទាំង​ទុក​កង‌ទ័ព​សម្រាប់​ជួយ​លោក​ផង រួច​លោក​បាកឃីដែស​វិល​ត្រឡប់​ទៅ​រក​ព្រះ‌មហា​ក្សត្រ​វិញ។ 21 លោក​អាល‌គីម​ខិត​ខំ​រិះ​រក​មធ្យោបាយ ដើម្បី​ឲ្យ​ប្រជាជន​ទទួល​ស្គាល់​លោក ជា​មហា​បូជា‌ចារ្យ។ 22 ពួក​អ្នក​បង្ក​ចលាចល​ក្នុង​ចំណោម​ប្រជាជន ក៏​បាន​ចូល​រួម​ជា​មួយ​ដែរ។ ពួក​គេ​កាន់​កាប់​ស្រុក​យូដា និង​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង​ផង។ 23 លោក​យូដា​យល់​ឃើញ​ថា លោក​អាល‌គីម និង​បក្ស​ពួក​គេ ធ្វើ​បាប​ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល​ខ្លាំង​ជាង​សាសន៍​ដទៃ ដែល​បាន​ធ្វើ​បាប​ប្រជាជន​អ៊ីស្រា‌អែល​ពី​មុន​នោះ​ទៅ​ទៀត។ 24 ដូច្នេះ លោក​ធ្វើ​ដំណើរ​ទៅ​គ្រប់​តំបន់​នៃ​ស្រុក​យូដា​ទាំង​មូល។ លោក​ប្រហារ​ជីវិត​ពួក​ក្បត់​សាសនា និង​រារាំង​ផ្លូវ​ពួក​គេ​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ឡើយ។

លោក​នីកា‌ន័រ

25 លោក​អាល‌គីម​យល់​ឃើញ​ថា លោក​យូដា និង​មិត្ត​ភក្តិ​របស់​លោក មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ មិន​អាច​ទប់​ទល់​បាន​ដូច្នេះ គាត់​ក៏​ត្រឡប់​ទៅ​គាល់​ព្រះ‌មហា​ក្សត្រ​វិញ ហើយ​ចោទ​ប្រកាន់​ថា ពួក​គេ​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ច្រើន។
26 ព្រះ‌រាជា​ចាត់​លោក​នីកា‌ន័រ ជា​មេ‌ទ័ព​ម្នាក់​ក្នុង​ចំណោម​មេ‌ទ័ព​ដែល​មាន​ឈ្មោះ​ល្បី​ជាង​គេ ជា​អ្នក​ដែល​ស្អប់ ហើយ​ប្រឆាំង​ជន​ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង។ លោក​ទទួល​រាជ‌បញ្ជា​ឲ្យ​ប្រល័យ​ពូជ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់។ 27 លោក​មក​ដល់​ក្រុង​យេរូ‌សាឡឹម ទាំង​នាំ​កង‌ទ័ព​ជា​ច្រើន​មក​ជា​មួយ​ផង។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យូដា និង​បង‌ប្អូន​របស់​លោក​អំពី​សន្តិ‌ភាព ដោយ​មាន​បំណង​ចង់​បញ្ឆោត​គេ​ថា៖ 28 «យើង​មិន​ត្រូវ​វាយ​ប្រយុទ្ធ​គ្នា​ឡើយ។ ខ្ញុំ​មក​ជួប​អស់​លោក ដើម្បី​ចរចា​រក​សន្តិ‌ភាព ខ្ញុំ​នាំ​កង​ការ‌ពារ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​មក​ជា​មួយ»។ 29 លោក​មក​ដល់​ផ្ទះ​លោក​យូដា ហើយ​លោក​ទាំង​ពីរ​សួរ​សុខ​ទុក្ខ​គ្នា​ដូច​មិត្ត​ធម្មតា ប៉ុន្តែ ពួក​សត្រូវ​ត្រៀម​នឹង​ចាប់​លោក​យូដា។ 30 លោក​យូដា​យល់​ឃើញ​ថា លោក​នីកា‌ន័រ​មក​ផ្ទះ​គាត់​នេះ គឺ​មាន​គម្រោង​បោក​បញ្ឆោត គាត់​ភ័យ​ខ្លាច ហើយ​មិន​ព្រម​និយាយ​ចរចា​ទៀត​ឡើយ។ 31 ពេល​នោះ លោក​នីកា‌ន័រ​យល់​ឃើញ​ថា គេ​ស្គាល់​កល‌ល្បិច​របស់​ខ្លួន ក៏​នាំ​កង‌ទ័ព​ទៅ​ប្រយុទ្ធ​នឹង​លោក​យូដា នៅ​ក្បែរ​ក្រុង​ខាផា‌សាឡាម៉ា។ 32 ពេល​នោះ មាន​កង‌ទ័ព​របស់​លោក​នីកា‌ន័រ​ប្រហែល​ប្រាំ‌រយ​នាក់ បាត់​បង់​ជីវិត​នៅ​លើ​សមរ‌ភូមិ ហើយ​កង‌ទ័ព​ដែល​នៅ​សេស​សល់​ពី​ស្លាប់ រត់​គេច​ខ្លួន​ទៅ​កាន់​បុរី​ព្រះ‌បាទ​ដាវីឌ។ 33 ក្រោយ​ពី​ហេតុ​ការណ៍​នោះ​មក លោក​នីកា‌ន័រ​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ស៊ីយ៉ូន។ ពេល​នោះ មាន​ក្រុម​បូជា‌ចារ្យ និង​ព្រឹទ្ធា‌ចារ្យ​ខ្លះ ចេញ​ពី​ព្រះ‌វិហារ​ទៅ​ទទួល​លោក​នីកា‌ន័រ​យ៉ាង​រាក់​ទាក់ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដែល​គេ​ធ្លាប់​ថ្វាយ​ព្រះ‌ជាម្ចាស់ ដើម្បី​ឲ្យ​ព្រះ‌អង្គ​ប្រទាន‌ពរ​ដល់​ព្រះ‌មហា​ក្សត្រ។ 34 ប៉ុន្តែ លោក​នីកា‌ន័រ​ចំអក ហើយ​ជេរ​ប្រមាថ​ពួក​គេ ដោយ​ពោល​ពាក្យ​យ៉ាង​ព្រហើន​ផង។ 35 លោក​ខឹង​ជា​ខ្លាំង ហើយ​ស្បថ​ថា៖ «លើក​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បញ្ជូន​យូដា និង​កង‌ទ័ព​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ​ទេ ហើយ​ប្រសិន​បើ​ខ្ញុំ​ទទួល​ជ័យ‌ជម្នះ​នោះ ពេល​ខ្ញុំ​វិល​ត្រឡប់​មក​វិញ ខ្ញុំ​មុខ​ជា​ដុត​បំផ្លាញ​ព្រះ‌វិហារ​នេះ​ចោល!»។ លោក​ចេញ​ទៅ​ទាំង​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង។ 36 លោក​បូជា‌ចារ្យ​នាំ​គ្នា​ចូល​ខាង​ក្នុង​ព្រះ‌វិហារ​វិញ រួច​ឈរ​នៅ​មុខ​អាសនៈ និង​នៅ​មុខ​ព្រះ‌វិហារ ហើយ​ទូល​អង្វរ​ដោយ​យំ​ថា៖ 37 «បពិត្រ​ព្រះ‌ជាម្ចាស់! ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ព្រះ‌ដំណាក់​នេះ ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​ទៅ​ជា​កន្លែង​អធិដ្ឋាន និង​អង្វរ​ព្រះ‌អង្គ​ផង។ 38 សូម​ព្រះ‌អង្គ​ព្រះ‌មេត្តា​ដាក់​ទោស​ជន​នេះ និង​កង‌ទ័ព​របស់​គេ! សូម​ឲ្យ​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ! សូម​កុំ​បំភ្លេច​ពាក្យ​ប្រមាថ​របស់​ពួក​គេ! សូម​កុំ​ត្រា​ប្រណី​ពួក​គេ​ឡើយ»។

លោក​នីកា‌ន័រ​បាត់​បង់​ជីវិត

39 លោក​នីកា‌ន័រ​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​បោះ​ទ័ព​នៅ​ក្រុង​បេត‌ហូរ៉ូន។ មាន​កង‌ទ័ព​ពី​ស្រុក​ស៊ីរី​ចូល​មក​រួម​ជា​មួយ​លោក​នៅ​ទី​នោះ។ 40 រីឯ​លោក​យូដា និង​ពល‌ទ័ព​ចំនួន​បី​ពាន់​នាក់​វិញ បាន​បោះ​ទ័ព​នៅ​ភូមិ​អាដា‌សា។ លោក​យូដា​ទូល​អង្វរ​ព្រះ‌ជាម្ចាស់​ដូច​ត​ទៅ៖ 41 «បពិត្រ​ព្រះ‌ជាម្ចាស់! កាល​ពី​ដើម នៅ​ពេល​មាន​អ្នក​នាំ​សារ​របស់​ស្ដេច​ប្រមាថ​ព្រះ‌អង្គ ទេវទូត​របស់​ព្រះ‌អង្គ​យាង​មក ហើយ​ប្រហារ​ជីវិត​សត្រូវ អស់​មួយ​សែន​ប្រាំបី‌ម៉ឺន​ប្រាំ‌ពាន់​នាក់។ 42 នៅ​ថ្ងៃ​នេះ សូម​ព្រះ‌អង្គ​កម្ទេច​កង‌ទ័ព​នោះ នៅ​មុខ​ពួក​យើង​ខ្ញុំ​ផង! សូម​ឲ្យ​កង‌ទ័ព​ឯទៀតៗ​ដឹង​ថា លោក​នីកា‌ន័រ​បាន​ជេរ​ប្រមាថ​ទី​សក្ការៈ​របស់​ព្រះ‌អង្គ។ សូម​ដាក់​ទោស​គាត់ តាម​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ»។ 43 ថ្ងៃ​ទី​១៣ ខែ​អាដារ ដែល​ត្រូវ​នឹង​ខែ​ផល្គុន កង‌ទ័ព​ទាំង​ពីរ​ប្រយុទ្ធ​គ្នា ហើយ​កង‌ទ័ព​របស់​លោក​យូដា​កម្ទេច​កង‌ទ័ព​របស់​លោក​នីកា‌ន័រ។ លោក​នីកា‌ន័រ​ក៏​បាត់​បង់​ជីវិត​នៅ​លើ​សមរ‌ភូមិ​មុន​គេ​បង្អស់។ 44 កាល​ពល‌ទាហាន​របស់​លោក​នីកា‌ន័រ​ឃើញ​ថា មេទ័ព​របស់​ខ្លួន​ត្រូវ​គេ​សម្លាប់​ហើយ ពួក​គេ​បោះ​អាវុធ​ចោល ហើយ​រត់​យក​តែ​ប្រាស​អាយុ​គ្រប់ៗ​គ្នា។ 45 កង‌ទ័ព​យូដា​ដេញ​តាម​ពួក​គេ​អស់​មួយ​ថ្ងៃ តាំង​ពី​ក្រុង​អាដា‌សារ រហូត​ដល់​ទី​វាល​ក្បែរ​ក្រុង​ហ្កា‌សារ៉ា ព្រម​ទាំង​មាន​ស្នូរ​ត្រែ​លាន់​ឮ​រំពង​ទៀត​ផង។ 46 ប្រជាជន​យូដា​ចេញ​ពី​គ្រប់​ភូមិ​មក​ឡោម‌ព័ទ្ធ​ពួក​គេ និង​ដេញ​កៀង​ពួក​គេ​ទៅ​ឲ្យ​កង‌ទ័ព​របស់​លោក​យូដា។ សត្រូវ​ដួល​នៅ​មុខ​ដាវ ហើយ​គ្មាន​នរណា​ម្នាក់​រត់​រួច​ពី​ស្លាប់​ឡើយ។ 47 ជន​ជាតិ​យូដា​ប្រមូល​អាវុធ​របស់​សត្រូវ និង​ជយ‌ភណ្ឌ។ គេ​កាត់​ក និង​ដៃ​ស្តាំ​របស់​លោក​នីកា‌ន័រ គឺ​ដៃ​ដែល​លោក​បាន​លើក​ឡើង​យ៉ាង​ព្រហើន​ប្រឆាំង​នឹង​ព្រះ‌វិហារ។ គេ​យក​ទាំង​ក្បាល និង​ដៃ​របស់​លោក ទៅ​តាំង​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​មនុស្ស​ម្នា​ឃើញ​គ្រប់ៗ​គ្នា។ 48 ប្រជាជន​យូដា​ត្រេក​អរ​យ៉ាង​ក្រៃ​លែង គេ​នាំ​គ្នា​ធ្វើ​បុណ្យ​នៅ​ថ្ងៃ​នោះ​ផង។ 49 គេ​ចេញ​ច្បាប់​កំណត់​យក​ថ្ងៃ​ទី ១៣ ខែ​អាដារ ដែល​ត្រូវ​នឹង​ខែ​ផល្គុន ឲ្យ​ប្រជាជន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ជា​រៀង​រាល់​ឆ្នាំ។ 50 សន្តិ‌ភាព​ក៏​កើត​មាន​ក្នុង​ស្រុក​យូដា​តែ​ក្នុង‌រយៈ​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ។