ជំពូក ១
ម៉ាកាបាយ មរណសាក្សីនៃប្រជាជនអ៊ីស្រាអែលភាគទី១
រាជ្យរបស់ព្រះបាទអឡិចសង់
1 ព្រះចៅអឡិចសង់ជាព្រះរាជបុត្ររបស់ព្រះបាទភីលីព និងជាជនជាតិម៉ាសេដូន។ ព្រះរាជាយាងចេញពីស្រុកក្រិក ដើម្បីធ្វើសឹកសង្គ្រាម ហើយវាយឈ្នះព្រះបាទដារីយូស ជាព្រះមហាក្សត្រនៃជនជាតិពែរ្ស និងជនជាតិម៉ែដ។ ដំបូងបង្អស់ ព្រះអង្គឡើងគ្រងរាជ្យនៅស្រុកក្រិក ជំនួសព្រះបាទដារីយូស។ 2 ព្រះរាជាអង្គនេះ ធ្វើសង្គ្រាមជាច្រើនលើក វាយដណ្ដើមយកបានក្រុងជាច្រើន ដែលមានកំពែងរឹងមាំ ហើយធ្វើគុតព្រះមហាក្សត្រទាំងប៉ុន្មាន ក្នុងភូមិភាគនោះទៀតផង។ 3 ស្ដេចយាងទៅធ្វើសឹក រហូតដល់ទីដាច់ស្រយាលនៃផែនដី ហើយរឹបអូសយកជយភណ្ឌពីប្រជាជាតិជាច្រើនព្រះអង្គ បង្ក្រាបផែនដីទាំងមូល ឲ្យនៅស្ងៀមស្ងាត់។ គ្រានោះ ព្រះរាជាមានព្រះហឫទ័យអួតបំប៉ោង យ៉ាងព្រហើនកោងកាច 4 ព្រះអង្គប្រមូលកងទ័ពដ៏មានកម្លាំងខ្លាំងក្លាបំផុត ហើយបង្ក្រាបអាណាខេត្ត ប្រជាជាតិ និងស្ដេចទាំងអស់ ព្រមទាំងបង្ខំឲ្យស្ដេចទាំងនោះ យកសួយសារ អាករមកថ្វាយ។ 5 លុះក្រោយមក ព្រះរាជាប្រឈួន ហើយឈ្វេងយល់ថា មិនយូរប៉ុន្មានព្រះអង្គនឹងចូលទិវង្គតជាមិនខាន 6 ហេតុនេះហើយ ព្រះរាជាក៏កោះហៅមេទ័ពអភិជនទាំងឡាយ គឺអស់នាយទាហានដែលទទួលការអប់រំជាមួយស្ដេចតាំងពីកុមារឲ្យមក ដើម្បីបែងចែករាជាណាចក្រឲ្យអស់លោកទាំងនោះកាន់កាប់ មុនពេលព្រះអង្គចូលទិវង្គត។
7 ព្រះបាទអឡិចសង់ចូលទិវង្គត ក្រោយពីសោយរាជ្យបានដប់ពីរឆ្នាំ។ 8 មេទ័ពអភិជនទាំងប៉ុន្មាន ក៏ឡើងកាន់កាប់អំណាច ក្នុងដែនដីរៀងៗខ្លួន។ 9 បន្ទាប់ពីព្រះបាទអឡិចសង់ចូលទិវង្គតទៅ អស់លោកទាំងនោះប្រកាសខ្លួនជាស្ដេច ហើយគ្រប់គ្រងតាមតំបន់រៀងៗខ្លួន ហើយបុត្ររបស់អស់លោកទាំងនោះក៏ឡើងសោយរាជ្យបន្តទៀតរយៈពេលជាយូរឆ្នាំ។ ស្ដេចទាំងនោះបង្កនូវភាពអន្តរាយជាច្រើននៅលើផែនដី។
ព្រះបាទអន់ទីយ៉ូគូស
10 នៅឆ្នាំមួយរយសាមសិបប្រាំពីរនៃសករាជក្រិក ព្រះបាទអន់ទីយ៉ូគូសអេពីផាន ជារាជបុត្ររបស់ព្រះបាទអន់ទីយ៉ូគូស ឡើងសោយរាជ្យ ក្រោយពីបានរួចពីចំណាប់ខ្មាំងនៅក្រុងរ៉ូម។ ព្រះរាជាជាស្ដេចពាលឥតសាសនា។ 11 គ្រានោះ មានមនុស្សខិលខូចជាច្រើនលេចមុខនៅស្រុកអ៊ីស្រាអែល ហើយអូសទាញទឹកចិត្តអ្នកស្រុកជាច្រើន ដោយពោលថា៖ «គ្នាយើង! ចូរនាំគ្នាចងសម្ពន្ធមេត្រីជាមួយប្រជាជាតិទាំងប៉ុន្មាន ដែលរស់នៅជុំវិញយើងទៅ! ដ្បិតតាំងពីយើងមិនព្រមរស់នៅតាមរបៀបរបស់គេ យើងរមែងតែងជួបក្ដីអន្តរាយជាច្រើន»។ 12 អ្នកស្រុកពេញចិត្តនឹងពាក្យទាំងនេះ 13 ហើយមានមនុស្សជាច្រើនប្រញាប់ប្រញាល់ទៅគាល់ព្រះមហាក្សត្រ សុំរាជានុញ្ញាតឲ្យពួកគេកាន់តាមប្រពៃណីប្រជាជាតិទាំងនោះ។ 14 ដូច្នេះ ពួកគេសាងកីឡាដ្ឋាន នៅក្រុងយេរូសាឡឹម តាមទំនៀមទម្លាប់របស់ប្រជាជាតិដទៃ។ 15 គេយកស្បែកមកដេរភ្ជិត ដើម្បីកុំឲ្យឃើញស្នាមកាត់ស្បែក។ គេលះបង់សម្ពន្ធមេត្រីដ៏វិសុទ្ធចោល ហើយបែរទៅចូលរួមរស់ជាមួយសាសន៍ដទៃវិញ។ ពួកគេក៏លក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ទៀតផង។
ព្រះបាទអន់ទីយ៉ូគូសវាយស្រុកអេស៊ីប និងបំផ្លាញព្រះវិហារយេរូសាឡឹម
16 ពេលព្រះបាទអន់ទីយ៉ូគូសឈ្វេងយល់ថា ព្រះអង្គមានអំណាចរឹងមាំក្នុងស្រុកហើយ ព្រះអង្គក៏ត្រៀមគម្រោងការទៅវាយដណ្ដើមយកស្រុកអេស៊ីបទៀត ដើម្បីសោយរាជ្យលើព្រះរាជាណាចក្រទាំងពីរ។ 17 ព្រះរាជាលើកទ័ពច្រើនសន្ធឹកសន្ធាប់ មានទាំងរទេះចម្បាំង ទាំងដំរី ទាំងនាវាចម្បាំងជាច្រើន វាយសម្រុកចូលស្រុកអេស៊ីប។ 18 ព្រះបាទអន់ទីយ៉ូគូសបានប្រយុទ្ធនឹងព្រះបាទផ្ទូឡេមេ ជាស្ដេចស្រុកអេស៊ីបទទួលបរាជ័យ រួចដកទ័ពរត់បាត់ទៅ ដោយទុកចោលសាកសពយ៉ាងច្រើន។ 19 ព្រះបាទអន់ទីយ៉ូគូសដណ្ដើមយកក្រុងជាច្រើន ដែលមានកំពែងនៅស្រុកអេស៊ីប ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិពីស្រុកនោះ មកធ្វើជាជយភណ្ឌថែមទៀតផង។ 20 នៅឆ្នាំ ១៤៣ ក្រោយពីបានវាយឈ្នះក្រុងអេស៊ីប ព្រះបាទអន់ទីយ៉ូគូស យាងត្រឡប់មកស្រុកវិញ រួចលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ ទៅវាយស្រុកអ៊ីស្រាអែល និងក្រុងយេរូសាឡឹមទៀត។ 21 ព្រះរាជាយាងចូលព្រះវិហារទាំងមានឫកពារក្រអឺតក្រទម ហើយរឹបអូសយកអាសនៈមាស ជើងចង្កៀង និងប្រដាប់ប្រដាទាំងអស់ទៀតផង 22 ព្រះអង្គក៏រឹបអូសយកតុសម្រាប់ថ្វាយតង្វាយ ភាជន៍សម្រាប់ច្រូចស្រា ពែង ប្រអប់មាស វាំងនន និងភួងជ័យផង។ រីឯគ្រឿងលំអធ្វើពីមាសនៅតាមជញ្ជាំងព្រះវិហារ ព្រះអង្គបានដកហូតយកទាំងអស់ដែរ។ 23 ព្រះរាជារឹបអូសយកមាសប្រាក់ ព្រមទាំងប្រដាប់ប្រដា និងកំណប់ដ៏មានតម្លៃដែលព្រះអង្គរកឃើញ។ 24 កាលព្រះរាជារឹបអូសយកវត្ថុទាំងអស់នោះហើយ ព្រះអង្គក៏យាងត្រឡប់ទៅស្រុកវិញ។ នៅពេលដណ្ដើមយកក្រុងយេរូសាឡឹម ព្រះអង្គបានសម្លាប់ប្រជាជនយ៉ាងរង្គាល ហើយមានរាជឱង្ការ យ៉ាងព្រហើនកោងកាចជាទីបំផុត។ 25 ប្រជាជនអ៊ីស្រាអែលទូទាំងស្រុក នាំគ្នាកាន់ទុក្ខសោកសង្រេងជាខ្លាំង។ 26 មេដឹកនាំ និងព្រឹទ្ធាចារ្យនាំគ្នាត្អូញត្អែរ យុវជនយុវនារី ធ្លាក់ខ្លួនស្គមរីងរៃ ហើយស្រីៗបាត់បង់សម្ផស្ស 27 គូស្វាមីភរិយាថ្មីថ្មោងនាំគ្នាកាន់ទុក្ខស្មូតបទទំនុកកម្សត់។ 28 ផែនដីរញ្ជួយ ដោយឃើញទុក្ខសោករបស់អ្នកស្រុក ហើយពូជពង្សរបស់លោកយ៉ាកុបទាំងមូលត្រូវអាម៉ាស់ជាខ្លាំង។
លោកអប៉ូឡូនីយូសសង់បន្ទាយនៅក្រុងយេរូសាឡឹម
29 ពីរឆ្នាំក្រោយមក ព្រះមហាក្សត្របានចាត់មន្ត្រីម្នាក់ ដើម្បីទៅទារពន្ធដារនៅតាមក្រុងនានា ក្នុងស្រុកយូដា។ មន្ត្រីនោះមកដល់ក្រុងយេរូសាឡឹម នាំទាំងកងទ័ពដ៏ច្រើនមកជាមួយផង។ 30 លោកនិយាយបញ្ឆោតអ្នកក្រុង ដោយពោលអំពីសន្តិភាព។ អ្នកក្រុងក៏នាំគ្នាជឿតាមពាក្យសម្ដីរបស់គាត់ទាំងស្រុង។ ប៉ុន្តែនៅពេលអ្នកក្រុងភ្លេចខ្លួនពុំបានគិត មន្ត្រីនោះក៏វាយសម្រុកយកក្រុងកាប់សម្លាប់អ្នកស្រុក ហើយធ្វើឲ្យក្រុងទទួលមហន្តរាយជាទម្ងន់។ គាត់ប្រហារជីវិតប្រជាជនអ៊ីស្រាអែលអស់ជាច្រើននាក់ 31 ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិអ្នកក្រុង ដុតបំផ្លាញទីក្រុងចោល ផ្ដួលរំលំផ្ទះ និងកំពែងថែមទៀតផង។ 32 ពួកទាហានចាប់ស្រីៗ និងក្មេងៗយកធ្វើជាឈ្លើយ ហើយយកហ្វូងសត្វមកចែកគ្នា។ 33 ក្រោយមក ពួកគេសង់ក្រុងរបស់ព្រះបាទដាវីឌឡើងវិញ ព្រមទាំងសង់កំពែងខ្ពស់ និងរឹងមាំ ដែលមានប៉មធ្វើជាបន្ទាយរបស់គេ។ 34 ពួកគេតែងតាំងជនពាលមួយក្រុម គឺពួកទមិឡឥតសាសនា ឲ្យនៅក្នុងបន្ទាយដ៏រឹងមាំនោះ។ 35 ពួកគេប្រមូលគ្រឿងសាស្ត្រាវុធ ស្បៀងអាហារជាច្រើន និងជយភណ្ឌដែលរឹបអូសយកពីក្រុងយេរូសាឡឹម មកដាក់ក្នុងបន្ទាយ។ ធ្វើដូច្នេះគេដូចជាដាក់អន្ទាក់ ដើម្បីចាប់ប្រជាជន។ 36 ពួកគេបង្កប់ខ្លួនចាំស្ទាក់វាយមនុស្សដែលចេញចូលព្រះវិហារ និងធ្វើបាបប្រជាជនអ៊ីស្រាអែលជាទម្ងន់ គ្រប់ពេលវេលាផង។ 37 ពួកគេបង្ហូរឈាមជនស្លូតត្រង់នៅជុំវិញទីសក្ការៈ បង្អាប់បន្ថោកទីដ៏វិសុទ្ធ 38 បង្ខិតបង្ខំប្រជាជនក្រុងយេរូសាឡឹម ឲ្យរត់ចេញពីទីក្រុង ហើយមានសុទ្ធតែសាសន៍ដទៃមកស្នាក់នៅទៅវិញ ដោយប្រជាជនលះបង់ក្រុងនោះចោល។
39 ពួកគេបំផ្លិចបំផ្លាញព្រះវិហារឲ្យស្ងាត់ជ្រងំ ដូចវាលរហោស្ថាន។ ពិធីបុណ្យដ៏សប្បាយ ក្លាយជាពិធីកាន់ទុក្ខ ថ្ងៃសប្ប័ទ ប្រែក្លាយទៅជាថ្ងៃដែលសាសន៍ដទៃចំអកឲ្យជនជាតិយូដា និងមើលងាយដល់កិត្តិនាមរបស់ក្រុងដែរ។ 40 កាលពីមុន ក្រុងយេរូសាឡឹម មានសិរីរុងរឿងអស្ចារ្យយ៉ាងណា ពេលនេះក្រុងយេរូសាឡឹម ក៏ទទួលការអាម៉ាស់ដ៏ជូរចត់យ៉ាងនោះដែរ។ កាលពីមុន ទីក្រុងមានភាពថ្កុំថ្កើងយ៉ាងណា នៅពេលនេះ ទីក្រុងក៏កាន់ទុក្ខដ៏សែនខ្លោចផ្សាយ៉ាងនោះវិញដែរ។
ព្រះបាទអន់ទីយ៉ូគូសហាមមិនឲ្យគោរពធម្មវិន័យ
41 ព្រះបាទអន់ទីយ៉ូគូសចេញរាជក្រឹត្យមួយបញ្ជាឲ្យជនជាតិទាំងអស់ ដែលរស់នៅក្នុងរាជាណាចក្រទាំងមូល លះបង់ទំនៀមទម្លាប់រៀងៗខ្លួនចោល ដើម្បីចូលរួមគ្នាធ្វើជាប្រជារាស្ត្រតែមួយ។ 42 ប្រជាជាតិទាំងប៉ុន្មានអនុវត្តតាមរាជក្រឹត្យនេះ។ 43 ជនជាតិអ៊ីស្រាអែលជាច្រើនក៏សុខចិត្តកាន់តាមសាសនារបស់ព្រះមហាក្សត្រដែរ គឺគេនាំគ្នាធ្វើយញ្ញបូជាថ្វាយព្រះក្លែងក្លាយ ព្រមទាំងលែងគោរពថ្ងៃសប្ប័ទទៀត។ 44 ព្រះមហាក្សត្រក៏ចាត់អ្នកនាំសារឲ្យទៅទីក្រុងយេរូសាឡឹម និងបណ្ដាក្រុងនានា ក្នុងស្រុកយូដាទាំងមូល ព្រះអង្គចេញរាជបញ្ជាឲ្យអ្នកក្រុងទាំងនោះគោរពប្រតិបត្តិតាមទំនៀមទម្លាប់នៃជនជាតិដទៃ។ 45 ព្រះមហាក្សត្រហាមធ្វើតង្វាយដុតទាំងមូលថ្វាយព្រះជាម្ចាស់ ហាមថ្វាយសក្ការបូជា ហាមធ្វើពិធីច្រូចស្រា ហាមគោរពថ្ងៃសប្ប័ទ និងថ្ងៃបុណ្យនានា 46 ព្រមទាំងបង្គាប់ឲ្យបង្អាប់បង្ឱនព្រះវិហារ និងគ្រឿងសក្ការៈផ្សេងៗផង។ 47 ព្រះរាជាបញ្ជាឲ្យសាងអាសនៈ ទីសក្ការៈ និងព្រះវិហារសម្រាប់គោរពព្រះក្លែងក្លាយ ព្រមទាំងយកសត្វជ្រូក និងសត្វមិនបរិសុទ្ធមកធ្វើយញ្ញបូជាដែរ 48 ព្រះអង្គហាមធ្វើពិធីកាត់ស្បែកឲ្យកូនចៅរបស់ពួកគេ។ ដូច្នេះ ពួកគេមានការសៅហ្មងគ្រប់បែបយ៉ាង ដោយប្រព្រឹត្តអំពើអាក្រក់គួរឲ្យស្អប់ខ្ពើម។ 49 ព្រះរាជាមានបំណងឲ្យគេបំភ្លេចធម្មវិន័យ ព្រមទាំងផ្លាស់ប្ដូរទំនៀមទម្លាប់ទាំងអស់របស់ខ្លួន។ 50 អ្នកមិនគោរពតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ត្រូវទទួលទោសដល់ជីវិត។
51 ព្រះមហាក្សត្រសរសេររាជក្រឹត្យបែបនេះឲ្យប្រជារាស្ត្រទាំងអស់ ក្នុងព្រះរាជាណាចក្រទាំងមូល ព្រះអង្គតែងតាំងមន្ត្រី ដើម្បីចុះទៅពិនិត្យមើលប្រជារាស្រ្តទាំងអស់ ហើយបញ្ជាឲ្យអ្នកក្រុងទាំងឡាយក្នុងស្រុកយូដា ធ្វើយញ្ញបូជាថ្វាយព្រះក្លែងក្លាយទៀតផង។ 52 ប្រជាជនអ៊ីស្រាអែលភាគច្រើន គឺអ្នកដែលលះបង់ធម្មវិន័យរបស់ព្រះអម្ចាស់ បែរជាទៅធ្វើតាមបញ្ជារបស់មន្ត្រីទាំងនោះ។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ក្នុងស្រុក។ 53 ពួកគេបង្ខិតបង្ខំប្រជាជនអ៊ីស្រាអែលដ៏ស្មោះត្រង់ ឲ្យគេចខ្លួនទៅជ្រកគ្រប់ទីកន្លែង ដែលពួកគេអាចនៅបាន។
54 នៅថ្ងៃទីដប់ប្រាំខែគីសឡេ ដែលត្រូវជាខែមិគសិរ ឆ្នាំមួយរយសែសិបប្រាំ ព្រះបាទអន់ទីយ៉ូគូសធ្វើរូបបដិមាដ៏គួរស្អប់ខ្ពើម ដាក់នៅលើអាសនៈក្នុងព្រះវិហារក្រុងយេរូសាឡឹម ហើយអ្នករាជការក៏សង់អាសនៈតាមក្រុងនានាដែលនៅជុំវិញដែរ។ 55 គេដុតគ្រឿងក្រអូបនៅមាត់ទ្វារផ្ទះ និងតាមកន្លែងសាធារណៈ។ 56 បើគេរកឃើញគម្ពីរវិន័យ គេហែកដុតកម្ទេចចោល។ 57 ប្រសិនបើគេឃើញគម្ពីរសម្ពន្ធមេត្រីក្នុងផ្ទះនរណាម្នាក់ ឬប្រសិនបើអ្នកណាម្នាក់ប្រតិបត្តិតាមធម្មវិន័យនោះ គេនឹងកាត់ទោសប្រហារជីវិតអ្នកនោះ តាមរាជក្រឹត្យរបស់ព្រះមហាក្សត្រ។ 58 រៀងរាល់ខែ ជនពាលធ្វើបាបប្រជាជនអ៊ីស្រាអែល ដែលបានប្រព្រឹត្តខុសនឹងរាជក្រឹត្យនោះ 59 ថ្ងៃទីម្ភៃប្រាំ ខែនីមួយៗ ពួកគេថ្វាយយញ្ញបូជានៅលើអាសនៈ ដែលគេសង់នៅពីលើអាសនៈនៃព្រះវិហារក្រុងយេរូសាឡឹម។ 60 គេប្រហារជីវិតស្រ្ដីដែលធ្វើពិធីកាត់ស្បែកឲ្យកូនរបស់ខ្លួន ខុសពីរាជបញ្ជារបស់ព្រះមហាក្សត្រ 61 ដែលកំពុងឱបកូនជាប់នឹងខ្លួនផង។ ញាតិសន្តាន និងអស់អ្នកដែលបានជួយធ្វើពិធីកាត់ស្បែកនោះ ក៏ត្រូវទទួលទោសដល់ស្លាប់ដែរ។ 62 ប៉ុន្តែ ទោះបីជាយ៉ាងណាក្ដី ក៏ជនជាតិអ៊ីស្រាអែលជាច្រើនមានចិត្តរឹងប៉ឹងក្លាហានអង់អាច មិនព្រមបរិភោគម្ហូបអាហារមិនបរិសុទ្ធឡើយ។ 63 អ្នកទាំងនោះស៊ូស្លាប់ ជាជាងបរិភោគអាហារដែលមិនបរិសុទ្ធ ហើយទោះជាត្រូវទទួលទោសដល់ស្លាប់ ក៏គេមិនព្រមបង្អាប់បង្ឱនសម្ពន្ធមេត្រីដ៏វិសុទ្ធដែរ។ 64 នៅគ្រានោះ ជនជាតិអ៊ីស្រាអែលជួបនូវគ្រោះមហន្តរាយយ៉ាងខ្លាំង។