ជំពូក ៨
ពាក្យសរសើរជនជាតិរ៉ូម៉ាំង
1 លោកយូដាឮគេនិយាយអំពីឈ្មោះល្បីរបស់ជនជាតិរ៉ូម៉ាំង គឺជនជាតិនោះសុទ្ធតែជាអ្នកចម្បាំងដ៏អង់អាច។ ពួកគេមានចិត្តសប្បុរសចំពោះប្រជាជនដែលចូលរួមជាមួយគេ។ ពួកគេតែងតែគាំទ្រអស់អ្នកដែលសូមទាក់ទងជាមួយពួកគេ។ ជនជាតិនោះសុទ្ធតែជាអ្នកចម្បាំងដ៏អង់អាចមែន។ 2 គេរៀបរាប់ប្រាប់លោកយូដា អំពីការធ្វើសង្គ្រាមរបស់ពួកគេ ជាពិសេស ជ័យជម្នះដ៏អស្ចារ្យរបស់ពួកគេនៅស្រុកហ្គោល គឺពួកគេបានបង្ក្រាបអ្នកស្រុក ហើយបង្ខំឲ្យបង់សួយសារអាករទៀតផង។ 3 គេរៀបរាប់អំពីសឹកសង្គ្រាមទាំងប៉ុន្មានរបស់ពួកគេនៅស្រុកអេស្ប៉ាញ ដើម្បីដណ្ដើមយករ៉ែមាស និងប្រាក់នៅស្រុកនោះ។ 4 ទោះជាស្រុកនេះនៅឆ្ងាយពីក្រុងរ៉ូមក៏ដោយ ក៏ពួកគេវាយដណ្ដើមយកស្រុកនោះបាន ដោយប្រាជ្ញាវាងវៃ និងចិត្តព្យាយាមរបស់ពួកគេ។ ជនជាតិរ៉ូម៉ាំងមានជ័យជម្នះលើស្ដេចទាំងប៉ុន្មាន ដែលយាងមកពីស្រុកដាច់ស្រយាលនៃផែនដី ដើម្បីវាយប្រហារពួកគេ។ ពួកគេក៏បានវាយកម្ទេចស្ដេចទាំងនោះដែរ នាំឲ្យស្ដេចទាំងនោះទទួលការអន្តរាយជាទម្ងន់ ហើយបង្ខំស្ដេចឯទៀតៗឲ្យបង់សួយសារអាករប្រចាំឆ្នាំ។ 5 ទីបញ្ចប់ ជនជាតិរ៉ូម៉ាំងបានវាយឈ្នះព្រះបាទភីលីព និងព្រះបាទពែរសេ ជាស្ដេចស្រុកម៉ាសេដូន ព្រមទាំងបង្ក្រាបជនជាតិណាដែលលើកគ្នាប្រឆាំងនឹងពួកគេទៀតផង។
6 ព្រះបាទអន់ទីយ៉ូគូស ជាស្ដេចស្រុកអាស៊ី យាងចេញទៅប្រយុទ្ធនឹងជនជាតិរ៉ូម៉ាំង ដោយនាំទ័ពដំរីចំនួន១២០ក្បាល កងទ័ពសេះ រទេះចម្បាំង និងកងទ័ពថ្មើរជើងជាច្រើនទៅជាមួយផង។ ប៉ុន្តែ ជនជាតិរ៉ូម៉ាំងវាយកម្ទេចកងទ័ពទាំងនោះ 7 ចាប់ស្ដេចទាំងរស់ និងបង្ខំទាំងព្រះរាជា ទាំងស្ដេចដែលស្នងរាជ្យ បន្ទាប់ៗមក ឲ្យបង់សួយសារអាករមួយដ៏ធ្ងន់តាមពេលកំណត់ ព្រមទាំងត្រូវបញ្ជូនជាចំណាប់ខ្មាំងទៀតផង។ ជនជាតិរ៉ូម៉ាំងក៏រំដោះ 8 ស្រុកឥណ្ឌា ស្រុកម៉ែដ ស្រុកលីឌី និងអាណាខេត្តខ្លះដ៏ល្អជាងគេ ពីការគ្រប់គ្រងរបស់ព្រះបាទដេម៉េទ្រីយ៉ូសថ្វាយព្រះបាទអើមែនដែរ។ 9 ជនជាតិក្រិកសម្រេចចិត្តទៅវាយកម្ទេចជនជាតិរ៉ូម៉ាំង ឲ្យសាបសូន្យ។ 10 ជនជាតិរ៉ូម៉ាំងជ្រាបគម្រោងការនេះ ហើយចាត់មេទ័ពតែម្នាក់ឲ្យចេញទៅច្បាំងនឹងពួកគេ។ ពលទាហានក្រិកជាច្រើនស្លាប់នៅលើសមរភូមិ ហើយជនជាតិរ៉ូម៉ាំងចាប់ប្រពន្ធកូនពួកគេនាំយកទៅជាឈ្លើយ។ ជនជាតិរ៉ូម៉ាំងរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេ ធ្វើជាជយភណ្ឌ គ្រប់គ្រងស្រុករបស់ពួកគេ កម្ទេចកំពែងក្រុងនានារបស់ពួកគេចោល ហើយយកជនជាតិក្រិកធ្វើជាទាសកររហូតដល់សព្វថ្ងៃ។
11 ជនជាតិរ៉ូម៉ាំងបានបំផ្លាញ និងបង្ក្រាបរាជាណាចក្រឯទៀតៗ និងកោះទាំងប៉ុន្មានដែលប្រឆាំងនឹងពួកគេ។ 12 ប៉ុន្តែ ពួកគេមានចិត្តស្មោះត្រង់ចំពោះមិត្តភក្តិគេ ចំពោះអស់អ្នកដែលចងសម្ពន្ធមេត្រី និងពឹងពាក់គេ។ ជនជាតិរ៉ូម៉ាំងបានបង្ក្រាបស្ដេចទាំងជិត ទាំងឆ្ងាយ។ អស់អ្នកដែលឮកិត្តិនាមរបស់គេនាំគ្នាភ័យខ្លាចជាខ្លាំង។ 13 គេតែងតាំងអ្នកដែលគេទុកចិត្ត ឲ្យធ្វើជាស្ដេច គឺជនណាដែលពួកគេយល់ឃើញថាគួរឲ្យគ្រងរាជ្យ និងគួរឲ្យទទួលការឧបត្ថម្ភពីពួកគេ។ រីឯស្ដេចដទៃទៀត ពួកគេទម្លាក់ចុះពីបល្ល័ង្ក។ ឥឡូវនេះអំណាចរបស់គេឡើងដល់កំពូលហើយ។ 14 ប៉ុន្តែ ទោះយ៉ាងនេះក្ដី ក៏គ្មានជនជាតិរ៉ូម៉ាំងណាម្នាក់ឡើងសោយរាជ្យដោយពាក់មកុដឬពាក់ព្រះភូសាឡើយ!។ 15 ពួកគេបង្កើតព្រឹទ្ធសភាមួយ ដែលមានសមាជិក៣២០នាក់ប្រជុំគ្នាជារៀងរាល់ថ្ងៃ ដើម្បីពិភាក្សាអំពីបញ្ហារបស់ប្រជាជន និងរកសេចក្ដីសុខសាន្តឲ្យប្រជាជនទៀតផង។ 16 រៀងរាល់ឆ្នាំ គេផ្ញើអំណាចលើមនុស្សតែម្នាក់ដែលពួកគេតែងតាំង ឲ្យធ្វើជាអ្នកគ្រប់គ្រងលើពួកគេ និងត្រួតត្រាលើចក្រភពទាំងមូលរបស់គេ។ ប្រជាជនទាំងអស់ស្ដាប់បង្គាប់មនុស្សតែម្នាក់នោះ ដោយគ្មានចិត្តច្រណែនឈ្នានីសឡើយ។
ជនជាតិយូដាចងសម្ពន្ធមិត្តជាមួយជនជាតិរ៉ូម៉ាំង
17 លោកយូដាជ្រើសរើសលោកអឺបួលែម ជាកូនរបស់លោកយ៉ូហាន ជាចៅរបស់លោកអកូស ព្រមទាំងលោកយ៉ាសូន ជាកូនរបស់លោកអេឡាសារ ហើយចាត់លោកទាំងពីរឲ្យទៅក្រុងរ៉ូម ដើម្បីចុះសន្ធិសញ្ញា និងចងសម្ពន្ធមិត្តជាមួយជនជាតិរ៉ូម៉ាំង។ 18 លោកយូដាធ្វើដូច្នេះ ដើម្បីរំដោះជនជាតិរបស់ខ្លួន ឲ្យរួចពីនឹមរបស់ពួកស៊ីរីដែលជិះជាន់ និងធ្វើឲ្យប្រជាជនអ៊ីស្រាអែលទៅជាទាសកររបស់គេ។ 19 លោកទាំងពីរចេញដំណើរទៅក្រុងរ៉ូម។ ក្រោយពីធ្វើដំណើរអស់រយៈពេលយ៉ាងយូរ លោកអឺប៉ូលែម និងលោកយ៉ាសូនមកដល់ក្រុងរ៉ូម ហើយចូលទៅជួបព្រឹទ្ធសភា រួចមានប្រសាសន៍ថា៖ 20 «លោកយូដាម៉ាកាបាយ និងបងប្អូនរបស់លោក រួមទាំងប្រជាជនយូដា ចាត់យើងខ្ញុំឲ្យមកសុំសន្តិភាព និងចងសម្ពន្ធមិត្តជាមួយអស់លោក។ យើងខ្ញុំសូមចុះសន្ធិសញ្ញាជាផ្លូវការ ជាសមាជិកក្នុងចំណោមសម្ពន្ធមិត្ត និងមិត្តរបស់អស់លោក» 21 ព្រឹទ្ធសភាពេញចិត្ត ហើយយល់ព្រមតាមសំណូមពររបស់លោកទាំងពីរ។
22 នេះជាសេចក្ដីចម្លងនៃលិខិតដែលអស់លោកបានចារឹកលើបន្ទះលង្ហិន ផ្ញើទៅក្រុងយេរូសាឡឹម ដើម្បីរំឭកជនជាតិយូដា អំពីសន្ធិសញ្ញាសម្ពន្ធមិត្ត និងសន្តិភាព៖
23 «សូមឲ្យជនជាតិរ៉ូម៉ាំង និងជនជាតិយូដារីកចម្រើនឡើង ទាំងនៅលើដែនសមុទ្រ ទាំងនៅលើផែនដីជាដរាបតរៀងទៅ! សូមឲ្យខ្មាំងសត្រូវចៀសឲ្យឆ្ងាយពីជាតិទាំងពីរ!។ 24 ប៉ុន្តែ ប្រសិនបើខ្មាំងសត្រូវវាយប្រហារក្រុងរ៉ូម ឬសម្ពន្ធមិត្តណាមួយនៃក្រុងនេះ នៅកន្លែងណាដែលជនជាតិរ៉ូម៉ាំងគ្រប់គ្រង 25 ប្រជាជាតិយូដានឹងចូលរួមជាមួយក្រុងធ្វើសង្គ្រាម ដោយអស់ពីចិត្តពីថ្លើម តាមសេចក្ដីត្រូវការនៅពេលនោះ។ 26 តាមការសម្រេចរបស់ក្រុងរ៉ូម ជនជាតិយូដាមិនត្រូវផ្ដល់ស្បៀងអាហារ អាវុធ ប្រាក់ ឬសំពៅឲ្យពួកខ្មាំងសត្រូវ សូម្បីតែខ្ចីក៏មិនបានដែរ។ ជនជាតិយូដាត្រូវតែគោរពកិច្ចព្រមព្រៀងនេះ ដោយមិនទទួលអ្វីជាសគុណវិញឡើយ។ 27 តាមរបៀបដដែល ប្រសិនបើខ្មាំងសត្រូវធ្វើសង្គ្រាមប្រឆាំងនឹងជនជាតិយូដា ជនជាតិ រ៉ូម៉ាំងនឹងចូលរួមជាមួយជនជាតិយូដាធ្វើសង្គ្រាម ដោយអស់ពីចិត្តពីថ្លើម តាមសេចក្ដីត្រូវការនៅពេលនោះដែរ។ 28 ជនជាតិរ៉ូម៉ាំងក៏មិនត្រូវផ្ដល់ស្បៀង អាវុធ ប្រាក់ ឬសំពៅឲ្យខ្មាំង តាមការសម្រេចរបស់ក្រុងរ៉ូមដូចគ្នា។ ជនជាតិរ៉ូម៉ាំងនឹងគោរពកិច្ចព្រមព្រៀងនេះដោយស្មោះ។ 29 ជនជាតិរ៉ូម៉ាំងចុះសន្ធិសញ្ញាជាមួយជនជាតិយូដា តាមលក្ខន្តិកៈនេះ។ 30 នៅពេលអនាគត ប្រសិនបើសម្ពន្ធមិត្តទាំងពីរសម្រេចចិត្តនឹងបន្ថែម ឬបន្ថយសេចក្ដីណាមួយ ក្នុងកិច្ចព្រមព្រៀងនេះ គេនឹងប្រព្រឹត្តបានតាមការសម្រេចរបស់ពួកគេ ហើយត្រូវអនុវត្តតាមសេចក្ដីបន្ថែម ឬបន្ថយនោះ ទុកជាផ្លូវការតាមច្បាប់»។ 31 ចំពោះអំពើអាក្រក់ដែលព្រះបាទដេម៉េទ្រីយ៉ូស បានប្រព្រឹត្ត មកលើប្រជាជនយូដា យើងបានសរសេរលិខិតថ្វាយព្រះមហាក្សត្រ ដែលមានសេចក្ដីដូចតទៅ៖ «ហេតុអ្វីបានជាព្រះករុណាជិះជាន់សង្កត់សង្កិនប្រជាជនយូដា ដែលជាមិត្ត និងសម្ពន្ធមិត្តរបស់យើងដូច្នេះ? 32 ប្រសិនបើពួកគេនៅតែប្ដឹងយើងអំពីព្រះករុណាម្ដងទៀត យើងនឹងគាំទ្រពួកគេ ហើយចេញទៅធ្វើសង្គ្រាមប្រឆាំងនឹងព្រះករុណា ទាំងនៅដែនសមុទ្រ ទាំងនៅលើដីផង»។