ជំពូក ១៣

លោក​ស៊ីម៉ូន​បន្ត​មុខ​តំណែង​ពី​លោក​យ៉ូណាថាន

1 លោក​ស៊ីម៉ូន​ជ្រាប​ថា លោក​ទ្រីផូន​ប្រមូល​ផ្ដុំ​កង‌ទ័ព​ជា​ច្រើន​បម្រុង​នឹង​លុក​លុយ​ចូល​ស្រុក​យូដា ហើយ​បំផ្លាញ​ស្រុក​នោះ​ចោល។ 2 លោក​ស៊ីម៉ូន​ឃើញ​ប្រជាជន​ភ័យ​ខ្លាច​ញាប់​ញ័រ។ លោក​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​កោះ​ហៅ​ប្រជាជន​ឲ្យ​មក​ប្រជុំ 3 ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ ដោយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​ជ្រាប​ការ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ បង‌ប្អូន​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ប្រព្រឹត្ត ដើម្បី​ការ‌ពារ​វិន័យ និង​ទី​សក្ការៈ។ បង‌ប្អូន​ក៏​ជ្រាប​អំពី​ចម្បាំង និង​ទុក្ខ​វេទនា​ដែល​ពួក​យើង​បាន​តស៊ូ​នោះ​ដែរ។ 4 ហេតុ​នេះ​ហើយ បង‌ប្អូន​ទាំង​អស់​របស់​ខ្ញុំ​ត្រូវ​ស្លាប់ ព្រោះ​អ៊ីស្រា‌អែល! ហើយ​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ។ 5 ខ្ញុំ​មិន​ដែល​គិត​រត់​យក​រួច​ខ្លួន​នោះ​ទេ! ទោះ​បី​ក្នុង​គ្រា​ដ៏​អាសន្ន​នេះ​ក្ដី។ ជីវិត​របស់​ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ប្រសើរ​ជាង​ជីវិត​របស់​បង‌ប្អូន​ខ្ញុំ​ទេ!។ 6 ប៉ុន្តែ ខ្ញុំ​នឹង​តស៊ូ​ដើម្បី​ការ‌ពារ​ជាតិ​របស់​ខ្ញុំ ការ‌ពារ​ទី​សក្ការៈ និង​ប្រពន្ធ​កូន​របស់​បង‌ប្អូន ព្រោះ​ប្រជា‌ជាតិ​នានា​ស្អប់​ខ្ពើម​យើង ហើយ​ប្រមូល​ផ្តុំ​គ្នា ដើម្បី​បំផ្លាញ​យើង​ឲ្យ​វិនាស​សាប‌សូន្យ»។ 7 កាល​ឮ​ពាក្យ​សម្ដី​ទាំង​នេះ ប្រជាជន​ក៏​មាន​សេចក្ដី​ក្លាហាន 8 ហើយ​ឆ្លើយ​តប​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ «សូម​លោក​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​យើង ស្នង​ពី​លោក​យូដា និង​លោក​យ៉ូណាថាន​ជា​ប្អូនៗ​របស់​លោក​ផង។ 9 សូម​ដឹក​នាំ​ពួក​យើង​ចេញ​ទៅ​ច្បាំង! ពួក​យើង​នឹង​ធ្វើ​តាម​បញ្ជា​របស់​លោក»។ 10 លោក​ស៊ីម៉ូន​ប្រមូល​ផ្ដុំ​កង‌ទ័ព​ទាំង​អស់ ហើយ​ប្រញាប់‌ប្រញាល់​សង់​កំពែង​ជុំ​វិញ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​បាន​រឹង​មាំ។ 11 លោក​ចាត់​លោក​យ៉ូណាថាន ជា​កូន​របស់​លោក​អាប់សាឡុម​ឲ្យ​ទៅ​ក្រុង​យ៉ូប៉េ ដោយ​មាន​ទ័ព​ជា​ច្រើន​ទៅ​ជា​មួយ​ផង។ លោក​យ៉ូណាថាន​ដេញ​ប្រជាជន​ចេញ​ពី​ក្រុង ហើយ​តាំង​ទី​លំ​នៅ​នៅ​ក្នុង​ក្រុង​នេះ។

លោក​ស៊ីម៉ូន​វាយ​ឈ្នះ​លោក​ទ្រីផូន

12 លោក​ទ្រីផូន​លើក​ទ័ព​យ៉ាង​ច្រើន ចេញ​ពី​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ ដើម្បី​វាយ​លុក​លុយ​ស្រុក​យូដា ទាំង​នាំ​យក​លោក​យ៉ូណាថាន​ជា​ឈ្លើយ​ទៅ​ជា​មួយ​ផង។ 13 លោក​ស៊ីម៉ូន​មក​បោះ‌ទ័ព​នៅ​ក្បែរ​ក្រុង អាឌីដា និង​នៅ​តាម​ទី​វាល។ 14 លោក​ទ្រីផូន​ជ្រាប​ថា លោក​ស៊ីម៉ូន​បន្ត​មុខ​តំណែង​ពី​លោក​យ៉ូណាថាន​ជា​ប្អូន ហើយ​ត្រៀម​កង‌ទ័ព​មក​វាយ​ប្រយុទ្ធ​នឹង​លោក។ គាត់​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​លោក​ស៊ីម៉ូន​ថា៖ 15 «យើង​ចាប់​លោក​យ៉ូណាថាន​ឃុំ​ឃាំង ព្រោះ​គាត់​មិន​បាន​បង់​ប្រាក់​បញ្ចូល​ឃ្លាំង​រាជ​ទ្រព្យ កាល​គាត់​នៅ​កាន់​មុខ​តំណែង។ 16 ឥឡូវ​នេះ សូម​លោក​បង់​ប្រាក់​ពីរ‌ពាន់​ប្រាំពីរ‌រយ​គីឡូ‌ក្រាម និង​នាំ​យក​កូន​របស់​លោក​យ៉ូណាថាន​ពីរ​នាក់​ធ្វើ​ជា​ថ្នូរ ក្រែង​លោ​ថ្ងៃ​ក្រោយ​គាត់​បះ​បោរ​ប្រឆាំង​នឹង​យើង។ ប្រសិន​បើ​គាត់​សុខ​ចិត្ត​ធ្វើ​ដូច្នេះ យើង​នឹង​ដោះ​លែង​គាត់»។ 17 ទោះ​បី​លោក​ស៊ីម៉ូន​ដឹង​ថា ពាក្យ​ទាំង​នេះ​ជា​ពាក្យ​បោក​បញ្ឆោត​ក្ដី ក៏​លោក​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​ប្រាក់ និង​នាំ​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​យ៉ូណាថាន​មក ព្រោះ​លោក​ខ្លាច​ប្រជាជន​ជំទាស់​នឹង​គាត់ 18 គឺ​ក្រែង​ពួក​គេ​ចោទ​ថា៖ «គេ​យក​លោក​យ៉ូណាថាន​ទៅ​សម្លាប់ ព្រោះ​លោក​ស៊ីម៉ូន​មិន​ព្រម​បញ្ជូន​ប្រាក់ និង​កូន​ទាំង​ពីរ​នោះ​ទៅ​ឲ្យ​គេ»។ 19 ដូច្នេះ លោក​បញ្ជូន​កូន​ទាំង​ពីរ និង​ប្រាក់​ពីរ‌ពាន់​ប្រាំពីរ‌រយ​គីឡូ‌ក្រាម ប៉ុន្តែ លោក​ទ្រីផូន​ក្បត់​ពាក្យ​សន្យា ហើយ​មិន​ដោះ​លែង​លោក​យ៉ូណាថាន​ឡើយ។ 20 បន្ទាប់​មក លោក​ទ្រីផូន​ចេញ​ដំណើរ ដើម្បី​ចូល​ទៅ​ឈ្លាន​ពាន និង​បំផ្លាញ​ស្រុក​យូដា​ចោល។ គាត់​ធ្វើ​ដំណើរ​វាង​តាម​ក្រុង​អាដូរ៉ា។ ប៉ុន្តែ លោក​ស៊ីម៉ូន និង​កង‌ទ័ព​របស់​លោក​នៅ​តែ​ដេញ​តាម​ពី​ក្រោយ​គេ​ជា‌និច្ច។ 21 គ្រា​នោះ កង‌ទ័ព​នៅ​ក្នុង​ក្រុងយេស្យរូ‌សាឡឹម ចាត់​អ្នក​នាំ​សារ​ទៅ​រក​លោក​ទ្រីផូន សុំ​ឲ្យ​លោក​មក​ជួប​ពួក​គេ​នៅ​តាម​ផ្លូវ​វាល​រហោ‌ស្ថាន​យ៉ាង​ប្រញាប់ និង​បញ្ជូន​ស្បៀង​អាហារ​ឲ្យ​ពួក​គេ​ផង។ 22 លោក​ទ្រីផូន​រៀបចំ​កង‌ទ័ព‌សេះ​ទាំង​អស់​ដើម្បី​ទៅ​ជួប​ពួក​គេ ប៉ុន្តែ នៅ​យប់​នោះ​ព្រឹល​ធ្លាក់​យ៉ាង​ខ្លាំង ជា​ហេតុ​រា​រាំង​លោក មិន​អាច​ចេញ​ដំណើរ​ទៅ​កាន់​ទី​នោះ​បាន​ឡើយ។ លោក​បែរ​ជា​ចេញ​ដំណើរ​ទៅ​ស្រុក​កាឡាដ​វិញ។ 23 កាល​លោក​មក​ជិត​ដល់​ក្រុង​បាសកាម៉ា លោក​ក៏​យក​លោក​យ៉ូណាថាន​ទៅ​ប្រហារ​ជីវិត​ចោល ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​ទី​នោះ។ 24 បន្ទាប់​មក លោក​ទ្រីផូន​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។
25 លោក​ស៊ីម៉ូន​ចាត់​គេ ឲ្យ​ទៅ​យក​ធាតុ​របស់​លោក​យ៉ូណាថាន​ជា​ប្អូន​របស់​លោក ទៅ​បញ្ចុះ ក្នុង​ផ្នូរ​នៅ​ក្រុង​ម៉ូឌីន ជា​ក្រុង​របស់​ដូន‌តា​លោក។ 26 ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល ធ្វើ​ពិធី​កាន់​ទុក្ខ​យ៉ាង​អធិក‌អធម និង​យំ​រៀប​រាប់​ពី​ប្រវត្តិ​របស់​លោក​យ៉ូណាថាន​ជា​យូរ​ថ្ងៃ។ 27 លោក​ស៊ីម៉ូន​សង់​ផ្នូរ​ឪពុក និង​បង‌ប្អូន​របស់​លោក​ឲ្យ​បាន​ខ្ពស់​ជាង​មុន ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ពី​ចម្ងាយ។ ផ្នូរ​នេះ ផ្នែក​ខាង​មុខ ក៏​ដូច​ជា​ផ្នែក​ខាង​ក្រោយ​ដែរ សុទ្ធ​តែ​ក្រាល​ដោយ​ថ្ម​រលោង។ 28 លោក​លើក​ស្តូប​ចំនួន​ប្រាំពីរ​ក្បែរៗ​គ្នា ដើម្បី​ឧទ្ទិស​ជូន​មាតា​បិតា និង​បង‌ប្អូន​ទាំង​បួន​នាក់​របស់​លោក។ 29 នៅ​ជុំ​វិញ​ស្តូប​ទាំង​នោះ លោក​ដាក់​សរសរ​ខ្ពស់ៗ ដែល​មាន​ឆ្លាក់​រចនា​ពី​គ្រឿង​សាស្ត្រា‌វុធ​គ្រប់​ប្រភេទ និង​ក្បាច់​សំពៅ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​សំពៅ នៅ​លើ​សមុទ្រ​មើល​ឃើញ។ 30 ផ្នូរ​ដែល​លោក​ស៊ីម៉ូន​សង់​នៅ​ក្រុង​ម៉ូឌីន​នោះ ស្ថិត​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​បញ្ជាក់​សន្ធិ​សញ្ញា​ជា​មួយ​ជន​ជាតិ​យូដា

31 លោក​ទ្រីផូន​ក្បត់​ព្រះ‌បាទ​អន់ទី‌យ៉ូគូស ដែល​នៅ​ជា​កុមារ​ហើយ​ធ្វើ​គុត។ 32 លោក​ឡើង​សោយ‌រាជ្យ​ជំនួស ហើយ​គ្រប់​គ្រង​ស្រុក​អាស៊ី និង​បង្ក​ឲ្យ​មាន​អន្ត‌រាយ​ដ៏​ធ្ងន់​ធ្ងរ​ដល់​ស្រុក​នេះ​ផង។ 33 លោក​ស៊ីម៉ូន​ជួស​ជុល​កំពែង​ក្រុង​នានា​ក្នុង​ស្រុក​យូដា ព្រម​ទាំង​សង់​ប៉ម​ខ្ពស់ៗ និង​កំពែង​ដ៏​រឹង​មាំ​ដែល​មាន​ទ្វារ​ក្រុង និង​រនុក។ លោក​ដាក់​ស្បៀង​អាហារ​ទុក​នៅ​ក្រុង​ទាំង​នោះ​ដែរ។ 34 លោក​ស៊ីម៉ូន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស សូម​ព្រះ‌មេត្តា​កុំ​ទារ​ពន្ធដារ​ពី​ប្រជាជន​យូដា ព្រោះ​លោក​ទ្រីផូន​បាន​រឹប​អូស​ប្លន់​យក​ពី​ពួក​គេ​អស់​ទៅ​ហើយ។ 35 ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ឆ្លើយ​តប​តាម​សំណូម‌ពរ​របស់​លោក ហើយ​សរសេរ​រាជ‌សារ ដែល​មាន​សេចក្ដី​ដូច​ត​ទៅ៖ 36 «យើង ដេម៉េ‌ទ្រីយ៉ូស ជម្រាប​មក​លោក​ស៊ីម៉ូន ជា​មហា​បូជា‌ចារ្យ ជា​មិត្ត​របស់​ស្ដេច និង​ព្រឹទ្ធា‌ចារ្យ ព្រម​ទាំង​ជាតិ​យូដា​ទាំង​មូល សូម​ជ្រាប។ 37 យើង​បាន​ទទួល​មកុដ​មាស និង​ធាង​មាស​ដែល​អស់​លោក​បាន​ផ្ញើ​មក​យើង​ហើយ។ យើង​ត្រៀម​ចាំ​ចុះ​សន្ធិ​សញ្ញា​ស្តី​អំពី​សន្តិ‌ភាព​យ៉ាង​ពិត​ប្រាកដ​ជា​មួយ​អស់​លោក ព្រម​ទាំង​បញ្ជា​ឲ្យ​មន្រ្តី​រាជ​ការ បន្ថយ​ពន្ធដារ​ឲ្យ​អស់​លោក​ផង។ 38 អ្វីៗ​ដែល​យើង​បាន​សម្រេច​ព្រម​ព្រៀង​ជា​មួយ​អស់​លោក​ពី​មុន​មក យើង​សូម​បញ្ជាក់​សា​ជា​ថ្មី។ អស់​លោក​មាន​សិទ្ធិ​គ្រប់​គ្រង​ក្រុង​ទាំង​អស់ ដែល​អស់​លោក​បាន​សង់។ 39 យើង​លើក​លែង​ទោស​ឲ្យ​អស់​លោក​ដែល​ប្រព្រឹត្ត​ខុស ឬ​ល្មើស​ច្បាប់ រហូត​ដល់​សព្វ​ថ្ងៃ ព្រម​ទាំង មិន​ទារ​ពន្ធ​អាករ​ជា​មកុដ​មាស​ដែល​អស់​លោក​ត្រូវ​បង់​ដែរ។ ប្រសិន‌បើ​មាន​ការ​ទារ​ពន្ធ​អាករ​ផ្សេង ទៀត ពី​ប្រជាជន​ក្រុង​យេរូ‌សាឡឹម ចាប់​ពី​ពេល​នេះ គេ​មិន​ត្រូវ​ទាម​ទារ​ទៀត​ឡើយ។ 40 ប្រសិន​បើ មាន​អ្នក​ខ្លះ​មាន​សមត្ថភាព​អាច​បម្រើ​កង‌ទ័ព​របស់​យើង​បាន ចូរ​អញ្ជើញ​មក​ចុះ​ឈ្មោះ​ទៅ»។ សូម​ឲ្យ​សន្តិ‌ភាព​កើត​ឡើង​រវាង​គ្នា​នឹង​គ្នា​ផង»។
41 នៅ​ឆ្នាំ​១៧០ ប្រជាជន​អ៊ីស្រា‌អែល​បាន​រួច​ផុត​ពី​នឹម​នៃ​សាសន៍​ដទៃ។ 42 ប្រជាជន​ចាប់​ផ្ដើម សរសេរ​កាល​បរិច្ឆេទ​នៅ​លើ​ឯក​សារ និង​កិច្ច​សន្យា​នានា​តាំង​ពី​ឆ្នាំ​ដំបូង​បង្អស់ ដែល​លោក​ស៊ីម៉ូន​ជា​មហា​បូជា‌ចារ្យ ជា​មេ​បញ្ជា​ការ និង​ជា​មេ​ដឹក​នាំ​នៃ​ប្រជាជន​យូដា។

លោក​ស៊ីម៉ូន​ដណ្ដើម​យក​ក្រុង​កាសារ៉ា និង​បន្ទាយ​ក្រុង​យេរូ‌សាឡឹម​បាន

43 នៅ​គ្រា​នោះ លោក​ស៊ីម៉ូន​ដាក់​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​កាសារ៉ា និង​ដាក់​កង‌ទ័ព​នៅ​ជុំ​វិញ។ លោក​សង់​ប៉ម​ដែល​មាន​កង់​អាច​រើ​បាន ហើយ​រុញ​ទៅ​ទល់​នឹង​កំពែង​ក្រុង។ លោក​វាយ​ប្រហារ​ប៉ម​មួយ​ក្នុង​បណ្តា​ប៉ម​ទាំង​ប៉ុន្មាន ហើយ​ដណ្ដើម​យក​ប៉ម​នោះ​បាន។ 44 ពល‌ទ័ព​ដែល​នៅ​ក្នុង​ប៉ម លោត​ចុះ​មក​ក្នុង​ក្រុង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ក្រុង​មាន​ការ​ជ្រួល​ច្របល់។ 45 អ្នក​ក្រុង​ទាំង​ប៉ុន្មាន ទាំង​ប្រពន្ធ​កូន នាំ​គ្នា​ឡើង​ទៅ​លើ​កំពែង​ហែក​សម្លៀក‌បំពាក់​របស់​ពួក​គេ ហើយ​ស្រែក​អង្វរ​លោក​ស៊ីម៉ូន សន្តោស​ប្រណី​ផ្តល់​សន្តិ‌ភាព​ឲ្យ​ពួក​គេ​ផង។ 46 ពួក​គេ​សុំ​អង្វរ​ថា៖ «សូម​មេត្តា​អាណិត‌អាសូរ​ដល់​យើង​ខ្ញុំ​ផង! កុំ​ដាក់​ទោស​យើង​ខ្ញុំ​តាម​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ​ឡើយ!»។ 47 លោក​ស៊ីម៉ូន​ស្រុះ​ស្រួល​ជា​មួយ​ពួក​គេ ហើយ​ឈប់​វាយ​ប្រហារ​ពួក​គេ។ ប៉ុន្តែ លោក​ដេញ​ប្រជាជន​ចេញ​ពី​ក្រុង​ហើយ​ធ្វើ​ពិធី​ជម្រះ​ផ្ទះ ដែល​មាន​រូប​ព្រះ​ក្លែង‌ក្លាយ រួច​លោក និង​ពល‌ទាហាន​នាំ​គ្នា​ចូល​ក្នុង​ក្រុង​វិញ​ដោយ​ច្រៀង ទំនុក​លើក​តម្កើង និង​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ផង។ 48 លោក​បោស​សំអាត​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ធ្វើ​ឲ្យ​ក្រុង​សៅ​ហ្មង តែង​តាំង​មនុស្ស​ដែល​កាន់​តាម​វិន័យ រួច​លោក​ជួស​ជុល​កំពែង​ក្រុង ហើយ​សង់​លំនៅ​ដ្ឋាន​របស់​លោក​នៅ​ក្រុង​នោះ។
49 ប្រជាជន​ដែល​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម មិន​អាច​ចេញ​ទៅ​ទិញ ឬ​លក់​ដូរ​អីវ៉ាន់​ឡើយ។ ដូច្នេះ ពួក​គេ​ត្រូវ​រង​ទុក្ខ​ដោយ​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង ហើយ​មាន​មួយ​ចំនួន​ស្លាប់។ 50 ពួក​គេ​ស្រែក​អង្វរ​លោក​ស៊ីម៉ូន សូម​មេត្តា​ប្រណី​សន្តោស និង​ផ្តល់​សន្តិ‌ភាព​ឲ្យ​គេ។ លោក​ក៏​យល់​ព្រម។ លោក​ដេញ​ពួក​គេ​ចេញ​ពី​ទី​នោះ ហើយ​ក៏​ធ្វើ​ពិធី​ជម្រះ​បន្ទាយ​ក្រុង​នោះ ឲ្យ​រួច​ពី​សៅ​ហ្មង​ដែរ។ 51 នៅ​ថ្ងៃ​ទី ២៣ ខែ​ទី ២ ឆ្នាំ ១៧១ ពួក​គេ​ចូល​មក​ក្នុង​ក្រុង​វិញ ដោយ​ស្រែក​ជយ‌ឃោស និង​កាន់​ស្លឹក​ត្នោត អម​ដោយ​សំឡេង​ពិណ ក្រាប់ និង​ឈិង ព្រម​ទាំង​ច្រៀង​ចម្រៀង និង​ទំនុក​តម្កើង​ទៀត​ផង ដ្បិត​គេ​បណ្តេញ​ខ្មាំង​សត្រូវ​ដ៏​ធំ​ចេញ​ពី​ទឹក​ដី​អ៊ីស្រា‌អែល។ 52 លោក​ស៊ីម៉ូន​ចេញ​បញ្ជា​ឲ្យ​ប្រារព្ធ​ពិធី​បុណ្យ​យ៉ាង​សប្បាយ​រីក‌រាយ ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​ដដែល​នោះ។ លោក​ពង្រឹង​កំពែង​ការ‌ពារ​ភ្នំ​នៃ​ព្រះ‌វិហារ​នៅ​ទល់​មុខ​បន្ទាយ​ឲ្យ​កាន់​តែ​រឹង​មាំ។ លោក​តាំង​ទី​លំនៅ​នៅ​ទី​នោះ​ជា​មួយ​កង‌ទ័ព​របស់​លោក។ 53 លោក​ស៊ីម៉ូន​ឃើញ​ថា យ៉ូហាន​ជា​កូន​របស់​លោក ធំ​ពេញ​រូប​ពេញ​រាង​ហើយ លោក​ក៏​តែង​តាំង​លោក​យ៉ូហាន ឲ្យ​ធ្វើ​ជា​មេ​បញ្ជា​ការ​កាន់​កាប់​កង‌ទ័ព​ទាំង​អស់។ លោក​យ៉ូហាន​ស្នាក់​នៅ​ក្រុង​កាសារ៉ា។