ជំពូក ១៥
អន់ទីយ៉ូគូសផ្ញើសារមកជូនលោកស៊ីម៉ូន
1 ព្រះបាទអន់ទីយ៉ូគូស ជាបុត្រព្រះបាទដេម៉េទ្រីយ៉ូស សរសេររាជសារមួយច្បាប់ពីកោះ ផ្ញើមកជូនលោកស៊ីម៉ូន ជាមហាបូជាចារ្យ និងជាមេដឹកនាំនៃជនជាតិយូដា និងប្រជាជាតិទាំងមូល។ 2 រាជសារមានចែងដូចតទៅ៖ «ព្រះបាទអន់ទីយ៉ូគូសសូមជម្រាបមកលោកស៊ីម៉ូន ជាមហាបូជាចារ្យ និងជាមេដឹកនាំជនជាតិយូដា ព្រមទាំងប្រជាជាតិយូដា សូមជ្រាប។ 3 ដោយមានជនអន្ធពាលដណ្ដើមរាជាណាចក្ររបស់អយ្យកោយើង យើងបានទាមទាររាជអំណាច ហើយបានគ្រប់គ្រងរាជាណាចក្រដូចដើមវិញ។ យើងបានជ្រើសរើសកងទ័ពជាច្រើន ហើយរៀបចំសំពៅចម្បាំង 4 ក្នុងគោលបំណងវាយប្រហារយកស្រុក ហើយបណ្តេញអស់អ្នកដែលធ្វើឲ្យស្រុករបស់យើងអន្តរាយ និងបំផ្លាញក្រុងជាច្រើន ក្នុងរាជាណាចក្រយើង។ 5 ឥឡូវនេះ យើងសូមបញ្ជាក់ថា យើងយល់ព្រមធ្វើតាមសេចក្ដីសម្រេចរបស់ស្ដេចទាំងប៉ុន្មាន ដែលគ្រងរាជ្យមុនយើង គឺមិនទាមទារពន្ធអាករពីអស់លោក និងសួយសារអាករទាំងប៉ុន្មាន ដែលអស់លោកធ្លាប់នាំមកថ្វាយ។ 6 យើងអនុញ្ញាតឲ្យលោកមានសិទ្ធិធ្វើប្រាក់កាក់ សម្រាប់ប្រើប្រាស់ក្នុងស្រុករបស់យើង។ 7 ក្រុងយេរូសាឡឹម និងព្រះវិហារមានសេរីភាព មិនបាច់បង់ពន្ធ។ គ្រឿងសាស្រ្តាវុធទាំងប៉ុន្មានដែលលោករកបាន បន្ទាយទាំងប៉ុន្មានដែលលោកបានសង់ និងគ្រប់គ្រង ស្ថិតនៅជាកម្មសិទ្ធិរបស់លោករហូតតរៀងទៅ។ 8 យើងលុបបំណុលទាំងប៉ុន្មាន ដែលលោកជំពាក់ឃ្លាំងរាជទ្រព្យនៅពេលនេះ ហើយនៅពេលអនាគត។ 9 នៅពេលយើងកាន់កាប់អំណាចឡើងវិញ យើងនឹងផ្តល់កិត្តិយសខ្ពង់ខ្ពស់ជូនលោក ជូនប្រជាជាតិរបស់លោក និងជូនព្រះវិហារក្រុងយេរូសាឡឹម ឲ្យមនុស្សក្នុងពិភពលោកទាំងមូលទទួលស្គាល់»។
ព្រះបាទអន់ទីយ៉ូគូសឡោមព័ទ្ធលោកទ្រីផូននៅដូរ៉ា
10 នៅឆ្នាំ១៧៤ ព្រះបាទអន់ទីយ៉ូគូសយាងចូលដែនដីនៃអយ្យកោរបស់ខ្លួន។ កងទ័ពទាំងអស់ចូលរួមជាមួយស្ដេច ហើយមានទ័ពតែមួយភាគតិចដែលនៅជាមួយលោកទ្រីផូន។ 11 ព្រះបាទអន់ទីយ៉ូគូសដេញតាមលោកទ្រីផូន ដែលភៀសខ្លួនទៅកាន់ក្រុងដូរ៉ា នៅតាមឆ្នេរសមុទ្រ 12 ដ្បិតគាត់ដឹងច្បាស់ថា គាត់មុខជាជួបប្រទះនឹងគ្រោះកាចមិនចេះចប់ ហើយកងទ័ពក៏រត់ចោលគាត់ដែរ។ 13 ព្រះបាទអន់ទីយ៉ូគូសបាននាំទ័ពថ្មើរជើងមួយសែនពីរម៉ឺននាក់ និងទ័ពសេះប្រាំបីពាន់នាក់ មកបោះទីតាំងមុខក្រុងដូរ៉ា។ 14 ស្ដេចឡោមទ័ពទីក្រុង ហើយសំពៅចម្បាំងជាច្រើនក៏ចតនៅមុខក្រុង។ ដោយកងទ័ពឡោមព័ទ្ធក្រុងយ៉ាងជិតគ្រប់ទិសទីទាំងអស់ គ្មាននរណាម្នាក់អាចចេញចូលបានឡើយ។
ទូតរបស់ជនជាតិយូដាវិលត្រឡប់មកពីក្រុងរ៉ូម
15 លោកនូមេនីយ៉ូស និងអ្នកដែលទៅជាមួយត្រឡប់មកពីក្រុងរ៉ូម ហើយនាំលិខិតមកថ្វាយស្ដេច និងបណ្តាស្រុកនានា។ លិខិតមានចែងដូចតទៅ៖ 16 «លោកលូស៊ីយ៉ូសជាទេសាភិបាលជនជាតិរ៉ូម៉ាំង សូមទូលថ្វាយព្រះបាទផ្ទូលេមេ សូមជ្រាប។ 17 ទូតនៃជនជាតិយូដា ដែលលោកមហាបូជាចារ្យស៊ីម៉ូន និងប្រជាជនយូដា ចាត់ឲ្យមកជួបយើងខ្ញុំ។ អស់លោកមកក្នុងឋានៈជាមិត្តសម្លាញ់ និងសម្ពន្ធមិត្ត ដើម្បីរឹតចំណងមិត្តភាព និងសម្ពន្ធមិត្តដូចកាលពីដើមឡើងវិញ។ 18 អស់លោកយកខែលមាស មានទម្ងន់ប្រាំរយគីឡូក្រាមមកជាមួយផង។ 19 ហេតុនេះហើយបានជាយើងខ្ញុំសម្រេចថានឹងសរសេរលិខិតនេះទូលថ្វាយស្ដេច ព្រមទាំងស្រុកនានា កុំឲ្យបង្ករឿងជាមួយគេ កុំច្បាំងនឹងពួកគេ ប្រឆាំងនឹងក្រុងនានា ឬទឹកដីរបស់ពួកគេដែរ កុំរួមដៃជួយគាំទ្រអ្នកដែលវាយប្រហារពួកគេឡើយ។ 20 យើងខ្ញុំសុខចិត្តទទួលយកខែលរបស់ពួកគេ។ 21 ដូច្នេះ ប្រសិនបើមានជនក្បត់ណារត់ភៀសខ្លួនពីស្រុកយូដា មកលាក់ខ្លួនលើទឹកដីរបស់ស្ដេច សូមចាប់គេប្រគល់ជូនលោកមហាបូជាចារ្យស៊ីម៉ូន ដើម្បីឲ្យលោកធ្វើទោសគេតាមច្បាប់»។
22 លោកលូស៊ីយ៉ូសសរសេរលិខិតផ្ញើថ្វាយព្រះបាទដេម៉េទ្រីយ៉ូស ព្រះបាទអាថាល ព្រះបាទអារីយ៉ារ៉ាត និងព្រះបាទអរសាស ព្រមទាំងស្រុកនានាគឺ 23 ស្រុកសាមសាមេជនជាតិស្ប៉ាត កោះដេឡូស ក្រុងមីនដូស ក្រុងស៊ីស៊ីយ៉ូន ស្រុកការី កោះសាម៉ូស ស្រុកផាមភីលី ស្រុកលីស៊ី ស្រុកហាលីកាណាស កោះរ៉ូដ ក្រុងផាសេលីស កោះកូស ក្រុងស៊ីដេ កោះអារ៉ាដូស កោះគ័រទីន ក្រុងគ្នីឌ កោះគីប្រុស ស្រុកស៊ីរ៉េន។ 24 លោកចម្លងលិខិតនេះផ្ញើជូនលោកស៊ីម៉ូនជាមហាបូជាចារ្យដែរ។
ព្រះបាទអន់ទីយ៉ូគូសតវ៉ាប្រឆាំងនឹងលោកស៊ីម៉ូន
25 នៅគ្រានោះ ព្រះបាទអន់ទីយ៉ូគូសកំពុងឡោមព័ទ្ធក្រុងដូរ៉ា ដោយវាយប្រហារក្រុងនេះឥតឈប់ឈរ ហើយដំឡើងគ្រឿងសឹកដែរ។ កងទ័ពរបស់ព្រះបាទអន់ទីយ៉ូគូសឡោមព័ទ្ធក្រុងយ៉ាងជិត គ្មាននរណាអាចចេញចូលឡើយ។ 26 លោកស៊ីម៉ូនចាត់ពលទ័ពដ៏ចំណានពីរពាន់នាក់ ឲ្យទៅជួយប្រយុទ្ធជាមួយស្ដេច ព្រមទាំងបញ្ជូនមាសប្រាក់ និងគ្រឿងបរិក្ខារជាច្រើន។ 27 ប៉ុន្តែព្រះបាទអន់ទីយ៉ូគូសមិនគ្រាន់តែបដិសេធពុំព្រមទទួលពលទ័ព និងអំណោយទាំងនោះទេ គឺបដិសេធកិច្ចព្រមព្រៀង ដែលលោកបានចុះជាមួយលោកស៊ីម៉ូន កាលពីមុនថែមទៀត។ ស្ដេចក៏ដូរព្រះហឫទ័យក្នុងការទាក់ទងជាមួយលោកស៊ីម៉ូន។ 28 ស្ដេចចាត់លោកអាថេណូប៊ីយូសជាមន្ត្រីម្នាក់ឲ្យទៅប្រាប់លោកស៊ីម៉ូនថា៖ «អស់លោកកាន់កាប់ក្រុងយ៉ូប៉េ ក្រុងកាសារ៉ា និងក្រុងយេរូសាឡឹម ដែលសុទ្ធតែជាក្រុងក្នុងរាជាណាចក្ររបស់យើង។ 29 លោកបានធ្វើឲ្យទឹកដីទាំងនោះក្លាយទៅជាវាលរហោស្ថាន លោកក៏នាំគ្រោះកាចដល់ស្រុកនេះទៀតដែរ។ លោកត្រួតត្រាស្រុកភូមិជាច្រើននៃរាជាណាចក្ររបស់យើង។ 30 ឥឡូវនេះ ត្រូវតែសងក្រុងទាំងប៉ុន្មានដែលលោកដណ្ដើមយកនោះមកយើងវិញ ហើយត្រូវបង់ពន្ធអាករ សម្រាប់កន្លែងដែលលោកយកមកកាន់កាប់ ក្រៅពីស្រុកយូដា។
31 ប្រសិនបើអស់លោកមិនយល់ព្រមទេ ចូរយកប្រាក់មួយម៉ឺនបីពាន់គីឡូក្រាម មកបង់ពន្ធជំនួស ហើយប្រាក់មួយពាន់គីឡូក្រាមទៀត បង់សម្រាប់ការខូចខាតក្រុងនានា និងពន្ធអាករសម្រាប់ក្រុងទាំងនោះ។ ប្រសិនបើលោកមិនយល់ព្រមទេ យើងនឹងចេញទៅធ្វើសង្រ្គាមជាមួយអស់លោក»។
32 ពេលលោកមន្រ្តីអាថេណូប៊ីយូសទៅដល់ក្រុងយេរូសាឡឹម លោកឃើញភាពរុងរឿងយ៉ាងអស្ចារ្យរបស់លោកស៊ីម៉ូន ទូដែលមានសុទ្ធតែចានមាស និងប្រាក់ ព្រមទាំងតុទូដ៏ល្អប្រណីត។ គាត់ស្រឡាំងកាំង ហើយយកពាក្យរបស់ស្ដេចទៅប្រាប់លោកស៊ីម៉ូន។ 33 លោកស៊ីម៉ូនឆ្លើយតបថា៖ «យើងខ្ញុំពុំបានដណ្ដើមយកទឹកដីបរទេស ឬទឹកដីជាកម្មសិទ្ធិរបស់អ្នកដទៃឡើយ! តែពួកសត្រូវរបស់យើងខ្ញុំបានដណ្ដើមយកទឹកដីជាមត៌ករបស់ដូនតាយើងខ្ញុំ ដោយអយុត្តិធម៌ទៅកាន់កាប់មួយរយៈ ហើយយើងគ្រាន់តែដណ្ដើមយកទឹកដីនេះមកវិញប៉ុណ្ណោះ។ 34 យើងខ្ញុំឆ្លៀតឱកាសល្អដើម្បីដណ្ដើមយកទឹកដី ជាមត៌ករបស់ដូនតាយើងខ្ញុំមកវិញ។ 35 ចំពោះក្រុងយ៉ូប៉េ និងក្រុងកាសារ៉ាដែលលោកទាមទារនោះ ក្រុងទាំងពីរនេះបានធ្វើបាបប្រជាជន និងស្រុកយើងយ៉ាងខ្លាំង។ យើងខ្ញុំនឹងជូនប្រាក់ចំនួនពីរពាន់ប្រាំពីររយគីឡូក្រាម ថ្វាយស្ដេច»។ លោកអាថេណូប៊ីយូស ពុំឆ្លើយតបអ្វីឡើយ។ 36 លោកខឹងក្តៅក្រហាយត្រឡប់ទៅគាល់ព្រះរាជា ទូលពាក្យទាំងប៉ុន្មានរបស់លោកស៊ីម៉ូនថ្វាយស្ដេច ព្រមទាំងរាយការណ៍អំពីភាពរុងរឿងរបស់លោកស៊ីម៉ូន ដូចលោកបានឃើញនោះ។ ព្រះរាជាព្រះអង្គព្រះពិរោធយ៉ាងខ្លាំង។
ទេសាភិបាលកិនដេបេធ្វើទុក្ខបុកម្នេញប្រជាជនយូដា
37 លោកទ្រីផូនចុះសំពៅ ហើយរត់ភៀសខ្លួនទៅក្រុងអ៊ូរថូស៊ីយ៉ា។ 38 ព្រះបាទអន់ទីយ៉ូគូសតែងតាំងលោកកិនដេបេធ្វើជាទេសាភិបាល នៅតំបន់ឆ្នេរសមុទ្រ ទាំងផ្តល់ទ័ពថ្មើរជើង និងទ័ពសេះឲ្យលោក។ 39 ព្រះរាជាបញ្ជាឲ្យលោកបោះទ័ពនៅទល់មុខស្រុកយូដា និងសង់ក្រុងកេដ្រូនឡើងវិញ ធ្វើទ្វារឲ្យមាំ ព្រមទាំងវាយប្រយុទ្ធប្រឆាំងនឹងប្រជាជនយូដា។ ចំពោះព្រះរាជាវិញ ព្រះអង្គ ដេញលោកទ្រីផូន។ 40 លោកកិនដេបេទៅដល់ក្រុងយ៉ាមនីយ៉ា ហើយចាប់ផ្ដើម ធ្វើទុក្ខបុកម្នេញប្រជាជនយូដាជាច្រើន ដោយឈ្លានពានចូលស្រុកយូដា ចាប់ប្រជាជនធ្វើជាឈ្លើយ និងកាប់សម្លាប់ប្រជាជនទៀតផង។ 41 លោកសង់ក្រុងកេដ្រូនឡើងវិញ ដាក់ទ័ពថ្មើរជើង និងទ័ពសេះមួយចំនួននៅក្រុងនេះ ដើម្បីងាយស្រួលចេញទៅវាយប្រយុទ្ធ និងយាមល្បាតមើលតាមផ្លូវទៅកាន់ស្រុកយូដា តាមរាជបញ្ជារបស់ព្រះមហាក្សត្រ។