ជំពូក ១១

ព្រះ‌បាទ​ផ្ទូលេមេ​វាយ​ឈ្នះ​ព្រះ‌បាទ​អឡិច‌សង់

1 ព្រះ‌បាទ​ផ្ទូលេមេ ជា​ស្ដេច​ស្រុក​អេ‌ស៊ីប ប្រមូល​កង‌ទ័ព​ជា​ច្រើន​ឥត​គណនា មាន​ចំនួន​ដូច​គ្រាប់​ខ្សាច់​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​សំពៅ​ចម្បាំង​ជា​ច្រើន​គ្រឿង​ទៀត​ផង។ ស្ដេច​ខិត‌ខំ​រិះ​រក​គ្រប់​កល‌ល្បិច ដណ្ដើម​យក​រាជា‌ណាចក្រ​របស់​ព្រះ‌បាទ​អឡិច‌សង់ ដើម្បី​បញ្ចូល​មក​ក្នុង​រាជា​ណាចក្រ​របស់​ខ្លួន។ 2 ព្រះ‌រាជា​យាង​ទៅ​ស្រុក​ស៊ីរី​ដោយ​អះ‌អាង​ថា ខ្លួន​ចង់​ស្វែង​សន្តិ‌ភាព។ ប្រជាជន​នៃ​ក្រុង​នានា​បើក​ទ្វារ​ក្រុង ហើយ​ចេញ​ទៅ​ទទួល​ស្វាគមន៍​ព្រះ‌រាជា​ដោយ​រាក់​ទាក់ ព្រោះ​នេះ​ជា​បញ្ជា​របស់​ព្រះ‌បាទ​អឡិច‌សង់។ 3 ប៉ុន្តែ កាល​ព្រះ‌បាទ​ផ្ទូលេមេ​យាង​កាត់​ក្រុង​ណា​មួយ ព្រះ‌អង្គ​តែង​ទុក​កង‌ទ័ព​នៅ​ទី​នោះ។ 4 កាល​ព្រះ‌រាជា​យាង​មក​ដល់​ក្បែរ​ក្រុង​អាសូតូ គេ​នាំ​ព្រះ‌រាជា​ទៅ​ទត​ទី​សក្ការៈ​របស់​ព្រះ‌ដាកូន ដែល​លោក​យ៉ូណាថាន​ដុត​បំផ្លាញ និង​តំបន់​ដែល​នៅ​ជុំ​វិញ ទត​សាក‌សព​ដែល​នៅ​ចោល​រាយ​ប៉ាយ ព្រម​ទាំង​ឆ្អឹង​របស់​អស់​អ្នក​ដែល​លោក​យ៉ូណាថាន​បាន​ដុត​នៅ​ក្នុង​ពេល​ប្រយុទ្ធ។ គេ​បាន​ប្រមូល​ឆ្អឹង​ទាំង​នោះ​គរ​ជា​គំនរ​តាម​ផ្លូវ ដែល​ព្រះ‌រាជា​ត្រូវ​យាង​ទៅ។ 5 ប្រជាជន​ខ្លះ​រៀប​រាប់​នូវ​អ្វីៗ​ដែល​លោក​យ៉ូណាថាន​បាន​ប្រព្រឹត្ត ទូល​ថ្វាយ​ព្រះ‌រាជា ក្នុង​គោល​បំណង​ចង់​ឲ្យ​ព្រះ‌រាជា​ដាក់​ទោស​លោក​យ៉ូណាថាន ប៉ុន្តែ ស្ដេច​នៅ​ស្ងៀម។ 6 លោក​យ៉ូណាថាន​ចូល​មក​គាល់​ព្រះ‌រាជា នៅ​ក្រុង​យ៉ូប៉េ យ៉ាង​អធិក‌អធម។ ព្រះ‌រាជា​បាន​ទទួល​ការ​ស្វាគមន៍ ហើយ​គង់​នៅ​ក្រុង​នោះ​អស់​មួយ​យប់។ 7 លោក​យ៉ូណាថាន​ជូន​ដំណើរ​ព្រះ‌រាជា រហូត​ដល់​ទន្លេ​អេលើ‌ថែរ រួច​ក៏​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។
8 ព្រះ‌បាទ​ផ្ទូលេមេ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​ឆ្នេរ​សមុទ្រ រហូត​ដល់​ក្រុង​សេលើ‌ស៊ី​មក​កាន់​កាប់។ ព្រះ‌រាជា​មាន​គម្រោង‌ការ​ប្រឆាំង​នឹង​ព្រះ‌បាទ​អឡិច‌សង់ 9 ព្រះ‌អង្គ​ចាត់​រាជ​ទូត​ទៅ​គាល់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ដើម្បី​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​មក​ចុះ​សន្ធិ​សញ្ញា​ជា​មួយ​គ្នា។ យើង​នឹង​លើក​បុត្រី​របស់​យើង ដែល​ជា​មហេសី​របស់​ព្រះ‌បាទ​អឡិច‌សង់​សព្វ​ថ្ងៃ​នេះ ឲ្យ​ធ្វើ​ជា​មហេសី​របស់​ព្រះ‌ករុណា ហើយ​ព្រះ‌ករុណា​នឹង​គ្រង​រាជ្យ​លើ​រាជា‌ណាចក្រ​របស់​បិតា​ព្រះ‌ករុណា​វិញ។ 10 យើង​សោក​ស្តាយ​ណាស់ ដោយ​បាន​លើក​បុត្រី​របស់​យើង​ថ្វាយ​ព្រះ‌បាទ​អឡិច‌សង់ ព្រោះ​ព្រះ‌អង្គ​បម្រុង​ធ្វើ​គុត​យើង»។ 11 ព្រះ‌បាទ​ផ្ទូលេមេ​ចោទ​ប្រកាន់​ព្រះ‌បាទ​អឡិច‌សង់ ព្រោះ​ចង់​ដណ្ដើម​យក​រាជា‌ណាចក្រ​របស់​ព្រះ‌បាទ​អឡិច‌សង់។ 12 ព្រះ‌រាជា​ដណ្ដើម​យក​បុត្រី​ពី​ព្រះ‌បាទ​អឡិច‌សង់ ហើយ​លើក​ឲ្យ​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស។ ព្រះ‌រាជា​ប្តូរ​ព្រះ​ហឫ​ទ័យ បែក​ពី​ព្រះ‌បាទ​អឡិច‌សង់ ហើយ​ស្ដេច​ទាំង​ពីរ​ក៏​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា​វិញ។ 13 ព្រះ‌បាទ​ផ្ទូលេមេ​យាង​ចូល​ក្រុង​អន់ទី‌យ៉ូក ហើយ​តាំង​ខ្លួន​ជា​ស្ដេច​ស្រុក​អាស៊ី ហើយ​គ្រង​រាជ្យ​លើ​ស្រុក​អេស៊ីប​ផង និង​ស្រុក​អាស៊ី​ផង។ 14 នៅ​ពេល​នោះ ព្រះ‌បាទ​អឡិច‌សង់​គង់​នៅ​ស្រុក ស៊ីលី‌ស៊ី ដើម្បី​បង្ក្រាប​ប្រជាជន​បះបោរ​ក្នុង​តំបន់​នោះ។ 15 កាល​ព្រះ‌បាទ​អឡិច‌សង់​ជ្រាប​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ផ្ទូលេមេ​បាន​ប្រព្រឹត្ត​នោះ ព្រះ‌អង្គ​ក៏​យាង​ទៅ​ប្រយុទ្ធ​នឹង​ព្រះ‌បាទ​ផ្ទូលេមេ។ ប៉ុន្តែ ព្រះ‌បាទ​ផ្ទូលេមេ​នាំ​កង‌ទ័ព​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា មក​ច្បាំង​ជា​មួយ​នឹង​កង‌ទ័ព​ព្រះ‌បាទ​អឡិច‌សង់​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព​អស់។ 16 ព្រះ‌បាទ​អឡិច‌សង់​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អារ៉ា‌ប៊ី ហើយ​ព្រះ‌បាទ​ផ្ទូលេមេ​ក៏​ទទួល​ជ័យ‌ជម្នះ។ 17 ជន​ជាតិ​អារ៉ាប់​ម្នាក់​ឈ្មោះ​សាបឌីអែល កាត់​ក​ព្រះ‌បាទ​អឡិច‌សង់ ហើយ​បញ្ជូន​ព្រះ‌សិរសារ ទៅ​ថ្វាយ​ព្រះ‌បាទ​ផ្ទូលេមេ។ 18 ពីរ​ថ្ងៃ​ក្រោយ​មក ព្រះ‌បាទ​ផ្ទូលេមេ​ក៏​សោយ​ទិវង្គត​លើ​សមរ‌ភូមិ​ដែរ ហើយ​ប្រជាជន​នាំ​គ្នា​កាប់​សម្លាប់​ពល‌ទាហាន​ទាំង​ប៉ុន្មាន​ដែល​ដាក់​រាយ​តាម​ក្រុង​នានា។ 19 ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ឡើង​សោយ‌រាជ្យ​នៅ​ឆ្នាំ ១៦៧។

ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ទី​២ ប្រទាន​អភ័យ​ឯក​សិទ្ធិ​សា​ជា​ថ្មី

20 នៅ​គ្រា​នោះ លោក​យ៉ូណាថាន​ប្រមូល​ជន​ជាតិ​យូដា ដើម្បី​ទៅ​វាយ​ប្រហារ​បន្ទាយ​នៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​ធ្វើ​គ្រឿង​សឹក​ជា​ច្រើន​សម្រាប់​វាយ​សម្រុក​ចូល​បន្ទាយ​នោះ។ 21 ប៉ុន្តែ ជន‌ពាល ខ្លះ​ដែល​ស្អប់​ជាតិ​សាសន៍​របស់​ខ្លួន នាំ​គ្នា​ទៅ​គាល់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ទូល​ថា៖ «លោក​យ៉ូណាថាន​កំពុង​ឡោម‌ព័ទ្ធ​បន្ទាយ ក្រុង​យេរូ‌សាឡឹម​ហើយ»។ 22 ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​ដេម៉ូ‌ទ្រីយ៉ូស​ពិរោធ ហើយ​យាង​ទៅ​ក្រុង​ផ្ទោឡេ‌ម៉ៃស៍​ភ្លាម។ ព្រះ‌រាជា​សរសេរ​សារ​មួយ​ច្បាប់​ជូន​លោក​យ៉ូណាថាន ព្រម​ទាំង​បញ្ជា​ឲ្យ​លោក​ដក​ទ័ព​ដែល​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ហើយ​មក​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ ដើម្បី​ពិភាក្សា​ជា​ប្រញាប់។ 23 កាល​លោក​យ៉ូណាថាន​ទទួល​ដំណឹង​នេះ លោក​បញ្ជា​ឲ្យ​កង‌ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​នោះ​ត​ទៅ​ទៀត។ លោក​ជ្រើស‌រើស​ព្រឹទ្ធា‌ចារ្យ​ខ្លះ​នៃ​ប្រជាជន​អ៊ីស្រា‌អែល និង​បូជា‌ចារ្យ​ខ្លះ ហើយ​គាត់​សុខ​ចិត្ត​ប្រថុយ​ជីវិត​ជា​មួយ 24 លោក​ទៅ​គាល់​ស្ដេច​នៅ​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ ដោយ​នាំ​យក​ប្រាក់ មាស សម្លៀក‌បំពាក់ និង​ជំនូន​ជា​ច្រើន​ទៅ​ជា​មួយ​ផង។ លោក​យ៉ូណាថាន​បាន​ទទួល​ការ​ប្រណី‌សន្តោស​ពី​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស។ 25 ជន‌ពាល​ឥត​សាសនា​ខ្លះ​នៃ​ជាតិ​សាសន៍​របស់​លោក ខិត​ខំ​ចោទ​ប្រកាន់​លោក​យ៉ូណាថាន ចំពោះ​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស 26 ប៉ុន្តែ ព្រះ‌រាជា​នៅ​តែ​ប្រព្រឹត្ត​ចំពោះ​លោក​ដូច​ស្ដេច​មុនៗ​ដែរ ហើយ​លើក​កិត្តិយស​របស់​លោក​យ៉ូណាថាន នៅ​ចំពោះ​មុខ​នាម៉ឺន​មន្ត្រី​ទាំង​អស់។ 27 ព្រះ‌រាជា​បញ្ជាក់​ថា៖ «លោក​យ៉ូណាថាន​នៅ​តែ​ជា​មហា​បូជា‌ចារ្យ ហើយ​មុខ​ងារ និង​កិត្តិយស​ទាំង​ប៉ុន្មាន​ដែល​លោក​ធ្លាប់​ទទួល​ពី​មុនៗ​មក រក្សា​ទុក​ដដែល»។ ព្រះ‌អង្គ​ក៏​តែង​តាំង​លោក​ជា​មិត្ត​ម្នាក់​ក្នុង​ចំណោម​មិត្ត​សម្លាញ់​ទាំង​ប៉ុន្មាន នៃ​ព្រះ‌រាជា​ដែរ។ 28 លោក​យ៉ូណាថាន ទូល​សុំ​ព្រះ‌រាជា​មេត្តា​ប្រោស​ប្រជាជន​នៅ​ស្រុក​យូដា និង​តំបន់​ទាំង​បី​របស់​ស្រុក​សាម៉ារី មិន​ឲ្យ​បង់​ពន្ធ​អាករ ដោយ​សន្យា​ថា​នឹង​ថ្វាយ​ប្រាក់​ប្រាំបី‌រយ​តោន។ 29 ព្រះ‌រាជា​យល់​ព្រម ហើយ​សរសេរ​សារ​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​យ៉ូណាថាន​មាន​សេចក្ដី​ដូច​ត​ទៅ៖
30 «យើង ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ជម្រាប​មក​លោក​យ៉ូណាថាន​ជា​ប្អូន និង​ជន​ជាតិ​យូដា សូម​ជ្រាប។ 31 យើង​បាន​ចម្លង​លិខិត​ដែល​យើង​សរសេរ ផ្ញើ​ជូន​សម្ដេច​ឡាសថែន ជា​ញាតិ‌វង្ស​របស់​យើង ជូន​លោក​ជ្រាប​ជា​ពត៌‌មាន។ 32 ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស សូម​ជម្រាប​មក​សម្ដេច​ឡាសថែន ជា​បិតា។ 33 យើង​សម្រេច​ថា​នឹង​ប្រោស​ប្រណី​ដល់​ជន​ជាតិ​យូដា​ជា​មិត្ត​របស់​យើង ដែល​មាន​ភាព​ស្មោះ‌ត្រង់​ចំពោះ​យើង។ 34 យើង​សូម​បញ្ជាក់​ថា គេ​មាន​សិទ្ធិ​កាន់​កាប់​ស្រុក​យូដា និង​តំបន់​ទាំង​បី គឺ​តំបន់​អផេ‌រេម៉ា លីដា និង​រ៉ាម៉ា‌ថាអ៊ីម។ យើង​ដក​តំបន់​ទាំង​បី​នេះ​ពី​ស្រុក​សាម៉ារី ជា​មួយ​ទឹក​ដី​ដែល​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន បញ្ចូល​ក្នុង​ស្រុក​យូដា ដើម្បី​ជា​ប្រយោជន៍ ដល់​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្រុង​យេរូ‌សាឡឹម។ ជន​ជាតិ​យូដា​មិន​ត្រូវ​បង់​ពន្ធ​អាករ​ប្រចាំ​ឆ្នាំ លើ​ផល​ស្រែ​ចម្ការ និង​ដើម​ឈើ​ថ្វាយ​ព្រះ‌រាជា​ទេ។ 35 យើង​អនុ‌គ្រោះ​លែង​ទាម​ទារ​ប្រាក់​មួយ​ភាគ​ដប់ និង​ពន្ធ​ផ្សេង​ដែល​ត្រូវ​បង់​ឲ្យ​យើង ទាំង​ពន្ធ​ស្រែ​អំបិល និង​ពន្ធ​មកុដ​ដែរ គឺ​តាំង​ពី​ពេល​នេះ​ត​ទៅ យើង​លែង​ទាម​ទារ​អ្វី​ទាំង​អស់។ 36 ត្រូវ​អនុវត្តន៍​តាម​សេចក្ដី​សម្រេច ដែល​មាន​ចែង​នៅ​ក្នុង​រាជា‌សារ​នេះ តាំង​ពី​ពេល​នេះ​រហូត​ត​រៀង​ទៅ​ជា​កំហិត។ 37 សូម​សម្ដេច​យក​ចិត្ត​ទុក​ដាក់​ចម្លង​រាជ‌សារ​នេះ ប្រគល់​ជូន​លោក​យ៉ូណាថាន ដើម្បី​បិទ នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ ឲ្យ​គេ​ឃើញ​គ្រប់ៗ​គ្នា​ផង»។

លោក​យ៉ូណាថាន​ជួយ​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ទី ២ នៅ​ក្រុង​អន់ទី‌យ៉ូក

38 នៅ​សម័យ​នោះ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ឈ្វេង​យល់​ថា រាជា​ណា‌ចក្រ​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន ហើយ​គ្មាន​នរណា​ជំទាស់​ប្រឆាំង​នឹង​អំណាច​របស់​ព្រះ‌អង្គ​ឡើយ។ ដូច្នេះ ស្ដេច​រំសាយ​កង‌ទ័ព​ទាំង​មូល គឺ​ឲ្យ​ទាហាន​ត្រឡប់​ទៅ​ស្រុក​រៀងៗ​ខ្លួន លើក​លែង​តែ​កង‌ទ័ព​បរទេស​ដែល​ជួល​មក​ពី​បណ្តា​កោះ​ក្រែត​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ កង‌ទ័ព​ដែល​ធ្លាប់​បម្រើ​ស្ដេច​មុនៗ អាក់​អន់​ចិត្ត ហើយ​ស្អប់​ស្ដេច។ 39 លោក​ទ្រីផូន​ដែល​ធ្លាប់​បម្រើ​ព្រះ‌បាទ​អឡិច‌សង់​យល់​ឃើញ​ថា កង‌ទ័ព​ទាំង​មូល​រអ៊ូ​រទាំ​ប្រឆាំង​នឹង​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស។ លោក​ក៏​ទៅ​ជួប​លោក​យ៉ាំលី‌កូស ជា​ជន​ជាតិ​អារ៉ាប់ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ‌អប់រំ​ព្រះ‌បាទ​អន់ទី‌យ៉ូគូស ជា​បុត្រា​ពៅ​របស់​ព្រះ‌បាទ​អឡិច‌សង់។ 40 លោក​ទ្រីផូន​ចេះ​តែ​បង្ខំ​លោក​យ៉ាំលី‌កូស ឲ្យ​លើក​រាជ​កុមារ​នេះ​ឡើង​សោយ‌រាជ្យ​ស្នង​ពី​បិតា។ លោក​ក៏​រៀប​រាប់​អំពី​សេចក្ដី​សម្រេច​ទាំង​អស់​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស និង​អំពី​កង‌ទ័ព​ទាំង​អស់​ដែល​ស្អប់​ស្ដេច។ លោក​ស្នាក់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ។
41 លោក​យ៉ូណាថាន​ទូល​សូម​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ឲ្យ​ដក​កង‌ទ័ព​របស់​ព្រះ‌អង្គ​ចេញ​ពី​បន្ទាយ​ក្រុង​យេរូ‌សាឡឹម និង​ពី​បន្ទាយ​នានា ដ្បិត​កង‌ទ័ព​ទាំង​នោះ​នៅ​តែ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល។ 42 ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ឆ្លើយ​តប​ទៅ​វិញ​ថា៖ «យើង​មិន​គ្រាន់​តែ​ធ្វើ​តាម​សំណូម​ពរ​នេះ ដើម្បី​លោក និង​ប្រជាជន​របស់​លោក​ប៉ុណ្ណោះ​ទេ បើ​ឱកាស​ហុច​ឲ្យ យើង​នឹង​លើក​កិត្តិយស​របស់​លោក និង​ប្រជា​ជាតិ​របស់​លោក​ថែម​ទៀត​ផង។ 43 ឥឡូវ​នេះ សូម​លោក​បញ្ជូន​កង‌ទ័ព​មក ដើម្បី​រួម​ប្រយុទ្ធ​ខាង​យើង ព្រោះ​កង‌ទ័ព​យើង​រត់​បាត់​អស់​ហើយ»។ 44 លោក​យ៉ូណាថាន​បញ្ជូន​កង‌ទ័ព​ខ្លាំង​ពូកែ ចំនួន​បី‌ពាន់​នាក់ មក​ថ្វាយ​ស្ដេច​នៅ​ក្រុង​អន់ទី‌យ៉ូក។ នៅ​ពេល​ពួក​គេ​បាន​មក​ដល់ ព្រះ‌រាជា​មាន​ព្រះ‌ទ័យ​រីក​រាយ​យ៉ាង​ក្រៃ​លែង។ 45 មាន​ប្រជាជន​ប្រមាណ​ដប់‌ម៉ឺន​នាក់​ជួប​ជុំ​គ្នា​នៅ​កណ្តាល​ទីក្រុង​នោះ បម្រុង​នឹង​ធ្វើ​គុត​ព្រះ‌រាជា 46 ហើយ​ព្រះ‌អង្គ​ក៏​គេច​ខ្លួន​ទៅ​ក្នុង​រាជ​វាំង ក្នុង​ពេល​ដែល​អ្នក​ក្រុង​ចេញ​មក​កុះករ​តាម​ផ្លូវ ហើយ​ការ​ប្រយុទ្ធ​ក៏​ចាប់​ផ្ដើម។ 47 ព្រះ‌រាជា​ហៅ​កង‌ទ័ព​យូដា​ឲ្យ​មក​ជួយ។ ពួក​គេ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​ស្ដេច រួច​ចេញ​ចូល​ពាស​ពេញ​ក្នុង​ក្រុង ហើយ​សម្លាប់​ប្រជាជន​ប្រហែល​ដប់‌ម៉ឺន​នាក់ នៅ​ថ្ងៃ​នោះ។ 48 ពួក​គេ​ដុត​ទីក្រុង រឹប​អូស​យក​ជយ‌ភណ្ឌ​ជា​ច្រើន ហើយ​សង្គ្រោះ​ព្រះ‌រាជា​នៅ​ថ្ងៃ​នោះ​ដែរ។ 49 ប្រជាជន​ក្នុង​ក្រុង​ឃើញ​ថា ពួក​យូដា​កាន់​កាប់​ក្រុង​ទាំង​មូល ហើយ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​របស់​គេ ពួក​គេ​ក៏​ធ្លាក់​ទឹក​ចិត្ត ហើយ​ស្រែក​ទូល​អង្វរ​ព្រះ‌រាជា​ដូច​ត​ទៅ៖ 50 «សូម​ព្រះ‌ករុណា​អត់​ទោស​ឲ្យ​យើង​ខ្ញុំ និង​ប្រោស​ប្រទាន​សន្តិ‌ភាព​ឲ្យ​យើង​ខ្ញុំ​ផង សូម​ឲ្យ​ពួក​យូដា​ឈប់​ប្រយុទ្ធ​នឹង​យើង​ខ្ញុំ ព្រម​ទាំង​ទីក្រុង​ផង!»។ 51 ពួក​បះ‌បោរ​ទម្លាក់​អាវុធ ហើយ​សូម​សន្តិ‌ភាព។ ព្រះ‌រាជា និង​ប្រជាជន​ដែល​រស់​នៅ​ក្នុង​រាជា​ណាចក្រ​ទាំង​មូល នាំ​គ្នា​លើក​តម្កើង​កិត្តិ‌យស​របស់​ជន​ជាតិ​យូដា។ ក្រោយ​ពី​មាន​ឈ្មោះ​ល្បី​ដូច្នេះ​ជន​ជាតិ​យូដា​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ទាំង​នាំ​យក​ជយ‌ភណ្ឌ​យ៉ាង​ច្រើន​សន្ធឹក‌សន្ធាប់ មក​ជា​មួយ​ផង។ 52 ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​បាន​ពង្រឹង​អំណាច​របស់​ខ្លួន ហើយ​ស្រុក​ក៏​មាន​សេចក្ដី​សុខ​សាន្ត។ 53 ប៉ុន្តែ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ពុំ​បាន​កាន់​តាម​ពាក្យ​សន្យា​ទាំង​ប៉ុន្មាន​របស់​ខ្លួន ហើយ​ដូរ​ព្រះ‌ហឫទ័យ បែរ​ទៅ​ប្រឆាំង​នឹង​លោក​យ៉ូណាថាន​វិញ។ ព្រះ‌រាជា​ភ្លេច​ពី​ឧបការ​គុណ​ដែល​លោក​យ៉ូណាថាន​បាន​ធ្វើ ដើម្បី​បម្រើ​ស្ដេច ហើយ​ធ្វើ​បាប​លោក​គ្រប់​បែប​យ៉ាង។

លោក​យ៉ូណាថាន​គាំទ្រ​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ទី ៦

54 ក្រោយ​មក លោក​ទ្រីផូន​វិល​ត្រឡប់​មក​វិញ​ជា​មួយ​រាជ​កុមារ​អន់ទី‌យ៉ូគូស ហើយ​លើក​រាជ​កុមារ​ឲ្យ​ឡើង​សោយ​រាជ្យ។ 55 កង‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​បាន​រំសាយ​ពី​មុន​នោះ មក​ជួប​ជុំ​គ្នា​ជា​មួយ​លោក​ទ្រីផូន ហើយ​វាយ​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស។ ព្រះ‌រាជា​បរា‌ជ័យ ហើយ​បាក់​ទ័ព​រត់​អស់។ 56 លោក​ទ្រីផូន​ចាប់​ដំរី​ចម្បាំង​ជា​ច្រើន​ក្បាល ហើយ​ដណ្ដើម​យក​ក្រុង​អន់ទី‌យ៉ូក​បាន។ 57 រាជ​កុមារ​អន់ទី‌យ៉ូគូស​សរសេរ​រាជ‌សារ​មួយ​ច្បាប់​ជូន​លោក​យ៉ូណាថាន មាន​សេចក្ដី​ដូច​ត​ទៅ៖ «យើង​ទទួល​ស្គាល់​លោក​ទុក​ជា​មហា​បូជា‌ចារ្យ​ដដែល។ យើង​តែង​តាំង​លោក​ឲ្យ​គ្រប់​គ្រង​តំបន់​ទាំង​បួន ហើយ​ចាត់​ទុក​លោក​ជា​មិត្ត​របស់​ស្ដេច​ដែរ»។ 58 ព្រះ‌រាជា​ប្រទាន​ភាជន៍​មាស និង​គ្រឿង​ប្រើ​ប្រាស់​ក្នុង​ពិធី​ជប់​លៀង​ជូន​លោក ព្រម​ទាំង​អនុញ្ញាត​ឲ្យ​លោក​ពិសា​ស្រា​ក្នុង​ពែង​មាស ហើយ​ឲ្យ​ពាក់​អាវ​ពណ៌​ស្វាយ​របស់​ស្ដេច និង​ក្លាស់​មាស​ផង។ 59 ព្រះ‌រាជា​តែង​តាំង​លោក​ស៊ីម៉ូន ជា​បង​របស់​លោក​យ៉ូណាថាន ឲ្យ​ធ្វើ​ជា​ឧបរាជ ត្រួត​ត្រា​តំបន់​តាម​ឆ្នេរ​សមុទ្រ ចាប់​ពី​ភ្នំ​ក្បែរ​ក្រុង​ទីរ៉ុស រហូត​ទៅ​ដល់​ព្រំ​ប្រទល់​ស្រុក​អេស៊ីប។ 60 លោក​យ៉ូណាថាន​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ដោយ​កាត់​តាម​ទីក្រុង​នានា។ កង‌ទ័ព​ស្រុក​ស៊ីរី​ទាំង​អស់​ចូល​រួម​ជា​មួយ​លោក។ លោក​ទៅ​ដល់​ក្រុង​អាស្កា‌ឡូន ហើយ​ប្រជាជន​ក្រុង​នោះ អបអរ‌សាទរ​ទទួល​លោក​យ៉ាង​អធិក​អធម។ 61 លោក​ចាក​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​កាសា ប៉ុន្តែ អ្នក​ក្រុង​នេះ​បិទ​ទ្វារ​មិន​ព្រម​ទទួល​លោក។ ដូច្នេះ លោក​ក៏​ឡោម‌ព័ទ្ធ​ក្រុង​នោះ ដុត​តំបន់​ដែល​នៅ​ជុំ​វិញ​ចោល ហើយ​រឹប​អូស​យក​ជយ‌ភណ្ឌ ពី​តំបន់​នោះ​ផង។ 62 អ្នក​ក្រុង​កាសា​អង្វរ​លោក​យ៉ូណាថាន។ លោក​ក៏​អត់​ទោស​ឲ្យ​ពួក​គេ ប៉ុន្តែ លោក​ចាប់​កូន​ប្រុស​របស់​មេ​ដឹក​នាំ​ទាំង​នោះ យក​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​ថ្នូរ។ បន្ទាប់​មក លោក​បន្ត​ដំណើរ​កាត់​តាម​តំបន់​នោះ រហូត​ដល់​ក្រុង​ដាម៉ាស។
63 លោក​យ៉ូណាថាន​ទទួល​ដំណឹង​ថា មេទ័ព​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​មក​ក្រុង​កេដែស​ក្នុង​ស្រុក​កាលីឡេ ដោយ​នាំ​កង‌ទ័ព​ជា​ច្រើន​មក​ជា​មួយ​ផង ដើម្បី​ទម្លាក់​គាត់​ពី​មុខ​តំណែង។ 64 លោក​ទុក​ឲ្យ​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក​នៅ​គ្រប់‌គ្រង​ត្រួត​ត្រា​ស្រុក​យូដា ហើយ​លោក​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​គេ។ 65 លោក​ស៊ីម៉ូន​បោះ​ទ័ព​នៅ​មុខ​ក្រុង​បេតសួរ​ទាំង​ឡោម​ព័ទ្ធ ហើយ​វាយ​ប្រហារ​ក្រុង​នេះ​ជា​យូរ​ថ្ងៃ។ 66 អ្នក​ក្រុង​នោះ​ចរចា​សុំ​សន្តិ‌ភាព ហើយ​លោក​ស៊ីម៉ូន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ពួក​គេ។ ប៉ុន្តែ លោក​សូម​ឲ្យ​ពួក​គេ​ចាក​ចេញ​ពី​ក្រុង ដើម្បី​លោក​ចូល​ទៅ​កាន់​កាប់ និង​ដាក់​កង‌ទ័ព​នៅ​ក្រុង​នោះ។ 67 រីឯ​លោក​យ៉ូណាថាន និង​កង‌ទ័ព​របស់​លោក បោះ​ទ័ព​នៅ​ក្បែរ​បឹង​កេណេ‌សារ៉ែត។ លុះ​ព្រឹក​ស្អែក​ឡើង ពួក​គេ​ទៅ​ដល់​វាល​ទំនាប​ហាសូរ។ 68 កង‌ទ័ព​របស់​ជន​បរទេស កំពុង​ធ្វើ​ដំណើរ​មក​វាយ​លោក​នៅ​ទី​វាល​នេះ​ដែរ ពួក​គេ​បាន​បង្កប់​ទ័ព​មួយ​ក្រុម​នៅ​តាម​ភ្នំ ចាំ​ពួន​ស្ទាក់​វាយ​ប្រហារ​លោក។ 69 លោក​យ៉ូណាថាន និង​កង‌ទ័ព​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ ពេល​នោះ កង‌ទ័ព​ដែល​ពួន​ស្ទាក់​ក៏​ស្ទុះ​ចេញ​មក​វាយ​ប្រហារ​លោក។ 70 កង‌ទ័ព​របស់​លោក​យ៉ូណាថាន​បាក់​ទ័ព​រត់​គ្មាន​សល់​ម្នាក់​សោះ លើក​លែង​តែ​មេ​ទ័ព​ពីរ​នាក់ គឺ​លោក​ម៉ាថា‌ធឺយ៉ាស​ជា​កូន​របស់​លោក​អាប់សាឡុម និង​លោក​យូដា​ជា​កូន​របស់​លោក​ខាល​ភី។ 71 លោក​យ៉ូណាថាន​ហែក​សម្លៀក​បំពាក់​របស់​លោក រោយ​ដី​នៅ​លើ​ក្បាល ហើយ​ទូល​អង្វរ​ព្រះ‌ជាម្ចាស់។ 72 បន្ទាប់​មក លោក​ប្រយុទ្ធ​នឹង​សត្រូវ ហើយ​ធ្វើ​ឲ្យ​សត្រូវ​បាក់​ទ័ព​រត់​អស់។ 73 ឃើញ​ដូច្នេះ កង‌ទ័ព​ដែល​បាក់​ទ័ព​រត់​ចោល​លោក​នោះ ក៏​វិល​ត្រឡប់​មក​រក​លោក​វិញ ដេញ​តាម​ពួក​សត្រូវ​រហូត​ដល់​ជំរំ​របស់​ពួក​គេ​នៅ​កេដែស ហើយ​កង‌ទ័ព​របស់​លោក​យ៉ូណាថាន ក៏​បោះ​ជំរំ​នៅ​ទី​នោះ​ដែរ។ 74 នៅ​ថ្ងៃ​នោះ ទាហាន​បរ‌ទេស​ប្រមាណ​បី‌ពាន់​នាក់​ស្លាប់​លើ​សមរ‌ភូមិ។ លោក​យ៉ូណាថាន​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។