ជំពូក ២
ទំនួញរបស់លោកបូជាចារ្យ ម៉ាថាធីយ៉ាស
1 នៅគ្រានោះ លោកម៉ាថាធីយ៉ាសជាកូនរបស់លោកយ៉ូហាន និងជាចៅរបស់លោកស៊ីម៉ូន ជាបូជាចារ្យក្នុងក្រុមលោកយ៉ូអារិបបានចេញមុខឡើង។ លោកចាកចេញពីក្រុងយេរូសាឡឹមទៅរស់នៅក្រុងម៉ូឌីន។ 2 លោកមានកូនប្រាំនាក់គឺ៖ យ៉ូហានហៅកាឌី 3 ស៊ីម៉ូនហៅថាស៊ី 4 យ៉ូដាសហៅម៉ាកាបាយ 5 អេឡាសារហៅអវ៉ារន យ៉ូណាថានហៅអភូស។ 6 ក្រោយពីបានឃើញអំពើអាក្រក់គួរស្អប់ខ្ពើមទាំងប៉ុន្មាន ដែលប្រជាជនប្រព្រឹត្តនៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម 7 លោកមានប្រសាសន៍ថា៖ «វេទនាណាស់! ខ្ញុំកើតមកដើម្បីឃើញប្រជាជនរបស់ខ្ញុំ វិនាស និងការអន្តរាយនៃក្រុងដ៏វិសុទ្ធនេះឬ? ខ្ញុំអង្គុយស្ងៀមនៅទីនេះ ក្នុងពេលដែលទីក្រុងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង ឯទីសក្ការៈក៏ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ជនបរទេសដែរ។ 8 ព្រះវិហារ ប្រៀបដូចជាមនុស្សដែលបាត់បង់កិត្តិយស គ្មាននរណាគោរព 9 ខ្មាំងរឹបអូសយកគ្រឿងឧបករណ៍ ដែលជាសិរីរុងរឿងនៃព្រះវិហារធ្វើជាជយភណ្ឌ។ ពួកវាបានសម្លាប់រង្គាលក្មេងតូចៗនៅតាមផ្សារ ហើយយុវជនក៏ត្រូវស្លាប់ដោយសារមុខដាវ។ 10 ប្រជាជាតិនានាបានទទួលមួយផ្នែកនៃរាជាណាចក្រនេះ និងរឹបអូសយកទ្រព្យសម្បត្តិក្នុងក្រុងធ្វើជាជយភណ្ឌទៀតផង! 11 គេយកគ្រឿងលំអរបស់ក្រុងយេរូសាឡឹមអស់។ កាលពីមុន ក្រុងធ្លាប់មានសេរីភាព ឥឡូវនេះប្រែក្លាយជាទាសីហើយ! 12 ទីដ៏វិសុទ្ធដែលជាទីលំអ និងសិរីរុងរឿងរបស់យើងត្រឡប់ទៅជាទីរហោស្ថាន ត្រូវជនជាតិដទៃ បង្អាប់បង្ឱនទៀតផង! 13 តើរស់តទៅទៀតមានប្រយោជន៍អ្វី?»។ 14 លោកម៉ាថាធីយ៉ាស និងកូនរបស់គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយនាំគ្នាយកបាវមកស្លៀកជំនួសវិញ ដើម្បីធ្វើពិធីកាន់ទុក្ខ។
យញ្ញបូជានៅក្រុងម៉ូឌីន
15 មន្រ្តីដែលព្រះមហាក្សត្រចាត់មក ដើម្បីបង្ខំឲ្យប្រជាជនលះបង់ជំនឿរបស់ខ្លួន មកដល់ក្រុងម៉ូឌីន ដើម្បីថ្វាយយញ្ញបូជា។ 16 ជនជាតិអ៊ីស្រាអែលជាច្រើនចេញទៅជួបលោក តែលោកម៉ាថាធីយ៉ាស និងកូនទាំងប៉ុន្មានរបស់គាត់ ជួបជុំគ្នាដោយឡែកពីគេ។ 17 មន្ត្រីរបស់ព្រះមហាក្សត្រប្រាប់លោកម៉ាថាធីយ៉ាសថា៖ «លោកជាអ្នកដឹកនាំមានឈ្មោះល្បី និងមានអំណាចក្នុងភូមិនេះ ដោយមានកូន និងបងប្អូនជាច្រើនជួយគាំទ្រផង។ 18 សូមលោកអញ្ជើញមក អនុវត្តតាមរាជបញ្ជារបស់ព្រះករុណាមុនគេ ដូចប្រជាជាតិទាំងប៉ុន្មាន និងអ្នកស្រុកយូដា ព្រមទាំងអ្នកដែលនៅសេសសល់ក្នុងក្រុងយេរូសាឡឹម បានធ្វើរួចមកហើយ។ បើធ្វើដូច្នេះ លោក និងកូនរបស់លោក ត្រូវរាប់បញ្ចូលក្នុងចំណោមមិត្តសម្លាញ់របស់ព្រះរាជា។ លោក និងកូនរបស់លោក នឹងទទួលមាសប្រាក់ ព្រមទាំងអំណោយជាច្រើនទៀតផង!»។ 19 លោកម៉ាថាធីយ៉ាសបន្លឺសំឡេងយ៉ាងខ្លាំងៗ តបទៅគេថា៖ «ទោះបីប្រជាជាតិទាំងប៉ុន្មាន ដែលនៅក្នុងរាជាណាចក្រទាំងមូល យល់ព្រមធ្វើតាមរាជបញ្ជារបស់ស្ដេច លះបង់សាសនាដូនតារបស់គេរៀងៗខ្លួនចោល ហើយបែរទៅគោរពតាមរាជឱង្ការរបស់ស្ដេចក្ដី 20 ក៏ខ្ញុំ កូនខ្ញុំ និងបងប្អូនខ្ញុំ នៅតែប្រតិបត្តិតាមសម្ពន្ធមេត្រីនៃដូនតារបស់យើងតទៅមុខទៀតជាដរាប។ 21 សូមព្រះជាម្ចាស់អាណិតមេត្តាការពារយើង កុំឲ្យយើងខ្ញុំបោះបង់ចោលធម្មវិន័យ និងបញ្ញាត្តិរបស់ព្រះអង្គឡើយ។ 22 យើងមិនព្រមស្តាប់តាមរាជបញ្ជាទេ យើងមិនព្រមងាកចេញពីសាសនារបស់យើងឡើយ ឲ្យនៅខាងស្ដាំ ឬខាងឆ្វេង គឺយើងមិនព្រមជាដាច់ខាត!»។
23 កាលលោកមានប្រសាសន៍ដូច្នេះហើយ ជនជាតិយូដាម្នាក់ឡើងទៅថ្វាយយញ្ញបូជា នៅចំពោះមុខប្រជាជនទាំងមូល លើអាសនៈនៅក្រុងម៉ូឌីន តាមរាជបញ្ជា។ 24 លោកម៉ាថាធីយ៉ាសឃើញដូច្នេះ ក្តៅក្រហាយញ័រខ្លួនចំប្រប់យ៉ាងខ្លាំង កំហឹងដ៏សុចរិតពុះកញ្ជ្រោលក្នុងខ្លួនលោក។ លោកស្ទុះទៅសម្លាប់អ្នកនោះនៅលើអាសនៈ 25 និងសម្លាប់មន្ត្រី ដែលស្ដេចចាត់ឲ្យមកបង្ខំអ្នកស្រុកថ្វាយយញ្ញបូជា រួចលោករំលំអាសនៈនោះចោលទៀតផង។ 26 លោកមានចិត្តស្រឡាញ់ធម្មវិន័យជាខ្លាំង ដូចកាលពីដើម ដែលលោកពីណេហាស់បានប្រព្រឹត្តចំពោះលោកយីមរី ជាកូនលោកសាលូ។ 27 បន្ទាប់លោកម៉ាថាធីយ៉ាសដើរស្រែកយ៉ាងខ្លាំង តាមផ្លូវក្រុងម៉ូឌីនថា៖ «អស់អ្នកដែលមានចិត្តស្រឡាញ់ធម្មវិន័យ និងចង់គោរពតាមសម្ពន្ធមេត្រី សូមអញ្ជើញមកតាមខ្ញុំមក!»។ 28 លោក និងកូនលោកភៀសខ្លួនទៅតំបន់ភ្នំ ដោយទុកទ្រព្យសម្បត្តិចោលនៅក្នុងក្រុង។ 29 ពេលនោះ អ្នកស្រុកជាច្រើនដែលខិតខំធ្វើអំពើសុចរិត និងគោរពតាមធម្មវិន័យ រត់ទៅនៅក្នុងវាលរហោស្ថាន 30 ទាំងប្រពន្ធកូនទាំងហ្វូងសត្វរបស់គេ ព្រោះខ្មាំងតែងធ្វើទុកបុកម្នេញពួកគេគ្រប់ពេល។ 31 មន្ត្រី និងកងទ័ពដែលនៅក្រុងយេរូសាឡឹម ក្នុងបុរីព្រះបាទដាវីឌទទួលដំណឹងថា មានអ្នកខ្លះបដិសេធរាជក្រឹត្យរបស់ស្ដេច ហើយរត់ទៅពួនក្នុងល្អាងថ្មនៃវាលរហោស្ថាន។ 32 ពេលនោះ ពលទាហានដ៏ខ្លាំងក្លាមួយកងដេញតាមទាន់ ហើយបោះជំរំទល់មុខគេ បម្រុងនឹងវាយសម្រុកនៅថ្ងៃសប្ប័ទ។ 33 មេទ័ពប្រាប់ពួកដែលរត់ថា៖ «ល្មមហើយ! ចូរចេញមក! ធ្វើតាមរាជបញ្ជារបស់ស្ដេចទៅ! អ្នករាល់គ្នានឹងរួចជីវិត!»។ 34 តែពួកយូដាឆ្លើយថា៖ «ទេ! យើងមិនចេញទៅទេ! យើងក៏មិនធ្វើតាមរាជបញ្ជារបស់ស្ដេចដែរ ហើយយើងក៏មិនព្រមរំលោភវិន័យថ្ងៃសប្ប័ទដែរ!»។ 35 ភ្លាមនោះ ពលទាហានចូលវាយសម្រុកលើពួកគេ។ 36 ពួកគេមិនតបតមិនគប់ដុំថ្ម មិនបិទច្រកចូលទីជម្រករបស់គេឡើយ 37 ពួកគេពោលឡើងថា៖ «យើងសុខចិត្តស្លាប់ទាំងអស់គ្នាដោយសុចរិត! មេឃព្រមទាំងដីនឹងជួយធ្វើជាសាក្សីឲ្យយើងថា អ្នករាល់គ្នាសម្លាប់យើងយ៉ាងទុច្ចរិតបំផុត!»។ 38 ពលទាហានវាយសម្រុកនៅថ្ងៃសប្ប័ទ។ ពួកគេទាំងប្រពន្ធទាំងកូន ទាំងហ្វូងសត្វក៏ស្លាប់ដែរ។ គឺមានមនុស្សចំនួនមួយពាន់នាក់ស្លាប់នៅពេលនោះ។
39 ក្រោយពីលោកម៉ាថាធីយ៉ាស និងអ្នកនៅជាមួយបានទទួលដំណឹងនេះហើយ គេក៏នាំគ្នាយំសោកសង្រេងយ៉ាងក្រៀមក្រំ 40 រួចប្រាប់គ្នីគ្នាថា៖ «ប្រសិនបើយើងទាំងអស់ប្រព្រឹត្តដូចបងប្អូនយើង ដោយមិនវាយតបត ប្រឆាំងនឹងប្រជាជាតិទាំងឡាយ ដើម្បីការពារជីវិត និងធម្មវិន័យរបស់យើងទេនោះ មិនយូរប៉ុន្មាន ពួកខ្មាំងសត្រូវមុខជាប្រហារជីវិតយើងឲ្យផុតពូជមិនខាន»។ 41 នៅថ្ងៃនោះ ពួកគេសម្រេចថា៖ «ប្រសិនបើមានគេវាយសម្រុកលើយើងនៅថ្ងៃសប្ប័ទ យើងនឹងប្រយុទ្ធតទល់នឹងគេវិញ! ដូច្នេះ យើងមិនបាត់បង់ជីវិតទាំងអស់គ្នា ដូចបងប្អូនយើងនៅក្នុងជម្រកឡើយ»។
42 ពេលនោះ មានក្រុមអាស៊ីឌីមសុខចិត្តចូលមករួបរួមជាមួយពួកគេ។ អ្នកទាំងនោះមានឈ្មោះល្បីនៅស្រុកអ៊ីស្រាអែលថា មានសេចក្ដីក្លាហានអង់អាចស៊ូប្ដូរជីវិតដើម្បីធម្មវិន័យ។ 43 អស់អ្នកដែលមានបំណងរត់គេចពីការធ្វើទុក្ខបុកម្នេញ ក៏មកចុះចូលជាមួយពួកគេដែរ ធ្វើឲ្យចំនួន និងកម្លាំងរបស់ពួកគេកាន់តែខ្លាំងឡើងៗ។ 44 ពួកគេប្រមូលគ្នាជាកងទ័ព ហើយខឹងក្តៅក្រហាយ វាយជាមួយពួកអ្នកបាប និងពួកទមិឡឥតសាសនាវិញ។ ជនជាតិយូដាដែលនៅសេសសល់ រត់ភៀសខ្លួនទៅនៅក្នុងស្រុករបស់ប្រជាជាតិដទៃ។ 45 លោកម៉ាថាធីយ៉ាស និងអ្នកនៅជាមួយ ចេញទៅរំលំអាសនៈនៅគ្រប់ទីកន្លែង 46 គេធ្វើពិធីកាត់ស្បែកកូនក្មេងទាំងបង្ខំ គឺកូនក្មេងដែលពួកគេរកឃើញ ក្នុងទឹកដីអ៊ីស្រាអែលទាំងមូល។ 47 ពួកគេដេញកម្ចាត់ខ្មាំង ដែលធ្លាប់មានចិត្តព្រហើនកោងកាច ហើយទទួលបានជោគជ័យ។ 48 ពួកគេការពារធម្មវិន័យមិនឲ្យប្រជាជាតិ និងស្ដេចប្រជាជាតិទាំងនោះយាយីពួកគេ ហើយពួកគេមិនទុកឲ្យស្ដេចទមិឡមានជ័យជម្នះឡើយ។
លោកម៉ាថាធីយ៉ាសទទួលមរណភាព
49 ពេលលោកម៉ាថាធីយ៉ាសជិតលាចាកលោកនេះទៅ លោកមានប្រសាសន៍ទៅកាន់កូនៗរបស់គាត់ថា៖ «ឥឡូវនេះ មនុស្សព្រហើន និងអ្នកកោងកាច កំពុងតែសោយរាជ្យ។ ជំនាន់នេះគឺជាជំនាន់កើតចលាចលវឹកវរ និងជំនាន់ផ្ទុះកំហឹង។ 50 កូនអើយ! ចូរខំខ្នះខ្នែងស្រឡាញ់ធម្មវិន័យ ស៊ូប្ដូរជីវិតដើម្បីសម្ពន្ធមេត្រីរបស់ដូនតាយើង។ 51 ចូរនឹកគិតពីការអស្ចារ្យដែលបុព្វបុរសរបស់យើងបានប្រព្រឹត្តក្នុងជំនាន់របស់លោក។ កូនមុខជាទទួលសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុត និងមានឈ្មោះល្បីអស់កល្បជានិច្ចជាពុំខាន។ 52 លោកអប្រាហាំជឿយ៉ាងស្មោះត្រង់ នៅពេលព្រះជាម្ចាស់ល្បងលចិត្តរបស់លោក ហេតុនេះហើយ បានជាព្រះអង្គប្រោសលោកឲ្យសុចរិត។ 53 លោកយ៉ូសែបបានប្រព្រឹត្តតាមធម្មវិន័យនៅពេលលោកកើតទុក្ខវេទនា។ ដូច្នេះ លោកធ្វើជាម្ចាស់លើស្រុកអេស៊ីប។ 54 លោកពីណេហាស់ជាបុព្វបុរសរបស់យើង មានចិត្តស្រឡាញ់ធម្មវិន័យយ៉ាងខ្លាំងបំផុត។ ដូច្នេះ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា ពូជពង្សរបស់លោកនឹងទៅជាបូជាចារ្យរហូតតរៀងទៅ។ 55 លោកយ៉ូស៊ូអាទៅជាវីរបុរសក្នុងស្រុកអ៊ីស្រាអែល ព្រោះលោកបានបំពេញភារកិច្ចរបស់ខ្លួន។ 56 លោកកាឡែបទទួលដីមួយចំណែកទុកជាមត៌ក ព្រោះលោកផ្ដល់សក្ខីភាពយ៉ាងអង់អាចពិតប្រាកដ នៅចំពោះមុខសហគមន៍របស់ជនជាតិអ៊ីស្រាអែល។ 57 ព្រះជាម្ចាស់បានតែងតាំងព្រះបាទដាវីឌឲ្យសោយរាជ្យអស់កល្បជានិច្ច ព្រោះស្ដេចមានព្រះហឫទ័យស្មោះត្រង់ ចំពោះព្រះជាម្ចាស់។ 58 ព្រះជាម្ចាស់លើកលោកអេលីឡើងទៅស្ថានបរមសុខ ព្រោះលោកមានចិត្តស្រឡាញ់ធម្មវិន័យយ៉ាងខ្លាំង។ 59 ព្រះជាម្ចាស់ បានសង្គ្រោះយុវជនអណានីយ៉ា អសារីយ៉ា និងមីសាអែល ឲ្យរួចផុតពីភ្លើង ព្រោះពួកគេផ្ញើជីវិតលើព្រះជាម្ចាស់។ 60 ព្រះអង្គបានប្រោស លោកដានីអែលបានរួចពីមាត់សិង្ហ ព្រោះលោកមានចិត្តទៀងត្រង់។ 61 ចូររិះគិតពិចារណាមើលថា អស់អ្នកដែលជឿសង្ឃឹមលើព្រះជាម្ចាស់ នៅគ្រប់ជំនាន់រៀងមក មិនខកចិត្តឡើយ។ 62 កុំភ័យខ្លាចពីការគំរាមកំហែងរបស់ស្ដេចពាលនោះឲ្យសោះ ដ្បិតសិរីរុងរឿងរបស់ស្ដេចនឹងត្រូវរលួយ ហើយត្រូវដង្កូវស៊ីផង។ 63 នៅថ្ងៃនេះ ព្រះរាជាខ្ពស់មុខឡើង តែថ្ងៃស្អែកនឹងត្រូវវិនាសសាបសូន្យ ដ្បិតព្រះអង្គត្រឡប់ទៅកាន់ធូលីដីរបស់គេវិញ ហើយគម្រោងការរបស់ស្ដេច ក៏ត្រូវវិនាសសាបសូន្យដែរ។ 64 កូនអើយ! ចូរមានចិត្តអង់អាចក្លាហានឡើង! ចូរកាន់ធម្មវិន័យឲ្យបានមាំមួន ព្រោះមានតែធម្មវិន័យនេះទេ ដែលនឹងផ្ដល់សិរីរុងរឿងដល់កូនរាល់គ្នា។ 65 ចូរស្ដាប់ស៊ីម៉ូនជាបងរបស់កូន។ ពុកដឹងថា ស៊ីម៉ូនតែងតែផ្ដល់យោបល់ល្អៗ ចូរស្ដាប់បងជានិច្ចចុះ! គេនឹងទៅជាឪពុករបស់កូនៗ។ 66 យូដាម៉ាកាបាយដែលមានសេចក្ដីអង់អាចក្លាហានតាំងពីកុមារមក នឹងទៅជាមេទ័ពរបស់កូនៗ ហើយនាំទ័ពទៅធ្វើសង្គ្រាមជាមួយប្រជាជាតិនានា។ 67 រីឯកូនៗ ចូរប្រមូលអស់អ្នកដែលកាន់តាមធម្មវិន័យ ចូររកយុត្តិធម៌ឲ្យប្រជាជនរបស់កូន។ 68 ចូរតបស្នងនឹងអំពើអាក្រក់ចំពោះសាសន៍ដទៃ ស្របនឹងអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្តចំពោះកូន។ ចូរគោរពប្រណិប័តន៍តាមធម្មវិន័យជានិច្ច»។
69 បន្ទាប់មក លោកម៉ាថាធីយ៉ាសឲ្យពរកូនៗ រួចលោកបានទៅជួបជុំជាមួយដូនតារបស់លោក។ 70 លោកទទួលមរណភាពនៅឆ្នាំ មួយរយសែសិបប្រាំមួយ។ គេបញ្ចុះសពគាត់នៅក្នុងផ្នូរដូនតា នៅក្រុងម៉ូឌីន ហើយជនជាតិអ៊ីស្រាអែលទាំងអស់ នាំគ្នាធ្វើពិធីកាន់ទុក្ខយ៉ាងឱឡារិក។