ជំពូក ៩

លោក​យូដា​ទទួល​មរណ‌ភាព

1 ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ទទួល​ដំណឹង​ថា លោក​នីកា‌ន័រ​បាត់​បង់​ជីវិត​នៅ​លើ​សមរ‌ភូមិ ហើយ​កង‌ទ័ព​របស់​លោក ត្រូវ​ជន​ជាតិ​យូដា​វាយ​កម្ទេច​ដូច្នេះ ព្រះ‌អង្គ​ចាត់​លោក​បាកឃីដែស និង​លោក​អាល‌គីម ឲ្យ​ទៅ​វាយ​ស្រុក​យូដា​ម្ដង​ទៀត ដោយ​មាន​កង‌ទ័ព​ពិសេស​ទៅ​ជា​មួយ​ផង។ 2 លោក​ទាំង​ពីរ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កាលីឡេ ហើយ​ឡោម‌ព័ទ្ធ​ក្រុង​ម៉េសា‌ឡូត ដែល​នៅ​ក្នុង​ទឹក​ដី​ពួក​អបែល។ គេ​វាយ​ដណ្ដើម​យក​ក្រុង​នោះ​បាន ហើយ​កាប់​សម្លាប់​ប្រជាជន​មួយ​ចំនួន​ធំ។ 3 នៅ​ខែ​ទី​មួយ ឆ្នាំ១៥២ ពួក​គេ​បោះ​ទ័ព​នៅ​ទល់​មុខ​ក្រុង​យេរូ‌សាឡឹម។ 4 បន្ទាប់​មក ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​កាន់​ភូមិ​បេសែត ដោយ​នាំ​ទាំង​ពល‌ទាហាន​ថ្មើរ​ជើង​ពីរ‌ម៉ឺន​នាក់ និង​ពល‌សេះ​ពីរ‌ពាន់​នាក់​ផង។ 5 រីឯ​លោក​យូដា​បាន​បោះ​ជំរំ​នៅ​ភូមិ​អេឡា‌សា ដោយ​មាន​ពល‌ទាហាន​ពិសេស​ចំនួន​បី​ពាន់​នាក់​នៅ​ជា​មួយ។ 6 ពល‌ទាហាន​របស់​លោក​យូដា​ឃើញ​កង‌ទ័ព​សត្រូវ​មាន​គ្នា​ច្រើន​យ៉ាង​នេះ ពួក​គេ​ខ្លាច​ជា​ខ្លាំង ហើយ​រត់​ចោល​ជួរ​អស់​ជា​ច្រើន គឺ​នៅ​សល់​តែ​ប្រាំបី‌រយ​នាក់​ប៉ុណ្ណោះ។ 7 លោក​យូដា​ឃើញ​ថា ពេល​ប្រយុទ្ធ​ជិត​ចាប់​ផ្ដើម កង‌ទ័ព​របស់​លោក​រលួស​ដូច្នេះ លោក​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​លោក​គ្មាន​ពេល​នឹង​ប្រមូល​ទ័ព​របស់​លោក​ឡើង​វិញ​បាន។ 8 លោក​តប់​ប្រមល់ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពល‌ទ័ព ដែល​នៅ​សល់​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ខ្មាំង! យើង​ប្រហែល​អាច​វាយ​ឈ្នះ​ពួក​គេ»។ 9 រីឯ​ពល‌ទាហាន​មិន​យល់​ស្រប​តាម​លោក​ទេ ហើយ​និយាយ​ថា៖ «ឥឡូវ​នេះ យើង​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ក្រៅ​ពី​រត់​ឲ្យ​រួច​ជីវិត​សិន​ប៉ុណ្ណោះ! ចាំ​ពេល​ក្រោយ យើង​នឹង​ត្រឡប់​មក​វិញ​ជា​មួយ​បង‌ប្អូន​យើង ដើម្បី​ប្រយុទ្ធ​នឹង​ពួក​គេ​ទៀត! ព្រោះ​ពេល​នេះ យើង​មាន​គ្នា​តិច​ពេក!។ 10 លោក​យូដា​ឆ្លើយ​តប​ថា៖ «ទេ! ខ្ញុំ​មិន​រត់​ចោល​សមរ‌ភូមិ​ជា​ដាច់​ខាត ប្រសិន​បើ​ដល់​ពេល​យើង​ត្រូវ​ស្លាប់​នោះ យើង​ស្លាប់​ដោយ​មាន​ចិត្ត​ក្លា‌ហាន ដើម្បី​ប្រជាជន​យើង។ យើង​មិន​ត្រូវ​បង្អាប់​បង្ឱន​កិត្តិនាម​របស់​យើង​ទេ»។

11 កង‌ទ័ព​របស់​ខ្មាំង​ចេញ​ពី​ជំរំ​មក​រៀប​ចំ​មុខ​សញ្ញា​វាយ​ប្រហារ​លើ​ពួក​លោក​យូដា។ កង‌ទ័ព‌សេះ​បាន​បែង​ចែក​គ្នា​ជា​ពីរ​កង ពល‌ទ័ព​កាន់​ដង្ហក់ និង​ដើរ​នាំ​មុខ​កង‌ទ័ព។ ពួក​គេ​សុទ្ធ​តែ​ជា​ទាហាន​ក្លាហាន​បំផុត! 12 លោក​បាក​ឃីដែស​បញ្ជា​ខាង​ស្ដាំ។ កង‌ទ័ព​ថ្មើរ​ជើង​ចេញ​ទៅ​ជា​ពីរ​មុខ​ព្រួញ​តាម​សំឡេង​ត្រែ។ កង‌ទ័ព​របស់​លោក​យូដា​ក៏​ផ្លុំ​ត្រែ​ដែរ។ 13 ផែន​ដី​កក្រើក​រញ្ជួយ ដោយ​សារ​តែ​ស្នូរ​សន្ធឹក​នៃ​កង‌ទ័ព​ទាំង​ពីរ។ គេ​ច្បាំង​គ្នា​តាំង​ពី​ព្រលឹម​រហូត​ដល់​ល្ងាច។ 14 លោក​យូដា​ឃើញ​ថា លោក​បាកឃីដែស និង​កង‌ទ័ព​មួយ​ភាគ​ធំ​របស់​គេ​នៅ​ខាង​ស្ដាំ។ ពល‌ទាហាន​ដែល​មាន​ចិត្ត​អង់អាច​ក្លា‌ហាន​មក​រួម​នៅ​ជា​មួយ​លោក​យូដា។ 15 ពួក​គេ​បាន​វាយ​កម្ទេច​កង‌ទ័ព​ខាង​ស្ដាំ​របស់​ខ្មាំង ហើយ​ដេញ​តាម​រហូត​ដល់​ជើង​ភ្នំ​អសារ៉ា។ 16 ប៉ុន្តែ កង‌ទ័ព​ដែល​នៅ​ខាង​ឆ្វេង​ឃើញ​ថា កង‌ទ័ព​ខាង​ស្តាំ​របស់​គេ​ត្រូវ​បាក់​ទ័ព​ដូច្នេះ ពួក​គេ​ក៏​ព័ទ្ធ​ពី​ខាង​ក្រោយ ហើយ​វាយ​ប្រហារ​មក​លើ​លោក​យូដា​វិញ។ 17 គេ​ច្បាំង​គ្នា​យ៉ាង​ខ្លាំង​ក្លា​ជា​ទី​បំផុត ហើយ​បាត់​បង់​ជីវិត​ពល‌ទាហាន​ជា​ច្រើន​ទាំង​សង​ខាង។ 18 លោក​យូដា​ក៏​បាត់​បង់​ជីវិត​នៅ​ពេល​នោះ​ដែរ ហើយ​ពួក​ទាហាន​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន ក៏​បាក់​ទ័ព​អស់។ 19 លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន នាំ​គ្នា​យក​សាក​សព​របស់​លោក​យូដា​ជា​បង‌ប្អូន ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ដូន‌តា​លោក នៅ​ក្រុង​ម៉ូឌីន។ 20 ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​យំ​អាណិត​លោក​យូដា ហើយ​កាន់​ទុក​ជា​យូរ​ថ្ងៃ។ ពួក​គេ​និយាយ​ថា៖ 21 «ម្ដេច​ក៏​វីរ‌បុរស​សង្គ្រោះ​អ៊ីស្រា‌អែល​បាត់​បង់​ជីវិត​ដូច្នេះ?» 22 កិច្ច‌ការ​ឯទៀតៗ​ដែល​លោក​យូដា​បាន​ធ្វើ សង្គ្រាម និង​ការ​អស្ចារ្យ​ដ៏​ល្បី​ល្បាញ​របស់​លោក​មាន​ច្រើន​សន្ធឹក​សន្ធាប់ ដែល​ពុំ​អាច​សរសេរ​រៀប‌រាប់​អស់​ឡើយ។

លោក​យ៉ូណាថាន​បន្ត​មុខ​តំណែង​ពី​លោក​យូដា

23 បន្ទាប់​ពី​លោក​យូដា​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ ពួក​ជន‌ពាល​ក៏​លេច​មុខ​ទៀត​នៅ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​អស់​ជន​ទុច្ចរិត​ក៏​ងើប​មុខ​ដែរ។ 24 ពេល​នោះ មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង ប្រជាជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ក៏​សុខ​ចិត្ត​ចុះ​ចូល​ជា​មួយ​ពួក​គេ។ 25 លោក​បាកឃីដែស​បាន​ជ្រើស‌រើស​អ្នក​ខ្លះ​ក្នុង​ចំណោម​ជន‌ពាល​ទាំង​នោះ ឲ្យ​គ្រប់​គ្រង​ស្រុក។ 26 ពួក​គេ​ស្វែង​រក​ចាប់​បក្ស​ពួក​របស់​លោក​យូដា​មក​សួរ​ចម្លើយ រួច​នាំ​ទៅ​ជួប​លោក​បាកឃីដែស ដើម្បី​ធ្វើ​ទារុណ‌កម្ម និង​ចំអក​ដាក់​បក្ស​ពួក​របស់​លោក​យូដា​ទៀត​ផង។ 27 នៅ​សម័យ​នោះ គេ​ជិះ​ជាន់​សង្កត់​សង្កិន​ប្រជាជន​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង តាំង​ពី​ពេល​ដែល​លែង​មាន​ព្យាការី​មក គេ​មិន​ដែល​ជួប​ប្រទះ​ទាល់​តែ​សោះ។ 28 ពេល​នោះ មិត្ត​ភក្តិ​របស់​លោក​យូដា​ទាំង​ប៉ុន្មាន​ក៏​មក​ជួប​ជុំ​គ្នា ហើយ​និយាយ​ទៅ​កាន់​លោក​យ៉ូណាថាន​ថា៖ 29 «តាំង​ពី​ពេល​លោក​យូដា​ជា​បង​របស់​លោក​បាត់​បង់​ជីវិត​ទៅ គ្មាន​នរណា​ម្នាក់​ដូច​លោក​យូដា អាច​ដឹក​នាំ​ពួក​យើង​ក្នុង​ការ​ប្រឆាំង​នឹង​សត្រូវ​លោក​បាកឃីដែស និង​ជន​ក្បត់​ជាតិ​យើង​ដូច​គាត់​ឡើយ។ 30 ដូច្នេះ នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​សូម​ជ្រើស‌រើស​លោក ដើម្បី​បន្ត​តំណែង​ពី​លោក​យូដា គឺ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​យើង​ខ្ញុំ និង​ធ្វើ​ជា​មេ​បញ្ជា​ការ​យើង​ខ្ញុំ​ក្នុង​ការ​ប្រយុទ្ធ»។ 31 លោក​យ៉ូណាថាន​ទទួល​មុខងារ​ជា​មេ​ដឹក​នាំ ហើយ​បន្ត​តំណែង​ពី​លោក​យូដា​ជា​បង​របស់​លោក។

លោក​យ៉ូណាថាន​នៅ​វាល​រហោ‌ស្ថាន

32 កាល​លោក​បាកឃីដែស​ជ្រាប​ដំណឹង​នេះ លោក​ក៏​រក​មធ្យោ‌បាយ​សម្លាប់​លោក​យ៉ូណាថាន។ 33 មាន​គេ​ប្រាប់​លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ពី​គម្រោង‌ការ​នេះ។ ពួក​គេ​រត់​ភៀស​ខ្លួន​ទៅ​វាល​រហោ‌ស្ថាន​តេគូអា ហើយ​បោះ​ទី​តាំង​នៅ​ក្បែរ​អាង​ទឹក​នៅ​អស័រ។ 34 លោក​បាកឃីដែស​ទទួល​ដំណឹង​នេះ​នៅ​ថ្ងៃ​សប្ប័ទ។ លោក និង​កង‌ទ័ព​ទាំង​អស់​របស់​លោក នាំ​គ្នា​ឆ្លង​កាត់​ទន្លេ​យ័រដាន់។ 35 លោក​យ៉ូណាថាន​ចាត់​លោក​យ៉ូហាន ជា​បង​របស់​លោក ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អស់​អ្នក​ដែល​មិន​មែន​ជា​ទ័ព​ច្បាំង ឲ្យ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ជន​ជាតិ​ណាបាតេ ជា​មិត្ត ដើម្បី​ផ្ញើ​អីវ៉ាន់ និង​ស្បៀង​អាហារ​យ៉ាង​ច្រើន​របស់​ពួក​គេ នៅ​ក្នុង​ស្រុក​ណា‌បាតេ​ផង។ 36 ប៉ុន្តែ កូន​ចៅ​របស់​លោក​យ៉ាម​ប្រ៊ី នៅ​តំបន់​ម៉ាដា‌ប៉ា វាយ​ស្ទាក់​លោក​យ៉ូហាន​នៅ​តាម​ផ្លូវ ព្រម​ទាំង​ចាប់​រូប​លោក និង​រឹប​អូស​អីវ៉ាន់​ទាំង​អស់​យក​ទៅ។ 37 ក្រោយ​ពី​ហេតុ‌ការណ៍​នោះ​មក លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក ទទួល​ដំណឹង​ថា កូន​ចៅ​លោក​យ៉ាមប្រ៊ី​កំពុង​រៀបចំ​មង្គល​ការ​មួយ​យ៉ាង​អធិក‌អធម គឺ​ពួក​គេ​ដង្ហែ​កូន​ក្រមុំ​ពី​ក្រុង​ណាបាតេ​មក។ នាង​ជា​កូន​របស់​អភិ‌ជន​មួយ​រូប​នៅ​ស្រុក​កាណាន។ 38 លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន​នៅ​ចាំ​ច្បាស់​ថា គឺ​ពួក​គេ​នេះ​ហើយ​ដែល​បាន​សម្លាប់​លោក​យ៉ូហាន ជា​បង​របស់​លោក។ ពួក​គេ​ឡើង​ទៅ​ពួន​ក្នុង​គុហា 39 ឃើញ​មាន​មនុស្ស​ជា​ច្រើន​កំពុង​ហែ​មក​យ៉ាង​គគ្រឹក‌គគ្រេង និង​មាន​អីវ៉ាន់​ជា​ច្រើន​នាំ​មក​ជា​មួយ​ផង គឺ​មាន​កូន​កំលោះ ញាតិ​មិត្ត អ្នក​កំដរ​កំពុង ធ្វើ​ដំណើរ​ទៅ​ទទួល​កូន​ក្រមុំ ទាំង​មាន​គេ​វាយ​ស្គរ និង​ប្រគំ​ភ្លេង​យ៉ាង​ពីរោះ ព្រម​ទាំង​ប្រដាប់​អាវុធ​ផង។ 40 លោក​យ៉ូណាថាន និង​ពួក​លោក​ចេញ​ពី​កន្លែង​លាក់​ខ្លួន ស្ទុះ​ទៅ​វាយ​ប្រហារ​សត្រូវ សម្លាប់​ពួក​គេ​អស់​ជា​ច្រើន​នាក់។ រីឯ​អ្នក​ដែល​សេស​សល់​ពី​ស្លាប់​រត់​ទៅ​តំបន់​ភ្នំ។ ពួក​យូដា​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​គេ​ទាំង​អស់។ 41 ដូច្នេះ ពិធី​មង្គល​ការ​ត្រឡប់​ទៅ​ជា​ពិធី​កាន់​ទុក្ខ ហើយ​ភ្លេង​ការ​ក៏​ក្លាយ​ទៅ​ជា​បទ​ទំនួញ​ទួញ​សោក​សង្រេង​វិញ​ដែរ។ 42 លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន​ធ្វើ​ដូច្នេះ ដើម្បី​សង​សឹក​ពួក​គេ​ដែល​បាន​សម្លាប់​បង​របស់​ខ្លួន ហើយ​ត្រឡប់​មក​កាន់​មាត់​ទន្លេ​យ័រដាន់​វិញ។

ចម្បាំង​នៅ​មាត់​ទន្លេ​យ័រដាន់

43 ក្រោយ​ពី​បាន​ទទួល​ដំណឹង​ពី​រឿង​នេះ​ហើយ លោក​បាកឃីដែស ក៏​ចេញ​ដំណើរ​មក​កាន់​មាត់​ទន្លេ​យ័រដាន់​នៅ​ថ្ងៃ​សប្ប័ទ ទាំង​នាំ​កង‌ទ័ព​មួយ​ចំនួន​ធំ​មក​ជា​មួយ​ផង។ 44 លោក​យ៉ូណាថាន​មាន​ប្រសាសន៍​ទៅ​កាន់​កង‌ទ័ព​របស់​លោក​ថា៖ «ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ប្រយុទ្ធ ដើម្បី​អាយុ​ជីវិត​របស់​យើង។ យើង​មិន​ដែល​ជួប​ប្រទះ​នឹង​សភាព​ការណ៍​ដ៏​ធ្ងន់​ធ្ងរ​ដូច​ថ្ងៃ​នេះ​ទេ! 45 ខ្មាំង​នៅ​ពី​មុខ​យើង ទឹក​ទន្លេ​នៅ​ពី​ខាង​ក្រោយ មាន​ភក់ និង​ព្រៃ​យ៉ាង​ក្រាស់​គ្រប់​កន្លែង យើង​គ្មាន​ផ្លូវ​ថយ​ក្រោយ​ឡើយ។ 46 ដូច្នេះ ឥឡូវ​នេះ ចូរ​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះ‌អង្គ​ប្រោស​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!»។ 47 ការ​ប្រយុទ្ធ​ក៏​ចាប់​ផ្ដើម លោក​យ៉ូណាថាន​លើក​ដៃ​បម្រុង​នឹង​សម្លាប់​លោក​បាកឃីដែស តែ​លោក​បាកឃីដែស​គេច​ផុត​ទៅ​ខាង​ក្រោយ​កង‌ទ័ព​វិញ ហើយ​ក៏​រួច​ខ្លួន​ទៅ។ 48 លោក​យ៉ូណាថាន និង​កង‌ទ័ព​របស់​លោក លោត​ចូល​ក្នុង​ទន្លេ​យ័រដាន់ ហែល​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ ប៉ុន្តែ ខ្មាំង​មិន​បាន​ឆ្លង​ទន្លេ​យ័រដាន់​ដេញ​តាម​ពួក​គេ​ទេ។ 49 នៅ​ថ្ងៃ​នោះ ទ័ព​របស់​លោក​បាកឃីដែស​បាន​បាត់​បង់​ជីវិត អស់​ប្រហែល​មួយ​ពាន់​នាក់​នៅ​លើ​សមរ‌ភូមិ។

លោក​បាកឃីដែស​នៅ​ស្រុក​យូដា

50 លោក​បាកឃីដែស​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​សង់​កំពែង​ក្រុង​ជា​ច្រើន​នៅ​ស្រុក​យូដា។ លោក​សង់​កំពែង​ខ្ពស់ ព្រម​ទាំង​ទ្វារ និង​ធ្នឹម​ទៀត​ផង គឺ​កំពែង​ក្រុង​យេរីខូ អេម៉ាអ៊ូស បេតហូរ៉ូន បេតអែល តាម៉ាតា ផារ៉ាតូន តេផូន។ 51 លោក​បាកឃីដែស​ដាក់​ទ័ព​ក្នុង​ក្រុង​ទាំង​នោះ ដើម្បី​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រា‌អែល។ 52 លោក​សង់​កំពែង​ក្រុង​បេតសួរ ក្រុង​ហ្កាសារ៉ា និង​បន្ទាយ ក្រុង​យេរូ‌សាឡឹម។ លោក​ក៏​ដាក់​ទ័ព និង​ឃ្លាំង​ស្បៀង​អាហារ​ក្នុង​ក្រុង​នីមួយៗ។ 53 លោក​ចាប់​កូន​ប្រុស​របស់​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក ធ្វើ​ជា​ចំណាប់​ខ្មាំង ហើយ​ដាក់​គុក​កូន​ទាំង​នោះ​នៅ​ក្នុង​បន្ទាយ ក្រុង​យេរូ‌សាឡឹម។
54 នៅ​ខែ​ទី​ពីរ ឆ្នាំ​១៥៣ លោក​អាលគីម​បាន​បង្គាប់​ឲ្យ​គេ​រំលំ​ជញ្ជាំង​នៃ​ទីលាន​ខាង​ក្នុង​ព្រះ‌វិហារ គឺ​លោក​បំផ្លាញ​ស្នា‌ដៃ​ដែល​ព្យាការី​បាន​កសាង។ លោក​ឲ្យ​គេ​ចាប់​ផ្ដើម​រុះរើ​ជញ្ជាំង​នោះ ចោល។ 55 ពេល​នោះ លោក​អាលគីម​ឡើង​ឈាម ស្ពឹក​ដៃ​ជើង គេ​ក៏​ឈប់​រុះ​ជញ្ជាំង​នោះ​ទៅ។ លោក​មិន​អាច​បើក​មាត់​រួច សូម្បី​តែ​និយាយ​ស្តី​មួយ​ម៉ាត់​ក៏​មិន​បាន ហើយ​ផ្តែ​ផ្តាំ​អ្វី​ដល់​គ្រួសារ​មួយ​ម៉ាត់​ក៏​មិន​កើត​ដែរ។ 56 លោក​អាលគីម​ទទួល​មរណ‌ភាព​នៅ​ពេល​នោះ ទាំង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។ 57 កាល​លោក​បាកឃីដែស​ដឹង​ថា លោក​អាលគីម​ស្លាប់​ហើយ លោក​ក៏​ត្រឡប់​ទៅ​គាល់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​វិញ។ ស្រុក​យូដា​ក៏​បាន​សេចក្ដី​សុខ​សាន្ត​ត្រាណ​ក្នុង‌រយៈ​ពេល​ពីរ​ឆ្នាំ។

លោក​បាកឃីដែស​បរា‌ជ័យ

58 គ្រា​នោះ ជន‌ពាល​ទាំង​ប៉ុន្មាន​មក​ជួប​ជុំ​ពិភាក្សា​គ្នា ហើយ​ពោល​ថា៖ «សូម​គិត​មើល​លោក​យ៉ូណាថាន និង​បក្ស​ពួក​របស់​គេ​រស់​នៅ​ដោយ​សេចក្ដី​សុខ​សាន្ត ហើយ​គេ​គ្មាន​ប្រយ័ត្ន​ប្រយែង​អ្វី​ឡើយ!។ ឥឡូវ​នេះ យើង​សូម​អញ្ជើញ​លោក​បាកឃីដែស​មក។ លោក​មុខ​ជា​ចាប់​ពួក​គេ​ទាំង​អស់​តែ​មួយ​យប់​ប៉ុណ្ណោះ»។ 59 ពួក​ជន‌ពាល​ក៏​នាំ​គ្នា​ទៅ​ពិភាក្សា​ជា​មួយ​លោក​បាកឃីដែស។ 60 លោក​បាកឃីដែស​ចេញ​ដំណើរ​ភ្លាម ទាំង​នាំ​កង‌ទ័ព​យ៉ាង​ច្រើន​ទៅ​ជា​មួយ​ផង។ លោក​សរសេរ​លិខិត​ជា​សម្ងាត់​ទៅ​ឲ្យ​បក្ស​ពួក​របស់​លោក​នៅ​ស្រុក​យូដា សូម​ឲ្យ​ពួក​គេ​ចាប់​លោក​យ៉ូណាថាន និង​អស់​អ្នក​នៅ​ជា​មួយ​ផង។ ប៉ុន្តែ ពួក​គេ​មិន​អាច​សម្រេច​គម្រោង‌ការ​នេះ​ឡើយ ព្រោះ​ត្រូវ​បែក​ការណ៍។ 61 ផ្ទុយ​ទៅ​វិញ លោក​យ៉ូណាថាន ចាប់​ពួក​មេ​បង្កើត​គម្រោង‌ការ​នេះ​នៅ​ក្នុង​ស្រុក​ចំនួន​ហាសិប​នាក់ យក​ទៅ​សម្លាប់​ចោល។ 62 បន្ទាប់​មក លោក​យ៉ូណាថាន លោក​ស៊ីម៉ូន និង​បក្ស​ពួក​របស់​លោក ក៏​ភៀស​ខ្លួន​ទៅ​វាល​រហោ‌ស្ថាន​ត្រង់​ក្រុង​បេតបាស៊ី។ ពួក​គេ​ជួស​ជុល​ក្រុង​ដែល​បាក់​បែក​នោះ ហើយ​សង់​កំពែង​ក្រុង​នោះ​ផង។ 63 កាល​លោក​បាកឃីដែស​ជ្រាប​ដំណឹង​នេះ ក៏​ប្រមូល​កង‌ទ័ព​មក​ជួប​ជុំ​គ្នា និង​ប្រាប់​បក្ស​ពួក​របស់​គាត់​ដែល​នៅ​ស្រុក​យូដា​ឲ្យ​ត្រៀម​ខ្លួន។ 64 លោក​ក៏​បោះ​ទ័ព​នៅ​ទល់​មុខ​ក្រុង​បេតបាស៊ី​នេះ​អស់‌រយៈ​ពេល​ជា​យូរ​ថ្ងៃ ដោយ​ប្រើ​គ្រឿង​សឹក​ទៀត​ផង។ 65 លោក​យ៉ូណាថាន​ទុក​លោក​ស៊ីម៉ូន​ជា​បង​ឲ្យ​នៅ​ក្នុង​ក្រុង​នោះ រួច​លោក​នាំ​ពល‌ទាហាន​មួយ​ចំនួន​តូច ចេញ​ពី​ក្រុង​ទៅ​កាន់​ទី​វាល។ 66 លោក​វាយ​ឈ្នះ​លោក​អូដូ‌ម៉េរ៉ា និង​បង‌ប្អូន​គេ ព្រម​ទាំង​កូន​ចៅ​របស់​ផាស៊ីរ៉ូន​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ។ ពួក​នេះ​សុខ​ចិត្ត​ចូល​រួម​ជា​មួយ​លោក​យ៉ូណាថាន ហើយ​នាំ​គ្នា​វាយ​សម្រុក​លើ​កង‌ទ័ព​របស់​លោក​បាកឃីដែស។ 67 ពេល​នោះ លោក​ស៊ីម៉ូន និង​កង‌ទ័ព​របស់​លោក​ចេញ​ពី​ទីក្រុង​មក ហើយ​ដុត​បំផ្លាញ​គ្រឿង​សឹក​របស់​ខ្មាំង​ចោល។ 68 ពួក​គេ​វាយ​កម្ទេច​កង‌ទ័ព​របស់​លោក​បាកឃីដែស ហើយ​លោក​បាកឃីដែស​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​គម្រោង‌ការ​របស់​គាត់​ត្រូវ​បរា‌ជ័យ។ 69 លោក​ខឹង​នឹង​ជន​ជាតិ​យូដា​ដែល​បាន​ហៅ​លោក​ឲ្យ​មក​តំបន់​នោះ។ លោក​សម្លាប់​ពួក​គេ​ជា​ច្រើន រួច​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​ស្រុក​របស់​លោក​វិញ។ 70 កាល​លោក​យ៉ូណាថាន​ជ្រាប​ដំណឹង​នេះ គាត់​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​លោក​បាកឃីដែស ដើម្បី​ចរចា​រក​សន្តិ‌ភាព និង​ចរចា​អំពី​ឈ្លើយ ឲ្យ​ត្រឡប់​មក​ស្រុក​វិញ។ 71 លោក​បាកឃីដែស​យល់​ព្រម​តាម​សំណូម​ពរ​របស់​លោក​យ៉ូណាថាន ដោយ​ស្បថ​យ៉ាង​ម៉ឺង​ម៉ាត់​ថា លោក​មិន​រក​រឿង​ជា​មួយ​លោក​យ៉ូណាថាន​អស់​មួយ​ជីវិត។ 72 លោក​បាកឃីដែស​ប្រគល់​អស់​អ្នក ដែល​លោក​ចាប់​ជា​ឈ្លើយ​នៅ​ស្រុក​យូដា ឲ្យ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ហើយ​ឈប់​មក​ឈ្លាន​ពាន​ទឹក​ដី​យូដា​ទៀត។ 73 គ្រា​នោះ ស្រុក​អ៊ីស្រា‌អែល​លែង​មាន​សង្គ្រាម​ទៀត​ហើយ។ លោក​យ៉ូណាថាន​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​ម៉ាខម៉ា។ លោក​គ្រប់​គ្រង​ប្រជាជន ហើយ​លុប​បំបាត់​ជន‌ពាល​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល។