ជំពូក ១៤

ការ​សរសើរ​របស់​លោក​ស៊ីម៉ូន

1 នៅ​ឆ្នាំ ១៧២ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ប្រមូល​កង‌ទ័ព ហើយ​យាង​ចេញ​ទៅ​ស្រុក​ម៉ែដ ដើម្បី​ស្វែង​រក​ជំនួយ​សម្រាប់​ធ្វើ​សង្រ្គាម​នឹង​លោក​ទ្រីផូន។ 2 ប៉ុន្តែ ព្រះ‌បាទ​អរសាស​ជា​ស្ដេច​ស្រុក​ពែរ្ស និង​ស្រុក​ម៉ែដ ទទួល​ដំណឹង​ថា ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​យាង​ចូល​ក្នុង​ដែន​ដី​របស់​ខ្លួន​ដូច្នេះ ក៏​ចាត់​មេ​ទ័ព​ម្នាក់​ដើម្បី​ទៅ​ចាប់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស យក​មក​ទាំង​រស់។ 3 មេ​ទ័ព​នោះ​ចេញ​ទៅ​វាយ​ឈ្នះ​កង‌ទ័ព​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ចាប់​ស្ដេច​បាន​ទាំង​រស់ ហើយ​នាំ​ទៅ​ថ្វាយ​ព្រះ‌បាទ​អរសាស។ ព្រះ‌បាទ​អរសាស យក​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ទៅ​ដាក់​ក្នុង​គុក។
4 ស្រុក​យូដា​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត ក្នុង​រជ្ជកាល​របស់​លោក​ស៊ីម៉ូន។ លោក​ស្វះ​ស្វែង​រក​ប្រយោជន៍​ដើម្បី​ជាតិ។ ប្រជាជន​យូដា​គោរព​អំណាច​លោក ហើយ​ភាព​រុង‌រឿង​របស់​លោក​កាន់​តែ​ប្រសើរ​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ 5 លោក​បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​លោក​កាន់​តែ​ល្បី​ល្បាញ ដោយ​ដណ្ដើម​យក​បាន​ក្រុង​យ៉ូប៉េ។ លោក​យក​ក្រុង​នេះ​ធ្វើ​ជា​កំពង់​ផែ​សម្រាប់​ស្រុក​យូដា ព្រម​ទាំង​បើក​ផ្លូវ​ទាក់​ទង​នឹង​កោះ​ទាំង‌ឡាយ។ 6 លោក​វាត​ព្រំដែន​ស្រុក​របស់​លោក ហើយ​គ្រប់​គ្រង​ស្រុក​យូដា​យ៉ាង​ម៉ឺង​ម៉ាត់។ 7 លោក​ប្រមូល​ជន​ជាតិ​យ៉ូដា​ជា​ច្រើន​ដែល​ជាប់​ជា​ឈ្លើយ នាំ​ត្រឡប់​មក​វិញ។ លោក​វាយ​ដណ្ដើម​យក​ក្រុង​កាសារ៉ា ក្រុង​បេតសួរ និង​បន្ទាយ​ក្រុង​យេរូ‌សាឡឹម ហើយ​លុប​បំបាត់​អ្វីៗ​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​ក្រុង​ទាំង​បី​នោះ​មាន​ភាព​សៅ​ហ្មង។ គ្មាន​នរណា​ម្នាក់​អាច​ត​ទល់​ប្រឆាំង​នឹង​លោក​ឡើយ។ 8 ប្រជាជន​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​ដោយ​សុខ​សាន្ត ដី​ផ្តល់​ភោគ​ផល ដំណាំ​ដាំ​ដុះ​ក៏​ផ្តល់​ផ្លែ​ផ្កា​គួរ​ឲ្យ​ពេញ​ចិត្ត។ 9 ចាស់ៗ​អង្គុយ​នៅ​តាម​ទី​សាធារណៈ ពោល​តែ​អំពី​ភាព​ចម្រុង​ចម្រើន។ ពួក​យុវជន​ស្លៀក​សម្លៀក​បំពាក់​ល្អ​ប្រណីត និង​ប្រដាប់​គ្រឿង​សាស្រ្តា​វុធ​យ៉ាង​អង់​អាច។ 10 លោក​ស៊ីម៉ូន​ផ្គត់​ផ្គង់ ស្បៀង​អាហារ​ដល់​ក្រុង​នានា និង​សង់​កំពែង​សម្រាប់​ការ‌ពារ​ក្រុង​ទាំង​នោះ។ ដូច្នេះ​កិត្តិ‌ស័ព្ទ​ដ៏​រុង‌រឿង​របស់​លោក​ល្បី​សុស​សាយ​គ្រប់​ទិស​ទី រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន​ដី។ 11 លោក​ធ្វើ​ឲ្យ​ស្រុក​មាន​សន្តិ‌ភាព ហើយ​ប្រជាជន​អ៊ីស្រា‌អែល​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ 12 ម្នាក់ៗ​អង្គុយ​ក្រោម​ម្លប់​ដើម​ទំពាំង​បាយ​ជូរ ឬ​ក្រោម​ម្លប់​ដើម​ស្វាយ​របស់​ខ្លួន ដោយ​គ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ឡើយ។ 13 ស្ដេច​ទាំង‌ឡាយ​ត្រូវ​បរា‌ជ័យ​នៅ​សម័យ​នោះ។ 14 លោក​ជួយ​អ្នក​តូច​តាច​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក។ លោក​កាន់​តាម​វិន័យ ហើយ​បំបាត់​ជន‌ពាល និង​មនុស្ស​អាក្រក់​ទាំង​អស់​ចោល។ 15 លោក​ធ្វើ​ឲ្យ​ព្រះ‌វិហារ​ទទួល​សិរី​រុង‌រឿង ហើយ​ថ្វាយ​គ្រឿង​សក្ការៈ​ជា​ច្រើន​ចំពោះ​ព្រះ‌ដំណាក់​ផង។

អ្នក​នាំ​ក្រុង​ស្ប៉ាត​ផ្ញើ​លិខិត​ជូន​លោក​ស៊ីម៉ូន

16 នៅ​ក្រុង​រ៉ូម​ក៏​ដូច​ជា​នៅ​ក្រុង​ស្ប៉ាត​ដែរ គេ​ទទួល​ដំណឹង​ថា លោក​យ៉ូណាថាន​ទទួល​មរណ​ភាព ពួក​គេ​សោក​ស្តាយ​យ៉ាង​ខ្លាំង។ 17 ប៉ុន្តែ កាល​ពួក​គេ​ដឹង​ថា លោក​ស៊ីម៉ូន​ឡើង​ជា​មហា​បូជា‌ចារ្យ ជំនួស​ប្អូន ហើយ​គ្រប់​គ្រង​ស្រុក និង​ក្រុង​ទាំង​ប៉ុន្មាន 18 គេ​ចារឹក​សា​ជា​ថ្មី​នូវ​សន្ធិ​សញ្ញា ស្តី​អំពី​មិត្ត‌ភាព និង​សម្ពន្ធ‌មិត្ត​នៅ​លើ​បន្ទះ​សង្ហិន ដូច​គេ​បាន​ចង​ពី​មុន​ជា​មួយ​លោក​យូដា និង​លោក​យ៉ូណាថាន​ជា​ប្អូន​របស់​លោក​ដែរ។ 19 គេ​យក​បន្ទះ​នេះ​មក​អាន​ជូន​អង្គ​ប្រជុំ​នៃ​ប្រជាជន​ក្រុង​យេរូ‌សាឡឹម​ស្តាប់។ 20 លិខិត​ដែល​ប្រជាជន​ក្រុង​ស្ប៉ាត​សរសេរ​ផ្ញើ​មក មាន​សេចក្ដី​ដូច​ត​ទៅ៖ «អ្នក​មុខ​អ្នក​ការ​ក្រុង​ស្ប៉ាត​សូម​ជម្រាប​មក​លោក​ស៊ីម៉ូន ជា​មហា​បូជា‌ចារ្យ អស់​លោក​ព្រឹទ្ធា‌ចារ្យ អស់​លោក​បូជា‌ចារ្យ និង​ប្រជាជន​យូដា​ទាំង​អស់​សូម​ជ្រាប។ 21 ទូត​ដែល​អស់​លោក​បាន​ចាត់​ឲ្យ​មក​ជួប​ប្រជាជន​របស់​យើង​ខ្ញុំ បាន​រៀប​រាប់​ប្រាប់​យើង​ខ្ញុំ​អំពី​ភាព​រុង‌រឿង កិត្តិ‌នាម​របស់​អស់​លោក។ យើង​សូម​ស្វាគមន៍​យ៉ាង​រីក​រាយ ចំពោះ​កិច្ច‌ការ​របស់​ទូត​ទាំង​នោះ។ 22 យើង​ខ្ញុំ​បាន​កត់​ត្រា​សេចក្ដី​ប្រកាស​របស់​ទូត​ទាំង​នោះ​ចំពោះ​យើង​ខ្ញុំ ទុក​ជា​ឯក​សារ​ក្នុង​សៀវភៅ​នៃ​សេចក្ដី​សម្រេច​របស់​ប្រជាជន ដូច​ត​ទៅ៖ លោក​នូមេ‌នីយ៉ូស ជា​កូន​លោក​អន់ទី‌យ៉ូគូស ហើយ​លោក​អន់ទី‌ប៉ាទែរ ជា​កូន​លោក​យ៉ាសូន ជា​ទូត​របស់​ប្រជាជន​យូដា អញ្ជើញ​មក​ស្រុក​យើង​ខ្ញុំ ដើម្បី​រឹត​ចំណង​មិត្ត‌ភាព​ជា​មួយ​យើង​ខ្ញុំ​សា​ជា​ថ្មី។ 23 ប្រជាជន​ពេញ​ចិត្ត​ទទួល​ទូត​ទាំង​នោះ​យ៉ាង​ឱឡា‌រិក ហើយ​យក​លិខិត​នៃ​សេចក្ដី​ប្រកាស ទៅ​តម្កល់​ទុក​ជា​ឯក​សារ​សាធារណៈ ដើម្បី​ឲ្យ​ប្រជាជន​ក្រុង​ស្ប៉ាត​ចង​ចាំ»។ លិខិត​ចម្លង​នៃ​ឯកសារ​នេះ​បាន​ផ្ញើ​ជូន​លោក​ស៊ីម៉ូន ជា​មហា​បូជា‌ចារ្យ។ 24 បន្ទាប់​មក លោក​ស៊ីម៉ូន​ចាត់​លោក​នូមេ‌នីយ៉ូស​ទៅ​ក្រុង​រ៉ូម ទាំង​នាំ​យក​ខែល​មាស​ដែល​មាន​តម្លៃ​ស្មើ​ប្រាក់​ប្រាំ‌រយ​គីឡូ‌ក្រាម ជា​អំណោយ ដើម្បី​រឹត​ចំណង​សម្ពន្ធ‌មិត្ត​ជា​មួយ​ជន​ជាតិ​រ៉ូម​សា​ជា​ថ្មី។

ក្រឹត្យ​របស់​រដ្ឋ​សភា​ស្តី​អំពី​លោក​ស៊ីម៉ូន​ជា​បូជា‌ចារ្យ

25 ក្រោយ​ពី​ជ្រាប ព្រឹត្តិ‌ការណ៍​ទាំង​នេះ​មក ប្រជាជន​សួរ​គ្នា​ថា៖ «តើ​យើង​មាន​អ្វី​នឹង​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ស៊ីម៉ូន និង​កូន​របស់​លោក 26 ដ្បិត​រូប​លោក ទាំង​ប្អូន​របស់​លោក និង​ក្រុម​គ្រួសារ​លោក សុទ្ធ​តែ​តស៊ូ​យ៉ាង​អង់​អាច​ក្លាហាន។ លោក​កាន់​អាវុធ​បណ្តេញ​ខ្មាំង​សត្រូវ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​អស់ ហើយ​នាំ​ប្រជាជន​ឲ្យ​មាន​សេរី‌ភាព​ដែរ»។ ដូច្នេះ ពួក​គេ​ចារឹក​សេចក្ដី​លើ​បន្ទះ​លង្ហិន ជាប់​នឹង​ស្តូប​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។ 27 សេចក្ដី​ចារឹក​នោះ​មាន​ដូច​ត​ទៅ៖ នៅ​ថ្ងៃ​ទី ១៨ ខែ​ភទ្របទ ត្រូវ​នឹង​ខែ​អេលូស ឆ្នាំ ១៧២ គឺ​នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ​កាល​របស់​លោក​ស៊ីម៉ូន​ជា​មហា​បូ​ជា‌ចារ្យ 28 មាន​បើក​អង្គ​ប្រជុំ​មួយ​យ៉ាង​ធំ គឺ​មាន​អស់​លោក​បូជា‌ចារ្យ ប្រជាជន អស់​លោក​មេ​ដឹកនាំ និង​អស់​លោក​ព្រឹទ្ធា‌ចារ្យ​ក្នុង​ស្រុក​ចូល​រួម​ផង។ នៅ​ពេល​នោះ គេ​ប្រាប់​យើង​ខ្ញុំ​ថា 29 ពេល​មាន សង្គ្រាម​ជា​ញឹក​ញាប់​ក្នុង​ស្រុក លោក​ស៊ីម៉ូន ជា​កូន​របស់​លោក​ម៉ាថា‌ធីយ៉ា ជា​ពូជ‌ពង្ស​របស់​កូន​ចៅ​លោក​យ៉ូអារីប និង​បង‌ប្អូន​របស់​លោក ស៊ូ​ប្តូរ​ជីវិត​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ​របស់​ជាតិ​ខ្លួន ដើម្បី​ការ‌ពារ​ព្រះ‌វិហារ និង​ធម្ម‌វិន័យ។ អស់​លោក​នាំ​យក​សិរី​ជោគ‌ជ័យ​ដ៏​រុង‌រឿង​ជូន​ជាតិ​របស់​ខ្លួន។ 30 លោក​យ៉ូណាថាន​បាន​បង្រួប​បង្រួម​ជាតិ​របស់​លោក ហើយ​ធ្វើ​ជា​មហា​បូជា‌ចារ្យ រួច​លា​ចាក​លោក​នេះ​ទៅ។ 31 សត្រូវ​របស់​ជន​ជាតិ​យូដា​មាន​បំណង​ឈ្លាន​ពាន និង​បំផ្លាញ​ទឹក​ដី​របស់​អស់​លោក ព្រម​ទាំង​ដណ្ដើម​យក​ព្រះ‌វិហារ​របស់​អស់​លោក​ផង។ 32 ពេល​នោះ​លោក​ស៊ីម៉ូន​ងើប​ឡើង ហើយ​វាយ​ប្រយុទ្ធ​ដើម្បី​ជាតិ​របស់​លោក។ លោក​ចំណាយ​ទ្រព្យ‌សម្បត្តិ​ផ្ទាល់​របស់​លោក​យ៉ាង​ច្រើន សម្រាប់​ទិញ​អាវុធ និង​ចែក​បៀរវត្ស​ដល់​ពល‌ទាហាន​នៃ​កង‌ទ័ព​ជាតិ​ទៀត​ផង។ 33 លោក​សង់​កំពែង​ការ‌ពារ​ក្រុង​នានា​នៅ​ស្រុក​យូដា ជា​ពិសេស ក្រុង​បេតសួរ​ដែល​ស្ថិត​នៅ​តាម​ព្រំ​ដែន និង​ឃ្លាំង​អាវុធ​របស់​ខ្មាំង​សត្រូវ​កាល​ពី​មុន​នោះ។ លោក​ដាក់​កង‌ទ័ព​យូដា​ក្នុង​ក្រុង​នោះ​ដែរ។ 34 លោក​សង់​កំពែង​ក្រុង​យ៉ូប៉េ​ដែល​ស្ថិត​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​ក្រុង​កាសារ៉ា ដែល​ស្ថិត​នៅ​ក្បែរ​ក្រុង​អាសូត ជា​ក្រុង​ដែល​ខ្មាំង​សត្រូវ​កាន់​កាប់​កាល​ពី​ដើម។ លោក​ឲ្យ​ប្រជាជន​យូដា​តាំង​ទី​លំ​នៅ​ក្នុង​ក្រុង ហើយ​ទុក​ស្បៀង​គ្រប់​បែប​យ៉ាង ដែល​ប្រជាជន​ត្រូវ​ការ។ 35 ប្រជាជន​ឃើញ​ភាព​ស្មោះ‌ត្រង់​របស់​លោក​ស៊ីម៉ូន និង​ភាព​រុង‌រឿង​ដែល​លោក​បាន​ផ្តល់​ជូន​ជាតិ​របស់​លោក។ គេ​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ និង​ជា​មហា​បូជា‌ចារ្យ ដើម្បី​តប​ស្នង​គុណ​ចំពោះ​កិច្ច‌ការ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ប្រព្រឹត្ត​ដោយ​ត្រឹម​ត្រូវ សុចរិត និង​ស្មោះ‌ត្រង់​ចំពោះ​ជាតិ និង​ប្រយោជន៍​ប្រជាជន​លោក។ 36 ពេល​លោក​ស៊ីម៉ូន​គ្រប់​គ្រង​ស្រុក​លោក បណ្តេញ​សាសន៍​ដទៃ​ចេញ​ពី​ទឹក​ដី និង​បុរី​របស់​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​យេរូ‌សាឡឹម។ សាសន៍​ដទៃ​ទាំង​នោះ​បាន​យក​បុរី​នោះ​ធ្វើ​ជា​បន្ទាយ ហើយ​ធ្លាប់​ចេញ​ពី​បន្ទាយ​នេះ ដើម្បី​ធ្វើ​ឲ្យ​ទី​លាន​ព្រះ‌វិហារ​មាន​សៅ​ហ្មង និង​បង្អាប់​បង្ឱន​ភាព​ដ៏‌វិសុទ្ធ​នៃ​ទី​នោះ​ផង។ 37 លោក​តែង​ដាក់​កង‌ទ័ព​យូដា​នៅ​ទី​នោះ ព្រម​ទាំង​ពង្រឹង​បន្ទាយ​នេះ​ឡើង ដើម្បី​ការ‌ពារ​សន្តិ​សុខ​ក្នុង​ស្រុក និង​ក្រុង​ផង។ លោក​សង់​កំពែង​ក្រុង​យេរូ‌សាឡឹម​ឲ្យ​ខ្ពស់​ជាង​ពី​មុន​ទៅ​ទៀត។
38 ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ទត​ឃើញ​ដូច្នេះ ក៏​បញ្ជាក់​ថា លោក​ស៊ីម៉ូន​បំពេញ​មុខ​ងារ​ជា​មហា​បូជា‌ចារ្យ 39 ហើយ​ព្រះ‌អង្គ​តែង​តាំង​លោក​ស៊ីម៉ូន ជា​សម្លាញ់​របស់​ស្ដេច ព្រម​ទាំង​ប្រទាន​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​ឲ្យ​លោក​ផង។ 40 ព្រះ‌រាជា​ធ្វើ​ដូច្នេះ ព្រោះ​ព្រះ‌អង្គ​ជ្រាប​ថា ជន​ជាតិ​រ៉ូម៉ាំង​ធ្លាប់​ចាត់​ទុក​ជន​ជាតិ​យូដា ជា​មិត្ត​សម្លាញ់ ជា​សម្ពន្ធ‌មិត្ត និង​ជា​បង‌ប្អូន​របស់​ពួក​គេ ហើយ​ពួក​គេ​បាន​ទទួល​ទូត​របស់​លោក​ស៊ីម៉ូន​យ៉ាង​ឱឡា‌រិក​ក្រៃ​លែង។ 41 ស្ដេច​ជ្រាប​ថា ជន​ជាតិ​យូដា និង​អស់​លោក​បូជា‌ចារ្យ​សម្រេច​ចិត្ត តែង​តាំង​លោក​ស៊ីម៉ូន ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​មហា​បូជា‌ចារ្យ​រហូត​ត​រៀង​ទៅ គឺ​រហូត​ដល់​មាន​ព្យាការី​ដ៏​ស្មោះ‌ត្រង់​ម្នាក់​ងើប​ឡើង។ 42 ពួក​គេ​ក៏​តែង​តាំង​លោក​ជា​មេ​បញ្ជា​ការ​នៃ​កង‌ទ័ព​ទាំង​មូល និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ព្រះ‌វិហារ មាន​បន្ទុក​តែង​តាំង​មេ​ការ មន្ត្រី​រាជ​ការ​ក្នុង​ស្រុក ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​គ្រឿង​សាស្ត្រា​វុធ និង​បន្ទាយ​ទាំង‌ឡាយ។ លោក​ស៊ីម៉ូន​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​គ្រប់​កិច្ច‌ការ​ក្នុង​ព្រះ‌វិហារ។ 43 ប្រជាជន​ត្រូវ​តែ​ធ្វើ​តាម​បង្គាប់​លោក ឯក​សារ​ជា​ផ្លូវ​ការ​ក្នុង​ស្រុក​ទាំង​អស់ ត្រូវ​សរសេរ​ក្នុង​នាម​របស់​លោក។ លោក​មាន​សិទ្ធិ​ពាក់​អាវ​ពណ៌​ស្វាយ​របស់​ស្ដេច និង​ពាក់​ក្លាស់​មាស​ផង។ 44 គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ប្រជាជន ឬ​ក្នុង​ចំណោម​បូជា‌ចារ្យ​មាន​សិទ្ធិ​បដិសេធ​សេចក្ដី​សម្រេច​ណា​មួយ ឬ​ប្រឆាំង​នឹង​បញ្ជា​របស់​លោក ឬ​កោះ​ប្រជុំ​គ្នា ឬ​មាន​សិទ្ធិ​ពាក់​អាវ​ពណ៌​ស្វាយ​របស់​ស្ដេច និង​ពាក់​ក្លាស់​មាស​ឡើយ។ 45 នរណា​ម្នាក់​បដិសេធ​សេចក្ដី​សម្រេច​ណា​មួយ ត្រូវ​ទទួល​ទោស។ 46 ប្រជាជន​ទាំង​អស់​មូល​មតិ និង​ផ្តល់​សិទ្ធិ​ទាំង​នេះ​ឲ្យ​លោក​ស៊ីម៉ូន។ 47 លោក​ស៊ីម៉ូន​ក៏​យល់​ព្រម​ទទួល ហើយ​សុខ​ចិត្ត​បំពេញ​មុខ​ងារ​ជា​មហា​បូជា‌ចារ្យ ជា​មេ​បញ្ជា​ការ ព្រម​ទាំង​ជា​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា និង​បូជា‌ចារ្យ គឺ​ដឹក​នាំ​មនុស្ស​ទាំង​អស់»។
48 ប្រជាជន​សម្រេច​ថា ត្រូវ​ចារ​សេចក្ដី​នេះ​នៅ​លើ​បន្ទះ​លង្ហិន យក​ទៅ​តម្កល់​ទុក​ក្នុង​បរិវេណ​ព្រះ‌វិហារ ត្រង់​កន្លែង​ដែល​គេ​អាច​ឃើញ​ច្បាស់ 49 ហើយ​ចម្លង​សេចក្ដី​នេះ​យក​ទៅ​ដាក់​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ ដើម្បី​ឲ្យ​លោក​ស៊ីម៉ូន និង​កូន​ចៅ​របស់​លោក អាច​មើល​ឃើញ​ផង។