ជំពូក ១២
លោកយ៉ូណាថានចងសម្ពន្ធមិត្តជាមួយជនជាតិរ៉ូម៉ាំងសាជាថ្មី
1 លោកយ៉ូណាថានឃើញថាសភាពការណ៍ដំណើរការល្អសម្រាប់គាត់ គាត់ក៏ជ្រើសរើសទូតចាត់ឲ្យទៅក្រុងរ៉ូម ដើម្បីចងសម្ពន្ធមិត្តជាមួយជនជាតិរ៉ូម៉ាំងជាថ្មី។ 2 លោកសរសេរលិខិតដែលមានសេចក្ដីដូចគ្នា ផ្ញើជូនក្រុងស្ប៉ាត និងក្រុងផ្សេងៗទៀតដែរ។ 3 ទូតទាំងនោះចេញដំណើរទៅកាន់ក្រុងរ៉ូម ហើយបានការអនុញ្ញាតឲ្យចូលក្នុងព្រឹទ្ធសភាក្រុងនោះ។ ពួកគេមានប្រសាសន៍ថា៖ «លោកមហាបូជាចារ្យយ៉ូណាថាន និងជនជាតិយូដា ចាត់យើងខ្ញុំឲ្យមក ដើម្បីរឹតចំណងមិត្តភាព និងចងសម្ពន្ធមិត្តជាមួយជនជាតិរ៉ូម៉ាំងសាជាថ្មី ដូចកាលពីមុនៗមក»។ 4 ព្រឹទ្ធសភាចេញលិខិតអនុញ្ញាតច្បាប់ចំពោះទូតទាំងនោះ ដើម្បីឲ្យអ្នកកាន់អំណាចក្នុងស្រុកនីមួយៗជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ពួកគេ វិលត្រឡប់ទៅស្រុកយូដាវិញ ដោយសុវត្ថិភាព។
5 នេះជាសេចក្ដីក្នុងលិខិតដែលលោកយ៉ូណាថានសរសេរផ្ញើអ្នកក្រុងស្ប៉ាត៖ 6 «យើង យ៉ូណាថានជាមហាបូជាចារ្យ ព្រឹទ្ធសភាជាតិ និងអស់លោកបូជាចារ្យ ព្រមទាំងប្រជាជនយូដាទាំងមូល ជម្រាបមកអ្នកក្រុងស្បាតជាបងប្អូន។ 7 កាលពីដើម ព្រះបាទអារីយ៉ូស ដែលគ្រងរាជ្យនៅប្រទេសរបស់បងប្អូន បានសរសេររាជសារផ្ញើទៅលោកមហាបូជាចារ្យអ៊ូនីយ៉ាបញ្ជាក់ថា ប្រជាជនរបស់យើងទាំងពីរជាបងប្អូន ដូចលិខិតភ្ជាប់មកជាមួយនេះជាភស្តុតាងស្រាប់។ 8 លោកអូនីយ៉ាទទួលរាជទូតយ៉ាងអធិកអធម ហើយទទួលរាជសារដែលបញ្ជាក់ច្បាស់អំពីសម្ពន្ធមិត្ត និងចំណងមិត្តភាពរវាងគ្នាទៅវិញទៅមក។ 9 ចំពោះយើងខ្ញុំ ទោះបីមិនត្រូវការសេចក្ដីទាំងនោះក្ដី ក៏ព្រះគម្ពីរដែលយើងកាន់ តែងតែសម្រាលទុក្ខយើងខ្ញុំ។ 10 យើងខ្ញុំក៏សម្រេចចិត្ត ចាត់ទូតឲ្យមកជួបអស់លោក ដើម្បីរឹតចំណងសម្ពន្ធមិត្ត និងមិត្តភាពសាជាថ្មី ក្រែងលោយើងខ្ញុំត្រឡប់ទៅជាជនបរទេសសម្រាប់អស់លោក ព្រោះអស់លោកបានចាត់រាជប្រតិភូ ឲ្យទៅជួបយើងខ្ញុំជាយូរឆ្នាំមកហើយ។ 11 យើងខ្ញុំតែងតែនឹករលឹកដល់អស់លោកជានិច្ច ក្នុងគ្រប់ពិធីបុណ្យ និងនៅថ្ងៃបុណ្យនានា ក្នុងពេលថ្វាយយញ្ញបូជា និងក្នុងពេលអង្វរព្រះជាម្ចាស់។ នេះជាការសមរម្យណាស់ចំពោះយើងជាបងប្អូន។ 12 យើងខ្ញុំមានអំណរចំពោះភាពរុងរឿងថ្កុំថ្កើងរបស់អស់លោក។ 13 រីឯយើងខ្ញុំ យើងខ្ញុំរងទុក្ខលំបាកជាច្រើន ហើយសត្រូវមកច្បាំងនឹងយើងខ្ញុំជាច្រើនលើក ស្ដេចស្រុកជិតខាងក៏បានមកវាយប្រហារយើងខ្ញុំដែរ។ 14 ប៉ុន្តែ យើងខ្ញុំមិនចង់រំខានអស់លោកសម្ពន្ធមិត្ត និងមិត្តឯទៀតៗ អំពីសង្គ្រាមទាំងនោះទេ។ 15 មានតែព្រះអម្ចាស់ទេដែលសង្គ្រោះយើងខ្ញុំ ព្រះអង្គបានរំដោះយើងខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ហើយពួកខ្មាំងត្រូវទទួលការអាម៉ាស់វិញ។ 16 ហេតុនេះ យើងខ្ញុំជ្រើសរើសលោកនូមេនីយ៉ូស ជាកូនរបស់លោកអន់ទីយ៉ូគូស និងលោកអន់ទីប៉ាទែរ ជាកូនរបស់លោកយ៉ាសូន រួចចាត់ពួកគេឲ្យមកជួបជនជាតិរ៉ូម៉ាំង ដើម្បីចងចំណងមិត្តភាព និងចងសម្ពន្ធមិត្តដូចកាលពីមុនដែរ។ 17 យើងខ្ញុំបញ្ជាពួកគេឲ្យធ្វើដំណើរទៅជួប និងសួរសុខទុក្ខអស់លោក ព្រមទាំងយកលិខិតស្តីពីការចងសម្ពន្ធមិត្តជាមួយគ្នា និងអំពីការរឹតចំណងមិត្តភាពជាមួយបងប្អូនសាជាថ្មីទៀត ជូនចំពោះអស់លោក។ 18 សូមអស់លោកមេត្តាតបឆ្លើយមកយើងខ្ញុំតាមសេចក្ដីស្នើរសុំនេះផង»។
19 នេះជាសេចក្ដីក្នុងលិខិតផ្ញើមកលោកអូនីយ៉ា៖ 20 «យើងអារីយ៉ូស ជាស្ដេចក្រុងស្ប៉ាត ជម្រាបមកលោកអូនីយ៉ា ជាមហាបូជាចារ្យ សូមជ្រាប៖ 21 យើងបានរកឃើញឯកសារស្តីអំពីជនជាតិស្ប៉ាត និងជនជាតិយូដា បានបញ្ជាក់ថា យើងទាំងពីរជាបងប្អូននឹងគ្នា គឺសុទ្ធតែជាពូជពង្សរបស់លោកអប្រាហាំដូចគ្នា។ 22 ឥឡូវនេះ ដោយយើងដឹងសេចក្ដីទាំងនោះ ហើយយើងយល់ថា ជាការប្រសើរណាស់ចំពោះយើងខ្ញុំសរសេរលិខិតមកសួរសុខទុក្ខអស់លោក។ 23 ចំពោះយើងខ្ញុំ យើងខ្ញុំសូមជម្រាបអស់លោកថា ហ្វូងសត្វរបស់អស់លោក ក៏ដូចជាហ្វូងសត្វរបស់យើងខ្ញុំ ទ្រព្យសម្បត្តិរបស់អស់លោក ក៏ដូចជាទ្រព្រសម្បត្តិយើងខ្ញុំដែរ។ ហេតុនេះហើយ ទើបយើងសូមចេញបញ្ជាឲ្យគេមកជម្រាបសេចក្ដីទាំងនេះដល់អស់លោក»។
លោកយ៉ូណាថានធ្វើសឹកសង្គ្រាមនៅស្រុកស៊ីរី
24 លោកយ៉ូណាថានទទួលដំណឹងថា មេទ័ពរបស់ព្រះបាទដេម៉េទ្រីយ៉ូសវិលត្រឡប់មកវិញ ដោយនាំកងទ័ពច្រើនជាងមុនទៅទៀត មកវាយប្រហារលោក។ 25 លោកយ៉ូណាថានក៏ចាកចេញពីក្រុងយេរូសាឡឹម ដើម្បីទៅប្រយុទ្ធនឹងពួកគេនៅតំបន់ក្រុងហាម៉ាត កុំឲ្យពួកគេចូលមកក្នុងស្រុកយូដា។ 26 លោកយ៉ូណាថានចាត់មនុស្សឲ្យទៅស៊ើបយកការណ៍ពីក្នុងជំរំរបស់សត្រូវ។ ពួកគេមករាយការណ៍ប្រាប់លោកថា កងកម្លាំងសត្រូវកំពុងតែត្រៀមខ្លួនវាយប្រហារកងទ័ពយូដានៅពេលយប់។ 27 ពេលថ្ងៃលិច លោកយ៉ូណាថានបញ្ជាឲ្យកងទ័ពរបស់លោកយាមយ៉ាងប្រុងប្រយ័ត្ន ព្រមទាំងកាន់អាវុធរៀងៗខ្លួន ត្រៀមប្រយុទ្ធពេញមួយយប់នោះ។ លោកក៏ដាក់ខ្សែត្រៀមជុំវិញទីតាំងកងទ័ពដែរ។ 28 ពួកសត្រូវដឹងថា លោកយ៉ូណាថាន និងកងទ័ពរបស់លោក បានត្រៀមខ្លួនចាំវាយពួកគេ គេមានការភ័យតក់ស្លុតយ៉ាងខ្លាំង គេដុតភ្លើងចោលក្នុងជំរំ ពួកគេ ហើយភៀសខ្លួនបាត់អស់ទៅ។ 29 លោកយ៉ូណាថាន និងកងទ័ពរបស់លោក ឃើញភ្លើងកំពុងឆេះនៅក្នុងជំរំនោះ តែមិននឹកស្មានថា ពួកខ្មាំងរត់បាត់អស់ទេ លុះដល់ព្រឹកស្អែក ទើបពួកគេដឹង។ 30 លោកយ៉ូណាថានដេញតាមពីក្រោយពួកគេ ក៏ប៉ុន្តែ លោកតាមមិនទាន់ ព្រោះពួកគេឆ្លងទន្លេអេលើថែរផុតទៅហើយ។ 31 ពេលនោះ លោកយ៉ូណាថានបែរទៅវាយប្រហារជនជាតិអារ៉ាប់ឈ្មោះសេបាដេអាន។ លោកវាយឈ្នះពួកគេ ហើយរឹបអូសយកទ្រព្យសម្បត្តិទុកជាជយភណ្ឌទៀតផង។ 32 បន្ទាប់មក លោកធ្វើដំណើរទៅកាន់ក្រុងដាម៉ាស់ ហើយដើរកាត់តំបន់ទាំងមូល។ 33 នៅគ្រានោះ លោកស៊ីម៉ូនក៏ចេញទៅធ្វើសង្គ្រាម រហូតដល់ក្រុងអាស្កាឡូន និងក្រុងដែលនៅជុំវិញមានសុទ្ធតែកំពែង រួចឆ្ពោះទៅកាន់ក្រុងយ៉ូប៉េ ហើយកាន់កាប់ក្រុងនោះ ដើម្បីការពារទុកជាមុន។ 34 លោកដាក់កងទ័ពនៅក្រុងនោះ ព្រោះលោកជ្រាបថា អ្នកក្រុងមានបំណងប្រគល់ក្រុងដែលមានកំពែងនេះ ឲ្យកងទ័ពរបស់ព្រះបាទដេម៉េទ្រីយ៉ូស។
លោកយ៉ូណាថានសង់កំពែងក្រុងយេរូសាឡឹម
35 ពេលលោកយ៉ូណាថានវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ លោកកោះហៅព្រឹទ្ធាចារ្យនៃប្រជាជន ហើយសម្រេចជាមួយអស់លោកថានឹងសង់ក្រុងដែលមានកំពែងជាច្រើន ក្នុងស្រុកយូដា 36 សង់កំពែងក្រុងយេរូសាឡឹមឲ្យបានខ្ពស់ ព្រមទាំងសង់ជញ្ជាំងដែលខ័ណ្ឌបន្ទាយ និងក្រុងឲ្យដាច់ពីគ្នា។ ធ្វើដូច្នេះ ពលទាហានរបស់ព្រះបាទដេម៉េទ្រីយ៉ូសមិនអាចចេញចូលលក់ ឬទិញអីវ៉ាន់បានឡើយ។ 37 ប្រជាជនប្រមូលគ្នាសង់ក្រុងឡើងវិញ ដ្បិតកំពែងនៅផ្នែកខាងកើតក្រុងរលំអស់ទៅហើយ។ គេក៏សង់សង្កាត់ដែលមានឈ្មោះថា ខាផេណាថា ឡើងវិញដែរ។ 38 លោកស៊ីម៉ូនសង់ក្រុងអាឌីដា ដែលស្ថិតនៅជើងភ្នំឡើងវិញ ព្រមទាំងសង់កំពែងការពារក្រុង ដាក់ទ្វារ និងរនុកទៀតផង។
លោកទ្រីផូនចាប់លោកយ៉ូណាថាន
39 លោកទ្រីផូនមានបំណងតាំងខ្លួនជាស្ដេចគ្រប់គ្រងលើស្រុកអាស៊ីរីទាំងមូល ហើយខិតខំចាប់ព្រះបាទអន់ទីយ៉ូគូសធ្វើគុត។ 40 លោកខ្លាចលោកយ៉ូណាថាន មិនបណ្តោយឲ្យលោកសម្រេច តាមគម្រោងការណ៍នេះ ហើយច្បាំងនឹងគាត់វិញ។ ដូច្នេះ លោកទ្រីផូន រកមធ្យោបាយចាប់លោកយ៉ូណាថានយកទៅសម្លាប់។ លោកចេញដំណើរទៅកាន់ក្រុងបេតសាន។ 41 ប៉ុន្តែ លោកយ៉ូណាថាន និងកងទ័ពដ៏ចំណានបួនម៉ឺននាក់ ចេញមកជួបលោកទ្រីផូននៅក្រុងបេតសាន។ 42 លោកទ្រីផូនឃើញថា លោកយ៉ូណាថានមានកងទ័ពច្រើនយ៉ាងនេះ លោកមិនហ៊ានចាប់លោកយ៉ូណាថានទេ 43 លោកបែរជាទទួលលោកយ៉ូណាថានយ៉ាងអធិកអធម ព្រមទាំងបង្ហាញនាម៉ឺនមន្ត្រីរបស់លោក ឲ្យលោកយ៉ូណាថានស្គាល់ ព្រមទាំងជូនអំណោយជាច្រើន។ លោកបញ្ជាមន្ត្រី និងកងទ័ព ឲ្យធ្វើតាមបង្គាប់របស់លោកយ៉ូណាថាន ដូចគេធ្លាប់ធ្វើតាមបង្គាប់របស់លោកដែរ។ 44 លោកមានប្រសាសន៍ទៅកាន់លោកយ៉ូណាថានថា៖ «ហេតុអ្វីបានជាលោកធ្វើឲ្យកងទ័ពមានការនឿយហត់ដូច្នេះ? យើងមិនមែនជាសត្រូវនឹងគ្នាទេ! 45 សូមបញ្ជាឲ្យពួកគេវិលត្រឡប់ទៅផ្ទះវិញចុះ!។ សូមជ្រើសរើសកងទ័ពតែមួយចំនួនតូច ឲ្យការពារលោកបានហើយ រួចសូមអញ្ជើញមកក្រុងផ្ទោឡេមៃស៍ជាមួយខ្ញុំ។ ខ្ញុំនឹងប្រគល់ក្រុងនោះ និងបន្ទាយឯទៀតៗដែលមានកំពែងរឹងមាំ ឲ្យលោកកាន់កាប់ ព្រមទាំងប្រគល់កងទ័ពដែលនៅសេសសល់ និងនាម៉ឺនមន្ត្រីផង រួចខ្ញុំវិញនឹងវិលត្រឡប់ទៅស្រុកវិញ ព្រោះខ្ញុំចេញមក ដើម្បីគោលបំណងនេះតែប៉ុណ្ណោះ»។ 46 លោកយ៉ូណាថានក៏ជឿទុកចិត្តលើលោកទ្រីផូន ហើយធ្វើតាមពាក្យលោក គឺគាត់បញ្ជាឲ្យកងទ័ពរបស់គាត់វិលត្រឡប់ទៅស្រុកយ៉ូដាវិញ។ 47 លោកយ៉ូណាថានទុកកងទ័ពចំនួនបីពាន់នាក់នៅជាមួយគាត់ គឺចំនួនពីរពាន់នាក់ឲ្យនៅស្រុកកាលីឡេ និងមួយពាន់នាក់ឲ្យធ្វើដំណើរជាមួយគាត់។ 48 ប៉ុន្តែ ពេលលោកយ៉ូណាថានចូលដល់ក្នុងក្រុងផ្ទោឡេមៃស៍ អ្នកក្រុងបិទទ្វារចាប់លោក ហើយសម្លាប់កងទ័ពទាំងអស់ ដែលចូលមកជាមួយលោក។ 49 លោកទ្រីផូនចាត់ទ័ពថ្មើរជើង ព្រមទាំងទ័ពសេះទៅស្រុកកាលីឡេ និងក្នុងវាលទំនាបអ៊ីស្រាអែល ដើម្បីសម្លាប់បក្សពួករបស់លោកយ៉ូណាថានឲ្យអស់។ 50 អ្នកទាំងនោះដឹងថា គេចាប់លោកយ៉ូណាថាន ព្រមទាំងទ័ពដែលនៅជាមួយយកទៅសម្លាប់។ ដូច្នេះ ពួកដែលនៅសេសសល់បានត្រៀមខ្លួនចេញទៅប្រយុទ្ធ។ 51 កងទ័ពសត្រូវដែលដេញតាមពួកគេឃើញថា បក្សពួករបស់លោកយ៉ូណាថានប្រយុទ្ធដោយប្តូរជីវិតដូច្នេះ ពួកគេក៏ថយក្រោយវិញ។ 52 កងទ័ពយូដាត្រឡប់ទៅស្រុកយូដាវិញដោយសុវត្ថិភាព។ ជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាធ្វើពិធីកាន់ទុក្ខលោកយ៉ូណាថាន និងអស់អ្នកដែលនៅជាមួយលោក។ ជនជាតិអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយមានការភ័យខ្លាចជាខ្លាំង។ 53 ពេលនោះ ប្រជាជនដែលនៅជុំវិញស្រុកយូដាបម្រុងកម្ទេចពូជសាសន៍របស់គេ ដោយពោលថា៖ «ពួកគេគ្មានមេដឹកនាំ គ្មាននរណាគាំទ្រទេ។ យើងនាំគ្នាវាយប្រហារគេឥឡូវនេះ! យើងនឹងបំបាត់ឈ្មោះគេឲ្យផុតពីផែនដី មិនឲ្យនរណានឹកនាដល់ពួកគេទៀតឡើយ»។