ជំពូក ១០

ព្រះ‌បាទ​អឡិចសង់‌បាឡាស​តែង​តាំង​លោក​យ៉ូណាថាន​ជា​មហា​បូជា‌ចារ្យ

1 នៅ​ឆ្នាំ​១៦០ ព្រះ‌បាទ​អឡិចសង់‌អេពីផាន ជា​បុត្រ​ព្រះ‌បាទ​អន់ទី‌យ៉ូគូស ធ្វើ​ដំណើរ​តាម​សំពៅ ហើយ​សំចត​ក្បែរ​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ រួច​វាយ​ដណ្ដើម​យក​ក្រុង​នោះ។ ប្រជាជន​អបអរ‌សាទរ ហើយ​តែង​តាំង លោក​ជា​ស្ដេច​របស់​ពួក​គេ​ផង។ 2 កាល​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ជ្រាប​ដំណឹង​នេះ ព្រះ‌អង្គ​ប្រមូល​កង‌ទ័ព​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា ហើយ​យាង​ចេញ​ទៅ​ច្បាំង​នឹង​ព្រះ‌បាទ​អឡិចសង់​នោះ។ 3 ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ផ្ញើ​សារ​មួយ​ច្បាប់​ជូន​លោក​យ៉ូណាថាន​សុំ​សន្តិ‌ភាព ដោយ​សន្យា​ជា​ច្រើន​ជា​មួយ​លោក​ផង។ 4 ព្រះ‌រាជា​ឈ្វេង​យល់​ថា៖ «យើង​ត្រូវ​ចុះ​សន្ធិ​សញ្ញា​សន្តិ‌ភាព​ជា​មួយ​ពួក​យូដា​យ៉ាង​ប្រញាប់ ក្រែង​ពួក​គេ​រួប​រួម​ជា​មួយ​ព្រះ‌បាទ​អឡិចសង់​ប្រឆាំង​នឹង​យើង។ 5 នៅ​ពេល​នោះ លោក​យ៉ូណាថាន​មុខ​ជា​នឹក​គិត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ធ្វើ​ដល់​លោក ដល់​បង‌ប្អូន​លោក និង​ជន​ជាតិ​លោក​មិន​ខាន»។ 6 ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​អនុញ្ញាត​ឲ្យ​លោក​យ៉ូណាថាន​កេណ្ឌ​ទ័ព និង​គ្រឿង​សាស្រ្តា‌វុធ ព្រម​ទាំង​ធ្វើ​ទៅ​ជា​សម្ពន្ធ‌មិត្ត​របស់​ព្រះ‌អង្គ​ផង។ ព្រះ‌រាជា​ចេញ​រាជ‌បញ្ជា​ឲ្យ​ដោះ​លែង​អស់​អ្នក​ដែល​ព្រះ‌អង្គ​ចាប់​យក​ជា​ចំណាប់​ខ្មាំង ហើយ​ឃុំ​ឃាំង​ក្នុង​បន្ទាយ​ក្រុង​យេរូ‌សាឡឹម ប្រគល់​ឲ្យ​លោក​យ៉ូណាថាន​វិញ។ 7 ពេល​នោះ លោក​យ៉ូណាថាន​អញ្ជើញ​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ហើយ​អាន​សារ​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល និង​ឲ្យ​ពល‌ទាហាន​នៅ​ក្នុង​បន្ទាយ​ស្តាប់។ 8 ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង​ដោយ​ឮ​ថា ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​លោក​យ៉ូណាថាន​ប្រមូល​កង‌ទ័ព។ 9 ពួក​ទាហាន​នៅ​ក្នុង​បន្ទាយ ប្រគល់​អ្នក​ដែល​គេ​ចាប់​ទុក​ជា​ថ្នូរ​ឲ្យ​ទៅ​លោក​យ៉ូណាថាន ហើយ​លោក​ក៏​ប្រគល់​ពួក​គេ ឲ្យ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន​ដែរ។ 10 លោក​យ៉ូណាថាន​តាំង​ទី​លំនៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​ចាប់​ផ្ដើម​ជួស​ជុល និង​សង់​ក្រុង​នេះ​ឡើង​វិញ។ 11 លោក​បង្គាប់​ឲ្យ​មេ​ជាង​សង់​កំពែង និង​យក​ថ្ម​ដាប់​ធ្វើ​ជា​កំពែង​ការ‌ពារ​ជុំ​វិញ​ភ្នំ​ស៊ីយ៉ូន​ផង។ ពួក​មេ​ជាង​ក៏​ធ្វើ​តាម​បញ្ជា​របស់​លោក​ដែរ។ 12 ពួក​សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ក្រុង​នានា ដែល​លោក​បាកឃីដែស​បាន​សង់​នោះ រត់​បាត់​អស់​ទៅ 13 គឺ​ពួក​គេ​បោះ​បង់​កន្លែង​របស់​ខ្លួន ហើយ​វិល​ទៅ​កាន់​ស្រុក​រៀងៗ​ខ្លួន​វិញ។ 14 ប៉ុន្តែ នៅ​ក្រុង​បេតសួរ គេ​ទុក​ជន​ជាតិ​យូដា​ខ្លះ​ដែល​បោះ​បង់​ចោល​វិន័យ និង​បទ​បញ្ជា​របស់​លោក​ម៉ូសេ​ឲ្យ​នៅ​ក្នុង​ក្រុង ព្រោះ​ក្រុង​នេះ​ជា​ទី​ជម្រក​របស់​ពួក​គេ។
15 ព្រះ‌បាទ​អឡិច​សង់​ជ្រាប​អំពី​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ចំពោះ​លោក​យ៉ូណាថាន។ មាន​គេ​ទូល​រៀប‌រាប់​អំពី​ការ​ធ្វើ​សង្គ្រាម និង​សេចក្ដី​អង់​អាច​ក្លាហាន​របស់​លោក​យ៉ូណាថាន និង​បង‌ប្អូន​របស់​លោក ព្រម​ទាំង​ទុក្ខ​វេទនា​របស់​ពួក​គេ​ផង។ 16 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «យើង​មិន​អាច​រក​នរណា​ម្នាក់​ដូច​លោក​យ៉ូណាថាន​ទេ! យើង​ត្រូវ​តែ​ចង​មិត្ត‌ភាព និង​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​លោក​ចាប់​ពី​ពេល​នេះ​ទៅ»។ 17 ព្រះ‌រាជា​សរសេរ​រាជ‌សារ​មួយ​ច្បាប់​ជូន​លោក​យ៉ូណាថាន មាន​សេចក្ដី​ដូច​ត​ទៅ៖18 «ព្រះ‌បាទ​អឡិច‌សង់​ជម្រាប​មក​លោក​យ៉ូណាថាន ជា​បង‌ប្អូន សូម​ជ្រាប។ 19 យើង​ឮ​គេ​ពោល​ថា លោក​ជា​វីរ‌ជន​មួយ​រូប​ប្រកប​ដោយ​សេចក្ដី​ក្លាហាន គួរ​ធ្វើ​ជា​មិត្ត​របស់​យើង។ 20 ហេតុ​នេះ​ហើយ តាំង​ពី​ថ្ងៃ​នេះ យើង​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ សម្រាប់​ជាតិ​របស់​លោក​រហូត​ត​ទៅ។ យើង​ប្រគល់​ឲ្យ​លោក​មាន​ឋានៈ​ជា​មិត្ត​របស់​ព្រះ‌ករុណា​ផង​ដែរ។ លោក​ត្រូវ​គាំ​ទ្រ​យើង និង​នៅ​ជា​មិត្ត​របស់​យើង កាន់​តាម​យើង»។ ព្រះ‌រាជា​ប្រទាន​អាវ​ធំ​ពណ៌​ក្រហម និង​មកុដ​មាស​ឲ្យ​លោក​ផង​ដែរ។
21 លោក​យ៉ូណាថាន​ពាក់​អាវ​ដ៏​សក្ការៈ​ជា​មហា​បូជា‌ចារ្យ​នៅ​ថ្ងៃ​ទី​៧ ក្នុង​ឆ្នាំ ១៦០ គឺ​ក្នុង​ឱកាស​បុណ្យ​បារាំ។ លោក​ប្រមូល​កង‌ទ័ព ហើយ​ផលិត​គ្រឿង​អាវុធ​ជា​ច្រើន។

ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ប្រទាន​អភ័យ​ឯក‌សិទ្ធិ​ដល់​ជន​ជាតិ​យូដា

22 ពេល​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ជ្រាប​រឿង​នេះ ព្រះ‌អង្គ​ទាស់​ព្រះ‌ហឫទ័យ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ 23 «តើ​យើង​បាន​ប្រព្រឹត្ត​អ្វី​ខុស ទើប​ព្រះ‌បាទ​អឡិច‌សង់​ទាក់​ទាញ​ជន​ជាតិ​យូដា​ឲ្យ​ស្រលាញ់ និង​គាំ​ទ្រ​គេ​មុន​យើង​ដូច្នេះ! 24 យើង​នឹង​ផ្ញើ​សារ​មួយ​ច្បាប់​លើក​ទឹក​ចិត្ត​ពួក​គេ ដោយ​ប្រទាន​ឋានន្តរ​សក្តិ​ដ៏​ខ្ពង់​ខ្ពស់ និង​រាជ​អំណាច​ជា​ច្រើន​ដើម្បី​ឲ្យ​ពួក​គេ​គាំ​ទ្រ​យើង!»។ 25 ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​សរសេរ​រាជ សារ​មាន​សេចក្ដី​ដូច​ត​ទៅ៖
«ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ជម្រាប​មក​ជន​ជាតិ​យូដា សូម​ជ្រាប! 26 យើង​ទទួល​ដំណឹង​ថា អស់​លោក​នៅ​តែ​គោរព​សន្ធិ‌សញ្ញា​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា។ អស់​លោក​នៅ​តែ​ជា​មិត្ត​របស់​យើង ហើយ​ក៏​មិន​បាន​ចូល​ដៃ​ជា​មួយ​សត្រូវ​របស់​យើង​ដែរ។ ដូច្នេះ យើង​មាន​អំណរ​ជា​ខ្លាំង! 27 ប្រសិន​បើ​អស់​លោក​នៅ​តែ​ស្មោះ‌ត្រង់​ចំពោះ​យើង​ត​ទៅ​ទៀត យើង​នឹង​ប្រទាន​រង្វាន់​ដល់​អស់​លោក។ 28 យើង​នឹង​ឈប់​ឲ្យ​អស់​លោក​បង់​ពន្ធ​អាករ​ជា​ច្រើន ហើយ​យើង​ប្រទាន​អំណោយ​ជា​ច្រើន​ថែម​ទៀត​ផង។ 29 តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ ប្រជា‌ជាតិ​យូដា​ទាំង​អស់ មិន​ត្រូវ​បង់​ពន្ធ​អាករ​ប្រចាំ​ឆ្នាំ ពន្ធ​អំបិល ព្រម​ទាំង​ពន្ធ​មកុដ​មាស​ផង! 30 ម្យ៉ាង​ទៀត តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ យើង​លែង​ទាម‌ទារ​មួយ​ភាគ​បី​នៃ​ភោគ​ផល​នានា និង​ពាក់​កណ្តាល​ជា​ផ្លែ​ឈើ ដែល​អស់​លោក​ត្រូវ​ប្រគល់​ឲ្យ​យើង។ យើង​លែង​ទាម​ទារ​ពន្ធ​ទាំង​នោះ​ពី​ស្រុក​យូដា និង​តំបន់​ទាំង​បី​នៃ​ស្រុក​សាម៉ារី ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្រុក​យូដា ព្រម​ទាំង​ស្រុក​កាលីឡេ​ផង។ 31 ក្រុង​យេរូ‌សាឡឹម​នឹង​ទៅ​ជា​ក្រុង​ដ៏‌វិសុទ្ធ​ទាំង​អ្នក​ក្រុង ទាំង​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​នៅ​ជុំ​វិញ​ក្រុង​នោះ មិន​ត្រូវ​បង់​ពន្ធដារ និង​តង្វាយ​មួយ​ភាគ​ដប់​នៃ​ភោគ​ផល​ឡើយ។ 32 យើង​ឈប់​គ្រប់​គ្រង​បន្ទាយ​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រគល់​ក្រុង​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មហា​បូជា‌ចារ្យ​វិញ លោក​អាច​ជ្រើស‌រើស​កង‌ទ័ព​សម្រាប់​ការ‌ពារ​ក្រុង​នេះ​ផង។ 33 យើង​នឹង​ដោះ​លែង​ជន​ជាតិ​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​យូដា ទោះ​បី​នៅ​កន្លែង​ណា​ក៏​ដោយ ក្នុង​រាជា‌ណាចក្រ​របស់​យើង​ឲ្យ​មាន​សេរី​ភាព​ដោយ​មិន​បាច់​បង់​ថ្លៃ​លោះ​ខ្លួន​វិញ​ទេ គឺ​ពួក​គេ​រួច​ពី​ពន្ធ​អាករ ទាំង​ខ្លួន​គេ ទាំង​សត្វ​របស់​គេ​ផង។ 34 មិន​ត្រូវ​ទារ​ពន្ធដារ ឬ​បំណុល​ពី​ជន​ជាតិ​យូដា​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​ក្នុង​រាជា‌ណាចក្រ​របស់​យើង នៅ​ថ្ងៃ​ធ្វើ ពិ​ធី​ទាំង‌ឡាយ នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃ​បុណ្យ​ដើម​ខែ ហើយ​នៅ​ថ្ងៃ​បុណ្យ​ដែល​គេ​ប្រារព្ធ​តាម​ពេល​កំណត់ ក្នុង​កំឡុង​ពេល​បី​ថ្ងៃ​មុន និង​បី​ថ្ងៃ​ក្រោយ​ផង។ 35 គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទាម​ទារ​ឲ្យ​គេ​បង់​ប្រាក់ ឬ​ធ្វើ​ឲ្យ​គេ​បារម្ភ​អំពី​រឿង​អ្វី​មួយ​នៅ​ថ្ងៃ​ទាំង​នោះ​ឡើយ។ 36 គេ​អាច​កេណ្ឌ​ប្រជាជន​យូដា​រហូត​ដល់​បី‌ម៉ឺន​នាក់ ឲ្យ​ចូល​បម្រើ​កង‌ទ័ព​របស់​ព្រះ‌រាជា ហើយ​ពួក​គេ​នឹង​ទទួល​ប្រាក់​ខែ ដូច​ទាហាន​ឯ​ទៀត ក្នុង​រាជា‌ណាចក្រ​ដែរ។ 37 ត្រូវ​ចាត់​ពួក​គេ​ខ្លះ​នៅ​ក្នុង​បន្ទាយ​ដ៏​សំខាន់ៗ ត្រូវ​តែង​តាំង​ជន​ជាតិ​យូដា​ខ្លះ​ទៀត ឲ្យ​បំពេញ​មុខ​ងារ​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​រាជា‌ណាចក្រ។ ត្រូវ​ជ្រើស‌រើស​មេ​ដឹក​នាំ និង​មន្ត្រី​របស់​ពួក​គេ ក្នុង​ចំណោម​ជន​ជាតិ​គេ ហើយ​គេ​មាន​សិទ្ធិ​គោរព​វិន័យ​របស់​គេ ដូច​ព្រះ‌រាជា​បាន​ចេញ​បញ្ជា​សម្រាប់​ស្រុក​យូដា។ 38 ចំពោះ​អាណា​ខេត្ត​បី​ដែល​ជន​ជាតិ​យូដា​ដណ្ដើម​យក​ពី​ស្រុក​សាម៉ារី ចូរ​ស្ថិត​នៅ​ចំណុះ​ស្រុក​យូដា និង​ជា​ស្រុក​តែ​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មហា​បូជា‌ចារ្យ​តែ​ម្នាក់​ប៉ុណ្ណោះ។
39 យើង​ប្រគល់​ក្រុង​ផ្ទោ‌ឡេ​ម៉ៃស៍ និង​ទឹក​ដី​ដែល​ជាប់​នៅ​ក្រុង​នេះ ថ្វាយ​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម ដើម្បី​យក​បច្ច័យ សម្រាប់​ចំណាយ​ក្នុង​ពិធី​បុណ្យ។ 40 រីឯ​យើង​វិញ យើង​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​ចំនួន​មួយ‌ម៉ឺន​ប្រាំ‌ពាន់​ណែន​ជា​រៀង​រាល់​ឆ្នាំ​ពី​រាជ​ទ្រព្យ តាម​ពន្ធ​ដែល​គេ​ប្រមូល​ទុក​នោះ។ 41 ម្យ៉ាង​ទៀត តាំង​ពី​ពេល​នេះ​ត​ទៅ រាជ​ការ​នឹង​ផ្តល់​ប្រាក់ ដើម្បី​ជុស​ជុល​ព្រះ‌វិហារ ជា​ថ្នូរ​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​មិន​បាន​បង់​ពី​ឆ្នាំ​មុនៗ​មក 42 ហើយ​ផ្តល់​ប្រាក់​ប្រាំ‌ពាន់​ណែន​ទៀត​ដែល​រាជ​ការ​ធ្លាប់​ទាម‌ទារ​ពី​បច្ច័យ​នៃ​ព្រះ‌វិហារ​ជា​រៀង‌រាល់​ឆ្នាំ មក​ក្រុម​បូជា‌ចារ្យ​ដែល​បំពេញ​ការ‌ងារ​របស់​ខ្លួន។ 43 អស់​អ្នក​ដែល​រត់​ទៅ​ជ្រក​នៅ​ក្នុង​ព្រះ‌វិហារ​យេរូ‌សាឡឹម ឬ​ក្នុង​បរិវេណ​ព្រះ‌វិហារ ព្រោះ​មិន​បាន​បង់​ពន្ធដារ ឬ ព្រោះ​មូល​ហេតុ​ផ្សេងៗ​ទៀត​នឹង​បាន​រូច​ខ្លួន ហើយ​មាន​សេរី‌ភាព​នឹង​ថែ‌រក្សា​ទ្រព្យ‌សម្បត្តិ​របស់​ខ្លួន ទោះ​នៅ​កន្លែង​ណា​ក៏​ដោយ ក្នុង​រាជា‌ណាចក្រ​របស់​យើង។
44 ចំណែក​ឯ​ប្រាក់​ចំណាយ​ក្នុង​ការ​សង់ ឬ​ជួស​ជុល​ទី​សក្ការៈ ត្រូវ​យក​ពី​រាជ​ទ្រព្យ។ 45 ប្រាក់​ដែល​ត្រូវ​ចំណាយ​សម្រាប់​សង់​ជញ្ជាំង និង​កំពែង​ក្រុង​យេរូ‌សាឡឹម ឬ​កំពែង​ក្រុង​ផ្សេងៗ​នៅ​ស្រុក​យូដា ក៏​ត្រូវ​យក​ពី​រាជ​ទ្រព្យ​ដែរ»។

ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​សោយ​ទិវង្គត

46 ពេល​លោក​យ៉ូណាថាន និង​ប្រជាជន បាន​ឮ​សេចក្ដី​ក្នុង​រាជ‌សារ​នោះ ពួក​គេ​មិន​ព្រម​ជឿ និង​ចាប់​អារម្មណ៍​ទេ ព្រោះ​គេ​នៅ​តែ​នឹក​ឃើញ​ពី​អំពើ​អា‌ក្រក់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​បាន​ប្រព្រឹត្ត​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​នឹក​ឃើញ​ពី​ការ​ជិះ​ជាន់​សង្កត់​សង្កិន​របស់​ស្ដេច​ទៅ​លើ​ពួក​គេ។ 47 ដូច្នេះ ពួក​គេ​សម្រេច​ចិត្ត​គាំទ្រ​ព្រះ‌បាទ​អឡិច‌សង់ ព្រោះ​គេ​យល់​ថា ព្រះ‌បាទ​អឡិច‌សង់​មាន​ព្រះ‌បន្ទូល​មក​គេ​ដោយ​ចង់​បាន​សន្តិ‌ភាព ហើយ​ពួក​គេ​ធ្វើ​សម្ពន្ធ‌មិត្ត​របស់​ស្ដេច​រហូត។ 48 ព្រះ‌បាទ​អឡិច‌សង់​ប្រមូល​កង‌ទ័ព​ជា​ច្រើន ហើយ​ចេញ​ទៅ​ច្បាំង​នឹង​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស។ 49 ប៉ុន្តែ នៅ​ពេល​ដែល​កង‌ទ័ព​នៃ​ស្ដេច​ទាំង​ពីរ​ប្រយុទ្ធ​គ្នា កង‌ទ័ព​របស់​ព្រះ‌បាទ​អឡិច‌សង់​នាំ​គ្នា​រត់។ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ដេញ​តាម​ពួក​គេ ហើយ​ក៏​មាន​ជ័យ‌ជម្នះ​លើ​កង‌ទ័ព​របស់​សត្រូវ 50 ព្រះ‌អង្គ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​រហូត​ដល់​ពេល​ថ្ងៃ​លិច ប៉ុន្តែ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ក៏​សោយ​ទិវង្គត​នៅ​ថ្ងៃ​នោះ​ទៅ។

ព្រះ‌បាទ​អឡិចសង់‌បាឡាស​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​លោក​យ៉ូណា‌ថាន

51 ព្រះ‌បាទ​អឡិច‌សង់​ចាត់​រាជ​ទូត​ឲ្យ​នាំ​រាជ‌សារ​ទៅ​គាល់​ព្រះ‌បាទ​ផ្ទូលេមេ ជា​ព្រះ‌មហា​ក្សត្រ​ស្រុក​អេស៊ីប ដែល​មាន​សេចក្ដី​ដូច​ត​ទៅ៖
52 យើង​វិល​ត្រឡប់​មក​កាន់​រាជា‌ណាចក្រ​របស់​យើង​វិញ គង់​លើ​បល្ល័ង្ក​នៃ​អយ្យកោ​របស់​យើង ហើយ​កាន់​អំណាច ព្រម​ទាំង​កម្ទេច​កង‌ទ័ព​ដេម៉េ‌ទ្រីយ៉ូស។ យើង​គ្រប់​គ្រង​ស្រុក​របស់​យើង​ទាំង​មូល។ 53 យើង​ច្បាំង​នឹង​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស គឺ​កម្ទេច​ទាំង​ស្ដេច ទាំង​កង‌ទ័ព ហើយ​ដណ្ដើម​យក​រាជ​បល្ល័ង្ក​ទៀត​ផង។ 54 ឥឡូវ​នេះ យើង​សូម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ព្រះ‌ករុណា មេត្តា​ប្រោស​ប្រណី​លើក​រាជ​បុត្រី​របស់​ព្រះ‌ករុណា ឲ្យ​ធ្វើ​ជា​ព្រះ‌មហេសី​របស់​យើង យើង​ក៏​ទៅ​ជា​បុត្រ​សុណិសា​របស់​ព្រះ‌អង្គ​ដែរ។ យើង​នឹង​រៀប​បណ្តា​ការ​ថ្វាយ​ព្រះ‌ករុណា និង​ព្រះ‌នាង ឲ្យ​សក្តិ‌សម​នឹង​ឋានៈ​របស់​ព្រះ‌ករុណា»។
55 ព្រះ‌បាទ​ផ្ទូលេមេ​ឆ្លើយ​តប​ថា៖ «សូម​អបអរ‌សាទរ ថ្ងៃ​ដែល​ព្រះ‌រាជា​យាង​ត្រឡប់​ចូល​ក្នុង​ស្រុក​អយ្យកោ​របស់​ព្រះ‌រាជា​វិញ! សូម​អបអរ​សាទរ​ព្រះ‌រាជា​ឡើង​គង់​លើ​រាជ​បល្ល័ង្ក​ផង!។ 56 ឥឡូវ​នេះ យើង​យល់​ព្រម​តាម​សំណូម‌ពរ​ដែល​ព្រះ‌រាជា​បាន​សរសេរ​នោះ សូម​ព្រះ‌រាជា​យាង​មក​ជួប​យើង​នៅ​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ ដើម្បី​ពិភាក្សា​គ្នា។ យើង​នឹង​លើក​រាជ​បុត្រី​របស់​យើង​ថ្វាយ​តាម​សំណូម‌ពរ​នោះ»។ 57 នៅ​ឆ្នាំ ១៦២ ព្រះ‌បាទ​ផ្ទូលេ‌មេ និង​នាង​ក្លេអូប៉ាត្រ​ជា​បុត្រី យាង​ចេញ​ពី​ស្រុក​អេស៊ីប មក​ដល់​ក្រុង​ផ្ទោឡេ​ម៉ៃស៍។ 58 ព្រះ‌បាទ​អឡិច‌សង់​យាង​ចេញ​ទៅ​ទទួល​ព្រះ‌បាទ​ផ្ទូលេមេ។ ព្រះ‌បាទ​ផ្ទូលេមេ​ក៏​លើក​ព្រះ​នាង​ក្លេអូ‌ប៉ាត្រ ជា​បុត្រី​ថ្វាយ​ព្រះ‌បាទ​អឡិច‌សង់ ហើយ​រៀប​អភិសេក​យ៉ាង​ឱឡា‌រិក នៅ​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ តាម​ទំនៀម​ទម្លាប់​របស់​ព្រះ‌មហា​ក្សត្រ។ 59 ព្រះ‌បាទ​អឡិច‌សង់​សរសេរ​លិខិត​មួយ​ច្បាប់ អញ្ជើញ​លោក​យ៉ូណាថាន​ឲ្យ​មក​គាល់។ 60 លោក​យ៉ូណាថាន​អញ្ជើញ​ទៅ​កាន់​ក្រុង​ផ្ទោឡេ‌ម៉ៃស៍​យ៉ាង​អធិក​អធម ហើយ​លោក​ក៏​ចូល​ទៅ​គាល់​ស្ដេច​ទាំង​ពីរ​អង្គ​នៅ​ក្រុង​នោះ។ លោក​នាំ​យក​ជំនូន​ជា​ច្រើន គឺ​ប្រាក់ និង​មាស ថ្វាយ​ព្រះ‌មហា​ក្សត្រ និង​មន្ត្រី​របស់​ស្ដេច​ទាំង​ពីរ ហើយ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌មហា​ក្សត្រ​ទាំង​ពីរ​អង្គ​នោះ។ 61 ប៉ុន្តែ នៅ​ពេល​នោះ មាន​ជន‌ពាល​ខ្លះ​ដែល​ជា​អ្នក​បង្ក​ភាព​អន្ត‌រាយ​ដល់​ប្រជាជន​អ៊ីស្រា‌អែល ព្រួត​ដៃ​គ្នា​ប្រឆាំង​នឹង​លោក​យ៉ូណាថាន ហើយ​នាំ​គ្នា​ចោទ​ប្រកាន់​លោក​ទៅ​ព្រះ‌មហា​ក្សត្រ។ ប៉ុន្តែ ព្រះ‌បាទ​អឡិច‌សង់​មិន​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​នឹង​សេចក្ដី​ចោទ​ប្រកាន់​នោះ​ទេ។ 62 ព្រះ‌រាជា​បញ្ជា​ឲ្យ​ផ្លាស់​សម្លៀក​បំពាក់​របស់​លោក​យ៉ូណាថាន​ចេញ និង​បំពាក់​អាវ​ផាយ​ពណ៌​ស្វាយ​របស់​ស្ដេច​វិញ។ 63 ព្រះ‌រាជា​ប្រោស​ប្រទាន​ឲ្យ​លោក​យ៉ូណាថាន​អង្គុយ​នៅ​ក្បែរ​ព្រះ‌អង្គ ហើយ​មាន​រាជ‌ឱង្ការ​ប្រាប់​នាម៉ឺន​មន្ត្រី​ថា៖ «សូម​នាំ​លោក​យ៉ូណាថាន​ទៅ​កណ្តាល​ទីក្រុង ហើយ​ប្រកាស​ថា មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ប្តឹង​លោក​ពី​មូល​ហេតុ​ណា​មួយ​ឡើយ! ឬ​សូម​កុំ​ឲ្យ​នរណា​ម្នាក់​រក​រឿង​លោក ដោយ​ប្រការ​ណា​មួយ​ឡើយ!»។ 64 ពេល​ជន‌ពាល​ដែល​ចោទ​ប្រកាន់​លោក​យ៉ូណាថាន​ឃើញ​ថា លោក​ទទួល​កិត្តិយស​តាម​សេចក្ដី​ប្រកាស​របស់​ព្រះ‌មហា​ក្សត្រ​បែប​នេះ និង​ឃើញ​ថា​លោក​ពាក់​អាវ​ផាយ​ពណ៌​ស្វាយ​របស់​ស្ដេច​ដូច្នេះ ពួក​គេ​ក៏​រត់​បាត់​អស់​ទៅ។ 65 ព្រះ‌មហា​ក្សត្រ​ផ្តល់​កិត្តិយស​ឲ្យ​លោក​យ៉ូណាថាន ដោយ​ចុះ​ឈ្មោះ​លោក​ក្នុង​ចំណោម​មិត្ត‌ភក្តិ​ជិត​ដិត​របស់​ស្ដេច ហើយ​តែង​តាំង​លោក​ជា​មេ​ដឹក​នាំ និង​ជា​ទេសា‌ភិបាល​ផង។ 66 លោក​យ៉ូណាថាន​វិល​ត្រឡប់​ទៅ​កាន់​ក្រុង​យេរូ‌សាឡឹម​វិញ​ដោយ​សុខ‌សាន្ត និង​អំណរ​សប្បាយ​រីក​រាយ។

លោក​យ៉ូណាថាន​មាន​ជ័យ‌ជម្នះ​លើ​លោក​អាប៉ូឡូ‌នីយ៉ូស

67 នៅ​ឆ្នាំ​១៦៥ សម្ដេច​ដេម៉េ‌ទ្រីយ៉ូស ជា​បុត្រ​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស យាង​ចាក​ចេញ​ពី​កោះ​ក្រែត មក​ដល់​ស្រុក​ស៊ីរី ជា​ទឹក​ដី​របស់​ព្រះ​អយ្យកោ​សម្ដេច។ 68 ពេល​ព្រះ‌បាទ​អឡិច‌សង់​ជ្រាប​ដំណឹង​នេះ ព្រះ‌អង្គ​ទាស់​ព្រះ‌ហឫទ័យ ហើយ​យាង​ត្រឡប់​ទៅ​កាន់​ក្រុង​អន់ទី‌យ៉ូក​វិញ។ 69 ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​តែង​តាំង​លោក​អាប៉ូឡូ‌នីយ៉ូស ធ្វើ​ជា​ទេសា‌ភិបាល ក្នុង​ស្រុក​សេឡើ‌ស៊ីរី។ លោក​អាប៉ូឡូ‌នីយ៉ូស​ប្រមូល​កង‌ទ័ព​ជា​ច្រើន មក​បោះ​ទីតាំង​នៅ​ក្បែរ​ក្រុង​យ៉ាម‌នីយ៉ា ហើយ​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​យ៉ូណាថាន ជា​មហា‌បូជា‌ចារ្យ​ថា៖ 70 «មាន​តែ​លោក​ម្នាក់​គត់​ដែល​ប្រឆាំង​នឹង​យើង! គេ​ចំអក​ដាក់​យើង ហើយ​យើង​ត្រូវ​អាម៉ាស់​ដោយ​សារ​តែ​លោក! ហេតុ​អ្វី​បាន​ជា​លោក​កាន់​អំណាច​នៅ​លើ​ភ្នំ​នេះ ប្រឆាំង​នឹង​យើង​ដូច្នេះ? 71 ប្រសិន​បើ​លោក​ជឿ​ទុក​ចិត្ត​លើ​កង‌ទ័ព​របស់​លោក​មែន​នោះ ចូរ​ចេញ​មក​វាល​ហើយ​ប្រយុទ្ធ​នឹង​យើង ដើម្បី​សាក​ល្បង​កម្លាំង​គ្នា ដ្បិត​យើង​មាន​កម្លាំង​ពី​ក្រុង​ទាំង‌ឡាយ​ជា​ជំនួយ។ 72 ចូរ​ស៊ើប​សួរ​ឲ្យ​ច្បាស់ នោះ​លោក​ពិត​ជា​ដឹង​ថា តើ​យើង​ជា​នរណា ហើយ​នរណា​ខ្លះ​ជា​អ្នក​រួម​ត​យុទ្ធ​ជា​មួយ​យើង​ដែរ។ គេ​តែង​ពោល​ថា អ្នក​រាល់​គ្នា​ពុំ​អាច​ទប់​ទល់​នឹង​កម្លាំង​ទ័ព​របស់​យើង​បាន​ទេ ព្រោះ​ដូន‌តា​របស់​អ្នក​បាន​បរា‌ជ័យ​ពីរ​ដង​រួច​ទៅ​ហើយ​នៅ​ស្រុក​របស់​ខ្លួន។ 73 អ្នក​ពុំ​អាច​ទប់​ទល់​នឹង​ទ័ព‌សេះ​របស់​យើង​បាន​ទេ ហើយ​នៅ​ទី​វាល​នោះ​ជា​កន្លែង​គ្មាន​ភ្នំ គ្មាន​ផ្ទាំង​ថ្ម​លាក់​ខ្លួន គ្មាន​ទី​រត់​គេច គ្មាន​ជម្រក​ភៀស​ខ្លួន អ្នក​ពុំ​អាច​ទប់​ទល់​នឹង​កង‌ទ័ព​របស់​យើង​ដែល​មាន​គ្នា​ច្រើន​យ៉ាង​នេះ​បាន​ដែរ!»។ 74 ពេល​លោក​យ៉ូណាថាន​ឮ​ពាក្យ​របស់​លោក​អាប៉ូឡូ‌នីយ៉ូស​ដូច្នេះ លោក​ជ្រួល​ច្របល់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង។ លោក​ជ្រើស‌រើស​យក​កង‌ទ័ព​មួយ‌ម៉ឺន​នាក់ ចេញ​ពី​ក្រុង​យេរូ‌សាឡឹម។ លោក​ស៊ីម៉ូន​ជា​បង ក៏​នាំ​កង‌ទ័ព​ទៅ​ជួយ​លោក​ដែរ។ 75 លោក​បោះ​ទ័ព​នៅ​ខាង​មុខ​ក្រុង​យ៉ូប៉េ។ ប្រជាជន​បិទ​ទ្វារ​ក្រុង​មិន​ព្រម​ឲ្យ​លោក​ចូល​ទេ ព្រោះ​មាន​កង‌ទ័ព​របស់​លោក​អាប៉ូឡូ‌នីយ៉ូស​នៅ​ក្នុង​ក្រុង​នោះ។ លោក​យ៉ូណាថាន​ចាប់​ផ្ដើម​វាយ​សម្រុក។ 76 ពេល​នោះ ប្រជាជន​នាំ​គ្នា​ភ័យ​ខ្លាច​ក៏​បើក​ទ្វារ​ក្រុង ហើយ​លោក​យ៉ូណា​ថាន​ក៏​ដណ្ដើម​យក​បាន​ក្រុង​យ៉ូប៉េ​មក​គ្រប់​គ្រង។ 77 កាល​លោក​អាប៉ូឡូ‌នីយ៉ូស​ជ្រាប​ដំណឹង​នេះ គាត់​លើក​ទ័ព‌សេះ​ចំនួន​បី​ពាន់​នាក់ និង​កង‌ទ័ព​ថ្មើរ​ជើង​ជា​ច្រើន ធ្វើ​ដំណើរ​តម្រង់​ទៅ​ក្រុង​អាសូតូ ដូច​ជា​មាន​បំណង​កាត់​ស្រុក។ ប៉ុន្តែ ពេល​នោះ លោក​ចូល​ទៅ​ក្នុង​វាល​ដោយ​ទុក​ចិត្ត​លើ​ទ័ព‌សេះ​ដ៏​ច្រើន​របស់​លោក។ 78 លោក​យ៉ូណាថាន​ដេញ​តាម​គាត់​នៅ​ក្បែរ​ក្រុង​អាសូតូ​ហើយ​កង‌ទ័ព​ទាំង​ពីរ​ប្រយុទ្ធ​គ្នា។ 79 លោក​អាប៉ូឡូ‌នីយ៉ូស​បាន​ទុក​ទ័ព‌សេះ​មួយ​ពាន់​នាក់​ខាង​ក្រោយ​កង‌ទ័ព​របស់​លោក​យ៉ូណាថាន។ 80 លោក​យ៉ូណាថាន​ដឹង​ពី​គម្រោង‌ការ​ដែល​គេ​ពួន​វាយ​ស្ទាក់​លោក​ពី​ក្រោយ។ ទ័ព‌សេះ​របស់​លោក​អាប៉ូឡូ‌នីយ៉ូស ឡោម​ព័ទ្ធ​កង‌ទ័ព​របស់​លោក​យ៉ូណាថាន ហើយ​បាញ់​ព្រួញ​លើ​កង‌ទ័ព​អ៊ីស្រា‌អែល តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។ 81 ប៉ុន្តែ កង‌ទ័ព​របស់​លោក​យ៉ូណាថាន​ទប់​ទល់​យ៉ាង​អង់​អាច តាម​បញ្ជា​របស់​លោក បណ្ដាល​ឲ្យ​សេះ​របស់​សត្រូវ​អស់​កម្លាំង​ជា​ខ្លាំង។ 82 ពេល​នោះ ស្រាប់​តែ​លោក​ស៊ីម៉ូន​នាំ​កង‌ទ័ព​របស់​ខ្លួន វាយ​ប្រហារ​កង‌ទ័ព​ថ្មើរ​ជើង​របស់​សត្រូវ ក្នុង​ពេល​សេះ​កំពុង​តែ​អស់​កម្លាំង ហើយ​លោក​ស៊ីម៉ូន​វាយ​កម្ទេច​កង‌ទ័ព​ខ្មាំង​ដែល​បាក់​ទ័ព​រត់​អស់។ 83 ទ័ព‌សេះ​រត់​ខ្ចាត់‌ខ្ចាយ​នៅ​តាម​វាល។ ពល‌ទាហាន​បាក់​ទ័ព រត់​មក​ដល់​ក្រុង​អាសូតូ ហើយ​ចូល​លាក់​ខ្លួន​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌ដាកូន ជា​ទី​សក្ការៈ​នៃ​ព្រះ​របស់​គេ ដើម្បី​ឲ្យ​បាន​រួច​ជីវិត។ 84 លោក​យ៉ូណាថាន​ដុត​ក្រុង​នោះ និង​ក្រុង​ដែល​នៅ​ជុំ​វិញ​ចោល។ លោក​រឹប​អូស​យក​ជយ‌ភណ្ឌ ហើយ​ដុត​ទី​សក្ការៈ​របស់​ព្រះ‌ដាកូន ព្រម​ទាំង​អស់​អ្នក​ដែល​ចូល​លាក់​ខ្លួន​នៅ​ទី​នោះ។ 85 មាន​មនុស្ស​ប្រមាណ​ប្រាំបី‌ពាន់​នាក់​ស្លាប់​ដោយ​មុខ​ដាវ ឬ​ដោយ​ភ្លើង​នៅ​ថ្ងៃ​នោះ។ 86 លោក​យ៉ូណាថាន​ចាក​ចេញ​ពី​នោះ ហើយ​បោះ​ទី​តាំង​នៅ​ក្បែរ​ក្រុង​អាស្កា‌ឡូន។ ប្រជាជន​ចេញ​ពី​ក្រុង​មក​ទទួល​ស្វាគមន៍​លោក​យ៉ាង​អធិក‌អធម។ 87 លោក​យ៉ូណាថាន និង​កង‌ទ័ព​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ទាំង​នាំ​យក​ជយ‌ភណ្ឌ​ជា​ច្រើន​ទៅ​ជា​មួយ​ផង។ 88 ពេល​ព្រះ‌បាទ​អឡិច‌សង់​ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ ព្រះ‌អង្គ​ប្រទាន​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​ឲ្យ​លោក យ៉ូណាថាន​ថែម​ទៀត 89 គឺ​ព្រះ‌រាជា​ប្រទាន​ក្លាស់​មាស​ឲ្យ​លោក ដូច​ព្រះ‌រាជា​ធ្លាប់​ប្រទាន​ឲ្យ​ញាតិ‌វង្ស​ដែរ។ ស្ដេច​ក៏​ប្រគល់​ក្រុង​អក្ការ៉ូន និង​តំបន់​ជុំ​វិញ​ក្រុង​នេះ ឲ្យ​លោក​យ៉ូណាថាន​ត្រួត​ត្រា​ដែរ។