ជំពូក ៩
លោកយូដាទទួលមរណភាព
1 ព្រះបាទដេម៉េទ្រីយ៉ូសទទួលដំណឹងថា លោកនីកាន័របាត់បង់ជីវិតនៅលើសមរភូមិ ហើយកងទ័ពរបស់លោក ត្រូវជនជាតិយូដាវាយកម្ទេចដូច្នេះ ព្រះអង្គចាត់លោកបាកឃីដែស និងលោកអាលគីម ឲ្យទៅវាយស្រុកយូដាម្ដងទៀត ដោយមានកងទ័ពពិសេសទៅជាមួយផង។ 2 លោកទាំងពីរធ្វើដំណើរឆ្ពោះទៅកាន់ស្រុកកាលីឡេ ហើយឡោមព័ទ្ធក្រុងម៉េសាឡូត ដែលនៅក្នុងទឹកដីពួកអបែល។ គេវាយដណ្ដើមយកក្រុងនោះបាន ហើយកាប់សម្លាប់ប្រជាជនមួយចំនួនធំ។ 3 នៅខែទីមួយ ឆ្នាំ១៥២ ពួកគេបោះទ័ពនៅទល់មុខក្រុងយេរូសាឡឹម។ 4 បន្ទាប់មក ពួកគេចាកចេញពីទីនោះទៅកាន់ភូមិបេសែត ដោយនាំទាំងពលទាហានថ្មើរជើងពីរម៉ឺននាក់ និងពលសេះពីរពាន់នាក់ផង។ 5 រីឯលោកយូដាបានបោះជំរំនៅភូមិអេឡាសា ដោយមានពលទាហានពិសេសចំនួនបីពាន់នាក់នៅជាមួយ។ 6 ពលទាហានរបស់លោកយូដាឃើញកងទ័ពសត្រូវមានគ្នាច្រើនយ៉ាងនេះ ពួកគេខ្លាចជាខ្លាំង ហើយរត់ចោលជួរអស់ជាច្រើន គឺនៅសល់តែប្រាំបីរយនាក់ប៉ុណ្ណោះ។ 7 លោកយូដាឃើញថា ពេលប្រយុទ្ធជិតចាប់ផ្ដើម កងទ័ពរបស់លោករលួសដូច្នេះ លោកព្រួយចិត្តយ៉ាងខ្លាំង ព្រោះលោកគ្មានពេលនឹងប្រមូលទ័ពរបស់លោកឡើងវិញបាន។ 8 លោកតប់ប្រមល់ ហើយមានប្រសាសន៍ទៅកាន់ពលទ័ព ដែលនៅសល់ថា៖ «ចូរនាំគ្នាចេញទៅប្រយុទ្ធជាមួយខ្មាំង! យើងប្រហែលអាចវាយឈ្នះពួកគេ»។ 9 រីឯពលទាហានមិនយល់ស្របតាមលោកទេ ហើយនិយាយថា៖ «ឥឡូវនេះ យើងមិនអាចធ្វើអ្វីបានឡើយ ក្រៅពីរត់ឲ្យរួចជីវិតសិនប៉ុណ្ណោះ! ចាំពេលក្រោយ យើងនឹងត្រឡប់មកវិញជាមួយបងប្អូនយើង ដើម្បីប្រយុទ្ធនឹងពួកគេទៀត! ព្រោះពេលនេះ យើងមានគ្នាតិចពេក!។ 10 លោកយូដាឆ្លើយតបថា៖ «ទេ! ខ្ញុំមិនរត់ចោលសមរភូមិជាដាច់ខាត ប្រសិនបើដល់ពេលយើងត្រូវស្លាប់នោះ យើងស្លាប់ដោយមានចិត្តក្លាហាន ដើម្បីប្រជាជនយើង។ យើងមិនត្រូវបង្អាប់បង្ឱនកិត្តិនាមរបស់យើងទេ»។
11 កងទ័ពរបស់ខ្មាំងចេញពីជំរំមករៀបចំមុខសញ្ញាវាយប្រហារលើពួកលោកយូដា។ កងទ័ពសេះបានបែងចែកគ្នាជាពីរកង ពលទ័ពកាន់ដង្ហក់ និងដើរនាំមុខកងទ័ព។ ពួកគេសុទ្ធតែជាទាហានក្លាហានបំផុត! 12 លោកបាកឃីដែសបញ្ជាខាងស្ដាំ។ កងទ័ពថ្មើរជើងចេញទៅជាពីរមុខព្រួញតាមសំឡេងត្រែ។ កងទ័ពរបស់លោកយូដាក៏ផ្លុំត្រែដែរ។ 13 ផែនដីកក្រើករញ្ជួយ ដោយសារតែស្នូរសន្ធឹកនៃកងទ័ពទាំងពីរ។ គេច្បាំងគ្នាតាំងពីព្រលឹមរហូតដល់ល្ងាច។ 14 លោកយូដាឃើញថា លោកបាកឃីដែស និងកងទ័ពមួយភាគធំរបស់គេនៅខាងស្ដាំ។ ពលទាហានដែលមានចិត្តអង់អាចក្លាហានមករួមនៅជាមួយលោកយូដា។ 15 ពួកគេបានវាយកម្ទេចកងទ័ពខាងស្ដាំរបស់ខ្មាំង ហើយដេញតាមរហូតដល់ជើងភ្នំអសារ៉ា។ 16 ប៉ុន្តែ កងទ័ពដែលនៅខាងឆ្វេងឃើញថា កងទ័ពខាងស្តាំរបស់គេត្រូវបាក់ទ័ពដូច្នេះ ពួកគេក៏ព័ទ្ធពីខាងក្រោយ ហើយវាយប្រហារមកលើលោកយូដាវិញ។ 17 គេច្បាំងគ្នាយ៉ាងខ្លាំងក្លាជាទីបំផុត ហើយបាត់បង់ជីវិតពលទាហានជាច្រើនទាំងសងខាង។ 18 លោកយូដាក៏បាត់បង់ជីវិតនៅពេលនោះដែរ ហើយពួកទាហានដែលនៅសេសសល់ទាំងប៉ុន្មាន ក៏បាក់ទ័ពអស់។ 19 លោកយ៉ូណាថាន និងលោកស៊ីម៉ូន នាំគ្នាយកសាកសពរបស់លោកយូដាជាបងប្អូន ទៅបញ្ចុះក្នុងផ្នូររបស់ដូនតាលោក នៅក្រុងម៉ូឌីន។ 20 ប្រជាជនអ៊ីស្រាអែលទាំងមូលយំអាណិតលោកយូដា ហើយកាន់ទុកជាយូរថ្ងៃ។ ពួកគេនិយាយថា៖ 21 «ម្ដេចក៏វីរបុរសសង្គ្រោះអ៊ីស្រាអែលបាត់បង់ជីវិតដូច្នេះ?» 22 កិច្ចការឯទៀតៗដែលលោកយូដាបានធ្វើ សង្គ្រាម និងការអស្ចារ្យដ៏ល្បីល្បាញរបស់លោកមានច្រើនសន្ធឹកសន្ធាប់ ដែលពុំអាចសរសេររៀបរាប់អស់ឡើយ។
លោកយ៉ូណាថានបន្តមុខតំណែងពីលោកយូដា
23 បន្ទាប់ពីលោកយូដាបាត់បង់ជីវិតទៅហើយនោះ ពួកជនពាលក៏លេចមុខទៀតនៅស្រុកអ៊ីស្រាអែលទាំងមូល ហើយអស់ជនទុច្ចរិតក៏ងើបមុខដែរ។ 24 ពេលនោះ មានកើតទុរ្ភិក្សយ៉ាងខ្លាំង ប្រជាជននៅក្នុងស្រុកទាំងប៉ុន្មាន ក៏សុខចិត្តចុះចូលជាមួយពួកគេ។ 25 លោកបាកឃីដែសបានជ្រើសរើសអ្នកខ្លះក្នុងចំណោមជនពាលទាំងនោះ ឲ្យគ្រប់គ្រងស្រុក។ 26 ពួកគេស្វែងរកចាប់បក្សពួករបស់លោកយូដាមកសួរចម្លើយ រួចនាំទៅជួបលោកបាកឃីដែស ដើម្បីធ្វើទារុណកម្ម និងចំអកដាក់បក្សពួករបស់លោកយូដាទៀតផង។ 27 នៅសម័យនោះ គេជិះជាន់សង្កត់សង្កិនប្រជាជនអ៊ីស្រាអែលយ៉ាងខ្លាំង តាំងពីពេលដែលលែងមានព្យាការីមក គេមិនដែលជួបប្រទះទាល់តែសោះ។ 28 ពេលនោះ មិត្តភក្តិរបស់លោកយូដាទាំងប៉ុន្មានក៏មកជួបជុំគ្នា ហើយនិយាយទៅកាន់លោកយ៉ូណាថានថា៖ 29 «តាំងពីពេលលោកយូដាជាបងរបស់លោកបាត់បង់ជីវិតទៅ គ្មាននរណាម្នាក់ដូចលោកយូដា អាចដឹកនាំពួកយើងក្នុងការប្រឆាំងនឹងសត្រូវលោកបាកឃីដែស និងជនក្បត់ជាតិយើងដូចគាត់ឡើយ។ 30 ដូច្នេះ នៅថ្ងៃនេះ យើងខ្ញុំសូមជ្រើសរើសលោក ដើម្បីបន្តតំណែងពីលោកយូដា គឺធ្វើជាមេដឹកនាំរបស់យើងខ្ញុំ និងធ្វើជាមេបញ្ជាការយើងខ្ញុំក្នុងការប្រយុទ្ធ»។ 31 លោកយ៉ូណាថានទទួលមុខងារជាមេដឹកនាំ ហើយបន្តតំណែងពីលោកយូដាជាបងរបស់លោក។
លោកយ៉ូណាថាននៅវាលរហោស្ថាន
32 កាលលោកបាកឃីដែសជ្រាបដំណឹងនេះ លោកក៏រកមធ្យោបាយសម្លាប់លោកយ៉ូណាថាន។ 33 មានគេប្រាប់លោកយ៉ូណាថាន និងលោកស៊ីម៉ូនជាបងរបស់លោក ព្រមទាំងអស់អ្នកដែលនៅជាមួយពីគម្រោងការនេះ។ ពួកគេរត់ភៀសខ្លួនទៅវាលរហោស្ថានតេគូអា ហើយបោះទីតាំងនៅក្បែរអាងទឹកនៅអស័រ។ 34 លោកបាកឃីដែសទទួលដំណឹងនេះនៅថ្ងៃសប្ប័ទ។ លោក និងកងទ័ពទាំងអស់របស់លោក នាំគ្នាឆ្លងកាត់ទន្លេយ័រដាន់។ 35 លោកយ៉ូណាថានចាត់លោកយ៉ូហាន ជាបងរបស់លោក ជាអ្នកទទួលខុសត្រូវចំពោះអស់អ្នកដែលមិនមែនជាទ័ពច្បាំង ឲ្យទៅសុំការអនុញ្ញាតពីជនជាតិណាបាតេ ជាមិត្ត ដើម្បីផ្ញើអីវ៉ាន់ និងស្បៀងអាហារយ៉ាងច្រើនរបស់ពួកគេ នៅក្នុងស្រុកណាបាតេផង។ 36 ប៉ុន្តែ កូនចៅរបស់លោកយ៉ាមប្រ៊ី នៅតំបន់ម៉ាដាប៉ា វាយស្ទាក់លោកយ៉ូហាននៅតាមផ្លូវ ព្រមទាំងចាប់រូបលោក និងរឹបអូសអីវ៉ាន់ទាំងអស់យកទៅ។ 37 ក្រោយពីហេតុការណ៍នោះមក លោកយ៉ូណាថាន និងលោកស៊ីម៉ូនជាបងរបស់លោក ទទួលដំណឹងថា កូនចៅលោកយ៉ាមប្រ៊ីកំពុងរៀបចំមង្គលការមួយយ៉ាងអធិកអធម គឺពួកគេដង្ហែកូនក្រមុំពីក្រុងណាបាតេមក។ នាងជាកូនរបស់អភិជនមួយរូបនៅស្រុកកាណាន។ 38 លោកយ៉ូណាថាន និងលោកស៊ីម៉ូននៅចាំច្បាស់ថា គឺពួកគេនេះហើយដែលបានសម្លាប់លោកយ៉ូហាន ជាបងរបស់លោក។ ពួកគេឡើងទៅពួនក្នុងគុហា 39 ឃើញមានមនុស្សជាច្រើនកំពុងហែមកយ៉ាងគគ្រឹកគគ្រេង និងមានអីវ៉ាន់ជាច្រើននាំមកជាមួយផង គឺមានកូនកំលោះ ញាតិមិត្ត អ្នកកំដរកំពុង ធ្វើដំណើរទៅទទួលកូនក្រមុំ ទាំងមានគេវាយស្គរ និងប្រគំភ្លេងយ៉ាងពីរោះ ព្រមទាំងប្រដាប់អាវុធផង។ 40 លោកយ៉ូណាថាន និងពួកលោកចេញពីកន្លែងលាក់ខ្លួន ស្ទុះទៅវាយប្រហារសត្រូវ សម្លាប់ពួកគេអស់ជាច្រើននាក់។ រីឯអ្នកដែលសេសសល់ពីស្លាប់រត់ទៅតំបន់ភ្នំ។ ពួកយូដារឹបអូសយកទ្រព្យសម្បត្តិរបស់គេទាំងអស់។ 41 ដូច្នេះ ពិធីមង្គលការត្រឡប់ទៅជាពិធីកាន់ទុក្ខ ហើយភ្លេងការក៏ក្លាយទៅជាបទទំនួញទួញសោកសង្រេងវិញដែរ។ 42 លោកយ៉ូណាថាន និងលោកស៊ីម៉ូនធ្វើដូច្នេះ ដើម្បីសងសឹកពួកគេដែលបានសម្លាប់បងរបស់ខ្លួន ហើយត្រឡប់មកកាន់មាត់ទន្លេយ័រដាន់វិញ។
ចម្បាំងនៅមាត់ទន្លេយ័រដាន់
43 ក្រោយពីបានទទួលដំណឹងពីរឿងនេះហើយ លោកបាកឃីដែស ក៏ចេញដំណើរមកកាន់មាត់ទន្លេយ័រដាន់នៅថ្ងៃសប្ប័ទ ទាំងនាំកងទ័ពមួយចំនួនធំមកជាមួយផង។ 44 លោកយ៉ូណាថានមានប្រសាសន៍ទៅកាន់កងទ័ពរបស់លោកថា៖ «ចូរក្រោកឡើង! យើងនាំគ្នាប្រយុទ្ធ ដើម្បីអាយុជីវិតរបស់យើង។ យើងមិនដែលជួបប្រទះនឹងសភាពការណ៍ដ៏ធ្ងន់ធ្ងរដូចថ្ងៃនេះទេ! 45 ខ្មាំងនៅពីមុខយើង ទឹកទន្លេនៅពីខាងក្រោយ មានភក់ និងព្រៃយ៉ាងក្រាស់គ្រប់កន្លែង យើងគ្មានផ្លូវថយក្រោយឡើយ។ 46 ដូច្នេះ ឥឡូវនេះ ចូរស្រែកអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រោសយើងឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!»។ 47 ការប្រយុទ្ធក៏ចាប់ផ្ដើម លោកយ៉ូណាថានលើកដៃបម្រុងនឹងសម្លាប់លោកបាកឃីដែស តែលោកបាកឃីដែសគេចផុតទៅខាងក្រោយកងទ័ពវិញ ហើយក៏រួចខ្លួនទៅ។ 48 លោកយ៉ូណាថាន និងកងទ័ពរបស់លោក លោតចូលក្នុងទន្លេយ័រដាន់ ហែលឆ្លងទៅត្រើយម្ខាង។ ប៉ុន្តែ ខ្មាំងមិនបានឆ្លងទន្លេយ័រដាន់ដេញតាមពួកគេទេ។ 49 នៅថ្ងៃនោះ ទ័ពរបស់លោកបាកឃីដែសបានបាត់បង់ជីវិត អស់ប្រហែលមួយពាន់នាក់នៅលើសមរភូមិ។
លោកបាកឃីដែសនៅស្រុកយូដា
50 លោកបាកឃីដែសត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយសង់កំពែងក្រុងជាច្រើននៅស្រុកយូដា។ លោកសង់កំពែងខ្ពស់ ព្រមទាំងទ្វារ និងធ្នឹមទៀតផង គឺកំពែងក្រុងយេរីខូ អេម៉ាអ៊ូស បេតហូរ៉ូន បេតអែល តាម៉ាតា ផារ៉ាតូន តេផូន។ 51 លោកបាកឃីដែសដាក់ទ័ពក្នុងក្រុងទាំងនោះ ដើម្បីវាយប្រហារជនជាតិអ៊ីស្រាអែល។ 52 លោកសង់កំពែងក្រុងបេតសួរ ក្រុងហ្កាសារ៉ា និងបន្ទាយ ក្រុងយេរូសាឡឹម។ លោកក៏ដាក់ទ័ព និងឃ្លាំងស្បៀងអាហារក្នុងក្រុងនីមួយៗ។ 53 លោកចាប់កូនប្រុសរបស់មេដឹកនាំទាំងប៉ុន្មានក្នុងស្រុក ធ្វើជាចំណាប់ខ្មាំង ហើយដាក់គុកកូនទាំងនោះនៅក្នុងបន្ទាយ ក្រុងយេរូសាឡឹម។
54 នៅខែទីពីរ ឆ្នាំ១៥៣ លោកអាលគីមបានបង្គាប់ឲ្យគេរំលំជញ្ជាំងនៃទីលានខាងក្នុងព្រះវិហារ គឺលោកបំផ្លាញស្នាដៃដែលព្យាការីបានកសាង។ លោកឲ្យគេចាប់ផ្ដើមរុះរើជញ្ជាំងនោះ ចោល។ 55 ពេលនោះ លោកអាលគីមឡើងឈាម ស្ពឹកដៃជើង គេក៏ឈប់រុះជញ្ជាំងនោះទៅ។ លោកមិនអាចបើកមាត់រួច សូម្បីតែនិយាយស្តីមួយម៉ាត់ក៏មិនបាន ហើយផ្តែផ្តាំអ្វីដល់គ្រួសារមួយម៉ាត់ក៏មិនកើតដែរ។ 56 លោកអាលគីមទទួលមរណភាពនៅពេលនោះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង។ 57 កាលលោកបាកឃីដែសដឹងថា លោកអាលគីមស្លាប់ហើយ លោកក៏ត្រឡប់ទៅគាល់ព្រះបាទដេម៉េទ្រីយ៉ូសវិញ។ ស្រុកយូដាក៏បានសេចក្ដីសុខសាន្តត្រាណក្នុងរយៈពេលពីរឆ្នាំ។
លោកបាកឃីដែសបរាជ័យ
58 គ្រានោះ ជនពាលទាំងប៉ុន្មានមកជួបជុំពិភាក្សាគ្នា ហើយពោលថា៖ «សូមគិតមើលលោកយ៉ូណាថាន និងបក្សពួករបស់គេរស់នៅដោយសេចក្ដីសុខសាន្ត ហើយគេគ្មានប្រយ័ត្នប្រយែងអ្វីឡើយ!។ ឥឡូវនេះ យើងសូមអញ្ជើញលោកបាកឃីដែសមក។ លោកមុខជាចាប់ពួកគេទាំងអស់តែមួយយប់ប៉ុណ្ណោះ»។ 59 ពួកជនពាលក៏នាំគ្នាទៅពិភាក្សាជាមួយលោកបាកឃីដែស។ 60 លោកបាកឃីដែសចេញដំណើរភ្លាម ទាំងនាំកងទ័ពយ៉ាងច្រើនទៅជាមួយផង។ លោកសរសេរលិខិតជាសម្ងាត់ទៅឲ្យបក្សពួករបស់លោកនៅស្រុកយូដា សូមឲ្យពួកគេចាប់លោកយ៉ូណាថាន និងអស់អ្នកនៅជាមួយផង។ ប៉ុន្តែ ពួកគេមិនអាចសម្រេចគម្រោងការនេះឡើយ ព្រោះត្រូវបែកការណ៍។ 61 ផ្ទុយទៅវិញ លោកយ៉ូណាថាន ចាប់ពួកមេបង្កើតគម្រោងការនេះនៅក្នុងស្រុកចំនួនហាសិបនាក់ យកទៅសម្លាប់ចោល។ 62 បន្ទាប់មក លោកយ៉ូណាថាន លោកស៊ីម៉ូន និងបក្សពួករបស់លោក ក៏ភៀសខ្លួនទៅវាលរហោស្ថានត្រង់ក្រុងបេតបាស៊ី។ ពួកគេជួសជុលក្រុងដែលបាក់បែកនោះ ហើយសង់កំពែងក្រុងនោះផង។ 63 កាលលោកបាកឃីដែសជ្រាបដំណឹងនេះ ក៏ប្រមូលកងទ័ពមកជួបជុំគ្នា និងប្រាប់បក្សពួករបស់គាត់ដែលនៅស្រុកយូដាឲ្យត្រៀមខ្លួន។ 64 លោកក៏បោះទ័ពនៅទល់មុខក្រុងបេតបាស៊ីនេះអស់រយៈពេលជាយូរថ្ងៃ ដោយប្រើគ្រឿងសឹកទៀតផង។ 65 លោកយ៉ូណាថានទុកលោកស៊ីម៉ូនជាបងឲ្យនៅក្នុងក្រុងនោះ រួចលោកនាំពលទាហានមួយចំនួនតូច ចេញពីក្រុងទៅកាន់ទីវាល។ 66 លោកវាយឈ្នះលោកអូដូម៉េរ៉ា និងបងប្អូនគេ ព្រមទាំងកូនចៅរបស់ផាស៊ីរ៉ូនដែលស្ថិតនៅក្នុងជំរំ។ ពួកនេះសុខចិត្តចូលរួមជាមួយលោកយ៉ូណាថាន ហើយនាំគ្នាវាយសម្រុកលើកងទ័ពរបស់លោកបាកឃីដែស។ 67 ពេលនោះ លោកស៊ីម៉ូន និងកងទ័ពរបស់លោកចេញពីទីក្រុងមក ហើយដុតបំផ្លាញគ្រឿងសឹករបស់ខ្មាំងចោល។ 68 ពួកគេវាយកម្ទេចកងទ័ពរបស់លោកបាកឃីដែស ហើយលោកបាកឃីដែសបាក់ទឹកចិត្តយ៉ាងខ្លាំង ព្រោះគម្រោងការរបស់គាត់ត្រូវបរាជ័យ។ 69 លោកខឹងនឹងជនជាតិយូដាដែលបានហៅលោកឲ្យមកតំបន់នោះ។ លោកសម្លាប់ពួកគេជាច្រើន រួចសម្រេចចិត្តវិលត្រឡប់ទៅស្រុករបស់លោកវិញ។ 70 កាលលោកយ៉ូណាថានជ្រាបដំណឹងនេះ គាត់ចាត់អ្នកនាំសារទៅជួបលោកបាកឃីដែស ដើម្បីចរចារកសន្តិភាព និងចរចាអំពីឈ្លើយ ឲ្យត្រឡប់មកស្រុកវិញ។ 71 លោកបាកឃីដែសយល់ព្រមតាមសំណូមពររបស់លោកយ៉ូណាថាន ដោយស្បថយ៉ាងម៉ឺងម៉ាត់ថា លោកមិនរករឿងជាមួយលោកយ៉ូណាថានអស់មួយជីវិត។ 72 លោកបាកឃីដែសប្រគល់អស់អ្នក ដែលលោកចាប់ជាឈ្លើយនៅស្រុកយូដា ឲ្យវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយឈប់មកឈ្លានពានទឹកដីយូដាទៀត។ 73 គ្រានោះ ស្រុកអ៊ីស្រាអែលលែងមានសង្គ្រាមទៀតហើយ។ លោកយ៉ូណាថានបានស្នាក់នៅក្នុងក្រុងម៉ាខម៉ា។ លោកគ្រប់គ្រងប្រជាជន ហើយលុបបំបាត់ជនពាលចេញពីចំណោមជនជាតិអ៊ីស្រាអែល។