ជំពូក ៨

ពាក្យ​សរសើរ​ជន​ជាតិ​រ៉ូម៉ាំង

1 លោក​យូដា​ឮ​គេ​និយាយ​អំពី​ឈ្មោះ​ល្បី​របស់​ជន​ជាតិ​រ៉ូម៉ាំង គឺ​ជន​ជាតិ​នោះ​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​ដ៏​អង់​អាច។ ពួក​គេ​មាន​ចិត្ត​សប្បុរស​ចំពោះ​ប្រជាជន​ដែល​ចូល​រួម​ជា​មួយ​គេ។ ពួក​គេ​តែង​តែ​គាំ​ទ្រ​អស់​អ្នក​ដែល​សូម​ទាក់​ទង​ជា​មួយ​ពួក​គេ។ ជន​ជាតិ​នោះ​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​ដ៏​អង់​អាច​មែន។ 2 គេ​រៀប​រាប់​ប្រាប់​លោក​យូដា អំពី​ការ​ធ្វើ​សង្គ្រាម​របស់​ពួក​គេ ជា​ពិសេស ជ័យ‌ជម្នះ​ដ៏​អស្ចារ្យ​របស់​ពួក​គេ​នៅ​ស្រុក​ហ្គោល គឺ​ពួក​គេ​បាន​បង្ក្រាប​អ្នក​ស្រុក ហើយ​បង្ខំ​ឲ្យ​បង់​សួយ​សារ​អាករ​ទៀត​ផង។ 3 គេ​រៀប​រាប់​អំពី​សឹក​សង្គ្រាម​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​នៅ​ស្រុក​អេស្ប៉ាញ ដើម្បី​ដណ្ដើម​យក​រ៉ែ​មាស និង​ប្រាក់​នៅ​ស្រុក​នោះ។ 4 ទោះ​ជា​ស្រុក​នេះ​នៅ​ឆ្ងាយ​ពី​ក្រុង​រ៉ូម​ក៏​ដោយ ក៏​ពួក​គេ​វាយ​ដណ្ដើម​យក​ស្រុក​នោះ​បាន ដោយ​ប្រាជ្ញា​វាង‌វៃ និង​ចិត្ត​ព្យាយាម​របស់​ពួក​គេ។ ជន​ជាតិ​រ៉ូម៉ាំង​មាន​ជ័យ‌ជម្នះ​លើ​ស្ដេច​ទាំង​ប៉ុន្មាន ដែល​យាង​មក​ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែន​ដី ដើម្បី​វាយ​ប្រហារ​ពួក​គេ។ ពួក​គេ​ក៏​បាន​វាយ​កម្ទេច​ស្ដេច​ទាំង​នោះ​ដែរ នាំ​ឲ្យ​ស្ដេច​ទាំង​នោះ​ទទួល​ការ​អន្ត‌រាយ​ជា​ទម្ងន់ ហើយ​បង្ខំ​ស្ដេច​ឯទៀតៗ​ឲ្យ​បង់​សួយ​សារ​អាករ​ប្រចាំ​ឆ្នាំ។ 5 ទី​បញ្ចប់ ជន​ជាតិ​រ៉ូម៉ាំង​បាន​វាយ​ឈ្នះ​ព្រះ‌បាទ​ភីលីព និង​ព្រះ‌បាទ​ពែរ‌សេ ជា​ស្ដេច​ស្រុក​ម៉ាសេ‌ដូន ព្រម​ទាំង​បង្ក្រាប​ជន​ជាតិ​ណា​ដែល​លើក​គ្នា​ប្រឆាំង​នឹង​ពួក​គេ​ទៀត​ផង។

6 ព្រះ‌បាទ​អន់ទី‌យ៉ូគូស ជា​ស្ដេច​ស្រុក​អាស៊ី យាង​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ជន​ជាតិ​រ៉ូម៉ាំង ដោយ​នាំ​ទ័ព​ដំរី​ចំនួន​១២០​ក្បាល កង‌ទ័ព‌សេះ រទេះ​ចម្បាំង និង​កង‌ទ័ព​ថ្មើរ​ជើង​ជា​ច្រើន​ទៅ​ជា​មួយ​ផង។ ប៉ុន្តែ ជន​ជាតិ​រ៉ូម៉ាំង​វាយ​កម្ទេច​កង‌ទ័ព​ទាំង​នោះ 7 ចាប់​ស្ដេច​ទាំង​រស់ និង​បង្ខំ​ទាំង​ព្រះ‌រាជា ទាំង​ស្ដេច​ដែល​ស្នង​រាជ្យ បន្ទាប់ៗ​មក ឲ្យ​បង់​សួយ​សារ​អាករ​មួយ​ដ៏​ធ្ងន់​តាម​ពេល​កំណត់ ព្រម​ទាំង​ត្រូវ​បញ្ជូន​ជា​ចំណាប់​ខ្មាំង​ទៀត​ផង។ ជន​ជាតិ​រ៉ូម៉ាំង​ក៏​រំដោះ 8 ស្រុក​ឥណ្ឌា ស្រុក​ម៉ែដ ស្រុក​លីឌី និង​អាណា​ខេត្ត​ខ្លះ​ដ៏​ល្អ​ជាង​គេ ពី​ការ​គ្រប់​គ្រង​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ថ្វាយ​ព្រះ‌បាទ​អើ‌មែន​ដែរ។ 9 ជន​ជាតិ​ក្រិក​សម្រេច​ចិត្ត​ទៅ​វាយ​កម្ទេច​ជន​ជាតិ​រ៉ូម៉ាំង ឲ្យ​សាប‌សូន្យ។ 10 ជន​ជាតិ​រ៉ូម៉ាំង​ជ្រាប​គម្រោង‌ការ​នេះ ហើយ​ចាត់​មេ‌ទ័ព​តែ​ម្នាក់​ឲ្យ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​គេ។ ពល‌ទាហាន​ក្រិក​ជា​ច្រើន​ស្លាប់​នៅ​លើ​សមរ‌ភូមិ ហើយ​ជន​ជាតិ​រ៉ូម៉ាំង​ចាប់​ប្រពន្ធ​កូន​ពួក​គេ​នាំ​យក​ទៅ​ជា​ឈ្លើយ។ ជន​ជាតិ​រ៉ូម៉ាំង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ ធ្វើ​ជា​ជយ‌ភណ្ឌ គ្រប់​គ្រង​ស្រុក​របស់​ពួក​គេ កម្ទេច​កំពែង​ក្រុង​នានា​របស់​ពួក​គេ​ចោល ហើយ​យក​ជន​ជាតិ​ក្រិក​ធ្វើ​ជា​ទាសករ​រហូត​ដល់​សព្វ​ថ្ងៃ។

11 ជន​ជាតិ​រ៉ូម៉ាំង​បាន​បំផ្លាញ និង​បង្ក្រាប​រាជា‌ណាចក្រ​ឯ​ទៀតៗ និង​កោះ​ទាំង​ប៉ុន្មាន​ដែល​ប្រឆាំង​នឹង​ពួក​គេ។ 12 ប៉ុន្តែ ពួក​គេ​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​មិត្ត‌ភក្តិ​គេ ចំពោះ​អស់​អ្នក​ដែល​ចង​សម្ពន្ធ‌មេត្រី និង​ពឹង​ពាក់​គេ។ ជន​ជាតិ​រ៉ូម៉ាំង​បាន​បង្ក្រាប​ស្ដេច​ទាំង​ជិត ទាំង​ឆ្ងាយ។ អស់​អ្នក​ដែល​ឮ​កិត្តិនាម​របស់​គេ​នាំ​គ្នា​ភ័យ​ខ្លាច​ជា​ខ្លាំង។ 13 គេ​តែង​តាំង​អ្នក​ដែល​គេ​ទុក​ចិត្ត ឲ្យ​ធ្វើ​ជា​ស្ដេច គឺ​ជន​ណា​ដែល​ពួក​គេ​យល់​ឃើញ​ថា​គួរ​ឲ្យ​គ្រង​រាជ្យ និង​គួរ​ឲ្យ​ទទួល​ការ​ឧបត្ថម្ភ​ពី​ពួក​គេ។ រីឯ​ស្ដេច​ដទៃ​ទៀត ពួក​គេ​ទម្លាក់​ចុះ​ពី​បល្ល័ង្ក។ ឥឡូវ​នេះ​អំណាច​របស់​គេ​ឡើង​ដល់​កំពូល​ហើយ។ 14 ប៉ុន្តែ ទោះ​យ៉ាង​នេះ​ក្ដី ក៏​គ្មាន​ជន​ជាតិ​រ៉ូម៉ាំង​ណា​ម្នាក់​ឡើង​សោយ​រាជ្យ​ដោយ​ពាក់​មកុដ​ឬ​ពាក់​ព្រះ‌ភូសា​ឡើយ!។ 15 ពួក​គេ​បង្កើត​ព្រឹទ្ធ‌សភា​មួយ ដែល​មាន​សមា‌ជិក​៣២០​នាក់​ប្រជុំ​គ្នា​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​របស់​ប្រជាជន និង​រក​សេចក្ដី​សុខ‌សាន្ត​ឲ្យ​ប្រជាជន​ទៀត​ផង។ 16 រៀង​រាល់​ឆ្នាំ គេ​ផ្ញើ​អំណាច​លើ​មនុស្ស​តែ​ម្នាក់​ដែល​ពួក​គេ​តែង​តាំង ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ពួក​គេ និង​ត្រួត‌ត្រា​លើ​ចក្រ‌ភព​ទាំង​មូល​របស់​គេ។ ប្រជាជន​ទាំង​អស់​ស្ដាប់​បង្គាប់​មនុស្ស​តែ​ម្នាក់​នោះ ដោយ​គ្មាន​ចិត្ត​ច្រណែន​ឈ្នានីស​ឡើយ។

ជន​ជាតិ​យូដា​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ជន​ជាតិ​រ៉ូម៉ាំង

17 លោក​យូដា​ជ្រើស‌រើស​លោក​អឺបួ‌លែម ជា​កូន​របស់​លោក​យ៉ូហាន ជា​ចៅ​របស់​លោក​អកូស ព្រម​ទាំង​លោក​យ៉ាសូន ជា​កូន​របស់​លោក​អេឡា‌សារ ហើយ​ចាត់​លោក​ទាំង​ពីរ​ឲ្យ​ទៅ​ក្រុង​រ៉ូម ដើម្បី​ចុះ​សន្ធិ​សញ្ញា និង​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ជន​ជាតិ​រ៉ូម៉ាំង។ 18 លោក​យូដា​ធ្វើ​ដូច្នេះ ដើម្បី​រំដោះ​ជន​ជាតិ​របស់​ខ្លួន ឲ្យ​រួច​ពី​នឹម​របស់​ពួក​ស៊ីរី​ដែល​ជិះ​ជាន់ និង​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​ទៅ​ជា​ទាសករ​របស់​គេ។ 19 លោក​ទាំង​ពីរ​ចេញ​ដំណើរ​ទៅ​ក្រុង​រ៉ូម។ ក្រោយ​ពី​ធ្វើ​ដំណើរ​អស់‌រយៈ​ពេល​យ៉ាង​យូរ លោក​អឺប៉ូ‌លែម និង​លោក​យ៉ាសូន​មក​ដល់​ក្រុង​រ៉ូម ហើយ​ចូល​ទៅ​ជួប​ព្រឹទ្ធ‌សភា រួច​មាន​ប្រសាសន៍​ថា៖ 20 «លោក​យូដា​ម៉ាកា‌បាយ និង​បង‌ប្អូន​របស់​លោក រួម​ទាំង​ប្រជាជន​យូដា ចាត់​យើង​ខ្ញុំ​ឲ្យ​មក​សុំ​សន្តិ‌ភាព និង​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​អស់​លោក។ យើង​ខ្ញុំ​សូម​ចុះ​សន្ធិ​សញ្ញា​ជា​ផ្លូវ​ការ ជា​សមាជិក​ក្នុង​ចំណោម​សម្ពន្ធមិត្ត និង​មិត្ត​របស់​អស់​លោក» 21 ព្រឹទ្ធ‌សភា​ពេញ​ចិត្ត ហើយ​យល់​ព្រម​តាម​សំណូម​ពរ​របស់​លោក​ទាំង​ពីរ។
22 នេះ​ជា​សេចក្ដី​ចម្លង​នៃ​លិខិត​ដែល​អស់​លោក​បាន​ចារឹក​លើ​បន្ទះ​លង្ហិន ផ្ញើ​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​រំឭក​ជន​ជាតិ​យូដា អំពី​សន្ធិ​សញ្ញា​សម្ពន្ធ‌មិត្ត និង​សន្តិ‌ភាព៖
23 «សូម​ឲ្យ​ជន​ជាតិ​រ៉ូម៉ាំង និង​ជន​ជាតិ​យូដា​រីក​ចម្រើន​ឡើង ទាំង​នៅ​លើ​ដែន​សមុទ្រ ទាំង​នៅ​លើ​ផែន​ដី​ជា​ដរាប​ត​រៀង​ទៅ! សូម​ឲ្យ​ខ្មាំង​សត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ជាតិ​ទាំង​ពីរ!។ 24 ប៉ុន្តែ ប្រសិន​បើ​ខ្មាំង​សត្រូវ​វាយ​ប្រហារ​ក្រុង​រ៉ូម ឬ​សម្ពន្ធ‌មិត្ត​ណា​មួយ​នៃ​ក្រុង​នេះ នៅ​កន្លែង​ណា​ដែល​ជន​ជាតិ​រ៉ូម៉ាំង​គ្រប់‌គ្រង 25 ប្រជា‌ជាតិ​យូដា​នឹង​ចូល​រួម​ជា​មួយ​ក្រុង​ធ្វើ​សង្គ្រាម ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម តាម​សេចក្ដី​ត្រូវ​ការ​នៅ​ពេល​នោះ។ 26 តាម​ការ​សម្រេច​របស់​ក្រុង​រ៉ូម ជន​ជាតិ​យូដា​មិន​ត្រូវ​ផ្ដល់​ស្បៀង​អាហារ អាវុធ ប្រាក់ ឬ​សំពៅ​ឲ្យ​ពួក​ខ្មាំង​សត្រូវ សូម្បី​តែ​ខ្ចី​ក៏​មិន​បាន​ដែរ។ ជន​ជាតិ​យូដា​ត្រូវ​តែ​គោរព​កិច្ច​ព្រម​ព្រៀង​នេះ ដោយ​មិន​ទទួល​អ្វី​ជា​សគុណ​វិញ​ឡើយ។ 27 តាម​របៀប​ដដែល ប្រសិន​បើ​ខ្មាំង​សត្រូវ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ជន​ជាតិ​យូដា ជន​ជាតិ រ៉ូម៉ាំង​នឹង​ចូល​រួម​ជា​មួយ​ជន​ជាតិ​យូដា​ធ្វើ​សង្គ្រាម ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម តាម​សេចក្ដី​ត្រូវ​ការ​នៅ​ពេល​នោះ​ដែរ។ 28 ជន​ជាតិ​រ៉ូម៉ាំង​ក៏​មិន​ត្រូវ​ផ្ដល់​ស្បៀង អាវុធ ប្រាក់ ឬ​សំពៅ​ឲ្យ​ខ្មាំង តាម​ការ​សម្រេច​របស់​ក្រុង​រ៉ូម​ដូច​គ្នា។ ជន​ជាតិ​រ៉ូម៉ាំង​នឹង​គោរព​កិច្ច​ព្រម​ព្រៀង​នេះ​ដោយ​ស្មោះ។ 29 ជន​ជាតិ​រ៉ូម៉ាំង​ចុះ​សន្ធិ​សញ្ញា​ជា​មួយ​ជន​ជាតិ​យូដា តាម​លក្ខន្តិកៈ​នេះ។ 30 នៅ​ពេល​អនាគត ប្រសិន​បើ​សម្ពន្ធ‌មិត្ត​ទាំង​ពីរ​សម្រេច​ចិត្ត​នឹង​បន្ថែម ឬ​បន្ថយ​សេចក្ដី​ណា​មួយ ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ គេ​នឹង​ប្រព្រឹត្ត​បាន​តាម​ការ​សម្រេច​របស់​ពួក​គេ ហើយ​ត្រូវ​អនុវត្ត​តាម​សេចក្ដី​បន្ថែម ឬ​បន្ថយ​នោះ ទុក​ជា​ផ្លូវ​ការ​តាម​ច្បាប់»។ 31 ចំពោះ​អំពើ​អាក្រក់​ដែល​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស បាន​ប្រព្រឹត្ត មក​លើ​ប្រជាជន​យូដា យើង​បាន​សរសេរ​លិខិត​ថ្វាយ​ព្រះ‌មហា​ក្សត្រ ដែល​មាន​សេចក្ដី​ដូច​ត​ទៅ៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ជិះ​ជាន់​សង្កត់​សង្កិន​ប្រជាជន​យូដា ដែល​ជា​មិត្ត និង​សម្ពន្ធ‌មិត្ត​របស់​យើង​ដូច្នេះ? 32 ប្រសិន​បើ​ពួក​គេ​នៅ​តែ​ប្ដឹង​យើង​អំពី​ព្រះ‌ករុណា​ម្ដង​ទៀត យើង​នឹង​គាំ‌ទ្រ​ពួក​គេ ហើយ​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ព្រះ‌ករុណា ទាំង​នៅ​ដែន​សមុទ្រ ទាំង​នៅ​លើ​ដី​ផង»។