ជំពូក ៧
ព្រះបាទដេម៉េទ្រីយ៉ូសឡើងសោយរាជ្យ
1 នៅឆ្នាំ ១៥១ ព្រះអង្គម្ចាស់ដេម៉េទ្រីយ៉ូស ជាបុត្ររបស់ព្រះបាទសេលើគូស រត់ចេញពីក្រុងរ៉ូម ទាំងនាំពលទាហានមួយក្រុមតូចមកជាមួយផង។ ព្រះអម្ចាស់យាងទៅគង់ក្នុងក្រុងមួយនៅតាមឆ្នេរសមុទ្រ ហើយប្រកាសខ្លួនជាស្ដេចសោយរាជ្យ។ 2 ពេលព្រះបាទដេម៉េទ្រីយ៉ូសយាងចូលទៅរាជវាំងរបស់អយ្យកោកងទ័ពបានចាប់ព្រះបាទអន់ទីយ៉ូគូស និងលោកលីស៊ីយ៉ាបម្រុងនឹងបញ្ជូនមកថ្វាយស្ដេច។ 3 ព្រះបាទដេម៉េទ្រីយ៉ូសជ្រាបដំណឹងនេះហើយ ក៏មានរាជឱង្ការថា៖ «យើងមិនចង់ឃើញមុខពួកគេទេ!»។ 4 ដូច្នេះ កងទ័ពប្រហារជីវិតលោកទាំងពីរ ហើយព្រះបាទដេម៉េទ្រីយ៉ូសក៏ឡើងសោយរាជ្យ។ 5 នៅគ្រានោះ ជនពាលក្បត់សាសនា ដែលរស់នៅស្រុកអ៊ីស្រាអែលមួយចំនួន ចូលមកគាល់ស្ដេច ដោយមានលោកអាលគីមជាអ្នកនាំមុខគេ។ លោកអាលគីមនោះមានចិត្តលោភលន់ ចង់បានមុខងារជាមហាបូជាចារ្យ។ 6 ពួកគេក៏និយាយមួលបង្កាច់ប្រជាជនរបស់ខ្លួន ដោយទូលស្ដេចថា៖ «លោកយូដា និងបងប្អូនគាត់ បានសម្លាប់អស់អ្នកដែលគាំទ្រស្ដេច ហើយបណ្ដេញទូលបង្គំយើងខ្ញុំចេញពីស្រុកទៀតផង។ 7 ហេតុនេះ សូមព្រះករុណាចាត់មនុស្សម្នាក់ដែលគួរទុកចិត្ត ឲ្យទៅពិនិត្យមើលអ្វីៗទាំងប៉ុន្មាន ដែលលោកយូដាបានបំផ្លាញនៅលើទឹកដីរបស់ទូលបង្គំយើងខ្ញុំ និងក្នុងស្រុកព្រះករុណា។ សូមព្រះអង្គដាក់ទោសលោកយូដា បងប្អូនគាត់ និងបក្សពួកដែលជួយគេផង»។
បេសកកម្មរបស់លោកបាកឃីដែស
8 ព្រះមហាក្សត្រជ្រើសរើសលោកបាកឃីដែស ជាមន្ត្រីជំនិត ដែលត្រួតលើស្រុកនៅខាងនាយទន្លេអឺប្រាត។ លោកមានឋានៈខ្ពង់ខ្ពស់ក្នុងរាជាណាចក្រ ហើយស្មោះត្រង់ចំពោះស្ដេច។ 9 ព្រះរាជាចាត់លោកឲ្យទៅជាមួយជនពាលអាលគីម។ ព្រះអង្គក៏តែងតាំងលោកអាលគីមឲ្យបំពេញមុខងារជាមហាបូជាចារ្យ ហើយបញ្ជាឲ្យលោកអាលគីមធ្វើបាបជនជាតិយូដា ដើម្បីសងសឹក។ 10 លោកទាំងពីរចេញដំណើរដោយនាំកងទ័ពជាច្រើនទៅជាមួយផង។ លុះមកដល់ស្រុកយូដា គេចាត់អ្នកនាំសារទៅជួបលោកយូដា និងបងប្អូនលោក ដើម្បីចចារសុំសន្តិភាព ក្នុងគោលបំណងបញ្ឆោតអស់លោក។ 11 ប៉ុន្តែ ជនជាតិយូដាឃើញថា លោកទាំងពីរមកស្រុកគេទាំងនាំកងទ័ពដ៏ខ្លាំងពូកែមកជាមួយផងនោះ គេក៏មិនជឿទុកចិត្តលើកិច្ចចរចារបស់លោកទាំងពីរទេ។ 12 ប៉ុន្តែ មានគណៈកម្មការធម្មាចារ្យទៅជួបជុំនៅផ្ទះលោកអាលគីម និងលោកបាកឃីដែស ដើម្បីចរចាស្វែងរកសន្តិភាពដ៏ត្រឹមត្រូវ។ 13 ក្នុងចំណោមជនជាតិអ៊ីស្រាអែល មានពួកហាស្ស៊ីឌីមសុខចិត្តចុះកិច្ចព្រមព្រៀងសន្តិភាពមុនគេ។ 14 ពួកហាស្ស៊ីឌីមនោះនិយាយថា៖ «លោកអាលគីមដែលមកជាមួយកងទ័ពរបស់ស្ដេច ជាបូជាចារ្យម្នាក់ក្នុងវង្សត្រកូលលោកអរ៉ុន! លោកមុខជាមិនប្រព្រឹត្តអំពើទុច្ចរិតចំពោះពួកយើងទេ!»។ 15 លោកអាលគីមចេះតែពោលជាមួយគេអំពីសន្តិភាព ហើយអះអាងដោយស្បថថា៖ «យើងនឹងមិនធ្វើបាបអ្វីចំពោះបងប្អូន ឬចំពោះមិត្តភក្ដិរបស់បងប្អូនឡើយ!»។ 16 ពួកគេជឿទុកចិត្តពាក្យសម្ដីផ្អែមល្ហែមរបស់លោកអាលគីម។ ប៉ុន្តែ លោកអាលគីមចាប់ពួកហាស្ស៊ីឌីមចំនួនហុកសិបនាក់ យកទៅប្រហារជីវិតក្នុងថ្ងៃតែមួយ ដូចមានចែងទុកក្នុងគម្ពីរថា៖ 17 «ពួកគេបានបង្ហូរឈាមអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ ព្រមទាំងទុកសាកសពចោលពាសពេញនៅជុំវិញក្រុងយេរូសាឡឹម។ គ្មាននរណាម្នាក់យកសាកសពរបស់គេទៅបញ្ចុះឡើយ»។ 18 ពេលនោះ ប្រជាជនទាំងអស់ជ្រួលច្របល់ និងភ័យខ្លាច ហើយនិយាយថា៖ «ពួកនេះជាមនុស្សកុហកបោកប្រាស់ ប្រព្រឹត្តអំពើទុច្ចរិត គេមិនគោរពកិច្ចព្រមព្រៀង និងបំពានសម្បថរបស់គេហើយ»។ 19 រីឯលោកបាកឃីដែសវិញ លោកចាកចេញពីក្រុងយេរូសាឡឹម ទៅបោះទ័ពនៅក្រុងបេតសែត។ លោកបញ្ជាឲ្យគេទៅចាប់ជនជាតិយូដាជាច្រើន ដែលចូលខាងលោក និងប្រជាជនខ្លះយកទៅកាត់ក ហើយយកសាកសពរបស់ពួកគេ ទៅបោះចោលក្នុងអណ្តូងដ៏ជ្រៅមួយ។ 20 លោកប្រគល់អាណាខេត្តនេះឲ្យលោកអាលគីមកាន់កាប់ ព្រមទាំងទុកកងទ័ពសម្រាប់ជួយលោកផង រួចលោកបាកឃីដែសវិលត្រឡប់ទៅរកព្រះមហាក្សត្រវិញ។ 21 លោកអាលគីមខិតខំរិះរកមធ្យោបាយ ដើម្បីឲ្យប្រជាជនទទួលស្គាល់លោក ជាមហាបូជាចារ្យ។ 22 ពួកអ្នកបង្កចលាចលក្នុងចំណោមប្រជាជន ក៏បានចូលរួមជាមួយដែរ។ ពួកគេកាន់កាប់ស្រុកយូដា និងធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំងផង។ 23 លោកយូដាយល់ឃើញថា លោកអាលគីម និងបក្សពួកគេ ធ្វើបាបចំពោះជនជាតិអ៊ីស្រាអែលខ្លាំងជាងសាសន៍ដទៃ ដែលបានធ្វើបាបប្រជាជនអ៊ីស្រាអែលពីមុននោះទៅទៀត។ 24 ដូច្នេះ លោកធ្វើដំណើរទៅគ្រប់តំបន់នៃស្រុកយូដាទាំងមូល។ លោកប្រហារជីវិតពួកក្បត់សាសនា និងរារាំងផ្លូវពួកគេមិនឲ្យធ្វើដំណើរឆ្លងកាត់ស្រុកឡើយ។
លោកនីកាន័រ
25 លោកអាលគីមយល់ឃើញថា លោកយូដា និងមិត្តភក្តិរបស់លោក មានកម្លាំងកាន់តែខ្លាំងឡើងៗ មិនអាចទប់ទល់បានដូច្នេះ គាត់ក៏ត្រឡប់ទៅគាល់ព្រះមហាក្សត្រវិញ ហើយចោទប្រកាន់ថា ពួកគេប្រព្រឹត្តការអាក្រក់ជាច្រើន។
26 ព្រះរាជាចាត់លោកនីកាន័រ ជាមេទ័ពម្នាក់ក្នុងចំណោមមេទ័ពដែលមានឈ្មោះល្បីជាងគេ ជាអ្នកដែលស្អប់ ហើយប្រឆាំងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង។ លោកទទួលរាជបញ្ជាឲ្យប្រល័យពូជសាសន៍អ៊ីស្រាអែលទាំងអស់។ 27 លោកមកដល់ក្រុងយេរូសាឡឹម ទាំងនាំកងទ័ពជាច្រើនមកជាមួយផង។ លោកមានប្រសាសន៍ទៅកាន់លោកយូដា និងបងប្អូនរបស់លោកអំពីសន្តិភាព ដោយមានបំណងចង់បញ្ឆោតគេថា៖ 28 «យើងមិនត្រូវវាយប្រយុទ្ធគ្នាឡើយ។ ខ្ញុំមកជួបអស់លោក ដើម្បីចរចារកសន្តិភាព ខ្ញុំនាំកងការពារតែមួយចំនួនតូចប៉ុណ្ណោះមកជាមួយ»។ 29 លោកមកដល់ផ្ទះលោកយូដា ហើយលោកទាំងពីរសួរសុខទុក្ខគ្នាដូចមិត្តធម្មតា ប៉ុន្តែ ពួកសត្រូវត្រៀមនឹងចាប់លោកយូដា។ 30 លោកយូដាយល់ឃើញថា លោកនីកាន័រមកផ្ទះគាត់នេះ គឺមានគម្រោងបោកបញ្ឆោត គាត់ភ័យខ្លាច ហើយមិនព្រមនិយាយចរចាទៀតឡើយ។ 31 ពេលនោះ លោកនីកាន័រយល់ឃើញថា គេស្គាល់កលល្បិចរបស់ខ្លួន ក៏នាំកងទ័ពទៅប្រយុទ្ធនឹងលោកយូដា នៅក្បែរក្រុងខាផាសាឡាម៉ា។ 32 ពេលនោះ មានកងទ័ពរបស់លោកនីកាន័រប្រហែលប្រាំរយនាក់ បាត់បង់ជីវិតនៅលើសមរភូមិ ហើយកងទ័ពដែលនៅសេសសល់ពីស្លាប់ រត់គេចខ្លួនទៅកាន់បុរីព្រះបាទដាវីឌ។ 33 ក្រោយពីហេតុការណ៍នោះមក លោកនីកាន័រធ្វើដំណើរទៅកាន់ភ្នំស៊ីយ៉ូន។ ពេលនោះ មានក្រុមបូជាចារ្យ និងព្រឹទ្ធាចារ្យខ្លះ ចេញពីព្រះវិហារទៅទទួលលោកនីកាន័រយ៉ាងរាក់ទាក់ ព្រមទាំងថ្វាយតង្វាយដុតទាំងមូល ដែលគេធ្លាប់ថ្វាយព្រះជាម្ចាស់ ដើម្បីឲ្យព្រះអង្គប្រទានពរដល់ព្រះមហាក្សត្រ។ 34 ប៉ុន្តែ លោកនីកាន័រចំអក ហើយជេរប្រមាថពួកគេ ដោយពោលពាក្យយ៉ាងព្រហើនផង។ 35 លោកខឹងជាខ្លាំង ហើយស្បថថា៖ «លើកនេះ ប្រសិនបើអ្នករាល់គ្នាមិនបញ្ជូនយូដា និងកងទ័ពរបស់គេមកក្នុងកណ្ដាប់ដៃខ្ញុំទេ ហើយប្រសិនបើខ្ញុំទទួលជ័យជម្នះនោះ ពេលខ្ញុំវិលត្រឡប់មកវិញ ខ្ញុំមុខជាដុតបំផ្លាញព្រះវិហារនេះចោល!»។ លោកចេញទៅទាំងក្រេវក្រោធយ៉ាងខ្លាំង។ 36 លោកបូជាចារ្យនាំគ្នាចូលខាងក្នុងព្រះវិហារវិញ រួចឈរនៅមុខអាសនៈ និងនៅមុខព្រះវិហារ ហើយទូលអង្វរដោយយំថា៖ 37 «បពិត្រព្រះជាម្ចាស់! ព្រះអង្គបានជ្រើសរើសព្រះដំណាក់នេះ ជាព្រះដំណាក់របស់ព្រះអង្គផ្ទាល់ ដើម្បីឲ្យទៅជាកន្លែងអធិដ្ឋាន និងអង្វរព្រះអង្គផង។ 38 សូមព្រះអង្គព្រះមេត្តាដាក់ទោសជននេះ និងកងទ័ពរបស់គេ! សូមឲ្យពួកគេស្លាប់ដោយមុខដាវ! សូមកុំបំភ្លេចពាក្យប្រមាថរបស់ពួកគេ! សូមកុំត្រាប្រណីពួកគេឡើយ»។
លោកនីកាន័របាត់បង់ជីវិត
39 លោកនីកាន័រចាកចេញពីក្រុងយេរូសាឡឹមទៅបោះទ័ពនៅក្រុងបេតហូរ៉ូន។ មានកងទ័ពពីស្រុកស៊ីរីចូលមករួមជាមួយលោកនៅទីនោះ។ 40 រីឯលោកយូដា និងពលទ័ពចំនួនបីពាន់នាក់វិញ បានបោះទ័ពនៅភូមិអាដាសា។ លោកយូដាទូលអង្វរព្រះជាម្ចាស់ដូចតទៅ៖ 41 «បពិត្រព្រះជាម្ចាស់! កាលពីដើម នៅពេលមានអ្នកនាំសាររបស់ស្ដេចប្រមាថព្រះអង្គ ទេវទូតរបស់ព្រះអង្គយាងមក ហើយប្រហារជីវិតសត្រូវ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ 42 នៅថ្ងៃនេះ សូមព្រះអង្គកម្ទេចកងទ័ពនោះ នៅមុខពួកយើងខ្ញុំផង! សូមឲ្យកងទ័ពឯទៀតៗដឹងថា លោកនីកាន័របានជេរប្រមាថទីសក្ការៈរបស់ព្រះអង្គ។ សូមដាក់ទោសគាត់ តាមអំពើអាក្រក់ដែលគាត់បានធ្វើ»។ 43 ថ្ងៃទី១៣ ខែអាដារ ដែលត្រូវនឹងខែផល្គុន កងទ័ពទាំងពីរប្រយុទ្ធគ្នា ហើយកងទ័ពរបស់លោកយូដាកម្ទេចកងទ័ពរបស់លោកនីកាន័រ។ លោកនីកាន័រក៏បាត់បង់ជីវិតនៅលើសមរភូមិមុនគេបង្អស់។ 44 កាលពលទាហានរបស់លោកនីកាន័រឃើញថា មេទ័ពរបស់ខ្លួនត្រូវគេសម្លាប់ហើយ ពួកគេបោះអាវុធចោល ហើយរត់យកតែប្រាសអាយុគ្រប់ៗគ្នា។ 45 កងទ័ពយូដាដេញតាមពួកគេអស់មួយថ្ងៃ តាំងពីក្រុងអាដាសារ រហូតដល់ទីវាលក្បែរក្រុងហ្កាសារ៉ា ព្រមទាំងមានស្នូរត្រែលាន់ឮរំពងទៀតផង។ 46 ប្រជាជនយូដាចេញពីគ្រប់ភូមិមកឡោមព័ទ្ធពួកគេ និងដេញកៀងពួកគេទៅឲ្យកងទ័ពរបស់លោកយូដា។ សត្រូវដួលនៅមុខដាវ ហើយគ្មាននរណាម្នាក់រត់រួចពីស្លាប់ឡើយ។ 47 ជនជាតិយូដាប្រមូលអាវុធរបស់សត្រូវ និងជយភណ្ឌ។ គេកាត់ក និងដៃស្តាំរបស់លោកនីកាន័រ គឺដៃដែលលោកបានលើកឡើងយ៉ាងព្រហើនប្រឆាំងនឹងព្រះវិហារ។ គេយកទាំងក្បាល និងដៃរបស់លោក ទៅតាំងនៅក្រុងយេរូសាឡឹម ឲ្យមនុស្សម្នាឃើញគ្រប់ៗគ្នា។ 48 ប្រជាជនយូដាត្រេកអរយ៉ាងក្រៃលែង គេនាំគ្នាធ្វើបុណ្យនៅថ្ងៃនោះផង។ 49 គេចេញច្បាប់កំណត់យកថ្ងៃទី ១៣ ខែអាដារ ដែលត្រូវនឹងខែផល្គុន ឲ្យប្រជាជនប្រារព្ធធ្វើពិធីបុណ្យជារៀងរាល់ឆ្នាំ។ 50 សន្តិភាពក៏កើតមានក្នុងស្រុកយូដាតែក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។