ជំពូក ៥
លោកយូដាច្បាំងជាមួយជនជាតិអេដុម និងជនជាតិអាំម៉ូន
1 ប្រជាជាតិដែលរស់នៅជុំវិញស្រុកអ៊ីស្រាអែលជ្រាបថា ពួកគេសង់អាសនៈ និងជួសជុលទីសក្ការៈ ឲ្យបានដូចកាលពីមុនឡើងវិញ។ 2 ពេលនោះ ប្រជាជាតិក្រេវក្រោធយ៉ាងខ្លាំង ហើយសម្រេចចិត្តនឹងបំផ្លាញពូជពង្ស របស់លោកយ៉ាកុប ដែលរស់នៅក្នុងចំណោមពួកគេឲ្យផុតពូជ។ ពួកគេចាប់ផ្ដើមកាប់សម្លាប់ប្រជាជន។ 3 លោកយូដាចេញទៅវាយប្រហារកូនចៅរបស់លោកអេសាអ៊ូ នៅស្រុកអេដុម និងនៅស្រុកអាក្រាបាទែន ព្រោះពួកគេបិទផ្លូវមិនឲ្យប្រជាជនអ៊ីស្រាអែលចេញចូល។ លោកកម្ទេចពួកគេឲ្យបរាជ័យយ៉ាងធ្ងន់ធ្ងរ ព្រមទាំងរឹបអូសយកជយភណ្ឌពីពួកគេទៀតផង។
4 បន្ទាប់មក លោកនឹកចាំពីអំពើអាក្រក់របស់កូនចៅលោកបាយ៉ាន។ ពួកគេចេះតែពួនចាំស្ទាក់វាយប្រជាជនអ៊ីស្រាអែល ក្នុងពេលធ្វើដំណើរដូចជាដាក់អន្ទាក់ និងបង្កឧបសគ្គផ្សេងៗ។ 5 លោកឡោមព័ទ្ធបន្ទាយរបស់ពួកគេ ហើយស្បថយ៉ាងម៉ឺងម៉ាត់ថា នឹងបំផ្លាញពួកគេថ្វាយព្រះជាម្ចាស់ គាត់ដុតបន្ទាយរបស់ពួកគេ ព្រមទាំងដុតអស់អ្នកដែលនៅក្នុងបន្ទាយទាំងនោះដែរ។ 6 បន្ទាប់មក លោកចេញទៅវាយជនជាតិអាំម៉ូន។ នៅស្រុកនោះ លោកជួបប្រយុទ្ធជាមួយកងទ័ពដ៏ខ្លាំងក្លា និងមានគ្នាយ៉ាងច្រើន ដែលនៅក្រោមបញ្ជារបស់លោកធីម៉ូថេ។ 7 លោកយូដាប្រយុទ្ធនឹងពួកគេជាច្រើនលើក ទីបំផុត លោកក៏ទទួលជ័យជម្នះដោយកម្ទេចពួកគេអស់ដែរ។ 8 លោកវាយដណ្ដើមយកក្រុងយ៉ាស៊ែរ និងភូមិដែលនៅជុំវិញក្រុងនោះ រួចលោកវិលត្រឡប់មកស្រុកយូដាវិញ។
ជនជាតិយូដានៅស្រុកកាឡាដ និងស្រុកកាលីឡេ រងទុក្ខលំបាក
9 ប្រជាជាតិនានាដែលនៅស្រុកកាឡាដ ព្រួតដៃគ្នាប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ដែលរស់នៅលើទឹកដីរបស់គេ ដើម្បីលុបបំបាត់ពួកគេឲ្យអស់ពូជ។ ជនជាតិអ៊ីស្រាអែលក៏នាំគ្នាទៅជ្រកនៅបន្ទាយក្រុងដាថេម៉ា។ 10 ពួកគេសរសេរលិខិតផ្ញើទៅលោកយូដា និងបងប្អូនរបស់លោកដែលមានសេចក្ដីដូចតទៅ៖ «ប្រជាជាតិនានាព្រួតដៃគ្នាប្រឆាំងនឹងយើង បម្រុងនឹងបំផ្លាញពួកយើងឲ្យអស់ ដោយមានលោកធីម៉ូថេ ជាមេបញ្ជាការរបស់ពួកគេ។ 11 ពួកយើងមកជ្រកនៅក្នុងបន្ទាយ ប៉ុន្តែ ពួកគេរៀបចំលើកទ័ពមកវាយបន្ទាយដែលយើងកំពុងតែជ្រកនោះ។ 12 ឥឡូវនេះ សូមលោកមេត្តាមកជួយសង្គ្រោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេផង ដ្បិតគ្នាយើងជាច្រើនបានបាត់បង់ជីវិតទៅហើយ!។ 13 ខ្មាំងបានសម្លាប់បងប្អូនយើង ដែលរស់នៅ ក្នុងតំបន់របស់លោកតូប៊ីតអស់ ហើយពួកគេកៀរ ប្រពន្ធកូនចៅរបស់បងប្អូនយើងយកទៅជាឈ្លើយ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិរបស់បងប្អូនយើងផង។ មានកងទ័ពរបស់យើង ប្រហែលមួយពាន់នាក់បានបាត់បង់ជីវិតនៅទីនោះ»។
14 នៅពេលលោកយូដាកំពុងអានលិខិតនោះ ស្រាប់តែមានអ្នកនាំសារម្នាក់ផ្សេងទៀតមកពីស្រុកកាលីឡេ ដោយមានសម្លៀកបំពាក់រហែក នាំដំណឹងដដែលមកប្រាប់ទៀត។ 15 ពួកគេនិយាយថា៖ «កងទ័ពក្រុងផ្ទោឡេម៉ៃស៍ ក្រុងទីរ៉ុស និងក្រុងស៊ីដូន រួមជាមួយកងទ័ពជនជាតិបរទេសនៃស្រុកកាលីឡេ ដើម្បីបំផ្លាញពួកយើងឲ្យផុតពូជហើយ!»។ 16 ពេលលោកយូដា និងប្រជាជនបានដឹងពីហេតុការណ៍ទាំងនោះ គេកោះហៅបើកអង្គប្រជុំយ៉ាងធំ ដើម្បីពិភាក្សាគ្នាអំពីកិច្ចការដែលគេត្រូវធ្វើ ដើម្បីជួយរំដោះបងប្អូនដែលត្រូវប្រជាជាតិដទៃសង្កត់សង្កិន និងវាយប្រហារ។ 17 យូដាមានប្រសាសន៍ ទៅកាន់លោកស៊ីម៉ូនជាបងរបស់លោកថា៖ «សូមបងជ្រើសរើសពលទាហាន ហើយចេញដំណើរទៅរំដោះបងប្អូន ដែលនៅស្រុកកាលីឡេ។ ចំណែកខ្ញុំ និងប្អូនយ៉ូណាថាន ចេញដំណើរទៅកាន់ស្រុកកាឡាដ»។ 18 លោកយូដាទុកលោកយ៉ូសែប ជាកូនលោកសាការី និងលោកអសារីយ៉ា ជាមេដឹកនាំប្រជាជន ព្រមទាំងកងទ័ពដែលនៅសល់ឲ្យការពារស្រុកយូដា។ 19 លោកបញ្ជាទៅលោកទាំងពីរថា៖ «ចូរគ្រប់គ្រងប្រជាជន! កុំចេញច្បាំងជាមួយសាសន៍ដទៃឲ្យសោះ មុនពេលយើងវិលត្រឡប់មកវិញ!។ 20 លោកស៊ីម៉ូននាំទ័ពបីពាន់នាក់ចេញដំណើរទៅស្រុកកាលីឡេ ហើយលោកយូដា នាំទ័ពប្រាំបីពាន់នាក់ ដើម្បីចេញទៅស្រុកកាឡាដ។
ចម្បាំងនៅស្រុកកាលីឡេ និងស្រុកកាឡាដ
21 លោកស៊ីម៉ូនទៅដល់ស្រុកកាលីឡេ ហើយចេញប្រយុទ្ធជាច្រើនលើក ជាមួយកងទ័ពសាសន៍ដទៃ។ លោកទទួលបានជ័យជម្នះ ហើយកម្ទេចពួកគេវិនាសអស់។ 22 លោកដេញតាមសម្លាប់ពួកគេរហូតដល់ទ្វារទីក្រុងផ្ទោឡេម៉ៃស៍។ លោកប្រហារជីវិតសាសន៍ដទៃប្រហែលបីពាន់នាក់ នៅលើសមរភូមិ និងរឹបអូសយកជយភណ្ឌពីគេផង។ 23 លោកនាំជនជាតិយូដាដែលរស់នៅក្នុងស្រុកកាលីឡេ និងស្រុកអបាតា ជាមួយប្រពន្ធកូនរបស់ពួកគេ និងទ្រព្យសម្បត្តិទាំងអស់មកនៅស្រុកយូដា ទាំងមានសេចក្ដីត្រេកអរសប្បាយរីករាយយ៉ាងក្រៃលែង។
24 លោកយូដាម៉ាកាបាយ និងលោកយ៉ូណាថាន ជាប្អូនរបស់លោក ឆ្លងទន្លេយ័រដាន់ ហើយធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថាន។ 25 ពួកគេជួបនឹងជនជាតិណាបាតេដែលទទួលពួកគេយ៉ាងរាក់ទាក់ ហើយតំណាលរៀបរាប់អំពីហេតុការណ៍ដែលកើតឡើង ដល់បងប្អូនរបស់ពួកគេដែល រស់នៅក្នុងស្រុកកាឡាដនោះ។ 26 អ្នកទាំងនោះប្រាប់ថា ខ្មាំងឡោមព័ទ្ធក្រុងបូសូរ៉ា ក្រុងអាឡេម៉ា ក្រុងខាផូ ក្រុងម៉ាគេ និងក្រុងការណៃដែលសុទ្ធតែជាក្រុងធំ និងមានកំពែងផង។ 27 ខ្មាំងក៏ឡោមព័ទ្ធក្រុងផ្សេងៗទៀតនៅស្រុកកាឡាដ ហើយមានគម្រោងវាយដណ្ដើមក្រុងទាំងនោះ នៅថ្ងៃស្អែក និងប្រហារជីវិតប្រជាជនដែលរស់នៅតាមបន្ទាយទាំងនោះ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ 28 ដូច្នេះ លោកយូដា និងកងទ័ពរបស់លោក ក៏ដើរកាត់តាមវាលរហោស្ថានភ្លាម ឆ្ពោះទៅកាន់ក្រុងបូសូរ៉ា។ លោកវាយយកក្រុងនោះ ហើយសម្លាប់ប្រុសៗទាំងប៉ុន្មាន ដែលនៅក្នុងក្រុង ព្រមទាំងរឹបអូសយកជយភណ្ឌ រួចដុតទីក្រុងនោះចោល។
29 បន្ទាប់មក ពួកគេចេញដំណើរពីទីនោះទាំងយប់ ហើយធ្វើដំណើរទៅកាន់ក្រុងដាថេម៉ា។ 30 ពេលថ្ងៃរះ ពួកគេឃើញកងទ័ពជាច្រើនកំពុងដាក់ជណ្ដើរ និងរុញគ្រឿងប្រដាប់ប្រដាចម្បាំងដើម្បីវាយយកទីក្រុង។ ខ្មាំងចាប់ផ្ដើមវាយក្រុងនេះ។ 31 គ្រានោះ លោកយូដាសង្កេតឃើញថា ការប្រយុទ្ធចាប់ផ្ដើម ហើយលោកក៏ឮសំឡេងអ្នកក្រុងលាន់ឡើង ព្រមទាំងមានស្នូរត្រែ និងសម្រែកផង។ 32 លោកយូដា មានប្រសាសន៍ទៅកាន់កងទ័ពរបស់លោកថា៖ «ចូរប្រយុទ្ធនៅថ្ងៃនេះ ដើម្បីបងប្អូនរបស់យើង!» 33 លោកបែងចែកពលទាហានជាបីកង ទៅវាយប្រហារសត្រូវពីខាងក្រោយ។ កងទ័ពក៏ផ្លុំត្រែឡើង ហើយនាំគ្នាស្រែកទូលអង្វរព្រះជាអម្ចាស់។ 34 គ្រានោះ កងទ័ពរបស់លោកធីម៉ូថេដឹងថា លោកយូដាម៉ាកាបាយមកដល់ ក៏បាក់ទ័ពរត់ខ្ចាត់ខ្ចាយចេញបាត់អស់។ លោកយូដាវាយខ្មាំងឲ្យបរាជ័យ យ៉ាងធ្ងន់ធ្ងរ និងសម្លាប់ពួកគេអស់ប្រមាណជាប្រាំបីពាន់នាក់នៅថ្ងៃនោះ។ 35 បន្ទាប់មក លោកយូដាចេញដំណើរឆ្ពោះទៅក្រុងអាលេម៉ា វាយដណ្ដើមយកក្រុងនោះ ហើយសម្លាប់ប្រុសៗទាំងប៉ុន្មាន ដែលនៅក្នុងក្រុង ព្រមទាំងរឹបអូសយកជយភណ្ឌ រួចដុតក្រុងនេះចោល។ 36 លោកចាកចេញពីទី នោះទៅវាយដណ្ដើមយកក្រុងខាសផូ ម៉ាកែដ បូសូរ៉ា និងក្រុងនានាក្នុងស្រុកកាឡាដ។
37 ក្រោយពីព្រឹត្តិការណ៍ទាំងនោះមក លោកធីម៉ូថេប្រមូលកងទ័ពជាថ្មីទៀត និងបោះទ័ពនៅទល់មុខក្រុងរ៉ាភូន ដែលនៅត្រើយម្ខាងនៃជ្រោះ។ 38 លោកយូដាចាត់មនុស្សឲ្យទៅស៊ើបការណ៍នៅជំរំខ្មាំង ហើយគេត្រឡប់មកវិញរាយការណ៍ជូនលោកថា៖ «ជាតិសាសន៍ទាំងប៉ុន្មានដែលរស់នៅជុំវិញយើង ចូលរួមជាមួយលោកធីម៉ូថេ ធ្វើជាកងទ័ពមួយយ៉ាងខ្លាំង 39 គេជួលពួកអារ៉ាប់ឲ្យមកជួយច្បាំង ហើយបោះទ័ពនៅត្រើយម្ខាងជ្រោះ ត្រៀមខ្លួនមកវាយប្រហារលោក»។ ដូច្នេះ លោកយូដាលើកទ័ពទៅវាយពួកគេ 40 ហើយក៏មកដល់ជិតជ្រោះ។ ពេលនោះ លោកធីម៉ូថេប្រាប់មេទ័ពរបស់គាត់ថា៖ «ប្រសិនបើលោកយូដាមកដល់ទីនេះ មុនយើងឆ្លងទៅរកគេ ពួកយើងមិនអាចតទល់នឹងគេបានឡើយ ដ្បិតគេងាយវាយយើង។ 41 ផ្ទុយទៅវិញ ប្រសិនបើលោកភ័យខ្លាច ហើយបោះទ័ពនៅត្រើយម្ខាងនោះ ពួកយើងនឹងឆ្លងទៅវាយប្រហារពួកគេ ហើយពេលនោះ ពួកយើងនឹងមានជ័យជម្នះលើពួកគេជាពុំខាន!»។ 42 ពេលលោកយូដាឆ្លងមកដល់មាត់ជ្រោះ លោកដាក់មេទ័ពតាមបណ្ដោយមាត់ជ្រោះទាំងបញ្ជាថា៖ «កុំឲ្យនរណាម្នាក់ស្នាក់នៅទីនេះឡើយ គឺត្រូវចេញច្បាំងទាំងអស់គ្នា»។ 43 លោកឆ្លងជ្រោះ ទៅប្រយុទ្ធនឹងសត្រូវមុនគេបង្អស់ ហើយកងទ័ពទាំងមូលក៏ឆ្លងតាមក្រោយដែរ។ លោកវាយកម្ទេចកងទ័ពសាសន៍ដទៃរហូតដល់បាក់ទ័ព ទាំងបោះអាវុធចោល រត់គេចទៅកាន់ទីសក្ការៈនៅក្រុងការណាអ៊ីន។ 44 កងទ័ពរបស់លោកយូដាវាយដណ្ដើមយកក្រុងនោះ រួចដុតកម្ទេចទីសក្ការៈ និងអស់អ្នកដែលរស់នៅទីនោះដែរ។ លោករំលំក្រុងការណាអ៊ីនចោល។ តាំងពីពេលនោះមក គ្មានកងទ័ពណាអាចទប់ទល់នឹងលោកយូដាឡើយ។
45 លោកយូដាប្រមូលជនជាតិអ៊ីស្រាអែលទាំងប៉ុន្មានដែលរស់នៅស្រុកកាឡាដ ទាំងអ្នកតូចដល់អ្នកធំ ដោយមានប្រពន្ធកូន និងទ្រព្យសម្បត្តិរួមជាមួយផង ហើយនាំគ្នាទៅស្រុកយូដា។ ពួកគេមានគ្នាច្រើនណាស់។ 46 ពួកគេធ្វើដំណើរមកដល់ក្រុងអេផ្រូន ជាក្រុងដ៏ធំ មានកំពែងរឹងមាំទៀតផង។ ពួកគេមិនអាចធ្វើដំណើរវាងទៅខាងស្តាំ ឬខាងឆ្វេងក្រុងនេះបានទេ ដូច្នេះ ពួកគេត្រូវតែដើរតាមកណ្ដាលក្រុងនេះ។ 47 ប៉ុន្តែ អ្នកក្រុងអេផ្រូនមិនព្រមឲ្យពួកគេធ្វើដំណើរឆ្លងកាត់ ក្រុងរបស់គេឡើយ ហើយថែមទាំងយកថ្ម មកឃាំងមាត់ទ្វារក្រុងផង។ 48 លោកយូដាចាត់គេឲ្យទៅសុំចរចា ដោយប្រាប់ថា៖ «យើងខ្ញុំសុំផ្លូវធ្វើដំណើរកាត់តាមតំបន់របស់អស់លោក ដើម្បីទៅកាន់ស្រុករបស់យើងខ្ញុំ។ យើងខ្ញុំមិនធ្វើបាបអ្នករាល់គ្នាទេ គឺគ្រាន់តែសុំផ្លូវដើរកាត់ប៉ុណ្ណោះ»។ 49 ពេលនោះ លោកយូដាចេញបញ្ជាទៅកងទ័ពឲ្យត្រៀមខ្លួនប្រយុទ្ធតាមកន្លែងរៀងៗខ្លួន កងទ័ពក៏ត្រៀមខ្លួនវាយប្រហារក្រុងនេះ។ 50 លោកយូដាប្រយុទ្ធអស់មួយថ្ងៃមួយយប់ ទើបដណ្ដើមយកទីក្រុងបាន។ 51 លោកយូដាប្រហារជីវិតប្រុសៗទាំងប៉ុន្មានដែលរស់នៅក្រុងនោះ ដោយមុខដាវ បំផ្លាញក្រុងចោល រឹបអូសយកជយភណ្ឌ រួចលោក និងកងទ័ពដើរកាត់ក្រុងនេះ ដោយជាន់សាកសពអ្នកក្រុងនោះទៀតផង។ 52 ពួកគេឆ្លងទន្លេយ័រដាន់ ឆ្ពោះទៅកាន់វាលទំនាបដែលនៅទល់មុខក្រុងបេតសាន។ 53 នៅតាមផ្លូវ លោកយូដាតែងតែទៅមក ព្រមទាំងប្រមូលពួកអ្នកដែលធ្វើដំណើរយឺត ទាំងលើកទឹកចិត្តប្រជាជន រហូតទៅដល់ស្រុកយូដា។ 54 ពួកគេបានឡើងទៅលើភ្នំស៊ីយ៉ូន ទាំងអរសប្បាយជាខ្លាំង ហើយនាំគ្នាថ្វាយតង្វាយដុតទាំងមូល ដើម្បីអរព្រះគុណព្រះជាម្ចាស់ ដ្បិតពួកគេត្រឡប់មកវិញ ដោយសេចក្ដីសុខសាន្តគ្មាននរណាម្នាក់បាត់បង់ជីវិតឡើយ។
ការតយុទ្ធនៅស្រុកអ៊ីឌូមែ
55 ក្នុងពេលដែលលោកយូដា និងលោកយ៉ូណាថាននៅស្រុកកាឡាដ លោកស៊ីម៉ូនជាប្អូនរបស់គាត់ កំពុងប្រយុទ្ធនៅក្រុងផ្ទោឡេម៉ៃស៍ ក្នុងស្រុកកាលីឡេ។ 56 លោកយ៉ូសែបជាកូនរបស់លោកសាការី និងលោកអសារីយ៉ា ជាមេទ័ព បានទទួលដំណឹងអំពីជ័យជម្នះដ៏អស្ចារ្យរបស់លោកយូដា និងលោកយ៉ូណាថាន។ 57 លោកទាំងពីរក៏ពិភាក្សាគ្នាថា៖ «យើងនាំគ្នាចេញទៅប្រយុទ្ធជាមួយសាសន៍ដទៃដែលរស់នៅជុំវិញយើងទៅ! នោះយើងមុខជាមានឈ្មោះល្បីដូចគេមិនខាន!»។ 58 លោកទាំងពីរក៏បញ្ជាទៅកងទ័ព ដែលនៅក្រោមបង្គាប់របស់លោក ឲ្យចេញទៅវាយលុកលុយទីក្រុងយ៉ាមនីយ៉ា។ 59 ឯលោកគ័រស៊ីយ៉ាស និងកងទ័ពរបស់លោក ក៏ចេញពីក្រុងនោះទៅច្បាំងដែរ។ 60 ហើយក៏វាយឈ្នះកងទ័ពរបស់លោកយ៉ូសែប និងលោកអសារីយ៉ា ថែមទាំងដេញតាមប្រហារពួកគេ រហូតដល់ព្រំប្រទល់ស្រុកយូដាទៀតផង។ នៅថ្ងៃនោះ កងទ័ពអ៊ីស្រាអែលប្រមាណពីរពាន់នាក់ បានបាត់បង់ជីវិតនៅលើសមរភូមិ។ 61 កងទ័ពអ៊ីស្រាអែលបរាជ័យជាទម្ងន់ ព្រោះមេទ័ពទាំងពីរមិនស្ដាប់លោកយូដា និងបងប្អូនរបស់លោក ដោយនឹកស្មានថាលោកទាំងពីរអាចធ្វើការអស្ចារ្យដែរ។ 62 ប៉ុន្តែ លោកទាំងពីរពុំមែនជាពូជវីរបុរសដែលព្រះជាម្ចាស់បានចាត់ឲ្យមកសង្គ្រោះប្រជាជនអ៊ីស្រាអែលនោះឡើយ។
63 លោកយូដា និងបងប្អូនរបស់លោក ជាវីរបុរសដ៏អង់អាច ប្រកបដោយភាពរុងរឿងថ្កើងថ្កាន ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងមូល និងក្នុងចំណោមប្រជាជាតិទាំងប៉ុន្មាន ដែលឮឈ្មោះរបស់អស់លោក។ 64 មនុស្សម្នាប្រជ្រៀតគ្នាមកសរសើរអស់លោក។ 65 បន្ទាប់មក លោកយូដា និងបងប្អូន ក៏ចេញទៅធ្វើសង្គ្រាមនឹងជនជាតិអេដុម ដែលស្ថិតនៅតំបន់ខាងត្បូង។ លោកវាយដណ្ដើមយកក្រុងអេប្រូន និងភូមិដែលនៅជុំវិញ រំលំកំពែងក្រុងនោះ ហើយដុតប៉មដែលនៅលើកំពែងទៀតផង។ 66 បន្ទាប់មក លោកចេញដំណើរ ឆ្ពោះទៅកាន់ស្រុកភីលីស្ទីន ហើយដើរកាត់ក្រុងម៉ារីសា។ 67 នៅថ្ងៃនោះ អស់លោកបូជាចារ្យដែលចង់សម្ដែងពីសេចក្ដីក្លាហានរបស់ខ្លួន នាំគ្នាចេញទៅច្បាំងដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវស្លាប់នៅលើសមរភូមិ។ 68 ក្រោយមក លោកយូដាងាកទៅកាន់ក្រុងអសូតូ នៅក្នុងស្រុករបស់ជនជាតិភីលីស្ទីន។ លោកបំផ្លិចបំផ្លាញកន្លែងថ្វាយយញ្ញបូជារបស់ពួកគេ ដុតរូបបដិមានៃព្រះរបស់ពួកគេ ហើយរឹបអូសយកជយភណ្ឌក្នុងក្រុងទាំងនោះ វិលត្រឡប់ទៅកាន់ស្រុកយូដាវិញ។