ជំពូក ៣
ពាក្យសរសើរលោកយូដាម៉ាកាបាយ
1 លោកយូដាហៅម៉ាកាបាយជាបុត្ររបស់លោកម៉ាថាធីយ៉ាស ឡើងកាន់ទ័ពជំនួសឪពុក។ 2 បងប្អូនទាំងអស់ និងអស់អ្នកដែលចូលខាងឪពុកគាត់ ក៏នាំគ្នាគាំទ្រគាត់ដែរ ហើយរីករាយនឹងប្រយុទ្ធ ដើម្បីជនជាតិអ៊ីស្រាអែល។ 3 លោកយូដាធ្វើឲ្យកេរ្តិ៍ឈ្មោះដ៏រុងរឿងរបស់ជនជាតិលោកល្បីល្បាញឡើង។ ពេលលោកពាក់អាវក្រោះ លោកប្រៀបដូចជាវីរបុរសដ៏ឆ្នើម។ លោកកាន់អាវុធ ហើយចេញទៅធ្វើសង្គ្រាម ការពារទីតាំងទ័ពដោយដាវលោកផ្ទាល់។ 4 ក្នុងពេលបំពេញភារកិច្ច លោកប្រៀបដូចជាសត្វតោមួយដ៏សាហាវ និងដូចកូនសិង្ហ កំពុងគ្រហឹមចាប់សត្វស៊ីដែរ។ 5 លោកស្វែងរកអ្នកដែលបំពានលើធម្មវិន័យ ហើយដេញពួកគេចេញ ព្រមទាំងដុតសម្លាប់ពួកអ្នក ដែលបង្កឲ្យប្រជាជនមានចលាចល។ 6 ជនពាលបាត់បង់អំណាចដោយភ័យខ្លាចលោក ហើយពួកទមិឡរកច្រកចេញមិនរួច លោកបានរំដោះប្រជាជនជាស្ថាពរ។ 7 លោកធ្វើទុក្ខបុកម្នេញស្ដេចជាច្រើនអង្គ ហើយស្នាដៃរបស់លោកផ្ដល់អំណរដល់ប្រជាជនអ៊ីស្រាអែលយ៉ាងខ្លាំង។ គួរឲ្យនឹកចាំ និងកោតសរសើរអស់កល្បជានិច្ច។ 8 លោកធ្វើដំណើរទៅកាន់ក្រុងនានានៅស្រុកយូដា ហើយវាយជនពាលទាំងអស់ នៅក្រុងទាំងនោះឲ្យវិនាស។ លោកធ្វើឲ្យព្រះជាម្ចាស់លែងព្រះពិរោធនឹងប្រជាជនអ៊ីស្រាអែល។ 9 កិត្តិនាមរបស់លោកល្បីរន្ទឺរហូតដល់ទីដាច់ស្រយាលនៃផែនដី ហើយលោកក៏ប្រមូលផ្ដុំអស់អ្នកដែលរស់នៅខ្ចាត់ខ្ចាយ ឲ្យរួមគ្នាវិញ។
លោកយូដាមានជ័យជម្នះលើលោកអប៉ូឡូនីយូស
10 លោកអប៉ូឡូនីយូស កេណ្ឌសាសន៍ដទៃ ព្រមទាំងជនជាតិសាម៉ារី មកធ្វើជាកងទ័ពមួយដ៏មានកម្លាំងអង់អាច ដើម្បីវាយប្រហារជនជាតិអ៊ីស្រាអែល។ 11 លោកយូដាជ្រាបហេតុការណ៍នេះ ហើយក៏ចេញទៅប្រយុទ្ធតទល់នឹងពួកគេ។ លោកវាយឈ្នះគេហើយប្រហារជីវិតលោកអប៉ូឡូនីយូសទៀតផង។ ពលទាហានរបស់លោកអប៉ូឡូនីយូសជាច្រើនបាត់បង់ជីវិត ហើយពួកដែលរួចពីស្លាប់ក៏បាក់ទ័ពរត់អស់ទៅ។ 12 ជនជាតិយូដារឹបអូសយកទ្រព្យជយភណ្ឌរបស់ខ្មាំង។ រីឯលោកយូដាក៏រើសយកដាវរបស់លោកអប៉ូឡូនីយូស ហើយប្រើដាវនោះជារៀងរាល់ថ្ងៃនៅពេលវាយខ្មាំង។ 13 លោកសេរ៉ុនជាមេទ័ពស្រុកស៊ីរីទទួលដំណឹងថា លោកយូដាបានប្រមូលផ្តុំកងទ័ព និងក្រុមអ្នកដែលមានជំនឿស្មោះត្រង់ ដើម្បីធ្វើសង្គ្រាម។ 14 គាត់គិតថា៖ «ខ្ញុំត្រូវតែទៅប្រយុទ្ធនឹងយូដា ព្រមទាំងអស់អ្នកនៅជាមួយ ដែលមិនគោរពរាជបញ្ជារបស់ព្រះមហាក្សត្រនោះ! ធ្វើដូច្នេះ ខ្ញុំមុខជាមានកេរ្តិ៍ឈ្មោះ និងកិត្តិយសនៅក្នុងរាជាណាចក្រទាំងមូលមិនខាន»។ 15 លោកក៏ចេញទៅប្រយុទ្ធនឹងលោកយូដា ដោយនាំកងទ័ពមួយចំនួនធំ ដែលសុទ្ធតែពួកទមិឡ ដើម្បីវាយសងសឹកនឹងប្រជាជនអ៊ីស្រាអែល។ 16 នៅពេលលោកសេរ៉ុនធ្វើដំណើរតាមផ្លូវឡើងទៅក្រុងបេតហូរ៉ូន លោកយូដាក៏ចេញទៅស្ទាក់ផ្លូវលោកសេរ៉ុន ដោយមានពលទាហានតែមួយក្រុមតូចប៉ុណ្ណោះទៅជាមួយ។ 17 កាលដែលពលទាហានឃើញកងទ័ព ដែលកំពុងតែឡើងមកវាយពួកគេ ពួកគេសួរលោកយូដាថា៖ «យើងមានគ្នាតិចយ៉ាងនេះ! តើយើងអាចប្រយុទ្ធនឹងកងទ័ព ដែលមានគ្នាច្រើន ហើយមានកម្លាំងខ្លាំងក្លាបែបនេះដូចម្ដេចកើត? ម្យ៉ាងទៀត យើងអស់កម្លាំង ព្រោះយើងមិនទាន់បរិភោគអ្វី នៅឡើយ!»។ 18 លោកយូដាមានប្រសាសន៍ថា៖ «ក្រុមដែលមានគ្នាតិច អាចយកជ័យជម្នះលើកងទ័ពមួយធំយ៉ាងស្រួល។ ព្រះជាម្ចាស់មិនត្រូវការគ្នាច្រើន ឬគ្នាតិច ដើម្បីឈ្នះខ្មាំងទេ។ 19 នៅលើសមរភូមិ ជ័យជម្នះមិនស្ថិតនៅលើចំនួនកងទ័ពឡើយ គឺស្ថិតនៅលើឫទ្ធានុភាព ដែលព្រះជាម្ចាស់ប្រទានមកនោះវិញ។ 20 ពួកសត្រូវមកវាយយើងទាំងមានចិត្តអួតបំប៉ោង និងឃោរឃៅ។ ពួកវាមានគម្រោងសម្លាប់យើង និងប្រពន្ធកូនយើង ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិរបស់យើងទៀតផង។ 21 រីឯយើងវិញ យើងវាយតបតឲ្យរួចជីវិត និងការពារសាសនារបស់យើងប៉ុណ្ណោះ 22 ព្រះជាម្ចាស់នឹងកម្ទេចសត្រូវ នៅមុខយើងជាពុំខាន! ដូច្នេះ កុំខ្លាចពួកវាអី!»។
23 កាលលោកមានប្រសាសន៍ចប់សព្វគ្រប់ហើយ លោកយូដាវាយសម្រុកខ្មាំងសត្រូវនៅពេលដែលគេមិនដឹងខ្លួន ហើយកម្ទេចកងទ័ពរបស់លោកសេរ៉ុនអស់។ 24 យុទ្ធជនដែលរស់នៅជាមួយលោកយូដា ដេញពួកខ្មាំងសត្រូវតាមផ្លូវចុះពីភូមិបេតហូរ៉ូន រហូតទៅដល់វាលទំនាប ហើយបានសម្លាប់ពួកគេប្រហែលប្រាំបីរយនាក់។ ពលទាហានដែលរួចពីស្លាប់ក៏រត់គេចខ្លួនទៅស្រុកភីលីស្ទីន។ 25 តាំងពីពេលនោះមក ជាតិសាសន៍ដទៃដែលនៅជុំវិញចាប់ផ្ដើមភ័យខ្លាចញាប់ញ័រចំពោះលោកយូដា និងបងប្អូនរបស់គាត់។ 26 កិត្តិនាមរបស់លោកយូដាលេចឮដល់ព្រះបាទអន់ទីយ៉ូគូស ហើយប្រជាជាតិនានានិយាយតំណាលអំពីការប្រយុទ្ធរបស់លោក។
ព្រះបាទអន់ទីយ៉ូគូសតែងតាំងលោកលីស៊ីយ៉ាឲ្យកម្ទេចជនជាតិអ៊ីស្រាអែល
27 ពេលព្រះបាទអន់ទីយ៉ូគូសជ្រាបពីព្រឹត្តិការណ៍ទាំងនោះហើយ ព្រះអង្គព្រះពិរោធជាខ្លាំង ក៏ចេញរាជបញ្ជាឲ្យប្រមូលកងទ័ពទាំងអស់ក្នុងរាជាណាចក្រទាំងមូល មកធ្វើជាកងទ័ពមួយដ៏ខ្លាំងអស្ចារ្យ 28 ហើយយករាជទ្រព្យមកបើកប្រាក់ខែគ្រប់មួយឆ្នាំដល់ពលទាហាន ដោយមានរាជបញ្ជាឲ្យពួកគេត្រៀមខ្លួនជានិច្ច។ 29 គ្រានោះ ព្រះរាជាសង្កេតឃើញថា ប្រាក់ក្នុងឃ្លាំងរាជទ្រព្យត្រូវអស់ គឺមកពីការប្រមូលប្រាក់ពន្ធអាករតាមអាណាខេត្តថយចុះ។ ការខ្វះខាតនេះបណ្ដាលមកពីព្រះរាជាបង្កចលាចល និងគ្រោះមហន្តរាយក្នុងស្រុក ដោយលុបបំបាត់សាសនា ដែលមានតាំងពីដើមរៀងមក។ 30 ព្រះរាជាតែងតែចាយប្រាក់ជាច្រើន និងប្រទានអំណោយយ៉ាងទូលំទូលាយ លើសពីស្ដេចមុនៗទៅទៀត។ ប៉ុន្តែពេលនេះ ព្រះអង្គបារម្ភថា ពុំមានលទ្ធភាពនឹងចែកចាយប្រាក់ដូចពីមុនបាន។ 31 ដូច្នេះ ព្រះមហាក្សត្រមានព្រះហឫទ័យខ្វល់ខ្វាយយ៉ាងខ្លាំង ព្រះអង្គសម្រេចយាងទៅស្រុកពែរ្ស ដើម្បីទារពន្ធអាករពីបណ្ដាខេត្តនានានៅក្នុងស្រុកនោះ ហើយប្រមូលប្រាក់បានយ៉ាងច្រើនផង។ 32 ព្រះរាជាតែងតាំងលោកលីស៊ីយ៉ា ជាអ្នកមានកេរ្តិ៍ឈ្មោះ និងជាប់រាជវង្ស ធ្វើជាអ្នកគ្រប់គ្រងលើរាជាណាចក្រទាំងមូល ចាប់តាំងពីទន្លេអឺប្រាត រហូតដល់ព្រំប្រទល់ស្រុកអេស៊ីប។ 33 ព្រះរាជាក៏ប្រគល់ឲ្យលោកលីស៊ីយ៉ាទទួលខុសត្រូវ លើការអប់រំព្រះរាជបុត្រឈ្មោះអន់ទីយ៉ូគូសជំនួសព្រះរាជា រហូតដល់ពេលព្រះអង្គយាងត្រឡប់មកវិញ។ 34 ព្រះរាជាទុកកងទ័ពពាក់កណ្ដាល ព្រមទាំងដំរីចម្បាំង ឲ្យលោកលីស៊ីយ៉ា ហើយក៏បញ្ជាឲ្យលោកបំពេញកិច្ចការដែលព្រះអង្គបានសម្រេច ជាពិសេស ចំពោះប្រជាជនស្រុកយូដា និងក្រុងយេរូសាឡឹម។ 35 លោកលីស៊ីយ៉ាត្រូវចាត់កងទ័ពទៅវាយកម្ទេចកងកម្លាំងប្រជាជនអ៊ីស្រាអែល និងអ្នកដែលនៅសេសសល់ក្នុងក្រុងយេរូសាឡឹមឲ្យផុតពូជ ដើម្បីលុបបំបាត់ឈ្មោះពួកគេឲ្យអស់ពីលើផែនដី។ 36 លោកត្រូវនាំយកជនជាតិដទៃ មកតាំងទីលំនៅក្នុងតំបន់នោះ និងចែកដីឲ្យពួកគេទៀតផង។ 37 នៅឆ្នាំ១៤៧ ព្រះមហាក្សត្រនាំកងទ័ពពាក់កណ្ដាលទៀត យាងចេញទៅក្រុងអន់ទីយ៉ូក ជារាជធានីនៃរាជាណាចក្រ ព្រះអង្គយាងឆ្លងទន្លេអឺប្រាត និងយាងកាត់តំបន់ភ្នំ។
លោកគ័រស៊ីយ៉ាស និងលោកនីកាន័រ
38 ក្នុងចំណោមទីប្រឹក្សារបស់ព្រះមហាក្សត្រ លោកលីស៊ីយ៉ាជ្រើសរើសលោកផ្ទូឡេមេ ជាកូនលោកដូរីមែន លោកនីកាន័រ និងលោកគ័រស៊ីយ៉ាស ជាអ្នកមានអំណាចឲ្យធ្វើជាមេទ័ព។ 39 លោកចាត់មេទ័ពទាំងបីនោះ ឲ្យនាំទ័ពថ្មើរជើងចំនួនមួយម៉ឺននាក់ និងទ័ពសេះប្រាំពីរពាន់នាក់ ទៅវាយស្រុកយូដា និងបំផ្លាញស្រុកនោះចោលតាមរាជបញ្ជារបស់ស្ដេច។ 40 មេទ័ពទាំងបីក៏ចាកចេញទៅជាមួយកងទ័ព ហើយមកដល់ក្បែរភូមិអេម៉ាអ៊ូស ពួកគេបោះទ័ពនៅវាលទំនាបនោះ។ 41 កាលពួកឈ្មួញនៅតំបន់នោះឮដំណឹងនេះ ពួកគេយកមាសប្រាក់យ៉ាងច្រើន ព្រមទាំងខ្នោះច្រវាក់ មកកាន់ជំរំកងទ័ព ដើម្បីទិញជនជាតិអ៊ីស្រាអែល ធ្វើជាទាសករ មានកងទ័ពមកពីស្រុកអេដុម និងកងទ័ពមកពីស្រុកភីលីស្ទីន ចូលមករួមជាមួយពួកគេ។ 42 លោកយូដា និងបងប្អូនរបស់លោកយល់ឃើញថា សភាពការណ៍កាន់តែធ្ងន់ធ្ងរឡើងៗ ហើយថែមទាំងមានកងទ័ពសាសន៍ដទៃមកបោះទីតាំងនៅក្នុងស្រុកផង ហើយពួកគេក៏ដឹងទៀតថា ព្រះមហាក្សត្រមានបំណងចេញរាជបញ្ជាឲ្យសម្លាប់ប្រជាជនឲ្យអស់។ 43 ពួកគេនិយាយតៗថា៖ «យើងនឹងនាំគ្នាសង្គ្រោះប្រជាជនរបស់យើង មិនឲ្យវិនាសអន្តរាយឡើយ! យើងនាំគ្នាវាយតបតដើម្បីប្រជាជន និងទីសក្ការៈដ៏វិសុទ្ធរបស់យើង!»។ 44 គេកោះហៅសហគមន៍ ឲ្យមកជួបជុំគ្នា ដើម្បីត្រៀមខ្លួនធ្វើសង្គ្រាម និងអង្វរព្រះជាម្ចាស់ សូមព្រះអង្គអាណិតអាសូរ មេត្តាករុណាដល់គេផង។ 45 ក្រុងយេរូសាឡឹមមានសភាពស្ងាត់ជ្រងំ គ្មានឃើញប្រជាជនណាម្នាក់ ចេញចូលទីក្រុងឡើយ។ មានគេជាន់ឈ្លីទីសក្ការៈជាតិសាសន៍ដទៃ តាំងទីលំនៅក្នុងបន្ទាយនោះ! ប្រជាជនអ៊ីស្រាអែលលែងសប្បាយរីករាយ ហើយសំឡេងខ្លុយ និងសំឡេងពិណក៏លែងលាន់ឮទៀតដែរ។
ការប្រជុំនៅម៉ាស្បា
46 លោកយូដា និងកងទ័ពរបស់លោក ប្រមូលផ្តុំគ្នា ហើយចេញទៅកាន់ភូមិម៉ាស្បា ដែលនៅទល់មុខក្រុងយេរូសាឡឹម ដ្បិតកាលពីមុន ប្រជាជនអ៊ីស្រាអែលតែងតែមកទូលអង្វរព្រះជាម្ចាស់នៅទីនោះ។ 47 នៅថ្ងៃនោះ ពួកគេធ្វើពិធីកាន់ទុក្ខ គឺពួកគេតមអាហារ យកបាវមកស្លៀក យកផេះមករោយលើក្បាល ហើយហែកសម្លៀកបំពាក់របស់ខ្លួនទៀតផង។
48 ពួកគេលាតគម្ពីរធម្មវិន័យ ដើម្បីទូលសួរព្រះជាម្ចាស់ ដោយមិនធ្វើដូចសាសន៍ដទៃដែលតែងតែសួរព្រះក្លែងក្លាយរបស់គេឡើយ។ 49 ពួកគេនាំយកសម្លៀកបំពាក់របស់បូជាចារ្យ ផលដំបូង និងចំណែកមួយភាគដប់នៃប្រាក់ចំណូល ហើយប្រមូលពួកណាសៀរ ដែលលាបំណន់របស់ខ្លួន 50 ពួកគេនាំគ្នាស្រែកទូលអង្វរព្រះជាម្ចាស់ថា៖ «ឱ! ព្រះអម្ចាស់អើយ! តើឲ្យយើងខ្ញុំយកតង្វាយទាំងនេះទៅធ្វើអ្វី? តើឲ្យយើងខ្ញុំនាំអ្នកធ្វើពិធីលាបំណន់ទាំងនេះទៅទីណា?។ 51 បើជាតិដទៃជាន់ឈ្លី និងបង្អាប់បង្ឱនទីដ៏វិសុទ្ធរបស់ព្រះអង្គដូច្នេះ! បូជាចារ្យរបស់ព្រះអង្គ ក៏កាន់ទុក្ខ និងអាម៉ាស់។ 52 ពេលនេះ ប្រជាជាតិដទៃព្រួតដៃគ្នាប្រឆាំងនឹងយើងខ្ញុំ បម្រុងវាយកម្ទេចយើងខ្ញុំ ឲ្យវិនាសសាបសូន្យទៀតផង។ ព្រះអង្គជ្រាបគម្រោងការរបស់ពួកគេហើយ! 53 ប្រសិនបើព្រះអង្គមិនយាងមកជួយសង្គ្រោះយើងខ្ញុំទេ តើយើងខ្ញុំអាចទប់ទល់ប្រឆាំងនឹងពួកគេដូចម្ដេចបាន?» 54 បន្ទាប់មក ពួកគេក៏ផ្លុំត្រែ ហើយស្រែកយ៉ាងខ្លាំងផង។
55 ក្រោយមក លោកយូដាតែងតាំងមេដឹកនាំប្រជាជន គឺមេក្រុមមួយពាន់នាក់ មេក្រុមមួយរយនាក់ មេក្រុមហាសិបនាក់ និងមេក្រុមដប់នាក់។ 56 លោកប្រាប់អ្នកដែលកំពុងសង់ផ្ទះថ្មី អ្នកដែលទើបមានគូដណ្ដឹងថ្មី អ្នកដែលទើបដាំចម្ការទំពាំងបាយជូរ និងអ្នកដែលភ័យខ្លាច ឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនស្របតាមធម្មវិន័យ។ 57 ពេលនោះ កងទ័ពអ៊ីស្រាអែលចេញដំណើរទៅ ហើយបានបោះទ័ពនៅខាងត្បូងភូមិអេម៉ាអ៊ូស។ 58 លោកយូដាមានប្រសាសន៍ទៅកាន់ពួកគេថា៖ «ចូរប្រដាប់អាវុធ និងមានចិត្តក្លាហានឡើង! ចូរត្រៀមខ្លួន! ព្រឹកស្អែក យើងនឹងចេញទៅវាយសាសន៍ដទៃទាំងនោះ ដែលលើកគ្នាមកវាយកម្ទេចយើង និងបំផ្លាញទីសក្ការៈរបស់យើង 59 យើងស៊ូស្លាប់នៅលើសមរភូមិ ប្រសើរជាងឈរស្ងៀមឱបដៃមើលទុក្ខវេទនារបស់ជាតិសាសន៍យើង និងការបំផ្លាញទីសក្ការៈដ៏វិសុទ្ធរបស់យើង។ 60 សូមឲ្យបានសម្រេចតាមព្រះហឫទ័យព្រះអម្ចាស់ផងចុះ!»។