ជំពូក ​២

ទំនួញ​របស់​លោក​បូជា‌ចារ្យ ម៉ាថា‌ធីយ៉ាស

1 នៅ​គ្រា​នោះ លោក​ម៉ាថា‌ធីយ៉ាស​ជា​កូន​របស់​លោក​យ៉ូ‌ហាន និង​ជា​ចៅ​របស់​លោក​ស៊ីម៉ូន ជា​បូជា‌ចារ្យ​ក្នុង​ក្រុម​លោក​យ៉ូ‌អារិប​បាន​ចេញ​មុខ​ឡើង។ លោក​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​រស់​នៅ​ក្រុង​ម៉ូឌីន។ 2 លោក​មាន​កូន​ប្រាំ​នាក់​គឺ៖ យ៉ូហាន​ហៅ​កាឌី 3 ស៊ីម៉ូន​ហៅ​ថាស៊ី 4 យ៉ូដាស​ហៅ​ម៉ាកា‌បាយ 5 អេឡាសារ​ហៅ​អវ៉ា‌រន យ៉ូណាថាន​ហៅ​អភូស។ 6 ក្រោយ​ពី​បាន​ឃើញ​អំពើ​អាក្រក់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​ប្រជាជន​ប្រព្រឹត្ត​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម 7 លោក​មាន​ប្រសាសន៍​ថា៖ «វេទនា​ណាស់! ខ្ញុំ​កើត​មក​ដើម្បី​ឃើញ​ប្រជាជន​របស់​ខ្ញុំ វិនាស និង​ការ​អន្ត‌រាយ​នៃ​ក្រុង​ដ៏‌វិសុទ្ធ​នេះ​ឬ? ខ្ញុំ​អង្គុយ​ស្ងៀម​នៅ​ទី​នេះ ក្នុង​ពេល​ដែល​ទីក្រុង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង ឯ​ទី​សក្ការៈ​ក៏​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស​ដែរ។ 8 ព្រះ‌វិហារ ប្រៀប​ដូច​ជា​មនុស្ស​ដែល​បាត់​បង់​កិត្តិយស គ្មាន​នរណា​គោរព 9 ខ្មាំង​រឹប​អូស​យក​គ្រឿង​ឧបករណ៍ ដែល​ជា​សិរី​រុង‌រឿង​នៃ​ព្រះ‌វិហារ​ធ្វើ​ជា​ជយ​ភណ្ឌ។ ពួក​វា​បាន​សម្លាប់​រង្គាល​ក្មេង​តូចៗ​នៅ​តាម​ផ្សារ ហើយ​យុវជន​ក៏​ត្រូវ​ស្លាប់​ដោយ​សារ​មុខ​ដាវ។ 10 ប្រជា‌ជាតិ​នានា​បាន​ទទួល​មួយ​ផ្នែក​នៃ​រាជា‌ណាចក្រ​នេះ និង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ក្នុង​ក្រុង​ធ្វើ​ជា​ជយ​ភណ្ឌ​ទៀត​ផង! 11 គេ​យក​គ្រឿង​លំអ​របស់​ក្រុង​យេរូ‌សាឡឹម​អស់។ កាល​ពី​មុន ក្រុង​ធ្លាប់​មាន​សេរី‌ភាព ឥឡូវ​នេះ​ប្រែ​ក្លាយ​ជា​ទាសី​ហើយ! 12 ទី​ដ៏‌វិសុទ្ធ​ដែល​ជា​ទី​លំអ និង​សិរី​រុង‌រឿង​របស់​យើង​ត្រឡប់​ទៅ​ជា​ទី​រហោ‌ស្ថាន ត្រូវ​ជន​ជាតិ​ដទៃ បង្អាប់​បង្ឱន​ទៀត​ផង! 13 តើ​រស់​ត​ទៅ​ទៀត​មាន​ប្រយោជន៍​អ្វី?»។ 14 លោក​ម៉ាថា‌ធីយ៉ាស និង​កូន​របស់​គាត់​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​នាំ​គ្នា​យក​បាវ​មក​ស្លៀក​ជំនួស​វិញ ដើម្បី​ធ្វើ​ពិធី​កាន់​ទុក្ខ។

យញ្ញ‌បូជា​នៅ​ក្រុង​ម៉ូឌីន

15 មន្រ្តី​ដែល​ព្រះ‌មហា​ក្សត្រ​ចាត់​មក ដើម្បី​បង្ខំ​ឲ្យ​ប្រជាជន​លះ​បង់​ជំនឿ​របស់​ខ្លួន មក​ដល់​ក្រុង​ម៉ូឌីន ដើម្បី​ថ្វាយ​យញ្ញ‌បូជា។ 16 ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​ចេញ​ទៅ​ជួប​លោក តែ​លោក​ម៉ាថា‌ធីយ៉ាស និង​កូន​ទាំង​ប៉ុន្មាន​របស់​គាត់ ជួប​ជុំ​គ្នា​ដោយ​ឡែក​ពី​គេ។ 17 មន្ត្រី​របស់​ព្រះ‌មហា​ក្សត្រ​ប្រាប់​លោក​ម៉ាថា‌ធីយ៉ាស​ថា៖ «លោក​ជា​អ្នក​ដឹក​នាំ​មាន​ឈ្មោះ​ល្បី និង​មាន​អំណាច​ក្នុង​ភូមិ​នេះ ដោយ​មាន​កូន និង​បង‌ប្អូន​ជា​ច្រើន​ជួយ​គាំ​ទ្រ​ផង។ 18 សូម​លោក​អញ្ជើញ​មក អនុវត្ត​តាម​រាជ‌បញ្ជា​របស់​ព្រះ‌ករុណា​មុន​គេ ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន និង​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ដែល​នៅ​សេស​សល់​ក្នុង​ក្រុង​យេរូ‌សាឡឹម បាន​ធ្វើ​រួច​មក​ហើយ។ បើ​ធ្វើ​ដូច្នេះ លោក និង​កូន​របស់​លោក ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​មិត្ត​សម្លាញ់​របស់​ព្រះ‌រាជា។ លោក និង​កូន​របស់​លោក នឹង​ទទួល​មាស​ប្រាក់ ព្រម​ទាំង​អំណោយ​ជា​ច្រើន​ទៀត​ផង!»។ 19 លោក​ម៉ាថា‌ធីយ៉ាស​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ តប​ទៅ​គេ​ថា៖ «ទោះ​បី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​រាជា‌ណាចក្រ​ទាំង​មូល យល់​ព្រម​ធ្វើ​តាម​រាជ‌បញ្ជា​របស់​ស្ដេច លះ​បង់​សាសនា​ដូន‌តា​របស់​គេ​រៀងៗ​ខ្លួន​ចោល ហើយ​បែរ​ទៅ​គោរព​តាម​រាជ‌ឱង្ការ​របស់​ស្ដេច​ក្ដី 20 ក៏​ខ្ញុំ កូន​ខ្ញុំ និង​បង‌ប្អូន​ខ្ញុំ នៅ​តែ​ប្រតិ‌បត្តិ​តាម​សម្ពន្ធ‌មេត្រី​នៃ​ដូន‌តា​របស់​យើង​ត​ទៅ​មុខ​ទៀត​ជា​ដរាប។ 21 សូម​ព្រះ‌ជាម្ចាស់​អាណិត​មេត្តា​ការ‌ពារ​យើង កុំ​ឲ្យ​យើង​ខ្ញុំ​បោះ​បង់​ចោល​ធម្ម‌វិន័យ និង​បញ្ញាត្តិ​របស់​ព្រះ‌អង្គ​ឡើយ។ 22 យើង​មិន​ព្រម​ស្តាប់​តាម​រាជ‌បញ្ជា​ទេ យើង​មិន​ព្រម​ងាក​ចេញ​ពី​សាសនា​របស់​យើង​ឡើយ ឲ្យ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង គឺ​យើង​មិន​ព្រម​ជា​ដាច់​ខាត!»។

23 កាល​លោក​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ជន​ជាតិ​យូដា​ម្នាក់​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល លើ​អាសនៈ​នៅ​ក្រុង​ម៉ូឌីន តាម​រាជ‌បញ្ជា។ 24 លោក​ម៉ាថា‌ធីយ៉ាស​ឃើញ​ដូច្នេះ ក្តៅ​ក្រហាយ​ញ័រ​ខ្លួន​ចំប្រប់​យ៉ាង​ខ្លាំង កំហឹង​ដ៏​សុចរិត​ពុះ​កញ្ជ្រោល​ក្នុង​ខ្លួន​លោក។ លោក​ស្ទុះ​ទៅ​សម្លាប់​អ្នក​នោះ​នៅ​លើ​អាសនៈ 25 និង​សម្លាប់​មន្ត្រី ដែល​ស្ដេច​ចាត់​ឲ្យ​មក​បង្ខំ​អ្នក​ស្រុក​ថ្វាយ​យញ្ញ‌បូជា រួច​លោក​រំលំ​អាសនៈ​នោះ​ចោល​ទៀត​ផង។ 26 លោក​មាន​ចិត្ត​ស្រឡាញ់​ធម្ម‌វិន័យ​ជា​ខ្លាំង ដូច​កាល​ពី​ដើម ដែល​លោក​ពី​ណេហាស់​បាន​ប្រព្រឹត្ត​ចំពោះ​លោក​យីមរី ជា​កូន​លោក​សាលូ។ 27 បន្ទាប់​លោក​ម៉ាថា​ធីយ៉ាស​ដើរ​ស្រែក​យ៉ាង​ខ្លាំង តាម​ផ្លូវ​ក្រុង​ម៉ូឌីន​ថា៖ «អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់​ធម្ម‌វិន័យ និង​ចង់​គោរព​តាម​សម្ពន្ធ‌មេត្រី សូម​អញ្ជើញ​មក​តាម​ខ្ញុំ​មក!»។ 28 លោក និង​កូន​លោក​ភៀស​ខ្លួន​ទៅ​តំបន់​ភ្នំ ដោយ​ទុក​ទ្រព្យ‌សម្បត្តិ​ចោល​នៅ​ក្នុង​ក្រុង។ 29 ពេល​នោះ អ្នក​ស្រុក​ជា​ច្រើន​ដែល​ខិត​ខំ​ធ្វើ​អំពើ​សុចរិត និង​គោរព​តាម​ធម្ម‌វិន័យ រត់​ទៅ​នៅ​ក្នុង​វាល​រហោ​ស្ថាន 30 ទាំង​ប្រពន្ធ​កូន​ទាំង​ហ្វូង​សត្វ​របស់​គេ ព្រោះ​ខ្មាំង​តែង​ធ្វើ​ទុក​បុក​ម្នេញ​ពួក​គេ​គ្រប់​ពេល។ 31 មន្ត្រី និង​កង‌ទ័ព​ដែល​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​បុរី​ព្រះ‌បាទ​ដាវីឌ​ទទួល​ដំណឹង​ថា មាន​អ្នក​ខ្លះ​បដិ‌សេធ​រាជ​ក្រឹត្យ​របស់​ស្ដេច ហើយ​រត់​ទៅ​ពួន​ក្នុង​ល្អាង​ថ្ម​នៃ​វាល​រហោ‌ស្ថាន។ 32 ពេល​នោះ ពល‌ទាហាន​ដ៏​ខ្លាំង​ក្លា​មួយ​កង​ដេញ​តាម​ទាន់ ហើយ​បោះ​ជំរំ​ទល់​មុខ​គេ បម្រុង​នឹង​វាយ​សម្រុក​នៅ​ថ្ងៃ​សប្ប័ទ។ 33 មេ​ទ័ព​ប្រាប់​ពួក​ដែល​រត់​ថា៖ «ល្មម​ហើយ! ចូរ​ចេញ​មក! ធ្វើ​តាម​រាជ‌បញ្ជា​របស់​ស្ដេច​ទៅ! អ្នក​រាល់​គ្នា​នឹង​រួច​ជីវិត!»។ 34 តែ​ពួក​យូដា​ឆ្លើយ​ថា៖ «ទេ! យើង​មិន​ចេញ​ទៅ​ទេ! យើង​ក៏​មិន​ធ្វើ​តាម​រាជ‌បញ្ជា​របស់​ស្ដេច​ដែរ ហើយ​យើង​ក៏​មិន​ព្រម​រំលោភ​វិន័យ​ថ្ងៃ​សប្ប័ទ​ដែរ!»។ 35 ភ្លាម​នោះ ពល‌ទាហាន​ចូល​វាយ​សម្រុក​លើ​ពួក​គេ។ 36 ពួក​គេ​មិន​តប​ត​មិន​គប់​ដុំ​ថ្ម មិន​បិទ​ច្រក​ចូល​ទី​ជម្រក​របស់​គេ​ឡើយ 37 ពួក​គេ​ពោល​ឡើង​ថា៖ «យើង​សុខ​ចិត្ត​ស្លាប់​ទាំង​អស់​គ្នា​ដោយ​សុចរិត! មេឃ​ព្រម​ទាំង​ដី​នឹង​ជួយ​ធ្វើ​ជា​សាក្សី​ឲ្យ​យើង​ថា អ្នក​រាល់​គ្នា​សម្លាប់​យើង​យ៉ាង​ទុច្ចរិត​បំផុត!»។ 38 ពល‌ទាហាន​វាយ​សម្រុក​នៅ​ថ្ងៃ​សប្ប័ទ។ ពួក​គេ​ទាំង​ប្រពន្ធ​ទាំង​កូន ទាំង​ហ្វូង​សត្វ​ក៏​ស្លាប់​ដែរ។ គឺ​មាន​មនុស្ស​ចំនួន​មួយ​ពាន់​នាក់​ស្លាប់​នៅ​ពេល​នោះ។

39 ក្រោយ​ពី​លោក​ម៉ាថា‌ធីយ៉ាស និង​អ្នក​នៅ​ជា​មួយ​បាន​ទទួល​ដំណឹង​នេះ​ហើយ គេ​ក៏​នាំ​គ្នា​យំ​សោក​សង្រេង​យ៉ាង​ក្រៀម​ក្រំ 40 រួច​ប្រាប់​គ្នី​គ្នា​ថា៖ «ប្រសិន​បើ​យើង​ទាំង​អស់​ប្រព្រឹត្ត​ដូច​បង‌ប្អូន​យើង ដោយ​មិន​វាយ​តប​ត ប្រឆាំង​នឹង​ប្រជា‌ជាតិ​ទាំង‌ឡាយ ដើម្បី​ការ‌ពារ​ជីវិត និង​ធម្ម‌វិន័យ​របស់​យើង​ទេ​នោះ មិន​យូរ​ប៉ុន្មាន ពួក​ខ្មាំង​សត្រូវ​មុខ​ជា​ប្រហារ​ជីវិត​យើង​ឲ្យ​ផុត​ពូជ​មិន​ខាន»។ 41 នៅ​ថ្ងៃ​នោះ ពួក​គេ​សម្រេច​ថា៖ «ប្រសិន​បើ​មាន​គេ​វាយ​សម្រុក​លើ​យើង​នៅ​ថ្ងៃ​សប្ប័ទ យើង​នឹង​ប្រយុទ្ធ​ត​ទល់​នឹង​គេ​វិញ! ដូច្នេះ យើង​មិន​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា ដូច​បង‌ប្អូន​យើង​នៅ​ក្នុង​ជម្រក​ឡើយ»។

42 ពេល​នោះ មាន​ក្រុម​អាស៊ី‌ឌីម​សុខ​ចិត្ត​ចូល​មក​រួប​រួម​ជា​មួយ​ពួក​គេ។ អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ល្បី​នៅ​ស្រុក​អ៊ីស្រា‌អែល​ថា មាន​សេចក្ដី​ក្លាហាន​អង់​អាច​ស៊ូ​ប្ដូរ​ជីវិត​ដើម្បី​ធម្ម‌វិន័យ។ 43 អស់​អ្នក​ដែល​មាន​បំណង​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ក៏​មក​ចុះ​ចូល​ជា​មួយ​ពួក​គេ​ដែរ ធ្វើ​ឲ្យ​ចំនួន និង​កម្លាំង​របស់​ពួក​គេ​កាន់​តែ​ខ្លាំង​ឡើងៗ។ 44 ពួក​គេ​ប្រមូល​គ្នា​ជា​កង‌ទ័ព ហើយ​ខឹង​ក្តៅ​ក្រហាយ វាយ​ជា​មួយ​ពួក​អ្នក​បាប និង​ពួក​ទមិឡ​ឥត​សាសនា​វិញ។ ជន​ជាតិ​យូដា​ដែល​នៅ​សេស​សល់ រត់​ភៀស​ខ្លួន​ទៅ​នៅ​ក្នុង​ស្រុក​របស់​ប្រជា‌ជាតិ​ដទៃ។ 45 លោក​ម៉ាថា‌ធីយ៉ាស និង​អ្នក​នៅ​ជា​មួយ ចេញ​ទៅ​រំលំ​អាសនៈ​នៅ​គ្រប់​ទី​កន្លែង 46 គេ​ធ្វើ​ពិធី​កាត់​ស្បែក​កូន​ក្មេង​ទាំង​បង្ខំ គឺ​កូន​ក្មេង​ដែល​ពួក​គេ​រក​ឃើញ ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទាំង​មូល។ 47 ពួក​គេ​ដេញ​កម្ចាត់​ខ្មាំង ដែល​ធ្លាប់​មាន​ចិត្ត​ព្រហើន​កោង​កាច ហើយ​ទទួល​បាន​ជោគ‌ជ័យ។ 48 ពួក​គេ​ការ‌ពារ​ធម្ម‌វិន័យ​មិន​ឲ្យ​ប្រជា‌ជាតិ និង​ស្ដេច​ប្រជា‌ជាតិ​ទាំង​នោះ​យាយី​ពួក​គេ ហើយ​ពួក​គេ​មិន​ទុក​ឲ្យ​ស្ដេច​ទមិឡ​មាន​ជ័យ‌ជម្នះ​ឡើយ។

លោក​ម៉ាថា‌ធីយ៉ាស​ទទួល​មរណ‌ភាព

49 ពេល​លោក​ម៉ាថា‌ធីយ៉ាស​ជិត​លា​ចាក​លោក​នេះ​ទៅ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កូនៗ​របស់​គាត់​ថា៖ «ឥឡូវ​នេះ មនុស្ស​ព្រហើន និង​អ្នក​កោង​កាច កំពុង​តែ​សោយ‌រាជ្យ។ ជំនាន់​នេះ​គឺ​ជា​ជំនាន់​កើត​ចលា‌ចល​វឹក​វរ និង​ជំនាន់​ផ្ទុះ​កំហឹង។ 50 កូន​អើយ! ចូរ​ខំ​ខ្នះ​ខ្នែង​ស្រឡាញ់​ធម្ម‌វិន័យ ស៊ូ​ប្ដូរ​ជីវិត​ដើម្បី​សម្ពន្ធ‌មេត្រី​របស់​ដូន‌តា​យើង។ 51 ចូរ​នឹក​គិត​ពី​ការ​អស្ចារ្យ​ដែល​បុព្វ‌បុរស​របស់​យើង​បាន​ប្រព្រឹត្ត​ក្នុង​ជំនាន់​របស់​លោក។ កូន​មុខ​ជា​ទទួល​សិរី​រុង‌រឿង​ដ៏​ខ្ពង់​ខ្ពស់​បំផុត និង​មាន​ឈ្មោះ​ល្បី​អស់​កល្ប‌ជានិច្ច​ជា​ពុំ​ខាន។ 52 លោក​អប្រាហាំ​ជឿ​យ៉ាង​ស្មោះ‌ត្រង់ នៅ​ពេល​ព្រះ‌ជាម្ចាស់​ល្បង​ល​ចិត្ត​រ​បស់​លោក ហេតុ​នេះ​ហើយ បាន​ជា​ព្រះ‌អង្គ​ប្រោស​លោក​ឲ្យ​សុចរិត។ 53 លោក​យ៉ូសែប​បាន​ប្រព្រឹត្ត​តាម​ធម្ម‌វិន័យ​នៅ​ពេល​លោក​កើត​ទុក្ខ​វេទនា។ ដូច្នេះ លោក​ធ្វើ​ជា​ម្ចាស់​លើ​ស្រុក​អេស៊ីប។ 54 លោក​ពី​ណេហាស់​ជា​បុព្វ‌បុរស​របស់​យើង មាន​ចិត្ត​ស្រឡាញ់​ធម្ម‌វិន័យ​យ៉ាង​ខ្លាំង​បំផុត។ ដូច្នេះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ថា ពូជ‌ពង្ស​របស់​លោក​នឹង​ទៅ​ជា​បូជា‌ចារ្យ​រហូត​ត​រៀង​ទៅ។ 55 លោក​យ៉ូស៊ូអា​ទៅ​ជា​វីរ‌បុរស​ក្នុង​ស្រុក​អ៊ីស្រា‌អែល ព្រោះ​លោក​បាន​បំពេញ​ភារ‌កិច្ច​របស់​ខ្លួន។ 56 លោក​កាឡែប​ទទួល​ដី​មួយ​ចំណែក​ទុក​ជា​មត៌ក ព្រោះ​លោក​ផ្ដល់​សក្ខី‌ភាព​យ៉ាង​អង់​អាច​ពិត​ប្រាកដ នៅ​ចំពោះ​មុខ​សហគមន៍​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។ 57 ព្រះ‌ជាម្ចាស់​បាន​តែង​តាំង​ព្រះ‌បាទ​ដាវីឌ​ឲ្យ​សោយ‌រាជ្យ​អស់​កល្ប‌ជានិច្ច ព្រោះ​ស្ដេច​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ចំពោះ​ព្រះ‌ជាម្ចាស់។ 58 ព្រះ‌ជាម្ចាស់​លើក​លោក​អេលី​ឡើង​ទៅ​ស្ថាន​បរម‌សុខ ព្រោះ​លោក​មាន​ចិត្ត​ស្រឡាញ់​ធម្ម‌វិន័យ​យ៉ាង​ខ្លាំង។ 59 ព្រះ‌ជាម្ចាស់ បាន​សង្គ្រោះ​យុវជន​អណា‌នីយ៉ា អសា‌រីយ៉ា និង​មីសា‌អែល ឲ្យ​រួច​ផុត​ពី​ភ្លើង ព្រោះ​ពួក​គេ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់។ 60 ព្រះ‌អង្គ​បាន​ប្រោស លោក​ដានីអែល​បាន​រួច​ពី​មាត់​សិង្ហ ព្រោះ​លោក​មាន​ចិត្ត​ទៀង​ត្រង់។ 61 ចូរ​រិះ​គិត​ពិចារណា​មើល​ថា អស់​អ្នក​ដែល​ជឿ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ នៅ​គ្រប់​ជំនាន់​រៀង​មក មិន​ខក​ចិត្ត​ឡើយ។ 62 កុំ​ភ័យ​ខ្លាច​ពី​ការ​គំរាម​កំហែង​របស់​ស្ដេច​ពាល​នោះ​ឲ្យ​សោះ ដ្បិត​សិរី​រុង‌រឿង​របស់​ស្ដេច​នឹង​ត្រូវ​រលួយ ហើយ​ត្រូវ​ដង្កូវ​ស៊ី​ផង។ 63 នៅ​ថ្ងៃ​នេះ ព្រះ‌រាជា​ខ្ពស់​មុខ​ឡើង តែ​ថ្ងៃ​ស្អែក​នឹង​ត្រូវ​វិនាស​សាប​សូន្យ ដ្បិត​ព្រះ‌អង្គ​ត្រឡប់​ទៅ​កាន់​ធូលី​ដី​របស់​គេ​វិញ ហើយ​គម្រោង‌ការ​របស់​ស្ដេច ក៏​ត្រូវ​វិនាស​សាប‌សូន្យ​ដែរ។ 64 កូន​អើយ! ចូរ​មាន​ចិត្ត​អង់​អាច​ក្លាហាន​ឡើង! ចូរ​កាន់​ធម្ម‌វិន័យ​ឲ្យ​បាន​មាំ​មួន ព្រោះ​មាន​តែ​ធម្ម‌វិន័យ​នេះ​ទេ ដែល​នឹង​ផ្ដល់​សិរី​រុង‌រឿង​ដល់​កូន​រាល់​គ្នា។ 65 ចូរ​ស្ដាប់​ស៊ីម៉ូន​ជា​បង​របស់​កូន។ ពុក​ដឹង​ថា ស៊ីម៉ូន​តែង​តែ​ផ្ដល់​យោ​បល់​ល្អៗ ចូរ​ស្ដាប់​បង​ជា‌និច្ច​ចុះ! គេ​នឹង​ទៅ​ជា​ឪពុក​របស់​កូនៗ។ 66 យូដា​ម៉ាកា‌បាយ​ដែល​មាន​សេចក្ដី​អង់​អាច​ក្លាហាន​តាំង​ពី​កុមារ​មក នឹង​ទៅ​ជា​មេទ័ព​របស់​កូនៗ ហើយ​នាំ​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​ជា​មួយ​ប្រជា‌ជាតិ​នានា។ 67 រីឯ​កូនៗ ចូរ​ប្រមូល​អស់​អ្នក​ដែល​កាន់​តាម​ធម្ម‌វិន័យ ចូរ​រក​យុត្តិ‌ធម៌​ឲ្យ​ប្រជាជន​របស់​កូន។ 68 ចូរ​តប​ស្នង​នឹង​អំពើ​អាក្រក់​ចំពោះ​សាសន៍​ដទៃ ស្រប​នឹង​អំពើ​អាក្រក់​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន។ ចូរ​គោរព​ប្រណិប័តន៍​តាម​ធម្ម‌វិន័យ​ជា‌និច្ច»។
69 បន្ទាប់​មក លោក​ម៉ាថា‌ធីយ៉ាស​ឲ្យ​ពរ​កូនៗ រួច​លោក​បាន​ទៅ​ជួប​ជុំ​ជា​មួយ​ដូន‌តា​របស់​លោក។ 70 លោក​ទទួល​មរណ​ភាព​នៅ​ឆ្នាំ មួយ‌រយ​សែសិប‌ប្រាំមួយ។ គេ​បញ្ចុះ​សព​គាត់​នៅ​ក្នុង​ផ្នូរ​ដូន‌តា នៅ​ក្រុង​ម៉ូឌីន ហើយ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ​យ៉ាង​ឱឡា‌រិក។