ជំពូក ១

ម៉ាកា‌បាយ មរណ‌សាក្សី​នៃ​ប្រជាជន​អ៊ីស្រា‌អែលភាគ​ទី១

រាជ្យ​របស់​ព្រះ‌បាទ​អឡិចសង់

1 ព្រះ‌ចៅ​អឡិច‌សង់​ជា​ព្រះ‌រាជ​បុត្រ​របស់​ព្រះ‌បាទ​ភីលីព និង​ជា​ជន​ជាតិ​ម៉ាសេ‌ដូន។ ព្រះ‌រាជា​យាង​ចេញ​ពី​ស្រុក​ក្រិក ដើម្បី​ធ្វើ​សឹក​សង្គ្រាម ហើយ​វាយ​ឈ្នះ​ព្រះ‌បាទ​ដារី‌យូស ជា​ព្រះ‌មហា​ក្សត្រ​នៃ​ជន​ជាតិ​ពែរ្ស និង​ជន​ជាតិ​ម៉ែដ។ ដំបូង​បង្អស់ ព្រះ‌អង្គ​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​ក្រិក ជំនួស​ព្រះ‌បាទ​ដារី‌យូស។ 2 ព្រះ‌រាជា​អង្គ​នេះ ធ្វើ​សង្គ្រាម​ជា​ច្រើន​លើក វាយ​ដណ្ដើម​យក​បាន​ក្រុង​ជា​ច្រើន ដែល​មាន​កំពែង​រឹង​មាំ ហើយ​ធ្វើ​គុត​ព្រះ‌មហា​ក្សត្រ​ទាំង​ប៉ុន្មាន ក្នុង​ភូមិ​ភាគ​នោះ​ទៀត​ផង។ 3 ស្ដេច​យាង​ទៅ​ធ្វើ​សឹក រហូត​ដល់​ទី​ដាច់​ស្រ‌យាល​នៃ​ផែន​ដី ហើយ​រឹប​អូស​យក​ជយ‌ភណ្ឌ​ពី​ប្រជា‌ជាតិ​ជា​ច្រើន​ព្រះ‌អង្គ បង្ក្រាប​ផែន​ដី​ទាំង​មូល ឲ្យ​នៅ​ស្ងៀម​ស្ងាត់។ គ្រា​នោះ ព្រះ‌រាជា​មាន​ព្រះ‌ហឫទ័យ​អួត​បំប៉ោង យ៉ាង​ព្រហើន​កោង​កាច 4 ព្រះ‌អង្គ​ប្រមូល​កង‌ទ័ព​ដ៏​មាន​កម្លាំង​ខ្លាំង​ក្លា​បំផុត ហើយ​បង្ក្រាប​អាណា​ខេត្ត ប្រជា‌ជាតិ និង​ស្ដេច​ទាំង​អស់ ព្រម​ទាំង​បង្ខំ​ឲ្យ​ស្ដេច​ទាំង​នោះ យក​សួយ​សារ អាករ​មក​ថ្វាយ។ 5 លុះ​ក្រោយ​មក ព្រះ‌រាជា​ប្រឈួន ហើយ​ឈ្វេង​យល់​ថា មិន​យូរ​ប៉ុន្មាន​ព្រះ‌អង្គ​នឹង​ចូល​ទិវង្គត​ជា​មិន​ខាន 6 ហេតុ​នេះ​ហើយ ព្រះ‌រាជា​ក៏​កោះ​ហៅ​មេទ័ព​អភិជន​ទាំង‌ឡាយ គឺ​អស់​នាយ​ទាហាន​ដែល​ទទួល​ការ​អប់រំ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​ឲ្យ​មក ដើម្បី​បែង​ចែក​រាជា‌ណាចក្រ​ឲ្យ​អស់​លោក​ទាំង​នោះ​កាន់​កាប់ មុន​ពេល​ព្រះ‌អង្គ​ចូល​ទិវង្គត។

7 ព្រះ‌បាទ​អឡិច‌សង់​ចូល​ទិវង្គត ក្រោយ​ពី​សោយ​រាជ្យ​បាន​ដប់​ពីរ​ឆ្នាំ។ 8 មេ‌ទ័ព​អភិ​ជន​ទាំង​ប៉ុន្មាន ក៏​ឡើង​កាន់​កាប់​អំណាច ក្នុង​ដែន​ដី​រៀងៗ​ខ្លួន។ 9 បន្ទាប់​ពី​ព្រះ‌បាទ​អឡិច‌សង់​ចូល​ទិវង្គត​ទៅ អស់​លោក​ទាំង​នោះ​ប្រកាស​ខ្លួន​ជា​ស្ដេច ហើយ​គ្រប់​គ្រង​តាម​តំបន់​រៀងៗ​ខ្លួន ហើយ​បុត្រ​របស់​អស់​លោក​ទាំង​នោះ​ក៏​ឡើង​សោយ​រាជ្យ​បន្ត​ទៀត‌រយៈ​ពេល​ជា​យូរ​ឆ្នាំ។ ស្ដេច​ទាំង​នោះ​បង្ក​នូវ​ភាព​អន្ត‌រាយ​ជា​ច្រើន​នៅ​លើ​ផែន​ដី។

ព្រះ‌បាទ​អន់ទី‌យ៉ូគូស

10 នៅ​ឆ្នាំ​មួយ‌រយ​សាមសិប​ប្រាំ​ពីរ​នៃ​សក‌រាជ​ក្រិក ព្រះ‌បាទ​អន់ទី‌យ៉ូគូស​អេពី‌ផាន ជា​រាជ​បុត្រ​របស់​ព្រះ‌បាទ​អន់ទី‌យ៉ូគូស ឡើង​សោយ‌រាជ្យ ក្រោយ​ពី​បាន​រួច​ពី​ចំណាប់​ខ្មាំង​នៅ​ក្រុង​រ៉ូម។ ព្រះ‌រាជា​ជា​ស្ដេច​ពាល​ឥត​សាសនា។ 11 គ្រា​នោះ មាន​មនុស្ស​ខិល​ខូច​ជា​ច្រើន​លេច​មុខ​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​អូស​ទាញ​ទឹក​ចិត្ត​អ្នក​ស្រុក​ជា​ច្រើន ដោយ​ពោល​ថា៖ «គ្នា​យើង! ចូរ​នាំ​គ្នា​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ជុំ​វិញ​យើង​ទៅ! ដ្បិត​តាំង​ពី​យើង​មិន​ព្រម​រស់​នៅ​តាម​របៀប​របស់​គេ យើង​រមែង​តែង​ជួប​ក្ដី​អន្ត‌រាយ​ជា​ច្រើន»។ 12 អ្នក​ស្រុក​ពេញ​ចិត្ត​នឹង​ពាក្យ​ទាំង​នេះ 13 ហើយ​មាន​មនុស្ស​ជា​ច្រើន​ប្រញាប់​ប្រញាល់​ទៅគាល់​ព្រះ‌មហា​ក្សត្រ សុំ​រាជា​នុញ្ញាត​ឲ្យ​ពួក​គេ​កាន់​តាម​ប្រពៃណី​ប្រជា‌ជាតិ​ទាំង​នោះ។ 14 ដូច្នេះ ពួក​គេ​សាង​កីឡា‌ដ្ឋាន នៅ​ក្រុង​យេរូ‌សាឡឹម តាម​ទំនៀម​ទម្លាប់​របស់​ប្រជា‌ជាតិ​ដទៃ។ 15 គេ​យក​ស្បែក​មក​ដេរ​ភ្ជិត ដើម្បី​កុំ​ឲ្យ​ឃើញ​ស្នាម​កាត់​ស្បែក។ គេ​លះ​បង់​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ​ចោល ហើយ​បែរ​ទៅ​ចូល​រួម​រស់​ជា​មួយ​សាសន៍​ដទៃ​វិញ។ ពួក​គេ​ក៏​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ផង។

ព្រះ‌បាទ​អន់ទី‌យ៉ូគូស​វាយ​ស្រុក​អេ‌ស៊ីប និង​បំផ្លាញ​ព្រះ‌វិហារ​យេរូ‌សាឡឹម

16 ពេល​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ឈ្វេង​យល់​ថា ព្រះ‌អង្គ​មាន​អំណាច​រឹង​មាំ​ក្នុង​ស្រុក​ហើយ ព្រះ‌អង្គ​ក៏​ត្រៀម​គម្រោង‌ការ​ទៅ​វាយ​ដណ្ដើម​យក​ស្រុក​អេ‌ស៊ីប​ទៀត ដើម្បី​សោយ‌រាជ្យ​លើ​ព្រះ‌រាជា‌ណាចក្រ​ទាំង​ពីរ។ 17 ព្រះ‌រាជា​លើក​ទ័ព​ច្រើន​សន្ធឹក​សន្ធាប់ មាន​ទាំង​រទេះ​ចម្បាំង ទាំង​ដំរី ទាំង​នាវា​ចម្បាំង​ជា​ច្រើន វាយ​សម្រុក​ចូល​ស្រុក​អេ‌ស៊ីប។ 18 ព្រះ‌បាទ​អន់ទី‌យ៉ូគូស​បាន​ប្រយុទ្ធ​នឹង​ព្រះ‌បាទ​ផ្ទូឡេ‌មេ ជា​ស្ដេច​ស្រុក​អេ‌ស៊ីប​ទទួល​បរា‌ជ័យ រួច​ដក​ទ័ព​រត់​បាត់​ទៅ ដោយ​ទុក​ចោល​សាក​សព​យ៉ាង​ច្រើន។ 19 ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ដណ្ដើម​យក​ក្រុង​ជា​ច្រើន ដែល​មាន​កំពែង​នៅ​ស្រុក​អេ‌ស៊ីប ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ជយ‌ភណ្ឌ​ថែម​ទៀត​ផង។ 20 នៅ​ឆ្នាំ ១៤៣ ក្រោយ​ពី​បាន​វាយ​ឈ្នះ​ក្រុង​អេស៊ីប ព្រះ‌បាទ​អន់ទីយ៉ូ‌គូស យាង​ត្រឡប់​មក​ស្រុក​វិញ រួច​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ ទៅ​វាយ​ស្រុក​អ៊ីស្រា‌អែល និង​ក្រុង​យេរូ‌សាឡឹម​ទៀត។ 21 ព្រះ‌រាជា​យាង​ចូល​ព្រះ‌វិហារ​ទាំង​មាន​ឫក​ពារ​ក្រអឺត​ក្រទម ហើយ​រឹប​អូស​យក​អាសនៈ​មាស ជើង​ចង្កៀង និង​ប្រដាប់​ប្រដា​ទាំង​អស់​ទៀត​ផង 22 ព្រះ‌អង្គ​ក៏​រឹប​អូស​យក​តុ​សម្រាប់​ថ្វាយ​តង្វាយ ភាជន៍​សម្រាប់​ច្រូច​ស្រា ពែង ប្រអប់​មាស វាំង​នន និង​ភួង​ជ័យ​ផង។ រីឯ​គ្រឿង​លំអ​ធ្វើ​ពី​មាស​នៅ​តាម​ជញ្ជាំង​ព្រះ‌វិហារ ព្រះ‌អង្គ​បាន​ដក​ហូត​យក​ទាំង​អស់​ដែរ។ 23 ព្រះ‌រាជា​រឹប​អូស​យក​មាស​ប្រាក់ ព្រម​ទាំង​ប្រដាប់​ប្រដា និង​កំណប់​ដ៏​មាន​តម្លៃ​ដែល​ព្រះ‌អង្គ​រក​ឃើញ។ 24 កាល​ព្រះ‌រាជា​រឹប​អូស​យក​វត្ថុ​ទាំង​អស់​នោះ​ហើយ ព្រះ‌អង្គ​ក៏​យាង​ត្រឡប់​ទៅ​ស្រុក​វិញ។ នៅ​ពេល​ដណ្ដើម​យក​ក្រុង​យេរូ‌សាឡឹម ព្រះ‌អង្គ​បាន​សម្លាប់​ប្រជាជន​យ៉ាង​រង្គាល ហើយ​មាន​រាជ‌ឱង្ការ យ៉ាង​ព្រហើន​កោង​កាច​ជា​ទី​បំផុត។ 25 ប្រជាជន​អ៊ីស្រា‌អែល​ទូទាំង​ស្រុក នាំ​គ្នា​កាន់​ទុក្ខ​សោក​សង្រេង​ជា​ខ្លាំង។ 26 មេ​ដឹក​នាំ និង​ព្រឹទ្ធា‌ចារ្យ​នាំ​គ្នា​ត្អូញ​ត្អែរ យុវជន​យុវ‌នារី ធ្លាក់​ខ្លួន​ស្គម​រីង​រៃ ហើយ​ស្រីៗ​បាត់​បង់​សម្ផស្ស 27 គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​នាំ​គ្នា​កាន់​ទុក្ខ​ស្មូត​បទ​ទំនុក​កម្សត់។ 28 ផែនដី​រញ្ជួយ ដោយ​ឃើញ​ទុក្ខ​សោក​របស់​អ្នក​ស្រុក ហើយ​ពូជ​ពង្ស​របស់​លោក​យ៉ាកុប​ទាំង​មូល​ត្រូវ​អាម៉ាស់​ជា​ខ្លាំង។

លោក​អប៉ូឡូនី‌យូស​សង់​បន្ទាយ​នៅ​ក្រុង​យេរូ‌សាឡឹម

29 ពីរ​ឆ្នាំ​ក្រោយ​មក ព្រះ‌មហា​ក្សត្រ​បាន​ចាត់​មន្ត្រី​ម្នាក់ ដើម្បី​ទៅ​ទារ​ពន្ធដារ​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា។ មន្ត្រី​នោះ​មក​ដល់​ក្រុង​យេរូ‌សាឡឹម នាំ​ទាំង​កង‌ទ័ព​ដ៏​ច្រើន​មក​ជា​មួយ​ផង។ 30 លោក​និយាយ​បញ្ឆោត​អ្នក​ក្រុង ដោយ​ពោល​អំពី​សន្តិ‌ភាព។ អ្នក​ក្រុង​ក៏​នាំ​គ្នា​ជឿ​តាម​ពាក្យ​សម្ដី​របស់​គាត់​ទាំង​ស្រុង។ ប៉ុន្តែ​នៅ​ពេល​អ្នក​ក្រុង​ភ្លេច​ខ្លួន​ពុំ​បាន​គិត មន្ត្រី​នោះ​ក៏​វាយ​សម្រុក​យក​ក្រុង​កាប់​សម្លាប់​អ្នក​ស្រុក ហើយ​ធ្វើ​ឲ្យ​ក្រុង​ទទួល​មហន្ត‌រាយ​ជា​ទម្ងន់។ គាត់​ប្រហារ​ជីវិត​ប្រជាជន​អ៊ីស្រា‌អែល​អស់​ជា​ច្រើន​នាក់ 31 ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​អ្នក​ក្រុង ដុត​បំផ្លាញ​ទីក្រុង​ចោល ផ្ដួល​រំលំ​ផ្ទះ និង​កំពែង​ថែម​ទៀត​ផង។ 32 ពួក​ទាហាន​ចាប់​ស្រីៗ និង​ក្មេងៗ​យក​ធ្វើ​ជា​ឈ្លើយ ហើយ​យក​ហ្វូង​សត្វ​មក​ចែក​គ្នា។ 33 ក្រោយ​មក ពួក​គេ​សង់​ក្រុង​របស់​ព្រះ​បាទ​ដាវីឌ​ឡើង​វិញ ព្រម​ទាំង​សង់​កំពែង​ខ្ពស់ និង​រឹង​មាំ ដែល​មាន​ប៉ម​ធ្វើ​ជា​បន្ទាយ​របស់​គេ។ 34 ពួក​គេ​តែង​តាំង​ជន‌ពាល​មួយ​ក្រុម គឺ​ពួក​ទមិឡ​ឥត​សាសនា ឲ្យ​នៅ​ក្នុង​បន្ទាយ​ដ៏​រឹង​មាំ​នោះ។ 35 ពួក​គេ​ប្រមូល​គ្រឿង​សាស្ត្រា‌វុធ ស្បៀង​អាហារ​ជា​ច្រើន និង​ជយ​ភណ្ឌ​ដែល​រឹប​អូស​យក​ពី​ក្រុង​យេរូ‌សាឡឹម មក​ដាក់​ក្នុង​បន្ទាយ។ ធ្វើ​ដូច្នេះ​គេ​ដូច​ជា​ដាក់​អន្ទាក់ ដើម្បី​ចាប់​ប្រជាជន។ 36 ពួក​គេ​បង្កប់​ខ្លួន​ចាំ​ស្ទាក់​វាយ​មនុស្ស​ដែល​ចេញ​ចូល​ព្រះ‌វិហារ និង​ធ្វើ​បាប​ប្រជាជន​អ៊ីស្រា‌អែល​ជា​ទម្ងន់ គ្រប់​ពេល​វេលា​ផង។ 37 ពួក​គេ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​នៅ​ជុំវិញ​ទី​សក្ការៈ បង្អាប់​បន្ថោក​ទី​ដ៏‌វិសុទ្ធ 38 បង្ខិត​បង្ខំ​ប្រជាជន​ក្រុង​យេរូ‌សាឡឹម ឲ្យ​រត់​ចេញ​ពី​ទីក្រុង ហើយ​មាន​សុទ្ធ​តែ​សាសន៍​ដទៃ​មក​ស្នាក់​នៅ​ទៅ​វិញ ដោយ​ប្រជាជន​លះ​បង់​ក្រុង​នោះ​ចោល។

39 ពួក​គេ​បំផ្លិច​បំផ្លាញ​ព្រះ‌វិហារ​ឲ្យ​ស្ងាត់​ជ្រងំ ដូច​វាល​រហោ‌ស្ថាន។ ពិធី​បុណ្យ​ដ៏​សប្បាយ ក្លាយ​ជា​ពិធី​កាន់​ទុក្ខ ថ្ងៃ​សប្ប័ទ ប្រែ​ក្លាយ​ទៅ​ជា​ថ្ងៃ​ដែល​សាសន៍​ដទៃ​ចំអក​ឲ្យ​ជន​ជាតិ​យូដា និង​មើល​ងាយ​ដល់​កិត្តិ‌នាម​របស់​ក្រុង​ដែរ។ 40 កាល​ពី​មុន ក្រុង​យេរូ‌សាឡឹម មាន​សិរី​រុង‌រឿង​អស្ចារ្យ​យ៉ាង​ណា ពេល​នេះ​ក្រុង​យេរូ‌សាឡឹម ក៏​ទទួល​ការ​អាម៉ាស់​ដ៏​ជូរ​ចត់​យ៉ាង​នោះ​ដែរ។ កាល​ពី​មុន ទីក្រុង​មាន​ភាព​ថ្កុំ​ថ្កើង​យ៉ាង​ណា នៅ​ពេល​នេះ ទីក្រុង​ក៏​កាន់​ទុក្ខ​ដ៏​សែន​ខ្លោច​ផ្សា​យ៉ាង​នោះ​វិញ​ដែរ។

ព្រះ‌បាទ​អន់​ទី‌យ៉ូគូស​ហាម​មិន​ឲ្យ​គោរព​ធម្ម‌វិន័យ

41 ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ចេញ​រាជ​ក្រឹត្យ​មួយ​បញ្ជា​ឲ្យ​ជន​ជាតិ​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​រាជា‌ណាចក្រ​ទាំង​មូល លះ​បង់​ទំនៀម​ទម្លាប់​រៀងៗ​ខ្លួន​ចោល ដើម្បី​ចូល​រួម​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​តែ​មួយ។ 42 ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​អនុវត្ត​តាម​រាជ​ក្រឹត្យ​នេះ។ 43 ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​ក៏​សុខ​ចិត្ត​កាន់​តាម​សាសនា​របស់​ព្រះ‌មហា​ក្សត្រ​ដែរ គឺ​គេ​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ក្លែង‌ក្លាយ ព្រម​ទាំង​លែង​គោរព​ថ្ងៃ​សប្ប័ទ​ទៀត។ 44 ព្រះ‌មហា​ក្សត្រ​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទី​ក្រុង​យេរូ‌សាឡឹម និង​បណ្ដា​ក្រុង​នានា ក្នុង​ស្រុក​យូដា​ទាំង​មូល ព្រះ‌អង្គ​ចេញ​រាជ‌បញ្ជា​ឲ្យ​អ្នក​ក្រុង​ទាំង​នោះ​គោរព​ប្រតិ‌បត្តិ​តាម​ទំនៀម​ទម្លាប់​នៃ​ជន​ជាតិ​ដទៃ។ 45 ព្រះ‌មហា​ក្សត្រ​ហាម​ធ្វើ​តង្វាយ​ដុត​ទាំង​មូល​ថ្វាយ​ព្រះ‌ជាម្ចាស់ ហាម​ថ្វាយ​សក្ការ​បូជា ហាម​ធ្វើ​ពិធី​ច្រូច​ស្រា ហាម​គោរព​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ​នានា 46 ព្រម​ទាំង​បង្គាប់​ឲ្យ​បង្អាប់​បង្ឱន​ព្រះ‌វិហារ និង​គ្រឿង​សក្ការៈ​ផ្សេងៗ​ផង។ 47 ព្រះ‌រាជា​បញ្ជា​ឲ្យ​សាង​អាសនៈ ទី​សក្ការៈ និង​ព្រះ‌វិហារ​សម្រាប់​គោរព​ព្រះ‌ក្លែង‌ក្លាយ ព្រម​ទាំង​យក​សត្វ​ជ្រូក និង​សត្វ​មិន​បរិសុទ្ធ​មក​ធ្វើ​យញ្ញ‌បូជា​ដែរ 48 ព្រះ‌អង្គ​ហាម​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​កូន​ចៅ​របស់​ពួក​គេ។ ដូច្នេះ ពួក​គេ​មាន​ការ​សៅ​ហ្មង​គ្រប់​បែប​យ៉ាង ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​គួរ​ឲ្យ​ស្អប់​ខ្ពើម។ 49 ព្រះ‌រាជា​មាន​បំណង​ឲ្យ​គេ​បំភ្លេច​ធម្ម‌វិន័យ ព្រម​ទាំង​ផ្លាស់​ប្ដូរ​ទំនៀម​ទម្លាប់​ទាំង​អស់​របស់​ខ្លួន។ 50 អ្នក​មិន​គោរព​តាម​ព្រះ‌រាជ​ក្រឹត្យ របស់​ព្រះ‌មហា​ក្សត្រ ត្រូវ​ទទួល​ទោស​ដល់​ជីវិត។

51 ព្រះ‌មហា​ក្សត្រ​សរសេរ​រាជ​ក្រឹត្យ​បែប​នេះ​ឲ្យ​ប្រជា‌រាស្ត្រ​ទាំង​អស់ ក្នុង​ព្រះ‌រាជា‌ណាចក្រ​ទាំង​មូល ព្រះ‌អង្គ​តែង​តាំង​មន្ត្រី ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​ប្រជា‌រាស្រ្ត​ទាំង​អស់ ហើយ​បញ្ជា​ឲ្យ​អ្នក​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ក្លែង‌ក្លាយ​ទៀត​ផង។ 52 ប្រជាជន​អ៊ីស្រា‌អែល​ភាគ​ច្រើន គឺ​អ្នក​ដែល​លះ​បង់​ធម្ម‌វិន័យ​របស់​ព្រះ‌អម្ចាស់ បែរ​ជា​ទៅ​ធ្វើ​តាម​បញ្ជា​របស់​មន្ត្រី​ទាំង​នោះ។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្នុង​ស្រុក។ 53 ពួក​គេ​បង្ខិត​បង្ខំ​ប្រជាជន​អ៊ីស្រា‌អែល​ដ៏​ស្មោះ‌ត្រង់ ឲ្យ​គេច​ខ្លួន​ទៅ​ជ្រក​គ្រប់​ទី​កន្លែង ដែល​ពួក​គេ​អាច​នៅ​បាន។

54 នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ខែ​គីសឡេ ដែល​ត្រូវ​ជា​ខែ​មិគ​សិរ ឆ្នាំ​មួយ‌រយ​សែ​សិប‌ប្រាំ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ធ្វើ​រូប​បដិមា​ដ៏​គួរ​ស្អប់​ខ្ពើម ដាក់​នៅ​លើ​អាសនៈ​ក្នុង​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម ហើយ​អ្នក​រាជ​ការ​ក៏​សង់​អាសនៈ​តាម​ក្រុង​នានា​ដែល​នៅ​ជុំវិញ​ដែរ។ 55 គេ​ដុត​គ្រឿង​ក្រអូប​នៅ​មាត់​ទ្វារ​ផ្ទះ និង​តាម​កន្លែង​សាធារណៈ។ 56 បើ​គេ​រក​ឃើញ​គម្ពីរ‌វិន័យ គេ​ហែក​ដុត​កម្ទេច​ចោល។ 57 ប្រសិន​បើ​គេ​ឃើញ​គម្ពីរ​សម្ពន្ធ‌មេត្រី​ក្នុង​ផ្ទះ​នរណា​ម្នាក់ ឬ​ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រតិ‌បត្តិ​តាម​ធម្ម‌វិន័យ​នោះ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​នោះ តាម​រាជ​ក្រឹត្យ​របស់​ព្រះ‌មហា​ក្សត្រ។ 58 រៀង​រាល់​ខែ ជន‌ពាល​ធ្វើ​បាប​ប្រជាជន​អ៊ីស្រា‌អែល ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​រាជ​ក្រឹត្យ​នោះ 59 ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​នីមួយៗ ពួក​គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ ដែល​គេ​សង់​នៅ​ពី​លើ​អាសនៈ​នៃ​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម។ 60 គេ​ប្រហារ​ជីវិត​ស្រ្ដី​ដែល​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​កូន​របស់​ខ្លួន ខុស​ពី​រាជ‌បញ្ជា​របស់​ព្រះ‌មហា​ក្សត្រ 61 ដែល​កំពុង​ឱប​កូន​ជាប់​នឹង​ខ្លួន​ផង។ ញាតិ​សន្តាន និង​អស់​អ្នក​ដែល​បាន​ជួយ​ធ្វើ​ពិធី​កាត់​ស្បែក​នោះ ក៏​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់​ដែរ។ 62 ប៉ុន្តែ ទោះបី​ជា​យ៉ាង​ណា​ក្ដី ក៏​ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​មាន​ចិត្ត​រឹង​ប៉ឹង​ក្លាហាន​អង់​អាច មិន​ព្រម​បរិភោគ​ម្ហូប​អាហារ​មិន​បរិសុទ្ធ​ឡើយ។ 63 អ្នក​ទាំង​នោះ​ស៊ូ​ស្លាប់ ជា​ជាង​បរិភោគ​អាហារ​ដែល​មិន​បរិសុទ្ធ ហើយ​ទោះ​ជា​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ក៏​គេ​មិន​ព្រម​បង្អាប់​បង្ឱន​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ​ដែរ។ 64 នៅ​គ្រា​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​ជួប​នូវ​គ្រោះ​មហន្ត‌រាយ​យ៉ាង​ខ្លាំង។