ជំពូក ១១
លោកលីស៊ីយ៉ាសធ្វើសង្គ្រាមប្រឆាំងនឹងជនជាតិយូដា
(១ មរ ៤,២៦-៣៥)
1 លោកលីស៊ីយ៉ាសជាញាតិវង្ស ដែលជាអ្នកថែរក្សាអប់រំស្តេច និងជារដ្ឋមន្ត្រីទីមួយ ចាប់អារម្មណ៍យ៉ាងខ្លាំងនឹងព្រឹតិ្តការណ៍ដែលកើតមាននោះ។ មិនយូរប៉ុន្មានក្រោយមក 2 លោកប្រមូលផ្តុំពលទ័ពថ្មើរជើងប្រមាណប្រាំបីម៉ឺននាក់ និងពលទ័ពសេះទាំងអស់ ហើយលើកចេញទៅច្បាំងនឹងជនជាតិយូដា លោកចង់ធ្វើឲ្យក្រុងយេរូសាឡឹម ក្លាយទៅជាក្រុងរបស់ជនជាតិក្រិក។ 3 លោកចង់ឲ្យព្រះវិហារបង់ពន្ធ ដូចវិហាររបស់ប្រជាជាតិដទៃទៀតដែរ និងមានការដេញថ្លៃមុខងារមហាបូជាចារ្យជារៀងរាល់ឆ្នាំ។ 4 លោកពុំបាននឹកគិតអំពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ទេ គឺលោកអាងយ៉ាងព្រហើនកម្លាំងទ័ពថ្មើរជើងរាប់ម៉ឺននាក់ ពលទ័ពសេះរាប់ពាន់នាក់ និងលើដំរីចម្បាំងប៉ែតសិបក្បាលប៉ុណ្ណោះ។
5 ពេលលោកមកដល់ស្រុកយូដា លោកចាប់វាយក្រុងបេតសួរយ៉ាងខ្លាំង។ ក្រុងបេតសួរនេះមានកំពែងដ៏រឹងមាំ ហើយស្ថិតនៅប្រមាណជាប្រាំពីរគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ 6 កាលលោកម៉ាកាបាយ និងកងទ័ពជ្រាបដំណឹងថា លោកលីស៊ីយ៉ាសឡោមព័ទ្ធក្រុងនានា ពួកគេនាំគ្នាទូលអង្វរព្រះអម្ចាស់ទាំងថ្ងូរ និងបង្ហូរទឹកភ្នែក រួមជាមួយប្រជាជន សូមព្រះអង្គព្រះអង្គព្រះមេត្តា ចាត់ទេវទូតដ៏សប្បុរសមួយរូប ឲ្យមកសង្គ្រោះប្រជាជនអ៊ីស្រាអែលផង។ 7 លោកម៉ាកាបាយកាន់អាវុធមុនគេ ហើយលើកទឹកចិត្តអ្នកដទៃទៀតឲ្យពុះពារនឹងគ្រោះថ្នាក់ជាមួយគាត់ ដើម្បីសង្គ្រោះបងប្អូនរបស់ខ្លួន។ ពួកគេក្រោកឡើងដោយចិត្តក្លាហានអង់អាច។ 8 កាលពួកគេស្ថិតនៅក្បែរក្រុងយេរូសាឡឹមនៅឡើយ ស្រាប់តែឃើញមានបុរសម្នាក់ស្លៀកពាក់ស ជិះសេះមក ហើយនាំមុខពួកគេ ទាំងគ្រវីអាវុធមាស។ 9 គេនាំគ្នាអរព្រះគុណលើកតម្កើងព្រះជាម្ចាស់ ប្រកបដោយព្រះហឫទ័យមេត្តាករុណា។ ព្រះអង្គបានប្រទានកម្លាំងខ្លាំងក្លាឲ្យពួកគេត្រៀមខ្លួនចេញទៅវាយ មិនត្រឹមតែមនុស្សប៉ុណ្ណោះទេ គឺវាយទម្លុះទាំងសត្វសាហាវបំផុត ទាំងកំពែងដែលធ្វើអំពីដែកផង។ 10 ពួកគេចេញដំណើរទៅមុខតាមក្បួនទ័ព ដោយមានសម្ពន្ធមិត្តមួយរូបមកពីស្ថានបរមសុខ ព្រោះព្រះអម្ចាស់អាណិតអាសូរពួកគេ។ 11 ពួកគេវាយសម្រុកលើខ្មាំងសត្រូវ ដូចសត្វសិង្ហ។ ពួកគេប្រហារពលទ័ពថ្មើរជើងមួយម៉ឺនមួយពាន់នាក់ និងពលទ័ពសេះ មួយពាន់ប្រាំរយនាក់ ហើយបង្ខំទ័ពខ្មាំងឲ្យបាក់ទ័ពរត់អស់។ 12 ទ័ពខ្មាំងដែលរត់ភាគច្រើន សុទ្ធតែមានរបួស និងគ្មានអាវុធ សូម្បីតែលោកលីស៊ីយ៉ាសខ្លួនឯងក៏រត់ទាំងអាម៉ាស់ដែរ។
ជនជាតិយូដាបានសន្តិភាព
(១មបា ៦.៥៧-៦១)
13 ប៉ុន្តែ លោកលីស៊ីយ៉ាសដែលជាអ្នកឆ្លាតវាងវៃ លោករិះគិតអំពីការបរាជ័យរបស់លោក ហើយយល់ឃើញថា មិនអាចវាយឈ្នះជនជាតិយូដាទេ ព្រោះព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ជាសម្ពន្ធមិត្ត ជួយច្បាំងពួកគេ។ ដូច្នេះ លោកចាត់អ្នកនាំសារ 14 ឲ្យទៅចរចាសុំសន្តិភាពជាមួយជនជាតិយូដា ដោយសម្រុះសម្រួលគ្នាយ៉ាងសមរម្យ និងយុត្តិធម៌។ លោកសន្យាថានឹងទូលសុំស្តេច ឲ្យចងមិត្តភាពជាមួយពួកគេដែរ។ 15 លោកម៉ាកាបាយយល់ព្រមនឹងសំណូមពរទាំងប៉ុន្មានរបស់លោកលីស៊ីយ៉ាស ដោយនឹកគិតដល់ផលប្រយោជន៍រួម។ ព្រះរាជាយល់ព្រមតាមសំណូមពរទាំងប៉ុន្មាន ដែលលោកម៉ាកាបាយ បានសរសេរផ្ញើជូនលោកលីស៊ីយ៉ាសស្តីអំពីជនជាតិយូដា។
16 លោកលីស៊ីយ៉ាសសរសេរសំបុត្រផ្ញើជូនជនជាតិយូដា មានសេចក្តីដូចតទៅ៖ «ខ្ញុំលីស៊ីយ៉ាស សូមជម្រាបមកដល់ជនជាតិយូដាទាំងមូល សូមជ្រាប 17 លោកយ៉ូហាន និងលោកអាប់សាឡុម ជាអ្នកនាំសាររបស់អស់លោកបានជូនកិច្ចព្រមព្រៀង ដូចមានចែងខាងក្រោមនេះមកខ្ញុំ ដោយសូមឲ្យខ្ញុំយល់ព្រមតាមមាត្រាទាំងប៉ុន្មានដែលមានកត់ត្រាក្នុងកិច្ចព្រមព្រៀងនេះ។ 18 ហេតុនេះហើយបានជាក្រោយពីខ្ញុំយល់ព្រមដោយផ្ទាល់ពីអ្វីដែលខ្ញុំអាចអនុញ្ញាតបាន ខ្ញុំក៏រ៉ាយរ៉ាប់ថ្វាយព្រះរាជាពីអ្វីដែលព្រះអង្គត្រូវសម្រេច។ 19 ហេតុនេះ ប្រសិនបើអស់លោកនៅតែមានឆន្ទៈល្អចំពោះរដ្ឋ ខ្ញុំនឹងខិតខំជួយរកផលប្រយោជន៍ដល់បងប្អូន នៅពេលអនាគត។ 20 រីឯបញ្ហាបន្ទាប់បន្សំទៀត ខ្ញុំឲ្យអ្នកនាំសាររបស់លោក និងតំណាងរបស់ខ្ញុំ ពិភាក្សាជាមួយអស់លោក។ 21 សូមអស់លោកប្រកបដោយសេចក្តីសុខសាន្ត។ធ្វើនៅថ្ងៃទីម្ភៃបួន ខែឌីយ៉ុស្កូរ ត្រូវនឹងខែមាឃ ឆ្នាំមួយរយសែសិបប្រាំបី»។
22 រាជសាររបស់ស្តេចមានចែងដូចតទៅ៖ «ព្រះបាទអន់ទីយ៉ូគូសជម្រាបមកលោកលីស៊ីយ៉ាស ជាអនុជ សូមជ្រាប! 23 តាំងពីបិតារបស់យើងបានទៅស្ថានសួគ៌ជាមួយព្រះរបស់ខ្លួន យើងចង់ឲ្យអស់អ្នកដែលរស់នៅក្នុងរាជាណាចក្ររបស់យើង អាចគិតគូរកិច្ចការរបស់ខ្លួន ដោយគ្មានបារម្ភអ្វីឡើយ។ 24 យើងដឹងថា ជនជាតិយូដាមិនព្រមទទួលយកនូវរបៀបរស់នៅរបស់ជនជាតិក្រិក តាមសំណូមពរបិតាយើងទេ។ ពួកគេចូលចិត្តរស់នៅតាមទំនៀមទម្លាប់របស់ខ្លួនប្លែកពីគេ ហើយសូមអនុញ្ញតឲ្យពួកគេកាន់តាមធម្មវិន័យរបស់គេ។ 25 អាស្រ័យហេតុនេះហើយបានជាយើងចង់ឲ្យប្រជាជននេះ រួចផុតពីការព្រួយបារម្ភ យើងក៏សម្រេចព្រះហឫទ័យ ប្រគល់ព្រះវិហារឲ្យពួកគេ ហើយឲ្យពួកគេរស់នៅក្នុងឋានៈជាប្រជាពលរដ្ឋតាមប្រពៃណីដូនតារបស់ពួកគេ។ 26 ដូច្នេះ លោកត្រូវចាត់ទូតម្នាក់ទៅជួបពួកគេ និងផ្តល់សន្តិភាព ដើម្បីឲ្យពួកគេលែងភ័យខ្លាច គិតគូរតែពីកិច្ចការរបស់ខ្លួន ដោយគ្មានកង្វល់អ្វីឡើយ ហើយរស់នៅដោយសេចក្តីសុខសាន្ត»។
27 ស្តេចសរសេរសារផ្ញើជូនជនជាតិយូដាមានសេចក្តីដូចតទៅ៖ «ព្រះបាទអន់ទីយ៉ូគូសជម្រាបមកក្រុមប្រឹក្សាព្រឹទ្ធាចារ្យ និងជនជាតិយូដាទាំងអស់ សូមជ្រាប!។ 28 ប្រសិនបើអស់លោកប្រកបដោយសេចក្តីសុខ យើងមានអំណររកអ្វីមកប្រៀបផ្ទឹមពុំបាន។ យើងនៅឯណេះក៏ប្រកបដោយសេចក្តីសុខជាធម្មតាដែរ។ 29 លោកម៉េណេឡាបានប្រាប់យើងថា អស់លោកចង់ត្រឡប់ទៅផ្ទះ ដើម្បីប្រកបកិច្ចការរបស់ខ្លួន។ 30 យើងសូមធានាថា នឹងអត់ទោសឲ្យអស់អ្នកដែលត្រឡប់ទៅផ្ទះ មុនថ្ងៃទីសាមសិប ខែសង់ទីក ត្រូវនឹងខែផល្គុន។ 31 ជនជាតិយូដាមានសិទ្ធិកាន់តាមវិន័យស្តីអំពីម្ហូបអាហារ និងច្បាប់ឯទៀតៗរបស់អស់លោកដូចកាលពីមុន។ គ្មាននរណាហ៊ានចាប់ពួកអស់លោកណាម្នាក់ ដែលបានប្រព្រឹត្តខុស ដោយមិនដឹងខ្លួនឡើយ។ 32 យើងក៏បានចាត់លោកម៉េណេឡាមក ដើម្បីជម្រាបអស់លោក កុំឲ្យអស់លោកភ័យខ្លាច។ 33 សូមអស់លោកប្រកបដោយសេចក្តីសុខសាន្ត! ធ្វើនៅថ្ងៃទីដប់ប្រាំ ខែផល្គុន ឆ្នាំមួយរយសែសិបប្រាំបី»។
34 រីឯជនជាតិរ៉ូម៉ាំងសរសេរលិខិតផ្ញើជូនជនជាតិយូដា ដែលមានន័យដូចតទៅ៖ «លោកគីនទូស-មែនមីយ៉ូស លោកទីទូស-ម៉ានីយ៉ូស និងលោកម៉ានីយ៉ូស-សែគីយ៉ូស ជាប្រតិភូជាតិរ៉ូម៉ាំង ជម្រាបមកប្រជាជនយូដា សូមជ្រាប!។ 35 សេចក្តីទាំងប៉ុន្មានដែលលោកលីស៊ីយ៉ាសជាញាតិវង្សរបស់ស្តេច បានអនុញ្ញាតឲ្យអស់លោក យើងក៏អនុញ្ញាតដែរ។ 36 រីឯសេចក្តីដែលលោកយល់ថា ត្រូវតែសុំសេចក្តីសម្រេចពីព្រះករុណាវិញ សូមចាត់អ្នកណាម្នាក់ឲ្យទៅជួបយើង។ យើងនឹងរៀបរាប់ថ្វាយព្រះរាជា តាមវិធីណាដែលនាំឲ្យមានផលប្រយោជន៍សម្រាប់អស់លោក ពេលយើងទៅក្រុងអន់ទីយ៉ូក។ 37 ដូច្នេះ សូមប្រញាប់ប្រញាល់បញ្ជូនមនុស្សឲ្យមកជួបនឹងយើង ដើម្បីយើងដឹងពីគោលបំណងរបស់អស់លោក។ 38 សូមអស់លោកប្រកបដោយសេចក្តីសុខសាន្ត។ ធ្វើនៅថ្ងៃទី១៥ ខែផល្គុន ឆ្នាំមួយរយសែសិបប្រាំបី»។