ជំពូក ១

ម៉ាកា‌បាយ មរណ‌សាក្សី​នៃ​ប្រជាជន​អ៊ីស្រា‌អែលភាគទី ១

លិខិត​ផ្ញើ​ជូន​ប្រជាជន​យូដា​នៅ​ស្រុក​អេស៊ីប

លិខិត​ទី១ ផ្ញើ​ជូន​ប្រជាជន​យូដា​នៅ​ស្រុក​អេស៊ីប នា​ឆ្នាំ ១២៤ មុន​គ.ស

1 សូម​ជម្រាប​មក​បង‌ប្អូន​រួម​ជាតិ​យូដា រស់​នៅ​ស្រុក​អេស៊ីប! បង‌ប្អូន​ជាតិ​យូដា​ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡឹម និង​បង‌ប្អូន​នៅ​ស្រុក​យូដា​ទាំង​អស់ សូម​ឲ្យ​បង‌ប្អូន​ប្រកប​ដោយ​សេចក្តី‌សុខ​សាន្ត និង​ចម្រុង​ចម្រើន!។ 2 សូម​ព្រះ‌ជាម្ចាស់​មេត្តា​ប្រោស​ប្រទាន​ពរ​ដល់​បង‌ប្អូន ហើយ​នឹក​គិត​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បម្រើ​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។ 3 សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន​ទាំង​អស់​មាន​ចិត្ត​គំនិត ដើម្បី​គោរព​ថ្វាយ‌បង្គំ​ព្រះ‌អង្គ និង​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​យ៉ាង​ស្មោះ។ 4 សូម​ព្រះ‌អង្គ​បំភ្លឺ​ចិត្ត​គំនិត​របស់​បង‌ប្អូន ឲ្យ​យល់​អំពី​ធម្ម‌វិន័យ និង​អំពី​បញ្ជា​របស់​ព្រះ‌អង្គ សូម​ប្រោស​ប្រទាន​សេចក្តី‌សុខ​សាន្ត​ដល់​បង‌ប្អូន​ផង។ 5 សូម​ព្រះ‌អង្គ​មេត្តា​ព្រះ‌សណ្តាប់​ពាក្យ​អង្វរ​របស់​បង‌ប្អូន សូម​លើក​លែង​ទោស​ឲ្យ​បង‌ប្អូន កុំ​បោះ​បង់​ចោល​បង‌ប្អូន​នៅ​គ្រា​មាន​អាសន្ន​ឡើយ!។ 6 នេះ​ជា​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ​នៅ​ពេល​នេះ សម្រាប់​បង‌ប្អូន​នៅ​ស្រុក​យូដា។ 7 នៅ​ឆ្នាំ​១៦៣ ក្នុង​រជ្ជ​កាល​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស យើង​ខ្ញុំ​ជា​ជន​ជាតិ​យូដា បាន​សរសេរ​លិខិត​មួយ​ច្បាប់ ផ្ញើ​ជូន​បង‌ប្អូន​ដូច​ត​ទៅ៖ «តាំង​ពី​ពេល​ដែល​លោក​យ៉ាសូន និង​បក្ស​ពួក​គាត់ ក្បត់​ទឹក​ដី​ដ៏‌វិសុទ្ធ ក្បត់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា​ក្សត្រ​របស់​យើង​ខ្ញុំ​មក យើង​ខ្ញុំ​ជួប​តែ​ទុក្ខ​លំបាក និង​គ្រោះ​កាច​ជា‌និច្ច។ 8 ពួក​គេ​បាន​ដុត​ទ្វារ​ធំ​នៃ​ព្រះ‌វិហារ ហើយ​កាប់​សម្លាប់​ប្រជាជន​ស្លូត​ត្រង់​ទៀត​ផង។ យើង​ខ្ញុំ​ទូល​អង្វរ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​ស្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ​ដែរ។ យើង​ខ្ញុំ​បាន​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ម្សៅ​ម៉ដ្ឋ​ចំពោះ​ព្រះ‌អង្គ អុជ​ចង្កៀង​ទាំង‌ឡាយ​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​តម្កល់​នំប៉័ង​សក្ការៈ​ដែរ។ 9 ឥឡូវ​នេះ យើង​ខ្ញុំ​សូម​សរសេរ​លិខិត ដើម្បី​សូម​អញ្ជើញ​បង‌ប្អូន​ឲ្យ​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​បារាំ នៅ​ខែ​គីសឡេវ ដែល​ត្រូវ​នឹង​ខែ​អស្សុជ 10 ចុះ​នៅ​ឆ្នាំ ១៨៨។

លិខិត​ទី​ពីរ

ជន​ជាតិ​ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡឹម និង​នៅ​ស្រុក​យូដា​ទាំង​មូល ក្រុម​ជំនុំ​នៃ​ព្រឹទ្ធា‌ចារ្យ និង​លោក​យូដា សូម​ជម្រាប​មក​លោក​អារី‌ស្តូប៊ូល ជា​ទី​ប្រឹក្សា​របស់​ព្រះ‌បាទ​ផ្ទូលេមេ និង​ជា​ពូជ‌ពង្ស​របស់​មហា​បូជា‌ចារ្យ ដែល​ត្រូវ​គេ​តែង​តាំង​ដោយ​ចាក់​ប្រេង ព្រម​ទាំង​បង‌ប្អូន​ជាតិ​យូដា​ដែល​រស់​នៅ​ស្រុក​អេស៊ីប​ទាំង​អស់ សូម​ជ្រាប! សូម​បង‌ប្អូន​ប្រកប​ដោយ​អំណរ​សប្បាយ និង​សុខ​ភាព​ល្អ។ 11 ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​គ្រោះ​កាច​ដ៏​ធ្ងន់​ធ្ងរ! យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត ដោយ​ព្រះ‌អង្គ​ជួយ​ការ‌ពារ​យើង​ខ្ញុំ ក្នុង​ពេល​ច្បាំង​ប្រឆាំង​នឹង​ស្តេច 12 គឺ​ព្រះ‌ជាម្ចាស់​ផ្ទាល់​បាន​បណ្តេញ​អស់​អ្នក​ដែល​កាន់​អាវុធ​ទៅ​វាយ​ក្រុង​ដ៏‌វិសុទ្ធ។ 13 ព្រះ‌បាទ​អន់ទី‌យ៉ូគូស​យាង​ទៅ​ស្រុក​ពែរ្ស ដោយ​នាំ​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ ដែល​គេ​ស្មាន​ថា​នឹង​មិន​អាច​ចាញ់​ឡើយ។ ប៉ុន្តែ បូជា‌ចារ្យ​នៃ​ព្រះ‌វិហារ​ព្រះ‌ណាណេអា បាន​ប្រើ​ឧបាយ​កល្ប​វាយ​កម្ទេច​ពួក​គេ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌ណាណេអា។ 14 ស្តេច​យាង​ទៅ​ទី​នោះ​ជា​មួយ​ពួក​មន្ត្រី​ជំនិត ដោយ​យក​លេស​ថា ទៅ​រៀប​អភិសេក​ជា​មួយ​ម្ចាស់​ក្សត្រិយ៍។ តាម​ការ​ពិត ព្រះ‌អង្គ​មាន​បំណង​ទៅ​ប្រមូល​យក​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ពី​ព្រះ‌វិហារ​នេះ​ទុក​ដូច​ជា​ជំនូន។ 15 បូជា‌ចារ្យ​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌ណាណេអា តម្កល់​ទ្រព្យ‌សម្បត្តិ​ទាំង​នោះ​ថ្វាយ​ព្រះ‌រាជា​ទត។ ស្តេច​យាង​ចូល​ក្នុង​បរិវេណ​នៃ​ព្រះ‌វិហារ ជា​មួយ​មន្ត្រី​ជំនិត​ខ្លះ។ ពេល​ព្រះ‌រាជា​យាង​ចូល​រួច​ហើយ អស់​លោក​បូជា‌ចារ្យ​ទាំង​នោះ​បិទ​ទ្វារ​ពី​ក្រោយ​ទាំង​អស់។ 16 បន្ទាប់‌មក​បើក​ទ្វារ​មួយ​ទៀត​ដែល​លាក់​នៅ​លើ​ពិដាន ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​ព្រះ‌រាជា និង​ពួក​មន្ត្រី។ ពួក​គេ​ក៏​កាត់​អវៈ​យវៈ​សាក​សព​ទាំង​នោះ ហើយ​កាត់​ក្បាល​បោះ​ទៅ​ឲ្យ​អស់​អ្នក​នៅ​ខាង​ក្រៅ​មើល។ 17 សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់​របស់​យើង​ខ្ញុំ​ក្នុង​គ្រប់​កិច្ច‌ការ ដ្បិត​ព្រះ‌អង្គ​បាន​ប្រហារ​ជីវិត​អស់​អ្នក​ដែល​ប្រមាថ​ព្រះ‌អង្គ!។

18 នៅ​ថ្ងៃ​ទី​២៥ ខែ​គីសឡេវ ត្រូវ​នឹង​ខែ​មិគសិរ យើង​ខ្ញុំ​បម្រុង​នឹង​ប្រារព្ធ​ពិធី​ជម្រះ​ព្រះ‌វិហារ។ ដូច្នេះ យើង​ខ្ញុំ​យល់​ឃើញ​ថា យើង​ខ្ញុំ​ត្រូវ​តែ​ផ្តល់​ដំណឹង​ឲ្យ​បង‌ប្អូន ដើម្បី​ឲ្យ​បង‌ប្អូន​រៀប​ចំ​ពិធី​បុណ្យ​នេះ​តាម​របៀប​បុណ្យ​បារាំ​ដែរ។ បង‌ប្អូន​មុខ​ជា​នឹក​ឃើញ​ពី​ភ្លើង​ដែល​លេច​ចេញ​មក នៅ​ពេល​លោក​នេហេមី​ថ្វាយ​យញ្ញ‌បូជា ក្រោយ​ពី​បាន​សង់​ព្រះ‌វិហារ និង​អាសនៈ​ឡើង​វិញ។ 19 នៅ​គ្រា​ដែល​ខ្មាំង​កៀរ​ដូន‌តា​របស់​យើង​ខ្ញុំ​នាំ​ទៅ​ស្រុក​ពែរ្ស អស់​លោក​បូជា‌ចារ្យ​ដ៏​ស្មោះ‌ត្រង់​យក​ភ្លើង​ពី​អាសនៈ ទៅ​លាក់​ទុក​ក្នុង​រូង ដែល​មាន​រាង​ដូច​អណ្តូង​រីង​ស្ងួត ហើយ​លាក់​ភ្លើង​នេះ​យ៉ាង​ជិត គ្មាន​នរណា​ម្នាក់​ស្គាល់​កន្លែង​នោះ​ឡើយ។ 20 អស់‌រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក កាល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​លោក​នេហេមី ដែល​ព្រះ‌មហា​ក្សត្រ​ស្រុក​ពែរ្ស​ចាត់​លោក​នេហេមី ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម។ លោក​នេហេមី​ក៏​ចាត់​កូន​ចៅ​របស់​បូជា‌ចារ្យ​ដែល​យក​ភ្លើង​លាក់​នោះ ឲ្យ​ស្វែង​រក​កន្លែង​ដែល​លាក់​ភ្លើង។ ពួក​គេ​បាន​មក​រាយ​ការណ៍​ថា ពួក​គេ​រក​ភ្លើង​នោះ​មិន​ឃើញ​ទេ គឺ​ឃើញ​តែ​ប្រេង​ខាប់ៗ​ប៉ុណ្ណោះ។ លោក​នេហេមី​បង្គាប់​ឲ្យ​ពួក​គេ ទៅ​ដង​ប្រេង​នោះ​យក​មក។ 21 កាល​ពួក​គេ​រៀប​ចំ​អ្វីៗ​ទាំង​អស់​សម្រាប់​ថ្វាយ​យញ្ញ‌បូជា​សព្វ​គ្រប់​ហើយ លោក​នេហេមី​បង្គាប់​ឲ្យ​បូជា‌ចារ្យ យក​ប្រេង​នោះ​មក​ចាក់​លើ​អុស និង​លើ​តង្វាយ​ដែល​នៅ​លើ​អុស។ 22 បន្ទាប់​ពី​រៀប​ចំ​រួច​ហើយ មិន​យូរ​ប៉ុន្មាន​ព្រះ‌អាទិត្យ​ដែល​បាំង​ដោយ​ពពក​ក៏​លេច​ចេញ​មក ហើយ​បញ្ចេញ​រស្មី​ឆាប​ឆេះ​យញ្ញ‌បូជា​យ៉ាង​សន្ធោ‌សន្ធៅ ធ្វើ​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​ឆ្ងល់​យ៉ាង​ខ្លាំង។ 23 នៅ​ពេល​ភ្លើង​កំពុង​ឆាប​ឆេះ​យញ្ញ‌បូជា អស់​លោក​បូជា‌ចារ្យ និង​អង្គ​ប្រជុំ​នាំ​គ្នា​ទូល​អង្វរ​ព្រះ‌ជាម្ចាស់ គឺ​លោក​យ៉ូណាថាន​នាំ​គេ​អធិដ្ឋាន​មុន​គេ រួច​អស់​បូជា‌ចារ្យ លោក​នេហេមី​ក៏​ឆ្លើយ​ឆ្លង​ដែរ។ 24 គេ​ទូល​អង្វរ​ដូច​ត​ទៅ៖ បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌ជាអម្ចាស់​បាន​បង្កើត​អ្វីៗ​សព្វ​សារ​ពើ ព្រះ‌អង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ប្រកប​ដោយ​ឫទ្ធិ‌បារមី​សុចរិត មេត្តា‌ករុណា​មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ជា​ព្រះ‌មហា​ក្សត្រ មាន​តែ​ព្រះ‌អង្គ​ទេ ដែល​សប្បុរស​សុចរិត 25 ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ទូលំ‌ទូលាយ មាន​ឫទ្ធា‌នុភាព​សព្វ​ប្រការ និង​មាន​ព្រះ‌ជន្ម​អស់​កល្ប‌ជានិច្ច ព្រះ‌អង្គ​សង្រ្គោះ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ឲ្យ​រួច​ផុត​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ ព្រះ‌អង្គ​បាន​ជ្រើស‌រើស​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ឲ្យ​ទៅ​ជា​ជន​ដ៏‌វិសុទ្ធ។ 26 សូម​ព្រះ‌អង្គ​មេត្តា​ទទួល​យញ្ញ‌បូជា​ដែល​យើង​ខ្ញុំ​សូម​ថ្វាយ ក្នុង​នាម​ប្រជា‌រាស្រ្ត​អ៊ីស្រា‌អែល​ទាំង​មូល​ផង។ សូម​ព្រះ‌អង្គ​ព្រះ‌មេត្តា​ការ‌ពារ​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ និង​ប្រោស​ប្រណី​ឲ្យ​បាន​វិសុទ្ធ​ផង។ 27 សូម​ប្រមែ​ប្រមូល​បង‌ប្អូន​យើង​ខ្ញុំ​ដែល​ខ្ចាត់‌ខ្ចាយ សូម​លោះ​បង‌ប្អូន​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន​ដែល​ជា​ទាសករ ក្នុង​ចំណោម​ជាតិ​សាសន៍​ដទៃ​ផង សូម​ព្រះ‌អង្គ​ទត​មើល​បង‌ប្អូន​យើង​ខ្ញុំ​ដែល​ត្រូវ​គេ​មើល​ងាយ និង​ស្អប់​ខ្ពើម ដើម្បី​ឲ្យ​ជាតិ​សាសន៍​ដទៃ​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ‌ជាម្ចាស់​របស់​យើង​ខ្ញុំ​មែន!។ 28 សូម​ដាក់​ទោស​ដល់​អស់​អ្នក​ដែល​ជិះ​ជាន់​សង្កត់​សង្កិន​យើង​ខ្ញុំ និង​ជេរ​ប្រមាថ​យើង​ខ្ញុំ​យ៉ាង​ព្រហើន។ 29 សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​តែង​តាំង​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ ឲ្យ​ចាក់​ឫស​យ៉ាង​រឹង​មាំ នៅ​លើ​ទឹក​ដី​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ ដូច​លោក​ម៉ូសេ បាន​ថ្លែង​ទុក»។

30 អស់​លោក​បូជា‌ចារ្យ​នាំ​គ្នា​ច្រៀង​កោត​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់។ 31 កាល​យញ្ញ‌បូជា​ឆេះ​សុស​អស់​ហើយ លោក​នេហេមី​បង្គាប់​ឲ្យ​យក​ប្រេង​ដែល​នៅ​សេស​សល់ មក​ចាក់​លើ​ផ្ទាំង​ថ្ម​ធំៗ។ 32 ស្រាប់​តែ​ភ្លើង​ឆេះ​ឡើង ប៉ុន្តែ អណ្តាត​ភ្លើង​ឆេះ​នៅ​លើ​អាសនៈ មាន​ពន្លឺ​ភ្លឺ​ជាង​អណ្តាត​ភ្លើង​នេះ​ទៅ​ទៀត។ 33 ដំណឹង​នេះ បាន​ឮ​សុស​សាយ​គ្រប់​ទិស​ទី មាន​គេ​ទូល​ស្តេច​ស្រុក​ពែរ្ស ពី​កន្លែង​ដែល​ពួក​បូជា‌ចារ្យ​បាន​យក​ភ្លើង​ទៅ​លាក់​ទុក មុន​ពេល​គេ​កៀរ​យក​ទៅ ស្តេច​ស្រុក​ពែរ្ស​ក៏​ទទួល​ដំណឹង​ថា គេ​បាន​រក​ឃើញ​ប្រេង​នៅ​ទី​នោះ។ លោក​នេហេមី និង​អ្នក​នៅ​ជា​មួយ បាន​យក​ប្រេង​នោះ​មក​ដុត​យញ្ញ‌បូជា។ 34 ក្រោយ​ពី​បាន​ស៊ើប​ហេតុ‌ការណ៍​នោះ​ដឹង​ច្បាស់​លាស់ ស្តេច​បញ្ជា​ឲ្យ​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ​កន្លែង​នោះ ហើយ​ចាត់​ទុក​ជា​កន្លែង​ដ៏​សក្ការៈ។ 35 ព្រះ‌រាជា​ទទួល​កម្រៃ​យ៉ាង​ច្រើន​ពី​កន្លែង​នោះ ហើយ​ក៏​ចែក​មួយ​ភាគ​នៃ​ចំណែក​នេះ ឲ្យ​អ្នក​ដែល​ព្រះ‌អង្គ​ទុក​ឲ្យ​មើល​កន្លែង​នោះ។ 36 លោក​នេហេមី និង​អ្នក​ដែល​នៅ​ជា​មួយ​លោក ហៅ​ប្រេង​នេះ​ថា ណិបថា មាន​ន័យ​ថា «វិធី​ជម្រះ» ប៉ុន្តែ ប្រជាជន​ទូទៅ​តែង​ហៅ​ប្រេង​នោះ​ថា ណិប វិញ។