ជំពូក ១៣

ព្រះ‌បាទ​អន់ទី‌យ៉ូគូស និង​លីស៊ីយ៉ាស​ធ្វើ​សង្គ្រាម

1 នៅ​ឆ្នាំ​មួយ‌រយ​សែ​សិប​ប្រាំ​បួន លោក​យូដា និង​កង‌ទ័ព​របស់​លោក​ទទួល​ដំណឹង​ថា ព្រះ‌បាទ​អន់ទី‌យ៉ូគូស​អឺប៉ាទ័រ​លើក​ទ័ព​មួយ​ចំនួន​ធំ ចេញ​ដំណើរ​មក​វាយ​ស្រុក​យូដា។ 2 លោក​លីស៊ីយ៉ាស​ជា​អ្នក​ចិញ្ចឹម​អប់រំ​ស្តេច ហើយ​ជា​រដ្ឋ​មន្ត្រី​ទីមួយ ក៏​នៅ​ជាមួយ​ស្តេច​ដែរ។ មាន​កង‌ទ័ព​ថ្មើរ​ជើង​ជា​ជន​ជាតិ​ក្រិក​ចំនួន​ដប់​មួយ‌ម៉ឺន​នាក់ ទ័ព‌សេះ​ប្រាំ‌ពាន់​បី‌រយ​នាក់ ដំរី​ចម្បាំង​ម្ភៃ​ពីរ​ក្បាល និង​មាន​រទេះ​ចម្បាំង​ចំនួន​បី‌រយ​គ្រឿង​ប្រដាប់​ដោយ​ផ្លែ​កាំបិត​ធំៗ។ 3 លោក​ម៉េណេឡា​ចូល​រួម​ជាមួយ​ពួក​គេ ហើយ​ប្រើ​កល‌ល្បិច​ជា​ច្រើន និយាយ​បញ្ជោរ​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ពុំមែន​ដើម្បី​សង្គ្រោះ​មាតុ​ភូមិ​ទេ គឺ​ដោយ​សង្ឃឹម​ថា នឹង​បាន​ទទួល​មុខ​ងារ​ជា​មហា​បូជា‌ចារ្យ​វិញ។ 4 ប៉ុន្តែ ព្រះ‌ជាម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ​លើ​ស្តេច​នានា ព្រះ‌អង្គ​បាន​បណ្តាល​ឲ្យ​ព្រះ‌បាទ​អន់ទី‌យ៉ូគូស ព្រះ‌អង្គ​ព្រះ‌ពិរោធ​ប្រឆាំង​នឹង​ជន‌ពាល​នេះ។ ពេល​លោក​លីស៊ីយ៉ាស បញ្ជាក់​ទូល​ព្រះ‌រាជា​ឲ្យ​ជ្រាប​ថា លោក​ម៉េណេឡា​នេះ​ជា​មូល​ហេតុ​ដែល​បង្ក​បង្កើត​គ្រោះ​កាច​ទាំង​នេះ។ ព្រះ‌បាទ​អន់ទី‌យ៉ូគូស បញ្ជា​ឲ្យ​នាំ​លោក​ម៉េណេឡា នៅ​ក្រុង​បេរេ និង​សម្លាប់​គាត់​តាម​ទំនៀម​ទម្លាប់​របស់​អ្នក​ក្រុង។ 5 នៅ​ក្រុង​នោះ មាន​ប៉ម​មួយ​ដែល​មាន​កម្ពស់​ប្រហែល​ម្ភៃ​ប្រាំ​ម៉ែត្រ ហើយ​មាន​ផេះ​ពេញ។ នៅ​លើ​កំពូល​ប៉ម​នោះ មាន​គ្រឿង​ចក្រ​មាន​រាង​ដូច​បំពង់​បង្ហូរ​ដ៏​ធំ​មួយ សម្រាប់​ដាក់​ផេះ​នោះ។ 6 គេ​ធ្លាប់​នាំ​ជន​ដែល​បាន​លួច​យក​គ្រឿង​ប្រដាប់​ពី​ទី​សក្ការៈ ឬ​អ្នក​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដ៏ធ្ងន់​ធ្ងរ​បំផុត មក​ច្រាន​ទម្លាក់​តាម​បំពង់​ដើម្បី​ឲ្យ​ស្លាប់​ក្នុង​ផេះ​នោះ។ 7 ជន‌ពាល​ឥត​សាសនា​នោះ​ក៏​ស្លាប់​ដូច្នេះ ដែរ ហើយ​គេ​ពុំ​បាន​ធ្វើ​ពិធី​បញ្ចុះ​សព​ជូន​លោក​ម៉េណេឡា​នោះ​ទេ។ 8 អ្នក​ក្រុង​ប្រហារ​ជីវិត​គាត់​ដូច្នេះ ពិត​ជា​យុត្តិ‌ធម៌​មែន! ព្រោះ​គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប​ជាច្រើន ប្រឆាំង​នឹង​អាសនៈ​ដែល​មាន​ភ្លើង និង​ផេះ​សុទ្ធ​តែ​បរិសុទ្ធ ដូច្នេះ​គាត់​ត្រូវ​តែ​ស្លាប់​ក្នុង​ផេះ​បែប​នេះ។

ជន​ជាតិ​យូដា​ទទួល​ជ័យ‌ជម្នះ​នៅ​ក្រុង​ម៉ូឌីន

9 ព្រះ‌បាទ​អន់ទី‌យ៉ូគូ​តែង​តែ​មាន​បំណង​ខ្មៅ​កខ្វក់ ហើយ​បម្រុង​នឹង​យាង​ទៅ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជន​ជាតិ​យូដា ឲ្យ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ជាង​បិតា​របស់​ព្រះ‌អង្គ​បាន​ធ្វើ​លើ​ពួក​គេ​ទៅ​ទៀត។ 10 កាល​លោក​យូដា​ជ្រាប​ពី​ដំណឹង​នេះ លោក​ក៏​បង្គាប់​មហា​ជន ឲ្យ​ទូល​អង្វរ​ព្រះ‌អម្ចាស់​ទាំង​ថ្ងៃ ទាំង​យប់ សូម​ព្រះ‌អង្គ​យាង​មក​សង្គ្រោះ​ពួក​គេ​លើក​នេះ​ទៀត ព្រោះ​ខ្មាំង​មាន​បំណង​លុប​បំបាត់​វិន័យ មាតុ​ភូមិ និង​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ​ផង។ 11 សូម​ព្រះ‌អង្គ​កុំ​បណ្តោយ​ឲ្យ​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ ដែល​ទើប​នឹង​រស់​រាន​ឡើង​វិញ ធ្លាក់​ក្រោម​អំណាច​ប្រជា​ជាតិ​ដ៏​ព្រហើន​ទាំង​នេះ ឲ្យ​សោះ។ 12 ពួក​គេ​ទូល​អង្វរ​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​គ្រប់ៗ​គ្នា ទាំង​ក្រាប​ថ្វាយ‌បង្គំ​ជា‌និច្ច អស់‌រយៈ​ពេល​បីថ្ងៃ ព្រម​ទាំង​តម​អាហារ និង​បង្ហូរ​ទឹក​ភ្នែក។ បន្ទាប់​មក លោក​យូដ លើក​ទឹក​ចិត្ត​ពួក​គេ និង​បង្គាប់​ពួក​គេ ឲ្យ​រៀប​ចំ​ចេញ​ដំណើរ​ទៅ​ច្បាំង​ជាមួយ​លោក។ 13 លោក​ក៏​ពិភាក្សា​ជាមួយ​ក្រុម​ព្រឹទ្ធា‌ចារ្យ រួច​សម្រេច​ថា​នឹង​ចេញ​ទៅ​ច្បាំង មុន​ពេល​កង‌ទ័ព​របស់​ស្តេច​លុក​លុយ​ស្រុក​យូដា និង​វាយ​ដណ្តើម​យក​ក្រុង​យេរូ‌សាឡឹម។ លោក​សម្រេច​ចេញ​ទៅ​ច្បាំង ដោយ​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់។ 14 ដូច្នេះ ក្រោយ​ពី​បាន​ផ្ញើ​រឿង​ហេតុ​នឹង​ព្រះ‌ជាម្ចាស់ ដែល​បង្កើត​ពិភព‌លោក​រួច​ហើយ លោក​ដាស់​តឿន​កង‌ទ័ព​ឲ្យ​ច្បាំង​យ៉ាង​អង់​អាច​ក្លាហាន ដើម្បី​វិន័យ ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម មាតុ​ភូមិ និង​ប្រពៃណី។ លោក​លើក​ទ័ព​ទៅ​បោះ​ទីតាំង​នៅ​ក្បែរ​ក្រុង​ម៉ូឌីន។ 15 លោក​ដាក់​ពាក្យ​ស្លោក​ឲ្យ​ទាហាន​ថា៖ “ជ័យ‌ជម្នះ​របស់​ព្រះ‌ជាម្ចាស់”។ លោក​ជ្រើស‌រើស​យុវជន​ដ៏​ក្លាហាន នាំ​ទៅ​វាយ​ប្រហារ​ពន្លា​របស់​ព្រះ‌រាជា​ទាំង​យប់ ហើយ​សម្លាប់​ខ្មាំង​ដែល​នៅ​ក្នុង​ជំរំ​ប្រមាណ​ពីរ‌ពាន់​នាក់។ ពល‌ទាហាន​របស់​លោក​សម្លាប់​ដំរី និង​ហ្ម​មួយ​ចំនួន​ធំ​ផង។ 16 ទី​បំផុត​ពួក​គេ​ធ្វើ​ឲ្យ​កង‌ទ័ព​ក្នុង​ជំរំ​ភ័យ​តក់​ស្លុត និង​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង រួច​ពួក​គេ​ក៏​ដក​ថយ​ក្រោយ​វិញ ដោយ​ជោគ‌ជ័យ​យ៉ាង​ត្រចះ​ត្រចង់​គួរ​ជាទី​ពេញ​ចិត្ត។ 17 ពេល​នោះ ថ្ងៃ​ក៏​រះ​ឡើង ពួក​គេ​បាន​សម្រេច​កិច្ច‌ការ​ដ៏​អស្ចារ្យ​នេះ​រួច​ជា​ស្រេច ដោយ​មាន​ព្រះ‌អម្ចាស់​តាម​ថែរក្សា​ការ‌ពារ​លោក​យូដា។

ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ទី ៥ ចរចា​ជាមួយ​ជន​ជាតិ​យូដា
(១ មរ ៦,៤៨-៦៣)

18 ស្តេច​បាន​ទត​ឃើញ​ដោយ​ផ្ទាល់ ពី​ទឹក​ចិត្ត​ក្លាហាន​របស់​ជន​ជាតិ​យូដា​ដូច្នេះ ព្រះ‌អង្គ​រក​កល‌ល្បិច​គ្រប់​យ៉ាង ដើម្បី​ដណ្តើម​យក​ក្រុង​នានា ដែល​មាន​កំពែង។ 19 ព្រះ‌រាជា​យាង​មក​ជិត​ដល់​ក្រុង​បេតសួរ ជា​ក្រុង​មួយ ដែល​មាន​កំពែង​រឹង​មាំ​របស់​ជន​ជាតិ​យូដា។ ប៉ុន្តែ កង‌ទ័ព​យូដា​បាន​វាយ​រុញ​ច្រាន​កង‌ទ័ព​របស់​ស្តេច​ឲ្យ​បរា‌ជ័យ។ 20 លោក​យូដា​បញ្ជូន​អ្វីៗ​ដែល​អ្នក​ក្រុង​ត្រូវ​ការ នៅ​ពេល​ដែល​ស្តេច​ឡោម​ពទ្ធ័។ 21 ប៉ុន្តែ លោក​រ៉ូដូគូស ជា​ទាហាន​របស់​កង‌ទ័ព​យូដា បាន​យក​អាថ៌​កំបាំង​ទាំង​នេះ​ទៅ​ប្រាប់​ខ្មាំង​សត្រូវ។ លោក​យូដា​តាម​ដាន​ចាប់​គាត់ ហើយ​ប្រហារ​ជីវិត​ចោល។ 22 ព្រះ‌រាជា​សូម​ចរចា​សា​ជា​ថ្មី​ជា​មួយ​អ្នក​ក្រុង​បេតសួរ ដោយ​យល់​ព្រម​ចរចា​ផ្តល់​សន្តិ‌ភាព​ជាមួយ​ពួក​គេ រួច​ដក​ទ័ព​ថយ។ 23 ព្រះ‌រាជា​វាយ​ប្រហារ​លោក​យូដា និង​កង‌ទ័ព​របស់​គាត់​ម្តង​ទៀត តែ​ត្រូវ​បរា‌ជ័យ។ ព្រះ‌រាជា​ទទួល​ដំណឹង​ថា លោក​ភីលីព​ដែល​ព្រះ‌អង្គ​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ទីមួយ បាន​បះបោរ​នៅ​ក្រុង​អន់ទីយ៉ូក ជា​ហេតុ​ធ្វើ​ឲ្យ​ស្តេច​វិល​វល់​ក្នុង​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង។ ព្រះ‌រាជា​ចាប់​ផ្តើម​ចរចា​ជាមួយ​ជន​ជាតិ​យូដា និង​យល់​ព្រម​តាម​សំណូម​ពរ​របស់​ពួក​គេ ទាំង​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់​ថា​នឹង​គោរព​តាម​កិច្ច​ព្រម​ព្រៀង​ដ៏​ត្រឹម​ត្រូវ ហើយ​ស្រុះ​ស្រួល​ជាមួយ​ពួក​គេ។ ព្រះ‌អង្គ​ក៏​ថ្វាយ​យញ្ញ‌បូជា​សម្ដែង​ការ​គោរព​ចំពោះ​ព្រះ‌វិហារ និង​ថ្វាយ​តង្វាយ​ដោយ​សទ្ធា​ជ្រះ​ថ្លា​ចំពោះ​ទី​សក្ការៈ​ផង។ 24 ព្រះ‌រាជា​ទទួល​ស្វាគមន៍​លោក​ម៉ាកាបាយ​យ៉ាង​រាក់​ទាក់ ហើយ​តែង​តាំង​លោក​អេកេ‌ម៉ូនីដ ជា​ទេសា​ភិបាល​គ្រប់​គ្រង​ចាប់​តាំង​ពី​ក្រុង​ផ្ទោ​ឡេម៉ៃស៍ រហូត​ដល់​ស្រុក​កេរ៉ា។ 25 ព្រះ‌រាជា​យាង​ទៅ​ក្រុង​ផ្ទោ​ឡេម៉ៃស៍ ប៉ុន្តែ អ្នក​ក្រុង​នោះ​មិន​ពេញ​ចិត្ត​នឹង​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ‌អង្គ​បាន​ចុះ​ជាមួយ​ជន​ជាតិ​យូដា​នេះ​ទេ។ ពួក​គេ​ខឹង ហើយ​ចង់​ឲ្យ​ព្រះ‌រាជា​លុប​បំបាត់​កិច្ច​ព្រម​ព្រៀង​នេះ​ចោល​ទៀត​ផង។ 26 ពេល​នោះ លោក​លីស៊ីយ៉ាស​ឡើង​លើ​វេទិកា ដោយ​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​អស់​ពី​សមត្ថភាព និយាយ​ការ‌ពារ​កិច្ច​ព្រម​ព្រៀង​នោះ។ លោក​បញ្ចុះ​បញ្ចូល​ពួក​គេ​ឲ្យ​យល់​ស្រប​តាម​លោក ដោយ​ស្ងៀម​ស្ងាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​យល់​ដល់​ព្រះ‌ករុណា រួច​ចេញ​ដំណើរ​ទៅ​ក្រុង​អន់ទីយ៉ូក។

នេះ​ជា​ព្រឹត្តិ‌ការណ៍​ដែល​កើត​ឡើង​នៅ​ពេល​ធ្វើ​សឹក​សង្គ្រាម និង​ការ​ដក​ថយ​របស់​ស្តេច។