ជំពូក ៦
ព្រះបាទអន់ទីយ៉ូគូសយកព្រះដទៃទៅដាក់ក្នុងព្រះវិហារ
(១មរ១,៤១-៦៤)
1 មិនយូរប៉ុន្មានក្រោយមក ព្រះរាជាចាត់លោកកេរ៉ូន ជាអ្នកក្រុងអាថែន ទៅក្រុងយេរូសាឡឹម ដើម្បីបង្ខំជនជាតិយូដាឲ្យបោះបង់ចោលសាសនារបស់ដូនតា និងលែងរស់នៅស្របតាមវិន័យរបស់ព្រះជាម្ចាស់។ 2 លោកទទួលបញ្ជាឲ្យបង្អាប់បង្អោនព្រះវិហារក្រុងយេរូសាឡឹម និងយកព្រះវិហារនោះថ្វាយទៅព្រះស៊ឺសដែលនៅភ្នំអូឡាំ ព្រមទាំងព្រះវិហារដែលស្ថិតនៅលើភ្នំការីស៊ីមថ្វាយទៅព្រះស៊ឺស ជាអ្នកទទួលភ្ញៀវតាមសំណូមពររបស់ប្រជាជន ដែលរស់នៅតំបន់នោះ។ 3 ប៉ុន្តែ ការអនុវត្តតាមក្រឹត្យដ៏អាក្រក់នេះ បណ្តាលឲ្យប្រជាជនទាំងមូលលំបាកវេទនា ទ្រាំទ្រមិនកើត។ 4 សាសន៍ដទៃនាំគ្នាធ្វើអំពើពាលា និងអត់សណ្តាប់ធ្នាប់ពាសពេញព្រះវិហារ គឺនាំគ្នាលេងស្រីពេស្យានៅក្នុងទីលានដ៏សក្ការៈ និងយកវត្ថុដែលវិន័យហាមយកចូលក្នុងព្រះវិហារ។ 5 នៅលើអាសនៈមានសុទ្ធតែយញ្ញបូជាមិនបរិសុទ្ធ ដែលវិន័យមិនអនុញ្ញាតឲ្យថ្វាយ។ 6 ប្រជាជនគ្មានសិទ្ធិគោរពវិន័យថ្ងៃសប្ប័ទ ឬធ្វើពិធីបុណ្យតាមប្រពៃណីដូនតា ឬគ្រាន់តែប្រកាសថាខ្លួនជាជនជាតិយូដាក៏ដោយ។ 7 រៀងរាល់ខែ ឬនៅថ្ងៃខួបកំណើតរបស់ព្រះរាជា គេតែងតែបង្ខំជនជាតិយូដាឲ្យចូលរួមក្នុងពិធីជប់លៀងព្រះរបស់គេយ៉ាងអាម៉ាស់ជាទីបំផុត។ នៅថ្ងៃបុណ្យព្រះឌីយ៉ូនីស៊ីយ៉ូស គេបង្ខំជនជាតិយូដា ឲ្យពាក់ភួងស្លឹកនៅលើក្បាល ដង្ហែក្បួនព្រះនោះ។
8 ព្រះរាជាចេញព្រះរាជក្រឹត្យមួយ តាមសំណូមពររបស់អ្នកក្រុងផ្ទោលេម៉ៃស៍ ដោយបញ្ជាថា ក្រុងក្រិកទាំងប៉ុន្មានដែលនៅជុំវិញ ត្រូវអនុវត្តតាមរបៀបដូចគ្នា ចំពោះជនជាតិយូដា គឺត្រូវបង្ខំពួកគេឲ្យចូលរួមក្នុងពិធីជប់លៀងព្រះដទៃ។ 9 ស្តេចបញ្ជាឲ្យអារកអស់អ្នក ដែលមិនព្រមអនុវត្តតាមប្រពៃណីក្រិកនេះ។ ដូច្នេះ គេអាចដឹងថា គ្រោះកាចទាំងឡាយ មុខជាកើតឡើងចំពោះពួកគេ នៅពេលខាងមុខមិនខាន។ 10 គេបញ្ជូនស្រ្តីពីរនាក់ទៅកាត់ទោស ព្រោះនាងទាំងពីរបានធ្វើពិធីកាត់ស្បែកឲ្យកូនរបស់ខ្លួន។ គេនាំស្រ្តីទាំងពីរដោយមានកូនបៅជាប់នឹងដោះបណ្តើរអាក្រាតតាមផ្លូវក្នុងក្រុងទាំងមូល ហើយច្រានទម្លាក់នាងពីលើកំពែងក្រុង។ 11 ជនជាតិយូដាខ្លះទៀតនាំគ្នាចូលទៅគុហា ដែលនៅជិតក្រុងយេរូសាឡឹម ដើម្បីលួចប្រារព្ធពិធីបុណ្យថ្ងៃសប្ប័ទ។ មានគេទៅប្តឹងលោកភីលីពពីរឿងនេះ។ ពួកគេមិនព្រមតទល់ ហើយត្រូវគេដុតទាំងរស់ ព្រោះនៅតែគោរពថ្ងៃដ៏វិសុទ្ធនោះ។ 12 ហេតុនេះ ខ្ញុំសូមទូន្មានមិត្តអ្នកអានទាំងឡាយ កុំបាត់បង់សេចក្តីក្លាហានដោយសារគ្រោះកាចទាំងនេះឲ្យសោះ! ផ្ទុយទៅវិញត្រូវគិតថាខ្មាំងបានធ្វើទុក្ខបុកម្នេញយ៉ាងនោះ ពុំមែនដើម្បីបំផ្លាញជាតិរបស់យើងទេ គឺដើម្បីអប់រំជាតិរបស់យើងទៅវិញ។ 13 ព្រះជាម្ចាស់បង្ហាញព្រះហឫទ័យសប្បុរសដ៏ក្រៃលែងរបស់ព្រះអង្គ ចំពោះមនុស្សពាល ដោយដាក់ទោសពួកគេក្នុងពេលឆាប់ៗ គឺព្រះអង្គប្រណីពួកគេមិនយូរទេ!។ 14 ព្រះអម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយព្រះហឫទ័យអត់ធ្មត់យ៉ាងខ្លាំង រង់ចាំឲ្យប្រជាជាតិនានាប្រព្រឹត្តអំពើបាបដល់កម្រិត ទើបព្រះអង្គដាក់ទោសគេ។ ប៉ុន្តែ ព្រះអង្គមិនសព្វព្រះហឫទ័យប្រព្រឹត្តដូច្នេះចំពោះយើងខ្ញុំទេ 15 ព្រះអង្គមិនបណ្តោយឲ្យយើងខ្ញុំប្រព្រឹត្តអំពើបាបហួសហេតុពេកឡើយ ក្រែងលោព្រះអង្គដាក់ទោសយើងខ្ញុំយ៉ាងធ្ងន់។ 16 ហេតុនេះហើយបានជាព្រះអង្គនៅតែសម្ដែងព្រះហឫទ័យសប្បុរសចំពោះយើងខ្ញុំជានិច្ចព្រះអង្គគ្រាន់តែប្រើអ្នកប្រឆាំង ដើម្បីអប់រំប្រជារាស្ត្រ តែព្រះអង្គមិនបោះបង់ចោលប្រជារាស្រ្តរបស់ព្រះអង្គទេ។ 17 យើងខ្ញុំគ្រាន់តែរំឭកសេចក្តីពិតនេះប៉ុណ្ណោះ។ ក្រោយពីសរសេរសេចក្តីនេះ យើងត្រឡប់មករឿងនិទានយើងវិញ។
លោកអេឡាសារបូជាជីវិត ព្រោះជំនឿរបស់លោក
18 លោកអេឡាសារជាធម្មាចារ្យដ៏សំខាន់ម្នាក់ក្នុងចំណោមធម្មាចារ្យទាំងប៉ុន្មាន។ លោកមានវ័យចំណាស់ទៅហើយ ឫកពារក៏ល្អគួរឲ្យគោរព។ គេចាប់បើកមាត់បង្ខំឲ្យលោកពិសារសាច់ជ្រូក។ 19 លោកស៊ូស្លាប់យ៉ាងថ្លៃថ្នូរ ប្រសើរជាងរស់នៅយ៉ាងអាម៉ាស់។ លោកស្ម័គ្រចិត្តដើរតម្រង់ទៅកន្លែងធ្វើទារុណកម្ម។ 20 លោកខ្ជាក់សាច់ពីក្នុងមាត់ ដូចអ្នកក្លាហានមិនព្រមពិសារអ្វី ដែលគម្ពីរវិន័យមិនអនុញ្ញាតឲ្យបរិភោគ ទោះបីត្រូវបាត់បង់ជីវិតក៏ដោយ។ 21 អស់លោកដែលធ្វើជាអធិបតីក្នុងពិធីជប់លៀងព្រះដទៃ ដែលវិន័យហាមនោះ ស្គាល់លោកជាយូរយារណាស់មកហើយ។ គេនាំលោកអេឡាសារ ទៅដោយឡែកពីប្រជាជន ហើយបញ្ចេះឲ្យគេយកសាច់ដែលវិន័យអនុញ្ញាតឲ្យបរិភោគ មកធ្វើម្ហូបសម្រាប់លោក រួចលោកត្រូវតែពិសារសាច់ដែលគេធ្វើនោះ ហើយធ្វើពុតដូចជាពិសារសាច់ដែលគេបូជាថ្វាយព្រះដទៃ តាមបញ្ជារបស់ព្រះរាជា។ 22 ធ្វើដូច្នេះ នោះលោកនឹងរួចជីវិត។ អ្នកទាំងនោះនិយាយដូច្នេះ ព្រោះអាណិតស្រលាញ់រាប់អានគាត់ជាយូរយារណាស់មកហើយ។ 23 ប៉ុន្តែ លោកអេឡាសារ ប្តេជ្ញាចិត្តយ៉ាងអង់អាចតាមវ័យ និងសក់ស្កូវរបស់គាត់ ព្រមទាំងតាមចរិយាសម្បត្ដិ ដ៏ប្រសើរ ដែលលោកមានតាំងពីកុមារមក ជាពិសេស លោកចង់ធ្វើឲ្យស្របតាមវិន័យដ៏វិសុទ្ធ ដែលព្រះជាម្ចាស់បានតែងតាំង។ លោកសុំឲ្យគេបញ្ជូនលោកទៅស្ថានមច្ចុរាជ 24 ទាំងប្រាប់ថា៖ «មនុស្សមានអាយុប៉ុនខ្ញុំនេះ មិនគួរនឹងបោកបញ្ឆោតគេឡើយ! បើខ្ញុំធ្វើពុតដូច្នេះ យុវជនជាច្រើនមុខជាស្មានថា អេឡាសារខ្ញុំនេះមានអាយុកៅសិបឆ្នាំទៅហើយ បែកចិត្តទៅធ្វើតាមទំនៀមទម្លាប់របស់ជនជាតិបរទេស!។ 25 ដូច្នេះ យុវជនទាំងនោះមុខជាវង្វេងដោយសារតែកំហុសរបស់ខ្ញុំ ដែលធ្វើពុតចង់រស់រានមានជីវិត មួយរយៈពេលមួយយ៉ាងខ្លីនេះជាមិនខាន។ ធ្វើដូច្នេះមិនសមរម្យទេ! ប្រសិនបើខ្ញុំធ្វើក្នុងពេលដែលខ្ញុំមានវ័យចាស់ដូច្នេះ ខ្ញុំនឹងអាប់ឱនកិត្តិយសរបស់ខ្ញុំ ហើយត្រូវសៅហ្មងទៀតផង!។ 26 ទោះបីខ្ញុំរួចទោសពីមនុស្សលោកពេលឥឡូវនេះក្តី ក៏ខ្ញុំមិនអាចគេចរួចពីព្រះហស្តនៃព្រះដ៏មានឫទ្ធានុភាពសព្វប្រការបានដែរ។ ទោះបីរស់ឬស្លាប់ក្តី ក៏ខ្ញុំមិនរួចខ្លួនឡើយ។
27 ហេតុដូច្នេះ ឥឡូវនេះ ខ្ញុំសុខចិត្តលះបង់ជីវិតរបស់ខ្ញុំដោយក្លាហាន ខ្ញុំនឹងបង្ហាញកិត្តិយសឲ្យសមតាមអាយុរបស់ខ្ញុំ 28 ដោយធ្វើជាគំរូដ៏ល្អទុកសម្រាប់យុវជន គឺគំរូរបស់អ្នកដែលស្ម័គ្រចិត្តស្លាប់ដោយមិនរួញរា ដើម្បីគោរពវិន័យដ៏វិសុទ្ធ។ មានប្រសាសន៍ដូច្នេះហើយ លោកអេឡាសារក៏ដើរតម្រង់ទៅកន្លែងធ្វើទារុណកម្ម។ 29 រីឯអស់អ្នកដែលនាំលោក គេក៏នាំគ្នាដូរចិត្តគំនិត កាលពីមុន ពួកគេដែលធ្លាប់តែអាណិតស្រលាញ់លោក បែរជាស្អប់លោកទៅវិញ ព្រោះគេចាត់ទុកពាក្យដែលលោកមានប្រសាសន៍នោះថា ជាពាក្យឆ្កួតលេលា។ 30 រីឯលោកវិញ ពេលលោកជិតផុតដង្ហើម ដោយសារគេវាយធ្វើបាបនោះ លោកមានប្រសាសន៍ទាំងថ្ងូរថា៖ «ព្រះអម្ចាស់ជ្រាបអ្វីៗទាំងអស់ ព្រះអង្គជ្រាបច្បាស់ថា ទូលបង្គំអាចរួចពីស្លាប់បាន។ នៅពេលនេះ គេវាយដំខ្លួនប្រាណទូលបង្គំយ៉ាងសាហាវយង់ឃ្នង តែក្នុងចិត្តទូលបង្គំរងទុក្ខដោយសប្បាយ ព្រោះទូលបង្គំគោរពកោតខ្លាចព្រះអង្គ»។
31 លោកអេឡាសារចែកស្ថានទៅយ៉ាងនេះ។ ការស្លាប់របស់លោកមិនត្រឹមតែធ្វើជាគំរូសម្រាប់យុវជនប៉ុណ្ណោះទេ គឺសម្រាប់ប្រជាជាតិជាច្រើនទៀតផង។ គេនឹកចាំពីព្រហ្មវិហារធម៌ និងចិត្តអង់អាចក្លាហានរបស់លោកតរៀងទៅ។