ជំពូក ៣
រឿងលោកអេលីយ៉ូដ័រ
លោកស៊ីម៉ូនក្បត់ប្រជាជន
1 នៅគ្រានោះ អ្នកក្រុងយេរូសាទ្បឹមរស់នៅប្រកបដោយសេចក្តីសុខសាន្តយ៉ាងបរិបូណ៏ និងកាន់តាមធម្មវិន័យយ៉ាងហ្មត់ចត់ដោយសារមហាបូជាចារ្យអូនីយ៉ាស គោរពប្រណិប័តន៍ព្រះជាម្ចាស់ ហើយស្អប់ខ្ពើមអំពើអាក្រក់។ 2 សូម្បីតែស្តេចនានាក៏យាងមកគោរពព្រះវិហារ និងថ្វាយតង្វាយដ៏មានតម្លៃបំផុតដែរ។ 3 ព្រះបាទសេលើគូស ជាស្តេចស្រុកអាស៊ី យករាជទ្រព្យផ្ទាល់ចំណាយក្នុងកិច្ចការថ្វាយយញ្ញបូជា។ 4 ប៉ុន្តែ មានបុរសម្នាក់ឈ្មោះស៊ីម៉ូន ក្នុងកុលសម្ព័ន្ធប៊ីលកា ជាអភិបាលចាត់ចែងការងារក្នុងព្រះវិហារ មានការខ្វែងគំនិតនឹងមហាបូជាចារ្យ ស្តីអំពីការគ្រប់គ្រងទីផ្សារក្នុងទីក្រុង។ 5 លោកស៊ីម៉ូនមិនអាចយកឈ្នះលើលោកមហាបូជាចារ្យអូនីយ៉ាសបាន គាត់ក៏ទៅជួបលោកអាប៉ូឡូនីយ៉ូស ជាកូនរបស់លោកត្រាសេអា ដែលជាមេបញ្ជាការស្រុកនៅសេលើស៊ីរី និងស្រុកភេនីស៊ី នាសម័យនោះ។ 6 គាត់និយាយប្រាប់លោកអាប៉ូឡូនីយ៉ូស នូវពាក្យមិនពិតថាឃ្លាំងព្រះវិហារនៅក្រុងយេរូសាឡឹមមានមាសប្រាក់ជាច្រើនឥតគណនា រាប់មិនអស់ មិនស្របនឹងប្រាក់ដែលបានមកពីយញ្ញបូជាទេ ហើយគួរតែរឹបអូសទ្រព្យសម្បត្តិទាំងនោះ មកធ្វើជារាជទ្រព្យវិញ។ 7 លោកអាប៉ូឡូនីយ៉ូសចូលទៅគាល់ស្ដេច ហើយទូលថ្វាយសេចក្ដី ដែលលោកស៊ីម៉ូនប្រាប់អំពីទ្រព្យសម្បត្តិទាំងនោះ។ ព្រះរាជាចាត់លោកអេលីយ៉ូដ័រ ដែលស្ដេចជ្រើសតាំងឲ្យធ្វើជារដ្ឋមន្ត្រីទីមួយ ឲ្យទៅរឹបអូសទ្រព្យសម្បត្តិទាំងនោះមក។ 8 លោកអេលីយ៉ូដ័រចេញដំណើរភ្លាម ធ្វើហាក់ដូចជាគ្រាន់តែទៅត្រួតពិនិត្យក្រុងនានា នៅស្រុកសេលើស៊ីរី និងស្រុកភេនីស៊ីប៉ុណ្ណោះ។ ប៉ុន្តែ តាមការពិត លោកចេញទៅអនុវត្តតាមបញ្ជារបស់ស្ដេច។ 9 លុះមកដល់ក្រុងយេរូសាឡឹម លោកមហាបូជាចារ្យ ព្រមទាំងអ្នកក្រុងនោះ ទទួលលោកយ៉ាងរាក់ទាក់។ លោកក៏រៀបរាប់សេចក្ដីដែលគេប្រាប់លោក អំពីទ្រព្យសម្បត្តិ និងពន្យល់អំពីមូលហេតុដែលលោកមកទីនេះ។ លោកសួរថា តើសេចក្ដីដែលគេប្រាប់នោះពិតដូចគេចោទឬទេ។ 10 លោកមហាបូជាចារ្យពន្យល់លោកថា នៅក្នុងឃ្លាំងមានតែប្រាក់មួយចំណែកទុកសម្រាប់ស្ត្រីមេម៉ាយ និងក្មេងកំព្រាប៉ុណ្ណោះ 11 ឯប្រាក់មួយចំណែកទៀតជារបស់លោកអៀរកាន ជាកូនរបស់លោកតូប៊ីត ដែលជាមន្ត្រីម្នាក់មានឋានៈខ្ពស់បានផ្ញើទុក។ នៅក្នុងឃ្លាំងនោះមានតែប្រាក់មួយពាន់មួយរយគីឡូក្រាម និងមាសប្រាំពាន់ប្រាំរយគីឡូក្រាម គឺផ្ទុយស្រឡះពីសេចក្ដីដែលលោកស៊ីម៉ូនជាជនពាល បាននិយាយមួលបង្កាច់។ 12 ម្យ៉ាងទៀត គ្មាននរណាអាចបន្លំមាសប្រាក់របស់ប្រជាជនដែលទុកចិត្តលើទីសក្ការៈដ៏វិសុទ្ឋនេះឡើយ ហើយក៏គ្មាននរណាអាចលួចប្លន់ពីព្រះវិហារ ដែលមានឈ្មោះល្បីល្បាញគួរជាទីគោរពក្នុងពិភពលោកទាំងមូលនេះដែរ។
13 ប៉ុន្តែ លោកអេលីយ៉ូដ័រយោងតាមរាជបញ្ជារបស់ព្រះមហាក្សត្រ លោកចចេសទាររឹបអូសយកមាសប្រាក់ទាំងនេះ មកដាក់ជារាជទ្រព្យដាច់ខាត។ 14 ដូច្នេះ នៅពេលដែលលោកបានកំណត់ថ្ងៃ ចូលទៅកត់បញ្ជីទ្រព្យសម្បត្តិទាំងនោះ ប្រជាជននៅទីក្រុងទាំងមូលតប់ប្រមល់យ៉ាងខ្លាំង។ 15 អស់លោកបូជាចារ្យស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យរបស់ខ្លួន នាំគ្នាក្រាបថ្វាយបង្គំនៅមុខអាសនៈ ទូលអង្វរព្រះជាម្ចាស់ ដែលបានបង្កើតធម្មវិន័យស្ដីអំពីការផ្ញើប្រាក់ទុក សូមព្រះអង្គមេត្តាការពារទ្រព្យសម្បត្តិរបស់អ្នកដែលយកមកផ្ញើឲ្យនៅគង់វង្សផង។ 16 អស់អ្នកដែលឃើញលោកមហាបូជាចារ្យ យល់ថា លោកឈឺចុកចាប់ក្នុងចិត្តយ៉ាងខ្លាំង ទឹកមុខរបស់លោកស្លេកស្លាំង បង្ហាញឲ្យដឹងថា លោកតប់ប្រមល់ពេកក្រៃ។ 17 លោកតក់ស្លុតញាប់ញ័រពេញក្នុងខ្លួន បង្ហាញឲ្យគេឃើញថា លោកមានការព្រួយបារម្ភជាខ្លាំង។ 18 ប្រជាជនចេញពីផ្ទះរៀងៗខ្លួន ជួបជុំគ្នាជាក្រុមៗ ដើម្បីអង្វរព្រះជាម្ចាស់រួមគ្នា សូមព្រះអង្គពង្វាងភាពអាម៉ាស់ ចេញពីទីសក្ការៈនេះផង។ 19 ស្ត្រីៗស្លៀកសម្លៀកបំពាក់កាន់ទុក្ខ ចេញមកពាសពេញតាមផ្លូវ។ រីឯយុវនារី ដែលគេហាមមិនឲ្យចេញក្រៅផ្ទះ ខ្លះរត់ទៅមាត់ទ្វារ ខ្លះនៅតាមរបង ខ្លះអើតតាមបង្អួច 20 នាងលើកដៃឡើងអង្វរព្រះជាម្ចាស់ 21 នេះជាទិដ្ឋភាពគួរឲ្យអាណិតអាសូរ ចំពោះមហាជនដែលកំពុងក្រាបចុះដល់ដីទូលអង្វរ ហើយគួរឲ្យអាណិតលោកមហាបូជាចារ្យ ដែលញាប់ញ័រ តក់ស្លុត តប់ប្រមល់យ៉ាងខ្លាំង។ 22 ពេលពួកគេអង្វរព្រះជាម្ចាស់ ដ៏មានឫទ្ធានុភាពសព្វប្រការ សូមព្រះអង្គជួយការពារទ្រព្យសម្បត្តិ ដែលគេផ្ញើទុកឲ្យគង់វង្ស 23 លោកអេលីយ៉ូដ័រក៏អនុវត្តតាមបញ្ជារបស់ស្ដេច។ 24 លោកអេលីយ៉ូដ័រ និងពលទាហាន បានមកដល់ក្បែរឃ្លាំងប្រាក់ហើយ។ ពេលនោះ ព្រះអម្ចាស់នៃពពួកទេវតាទាំងឡាយ ដែលមានអំណាចគ្រប់យ៉ាងលេចធ្លោឡើងយ៉ាងអស្ចារ្យ។ ព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាព វាយប្រហារអស់អ្នកដែលហ៊ានចូលមកកាន់ទីនេះ ធ្វើឲ្យពួកគេបាក់កម្លាំង និងបាត់បង់សេចក្ដីក្លាហាន។ 25 ពួកគេឃើញសេះមួយពាក់គ្រឿងក្រោះយ៉ាងល្អប្រណីត ហើយអ្នកជិះដែលពាក់អាវក្រោះមាស មានរាងគួរឲ្យស្ញែងខ្លាច ឡើងជិះលើខ្នងសេះនោះ។ សេះបោលសំដៅស្ទុះទៅរកលោកអេលីយ៉ូដ័រយ៉ាងលឿន លើកជើងមុខចំប្រាវទៅលើលោក។ 26 នៅពេលនោះ មានយុវជនពីរនាក់ទៀត លេចចេញមកឲ្យលោកអេលីយ៉ូដ័រឃើញ បុរសទាំងពីរនេះមានកម្លាំងខ្លាំងក្លា រូបសម្បត្តិក៏ល្អស្អាត ហើយស្លៀកសម្លៀកបំពាក់យ៉ាងល្អប្រណីត ឈរនៅសងខាងលោក ហើយវាយប្រហារលោកឥតដកដៃឡើយ។ 27 លោកអេលីយ៉ូដ័រដួលដល់ដីមួយរំពេចទាំងមិនដឹងខ្លួន ហើយគេគ្រាហ៍លោកយកទៅដាក់លើគ្រែ។ 28 លោកនេះដែលទើបចូលក្នុងឃ្លាំង ដោយមានកងទ័ពជាច្រើនមកជាមួយផង ពេលនេះ ត្រូវគេសែងយកទៅ ព្រោះគាត់មិនអាចជួយខ្លួនឯង។ អ្នកទាំងនោះស្គាល់យ៉ាងច្បាស់នូវអំណាចរបស់ព្រះជាម្ចាស់។ 29 ឫទ្ធិបារមីរបស់ព្រះជាម្ចាស់បានប្រហារលោកអេលីយ៉ូដ័រ ឲ្យដេកស្ដូកស្ដឹងនៅស្ងៀម និយាយមិនកើត គ្មានសង្ឃឹមនឹងអាចរស់ទៀតបាន។ 30 រីឯប្រជាជននៅទីក្រុងវិញ ពួកគេលើកតម្កើងព្រះអម្ចាស់ ដែលបានសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ មកការពារទីសក្ការៈរបស់ព្រះអង្គ។ កាលពីមុននេះបន្តិច នៅទីនោះ គេភ័យខ្លាច និងជ្រួលច្របល់ តែឥឡូវនេះ មានអំណរសប្បាយរីករាយ ដោយសារព្រះអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការបានសម្ដែងព្រះអង្គឲ្យគេឃើញ។ 31 អ្នកខ្លះដែលនៅជាមួយលោកអេលីយ៉ូដ័រ សូមលោកអូនីយ៉ាស ជាមហាបូជាចារ្យ ជួយអង្វរព្រះដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមេត្តាប្រោសប្រទានជីវិតឲ្យលោក ដែលដេកស្ដូកស្ដឹងជិតផុតដង្ហើមនេះផង។ 32 លោកមហាបូជាចារ្យថ្វាយយញ្ញបូជា សូមព្រះជាម្ចាស់ប្រោសឲ្យលោកអេលីយ៉ូដ័រ មានជីវិតឡើងវិញ ដ្បិតលោកមហាបូជាចារ្យខ្លាចស្ដេចស្មានថា ជនជាតិយូដាបានប្រព្រឹត្តអំពើអាក្រក់ណាមួយចំពោះលោកអេលីយ៉ូដ័រ។ 33 ពេលលោកមហាបូជាចារ្យអូនីយ៉ាសកំពុងថ្វាយយញ្ញបូជារំដោះបាប យុវបុរសទាំងពីរមានសម្លៀកបំពាក់ដដែល ក៏លេចចេញមកឲ្យលោកអេលីយ៉ូដ័រឃើញម្ដងទៀត ហើយឈរនៅក្បែរលោក ទាំងមានប្រសាសន៍ថា៖ «សូមអរគុណលោកមហាបូជាចារ្យយ៉ាងខ្លាំង ដ្បិតដោយសារលោក ព្រះជាម្ចាស់ប្រោសប្រទានឲ្យលោករួចជីវិត។ 34 រីឯអ្នកវិញ ព្រះជាម្ចាស់បានស្ដីប្រដៅអ្នក ឥឡូវនេះ ចូរទៅប្រកាសប្រាប់មនុស្សម្នាទាំងអស់ ឲ្យបានដឹងអំពីឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គចុះ។ យុវបុរសទាំងពីរនាក់មានប្រសាសន៍ដូច្នេះហើយ ក៏បាត់មើលលែងឃើញទៅ។
35 លោកអេលីយ៉ូដ័រថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ហើយអរព្រះគុណព្រះអង្គដែលបានទុកជីវិតឲ្យលោក។ បន្ទាប់មក លោកជម្រាបលាលោកអូនីយ៉ាស ហើយនាំកងទ័ពត្រឡប់ទៅគាល់ស្តេចវិញ។ 36 លោកតែងតែប្រកាសពីស្នាព្រះហស្តរបស់ព្រះជាម្ចាស់ដ៏ប្រសើរឧត្តម ដែលលោកឃើញផ្ទាល់នឹងភ្នែក។ 37 ព្រះរាជាសួរលោកថា៖ «តើត្រូវចាត់មនុស្សបែបណាឲ្យទៅក្រុងយេរូសាឡឹមសាជាថ្មី»។ លោកអេលីយ៉ូដ័រទូលថា៖ 38 «ប្រសិនបើព្រះករុណាមានសត្រូវម្នាក់ ឬអ្នកណាម្នាក់ដែលចង់ក្បត់ប្រឆាំងនឹងព្រះករុណា សូមព្រះករុណាចាត់គេឲ្យទៅទីនោះចុះ!។ ប្រសិនបើអ្នកនោះរួចខ្លួន គេមុខជាត្រឡប់មកវិញមានស្នាមជាំពេញខ្លួន! ដ្បិតឫទ្ធានុភាពរបស់ព្រះជាម្ចាស់ពិតជាស្ថិតនៅទីនោះ។ 39 ព្រះអង្គដែលគង់នៅស្ថានបរមសុខ ព្រះអង្គទតមើល និងថែរក្សាការពារទីនោះ ព្រះអង្គនឹងវាយព្រមទាំងបំផ្លាញអស់អ្នកដែលមានគម្រោងការអាក្រក់ចំពោះទីនោះ»។ 40 ព្រឹត្តិការណ៍ស្តីពីលោកអេលីយ៉ូដ័រ និងការថែរក្សាឃ្លាំងប្រាក់នៃព្រះវិហារកើតឡើងដូច្នេះឯង។