ជំពូក ១៤

ចម្បាំង​ប្រឆាំង​នឹង​លោក​នីកាន័រ

លោក​អាគីម​ជា​មហា​បូជា‌ចារ្យ
(១ មរ ៧,១-៣៨)

1 បី​ឆ្នាំ​ក្រោយ​មក លោក​យូដា និង​អ្នក​នៅ​ជាមួយ ទទួល​ដំណឹង​ថា ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ជា​បុត្រ​របស់​ព្រះ‌បាទ​សេលើគូស យាង​មក​កំពង់‌ផែ​ទ្រីប៉ូលី ដោយ​មាន​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ និង​នាវា​ជា​ច្រើន​មក​ជាមួយ​ផង។ 2 បន្ទាប់​មក ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​វាយ​ដណ្តើម​យក​ស្រុក និង​ប្រហារ​ជីវិត​ព្រះ‌បាទ​អន់ទី‌យ៉ូគូស ព្រម​ទាំង​លោក​លីស៊ីយ៉ាស ជា​អ្នក​ចិញ្ចឹម និង​អប់រំ​ព្រះ‌រាជា​នេះ។ 3 គ្រា​នោះ លោក​អាគីម​ធ្លាប់​ធ្វើ​ជា​មហា​បូជា‌ចារ្យ​កាល​ពី​មុន ប៉ុន្តែ លោក​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ​ហ្មង ដោយ​សុខ​ចិត្ត​កាន់​តាម​ប្រពៃណី​ក្រិក ក្នុង​ពេល​ប្រជាជន​យូដា​បះ​បោរ។ លោក​យល់​ឃើញ​ថា គ្មាន​នរណា​គោរព​គាត់​ទេ ហើយ​ជន​ជាតិ​យូដា​ក៏​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ជិត​អាសនៈ​ដ៏‌វិសុទ្ធ​ដែរ។ 4 ប្រហែល​នៅ​ឆ្នាំ​មួយ‌រយ​ហាសិប​មួយ គាត់​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ហើយ​យក​មកុដ‌មាស និង​ធាង​ត្នោត ព្រម​ទាំង​មែក​ដើម​អូលីវ ទៅ​ថ្វាយ​ព្រះ‌រាជា​តាម​ប្រពៃណី​ព្រះ‌វិហារ​ផង។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ គាត់​មិន​ទូល​ព្រះ‌រាជា អំពី​មូល​ហេតុ​ដែល​គាត់​ចូល​មក​គាល់​នោះ​ទេ។
5 ថ្ងៃ​មួយ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស កោះ​ហៅ​គាត់​មក​សួរ​នៅ​មុខ​ក្រុម​ប្រឹក្សា ពី​ចិត្ត​គំនិត និង​គម្រោង‌ការ​របស់​ជន​ជាតិ​យូដា។ គាត់​ឆ្លៀត​ឱកាស​នេះ ដើម្បី​សម្រេច​ផែនការ​ដ៏​លេលា​របស់​គាត់។ 6 លោក​អាគីម​ទូល​ព្រះ‌រាជា​ថា៖ «ក្នុង​ចំណោម​ជន​ជាតិ​យូដា​មាន​ក្រុម​មួយ​ហៅ​ថា “ពួក​ហាស៊ីឌីម” ដែល​ស្ថិត​នៅ​ក្រោម ការ​ដឹក​នាំ​របស់​លោក​យូដា‌ម៉ាកាបាយ។ ពួក​នេះ​ចេះ​តែ​បង្ក​សង្គ្រាម និង​បះ​បោរ​ជា‌និច្ច។ ពួក​គេ​មិន​ទុក​ឲ្យ​រាជា‌ណាចក្រ​បាន​សេចក្តី‌សុខ​សាន្ត​ឡើយ។ 7 ទូល​បង្គំ​បាត់​បង់​មុខ​ងារ​ជា​មហា​បូជា‌ចារ្យ ដែល​ទូល​បង្គំ​កាន់​កាប់​ជា​កេរ​មត៌ក​ពី​ដូន‌តា​មក ដោយ​សារ​តែ​ពួក​នេះ! នេះ​ជា​មូល​ហេតុ​ដែល​ទូល​បង្គំ​មក​ទីនេះ។ 8 ជា​បឋម ទូល​បង្គំ​គិត​គូរ​យ៉ាង​ស្មោ​អំពី​អត្ថ​ប្រយោជន៍​របស់​ព្រះ‌ករុណា។ បន្ទាប់​មក ទូល​បង្គំ​ក៏​គិត​ដល់​ប្រយោជន៍​របស់​ជន​រួម​ជាតិ​ទូល​បង្គំ​ដែរ ដ្បិត​គំនិត​លេលា​របស់​ពួក​គេ ដែល​ទូល​បង្គំ​ទើប​នឹង​ទូល​ថ្វាយ​នោះ បណ្តាល​ឲ្យ​ជាតិ​របស់​ទូល​បង្គំ​យើង​ខ្ញុំ​ទាំង​មូល​កើត​ទុក្ខ​វេទនា​ជា​ទម្ងន់។ 9 បពិត្រ​ព្រះ‌ករុណា! សូម​ឲ្យ​គេ​សាក​សួរ​យ៉ាង​ច្បាស់​លាស់​អំពី​សេចក្តី ដែល​ទូល​បង្គំ​ទូល​ថ្វាយ​នេះ សូម​ព្រះ‌អង្គ​ព្រះ​មេត្តា​យាង​មក​សង្គ្រោះ​ស្រុក និង​ជាតិ​របស់​ទូល​បង្គំ​យើង​ខ្ញុំ ដែល​ត្រូវ​គេ​ជិះ​ជាន់ ដូច​ព្រះ‌ករុណា​ធ្លាប់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​មនុស្ស​ទាំង​អស់​ដែរ។ 10 ដរាប​ណា​លោក​យូដា​មាន​ជីវិត​នៅ​ឡើយ រដ្ឋ​អំណាច​គ្មាន​សេចក្តី‌សុខ​សាន្ត​ទេ»។ 11 កាល​គាត់​មាន​ប្រសាសន៍​ចប់​ហើយ មន្ត្រី​ឯ​ទៀតៗ ដែល​មិន​ពេញ​ចិត្ត​នឹង​សកម្ម​ភាព​របស់​លោក​យូដា ក៏​ប្រញាប់​អុជ​អាល​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ឲ្យ​ខ្ញាល់​កាន់​តែ​ខ្លាំង​ឡើងៗ។ 12 ព្រះ‌រាជា​ជ្រើស​តាំង​លោក​នីកាន័រ ដែល​ជា​មេទ័ព​ដំរី​ឲ្យ​ធ្វើ​ជា​ទេសា​ភិបាល​ស្រុក​យូដា ហើយ​ចាត់​លោក​ឲ្យ​ទៅ 13 ដោយ​បញ្ជា​ឲ្យ​ប្រហារ​ជីវិត​លោក​យូដា កម្ចាត់​កម្ចាយ​កង‌ទ័ព​ដែល​នៅ​ជាមួយ​លោក និង​លើក​លោក​អាគីម ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ​នៅ​ព្រះ‌វិហារ​ដ៏​ប្រសើរ​ជាង​គេ ក្នុង​ពិភព‌លោក។ 14 សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​ដែល​រត់​គេច​ពីមុខ​លោក​យូដា នាំ​គ្នា​មក​ចុះ​ចូល​ជាមួយ​កង‌ទ័ព​របស់​លោក​នីកាន័រ ដោយ​នឹក​គិត​ថា ទុក្ខ​វេទនា និង​អន្ត‌រាយ​របស់​ជន​ជាតិ​យូដា អាច​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ពួក​គេ​មិន​ខាន។

លោក​នីកាន័រ​ចង​មិត្ត‌ភាព​ជាមួយ​លោក​យូដា

15 កាល​ជន​ជាតិ​យូដា​ទទួល​ដំណឹង​ថា លោក​នីកាន័រ​ធ្វើ​ដំណើរ​មក ហើយ​ពួក​សាសន៍​ដទៃ​កំពុង​ឈ្លាន​ពាន​ស្រុក ពួក​គេ​យក​ដី​មក​រោយ​លើ​ក្បាល ហើយ​ទូល​អង្វរ​ព្រះ ដែល​បាន​តែង​តាំង​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ ឲ្យ​នៅ​ក្នុង​ទឹក​ដី​នេះ ហើយ​ដែល​ព្រះ‌អង្គ​តែង​តែ​សង្គ្រោះ​ទឹក​ដី​ជា​មត៌ក​របស់​ព្រះ‌អង្គ ដោយ​សម្ដែង​ទី​សម្គាល់​ជាក់​ស្តែង។ 16 ពួក​គេ​ចេញ​ដំណើរ​ពី​កន្លែង​របស់​ពួក​គេ​ធ្លាប់​រស់​នៅ តាម​បញ្ជា​របស់​លោក​យូដា​ជា​មេ​ដឹក​នាំ​ភ្លាម ហើយ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ​នៅ​ក្បែរ​ភូមិ​ដេសូ។ 17 លោក​ស៊ីម៉ូន ជា​បង​របស់​លោក​យូដា ច្បាំង​នឹង​លោក​នីកាន័រ។ ប៉ុន្តែ ដោយ​មាន​សត្រូវ​មួយ​ចំនួន​ធំ​មក​ដល់​នៅ​ពេល​ដែល​លោក​ស្មាន​មិន​ដល់​នោះ គាត់​ក៏​ចាញ់​គេ​បន្តិច​បន្តូច។ 18 លោក​នីកាន័រ​ទទួល​ស្គាល់​ថា ពល‌ទាហាន​របស់​លោក​យូដា មាន​ចិត្ត​ក្លាហាន​អង់​អាច មិន​ខ្លាច​នឹង​ប្រយុទ្ធ ដើម្បី​ការ‌ពារ​មាតុ​ភូមិ​របស់​គេ​ទេ។ ដូច្នេះ លោក​យល់​ឃើញ​ថា លោក​មិន​អាច​ដោះ​ស្រាយ​វិបត្តិ​ដោយ​សារ​តែ​ការ​បង្ហូរ​ឈាម​ឡើយ។ 19 ហេតុ​នេះ លោក​ចាត់​លោក​ប៉ូស៊ីដូ‌នីយ៉ូស លោក​ថេអូដូត និង​លោក​ម៉ាថា‌ធីយ៉ាស ឲ្យ​ទៅ​ចរចា ដើម្បី​រក​សន្តិ‌ភាព​ជាមួយ​ពួក​យូដា។ 20 លោក​យូដា ជា​មេ​ដឹក​នាំ​បាន​ពិនិត្យ​ពិច័យ​សំណូម​ពរ​របស់​ខ្មាំង​យ៉ាង​ល្អិត​ល្អន់ រួច​ពិភាក្សា​សួរ​យោបល់​របស់​កង‌ទ័ព។ ពួក​គេ​យល់​ស្រប​ទទួល​យក​កិច្ច​ព្រម​ព្រៀង​នេះ​ជា​ឯកច្ឆន្ទ។ 21 គេ​កំណត់​ថ្ងៃ​មួយ​ដែល​មេ​ដឹក​នាំ​កង‌ទ័ព​ទាំង​ពីរ ជួប​ពិភាក្សា​គ្នា​ដោយ​ឡែក​ពី​គេ មាន​រទេះ​ចេញ​មក​ពី​ជំរំ​កង‌ទ័ព​ទាំង​ពីរ ហើយ​គេ​រៀប​ចំ​កៅអី​កិត្តិយស ដើម្បី​ទទួល​លោក​ទាំង​ពីរ​នោះ។ 22 លោក​យូដា​ដាស់​តឿន​ពល‌ទាហាន​ប្រដាប់​អាវុធ នៅ​កន្លែង​សំខាន់ៗ​ដែល​ត្រៀម​ខ្លួន​នឹង​វាយ ក្រែង​ខ្មាំង​ប្រើ​កល‌ល្បិច។ ប៉ុន្តែ ការ​ចរចា​នេះ​នាំ​ឲ្យ​គេ​ធ្វើ​ការ​ព្រម​ព្រៀង​ជាមួយ​គ្នា។ 23 លោក​នីកាន័រ​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម ដោយ​គ្មាន​ប្រព្រឹត្ត​អំពើ​អ្វី​មិន​សមរម្យ​ឡើយ។ លោក​បណ្តេញ​សាសន៍​ដទៃ ដែល​តាម​លោក​មក​ស្រុក​យូដា។ 24 លោក​នីកាន័រ​មាន​លោក​យូដា​នៅ​ក្បែរ​ជា‌និច្ច ដ្បិត​លោក​ជំពាក់​ចិត្ត​នឹង​បុរស​នេះ​ណាស់។ 25 គាត់​ទូន្មាន​លោក​យូដា​ឲ្យ​រៀបការ ព្រម​ទាំង​បង្កើត​កូន​ចៅ។ លោក​យូដា​ក៏​សុខ​ចិត្ត​យក​ភរិយា ហើយ​រស់​នៅ​ដោយ​សុខ​សាន្ត។

លោក​អាគីម​ញុះ​ញង់​លោក​នីកាន័រ

26 ប៉ុន្តែ លោក​អាគីម​ឃើញ​ថា លោក​ទាំង​ពីរ​ត្រូវ​រ៉ូវ​នឹង​គ្នា​ដូច្នេះ គាត់​រក​សេចក្តី​ចម្លង​ពី​ការ​ព្រម​ព្រៀង ហើយ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស។ គាត់​ទូល​ស្តេច​ថា លោក​នីកាន័រ​មាន​គម្រោង‌ការ​ប្រឆាំង​រាជ​រដ្ឋា​ភិបាល ដ្បិត​លោក​បាន​ជ្រើស​តាំង​លោក​យូដា ជា​សត្រូវ​របស់​រាជា​ណាចក្រ ឲ្យ “ស្នងលោក”។ 27 ដោយ​សារ​តែ​ពាក្យ​មូល​បង្កាច់​របស់​ជន‌ពាល​នេះ ព្រះ‌រាជា​ក្រេវ​ក្រោធ​ជា​ខ្លាំង ហើយ​សរសេរ​សារ​ផ្ញើ​ជូន​ទៅ​លោក​នីការន័រ ដោយ​ប្រកាស​ថា ស្តេច​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិច្ច​ព្រម​ព្រៀង​នោះ​ទេ ហើយ​បញ្ជា​ឲ្យ​ចាប់​ចង​លោក​ម៉ាកាបាយ បញ្ជូន​ទៅ​ក្រុង​អន់ទីយ៉ូក​ជា​បន្ទាន់។ 28 ពេល​លោក​នីកាន័រ​ទទួល​រាជ‌សារ​នេះ លោក​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ព្រោះ​លោក​មិន​អាច​បំពាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​ជន​ម្នាក់ ដែល​គ្មាន​កំហុស​ដូច្នេះ​ឡើយ។ 29 ប៉ុន្តែ គាត់​ត្រូវ​តែ​អនុវត្ត​តាម​បទ​បញ្ជា​របស់​ស្តេច។ ដូច្នេះ គាត់​ត្រូវ​រក​ឱកាស​ដើម្បី​ធ្វើ​តាម​រាជ‌បញ្ជា​ដោយ​ប្រើ​កល‌ល្បិច។ 30 រីឯ​លោក​ម៉ាកាបាយ​វិញ លោក​សង្កេត​ឃើញ​ទឹក​មុខ​របស់​លោក​នីកាន័រ មិន​រាក់​ទាក់​នឹង​លោក​ដូច​ពី​មុន ដូច្នេះ គាត់​យល់​ថា​ជា​ការ​មួយ​មិន​ល្អ​សោះ! លោក​ក៏​ប្រមូល​កង‌ពល​មួយ​ចំនួន ហើយ​តែង​តែ​គេច​មុខ​ពី​លោក​នីកាន័រ។ 31 ពេល​នោះ លោក​នីកាន័រ​យល់​ឃើញ​ថា លោក​យូដា​ក៏​ប្រើ​ល្បិច​ជាមួយ​គាត់​ដែរ គាត់​ទៅ​ឯព្រះ‌វិហារ​ដ៏​ប្រសើរ និង​វិសុទ្ធ​បំផុត ក្នុង​ពេល​ក្រុម​បូជា‌ចារ្យ​ធ្វើ​យញ្ញ‌បូជា​ជា​ប្រក្រតី ហើយ​ក៏​បង្គាប់​គេ​ឲ្យ​ប្រគល់​លោក​យូដា​មក​គាត់។ 32 ប៉ុន្តែ អស់​លោក​ស្បថ​ថា គេ​មិន​ដឹង​ថា អ្នក​ដែល​គេ​កំពុង​រក​នោះ​នៅ​ទី​ណា​ទេ។ 33 លោក​នីកាន័រ​លើក​ដៃ​ស្តាំ​ឆ្ពោះ​ទៅ​កាន់​ព្រះ‌វិហារ ដោយ​ស្បថ និង​គំរាម​ថា៖ «ប្រសិន​បើ​អស់​លោក​មិន​ប្រគល់​លោក​យូដា​ដោយ​ដាក់​ច្រវាក់​មក​ឲ្យ​ខ្ញុំ​ទេ ខ្ញុំ​នឹង​រំលំ​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​នេះ​ដល់​ដី ខ្ញុំ​នឹង​បំផ្លាញ​អាសនៈ ហើយ​ទីនេះ ខ្ញុំ​នឹង​សង់​វិហារ​មួយ​ដ៏​ល្អ​ប្រណីត​ថ្វាយ​ព្រះ​ឌីយ៉ូ‌នីសូស​ជំនួស​វិញ»។ 34 លោក​មាន​ប្រសាសន៍​ដូច្នេះ​ហើយ លោក​ក៏​ចាក​ចេញ​ទៅ។ អស់​លោក​បូជា‌ចារ្យ​លើក​ដៃ​ទៅ​លើ ទូល​អង្វរ​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រយុទ្ធ​ជា‌និច្ច​ដើម្បី​ជាតិ​របស់​យើង ទាំង​ទូល​ថា៖ 35 បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​មិន​ត្រូវ​ការ​អ្វី​ឡើយ! ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស‌រើស​ព្រះ‌វិហារ​មួយ​សម្រាប់​ព្រះ‌អង្គ​គង់​នៅ​ក្នុង​ចំណោម​យើង​ខ្ញុំ។ 36 បពិត្រ​ព្រះ‌អម្ចាស់​ដ៏‌វិសុទ្ធ​ក្រៃ​លែង! ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ថែ​រក្សា​ការ‌ពារ​ព្រះ‌ដំណាក់ ដែល​យើង​ខ្ញុំ​ទើប​នឹង​ជម្រះ​ជាថ្មី​នេះ ឲ្យ​នៅ​វិសុទ្ធ​ជារៀង​រហូត​ផង។

លោក​រ៉ាស៊ី​ទទួល​មរណ​ភាព

37 មាន​ព្រឹទ្ធា‌ចារ្យ​នៃ​ក្រុង​យេរូ‌សាឡឹម ម្នាក់​ឈ្មោះ​រ៉ាស៊ី។ លោក​ជា​មនុស្ស ដែល​យក​ចិត្ត​ទុក​ដាក់​ជួយ​ជន​រួម​ជាតិ ជា​អ្នក​ដ៏​មាន​ឈ្មោះ​ល្បី។ គេ​តែង​ហៅ​លោក​ថា “ឪពុក​នៃ​ជន​ជាតិ​យូដា” ព្រោះ​គាត់​ស្រឡាញ់​ពួក​គេ​ខ្លាំង​ណាស់។ គេ​បាន​ប្តឹង​ចោទ​ប្រកាន់​លោក​ទៅ​លោក​នីកាន័រ។ 38 មុន​ពេល​ជន​ជាតិ​យូដា​បះ​បោរ មាន​គេ​ចោទ​លោក​ថា លោក​នៅ​តែ​កាន់​តាម​ប្រពៃណី​ជន​ជាតិ​យូដា​នៅ​ឡើយ។ គាត់​ស៊ូ​ប្តូរ​ជីវិត ដើម្បី​ការ‌ពារ​ប្រពៃណី​ទាំង​នោះ​ដោយ​ចិត្ត​មោះ​មុត​អង់​អាច។ 39 លោក​នីកាន័រ​ចាត់​ទាហាន​ជាង​ប្រាំ‌រយ​នាក់ ឲ្យ​ទៅ​ចាប់​លោក​រ៉ាស៊ី។ លោក​នីកាន័រ​ធ្វើ​ដូច្នេះ ដើម្បី​បញ្ជាក់​ថា គាត់​ស្អប់​ខ្ពើម​ជន​ជាតិ​យូដា។ 40 គាត់​នឹក​ស្មាន​ថា ការ​ប្រហារ​ជីវិត​មនុស្ស​បែប​នេះ គាត់​ដូច​ជា​វាយ​លើ​ជន​ជាតិ​យូដា​ជា​ទម្ងន់​បាន។ 41 កង‌ទ័ព​របស់​គាត់​ជិត​ដណ្តើម​យក​បាន​ប៉ម​ដែល​លោក​រ៉ាស៊ី​នៅ​ទៅ​ហើយ ពួក​គេ​កំពុង​សម្រុក​ចូល​មក​ខាង​ក្នុង ព្រម​ទាំង​មាន​បញ្ជា​ឲ្យ​ដុត​ទ្វារ​ទៀត។ ពេល​នោះ លោក​រ៉ាស៊ី​ក៏​យល់​ថា លោក​មិន​អាច​រត់​រួច​ឡើយ លោក​ក៏​លើក​ដាវ​ចាក់​សម្លាប់​ខ្លួន 42 គឺ​លោក​សុខ​ចិត្ត​ស្លាប់ ដោយ​មាន​កិត្តយស ប្រសើរ​ជាង​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ជន​ឧក្រិដ្ឋ ហើយ​ទទួល​ការ​ត្មះ​តិះ​ដៀល មិន​សម​នឹង​ភាព​ថ្លៃ​ថ្នូរ​របស់​គាត់​ឡើយ។ 43 ប៉ុន្តែ ដោយ​ប្រញាប់​ប្រញាល់​ពេក លោក​មិន​បាន​ចាក់​សម្លាប់​ខ្លួន​តាម​គោល​ដៅ​ទេ។ ពេល​នោះ កង‌ទ័ព​ក៏​សម្រុក​ចូល​ក្នុង​ប៉ម លោក​រត់​ឡើង​ទៅ​លើ​កំពែង ហើយ​ក៏​លោត​សម្លាប់​ខ្លួន​ទៅ​លើ​ហ្វូង​មនុស្ស ដោយ​គ្មាន​ញញើត។ 44 ពួក​គេ​ថយ​ក្រោយ​យ៉ាង​រហ័ស ហើយ​រូប​លោក​ក៏​ធ្លាក់​មក​ចំ​កន្លែង​គ្មាន​មនុស្ស។ 45 ពេល​នោះ លោក​នៅ​មាន​ដង្ហើម​នៅ​ឡើយ ហើយ​ដោយ​សារ​កម្លាំង​ចិត្ត​ពុះ​កញ្ជ្រោល លោក​ក្រោក​ឡើង​រត់​កាត់​ហ្វូង​មហា​ជន​ទាំង​មាន​ឈាម​ហូរ​ពេញ​ខ្លួន ហើយ​ឈឺ​ចុក​ចាប់​មុខ​របួស​ជា​ខ្លាំង។ លោក​ឡើង​ទៅ​ឈរ​នៅ​លើ​ផ្ទាំង​ថ្ម​យ៉ាង​ខ្ពស់ 46 ទោះ​បី​លោក​បាត់​បង់​ឈាម​ជិត​អស់​ពី​ខ្លួន​ទៅ​ហើយ​ក្តី លោក​លូក​បារ​យក​ពោះ‌វៀន​ចេញ​មក​កាន់​នៅ​ដៃ​ទាំង​ពីរ ហើយ​បោះ​ទៅ​លើ​មហា​ជន។ លោក​ទូល​អង្វរ​ព្រះ‌ជាម្ចាស់​នៃ​ជីវិត និង​វិញ្ញាណ សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​លោក​នៅ​ថ្ងៃ​ណា​មួយ​វិញ។ លោក​ទទួល​មរណ​ភាព​ទៅ​យ៉ាង​ដូច្នេះ។