ជំពូក ៩
ព្រះបាទអន់ទីយ៉ូគូសសោយទិវង្គត
(១ មរ ៦,១-១៧,២ មរ ១,១១-១៧)
1 នៅគ្រានោះ ព្រះបាទអន់ទីយ៉ូគូសយាងត្រឡប់មកពីស្រុកពែរ្ស ដោយគ្មានជោគជ័យសោះ។ 2 ព្រះរាជាយាងចូលក្នុងក្រុងមួយឈ្មោះថា ពែរ្សសេប៉ូលី ព្រះអង្គដណ្តើមយកក្រុងនេះ ហើយចាប់ផ្តើមប្លន់យកទ្រព្យសម្បត្ដិនៅក្នុងព្រះវិហារ។ ដូច្នេះ មហាជនក៏នាំគ្នាបះបោរ កាន់អាវុធបង្ខំព្រះបាទអន់ទីយ៉ូគូស ឲ្យរត់គេច និងដកទ័ពថយយ៉ាងអាម៉ាស់។ 3 ពេលស្តេចគង់នៅក្បែរក្រុងអែកបាតាន ព្រះអង្គជ្រាបអំពីរឿងដែលកើតមានចំពោះលោកនីកាន័រ និងកងទ័ពរបស់លោកធីម៉ូថេ។ 4 ស្តេចក្រេវក្រោធជាខ្លាំង ហើយមានបំណងសងសឹកជនជាតិយូដា ដែលបង្ខំឲ្យស្តេចដកទ័ពថយយ៉ាងអាម៉ាស់។ ដូច្នេះ ស្តេចបញ្ជាអ្នកបររាជរថ បរឲ្យលឿន មិនឲ្យឈប់ដើម្បីឲ្យឆាប់ទៅដល់ទីដៅ។ ប៉ុន្តែ ព្រះជាម្ចាស់ដាក់ទោសព្រះរាជារួចទៅហើយ។ ព្រះរាជាមានរាជឱង្ការទាំងអួតបំប៉ោងថា៖ «ពេលយើងទៅដល់ក្រុងយេរូសាឡឹម យើងនឹងធ្វើឲ្យក្រុងនេះ ក្លាយទៅជារណ្តៅកប់ខ្មោចជនជាតិយូដារួមគ្នា»។ 5 ពេលនោះ ព្រះអម្ចាស់ដែលព្រះអង្គទតឃើញអ្វីៗទាំងអស់ គឺព្រះនៃជនជាតិអ៊ីស្រាអែលបានប្រហារព្រះរាជាឲ្យមានរបួស ដែលមិនអាចព្យាបាលបាន និងមើលមិនឃើញសោះ។ ព្រះរាជាមានរាជឱង្ការដូច្នេះរួច ស្រាប់តែព្រះអង្គឈឺចុកចាប់ក្នុងពោះយ៉ាងខ្លាំង គ្មានថ្នាំព្យាបាល។ 6 ព្រះរាជាប្រឈួនដូច្នេះ ពិតជាយុត្តិធម៌មែន ព្រោះព្រះអង្គធ្វើឲ្យមនុស្សជាច្រើន ឈឺចុកចាប់ ដែលមិនធ្លាប់ឮគេនិយាយកាលពីមុន។ 7 ប៉ុន្តែ ព្រះរាជានៅតែក្រអឺតក្រទមដដែល មិនព្រមចុះចាញ់ នៅតែអួតបំប៉ោង មានព្រះហឫទ័យក្តៅក្រហាយចំពោះជនជាតិយូដា ហើយបញ្ជាឲ្យបន្ថែមល្បឿនថែមទៀត។ រំពេចនោះ ស្រាប់តែព្រះរាជាធ្លាក់ពីលើរាជរថ ដែលកំពុងតែបរយ៉ាងលឿន ទាំងឮសូរយ៉ាងខ្លាំង បណ្តាលឲ្យបាក់ព្រះបាទ និងព្រះហស្ត។ 8 ព្រះរាជាដែលអួតបំប៉ោងស្មានថា ខ្លួនជាព្រះមានអំណាចអាចបញ្ជារលកសមុទ្រ និងស្មានថាអាចថ្លឹងភ្នំដ៏ខ្ពស់បំផុតក្នុងជញ្ជីងបាន ឥឡូវនេះ ត្រូវដេកផ្ទាល់ដី ហើយត្រូវគេសែងនៅលើគ្រែស្នែង។ ដូច្នេះ មនុស្សទាំងអស់យល់ច្បាស់នូវឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ 9 ព្រះនេត្ររបស់ស្តេចពាលនោះ មានសុទ្ធតែដង្កូវ ទោះបីស្តេចនៅមានជីវិតក្តី ក៏សាច់ត្រូវរបេះចេញពីខ្លួន បណ្តាលឲ្យព្រះរាជាឈឺចុកចាប់យ៉ាងខ្លាំង។ ក្លិនអសោចរបស់ស្តេចដែលរលួយនោះ បណ្តាលឲ្យកងទ័ពទាំងមូលខ្ពើមរអើមយ៉ាងក្រៃលែង។ 10 ព្រះរាជាដែលពីមុនស្មានថាខ្លួនអាចចាប់ផ្កាយនៅលើមេឃបាន ឥឡូវនេះ គ្មាននរណាហ៊ានចូលទៅសែងឡើយ ព្រោះគេមិនអាចទ្រាំនឹងក្លិនអសោចនេះបាន។ 11 នៅពេលនោះ ព្រះបាទអន់ទីយ៉ូគូសប្រឈួនកាន់តែខ្លាំងឡើងៗ ដោយសារព្រះជាម្ចាស់វាយប្រហារ។ ស្តេចក៏ចាប់ផ្តើមបាក់អំនួត ទាំងយល់ពីស្ថានភាពរបស់ខ្លួន។ 12 ស្តេចមិនអាចទ្រាំនឹងក្លិនស្អុយរបស់ខ្លួនបាន ក៏មានរាជឱង្ការថា៖ «យើងត្រូវតែចុះចូលក្រោមអំណាចរបស់ព្រះជាម្ចាស់! យើងជាមនុស្សដែលរមែងតែងតែស្លាប់ មិនត្រូវចង់ស្មើនឹងព្រះអង្គឡើយ»។ 13 ប៉ុន្តែ ព្រះអម្ចាស់ពុំអាចព្រះសណ្តាប់ពាក្យអង្វររបស់ជនពាលដ៏ថោកទាបនេះទេ ព្រះអង្គមិនអាណិតអាសូរគេឡើយ។ 14 ព្រះរាជាសន្យាថានឹងប្រកាសក្រុងដ៏វិសុទ្ធឲ្យមានសេរីភាព គឺក្រុងដែលស្តេចយាងទៅយ៉ាងប្រញាប់ប្រញាល់បម្រុងនឹងរំលាយ ហើយធ្វើឲ្យក្រុងនេះក្លាយទៅជារណ្តៅកប់ខ្មោចរួមនៃជនជាតិយូដា។ 15 កាលពីមុន ព្រះរាជាព្រះអង្គព្រះតម្រិះថា សាកសពជនជាតិយូដា និងកូនចៅរបស់គេ មិនគួរឲ្យបញ្ចុះទេ គួរតែយកទៅបោះចោលឲ្យសត្វសាហាវស៊ី ប៉ុន្តែ ឥឡូវនេះ ព្រះរាជាសន្យាថា ប្រទានឲ្យគេមានសិទ្ធិស្មើនឹងប្រជាជនអាថែនវិញ!។ 16 កាលពីមុន ស្តេចបានរឹបអូសយកទ្រព្យសម្បត្ដិពីព្រះវិហារយេរូសាឡឹម ប៉ុន្តែ ឥឡូវនេះ ព្រះរាជាសន្យាថា នឹងយកតង្វាយដ៏ល្អប្រណីតមកតុបតែងព្រះវិហារដ៏វិសុទ្ធ ព្រមទាំងសងគ្រឿងបរិក្ខាដ៏សក្ការៈ ទាំងអស់ទ្វេមួយជាពីរ ហើយយករាជទ្រព្យមកឧបត្ថម្ភលើចំណាយសម្រាប់សក្ការបូជា។ 17 ស្តេចសន្យាទៀតថានឹងចូលសាសន៍យូដា ហើយដើរគ្រប់តំបន់ដែលមានមនុស្សរស់នៅ ដោយប្រកាសអំពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ 18 ប៉ុន្តែ ព្រះរាជារឹតតែឈឺចុកចាប់ខ្លាំងឡើងៗឥតស្រាកស្រាន្ត ដ្បិតព្រះជាម្ចាស់ដាក់ទោសយ៉ាងត្រឹមត្រូវ។ ដោយអស់សង្ឃឹមនឹងរួចជីវិត ព្រះរាជាបានសរសេររាជសារជាពាក្យអង្វរ ដែលមានចែង និងចម្លងដូចខាងក្រោម៖
19 ព្រះបាទអន់ទីយ៉ូគូសជាស្តេច និងជាមេបញ្ជាការកងទ័ពទាំងមូល ជម្រាបមកជនជាតិយូដាដ៏ប្រសើរ និងប្រជាពលរដ្ឋទាំងអស់ សូមប្រកបដោយអំណរសប្បាយ សុខភាពល្អ និងសុភមង្គល! 20 ប្រសិនបើអស់លោក និងកូនចៅប្រកបដោយសេចក្តីសុខ ប្រសិនបើកិច្ចការរបស់អស់លោកសម្រេចតាមបំណងប្រាថ្នា យើងសូមអរព្រះគុណព្រះជាម្ចាស់យ៉ាងលើសលុប។ 21 រីឯយើងវិញ ទោះបីជាមានជំងឺ ហើយអស់កម្លាំងយូរបន្តិចមែន ក៏យើងនៅតែនឹកដល់អស់លោកដោយសេចក្តីស្រឡាញ់។ ពេលយើងចុះទៅស្រុកពែរ្ស យើងធ្លាក់ខ្លួនទន់ខ្សោយគួរឲ្យបារម្ភ តែយើងយល់ឃើញថា ត្រូវគិតដល់សេចក្តីសុខសាន្តនៃមនុស្សទាំងអស់។ 22 យើងមិនអស់សង្ឃឹមចំពោះជីវិតទេ ផ្ទុយទៅវិញ យើងសង្ឃឹមយ៉ាងមាំថា នឹងបានជាសះស្បើយ។ 23 យើងយល់ឃើញថា នៅពេលបិតាយើងចេញច្បាំងប្រឆាំងនឹងតំបន់ខាងលើ ព្រះអង្គក៏តែងតាំងស្តេចមួយអង្គស្នងរាជ្យជំនួសដែរ។ 24 ដូច្នេះ ប្រសិនបើមានព្រឹត្តិការណ៍ដែលស្មានមិនដល់ ឬទទួលដំណឹងដ៏អាក្រក់ណាមួយកើតមាន អ្នកស្រុកមិនជ្រួលច្របល់ គឺដឹងថាមានស្តេចមួយអង្គទៀតទទួលខុសត្រូវលើរដ្ឋអំណាច។ 25 ដោយយល់ឃើញទៀតថា ស្តេចដែលគ្រប់គ្រងស្រុកជិតខាងរាជាណាចក្ររបស់យើង ឃ្លាំចាំមើលឱកាសល្អ និងចាំមើលពីសភាពជម្ងឺរបស់ខ្ញុំ ដើម្បីឈ្លានពានលើទឹកដីយើង យើងតែងតាំងបុត្ររបស់យើង ព្រះនាមអន់ទីយ៉ូគូស ឲ្យឡើងគ្រងរាជ្យស្នងយើង។ យើងធ្លាប់ផ្ញើបុត្រយើងនឹងលោកមួយរយៈ នៅពេលណាយើងប្រញាប់ចេញទៅច្បាំងនឹងពួកឧបរាជនៅស្រុកខាងលើ។ យើងសរសេរសារលិខិតផ្ញើបុត្រយើង។ 26 ហេតុនេះ សូមអស់លោកមេត្តានឹក ដល់គុណបំណាច់របស់យើង ដែលមានចំពោះអស់លោក ប្រជាជនទាំងមូល និងចំពោះជនម្នាក់ៗ ជាពិសេស សូមឲ្យមានចិត្តសប្បុរសចំពោះបុត្ររបស់យើង ដូចអស់លោកមានចិត្តសប្បុរសចំពោះយើងដែរ។ 27 យើងជឿជាក់ថា បុត្ររបស់យើងមុខជាប្រព្រឹត្តចំពោះអស់លោកដោយចិត្តសប្បុរស និងមនុស្សធម៌ គេនឹងធ្វើតាមបំណងរបស់យើងយ៉ាងម៉ត់ចត់ និងយល់ចិត្តគំនិតរបស់អស់លោក។ 28 ដូច្នេះ ស្តេចដែលជាឃាតក ជាជនប្រមាថព្រះជាម្ចាស់នេះ ឈឺចុកចាប់យ៉ាងខ្លាំង ដូចព្រះអង្គ បានធ្វើឲ្យអ្នកដទៃឈឺចុកចាប់ដែរ រួចក៏បាត់បង់ជីវិតនៅលើទឹកដីបរទេស នៅតំបន់ភ្នំយ៉ាងសែនអាណោចអាធ័ម។ 29 លោកភីលីពជាមិត្តជិតស្និទ្ធរបស់ស្តេច ក៏នាំសពស្តេចទៅក្រុងអង់ទីយ៉ូកវិញ។ ប៉ុន្តែ ដោយលោកមិនទុកចិត្តលើបុត្ររបស់ព្រះបាទអន់ទីយ៉ូគូស លោកដកខ្លួនវិលទៅស្រុកអេស៊ីប នៅជាមួយព្រះបាទផ្ទូលេមេភីឡូមេទ័រ។