ជំពូក ៨
លោកយូដាម៉ាកាបាយបះបោរ
1 គ្រានោះ លោកយូដាម៉ាកាបាយ និងអ្នកនៅជាមួយ តែងតែលបចូលក្នុងភូមិជាសម្ងាត់ ហៅបងប្អូនរួមជាតិឲ្យទៅចូលរួមជាមួយ។ គេប្រមូលអស់អ្នកដែលនៅមានចិត្តស្មោះត្រង់នឹងសាសនាយូដានៅឡើយ ប្រមាណប្រាំមួយពាន់នាក់។ 2 ពួកគេទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គទតមើលប្រជាជន ដែលកំពុងត្រូវមនុស្សម្នាបៀតបៀន។ សូមព្រះអង្គអាណិតមេត្តាដល់ព្រះវិហារ ដែលត្រូវជនពាលបង្អាប់បង្ឱន 3 ហើយសូមមេត្តាដល់ក្រុង ដែលខ្មាំងកំពុងបំផ្លាញឲ្យរាបស្មើនឹងដី។ សូមព្រះអង្គមេត្តាព្រះសណ្តាប់ សម្រែករបស់ឈាម ដែលលាន់ឮដល់ព្រះអង្គ! 4 សូមព្រះអង្គនឹកគិតដល់កូនចៅដែលគ្មានកំហុស ត្រូវខ្មាំងសម្លាប់រង្គាលដោយអយុត្តិធម៌។ ទីបញ្ចប់ ពួកគេសូមព្រះជាម្ចាស់សម្ដែងព្រះពិរោធ ប្រឆាំងនឹងអ្នកដែលប្រមាថព្រះនាមរបស់ព្រះអង្គ។ 5 តាំងពីពេល ដែលលោកម៉ាកាបាយធ្វើជាមេបញ្ជាការកងទ័ពមក ប្រជាជាតិនានាពុំអាចវាយឈ្នះគាត់ឡើយ។ ព្រះជាម្ចាស់លែងព្រះពិរោធនឹងប្រជារាស្ត្ររបស់ព្រះអង្គ បែរជាមានធម៌មេត្តាករុណាទៅវិញ។ 6 លោកម៉ាកាបាយបានវាយក្រុង និងភូមិនានា ដោយប្រជាជនមិនដឹងជាមុន គាត់ដុតក្រុង និងភូមិទាំងនោះចោល ហើយបោះទ័ពនៅកន្លែងដ៏សំខាន់ៗ និងធ្វើឲ្យខ្មាំងសត្រូវជាច្រើនទទួលបរាជ័យ។ 7 គាត់តែងតែវាយប្រហារនៅពេលយប់។ ដោយចិត្តអង់អាចក្លាហានរបស់គាត់ បានធ្វើឲ្យកិត្តិនាមរបស់គាត់ ល្បីរន្ទឺសុះសាយគ្រប់ទិសទី។
លោកយូដាវាយឈ្នះលោកនីកាន័រ
(១ មរ ៣,៣៨-៤,២៧)
8 លោកភីលីពជាទេសាភិបាលរបស់ស្តេច នៅក្រុងយេរូសាឡឹម សង្កេតឃើញថា លោកយូដាកាន់តែមានអំណាចខ្លាំងឡើងៗ ហើយមានជ័យជម្នះជាញឹកញាប់ លោកក៏សរសេរលិខិតផ្ញើជូនលោកផ្ទូលេមេ ជាអភិបាលនៅស្រុកសេលើស៊ីរី និងស្រុកភេនីស៊ីឲ្យមកជួយការពារកិច្ចការរបស់ស្តេច។ 9 លោកភីលីព ជ្រើសរើសលោកនីកាន័រ ជាកូនរបស់លោកប៉ាត្រូក ហើយដែលជា “មិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ស្តេច” ចាត់ឲ្យទៅក្រុងយេរូសាឡឹមភ្លាម ដោយមានកងទ័ពយ៉ាងតិចណាស់ពីរម៉ឺននាក់មកពីគ្រប់ប្រជាជាតិ ទៅជាមួយផង។ លោកទទួលបញ្ជាឲ្យទៅប្រល័យពូជសាសន៍យូដាឲ្យអស់ ឥតសល់ម្នាក់ឡើយ។ លោកភីលីពបញ្ជាឲ្យលោកក័រស៊ីយ៉ាស ជាមេទ័ពដែលធ្លាប់មានបទពិសោធច្រើនដងក្នុងចម្បាំង ទៅជាមួយដែរ។ 10 លោកនីកាន័រ មានគម្រោងការនឹងបង់សួយសារអាករ ចំនួនប្រាំម៉ឺនបួនពាន់គីឡួក្រាម ដែលស្តេចត្រូវបង់ជូនរដ្ឋអំណាចរ៉ូម៉ាំងដោយលក់ជនជាតិយូដា ដែលគេនឹងចាប់ធ្វើជាឈ្លើយ។ 11 គាត់ចាត់ឲ្យទៅហៅឈ្មួញនៅក្រុងតាមឆ្នេរសមុទ្រ ឲ្យមកទិញទាសករជាតិយូដា ទាំងសន្យាថា នឹងលក់កៅសិបនាក់ ថ្លៃម្ភៃប្រាំពីរគីឡូក្រាមប្រាក់។ គាត់មិនបាននឹកគិត ដល់ទណ្ឌកម្ម ពីព្រះដ៏មានឫទ្ធានុភាពសព្វប្រការ ដែលនឹងកើតមានដល់គាត់ នៅពេលអនាគតឡើយ។ 12 លោកយូដាទទួលដំណឹងថា លោកនីកាន័រចេញដំណើរមក។ គាត់ប្រាប់អ្នកនៅជាមួយគាត់ថាទ័ពរបស់ខ្មាំងសត្រូវនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ 13 ពួកជនកំសាក និងជនខ្វះជំនឿលើសេចក្តីយុត្តិធម៌របស់ព្រះជាម្ចាស់ នាំគ្នារត់ចោលលោក ហើយភៀសខ្លួនទៅកន្លែងផ្សេង។ 14 ជនខ្លះទៀតនាំគ្នាលក់អ្វីៗដែលគេមាន ហើយទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គសង្គ្រោះអស់អ្នកដែលត្រូវជនពាលនីកាន័រលក់ជាទាសករ ទោះបីមិនទាន់មានការប្រយុទ្ធក៏ដោយ។ 15 ប្រសិនបើព្រះអង្គមិនយល់ដល់ពួកគេទេ សូមព្រះអង្គព្រះមេត្តាសង្គ្រោះពួកគេ ដោយនឹកពីសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់ពួកគេ និងសង្គ្រោះពួកគេ ព្រោះព្រះអង្គជាព្រះដ៏វិសុទ្ធ ប្រកបដោយសិរីរុងរឿង បានត្រាស់ហៅពួកគេឲ្យធ្វើជាប្រជាជនរបស់ព្រះអង្គដែរ។ 16 លោកម៉ាកាបាយប្រមូលកងទ័ពរបស់លោក មានចំនួនប្រមាណប្រាំមួយពាន់នាក់។ លោកដាស់តឿនពួកគេកុំឲ្យមានចិត្តភ័យខ្លាចនៅចំពោះមុខសត្រូវ កុំព្រួយបារម្ភដោយឃើញសាសន៍ដទៃមានចំនួនច្រើនសន្ធឹកសន្ធាប់ លើកគ្នាមកប្រយុទ្ធជាមួយពួកគេដោយអយុត្តិធម៌នោះឡើយ គឺត្រូវតែប្រយុទ្ធដោយចិត្តអង់អាចក្លាហាន។ 17 ត្រូវនឹកជានិច្ចអំពីអំពើអាក្រក់របស់ពួកខ្មាំងដែលប្រមាថចំពោះព្រះវិហារ ការមើលងាយ បន្ទាបបន្ថោកទីក្រុង និងការលុបបំបាត់ប្រពៃណីយូដា។ 18 លោកមានប្រសាសន៍ថា៖ ពួកខ្មាំងសត្រូវពឹងលើអាវុធ និងលើចិត្តក្លាហានអង់អាចរបស់គេ រីឯយើងវិញ យើងផ្ញើជីវិតលើព្រះជាម្ចាស់ ប្រកបដោយឫទ្ធានុភាពសព្វប្រការ។ ព្រះអង្គគ្រាន់តែងក់ព្រះសិរសារប៉ុណ្ណោះ នោះព្រះអង្គអាចបំផ្លាញអស់អ្នកដែលដើរមកប្រយុទ្ធនឹងពួកយើង សូម្បីតែមនុស្សទាំងអស់ក្នុងពិភពលោក ក៏ព្រះអង្គអាចបំផ្លាញបានដែរ។ 19 លោករៀបរាប់គ្រប់គ្រា ដែលព្រះអង្គជួយការពារដូនតារបស់ពួកគេ គឺនៅជំនាន់លោកសេណាកេរិប មានខ្មាំងសត្រូវមួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់ វិនាសអន្តរាយ 20 ឬ នៅស្រុកបាប៊ីឡូន គ្រាដែលជនជាតិយូដាចំនួនប្រាំបីពាន់នាក់ រួមជាមួយទ័ពម៉ាសេដូនបួនពាន់នាក់ ច្បាំងនឹងជនជាតិកាឡាត មួយសែនពីរម៉ឺននាក់។ នៅពេលនោះ កងទ័ពម៉ាសេដូនបួនពាន់នាក់ ចុះអន់ថយជនជាតិយូដាបីពាន់នាក់វាយកម្ទេចខ្មាំងមួយសែនពីរម៉ឺននាក់នោះ ដោយមានជំនួយរបស់ព្រះជាម្ចាស់ ពីស្ថានបរមសុខមក។ ពួកគេរឹបអូសយកបានជយភណ្ឌជាច្រើនទៀតផង។ 21 លោកយូដាមានប្រសាសន៍លើកទឹកចិត្តពង្រឹងសេចក្ដីក្លាហានរបស់ពួកគេព្រមទាំងដាស់តឿនពួកគេ ឲ្យស្ម័គ្រចិត្តបូជាជីវិត ដើម្បីធម្មវិន័យ និងមាតុភូមិ។ លោកចែកទ័ពរបស់លោកជាបួនកង 22 ក្នុងកងនីមួយៗ មានពលទាហានមួយពាន់ប្រាំរយនាក់ ហើយតែងតាំងលោកស៊ីម៉ូនជាបង លោកយ៉ូសែប និងលោកយ៉ូណាថានជាប្អូន ឲ្យធ្វើមេបញ្ជាការលើកងនីមួយៗ។ 23 លោកក៏បង្គាប់ឲ្យលោកអេឡាសារអានព្រះគម្ពីរ រួចលោកជ្រើសរើសពាក្យស្លោកដែលចែងថា “ព្រះជាម្ចាស់ជួយការពារ!”។ បន្ទាប់មក លោកនាំមុខកងនីមួយទៅប្រយុទ្ធនឹងកងទ័ពរបស់លោកនីកាន័រ។ 24 ព្រះដ៏មានឫទ្ធានុភាពសព្វប្រការ ធ្វើជាសម្ពន្ធមិត្តជាមួយជនជាតិយូដា ដូច្នេះ ពួកគេវាយកម្ទេចខ្មាំងសត្រូវជាងប្រាំបួនពាន់នាក់។ ពួកគេវាយឲ្យរបួស និងកាប់ដៃកាប់ជើងទាហានរបស់លោកនីកាន័រ ស្ទើរតែទាំងអស់ ហើយខ្មាំងក៏បាក់ទ័ពរត់អស់ទៅ។ 25 ពួកគេរឹបអូសយកប្រាក់របស់ឈ្មួញ ដែលមកបម្រុងទិញពួកគេធ្វើជាទាសករ។ ក្រោយពីបានដេញតាមពួកខ្មាំងឆ្ងាយហើយ ពួកគេត្រឡប់មកវិញ កុំឲ្យយឺតពេល ព្រោះថ្ងៃជិតលិចហើយ 26 ដ្បិតថ្ងៃនោះជាថ្ងៃសប្ប័ទ។ ហេតុនេះហើយ ពួកគេមិនចំណាយពេលដេញតាមខ្មាំងទៀតឡើយ។ 27 កាលគេប្រមូលអាវុធរបស់ខ្មាំង និងរឹបអូសជយភណ្ឌពីខ្មោចទាហានរួចរាល់ហើយ ពួកគេនាំគ្នាគោរពថ្ងៃសប្ប័ទ ដោយលើកតម្កើង និងកោតសរសើរព្រះជាម្ចាស់ ដែលព្រះអង្គមេត្តាប្រោសប្រណី សម្ដែងព្រះហឫទ័យសប្បុរសសាជាថ្មីចំពោះពួកគេ។ 28 ក្រោយថ្ងៃសប្ប័ទ ពួកគេចែកជយភណ្ឌមួយភាគឲ្យជនរងគ្រោះ ដែលខ្មាំងធ្វើទុក្ខបុកម្នេញ ឲ្យស្រីមេម៉ាយ និងកូនកំព្រា។ រីឯជយភណ្ឌដែលនៅសេសសល់ ពួកគេចែកគ្នាឯង និងឲ្យកូនរបស់ពួកគេផង។ 29 ក្រោយពីចែកជយភណ្ឌរួចហើយ ពួកគេរួមគ្នាទូលអង្វរព្រះជាម្ចាស់ ប្រកបដោយព្រះហឫទ័យមេត្តាករុណា លើកលែងទោសទាំងអស់ ឲ្យអ្នកបម្រើរបស់ព្រះអង្គ។
លោកធីម៉ូថេ និងលោកបាកឃីដែសទទួលបរាជ័យ
30 ក្រោយមក លោកយូដា និងកងទ័ព នាំគ្នាទៅប្រយុទ្ធនឹងកងទ័ពរបស់លោកធីម៉ូថេ និងលោកបាកឃីដែស។ ពួកគេប្រហារជីវិតខ្មាំងជាងពីរម៉ឺននាក់ និងដណ្ដើមយកក្រុងដែលមានកំពែងខ្ពស់ៗជាច្រើនដោយអំណរ។ ពួកគេរឹបអូសយកជយភណ្ឌយ៉ាងច្រើនសន្ធឹកសន្ធាប់ មកចែកជាពីរផ្នែកស្មើគ្នា គឺមួយផ្នែកសម្រាប់ពួកគេ និងមួយផ្នែកទៀតសម្រាប់ជនរងគ្រោះ កូនកំព្រា ស្ត្រីមេម៉ាយព្រមទាំងចាស់ជរាផង។ 31 ពួកគេយកចិត្តទុកដាក់ក្នុងការប្រមូលអាវុធរបស់ខ្មាំង មកដាក់នៅកន្លែងសមរម្យ។ រីឯអ្វីៗដែលពួកគេយកបានពីសពរបស់ខ្មាំង គេនាំយកទៅក្រុងយេរូសាឡឹម។ 32 ពួកគេប្រហារជីវិតមេទ័ពរបស់លោកធីម៉ូថេ ជាជនពាល ដែលធ្លាប់ធ្វើទុក្ខបុកម្នេញជនជាតិជាច្រើន។ 33 ក្នុងពេលពួកគេប្រារព្ធពិធីបុណ្យអបអរសាទរជ័យជម្នះក្នុងមាតុភូមិ ពួកគេចាប់អ្នកដែលដុតទ្វារព្រះវិហារមកដុតទាំងរស់។ អ្នកទាំងនោះបានជ្រកកោនក្នុងផ្ទះតូចមួយជាមួយកាលីស្តែន។ ដូច្នេះ អ្នកទាំងនោះទទួលទោសសមនឹងអំពើអាក្រក់ដែលខ្លួនប្រព្រឹត្ត ដោយគេបានបង្អាប់បង្ឱនព្រះវិហារ។
លោកនីកាន័រភៀសខ្លួន
34 ជនអន្ធពាលនីកាន័រ ដែលបាននាំឈ្មួញមួយពាន់នាក់ មកទិញជនជាតិយូដា 35 ត្រូវអាម៉ាស់ដោយសារព្រះជាម្ចាស់បានជួយ អ្នកដែលគាត់ស្មានថាថោកទាបជាទីបំផុត។ គាត់ដោះអាវដ៏រុងរឿងចោល ហើយរត់តាមវាល ដូចទាសករដែលលួចរត់ចេញពីផ្ទះម្ចាស់។ កងទ័ពទាំងអស់បានបោះបង់ចោលគាត់ គាត់មានសំណាងអស្ចារ្យគឺគាត់បានមកដល់ក្រុងអន់ទីយ៉ូក ទោះបីកងទ័ពរបស់គាត់ត្រូវវិនាសក៏ដោយ។ 36 ជនពាលនេះបានសន្យាថា នឹងប្រមូលប្រាក់បង់សួយសារអាករ ដែលបានមកពីការលក់ប្រជាជនក្រុងយេរូសាឡឹមជាឈ្លើយ។ ជននោះប្រកាសថា ជនជាតិយូដាមានព្រះមួយអង្គជួយការពារ ហើយគ្មាននរណាវាយឈ្នះទេ ព្រោះពួកគេកាន់តាមច្បាប់ដែលព្រះអង្គបានបញ្ជានោះ។