ជំពូក ១១

លោក​លីស៊ីយ៉ាស​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ជន​ជាតិ​យូដា
(១ មរ ៤,២៦-៣៥)

1 លោក​លីស៊ីយ៉ាស​ជា​ញាតិ‌វង្ស ដែល​ជា​អ្នក​ថែ​រក្សា​អប់រំ​ស្តេច និង​ជា​រដ្ឋ​មន្ត្រី​ទីមួយ ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នឹង​ព្រឹតិ្ត​ការណ៍​ដែល​កើត​មាន​នោះ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក 2 លោក​ប្រមូល​ផ្តុំ​ពល‌ទ័ព​ថ្មើរ​ជើង​ប្រមាណ​ប្រាំបី‌ម៉ឺន​នាក់ និង​ពល‌ទ័ព‌សេះ​ទាំង​អស់ ហើយ​លើក​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​យូដា លោក​ចង់​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម ក្លាយ​ទៅ​ជា​ក្រុង​របស់​ជន​ជាតិ​ក្រិក។ 3 លោក​ចង់​ឲ្យ​ព្រះ‌វិហារ​បង់​ពន្ធ ដូច​វិហារ​របស់​ប្រជា​ជាតិ​ដទៃ​ទៀត​ដែរ និង​មាន​ការ​ដេញ​ថ្លៃ​មុខ​ងារ​មហា​បូជា‌ចារ្យ​ជា​រៀង​រាល់​ឆ្នាំ។ 4 លោក​ពុំ​បាន​នឹក​គិត​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់​ទេ គឺ​លោក​អាង​យ៉ាង​ព្រហើន​កម្លាំង​ទ័ព​ថ្មើរ​ជើង​រាប់‌ម៉ឺន​នាក់ ពល‌ទ័ព‌សេះ​រាប់​ពាន់​នាក់ និង​លើ​ដំរី​ចម្បាំង​ប៉ែត​សិប​ក្បាល​ប៉ុណ្ណោះ។
5 ពេល​លោក​មក​ដល់​ស្រុក​យូដា លោក​ចាប់​វាយ​ក្រុង​បេត​សួរ​យ៉ាង​ខ្លាំង។ ក្រុង​បេត​សួរ​នេះ​មាន​កំពែង​ដ៏រឹង​មាំ ហើយ​ស្ថិត​នៅ​ប្រមាណ​ជា​ប្រាំពីរ​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡឹម។ 6 កាល​លោក​ម៉ាកាបាយ និង​កង‌ទ័ព​ជ្រាប​ដំណឹង​ថា លោក​លីស៊ីយ៉ាស​ឡោម​ព័ទ្ធ​ក្រុង​នានា ពួក​គេ​នាំ​គ្នា​ទូល​អង្វរ​ព្រះ‌អម្ចាស់​ទាំង​ថ្ងូរ និង​បង្ហូរ​ទឹក​ភ្នែក រួម​ជាមួយ​ប្រជាជន សូម​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌មេត្តា ចាត់​ទេវទូត​ដ៏​សប្បុរស​មួយ​រូប ឲ្យ​មក​សង្គ្រោះ​ប្រជាជន​អ៊ីស្រា‌អែល​ផង។ 7 លោក​ម៉ាកាបាយ​កាន់​អាវុធ​មុន​គេ ហើយ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ទៀត​ឲ្យ​ពុះពារ​នឹង​គ្រោះ​ថ្នាក់​ជាមួយ​គាត់ ដើម្បី​សង្គ្រោះ​បង‌ប្អូន​របស់​ខ្លួន។ ពួក​គេ​ក្រោក​ឡើង​ដោយ​ចិត្ត​ក្លាហាន​អង់​អាច។ 8 កាល​ពួក​គេ​ស្ថិត​នៅ​ក្បែរ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ ស្រាប់​តែ​ឃើញ​មាន​បុរស​ម្នាក់​ស្លៀក​ពាក់​ស ជិះ​សេះ​មក ហើយ​នាំ​មុខ​ពួក​គេ ទាំង​គ្រវី​អាវុធ​មាស។ 9 គេ​នាំ​គ្នា​អរ​ព្រះ‌គុណ​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា។ ព្រះ‌អង្គ​បាន​ប្រទាន​កម្លាំង​ខ្លាំង​ក្លា​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​ចេញ​ទៅ​វាយ មិន​ត្រឹម​តែ​មនុស្ស​ប៉ុណ្ណោះ​ទេ គឺ​វាយ​ទម្លុះ​ទាំង​សត្វ​សាហាវ​បំផុត ទាំង​កំពែង​ដែល​ធ្វើ​អំពី​ដែក​ផង។ 10 ពួក​គេ​ចេញ​ដំណើរ​ទៅ​មុខ​តាម​ក្បួន​ទ័ព ដោយ​មាន​សម្ពន្ធ‌មិត្ត​មួយ​រូប​មក​ពី​ស្ថាន​បរម‌សុខ ព្រោះ​ព្រះ‌អម្ចាស់​អាណិត‌អាសូរ​ពួក​គេ។ 11 ពួក​គេ​វាយ​សម្រុក​លើ​ខ្មាំង​សត្រូវ ដូច​សត្វ​សិង្ហ។ ពួក​គេ​ប្រហារ​ពល‌ទ័ព​ថ្មើរ​ជើង​មួយ‌ម៉ឺន​មួយ‌ពាន់​នាក់ និង​ពល‌ទ័ព‌សេះ មួយ‌ពាន់​ប្រាំ‌រយ​នាក់ ហើយ​បង្ខំ​ទ័ព​ខ្មាំង​ឲ្យ​បាក់​ទ័ព​រត់​អស់។ 12 ទ័ព​ខ្មាំង​ដែល​រត់​ភាគ​ច្រើន សុទ្ធ​តែ​មាន​របួស និង​គ្មាន​អាវុធ សូម្បី​តែ​លោក​លីស៊ីយ៉ាស​ខ្លួន​ឯង​ក៏​រត់​ទាំង​អាម៉ាស់​ដែរ។

ជន​ជាតិ​យូដា​បាន​សន្តិ‌ភាព
(១មបា ៦.៥៧-៦១)

13 ប៉ុន្តែ លោក​លីស៊ីយ៉ាស​ដែល​ជា​អ្នក​ឆ្លាត​វាង​វៃ លោក​រិះ​គិត​អំពី​ការ​បរា‌ជ័យ​របស់​លោក ហើយ​យល់​ឃើញ​ថា មិន​អាច​វាយ​ឈ្នះ​ជន​ជាតិ​យូដា​ទេ ព្រោះ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​សព្វ​ប្រការ ជា​សម្ពន្ធ‌មិត្ត ជួយ​ច្បាំង​ពួក​គេ។ ដូច្នេះ លោក​ចាត់​អ្នក​នាំ​សារ 14 ឲ្យ​ទៅ​ចរចា​សុំ​សន្តិ‌ភាព​ជាមួយ​ជន​ជាតិ​យូដា ដោយ​សម្រុះ​សម្រួល​គ្នា​យ៉ាង​សមរម្យ និង​យុត្តិ‌ធម៌។ លោក​សន្យា​ថា​នឹង​ទូល​សុំ​ស្តេច ឲ្យ​ចង​មិត្ត​ភាព​ជាមួយ​ពួក​គេ​ដែរ។ 15 លោក​ម៉ាកាបាយ​យល់​ព្រម​នឹង​សំណូម​ពរ​ទាំង​ប៉ុន្មាន​របស់​លោក​លីស៊ីយ៉ាស ដោយ​នឹក​គិត​ដល់​ផល​ប្រយោជន៍​រួម។ ព្រះ‌រាជា​យល់​ព្រម​តាម​សំណូម​ពរ​ទាំង​ប៉ុន្មាន ដែល​លោក​ម៉ាកាបាយ បាន​សរសេរ​ផ្ញើ​ជូន​លោក​លីស៊ីយ៉ាស​ស្តី​អំពី​ជន​ជាតិ​យូដា។
16 លោក​លីស៊ីយ៉ាស​សរសេរ​សំបុត្រ​ផ្ញើ​ជូន​ជន​ជាតិ​យូដា មាន​សេចក្តី​ដូច​តទៅ៖ «ខ្ញុំ​លីស៊ីយ៉ាស សូម​ជម្រាប​មក​ដល់​ជន​ជាតិ​យូដា​ទាំង​មូល សូម​ជ្រាប 17 លោក​យ៉ូហាន និង​លោក​អាប់សាឡុម ជា​អ្នក​នាំ​សារ​របស់​អស់​លោក​បាន​ជូន​កិច្ច​ព្រម‌ព្រៀង ដូច​មាន​ចែង​ខាង​ក្រោម​នេះ​មក​ខ្ញុំ ដោយ​សូម​ឲ្យ​ខ្ញុំ​យល់​ព្រម​តាម​មាត្រា​ទាំង​ប៉ុន្មាន​ដែល​មាន​កត់​ត្រា​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ។ 18 ហេតុ​នេះ​ហើយ​បាន​ជា​ក្រោយ​ពី​ខ្ញុំ​យល់​ព្រម​ដោយ​ផ្ទាល់​ពីអ្វី​ដែល​ខ្ញុំ​អាច​អនុញ្ញាត​បាន ខ្ញុំ​ក៏​រ៉ាយ​រ៉ាប់​ថ្វាយ​ព្រះ‌រាជា​ពី​អ្វី​ដែល​ព្រះ‌អង្គ​ត្រូវ​សម្រេច។ 19 ហេតុ​នេះ ប្រសិន​បើ​អស់​លោក​នៅ​តែ​មាន​ឆន្ទៈ​ល្អ​ចំពោះ​រដ្ឋ ខ្ញុំ​នឹង​ខិត​ខំ​ជួយ​រក​ផល​ប្រយោជន៍​ដល់​បង‌ប្អូន នៅ​ពេល​អនាគត។ 20 រីឯ​បញ្ហា​បន្ទាប់​បន្សំ​ទៀត ខ្ញុំ​ឲ្យ​អ្នក​នាំ​សារ​របស់​លោក និង​តំណាង​របស់​ខ្ញុំ ពិភាក្សា​ជាមួយ​អស់​លោក។ 21 សូម​អស់​លោក​ប្រកប​ដោយ​សេចក្តី‌សុខ​សាន្ត។ធ្វើ​នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ឌីយ៉ុស្កូរ ត្រូវ​នឹង​ខែ​មាឃ ឆ្នាំ​មួយ‌រយ​សែ​សិប​ប្រាំបី»។

22 រាជ‌សារ​របស់​ស្តេច​មាន​ចែង​ដូច​តទៅ៖ «ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ជម្រាប​មក​លោក​លីស៊ីយ៉ាស ជា​អនុជ សូម​ជ្រាប! 23 តាំង​ពី​បិតា​របស់​យើង​បាន​ទៅ​ស្ថាន‌សួគ៌​ជា​មួយ​ព្រះ​របស់​ខ្លួន យើង​ចង់​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​រាជា‌ណាចក្រ​របស់​យើង អាច​គិត​គូរ​កិច្ច‌ការ​របស់​ខ្លួន ដោយ​គ្មាន​បារម្ភ​អ្វី​ឡើយ។ 24 យើង​ដឹង​ថា ជន​ជាតិ​យូដា​មិន​ព្រម​ទទួល​យក​នូវ​របៀប​រស់​នៅ​របស់​ជន​ជាតិ​ក្រិក តាម​សំណូម​ពរ​បិតា​យើង​ទេ។ ពួក​គេ​ចូល​ចិត្ត​រស់​នៅ​តាម​ទំនៀម​ទម្លាប់​របស់​ខ្លួន​ប្លែក​ពី​គេ ហើយ​សូម​អនុញ្ញត​ឲ្យ​ពួក​គេ​កាន់​តាម​ធម្ម‌វិន័យ​របស់​គេ។ 25 អាស្រ័យ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចង់​ឲ្យ​ប្រជាជន​នេះ រួច​ផុត​ពី​ការ​ព្រួយ​បារម្ភ យើង​ក៏​សម្រេច​ព្រះ‌ហឫទ័យ ប្រគល់​ព្រះ‌វិហារ​ឲ្យ​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ឋានៈ​ជា​ប្រជា‌ពលរដ្ឋ​តាម​ប្រពៃណី​ដូន‌តា​របស់​ពួក​គេ។ 26 ដូច្នេះ លោក​ត្រូវ​ចាត់​ទូត​ម្នាក់​ទៅ​ជួប​ពួក​គេ និង​ផ្តល់​សន្តិ‌ភាព ដើម្បី​ឲ្យ​ពួក​គេ​លែង​ភ័យ​ខ្លាច គិត​គូរ​តែ​ពី​កិច្ច‌ការ​របស់​ខ្លួន ដោយ​គ្មាន​កង្វល់​អ្វី​ឡើយ ហើយ​រស់​នៅ​ដោយ​សេចក្តី‌សុខ​សាន្ត»។
27 ស្តេច​សរសេរ​សារ​ផ្ញើ​ជូន​ជន​ជាតិ​យូដា​មាន​សេចក្តី​ដូច​តទៅ៖ «ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ជម្រាប​មក​ក្រុម​ប្រឹក្សា​ព្រឹទ្ធា‌ចារ្យ និង​ជន​ជាតិ​យូដា​ទាំង​អស់ សូម​ជ្រាប!។ 28 ប្រសិន​បើ​អស់​លោក​ប្រកប​ដោយ​សេចក្តី‌សុខ យើង​មាន​អំណរ​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។ យើង​នៅ​ឯណេះ​ក៏​ប្រកប​ដោយ​សេចក្តី‌សុខ​ជា​ធម្មតា​ដែរ។ 29 លោក​ម៉េណេឡា​បាន​ប្រាប់​យើង​ថា អស់​លោក​ចង់​ត្រឡប់​ទៅ​ផ្ទះ ដើម្បី​ប្រកប​កិច្ច‌ការ​របស់​ខ្លួន។ 30 យើង​សូម​ធានា​ថា នឹង​អត់​ទោស​ឲ្យ​អស់​អ្នក​ដែល​ត្រឡប់​ទៅ​ផ្ទះ មុន​ថ្ងៃ​ទី​សាម​សិប ខែ​សង់​ទីក ត្រូវ​នឹង​ខែ​ផល្គុន។ 31 ជន​ជាតិ​យូដា​មាន​សិទ្ធិ​កាន់​តាម​វិន័យ​ស្តី​អំពី​ម្ហូប​អាហារ និង​ច្បាប់​ឯ​ទៀតៗ​របស់​អស់​លោក​ដូច​កាល​ពីមុន។ គ្មាន​នរណា​ហ៊ាន​ចាប់​ពួក​អស់​លោក​ណា​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​ខុស ដោយ​មិន​ដឹង​ខ្លួន​ឡើយ។ 32 យើង​ក៏​បាន​ចាត់​លោក​ម៉េណេឡា​មក ដើម្បី​ជម្រាប​អស់​លោក កុំ​ឲ្យ​អស់​លោក​ភ័យ​ខ្លាច។ 33 សូម​អស់​លោក​ប្រកប​ដោយ​សេចក្តី‌សុខ​សាន្ត! ធ្វើ​នៅ​ថ្ងៃទី​ដប់​ប្រាំ ខែ​ផល្គុន ឆ្នាំ​មួយ‌រយ​សែ​សិប​ប្រាំបី»។
34 រីឯ​ជន​ជាតិ​រ៉ូម៉ាំង​សរសេរ​លិខិត​ផ្ញើ​ជូន​ជន​ជាតិ​យូដា ដែល​មាន​ន័យ​ដូច​តទៅ៖ «លោក​គីនទូស‌-មែនមីយ៉ូស លោក​ទីទូស‌-ម៉ានីយ៉ូស និង​លោក​ម៉ានីយ៉ូស‌-សែគីយ៉ូស ជា​ប្រតិភូ​ជាតិ​រ៉ូម៉ាំង ជម្រាប​មក​ប្រជាជន​យូដា សូម​ជ្រាប!។ 35 សេចក្តី​ទាំង​ប៉ុន្មាន​ដែល​លោក​លីស៊ីយ៉ាស​ជា​ញាតិ​វង្ស​របស់​ស្តេច បាន​អនុញ្ញាត​ឲ្យ​អស់​លោក យើង​ក៏​អនុញ្ញាត​ដែរ។ 36 រីឯ​សេចក្តី​ដែល​លោក​យល់​ថា ត្រូវ​តែ​សុំ​សេចក្តី​សម្រេច​ពី​ព្រះ‌ករុណា​វិញ សូម​ចាត់​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ​ជួប​យើង។ យើង​នឹង​រៀប​រាប់​ថ្វាយ​ព្រះ‌រាជា តាម​វិធី​ណា​ដែល​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍​សម្រាប់​អស់​លោក ពេល​យើង​ទៅ​ក្រុង​អន់ទីយ៉ូក។ 37 ដូច្នេះ សូម​ប្រញាប់​ប្រញាល់​បញ្ជូន​មនុស្ស​ឲ្យ​មក​ជួប​នឹង​យើង ដើម្បី​យើង​ដឹង​ពី​គោល​បំណង​របស់​អស់​លោក។ 38 សូម​អស់​លោក​ប្រកប​ដោយ​សេចក្តី‌សុខ​សាន្ត។ ធ្វើ​នៅ​ថ្ងៃទី​១៥ ខែ​ផល្គុន ឆ្នាំ​មួយ‌រយ​សែ​សិប​ប្រាំបី»។