ជំពូក ៧
បងប្អូនប្រាំពីរនាក់បូជាជីវិត ព្រោះព្រះជាម្ចាស់
1 មានគ្រាមួយនោះ គេចាប់ស្ត្រីម្នាក់ និងកូនទាំងប្រាំពីរនាក់របស់គាត់។ ព្រះបាទអន់ចូគូសបញ្ជាឲ្យគេយកអ្នកទាំងនោះទៅវាយនឹងរំពាត់ខ្សែតី បង្ខំឲ្យបរិភោគសាច់ជ្រូក ដែលវិន័យហាមបរិភោគ។ 2 កូនម្នាក់បានទូលស្តេច ក្នុងនាមបងប្អូនទាំងប្រាំពីរនាក់ថា៖ «តើព្រះករុណាសព្វព្រះហឫទ័យចង់ដឹងអ្វីពីទូលបង្គំយើងខ្ញុំ? ទូលបង្គំយើងខ្ញុំស៊ូស្លាប់ ប្រសើរជាងប្រព្រឹត្តល្មើសនឹងវិន័យរបស់ដូនតា»។ 3 ព្រះរាជាក្រេវក្រោធយ៉ាងខ្លាំង បញ្ជាឲ្យគេយកខ្ទះ និងឆ្នាំងដាក់លើភ្លើង។ 4 កាលខ្ទះ និងឆ្នាំងនោះក្តៅខ្លាំងហើយ ព្រះរាជាបញ្ជាឲ្យគេកាត់អណ្តាតរបស់អ្នកដែលនិយាយ ក្នុងនាមបងប្អូនគេនោះ រួចពន្លះស្បែកក្បាលចេញ កាត់ដៃ កាត់ជើង នៅមុខបងប្អូន និងម្តាយរបស់គេ។ 5 កាលគេធ្វើបាបអ្នកនោះហើយ ព្រះរាជាបញ្ជាគេឲ្យនាំគាត់ទៅក្បែរភ្នក់ភ្លើង ហើយបោះគាត់ទៅក្នុងខ្ទះ ទោះបីគាត់នៅមានដង្ហើមនៅឡើយក៏ដោយ។ កាលក្លិនសាច់ដែលឆេះ ឈ្ងៀមហុយចេញពីខ្ទះ ធ្វើឲ្យបងប្អូនឯទៀត និងម្តាយនិយាយលើកទឹកចិត្តគ្នាទៅវិញទៅមក ស៊ូស្លាប់យ៉ាងអង់អាចដោយពោលថា៖ 6 «ព្រះជាអម្ចាស់ទ្រង់ទតមើលសព្វគ្រប់ហើយ! តាមពិត ព្រះអង្គអាណិតអាសូរដល់យើង ដូចលោកម៉ូសេបានប្រាប់ជាមុន ក្នុងបទមួយ គឺលោកតវ៉ាយ៉ាងច្បាស់លាស់ថា៖ ព្រះអង្គមុខជាអាណិតអាសូរដល់អ្នកបម្រើរបស់ព្រះអង្គពុំខាន»។ 7 កាលកូនច្បងលាចាកលោកនេះទៅហើយ គេនាំកូនបន្ទាប់ម្នាក់ទៀតទៅធ្វើទារុណកម្ម។ គេពន្លះស្បែកក្បាលចេញជាប់ទាំងសក់ រួចសួរថា៖ «តើឯងសុខចិត្តបរិភោគសាច់ជ្រូក ឬចង់ឲ្យយើងកាត់ដៃជើងទៀត?»។ 8 គាត់ឆ្លើយជាភាសាដូនតារបស់គាត់ថា៖ «ទេ! ខ្ញុំមិនបរិភោគទេ!»។ ហេតុនេះ គេធ្វើទារុណកម្មគាត់ដូចអ្នកទីមួយដែរ។ 9 កាលជិតផុតដង្ហើម គាត់ទូលស្តេចថា៖ «ព្រះករុណាជាស្តេចពាល! ព្រះករុណាប្រហារជីវិតទូលបង្គំយើងខ្ញុំនៅពេលនេះ តែព្រះមហាក្សត្រនៃពិភពលោក នឹងប្រោសយើងឲ្យរស់ឡើងវិញ មានជីវិតអស់កល្បជានិច្ច ព្រោះទូលបង្គំយើងខ្ញុំស៊ូស្លាប់ ដើម្បីគោរពវិន័យរបស់ព្រះអង្គ»។
10 បន្ទាប់មក គេយកកូនទីបីទៅធ្វើទារុណកម្មទៀត។ ពេលពេជ្ឈឃាដបញ្ជាឲ្យលៀនអណ្តាត គាត់ក៏ធ្វើតាមភ្លាម និងហុចដៃឲ្យគេកាត់ដោយមិនញញើត។ 11 គាត់ប្រកាសយ៉ាងម៉ឺងម៉ាត់ថា៖ «ខ្ញុំទទួលអវៈយវៈទាំងនេះពីព្រះអម្ចាស់មក ខ្ញុំសុខចិត្តលះបង់អវៈយវៈនេះ ដោយគោរពវិន័យព្រះអង្គ! ខ្ញុំសង្ឃឹមថា ព្រះអង្គមុខជាប្រទានអាវៈយវៈទាំងនេះ ឲ្យខ្ញុំវិញមិនខាន»។ 12 ព្រះរាជា និងរាជបរិពារទាំងអស់ងឿងឆ្ងល់យ៉ាងខ្លាំង ដោយឃើញយុវបុរសនេះ មានចិត្តក្លាហាន មិនខ្លាចឈឺចុកចាប់ដូច្នេះ។ 13 កាលយុវបុរសនោះបាត់បង់ជីវិតទៅ គេក៏នាំកូនទីបួនមកធ្វើទារុណកម្មយ៉ាងឃោរឃៅ ដូចបងៗដែរ។ 14 ពេលជិតផុតដង្ហើម យុវបុរសនោះប្រកាសថា៖ «ស៊ូស្លាប់ដោយដៃមនុស្ស ប្រសើរជាងរស់នៅតទៅទៀត ទូលបង្គំយើងខ្ញុំរង់ចាំព្រះជាម្ចាស់ប្រោសយើងឲ្យរស់ឡើងវិញ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ រីឯព្រះករុណាវិញ មិនរស់ឡើងវិញទេ!»។
15 បន្ទាប់មក គេនាំកូនទីប្រាំមកធ្វើទារុណកម្មដែរ។ 16 គាត់សម្លឹងមើលព្រះរាជា ហើយទូលស្តេចថា៖ «ទោះបីព្រះករុណាជាមនុស្សដែលរមែងតែងតែស្លាប់ដូចគេក៏ដោយ ព្រះករុណាមានអំណាចគ្រប់គ្រងលើមនុស្ស ព្រះអង្គប្រព្រឹត្តអ្វីបានតាមព្រះហឫទ័យ! ប៉ុន្តែ សូមកុំនឹកស្មានថា ព្រះជាម្ចាស់បោះបង់ចោលជាតិសាសន៍របស់ទូលបង្គំយើងខ្ញុំឡើយ!។ 17 សូមព្រះរាជាមានព្រះហឫទ័យអត់ធ្មត់! ព្រះរាជាមុខជាទតឃើញឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គពុំខាន! ព្រះអង្គនឹងធ្វើទារុណកម្មព្រះករុណា និងពូជពង្សជាមិនខានឡើយ!»។ 18 បន្ទាប់មកទៀត គេនាំកូនទីប្រាំមួយ។ ពេលហៀបនឹងស្លាប់ គាត់ទូលថា៖ «សូមព្រះករុណាកុំយល់ច្រឡំ! ទូលបង្គំយើងខ្ញុំរងទុក្ខដូច្នេះ ព្រោះតែអំពើបាបរបស់ទូលបង្គំយើងខ្ញុំដែរ ដ្បិតទូលបង្គំយើងខ្ញុំប្រព្រឹត្តខុសនឹងព្រះហឫទ័យរបស់ព្រះអង្គ។ ហេតុនេះហើយបានជាយើងជួបប្រទះនឹងគ្រោះកាចដ៏ចម្លែកយ៉ាងនេះ។ 19 រីឯព្រះករុណាវិញ សូមកុំនឹកស្មានថា ព្រះជាម្ចាស់មិនដាក់ទោសព្រះករុណាឡើយ! ដ្បិតព្រះករុណាហ៊ានធ្វើសង្គ្រាមប្រឆាំងនឹងព្រះជាម្ចាស់»។ 20 សូមសរសើរម្តាយរបស់យុវបុរស ទាំងប្រាំពីរនាក់នោះណាស់! មនុស្សម្នាទាំងអស់គួរគិតនឹកនាដល់គាត់ជានិច្ច។ គាត់ឃើញកូនទាំងប្រាំពីរនាក់បាត់បង់ជីវិតក្នុងរយៈពេលតែមួយថ្ងៃ ប៉ុន្តែ គាត់ស៊ូទ្រាំនឹងទុក្ខលំបាកដោយចិត្តនឹងនរ ព្រោះគាត់មានចិត្តជឿសង្ឃឹមលើព្រះអម្ចាស់។ 21 គាត់លើកទឹកចិត្តកូនម្នាក់ៗ តាមភាសាដូនតារបស់គាត់។ គាត់មានចិត្តគំនិតថ្លែថ្នូរ និងមានចិត្តអង់អាចក្លាហានដូចបុរស។ គាត់មានប្រសាសន៍ទៅកូនទាំងអស់ថា៖ 22 «ម៉ែមិនដឹងថា កូនបានមកចាប់ផ្ទៃម្តាយដូចម្តេចទេ ពុំមែនម៉ែទេ ដែលផ្ដល់វិញ្ញាណ និងជីវិតឲ្យកូន! ពុំមែនម៉ែទេ ដែលរៀបធាតុទាំងប៉ុន្មានក្នុងខ្លួនកូន! 23 ដូចព្រះជាម្ចាស់បានបង្កើតពិភពលោក ព្រះអង្គក៏បានសូនរូបមនុស្សក្នុងផ្ទៃ ព្រះអង្គជាប្រភពនៃអ្វីៗទាំងអស់។ ព្រះអង្គនឹងប្រទានវិញ្ញាណ ព្រមទាំងជីវិតឲ្យកូន តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ព្រោះឥឡូវនេះ កូនសុខចិត្តបូជាជីវិតដោយស្រឡាញ់វិន័យរបស់ព្រះអង្គ»។
24 ព្រះបាទអន់ទីយ៉ូគូសស្មានថានាងមើលងាយ និងជេរប្រមាថខ្លួន។ ដូច្នេះ ពេលកូនពៅមានជីវិតនៅឡើយ ស្តេចមិនគ្រាន់តែមានរាជឱង្ការលួងលោមគាត់ប៉ុណ្ណោះទេ គឺសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើគាត់លះបង់ចោលប្រពៃណីដូនតា ព្រះអង្គនឹងប្រទានទ្រព្យសម្បត្តិយ៉ាងច្រើន និងឲ្យរស់នៅយ៉ាងសប្បាយ ព្រមទាំងឲ្យធ្វើជា “មិត្តសម្លាញ់របស់ស្តេច” ហើយប្រទានមុខងារដ៏ខ្ពង់ខ្ពស់ទៀតផង។ 25 ប៉ុន្តែ យុវបុរសនោះមិនចាប់អារម្មណ៍នឹងរាជឱង្ការរបស់ស្តេចទាល់តែសោះ ទើបព្រះអង្គហៅស្ត្រីជាម្តាយមក សូមឲ្យគាត់ជួយដាស់តឿនកូន ដើម្បីឲ្យកូនបានរួចជីវិត។ 26 ព្រះរាជាមានរាជឱង្ការ ទទូចអង្វរស្រ្តីនោះយ៉ាងយូរ ទើបគាត់សុខចិត្តនិយាយដាស់តឿនកូន។ 27 គាត់ឱនទៅរកកូន ដើម្បីបញ្ឆោតព្រះរាជាដ៏ឃោរឃៅនេះ ហើយនិយាយភាសាដូនតាថា៖ «កូនអើយ អាណិតម៉ែផង! ម៉ែបានពរពោះកូនចំនួនប្រាំបួនខែ! ម៉ែបានបំបៅកូនអស់រយៈពេលបីឆ្នាំ ម៉ែចិញ្ចឹមបីបាច់ និងអប់រំកូនរហូតមកដល់សព្វថ្ងៃ!។ 28 ម៉ែអង្វរកូន ចូរសម្លឹងមើលផ្ទៃមេឃ និងផែនដី ចូររំពៃមើលអ្វីៗដែលមាននៅលើផែនដី និងផ្ទៃមេឃ! ចូរទទួលស្គាល់ថា ព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងនោះ ដោយមិនប្រើអ្វីសោះ រីឯមនុស្សវិញ ព្រះអង្គបានបង្កើតតាមរបៀបដូច្នោះដែរ។ 29 កុំខ្លាចពេជ្ឈឃាដនេះឲ្យសោះ! ចូរមានចិត្តអង់អាច! សុខចិត្តស្លាប់ដូចបងៗកូន ម៉ែនឹងជួបកូនរួមជាមួយបងៗ នៅពេលព្រះជាម្ចាស់សម្ដែងព្រះហឫទ័យមេត្តាករុណាដល់យើង»។
30 នាងនិយាយមិនទាន់ចប់ផង យុវបុរសជាកូនពៅពោលឡើងថា៖ «តើអស់លោកនៅចាំអ្វីទៀត? ខ្ញុំមិនគោរពតាមបញ្ជារបស់ព្រះរាជាទេ! គឺខ្ញុំគោរពតាមបញ្ជានៃវិន័យ ដែលព្រះជាម្ចាស់បានប្រទានឲ្យដូនតារបស់យើង តាមរយៈលោកម៉ូសេវិញ។ 31 រីឯព្រះករុណាដែលបានបង្កទុក្ខវេទនាទាំងអស់ដល់ជនជាតិហេប្រឺ ព្រះករុណាមិនអាចគេចរួចផុតពីព្រះហស្តរបស់ព្រះជាម្ចាស់ឡើយ!។ 32 យើងរងទុក្ខវេទនាដូច្នេះ គឺមកពីអំពើបាបរបស់យើងផ្ទាល់។ 33 ព្រះអម្ចាស់របស់យើង ដែលមានព្រះជន្មគង់នៅ ព្រះអង្គព្រះពិរោធនឹងយើងតែមួយរយៈប៉ុណ្ណោះ ដើម្បីដាក់ទោស និងអប់រំយើង។ ព្រះអង្គនឹងលើកលែងទោសឲ្យយើង ជាអ្នកបម្រើរបស់ព្រះអង្គ។
34 រីឯព្រះករុណាវិញ ជាជនពាល និងជាជនគួរស្អប់ខ្ពើមក្នុងចំណោមមនុស្សទាំងអស់ សូមកុំអួតបំប៉ោងឡើយ! កុំសង្ឃឹមផ្តេសផ្តាស ហើយលើកដៃវាយប្រហារអ្នកបម្រើរបស់ព្រះជាម្ចាស់!។ 35 ព្រះករុណា មិនទាន់គេចផុតពីការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ដែលឈ្វេងយល់គ្រប់កិច្ចការទាំងអស់នោះទេ!។ 36 បងប្អូនទូលបង្គំរងទុក្ខតែមួយរយៈពេលប៉ុណ្ណោះ និងបាត់បង់ជីវិតដោយមានចិត្តស្មោះនឹងសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់។ គេនឹងទទួលជីវិតអស់កល្បជានិច្ច!។ រីឯព្រះករុណាវិញ ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសរបស់ព្រះករុណា ហើយដាក់ទោសយ៉ាងត្រឹមត្រូវ ទៅតាមព្រះហឫទ័យអួតបំប៉ោងរបស់ព្រះករុណាពុំខានឡើយ!។ 37 ទូលបង្គំសុខចិត្តបូជាខ្លួនប្រាណ និងជីវិតដូចបងៗ ដើម្បីវិន័យរបស់ដូនតា។ ទូលបង្គំអង្វរព្រះជាម្ចាស់ សូមព្រះអង្គព្រះអង្គមេត្តាអាណិតអាសូរជាតិទូលបង្គំយើងខ្ញុំនៅពេលឆាប់ៗខាងមុខនេះ សូមព្រះអង្គធ្វើទារុណកម្ម និងនាំគ្រោះកាចដល់ព្រះករុណា ដើម្បីឲ្យព្រះករុណាទទួលស្គាល់ថា មានតែព្រះអង្គទេដែលជាព្រះជាម្ចាស់ប៉ុណ្ណោះ!។
38 ទូលបង្គំទូលអង្វរព្រះដ៏មានឫទ្ធានុភាពសព្វប្រការ! សូមព្រះអង្គបញ្ឈប់ព្រះពិរោធដ៏ត្រឹមត្រូវ ចំពោះជាតិទូលបង្គំយើងខ្ញុំ! កុំឲ្យនរណារងទុក្ខទោសដូចទូលបង្គំ និងបងប្អូនទៀតឡើយ!។
39 ព្រះរាជាមានព្រះហឫទ័យក្រេវក្រោធ ក្តៅក្រហាយយ៉ាងខ្លាំង ហើយបញ្ជាឲ្យគេធ្វើទារុណកម្មលើប្អូនពៅនេះយ៉ាងឃោរឃៅ ជាងបងឯទៀតៗ ព្រោះគេមើលងាយស្តេចខ្លាំងជាងគេ។ 40 យុវបុរសនេះបាត់បង់ជីវិតដោយឥតសៅហ្មង ព្រមទាំងផ្ញើជីវិតទាំងស្រុងលើព្រះអម្ចាស់។ 41 ទីបញ្ចប់ ម្តាយក៏ត្រូវបាត់បង់ជីវិតក្រោយកូនៗទាំងអស់។ 42 យើងរៀបរាប់អំពីពិធីជប់លៀងដល់ព្រះដទៃ និងអំពីទារុណកម្មដ៏ឃោរឃៅត្រឹមតែប៉ុណ្ណេះ។