ជំពូក ១៥
លោកនីកាន័រប្រមាថព្រះជាម្ចាស់
1 លោកនីកាន័រទទួលដំណឹងថា លោកយូដា និងអ្នកនៅជាមួយកំពុងស្នាក់នៅតំបន់សាម៉ារី។ លោកសម្រេចថាចេញទៅប្រយុទ្ធនៅថ្ងៃសប្ប័ទ ដោយគិតថា ធ្វើដូច្នេះ លោកមិនជួបឧបសគ្គទាំងអស់។ 2 ជនជាតិយូដាដែលលោកបង្ខំឲ្យធ្វើជាទ័ពរបស់លោក ជម្រាបលោកថា៖ «សូមលោកកុំប្រហារជីវិតពួកគេយ៉ាងឃោរឃៅព្រៃផ្សៃបែបនេះឡើយ! សូមលោកគោរពថ្ងៃដែលព្រះជាម្ចាស់បានលើកតម្កើង និងចាត់ទុកជាថ្ងៃដ៏វិសុទ្ធបំផុត។ សូមកុំភ្លេចថា ព្រះជាម្ចាស់ទតមើលនិងរក្សាអ្វីៗទាំងអស់»។ 3 ប៉ុន្តែ ជនអន្ធពាលនោះសួរថា តើនៅស្ថានបរមសុខ មានព្រះអធិបតីណាដែលបានបញ្ជាឲ្យគោរពថ្ងៃសប្ប័ទដូច្នេះ? 4 ពួកគេនាំគ្នាពន្យល់គាត់ថា៖ «ព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅជាព្រះអធិបតីនៅស្ថានបរមសុខផ្ទាល់ ដែលបានបញ្ជាឲ្យគោរពថ្ងៃទីប្រាំពីរ»។ 5 គាត់តបថា៖ «រីឯខ្ញុំដែលជាអធិបតីនៅលើផែនដី ខ្ញុំបញ្ជាឲ្យកាន់អាវុធទៅបម្រើស្តេច»។ ប៉ុន្តែ គាត់ពុំអាចសម្រេចគម្រោងការដ៏ព្រៃផ្សៃរបស់គាត់ឡើយ។
លោកយូដាលើកទឹកចិត្តកងទ័ព
6 លោកនីកាន័រអួតអាងលើកខ្លួនយ៉ាងព្រហើនបំផុត ហើយសម្រេចថា សង់ប្រាសាទជ័យជម្នះមួយ ដោយយកអាវុធរបស់លោកយូដា និងកងទ័ពមកតុបតែង។ 7 រីឯលោកម៉ាកាបាយវិញ លោកនៅតែជឿសង្ឃឹមយ៉ាងរឹងមាំថា ព្រះអម្ចាស់នឹងយាងមកសង្គ្រោះលោកជាមិនខាន។ 8 លោកលើកទឹកចិត្តអស់អ្នកដែលនៅជាមួយ កុំឲ្យភ័យខ្លាចការប្រយុទ្ធរបស់សាសន៍ដទៃ ប៉ុន្តែ ត្រូវនឹកគិតថាកាលពីមុន ព្រះជាម្ចាស់បានសង្គ្រោះពួកគេ ឥឡូវនេះ ក៏ត្រូវរង់ចាំដោយចិត្តសង្ឃឹម ជឿជាក់ថា ព្រះដ៏មានតេជានុភាពសព្វប្រការ នឹងប្រោសប្រទានជ័យជម្នះដល់ពួកគេទៀត។ 9 លោកយូដារៀបរាប់អំពីគម្ពីរវិន័យ និងព្យាការីប្រាប់ពួកគេ ព្រមទាំងការប្រយុទ្ធដែលពួកគេធ្លាប់ទទួលជោគជ័យ។ លោកពង្រឹងទឹកចិត្តក្លាហានអង់អាចរបស់ពួកគេជាថ្មី។ 10 លោកដាស់តឿនពួកគេឲ្យមានចិត្តក្លាហាន បង្ហាញអំពីភាពមិនស្មោះរបស់ពួកសាសន៍ដទៃ និងការបំពានលើកិច្ចសន្យារបស់ខ្មាំង។ 11 លោកបំពាក់អាវុធដល់ពួកគេគ្រប់ៗរូប លោកពុំគ្រាន់តែបំពាក់ខែល និងលំពែងប៉ុណ្ណោះទេ។ គឺឲ្យគេមានចិត្តនឹងនរ ដោយអះអាងលើពាក្យសម្ដីដ៏ថ្លៃថ្នូរទៅវិញ។ គាត់បកស្រាយសុបិនគួរឲ្យជឿ ដូចជានិមិត្តហេតុម៉្យាង ដែលធ្វើឲ្យគេសប្បាយរីករាយគ្រប់ៗគ្នា។ 12 លោកសុបិនឃើញដូចតទៅ៖ លោកឃើញលោកអូនីយ៉ាស ដែលជាមហាបូជាចារ្យកាលពីដើម គឺជាមនុស្សដ៏សុចរិត សុភាពរាបសារ ស្លូតបូត មានពាក្យសម្ដីពីរោះ គោរពប្រណិប័តន៍តាមវិន័យតាំងពីកុមារមក។ លោកលើកដៃទូលអង្វរព្រះជាម្ចាស់ សម្រាប់សហគមន៍យូដាទាំងមូល។ 13 បន្ទាប់មក លោកយូដាក៏ឃើញតាចាស់សក់ស្កូវម្នាក់ មានឫកពាថ្លៃថ្នូរ មានអំណាច និងភាពថ្កុំថ្កើង។ 14 លោកអូនីយ៉ាសមានប្រសាសន៍ថា៖ «លោកនេះគឺព្យាការីយេរេមី ជាព្យាការីរបស់ព្រះជាម្ចាស់។ លោកស្រឡាញ់យើង ជាបងប្អូនរបស់លោក លោកទូលអង្វរព្រះជាម្ចាស់សម្រាប់ប្រជាជន សម្រាប់ទីក្រុងដ៏វិសុទ្ធទាំងមូល»។ 15 ព្យាការីយេរេមីកាន់ដាវមាសនៅដៃស្តាំ ហុចឲ្យលោកយូដា ដោយមានប្រសាសន៍ថា៖ 16 «ចូរយកដាវដ៏វិសុទ្ធនេះចុះ! ដាវនេះជាព្រះអំណោយរបស់ព្រះជាម្ចាស់។ លោកនឹងកម្ទេចខ្មាំងសត្រូវដោយដាវនេះ»។
លោកនីកាន័របរាជ័យ
(១ មរ ៧,៣៩-៥០)
17 ពាក្យសម្ដីដ៏ប្រសើររបស់លោកយូដា បានលើកទឹកចិត្តកងទ័ពរបស់លោក ហើយជំរុញយុវជនឲ្យមានចិត្តក្លាហានអង់អាច។ ជនជាតិយូដាសម្រេចចិត្តថា មិនបោះជំរំទេ ពួកគេសុខចិត្តប្រយុទ្ធយ៉ាងក្លាហាន ដើម្បីទីក្រុងសាសនា និងទីសក្ការៈ គឺមានតែការប្រយុទ្ធដ៏ក្លាហានទេ ដែលអាចសង្គ្រោះគេបាន។ 18 ពួកគេមិនសូវគិតគូរ អំពីប្រពន្ធកូនបងប្អូនញាតិសន្តានឡើយ គឺគេព្រួយបារម្ភជាខ្លាំងចំពោះតែព្រះវិហារដ៏វិសុទ្ធវិញ។ 19 ឯអ្នកនៅក្នុងទីក្រុងក៏តប់ប្រមល់យ៉ាងខ្លាំងដែរ ពួកគេព្រួយបារម្ភចំពោះបងប្អូននៅសមរភូមិ។ 20 គេនៅតែរង់ចាំពេលវេលា ដែលព្រះជាម្ចាស់មករំដោះពួកគេ។ ខ្មាំងសត្រូវប្រមូលផ្តុំគ្នា ហើយរៀបចំខ្លួនបម្រុងចេញទៅច្បាំង។ គេដាក់ទ័ពដំរីនៅកន្លែងសំខាន់ៗ ហើយគេដាក់ទ័ពសេះនៅអមសងខាង។ 21 លោកម៉ាកាបាយ សម្លឹងមើលកងទ័ពដ៏ច្រើនឥតគណនា ប្រដាប់ដោយអាវុធគ្រប់ធុន និងដំរីដ៏ឃោរឃៅ។ លោកលើកដៃទូលអង្វរព្រះអម្ចាស់ ដែលតែងតែសម្ដែងឫទ្ធិបាដិហារិយ៍ដ្បិតលោកដឹងថា ជ័យជម្នះពុំមែនមកពីកម្លាំងអាវុធទេ គឺមកពីព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសប្រទានឲ្យអស់អ្នកដែលគួរទទួលវិញ។ 22 លោកទូលអង្វរដូចតទៅ៖ «បពិត្រព្រះអម្ចាស់! ក្នុងសម័យព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដា ព្រះអង្គចាត់ទេវទូតរបស់ព្រះអង្គឲ្យមក។ ទេវទូតនោះ កម្ទេចកងទ័ពរបស់ព្រះបាទសេណាកេរឹប អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ 23 បពិត្រព្រះអធិបតីនៃស្ថានបរមសុខ ឥឡូវនេះ សូមព្រះអង្គព្រះមេត្តាចាត់ទេវទូតដ៏សប្បុរស ឲ្យមកនៅចំពោះមុខយើងខ្ញុំដើម្បីបំភ័យ និងធ្វើឲ្យខ្មាំងតក់ស្លុត។ 24 សូមឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គ ប្រហារអស់អ្នក ដែលមកវាយប្រហារប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គព្រមទាំងប្រមាថព្រះអង្គផង»។ លោកបញ្ចប់ពាក្យទូលអង្វរដូច្នេះ។
25 ក្នុងពេលកងទ័ពរបស់លោកនីកាន័រកំពុងធ្វើដំណើរទៅមុខ ដោយមានស្នូរត្រែ និងស្រែកជយឃោសផង 26 កងទ័ពរបស់លោកយូដាក៏ចេញទៅប្រយុទ្ធនឹងខ្មាំងដោយពឹងផ្អែក និងទូលអង្វរព្រះជាម្ចាស់។ 27 ពួកគេប្រយុទ្ធដោយដៃ ហើយទូលអង្វរព្រះជាម្ចាស់ក្នុងចិត្ត។ ពួកគេប្រហារជីវិតខ្មាំងយ៉ាងតិចណាស់ អស់បីម៉ឺនប្រាំពាន់នាក់ ហើយមានអំណរសប្បាយជាខ្លាំង ដោយសារព្រះជាម្ចាស់បានសម្ដែងព្រះអង្គយ៉ាងអស្ចារ្យបែបនេះ។ 28 លុះការប្រយុទ្ធចប់ហើយ ពួកគេបំបែកជួរយ៉ាងសប្បាយ នៅពេលនោះ គេឃើញសាកសពរបស់លោក នីកាន័រ ប្រដាប់ដោយអាវក្រោះ ដេកដួលនៅដី។ 29 គេស្រែកជយឃោស ព្រមទាំងលើកតម្កើងព្រះអម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត តាមភាសាដូនតារបស់ពួកគេ។ 30 លោកយូដា ជាជនជាតិដំបូងបង្អស់ដែលបូជារូបកាយ និងចិត្តគំនិត ដើម្បីជួយជនរួមជាតិ ហើយស្រឡាញ់ប្រជាជនរបស់លោក តាំងពីកុមារមក។ លោកបញ្ជាឲ្យគេកាត់ក្បាល និងកាត់ដៃរបស់លោកនីកាន័រ ហើយយកទៅក្រុងយេរូសាឡឹម។ 31 លោកក៏ទៅក្រុងយេរូសាឡឹមដែរ កោះហៅជនរួមជាតិ ចាត់ចែងអស់លោកបូជាចារ្យឲ្យឈរនៅមុខអាសនៈ រួចចាត់គេឲ្យទៅហៅកងទ័ពដែលនៅក្នុងបន្ទាយមក។ 32 លោកបង្ហាញក្បាលរបស់លោកនីកាន័រ ដ៏គួរស្អប់ខ្ពើមឲ្យគេឃើញ និងដៃដែលជនពាលនោះបានលើកយ៉ាងព្រហើន ប្រឆាំងនឹងព្រះដំណាក់ដ៏វិសុទ្ធនៃព្រះដ៏មានតេជានុភាពសព្វប្រការ។ 33 គាត់ក៏កាត់អណ្តាតជនពាលនីកាន័រ និងបង្គាប់គេឲ្យកាប់ជាដុំៗ យកទៅឲ្យសត្វស្លាបស៊ី។ លោកបង្គាប់ឲ្យព្យួរដៃរបស់លោកនីកាន័រនៅខាងមុខព្រះវិហារ ដើម្បីបង្ហាញពីទោសដែលបណ្តាលមកពីអំពើដ៏លេលារបស់គាត់។ 34 ពេលនោះ ពួកគេនាំគ្នាងើយមុខទៅលើ ហើយលើកតម្កើងព្រះអម្ចាស់ ប្រកបដោយសិរីរុងរឿង ដោយពោលថា៖ «សូមលើកតម្កើងព្រះអង្គ ដែលបានរក្សាការពារទីដ៏វិសុទ្ធរបស់ព្រះអង្គ មិនឲ្យសៅហ្មងឡើយ»។
35 លោកយូដាឲ្យគេចងក្បាលរបស់លោកនីកាន័រនៅលើកំពែងបន្ទាយ ទុកជាសញ្ញាសម្គាល់បញ្ជាក់ឲ្យមនុស្សទាំងអស់ ឃើញយ៉ាងច្បាស់ថា ព្រះអម្ចាស់បានសង្គ្រោះប្រជារាស្រ្តរបស់ព្រះអង្គ។ 36 ពួកគេបោះឆ្នោតជាសាធារណៈ ដោយចេញក្រឹត្យថា មិនត្រូវភ្លេចថ្ងៃនេះជាដាច់ខាត គឺរៀងរាល់ឆ្នាំ ត្រូវធ្វើពិធីបុណ្យនៅថ្ងៃទីដប់បី ខែផល្គុន ជាភាសាអារ៉ាម ហៅថាខែអាដរ គឺមួយថ្ងៃមុនថ្ងៃរំឭកលោកម៉ាដេកាយ។
ពាក្យបញ្ចប់
37 នេះជាព្រឹត្តិការណ៍ដែលកើតមានចំពោះលោកនីកាន័រ។ តាំងពីពេលនោះ ក្រុងយេរូសាឡឹមស្ថិតនៅក្រោមការកាន់កាប់របស់ជនជាតិហេប្រឺ។ ខ្ញុំក៏សូមបញ្ចប់រឿងនិទានរបស់ខ្ញុំត្រឹមនេះដែរ។ 38 ប្រសិនបើសៀវភៅនេះនិពន្ធបានល្អ និងមានខ្លឹមសារ ខ្ញុំពិតជាបានសម្រេចតាមបំណងរបស់ខ្ញុំ។ ប្រសិនបើសៀវភៅនេះនិពន្ធពុំបានល្អ និងពុំមានតម្លៃ ខ្ញុំខំប្រឹងប្រែងអស់លទ្ធភាពតែប៉ុណ្ណោះ។ 39 ពិសាតែស្រាសុទ្ធ ឬទឹកសុទ្ធ មិនឆ្ងាញ់ទេ។ ផ្ទុយទៅវិញ ស្រាលាយនឹងទឹកទើបឆ្ងាញ់ នាំឲ្យខ្លួនសប្បាយ។ យ៉ាងណាមិញ សិល្បវិធីក្នុងការនិពន្ធរឿងនិទានក៏ធ្វើឲ្យអ្នកអាន និងអ្នកស្តាប់បានសប្បាយដូច្នេះដែរ។ ហេតុនេះហើយបានជាខ្ញុំសូមចប់សេចក្តីត្រឹមនេះ។