ជំពូក ៥

ព្រះ‌បាទ​អន់ទី‌យ៉ូគូស​វាយ​ប្រហារ​ស្រុក​អេស៊ីប

1 នៅ​សម័យ​នោះ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​រៀប​ចំ​ចេញ​ប្រយុទ្ធ ជា​មួយ​ស្រុក​អេស៊ីប​សា​ជា​ថ្មី។ 2 ក្នុង​អំឡុង​ពេល​ប្រហែល​ជា​សែ​សិប​ថ្ងៃ គេ​ឃើញ​មាន​ពល‌សេះ​ស្លៀក​សម្លៀក​បំពាក់​សុទ្ធ​តែ​ប៉ាក់​ពី​មាស និង​ពល‌ទាហាន​កាន់​លំពែង​ហោះ​ហើរ​លើ​អាកាស ក្នុង​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល។ ទ័ព​ទាំង​នោះ​ចែក​ជា​កង់ៗ 3 មាន​កង‌ពល‌សេះ​ត្រៀម​ខ្លួន​ចេញ​ប្រយុទ្ធ។ គេ​ឃើញ​មាន​ការ​ប្រយុទ្ធ​គ្នា ខែល​គ្រវី​ចុះ​ឡើង លំពែង​ដ៏​ច្រើន​ច្រូង​ច្រាង​ដូច​ព្រៃ ដាវ​ហូត​ចេញ​មក ព្រួញ​ហោះ​ទៅ​មក អាវ​ក្រោះ​ធ្វើ​ពី​មាស​ចាំង​ភ្លឺ​ផ្លេកៗ។ 4 ហេតុ​នេះ ប្រជាជន​ទាំង​អស់​ទូល​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ឲ្យ​អភូត​ហេតុ​ដែល​គេ​ឃើញ​នោះ នាំ​មក​នូវ​ប្រផ្នូល​ល្អ។
5 មាន​គេ​ផ្សាយ​ដំណឹង​កុហក​ថា ព្រះ‌បាទ​អន់ទី‌យ៉ូគូស​សោយ​ទិវង្គត​ហើយ។ ពេល​នោះ​លោក​យ៉ាសូន ប្រមូល​កង‌ទ័ព​យ៉ាង​តិច​មួយ‌ពាន់​នាក់ ហើយ​ចេញ​ទៅ​វាយ​ប្រហារ​ក្រុង​យេរូ‌សាឡឹម មិន​ឲ្យ​ប្រជាជន​ដឹង​ខ្លួន​ជា​មុន។ កង‌ពល​នោះ​វាយ​សម្រុក​ទំលាយ​កំពែង ហើយ​គេ​ដណ្តើម​យក​ក្រុង​បាន។ លោក​ម៉េណេឡា​រត់​ភៀស​ខ្លួន​ទៅ​ជ្រក​នៅ​ក្នុង​បន្ទាយ ដែល​នៅ​ខាង​លើ​ព្រះ‌វិហារ។ 6 លោក​យ៉ាសូន​សម្លាប់​ជន​រួម​ជាតិ​របស់​ខ្លួន​ឥត​ត្រា​ប្រណី គាត់​ពុំ​បាន​គិត​ថា ជ័យ‌ជម្នះ​លើ​បង‌ប្អូន​រួម​ជាតិ​ដូច្នេះ វា​ជា​ការ​បរា‌ជ័យ​មួយ​ដ៏​ជូរ​ចត់​ទៅ​វិញ​ទេ។ គាត់​នឹក​ស្មាន​ថា គាត់​កំពុង​ឈ្នះ​លើ​ខ្មាំង​សត្រូវ​របស់​ខ្លួន ពុំ​មែន​ឈ្នះ​លើ​បង‌ប្អូន​រួម​ជាតិ​របស់​គាត់​ឡើយ!។ 7 ម្យ៉ាង គាត់​ពុំ​អាច​ដណ្តើម​យក​អំណាច​បាន ម្យ៉ាង​ទៀត គាត់​ត្រូវ​អាម៉ាស់​ដោយ​សារ​តែ​គាត់​ក្បត់​ជាតិ ហើយ​ត្រូវ​តែ​ភៀស​ខ្លួន​សា​ជា​ថ្មី ទៅ​នៅ​ស្រុក​អាំម៉ាន់​វិញ។ 8 ជីវិត​របស់​ជន​ឧក្រិដ្ឋ​នេះ​ត្រូវ​ចប់​យ៉ាង​វេទនា គឺ​ដំបូង​ព្រះ‌បាទ​អរេតាស ជា​ស្តេច​នៃ​ជន​ជាតិ​អារ៉ាប់ ចាប់​គាត់​ឃុំ‌ឃាំង។ បន្ទាប់​មក គាត់​រត់​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ គាត់​ត្រូវ​គេ​ដេញ និង​ស្អប់​គ្រប់ៗ​គ្នា ព្រោះ​គាត់​បាន​បំពាន​ធម្ម‌វិន័យ គេ​ស្អប់​ខ្ពើម​គាត់ ព្រោះ​គាត់​នាំ​ឲ្យ​មាតុ​ភូមិ​ជួប​នូវ​សេចក្តី​អន្ត‌រាយ និង​សម្លាប់​ប្រជាជន​របស់​ខ្លួន​ទៀត​ផង។ នៅ​ទី​បំផុត គេ​បណ្តេញ​គាត់​ដល់​ស្រុក​អេស៊ីប។ 9 គាត់​ជិះ​សំពៅ​ចេញ​ពី​ស្រុក​អេស៊ីប​ទៅ​ក្រុង​ស្ប៉ាត ដ្បិត​គាត់​សង្ឃឹម​ថា​នឹង​បាន​ជ្រក​នៅ​ស្រុក​នោះ ព្រោះ​ប្រជាជន​ទាំង​ពីរ​មាន​ដើម​កំណើត​តែ​មួយ។ ជន‌ពាល​នេះ​បាន​និរទេស​មនុស្ស​ជា​ច្រើន ឲ្យ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​គេ គេ​ស្លាប់​នៅ​លើ​ទឹក​ដី​បរទេស។ 10 ជន​អាក្រក់​នេះ​បាន​ទុក​ចោល​សាក​សព​មនុស្ស​ជា​ច្រើន ដោយ​គ្មាន​នរណា​ម្នាក់​បញ្ចុះ​ឡើយ។ ដូច្នេះ នៅ​ពេល​គាត់​ស្លាប់ គ្មាន​នរណា​យំ​សោក​ស្តាយ​ស្រណោះ ហើយ​ក៏​គ្មាន​នរណា​គោរព​សព​គាត់​ដែរ។ គាត់​គ្មាន​កន្លែង​ក្នុង​ផ្នូរ​រួម​ជា​មួយ​ដូន‌តា​របស់​គាត់​ទេ។
11 កាល​ស្តេច​ទទួល​ដំណឹង​អំពី​ព្រឹត្តិ‌ការណ៍​ទាំង​នេះ ព្រះ‌អង្គ​ឈ្វេង​យល់​ថា ស្រុក​យូដា​បែក​ចេញ​ពី​រាជា‌ណាចក្រ​ហើយ។ ហេតុ​នេះ ស្តេច​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ទាំង​ក្រេវ‌ក្រោធ ដូច​ជា​សត្វ​សាហាវ ហើយ​វាយ​ដណ្តើម​យក​ក្រុង​មក​វិញ។ 12 បន្ទាប់​មក ស្តេច​បញ្ជា​ពល‌ទាហាន ឲ្យ​វាយ​ប្រហារ​ឥត​ត្រា​ប្រណី ដល់​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​គេ និង​អារ​ក​អស់​អ្នក​ដែល​ឡើង​ទៅ​នៅ​លើ​ផ្ទះ​របស់​គេ។ 13 ពួក​គេ​សម្លាប់​រង្គាល ទាំង​បុរស ទាំង​ស្រ្តី ទាំង​ក្មេង ចាស់ អារ​ក​ស្រី‌ក្រមុំ និង​ទារក។ 14 ក្នុង​អំឡុង​ពេល​បី​ថ្ងៃ​នោះ ប្រជាជន​ប្រាំបី‌ម៉ឺន​នាក់​ត្រូវ​រង​គ្រោះ គឺ​បួន‌ម៉ឺន​នាក់​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មួយ​ចំនួន​ទៀត ក៏​មិន​តិច​ជាង​មួយ‌ម៉ឺន​នាក់​ដែរ ត្រូវ​គេ​ចាប់​យក​ទៅ​លក់​ដូច​ទាសករ។

ព្រះ‌បាទ​អន់ទី‌យ៉ូគូស​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ពី​ព្រះ‌វិហារ
(១ មរ ១,២១-២៤)

15 ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ប្រព្រឹត្ត​ប៉ុណ្ណឹង​ហើយ នៅ​មិន​ស្កប់​ព្រះ‌ហឫទ័យ​ទៀត គឺ​ហ៊ាន​ចូល​ក្នុង​ទី​សក្ការៈ​ដ៏‌វិសុទ្ធ​ជាង​គេ​នៅ​លើ​ផែន​ដី​ទាំង​មូល ដោយ​មាន​លោក​ម៉េណេឡា​ជា​មនុស្ស​ក្បត់​វិន័យ និង​ក្បត់​ជាតិ​ថ្វាយ​ដំណើរ​ស្តេច​ផង។ 16 ព្រះ‌រាជា​យក​ភាជន៍​ដ៏​សក្ការៈ មក​កាន់​ក្នុង​ព្រះ‌ហស្ត​ដែល​មិន​បរិសុទ្ធ ហើយ​លូក​ព្រះ‌ហស្ត​ដ៏​សៅ​ហ្មង​ប្រមូល​តង្វាយ ដែល​ស្តេច​នានា​បាន​យក​មក​ថ្វាយ ដើម្បី​ធ្វើ​ឲ្យ​ទី​សក្ការៈ​មាន​សិរី​រុង‌រឿង និង​មាន​កិត្តិយស។ 17 ព្រះ‌បាទ​អន់ទី‌យ៉ូគូស​មាន​អំនួត​ដោយ​មិន​យល់​ថា ព្រះ‌អម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ‌អង្គ​ព្រះ‌ពិរោធ​តែ​មួយ‌រយៈ​ពេល​ដ៏​ខ្លី ព្រោះ​តែ​អំពើ​បាប​របស់​អ្នក​ក្រុង​នេះ។ នេះ​ជា​មូល​ហេតុ​ដែល​ព្រះ‌ជាម្ចាស់ ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ទី​ដ៏‌វិសុទ្ធ។ 18 ប្រសិន​បើ​អ្នក​ក្រុង​នោះ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ច្រើន​ឥត​គណនា​ទេ ព្រះ‌រាជា​មុខ​ជា​ត្រូវ​ព្រះ‌ជាម្ចាស់​វាយ​ប្រដៅ តាំង​ពី​ពេល​ដែល​ស្តេច​ទើប​នឹង​យាង​មក​ដល់​ម្ល៉េះ ហើយ​ត្រូវ​បង្វែរ​មិន​ឲ្យ​ធ្វើ​តាម​គម្រោង‌ការ​ដ៏​លេលា​នេះ ដូច​លោក​អេលី‌យ៉ូដ័រ ដែល​ព្រះ‌បាទ​សេលើគូស​ចាត់​ឲ្យ​មក​ត្រួត​ពិនិត្យ​ឃ្លាំង​ប្រាក់​ដែរ។ 19 ប៉ុន្តែ ព្រះ‌អម្ចាស់​ពុំ​បាន​ជ្រើស‌រើស​ប្រជាជន ព្រោះ​តែ​ទី​សក្ការៈ​ទេ គឺ​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ទី​សក្ការៈ ព្រោះ​តែ​ប្រជាជន​វិញ។ 20 ហេតុ​នេះ​ហើយ សូម្បី​តែ​ទី​សក្ការៈ​ក៏​ទទួល​គ្រោះ​កាច​រួម​ជា​មួយ​ប្រជាជន​ដែរ តែ​ពេល​ក្រោយ ទី​សក្ការៈ​ក៏​បាន​ទទួល​ពរ​រួម​ជា​មួយ​ប្រជាជន​វិញ។ នៅ​ពេល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​សព្វ​ប្រការ​ព្រះ‌អង្គ​ព្រះ‌ពិរោធ ព្រះ‌វិហារ​ត្រូវ​គេ​លះ​បង់​ចោល នៅ​ពេល​ព្រះ‌អង្គ​លើក​លែង​ទោស​ឲ្យ​ប្រជាជន ព្រះ‌វិហារ​ត្រូវ​បាន​គេ​ជួស​ជុល​ប្រកប​ដោយ​សិរី​រុង‌រឿង​ដូច​ពីមុន។

លោក​អាប៉ូឡូ‌នីយ៉ូស
(១មបា ១.៤១-៤៦)

21 ព្រះ‌បាទ​អន់ទី‌យ៉ូគូស​យក​ប្រាក់ បួន‌ម៉ឺន​ប្រាំបី‌ពាន់​គីឡូ‌ក្រាម​ពី​ព្រះ‌វិហារ រួច​យាង​ត្រឡប់​ទៅ​ក្រុង​អន់ទីយ៉ូក​ជា​ប្រញាប់។ ព្រះ‌រាជា​មាន​អំនួត​ជា​ខ្លាំង​រហូត​ដល់​នឹក​ស្មាន​ថា ខ្លួន​អាច​ធ្វើ​អ្វី​ក៏​បាន ដូច​ជា​ធ្វើ​ឲ្យ​សំពៅ​បើក​លើ​គោក និង​ធ្វើ​ឲ្យ​មនុស្ស​ដើរ​លើ​ទឹក​សមុទ្រ!។ 22 ប៉ុន្តែ ព្រះ‌រាជា​តែង​តាំង​ទេសា​ភិបាល​ជា​ច្រើន ឲ្យ​ធ្វើ​បាប​ប្រជា​ជាតិ​យូដា គឺ​លោក​ភីលីព ជា​ជន​ជាតិ​ព្រីគី ជា​មនុស្ស​មាន​ចិត្ត​សាហាវ​ជាង​ស្តេច​ដែល​បាន​តែង​តាំង​គាត់​ទៅ​ទៀត ឲ្យ​ត្រួត​ត្រា​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌រាជា​តែង​តាំង​លោក​អន់ដ្រូនីក ឲ្យ​ត្រួត​ត្រា​នៅ​ភ្នំ​ការីស៊ីម។ 23 ក្រៅ​ពី​អ្នក​ទាំង​ពីរ​នោះ ស្តេច​ក៏​តែង​តាំង​លោក​ម៉េណេឡា ម្នាក់​ទៀត ដែល​ជា​មនុស្ស​មាន​ចិត្ត​អាក្រក់ ជា​អ្នក​ជិះ​ជាន់​ជន​រួម​ជាតិ លើស​ពី​លោក​ភីលីព និង​លោក​អន់ដ្រូនីក​ទៅ​ទៀត!។
ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ស្អប់​ជន​ជាតិ​យូដា​ខ្លាំង​ណាស់ 24 ក៏​ចាត់​លោក​អាប៉ូឡូ‌នីយ៉ូស ជា​មេទ័ព​នៃ​ទាហាន​ស៊ីឈ្នួល មក​ពី​ស្រុក​មីស៊ី ឲ្យ​នាំ​កង‌ទ័ព​ចំនួន​ពីរ‌ម៉ឺន​ពីរ‌ពាន់​នាក់ ទៅ​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌រាជា​បញ្ជា​លោក ឲ្យ​អារ​ក​មនុស្ស​ពេញ​វ័យ​ទាំង​អស់ ព្រម​ទាំង​លក់​ស្ត្រី និង​កូន​ក្មេង​ផង។ 25 ពេល​លោក​អាប៉ូឡូ‌នីយ៉ូស មក​ដល់​ក្រុង​យេរូ‌សាឡឹម លោក​ធ្វើ​ហាក់​ដូច​ជា​អ្នក​ស្រឡាញ់​សន្តិ‌ភាព។ លោក​រង់​ចាំ​ដល់​ថ្ងៃ​សប្ប័ទ ជា​ថ្ងៃ​ដ៏‌វិសុទ្ធ ដែល​ជន​ជាតិ​យូដា​ឈប់​សម្រាក។ នៅ​ថ្ងៃ​នោះ គាត់​រៀប​ចំ​កង‌ទ័ព​ដើរ​ជា​ក្បួន​ព្យុហ​យាត្រា។ 26 លោក​បញ្ជា​កង‌ទ័ព​ឲ្យ​សម្លាប់​អស់​អ្នក​ដែល​ចេញ​ទៅ​មើល​ក្បួន​ហែរ​នោះ រួច​ចូល​ទីក្រុង​ជាមួយ​កង‌ទ័ព​ប្រដាប់​អាវុធ ហើយ​កាប់​សម្លាប់​មនុស្ស​អស់​មួយ​ចំនួន​ធំ។ 27 ពេល​នោះ លោក​យូដា‌ម៉ាកាបាយ​ភៀស​ខ្លួន​ទៅ​នៅ​វាល​រហោ​ស្ថាន​ជាមួយ​មនុស្ស​បួន​ដប់​នាក់​ទៀត។ ពួក​លោក​រស់​នៅ​តាម​តំបន់​ភ្នំ តាម​របៀប​សត្វ​ព្រៃ ដោយ​បរិភោគ​តែ​ស្មៅ ដើម្បី​ចៀស​វាង​ភាព​សៅ​ហ្មង។