ជំពូក ​២

1 ក្នុង​ឯក​សារ​បុរាណ​មាន​ចែង​ថា ព្យាការី​យេរេមី​បាន​បង្គាប់​អស់​អ្នក​ដែល​ត្រូវ​ខ្មាំង​កៀរ​នាំ​ទៅ ឲ្យ​យក​ភ្លើង​ពី​អាសនៈ​មក​លាក់​ទុក​ដូច​គេ​រៀប​រាប់​ខាង​លើ។ 2 ព្យាការី​យេរេមី​ក៏​ប្រគល់​គម្ពីរ‌វិន័យ​ឲ្យ​ពួក​ដែល​ត្រូវ​ខ្មាំង​កៀរ​នាំ​យក​ទៅ និង​ទូន្មាន​ពួក​គេ​កុំ​ឲ្យ​ភ្លេច​បទ​បញ្ជា​របស់​ព្រះ‌អម្ចាស់ កុំ​វង្វេង​ស្មារតី ដោយ​ឃើញ​រូប​បដិមា​ធ្វើ​ពី​មាស ប្រាក់ និង​ឃើញ​គ្រឿង​លំអ​រូប​ទាំង​នោះ​ផង។ 3 លោក​ក៏​ដាស់​តឿន​ពួក​គេ​ជា​ច្រើន ដោយ​បញ្ជាក់​ទៀត​ថា កុំ​បោះ​បង់​ធម្ម‌វិន័យ​របស់​ព្រះ‌អម្ចាស់ ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ចិត្ត​គំនិត​ឡើយ។ 4 ក្នុង​ឯកសារ​នេះ​ក៏​មាន​ចែង​ទុក​មក​ទៀត​ថា ព្យាការី​យេរេមី​ទទួល​ដំណឹង​ពី​ព្រះ‌ជាម្ចាស់ ឲ្យ​នាំ​យក​ព្រះ‌ពន្លា និង​ហិប​ទៅ​កាន់​ភ្នំ​ដែល​លោក​ម៉ូសេ​ឡើង ហើយ​បាន​ឃើញ​ទឹក​ដី​ជា​ចំណែក​មត៌ក​ផ្ទាល់​របស់​ព្រះ‌ជាម្ចាស់។ 5 កាល​ព្យាការី​យេរេមី​ឡើង​លើ​ភ្នំ​ហើយ លោក​ឃើញ​រូង​ថ្ម​មួយ​ដូច​ជា​ផ្ទះ ហើយ​លោក​ក៏​ដាក់​ព្រះ‌ពន្លា ហិប និង​អាសនៈ សម្រាប់​ថ្វាយ​គ្រឿង​ក្រអូប​នៅ​ក្នុង​រូង​ថ្ម​នោះ។ បន្ទាប់​មក លោក​ក៏​បិទ​មាត់​រូង​ថ្ម​នោះ​វិញ។ 6 មាន​អ្នក​ខ្លះ​ដែល​នៅ​ជា​មួយ​ព្យាការី​យេរេមី​ទៅ​ទី​នោះ ដើម្បី​គូស​ចំណាំ​ផ្លូវ ប៉ុន្តែ​ពួក​គេ​មិន​អាច​រក​ឃើញ​ផ្លូវ​ទៅ​រូង​នោះ​ឡើយ។ 7 កាល​ព្យាការី​យេរេមី​ដឹង​រឿង​នេះ លោក​ស្តី​បន្ទោស​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «គ្មាន​នរណា​អាច​ស្គាល់​ទី​កន្លែង​នោះ​បាន​ទេ ទាល់​តែ​ព្រះ‌ជាម្ចាស់​ប្រមូល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​សម្ដែង​ព្រះ‌ហឫទ័យ​សណ្តោស​ប្រណី​ដល់​ពួក​គេ ទើប​គេ​ស្គាល់​បាន។ 8 ពេល​នោះ ព្រះ‌អម្ចាស់​នឹង​បង្ហាញ​គ្រឿង​បរិក្ខារ​ទាំង​នោះ​ឲ្យ​គេ​ឃើញ ហើយ​សិរី​រុង‌រឿង​របស់​ព្រះ‌អម្ចាស់​នឹង​លេច​ចេញ​មក​ជា​មួយ​ពពក​ដែរ ដូច​នៅ​ជំនាន់​របស់​លោក​ម៉ូសេ ឬ​ដូច​នៅ​ពេល​ដែល​ព្រះ‌បាទ​សាឡូម៉ូន​ទូល​អង្វរ​សូម​ព្រះ‌អង្គ​សម្ដែង​សិរី​រុង‌រឿង ដើម្បី​ឲ្យ​ទី​សក្ការៈ​នោះ​បាន​វិសុទ្ធ»។ 9 គេ​រៀប​រាប់​ទៀត​ថា ព្រះ‌បាទ​សាឡូម៉ូន​ដែល​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ​យ៉ាង​ឈ្លាស​វៃ ថ្វាយ​យញ្ញ‌បូជា​សម្រាប់​ធ្វើ​បុណ្យ​ឆ្លង​ទី​សក្ការៈ​ដែល​បាន​សង់​រួច​ហើយ​នោះ។ 10 លោក​ម៉ូសេ​ទូល​អង្វរ​ព្រះ‌អម្ចាស់ នៅ​ពេល​នោះ មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក ឆាប​ឆេះ​យញ្ញ‌បូជា​យ៉ាង​ណា ព្រះ‌បាទ​សាឡូម៉ូន​ក៏​ទូល​អង្វរ ហើយ​ពេល​នោះ ភ្លើង​ក៏​ធ្លាក់​មក​ឆាប​ឆេះ​យញ្ញ‌បូជា​យ៉ាង​នោះ​ដែរ។ 11 លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា យញ្ញ‌បូជា​សម្រាប់​រំដោះ​បាប​ឆាប​ឆេះ​ដូច្នេះ ព្រោះ​ពួក​គេ​មិន​បាន​បរិភោគ។ 12 យ៉ាង​ណា​មិញ ព្រះ‌បាទ​សាឡូម៉ូន ប្រារព្វ​ពិធី​បុណ្យ​អស់‌រយៈ​ពេល​ប្រាំបី​ថ្ងៃ។
13 ក្នុង​ឯក​សារ​នេះ និង​ក្នុង​សេចក្តី​រាយ​ការណ៍​របស់​លោក​នេហេមី មាន​រៀប​រាប់​ពី​ហេតុ​ការណ៍​ដដែល​នេះ​ថែម​ទៀត ហើយ​មាន​រៀប​រាប់​ថា លោក​នេហេមី​បង្កើត​បណ្ណា​ល័យ ព្រម​ទាំង​ប្រមូល​សៀវភៅ​ស្តី​អំពី​ព្រះ‌មហា​ក្សត្រ និង​ព្យាការី​ទាំង‌ឡាយ គឺ​សៀវភៅ​និពន្ធ​ដោយ​ព្រះ‌បាទ​ដាវីឌ និង​សារ​របស់​ស្តេច​នានា​ស្តី​ពី​តង្វាយ។ 14 លោក​យូដា​ប្រមូល​សៀវភៅ​ទាំង​ប៉ុន្មាន ដែល​នៅ​រប៉ាត់​រប៉ាយ​ដោយ​សារ​សង្គ្រាម។ នៅ​ពេល​នេះ យើង​ខ្ញុំ​មាន​សៀវភៅ​ទាំង​នេះ​ហើយ។ 15 ដូច្នេះ ប្រសិន​បើ​បង‌ប្អូន​ត្រូវ​ការ​សៀវភៅ​ទាំង​នោះ សូម​ចាត់​មនុស្ស​ឲ្យ​មក​ជួប​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​ផ្ញើ​សៀវភៅ​នោះ​ជូន​បង‌ប្អូន។
16 យើង​ខ្ញុំ​សរសេរ​លិខិត​នេះ ក្នុង​ពេល​យើង​ខ្ញុំ​រៀប​នឹង​ធ្វើ​ពិធី​ជម្រះ​ព្រះ‌វិហារ ហេតុ​នេះ សូម​បង‌ប្អូន​ធ្វើ​ពិធី​នេះ​ដូច​យើង​ខ្ញុំ​ដែរ។ 17 ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​ប្រជា‌រាស្ត្រ​ទាំង​មូល​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​មាន​ទឹក​ដី មាន​ព្រះ‌មហា​ក្សត្រ បូជា‌ចារ្យ និង​ប្រោស​យើង​ខ្ញុំ​ឲ្យ​ទៅ​ជា​ជន​ដ៏‌វិសុទ្ធ 18 តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ។ យើង​សង្ឃឹម​ថា ព្រះ‌អង្គ​នឹង​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ នៅ​ពេល​ឆាប់ៗ​នេះ ព្រះ‌អង្គ​នឹង​ប្រមូល​ផ្តុំ​យើង​ខ្ញុំ ឲ្យ​ត្រឡប់​មក​ពី​គ្រប់​តំបន់​នៅ​លើ​ផែន​ដី ដើម្បី​ចូល​រួម​នៅ​ទី​ដ៏‌វិសុទ្ធ ដ្បិត​ព្រះ‌អង្គ​បាន​រំដោះ​យើង​ខ្ញុំ ឲ្យ​រួច​ផុត​ពី​គ្រោះ​កាច​ដ៏​ធ្ងន់​ធ្ងរ​បំផុត និង​បាន​ជម្រះ​ទី​ដ៏‌វិសុទ្ធ រួច​ទៅ​ហើយ​នោះ។

អារម្ភ‌កថា​របស់​អ្នក​និពន្ធ

19 លោក​យ៉ាសូន ជា​អ្នក​ស្រុក​ស៊ីរ៉ែន បាន​ចែង​ទុក​នូវ​ប្រវត្តិ​របស់​លោក​យូដា​ម៉ាកា‌បាយ និង​បង‌ប្អូន​របស់​លោក អំពី​ពិធី​ជម្រះ​ទី​សក្ការៈ​ដ៏​ប្រសើរ​ឧត្តម ឲ្យ​បរិសុទ្ធ អំពី​ពិធី​ប្រសិទ្ធ​អាសនៈ​ឲ្យ​បរិសុទ្ធ​ជា​ថ្មី 20 ព្រម​ទាំង​ចម្បាំង​ប្រឆាំង​នឹង​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​អេពីផាន និង​ព្រះ‌បាទ​អឺប៉ាទ័រ​ជា​បុត្រ។ 21 លោក​ក៏​រៀប​រាប់​អំពី​វីរ‌បុរស មាន​ចិត្ត​អង់​អាច ឃើញ​និមិត្ត​ហេតុ​ពី​ស្ថាន​បរម‌សុខ វីរ‌បុរស​ដែល​បាន​ប្រយុទ្ធ​យ៉ាង​ក្លាហាន ដើម្បី​សាសនា​យូដា។ ទោះ​បី​អ្នក​ទាំង​នោះ មាន​គ្នា​តិច​ក្តី ក៏​ពួក​គេ​ដណ្តើម​យក​ស្រុក​មក​វិញ ហើយ​បណ្តេញ​កង‌ទ័ព​ជា​ច្រើន​របស់​ជន​ជាតិ​បរទេស។ 22 ពួក​គេ​វាយ​ដណ្តើម​យក​ទី​សក្ការៈ​ដ៏​ល្បី​ល្បាញ​នៅ​លើ​ផែន​ដី​ទាំង​មូល។ ពួក​គេ​រំដោះ​ក្រុង​យេរូ‌សាឡឹម ហើយ​រៀប​ចំ​ច្បាប់​វិន័យ​ឲ្យ​គេ​គោរព​ដូច​ដើម​វិញ គឺ​ជា​ច្បាប់​ដែល​សត្រូវ​ប៉ុន​ប៉ង​លុប​បំបាត់​ចោល។ ពួក​គេ​សម្រេច​កិច្ច‌ការ​ទាំង​នោះ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​យ៉ាង​ក្រៃ​លែង របស់​ព្រះ‌អម្ចាស់ ដែល​បាន​សណ្តោស​ប្រណី​ដល់​ពួក​គេ។ 23 លោក​យ៉ាសូន ជា​អ្នក​ស្រុក​ស៊ីរ៉ែន ក៏​បាន​កត់​ត្រា​ព្រឹត្តិ‌ការណ៍​ទាំង​នោះ ទុក​ក្នុង​សៀវភៅ​ប្រាំ​ក្បាល។ យើង​ខិត​ខំ​សង្ខេប​សៀវភៅ​ទាំង​ប្រាំ​នោះ មក​ជា​សៀវភៅ​តែ​មួយ​ច្បាប់។ 24 យើង​សង្កេត​ឃើញ​ថា អ្នក​ដែល​មាន​បំណង​សិក្សា​អំពី​ប្រវត្តិ​សាស្រ្ដ តែង​ជួប​ប្រទះ​នឹង​ការ​លំបាក ដោយ​សារ​មាន​លេខ​ច្រើន និង​សាច់​រឿង​ច្រើន​ពេក។ 25 យើង​ខិត​ខំ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​អ្នក​អាន​ដែល​គ្រាន់​តែ​ជា​ការ​កំសាន្ត ងាយ​ស្រួល​ចង​ចាំ​ហេតុ‌ការណ៍​នានា​ក្នុង​ចិត្ត​គំនិត ហើយ​ផ្តល់​សារ​សំខាន់​សម្រាប់​អស់​អ្នក​ដែល​បាន​សិក្សា​ពី​សៀវភៅ​នេះ។ 26 ចំពោះ​យើង​វិញ យើង​មាន​ការ​នឿយ​ហត់​ក្នុង​ការ​សង្ខេប​សៀវភៅ​នេះ។ កិច្ច‌ការ​នេះ​មិន​មែន​ជា​ការ​ងាយ​ទេ គឺ​យើង​ត្រូវ​បែក​ញើស​ហូរ​ញើស និង​អត់​ងងុយ​ផង 27 ប្រៀប​ដូច​ជា​កិច្ច‌ការ​ដ៏​សែន​ពិបាក​របស់​អ្នក​ចាត់​ចែង​ពិធី​ជប់​លៀង ដែល​មាន​បំណង​ធ្វើ​ឲ្យ​ភ្ញៀវ​សប្បាយ​ចិត្ត។ យើង​សុខ​ចិត្ត​តស៊ូ​បំពេញ​កិច្ច‌ការ​ដ៏​លំបាក​នេះ​ដោយ​រីក​រាយ ដើម្បី​បម្រើ​មនុស្ស​ជា​ច្រើន។ 28 យើង​ទុក​ឲ្យ​អ្នក​និពន្ធ​រៀប​រាប់​ពី​ព្រឹត្តិ‌ការណ៍​យ៉ាង​ល្អិត​ល្អន់ រីឯ​យើង​ខ្ញុំ​វិញ បាន​ត្រឹម​តែ​ខិត​ខំ​សរសេរ​សេចក្តី​យ៉ាង​សង្ខេប​ប៉ុណ្ណោះ។ 29 អ្នក​គូរ​ប្លង់​ផ្ទះ​ថ្មី​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សង់​ផ្ទះ​ទាំង​មូល រីឯ​អ្នក​ដែល​ទទួល​បន្ទុក​តុប​តែង​លំអ និង​លាប​ថ្នាំ ត្រូវ​ស្វែង​រក​អ្វីៗ​ដែល​គាត់​ត្រូវ​ការ​ជា​ចាំ​បាច់ សម្រាប់​ការ​តុប​តែង​លំអ។ ចំពោះ​យើង​ខ្ញុំ​ក៏​យល់​ដូច្នេះ​ដែរ។ 30 អ្នក​និពន្ធ​ឯកសារ​ប្រវតិ្ត​សាស្រ្ត ត្រូវ​តែ​សិក្សា​ស្រាវ​ជ្រាវ​ហេតុ‌ការណ៍​ទាំង​អស់​ឲ្យ​បាន​ច្បាស់ ស្វែង​យល់​ដំណើរ​រឿង​យ៉ាង​លំអិត។ 31 រីឯ​អ្នក​សម្រួល​វិញ ត្រូវ​អនុញ្ញាត​ឲ្យ​គេ​សរសេរ​សង្ខេប​យ៉ាង​ផ្ចិត​ផ្ចង់ មិន​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​អស់​ដែល​កើត​មាន​នោះ​ទេ។ 32 ហេតុ​នេះ​ហើយ​យើង​ចាប់​ផ្តើម​រៀប​រាប់​ព្រឹត្តិ‌ការណ៍ ដោយ​មិន​បន្ថែម​សេចក្តី​ទៀត​ទេ។ មិន​គួរ​សរសេរ​អត្ថបទ​វែង​មុន​សាច់​រឿង ហើយ​សង្ខេប​សាច់​រឿង​ទ្បើយ។