ជំពូក ៦

ព្រះ‌បាទ​អន់ទី‌យ៉ូគូស​យក​ព្រះ​ដទៃ​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ
(១មរ១,៤១-៦៤)

1 មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ព្រះ‌រាជា​ចាត់​លោក​កេរ៉ូន ជា​អ្នក​ក្រុង​អាថែន ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​បង្ខំ​ជន​ជាតិ​យូដា​ឲ្យ​បោះ​បង់​ចោល​សាសនា​របស់​ដូន‌តា និង​លែង​រស់​នៅ​ស្រប​តាម​វិន័យ​របស់​ព្រះ‌ជាម្ចាស់។ 2 លោក​ទទួល​បញ្ជា​ឲ្យ​បង្អាប់‌បង្អោន​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម និង​យក​ព្រះ‌វិហារ​នោះ​ថ្វាយ​ទៅ​ព្រះ​ស៊ឺស​ដែល​នៅ​ភ្នំ​អូឡាំ ព្រម​ទាំង​ព្រះ‌វិហារ​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ការីស៊ីម​ថ្វាយ​ទៅ​ព្រះ​ស៊ឺស ជា​អ្នក​ទទួល​ភ្ញៀវ​តាម​សំណូម​ពរ​របស់​ប្រជាជន ដែល​រស់​នៅ​តំបន់​នោះ។ 3 ប៉ុន្តែ ការ​អនុវត្ត​តាម​ក្រឹត្យ​ដ៏​អាក្រក់​នេះ បណ្តាល​ឲ្យ​ប្រជាជន​ទាំង​មូល​លំបាក​វេទនា ទ្រាំ​ទ្រ​មិន​កើត។ 4 សាសន៍​ដទៃ​នាំ​គ្នា​ធ្វើ​អំពើ​ពាលា និង​អត់​សណ្តាប់​ធ្នាប់​ពាស​ពេញ​ព្រះ‌វិហារ គឺ​នាំ​គ្នា​លេង​ស្រី​ពេស្យា​នៅ​ក្នុង​ទី​លាន​ដ៏​សក្ការៈ និង​យក​វត្ថុ​ដែល​វិន័យ​ហាម​យក​ចូល​ក្នុង​ព្រះ‌វិហារ។ 5 នៅ​លើ​អាសនៈ​មាន​សុទ្ធ​តែ​យញ្ញ‌បូជា​មិន​បរិសុទ្ធ ដែល​វិន័យ​មិន​អនុញ្ញាត​ឲ្យ​ថ្វាយ។ 6 ប្រជាជន​គ្មាន​សិទ្ធិ​គោរព​វិន័យ​ថ្ងៃ​សប្ប័ទ ឬ​ធ្វើ​ពិធី​បុណ្យ​តាម​ប្រពៃណី​ដូន‌តា ឬ​គ្រាន់​តែ​ប្រកាស​ថា​ខ្លួន​ជា​ជន​ជាតិ​យូដា​ក៏​ដោយ។ 7 រៀង​រាល់​ខែ ឬ​នៅ​ថ្ងៃ​ខួប​កំណើត​របស់​ព្រះ‌រាជា គេ​តែង​តែ​បង្ខំ​ជន​ជាតិ​យូដា​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ព្រះ​របស់​គេ​យ៉ាង​អាម៉ាស់​ជាទី​បំផុត។ នៅ​ថ្ងៃ​បុណ្យ​ព្រះ​ឌីយ៉ូនី‌ស៊ីយ៉ូស គេ​បង្ខំ​ជន​ជាតិ​យូដា ឲ្យ​ពាក់​ភួង​ស្លឹក​នៅ​លើ​ក្បាល ដង្ហែ​ក្បួន​ព្រះ​នោះ។

8 ព្រះ‌រាជា​ចេញ​ព្រះ‌រាជ​ក្រឹត្យ​មួយ តាម​សំណូម​ពរ​របស់​អ្នក​ក្រុង​ផ្ទោលេម៉ៃស៍ ដោយ​បញ្ជា​ថា ក្រុង​ក្រិក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ ត្រូវ​អនុវត្ត​តាម​របៀប​ដូច​គ្នា ចំពោះ​ជន​ជាតិ​យូដា គឺ​ត្រូវ​បង្ខំ​ពួក​គេ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ព្រះ​ដទៃ។ 9 ស្តេច​បញ្ជា​ឲ្យ​អារ​ក​អស់​អ្នក ដែល​មិន​ព្រម​អនុវត្ត​តាម​ប្រពៃណី​ក្រិក​នេះ។ ដូច្នេះ គេ​អាច​ដឹង​ថា គ្រោះ​កាច​ទាំង‌ឡាយ មុខ​ជា​កើត​ឡើង​ចំពោះ​ពួក​គេ នៅ​ពេល​ខាង​មុខ​មិន​ខាន។ 10 គេ​បញ្ជូន​ស្រ្តី​ពីរ​នាក់​ទៅ​កាត់​ទោស ព្រោះ​នាង​ទាំង​ពីរ​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​កូន​របស់​ខ្លួន។ គេ​នាំ​ស្រ្តី​ទាំង​ពីរ​ដោយ​មាន​កូន​បៅ​ជាប់​នឹង​ដោះ​បណ្តើរ​អាក្រាត​តាម​ផ្លូវ​ក្នុង​ក្រុង​ទាំង​មូល ហើយ​ច្រាន​ទម្លាក់​នាង​ពី​លើ​កំពែង​ក្រុង។ 11 ជន​ជាតិ​យូដា​ខ្លះ​ទៀត​នាំ​គ្នា​ចូល​ទៅ​គុហា ដែល​នៅ​ជិត​ក្រុង​យេរូ‌សាឡឹម ដើម្បី​លួច​ប្រារព្ធ​ពិធី​បុណ្យ​ថ្ងៃ​សប្ប័ទ។ មាន​គេ​ទៅ​ប្តឹង​លោក​ភីលីព​ពី​រឿង​នេះ។ ពួក​គេ​មិន​ព្រម​ត​ទល់ ហើយ​ត្រូវ​គេ​ដុត​ទាំង​រស់ ព្រោះ​នៅ​តែ​គោរព​ថ្ងៃ​ដ៏‌វិសុទ្ធ​នោះ។ 12 ហេតុ​នេះ ខ្ញុំ​សូម​ទូន្មាន​មិត្ត​អ្នក​អាន​ទាំង‌ឡាយ កុំ​បាត់​បង់​សេចក្តី​ក្លាហាន​ដោយ​សារ​គ្រោះ​កាច​ទាំង​នេះ​ឲ្យ​សោះ! ផ្ទុយ​ទៅ​វិញ​ត្រូវ​គិត​ថា​ខ្មាំង​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​យ៉ាង​នោះ ពុំ​មែន​ដើម្បី​បំផ្លាញ​ជាតិ​របស់​យើង​ទេ គឺ​ដើម្បី​អប់រំ​ជាតិ​របស់​យើង​ទៅ​វិញ។ 13 ព្រះ‌ជាម្ចាស់​បង្ហាញ​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ក្រៃ​លែង​របស់​ព្រះ‌អង្គ ចំពោះ​មនុស្ស​ពាល ដោយ​ដាក់​ទោស​ពួក​គេ​ក្នុង​ពេល​ឆាប់ៗ គឺ​ព្រះ‌អង្គ​ប្រណី​ពួក​គេ​មិន​យូរ​ទេ!។ 14 ព្រះ‌អម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អត់​ធ្មត់​យ៉ាង​ខ្លាំង រង់​ចាំ​ឲ្យ​ប្រជា​ជាតិ​នានា​ប្រព្រឹត្ត​អំពើ​បាប​ដល់​កម្រិត ទើប​ព្រះ‌អង្គ​ដាក់​ទោស​គេ។ ប៉ុន្តែ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​យើង​ខ្ញុំ​ទេ 15 ព្រះ‌អង្គ​មិន​បណ្តោយ​ឲ្យ​យើង​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​ហួស​ហេតុ​ពេក​ឡើយ ក្រែង​លោ​ព្រះ‌អង្គ​ដាក់​ទោស​យើង​ខ្ញុំ​យ៉ាង​ធ្ងន់។ 16 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​នៅ​តែ​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​យើង​ខ្ញុំ​ជា‌និច្ច​ព្រះ‌អង្គ​គ្រាន់​តែ​ប្រើ​អ្នក​ប្រឆាំង ដើម្បី​អប់រំ​ប្រជា‌រាស្ត្រ តែ​ព្រះ‌អង្គ​មិន​បោះ​បង់​ចោល​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ​ទេ។ 17 យើង​ខ្ញុំ​គ្រាន់​តែ​រំឭក​សេចក្តី​ពិត​នេះ​ប៉ុណ្ណោះ។ ក្រោយ​ពី​សរសេរ​សេចក្តី​នេះ យើង​ត្រឡប់​មក​រឿង​និទាន​យើង​វិញ។

លោក​អេឡាសារ​បូជា​ជីវិត ព្រោះ​ជំនឿ​របស់​លោក

18 លោក​អេឡាសារ​ជា​ធម្មា​ចារ្យ​ដ៏​សំខាន់​ម្នាក់​ក្នុង​ចំណោម​ធម្មា​ចារ្យ​ទាំង​ប៉ុន្មាន។ លោក​មាន​វ័យ​ចំណាស់​ទៅ​ហើយ ឫក​ពារ​ក៏​ល្អ​គួរ​ឲ្យ​គោរព។ គេ​ចាប់​បើក​មាត់​បង្ខំ​ឲ្យ​លោក​ពិសារ​សាច់​ជ្រូក។ 19 លោក​ស៊ូ​ស្លាប់​យ៉ាង​ថ្លៃ​ថ្នូរ ប្រសើរ​ជាង​រស់​នៅ​យ៉ាង​អាម៉ាស់។ លោក​ស្ម័គ្រ​ចិត្ត​ដើរ​តម្រង់​ទៅ​កន្លែង​ធ្វើ​ទារុណ​កម្ម។ 20 លោក​ខ្ជាក់​សាច់​ពី​ក្នុង​មាត់ ដូច​អ្នក​ក្លាហាន​មិន​ព្រម​ពិសារ​អ្វី ដែល​គម្ពីរ‌វិន័យ​មិន​អនុញ្ញាត​ឲ្យ​បរិភោគ ទោះបី​ត្រូវ​បាត់​បង់​ជីវិត​ក៏​ដោយ។ 21 អស់​លោក​ដែល​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ជប់​លៀង​ព្រះ​ដទៃ ដែល​វិន័យ​ហាម​នោះ ស្គាល់​លោក​ជា​យូរ​យារ​ណាស់​មក​ហើយ។ គេ​នាំ​លោក​អេឡាសារ ទៅ​ដោយ​ឡែក​ពី​ប្រជាជន ហើយ​បញ្ចេះ​ឲ្យ​គេ​យក​សាច់​ដែល​វិន័យ​អនុញ្ញាត​ឲ្យ​បរិភោគ មក​ធ្វើ​ម្ហូប​សម្រាប់​លោក រួច​លោក​ត្រូវ​តែ​ពិសារ​សាច់​ដែល​គេ​ធ្វើ​នោះ ហើយ​ធ្វើ​ពុត​ដូច​ជា​ពិសារ​សាច់​ដែល​គេ​បូជា​ថ្វាយ​ព្រះ​ដទៃ តាម​បញ្ជា​របស់​ព្រះ‌រាជា។ 22 ធ្វើ​ដូច្នេះ នោះ​លោក​នឹង​រួច​ជីវិត។ អ្នក​ទាំង​នោះ​និយាយ​ដូច្នេះ ព្រោះ​អាណិត​ស្រលាញ់​រាប់​អាន​គាត់​ជា​យូរ​យារ​ណាស់​មក​ហើយ។ 23 ប៉ុន្តែ លោក​អេឡាសារ ប្តេជ្ញា​ចិត្ត​យ៉ាង​អង់​អាច​តាម​វ័យ និង​សក់​ស្កូវ​របស់​គាត់ ព្រម​ទាំង​តាម​ចរិយា​សម្បត្ដិ ដ៏​ប្រសើរ ដែល​លោក​មាន​តាំង​ពី​កុមារ​មក ជា​ពិសេស លោក​ចង់​ធ្វើ​ឲ្យ​ស្រប​តាម​វិន័យ​ដ៏‌វិសុទ្ធ ដែល​ព្រះ‌ជាម្ចាស់​បាន​តែង​តាំង។ លោក​សុំ​ឲ្យ​គេ​បញ្ជូន​លោក​ទៅ​ស្ថាន​មច្ចុរាជ 24 ទាំង​ប្រាប់​ថា៖ «មនុស្ស​មាន​អាយុ​ប៉ុន​ខ្ញុំ​នេះ មិន​គួរ​នឹង​បោក​បញ្ឆោត​គេ​ឡើយ! បើ​ខ្ញុំ​ធ្វើ​ពុត​ដូច្នេះ យុវជន​ជា​ច្រើន​មុខ​ជា​ស្មាន​ថា អេឡាសារ​ខ្ញុំ​នេះ​មាន​អាយុ​កៅសិប​ឆ្នាំ​ទៅ​ហើយ បែក​ចិត្ត​ទៅ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​បរទេស!។ 25 ដូច្នេះ យុវជន​ទាំង​នោះ​មុខ​ជា​វង្វេង​ដោយ​សារ​តែ​កំហុស​របស់​ខ្ញុំ ដែល​ធ្វើ​ពុត​ចង់​រស់​រាន​មាន​ជីវិត មួយ‌រយៈ​ពេល​មួយ​យ៉ាង​ខ្លី​នេះ​ជា​មិន​ខាន។ ធ្វើ​ដូច្នេះ​មិន​សម​រម្យ​ទេ! ប្រសិន​បើ​ខ្ញុំ​ធ្វើ​ក្នុង​ពេល​ដែល​ខ្ញុំ​មាន​វ័យ​ចាស់​ដូច្នេះ ខ្ញុំ​នឹង​អាប់​ឱន​កិត្តិយស​របស់​ខ្ញុំ ហើយ​ត្រូវ​សៅ​ហ្មង​ទៀត​ផង!។ 26 ទោះ​បី​ខ្ញុំ​រួច​ទោស​ពី​មនុស្ស​លោក​ពេល​ឥឡូវ​នេះ​ក្តី ក៏​ខ្ញុំ​មិន​អាច​គេច​រួច​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​សព្វ​ប្រការ​បាន​ដែរ។ ទោះបី​រស់​ឬ​ស្លាប់​ក្តី ក៏​ខ្ញុំ​មិន​រួច​ខ្លួន​ឡើយ។
27 ហេតុ​ដូច្នេះ ឥឡូវ​នេះ ខ្ញុំ​សុខ​ចិត្ត​លះ​បង់​ជីវិត​របស់​ខ្ញុំ​ដោយ​ក្លាហាន ខ្ញុំ​នឹង​បង្ហាញ​កិត្តិយស​ឲ្យ​សម​តាម​អាយុ​របស់​ខ្ញុំ 28 ដោយ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ទុក​សម្រាប់​យុវជន គឺ​គំរូ​របស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ស្លាប់​ដោយ​មិន​រួញ​រា ដើម្បី​គោរព​វិន័យ​ដ៏‌វិសុទ្ធ។ មាន​ប្រសាសន៍​ដូច្នេះ​ហើយ លោក​អេឡាសារ​ក៏​ដើរ​តម្រង់​ទៅ​កន្លែង​ធ្វើ​ទារុណ​កម្ម។ 29 រីឯ​អស់​អ្នក​ដែល​នាំ​លោក គេ​ក៏​នាំ​គ្នា​ដូរ​ចិត្ត​គំនិត កាល​ពី​មុន ពួក​គេ​ដែល​ធ្លាប់​តែ​អាណិត​ស្រលាញ់​លោក បែរ​ជា​ស្អប់​លោក​ទៅ​វិញ ព្រោះ​គេ​ចាត់​ទុក​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​នោះ​ថា ជា​ពាក្យ​ឆ្កួត​លេលា។ 30 រីឯ​លោក​វិញ ពេល​លោក​ជិត​ផុត​ដង្ហើម ដោយ​សារ​គេ​វាយ​ធ្វើ​បាប​នោះ លោក​មាន​ប្រសាសន៍​ទាំង​ថ្ងូរ​ថា៖ «ព្រះ‌អម្ចាស់​ជ្រាប​អ្វីៗ​ទាំង​អស់ ព្រះ‌អង្គ​ជ្រាប​ច្បាស់​ថា ទូល​បង្គំ​អាច​រួច​ពី​ស្លាប់​បាន។ នៅ​ពេល​នេះ គេ​វាយ​ដំ​ខ្លួន​ប្រាណ​ទូល​បង្គំ​យ៉ាង​សាហាវ​យង់​ឃ្នង តែ​ក្នុង​ចិត្ត​ទូល​បង្គំ​រង​ទុក្ខ​ដោយ​សប្បាយ ព្រោះ​ទូល​បង្គំ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ»។
31 លោក​អេឡាសារ​ចែក​ស្ថាន​ទៅ​យ៉ាង​នេះ។ ការ​ស្លាប់​របស់​លោក​មិន​ត្រឹម​តែ​ធ្វើ​ជា​គំរូ​សម្រាប់​យុវ‌ជន​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​ប្រជា​ជាតិ​ជា​ច្រើន​ទៀត​ផង។ គេ​នឹក​ចាំ​ពី​ព្រហ្ម​វិហារ​ធម៌ និង​ចិត្ត​អង់​អាច​ក្លាហាន​របស់​លោក​តរៀង​ទៅ។