ជំពូក ៧
យញ្ញបូជារបស់ព្រះបាទសាឡូម៉ូន
(១ពង្សាវតារក្សត្រ ៨.៦២-៦៦)
1 កាលព្រះបាទសាឡូម៉ូនអធិស្ឋាន*ចប់ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ ឆេះតង្វាយដុតទាំងមូល* និងយញ្ញបូជាមេត្រីភាព ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ ស្ថិតនៅពេញក្នុងព្រះដំណាក់។ 2 ពួកបូជាចារ្យ*ពុំអាចចូលទៅក្នុងព្រះដំណាក់បានទេ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។ 3 ជនជាតិអ៊ីស្រាអែលទាំងអស់ឃើញភ្លើងធ្លាក់ពីលើមេឃ និងសិរីរុងរឿងរបស់ព្រះអម្ចាស់ ស្ថិតនៅលើព្រះដំណាក់ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដីនៅលើកម្រាលឥដ្ឋ ហើយថ្វាយបង្គំព្រះអម្ចាស់ និងសរសើរតម្កើងព្រះអង្គថា «ព្រះអង្គជាព្រះដ៏សប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!»។
4 ព្រះរាជា និងប្រជាជនទាំងមូលបានថ្វាយយញ្ញបូជា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ 5 ព្រះបាទសាឡូម៉ូន និងប្រជាជនទាំងមូល ធ្វើពិធីឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយក្នុងឱកាសនោះ ព្រះរាជាបានថ្វាយយញ្ញបូជា គឺមានគោ ២២ ០០០ ក្បាល និងចៀម ១២០ ០០០ ក្បាល។ 6 បូជាចារ្យ*ឈរនៅតាមកន្លែងរបស់គេរៀងៗខ្លួន រីឯក្រុមលេវីកាន់ឧបករណ៍ភ្លេងផ្សេងៗ គឺឧបករណ៍ដែលព្រះបាទដាវីឌបានធ្វើ ដើម្បីលើកតម្កើងព្រះអម្ចាស់ នៅពេលស្តេចចាត់ក្រុមលេវី ឲ្យច្រៀងសរសើរព្រះជាម្ចាស់ថា «ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ»។ ក្រុមបូជាចារ្យដែលស្ថិតនៅទល់មុខនឹងក្រុមលេវី នាំគ្នាផ្លុំត្រែ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលក៏ក្រោកឈរឡើងដែរ។ 7 ព្រះបាទសាឡូម៉ូនញែកទីលាននៅខាងមុខព្រះដំណាក់របស់ព្រះអម្ចាស់ជាសក្ការៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល និងខ្លាញ់របស់សត្វ ដែលថ្វាយជាយញ្ញបូជាមេត្រីភាព ដ្បិតអាសនៈលង្ហិនដែលស្តេចបានធ្វើនោះ ពុំអាចដាក់តង្វាយដុតទាំងមូល តង្វាយម្សៅ និងខ្លាញ់របស់សត្វបានទេ។ 8 ក្នុងឱកាសនោះ ព្រះបាទសាឡូម៉ូនប្រារព្ធពិធីបុណ្យ អស់រយៈពេលប្រាំពីរថ្ងៃបន្តទៀត រួមជាមួយប្រជាជនអ៊ីស្រាអែលទាំងមូល ដែលធ្វើដំណើរតាំងពីច្រកចូលក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប មកមូលគ្នាជាអង្គប្រជុំមួយយ៉ាងធំ។ 9 នៅថ្ងៃទីប្រាំបី អង្គប្រជុំជួបជុំគ្នា ធ្វើពិធីឆ្លងអាសនៈចំនួនប្រាំពីរថ្ងៃ ហើយប្រារព្ធពិធីបុណ្យប្រាំពីរថ្ងៃទៀត។ 10 នៅថ្ងៃទីម្ភៃបីនៃខែទីប្រាំពីរ ព្រះរាជាក៏ឲ្យប្រជាជនវិលទៅកាន់លំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួនវិញ។ ពួកគេចាកចេញទៅដោយចិត្តសប្បាយរីករាយ ព្រោះព្រះអម្ចាស់បានសម្ដែងព្រះហឫទ័យសប្បុរសចំពោះព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ព្រមទាំងអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ។
ព្រះអម្ចាស់សម្ដែងឲ្យព្រះបាទសាឡូម៉ូនឃើញជាថ្មី
(១ពង្សាវតារក្សត្រ ៩.១-៩, ២របាក្សត្រ ១.១៧-១២)
11 កាលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ រាជវាំង និងអ្វីៗទាំងប៉ុន្មានដែលស្តេចមានបំណងធ្វើ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងរាជវាំង ចប់សព្វគ្រប់ហើយ 12 ព្រះអម្ចាស់យាងមកជួបស្តេច នៅពេលយប់ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងឮពាក្យអធិស្ឋានរបស់អ្នកហើយ យើងក៏បានជ្រើសរើសកន្លែងនេះ ទុកជាដំណាក់សម្រាប់ធ្វើយញ្ញបូជា។ 13 កាលណាយើងធ្វើឲ្យមេឃរាំង គ្មានភ្លៀង កាលណាយើងបញ្ជាឲ្យកណ្ដូបមកស៊ីបំផ្លាញស្រុក ឬចាត់ជំងឺរាតត្បាតមកប្រហារប្រជារាស្ដ្ររបស់យើង 14 ប្រសិនបើប្រជារាស្ដ្ររបស់យើង គឺប្រជារាស្ដ្រដែលជាកម្មសិទ្ធិរបស់យើងផ្ទាល់ នាំគ្នាបន្ទាបខ្លួន អធិស្ឋាន* និងស្វែងរកយើង ហើយប្រសិនបើគេបោះបង់ចោលផ្លូវអាក្រក់របស់ខ្លួន យើងនឹងស្ដាប់គេពីស្ថានបរមសុខ* យើងនឹងលើកលែងទោសគេឲ្យរួចពីបាប ព្រមទាំងប្រោសស្រុកគេឲ្យបានជាផង។ 15 ពីពេលនេះទៅ យើងបើកភ្នែកមើល និងផ្ទៀងត្រចៀកស្ដាប់ពាក្យដែលគេអធិស្ឋាននៅទីនេះ។ 16 យើងជ្រើសរើស និងញែកដំណាក់នេះទុកសម្រាប់នាមយើង រហូតតទៅ។ យើងនឹងថែរក្សា ហើយជំពាក់ចិត្តនឹងកន្លែងនេះជានិច្ច។ 17 រីឯអ្នកវិញ ប្រសិនបើអ្នកដើរតាមយើង ដូចដាវីឌ ជាបិតារបស់អ្នក ដោយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលយើងបង្គាប់ ហើយកាន់តាមក្រឹត្យវិន័យ និងបញ្ញត្តិរបស់យើង 18 យើងនឹងធ្វើឲ្យរាជសម្បត្តិរបស់អ្នកនៅស្ថិតស្ថេរ ដូចយើងបានសន្យាជាមួយដាវីឌ ជាបិតារបស់អ្នកថា “ក្នុងចំណោមពូជពង្សរបស់អ្នកតែងតែមានម្នាក់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច”។ 19 ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីយើង ហើយមិនកាន់តាមក្រឹត្យវិន័យ និងបញ្ជាដែលយើងប្រគល់ឲ្យទេ ឬប្រសិនបើអ្នករាល់គ្នាបែរទៅគោរព និងថ្វាយបង្គំព្រះដទៃ 20 យើងនឹងដកអ្នករាល់គ្នាចេញពីទឹកដីរបស់យើង គឺទឹកដីដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយយើងក៏នឹងបោះបង់ចោលដំណាក់ ដែលយើងញែកទុកសម្រាប់នាមយើងនេះ ឲ្យឆ្ងាយពីមុខយើងដែរ។ ពេលនោះ ប្រជាជនអ៊ីស្រាអែលនឹងត្រូវជាតិសាសន៍ទាំងអស់មាក់ងាយ និងចំអកឲ្យ។ 21 មនុស្សម្នាដែលធ្លាប់តែឃើញដំណាក់ដ៏ស្កឹមស្កៃ ពេលពួកគេដើរកាត់តាមនោះ ពួកគេនឹងស្រឡាំងកាំង ពោលថា: “ហេតុអ្វីបានជាព្រះអម្ចាស់ប្រព្រឹត្តដូច្នេះចំពោះស្រុកនេះ និងព្រះដំណាក់នេះ?”។ 22 គេនឹងឆ្លើយប្រាប់អ្នកទាំងនោះថា: “មកពីជនជាតិអ៊ីស្រាអែលបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ គឺព្រះដែលបាននាំពួកគេចេញពីស្រុកអេស៊ីប។ ពួកគេជំពាក់ចិត្តនឹងព្រះដទៃ ហើយគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយបានជាព្រះអង្គធ្វើឲ្យពួកគេរងទុក្ខវេទនាដូច្នេះ”»។