ជំពូក ១៥
ព្រះបាទអសាកែទម្រង់សាសនា
1 គ្រានោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកអសារីយ៉ា ជាកូនរបស់លោកអូដេត។ 2 លោកក៏ចេញទៅគាល់ព្រះបាទអសា ហើយទូលថា៖
«បពិត្រព្រះរាជាអសា
ព្រមទាំងកូនចៅយូដា និងកូនចៅបេនយ៉ាមីន
ទាំងអស់គ្នាអើយ សូមស្ដាប់ខ្ញុំ!
ព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា
កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយព្រះអង្គ។
ប្រសិនបើអ្នករាល់គ្នាស្វែងរកព្រះអង្គ
នោះព្រះអង្គនឹងឲ្យអ្នករាល់គ្នារកឃើញ។
ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គ
នោះព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ។
3 ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រាអែលគ្មានព្រះពិតប្រាកដ គ្មានបូជាចារ្យសម្រាប់បង្ហាត់បង្រៀន ហើយក៏គ្មានវិន័យដែរ។ 4 ប៉ុន្តែ ក្នុងពេលមានអាសន្ន ពួកគេវិលមករកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ពួកគេស្វែងរកព្រះអង្គ ព្រះអង្គក៏ឲ្យពួកគេរកឃើញ។ 5 នៅគ្រានោះ គ្មានសន្តិសុខទេ ប្រជាជនពុំអាចធ្វើដំណើរទៅវិញទៅមកបានឡើយ ព្រោះជារយៈពេលមួយដែលអ្នកស្រុកទាំងអស់ភ័យខ្លាចយ៉ាងខ្លាំង។ 6 ប្រជាជាតិមួយច្បាំងនឹងប្រជាជាតិមួយ ក្រុងមួយច្បាំងនឹងក្រុងមួយទៀត ដ្បិតព្រះជាម្ចាស់ធ្វើឲ្យពួកគេវឹកវរ ដោយសារទុក្ខវេទនាសព្វបែបយ៉ាង។ 7 ចំពោះអ្នករាល់គ្នាវិញ ចូរមានចិត្តខ្ជាប់ខ្ជួន មិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត តែងតែទទួលរង្វាន់ជាពុំខាន!»។
8 កាលព្រះបាទអសាព្រះអង្គព្រះសណ្ដាប់ឮពាក្យទាំងប៉ុន្មាន ដែលព្យាការីអសារីយ៉ា ជាកូនរបស់លោកអូដេត បានថ្លែង ព្រះអង្គក៏មានចិត្តក្លាហាន ហើយលុបបំបាត់ព្រះក្លែងក្លាយនៅក្នុងស្រុកយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងនៅតាមក្រុងនានា ដែលព្រះអង្គវាយយកបាននៅតំបន់ភ្នំអេប្រាអ៊ីម។ ស្តេចជួសជុលអាសនៈរបស់ព្រះអម្ចាស់ ដែលស្ថិតនៅមុខបន្ទប់ល្វែងនៃព្រះដំណាក់របស់ព្រះអម្ចាស់ ជាថ្មីឡើងវិញ។ 9 ព្រះបាទអសាប្រមូលផ្តុំប្រជាជនយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ និងស៊ីម៉ូន ដែលបានភៀសខ្លួនមកនៅស្រុកយូដា ដ្បិតជនជាតិអ៊ីស្រាអែលមួយចំនួនធំ បានមករួបរួមជាមួយស្តេច ព្រោះពួកគេឃើញថា ព្រះអម្ចាស់ ជាព្រះរបស់ស្តេច គង់នៅជាមួយស្តេច។ 10 ពួកគេមកជួបជុំគ្នានៅក្រុងយេរូសាឡឹម នៅខែទីបី ក្នុងឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះបាទអសា។ 11 នៅថ្ងៃនោះ ពួកគេយកសត្វពីចំណោមហ្វូងសត្វដែលពួកគេរឹបអូសបានជាជ័យភ័ណ្ឌ មកថ្វាយជាយញ្ញបូជាចំពោះព្រះអម្ចាស់ គឺមានគោប្រាំពីររយក្បាល និងចៀមប្រាំពីរពាន់ក្បាល។ 12 ពួកគេបានចូលរួមក្នុងសម្ពន្ធមេត្រី ដោយតាំងចិត្តស្វែងរកព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ យ៉ាងស្មោះអស់ពីចិត្ត និងអស់ពីស្មារតី។ 13 ប្រសិនបើអ្នកណាម្នាក់ ទោះបីក្មេង ឬចាស់ក្តី ប្រុស ឬស្រីក្តី មិនស្វែងរកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។ 14 ពួកគេនាំគ្នាស្បថចំពោះព្រះអម្ចាស់ ដោយស្រែកហ៊ោសប្បាយជាខ្លាំង ព្រមទាំងមានផ្លុំស្នែង និងត្រែផង។ 15 អ្នកស្រុកយូដាទាំងមូលមានអំណរសប្បាយនឹងពាក្យសម្បថនោះ ព្រោះពួកគេបានស្បថយ៉ាងស្មោះអស់ពីចិត្ត។ ពួកគេស្វែងរកព្រះអម្ចាស់ ដោយចិត្តស្មោះសរ ហើយព្រះអង្គក៏ឲ្យពួកគេរកព្រះអង្គឃើញ ព្រមទាំងប្រោសប្រទានឲ្យពួកគេបានសុខសាន្តគ្រប់ទិសទី។
16 ព្រះបាទអសាហូតងារជាមហាក្សត្រិយានីពីព្រះរាជនីម៉ាកា ជាមាតា ព្រោះមាតាបានកសាងរូបគម្រក់មួយ ជាតំណាងព្រះអាសេរ៉ា។ ព្រះបាទអសាកម្ទេចរូបដ៏គម្រក់នោះ ហើយយកទៅដុតចោលនៅជ្រោះកេដ្រូន។ 17 ប៉ុន្តែ ទោះបីស្តេចស្រឡាញ់ព្រះអម្ចាស់ដោយស្មោះអស់មួយជីវិតក្តី ក៏ស្តេចពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។ 18 ព្រះរាជានាំតង្វាយដែលបិតារបស់ស្តេច និងស្តេចផ្ទាល់បានញែកជាសក្ការៈ យកទៅទុកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺគ្រឿងមាស ប្រាក់ និងវត្ថុផ្សេងៗទៀត។ 19 រហូតដល់ឆ្នាំទីសាមសិបប្រាំ នៃរជ្ជកាលព្រះបាទអសា ស្រុកគ្មានសង្គ្រាមទេ។