ជំពូក ១០
ប្រវត្តិសាស្ត្រនៃរាជាណាចក្រយូដា ចាប់ពីគ្រាបែងចែកស្រុក រហូតដល់គ្រាស្តេចស្រុកបាប៊ីឡូនកៀរប្រជាជនទៅជាឈ្លើយ
ប្រជាជនជួបជុំគ្នានៅស៊ីគែម
(១ពង្សាវតារក្សត្រ ១២.១-១៥)
1 សម្តេចរ៉ូបោមយាងទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រាអែលទាំងមូលបានជួបជុំគ្នានៅទីនោះ ដើម្បីអភិសេកសម្តេចជាព្រះមហាក្សត្រ។ 2 កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅស្រុកអេស៊ីប ព្រោះលោកបានគេចខ្លួនពីព្រះបាទសាឡូម៉ូន។ លោកក៏វិលត្រឡប់ពីស្រុកអេស៊ីបមកវិញ។ 3 ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ពួកគេទូលព្រះបាទរ៉ូបោមថា៖ 4 «បិតារបស់ព្រះករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះករុណាមេត្តាសម្រាលនឹមដ៏ធ្ងន់ ដែលបិតារបស់ព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើព្រះករុណា»។ 5 ព្រះរាជាមានរាជឱង្ការថា៖ «ចូរត្រឡប់ទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។
6 ព្រះបាទរ៉ូបោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ ដែលជាទីប្រឹក្សារបស់ព្រះបាទសាឡូម៉ូន ជាបិតា ក្នុងគ្រាដែលស្តេចនៅមានព្រះជន្មនៅឡើយ ដោយសួរថា៖ «តាមយោបល់របស់អស់លោក តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចចំពោះប្រជាជននេះ?»។ 7 អស់លោកព្រឹទ្ធាចារ្យទូលវិញថា៖ «ប្រសិនបើព្រះករុណាមានព្រះហឫទ័យសប្បុរសចំពោះប្រជាជននេះ ប្រសិនបើព្រះករុណាសន្ដោសមេត្តាដល់ពួកគេ ហើយមានរាជឱង្ការទៅពួកគេដោយទន់ភ្លន់ នោះពួកគេនឹងបម្រើព្រះករុណារហូតតទៅ»។ 8 ប៉ុន្តែ ព្រះបាទរ៉ូបោមមិនរវីរវល់នឹងយោបល់របស់អស់លោកព្រឹទ្ធាចារ្យទេ ព្រះអង្គបែរជាសួរយោបល់ពីពួកមន្ត្រីជំនិត ដែលធ្លាប់នៅជាមួយស្តេចតាំងពីកុមារមក។ 9 ស្តេចមានរាជឱង្ការទៅពួកគេថា៖ «ប្រជាជនសុំឲ្យយើងសម្រាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ណា? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយនឹងប្រជាជននេះយ៉ាងដូចម្ដេច?»។ 10 មន្ត្រីជំនិតដែលធ្លាប់នៅជាមួយស្តេចតាំងពីកុមារមក ទូលស្តេចថា៖ «សូមព្រះករុណាប្រាប់ប្រជាជន ដែលមកសុំឲ្យព្រះករុណាសម្រាលនឹមបិតារបស់ព្រះករុណានោះវិញថា “កូនដៃរបស់យើងមានកម្លាំងជាងដៃរបស់បិតាយើងទៅទៀត។ 11 បិតារបស់យើងបានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតាយើងប្រដៅអ្នករាល់គ្នាដោយប្រើរំពាត់ រីឯយើង យើងនឹងប្រដៅអ្នករាល់គ្នាដោយប្រើខ្យាដំរី”»។
12 លុះដល់ថ្ងៃទីបី លោកយេរ៉ូបោម និងប្រជាជនទាំងមូលចូលមកគាល់ព្រះបាទរ៉ូបោម តាមពេលដែលស្តេចបានកំណត់ថា៖ «ចាំបីថ្ងៃទៀត សឹមវិលត្រឡប់មកជួបយើងវិញ»។ 13 ព្រះបាទរ៉ូបោមមានរាជឱង្ការទៅកាន់ពួកគេយ៉ាងតឹងរ៉ឹង គឺស្តេចមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ។ 14 ស្តេចមានរាជឱង្ការទៅកាន់ប្រជាជន តាមយោបល់របស់មន្ត្រីក្មេងៗថា៖ «បិតាយើងបានផ្ទុកនឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងប្រដៅអ្នករាល់គ្នា ដោយប្រើរំពាត់ រីឯយើង យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យាដំរី»។ 15 ស្តេចមិនព្រមស្ដាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតព្រះអម្ចាស់បណ្តោយឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមព្រះបន្ទូលដែលព្រះអង្គថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាត តាមរយៈព្យាការីអហ៊ីយ៉ានៅស៊ីឡូ។
អាណាចក្រអ៊ីស្រាអែលបែកជាពីរ ព្រះបាទរ៉ូបោមសោយរាជ្យលើស្រុកយូដា
(១ពង្សាវតារក្សត្រ ១២.១៦-២៥)
16 ពេលប្រជាជនអ៊ីស្រាអែលទាំងមូលឃើញថា ស្តេចពុំព្រមស្ដាប់តាមសំណូមពររបស់ខ្លួនទេ ពួកគេក៏ទូលស្តេចថា៖
«ពួកយើងគ្មានជាប់ជំពាក់អ្វី
នឹងព្រះបាទដាវីឌទៀតទេ
ពួកយើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយ
កូនរបស់លោកយេសាយដែរ!
ប្រជាជនអ៊ីស្រាអែលអើយ
ចូរវិលត្រឡប់ទៅទីលំនៅរៀងបៗខ្លួនវិញចុះ។
រាជវង្សរបស់ព្រះបាទដាវីឌអើយ
ឥឡូវនេះ សូមបីបាច់ថែរក្សាខ្លួនឯងទៅ!»។
ប្រជាជនអ៊ីស្រាអែលនាំគ្នាវិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញ។
17 ព្រះបាទរ៉ូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងទាំងឡាយក្នុងស្រុកយូដា។ 18 ព្រះបាទរ៉ូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗ តែពួកគេបានគប់ដុំថ្មសម្លាប់លោក។ ព្រះបាទរ៉ូបោមឡើងរាជរថស្ទើរតែមិនរួច ហើយព្រះអង្គភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។ 19 គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រាអែលបះបោរប្រឆាំងនឹងរាជវង្សព្រះបាទដាវីឌ រហូតដល់សព្វថ្ងៃ។