ជំពូក ៤
1 ស្តេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្តោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកម្ពស់ដប់ហត្ថ។
អាងធំពីលង្ហិន
(១ពង្សាវតារក្សត្រ ៧.២៣-២៦)
2 ស្តេចឲ្យគេធ្វើអាងមួយយ៉ាងធំពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកម្ពស់ប្រាំហត្ថ និងរង្វង់ជុំវិញសាមសិបហត្ថ។ 3 នៅក្រោមគែមមាត់អាង មានសិតរូបគោពីរជួរ គឺក្នុងប្រវែងមួយហត្ថ មានសិតរូបគោដប់ព័ទ្ធជុំវិញអាង។ រូបគោទាំងពីរជួរនោះសិតជាប់ជាមួយអាង។ 4 អាងនោះទ្រដោយរូបគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ រីឯខ្លួនវាបែរចូលក្នុងដើម្បីទ្រអាង។ 5 អាងនេះមានកម្រាស់មួយទះ មាត់របស់វារីក ដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ ហើយមានចំណុះប្រមាណ ៣ ០០០ អម្រែក។
6 ស្តេចឲ្យគេធ្វើអាងពីលង្ហិនចំនួនដប់ទៀត ហើយដាក់ប្រាំនៅខាងស្តាំ និងប្រាំនៅខាងឆ្វេង សម្រាប់ធ្វើពិធីជម្រះ និងលាងសត្វទាំងប៉ុន្មានដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល រីឯពួកបូជាចារ្យត្រូវធ្វើពិធីជម្រះកាយក្នុងអាងធំធ្វើពីលង្ហិនវិញ។
បញ្ជីរបស់របរដែលលោកហ៊ូរ៉ាមបានធ្វើ
(១ពង្សាវតារក្សត្រ ៧.៤០-៥១)
7 ស្តេចឲ្យគេធ្វើជើងចង្កៀងអំពីមាសចំនួនដប់ តាមក្បួនតម្រាស្តីអំពីជើងចង្កៀងនេះ រួចយកទៅដាក់នៅក្នុងព្រះវិហារ ជើងចង្កៀងប្រាំនៅខាងស្តាំ និងប្រាំទៀតនៅខាងឆ្វេង។ 8 ស្តេចឲ្យគេធ្វើតុចំនួនដប់សម្រាប់ដាក់ក្នុងព្រះវិហារ គឺតុប្រាំនៅខាងស្តាំ និងប្រាំនៅខាងឆ្វេង។ ស្តេចក៏ឲ្យគេធ្វើផើងដាក់ឈាមពីមាសចំនួនមួយរយដែរ។ 9 ស្តេចឲ្យគេធ្វើទីលានមួយ សម្រាប់ពួកបូជាចារ្យ និងទីធ្លាយ៉ាងធំមួយទៀត ព្រមទាំងមានទ្វារផង ហើយសន្លឹកទ្វារទាំងនោះមានស្រោបលង្ហិន។ 10 រីឯអាងធំ ស្តេចបានឲ្យគេតម្កល់នៅខាងស្តាំព្រះដំណាក់ ត្រង់ទិសអាគ្នេយ៍។
11 កាលលោកហ៊ូរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ កិច្ចការទាំងអស់ដែលលោកធ្វើថ្វាយព្រះបាទសាឡូម៉ូន នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក៏បានចប់សព្វគ្រប់ 12 គឺមានសសរពីរ ក្បាលសសររាងមូលទាំងពីរ ដែលស្ថិតនៅខាងចុងសសរ ព្រមទាំងក្បាច់ក្រឡាសំណាញ់ពីរ សម្រាប់គ្របពីលើក្បាលសសរនៅខាងលើសសរ 13 ក្បាច់ផ្លែទទឹមចំនួនបួនរយចងភ្ជាប់នឹងក្រឡាសំណាញ់ទាំងពីរ គឺផ្លែទទឹមពីរជួរ សម្រាប់ភ្ជាប់នឹងក្រឡាសំណាញ់នីមួយៗ ដែលគ្របពីលើក្បាលសសរនៅខាងលើសសរ។ 14 លោកហ៊ូរ៉ាមក៏បានធ្វើរទេះ និងអាងដាក់លើរទេះទាំងនោះ 15 អាងធំ និងរូបគោចំនួនដប់ពីរសម្រាប់ទ្រអាង 16 ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងសមសម្រាប់ចាក់សាច់។ គ្រឿងប្រដាប់ទាំងអស់ដែលលោកហ៊ូរ៉ាម-អប៊ីធ្វើថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ដាក់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សុទ្ធតែធ្វើអំពីលង្ហិន ដែលខាត់យ៉ាងរលោង។ 17 ស្តេចឲ្យគេសិតគ្រឿងប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ នៅវាលទំនាបទន្លេយ័រដាន់ ត្រង់ចន្លោះស៊ូកូត និងសេរេដា។ 18 ព្រះបាទសាឡូម៉ូនបានឲ្យគេធ្វើគ្រឿងប្រដាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហេតុនេះ គេពុំអាចគិតពីទម្ងន់លង្ហិនបានទេ។
19 ព្រះបាទសាឡូម៉ូនបានឲ្យគេធ្វើគ្រឿងប្រដាប់ផ្សេងទៀតអំពីមាស សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ គឺមានអាសនៈមាស តុសម្រាប់តម្កល់នំបុ័ងថ្វាយព្រះអម្ចាស់ 20 ជើងចង្កៀង និងចង្កៀងធ្វើអំពីមាសសុទ្ធ ដែលត្រូវដុតតាមក្បួនតម្រានៅមុខទីសក្ការៈ។ 21 ផ្នែកដាក់ប្រេង តួចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដ៏សុទ្ធបំផុតដែរ។ 22 កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ធ្វើអំពីមាសសុទ្ធទាំងអស់។ រីឯសន្លឹកទ្វារប៉ែកខាងក្នុងរបស់ព្រះដំណាក់ សម្រាប់ចូលទៅក្នុងទីសក្ការៈបំផុត និងសន្លឹកទ្វារចូលព្រះដំណាក់សុទ្ធតែធ្វើពីមាស។